Clik here to view.

អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ នៅព្រឹកថ្ងៃទី២១ មិថុនា ថានីតិវិធីដែលតុលាការក្រុងភ្នំពេញចេញសាលក្រមសម្រេចឃុំខ្លួនលោក កាលពីថ្ងៃទី១៧ កុម្ភៈ គឺខុសច្បាប់ ហើយស្នើសុំតុលាការកំពូល ពិនិត្យមើលលទ្ធភាពផ្នែកច្បាប់ ដើម្បីឲ្យលោកបាននៅក្រៅឃុំបណ្ដោះអាសន្ន។ ចំណែកមេធាវីដើមបណ្ដឹងតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ថានីតិវិធីរបស់តុលាការ គឺធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងតាមការស្នើសុំពីមេធាវីដើមបណ្ដឹង ឲ្យពន្លឿននីតិវិធីនោះឲ្យបានឆាប់។ ទោះជាយ៉ាងណាក៏ដោយ តុលាការកំពូល នឹងប្រកាសសាលដីកាលើរឿងនេះនៅចុងខែមិថុនា។
ថ្លែងនៅក្នុងបន្ទប់សវនាការនៃតុលាការកំពូល លោក គឹម សុខ ថាការឃុំខ្លួនលោកជាង ៤ខែមកនេះ គឺមិនធ្វើតាមនីតិវិធីនោះទេ បែរជាធ្វើតាមបណ្ដឹងរបស់មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្ត្រីទៅវិញ ព្រោះមិនផ្ដល់ពេលវេលាសមស្របណាមួយឲ្យលោករកមេធាវីការពារក្ដីបាន។ លោកចោទជាសំណួរថា តើនេះជាការអនុវត្តច្បាប់ដោយស្មើភាពគ្នា ឬក៏ជាការអនុវត្តច្បាប់ដើម្បីផ្គាប់ចិត្តដើមបណ្ដឹងជានាយករដ្ឋមន្ត្រី?
ឈរនិយាយបណ្ដើរជាមួយនឹងកាយវិការបណ្ដើរនៅក្នុងរង្វង់ក្រចកសេះ លោក គឹម សុខ ចោទជាសំណួរថា តើការនិយាយក្នុងវិទ្យុ អាចចោទថាជាបទល្មើស ឬយ៉ាងណា? លោក គឹម សុខ នៅតែអះអាងនៅមុខចៅក្រមជំនុំជម្រះថា លោកនឹងមិនរត់ទៅណានោះទេ និងព្រមអនុវត្តតាមចំណាត់ការដែលដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ចំណុចនេះ លោក គឹម សុខ លើកឡើងថា តុលាការអាចបង្គាប់ឲ្យលោកឈប់និយាយជាមួយអ្នកសារព័ត៌មាន ឈប់ចូលរួមសិក្ខាសាលាធំៗ ឬក៏អាចឲ្យលោកទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលណាមួយក្នុងមួយថ្ងៃពីរដងក៏បាន ឬក៏ដាក់មន្ត្រីនគរបាលតាមដានលោកក៏បាន ប្រសើរជាងដាក់ឃុំខ្លួនលោកក្នុងគុក ហើយរង់ចាំថ្ងៃបើកសវនាការជំនុំជម្រះ ដែលនេះបំពានសេរីភាពរបស់ជនត្រូវចោទ។
ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌត្រង់មាត្រា២០៣ ថាជាគោលការណ៍ ជនត្រូវចោទត្រូវតែមានសេរីភាព។ ក្នុងករណីពិសេស ជនត្រូវចោទអាចត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងលក្ខខណ្ឌដែលមានចែងក្នុងច្បាប់។ ចំណែកមាត្រា២០៤ ចែងថា ការឃុំខ្លួនបណ្ដោះអាសន្នអាចអនុវត្តបានតែក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលច្បាប់កំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១ឆ្នាំ។ ត្រង់មាត្រាច្បាប់នេះ លោក ជូង ជូងី ជាមេធាវីការពារក្ដីឲ្យលោក គឹម សុខ យល់ឃើញថា មិនមានចំណុចពិសេសណាមួយដែលត្រូវឃុំខ្លួនកូនក្ដីលោកនៅក្នុងគុកទៀតទេ ឬក៏ពិសេសត្រង់ថា ដើមបណ្ដឹងជានាយករដ្ឋមន្ត្រី។
មេធាវីរូបនេះ ថាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបិទបញ្ចប់ការស៊ើបសួរសំណុំរឿងនេះហើយ តែមិនទាន់កំណត់ថ្ងៃបើកសវនាការនៅឡើយ។ ហេតុនេះ លោក ជូង ជូងី ស្នើសុំឲ្យតុលាការកំពូល ពិនិត្យលទ្ធភាពផ្នែកច្បាប់ដែលអនុញ្ញាតឲ្យលោក គឹម សុខ បាននៅក្រៅឃុំ ព្រោះថាសមភាពកម្លាំងតទល់គ្នាមុខច្បាប់រវាងលោក ហ៊ុន សែន និងលោក គឹម សុខ គឺប្រៀបបានដំរីជល់នឹងស្រមោច។ ក្រៅពីនេះ លោក ជូង ជូងី ថាមានការរឹតត្បិតសិទ្ធិសេរីភាពលោក គឹម សុខ នៅក្នុងពន្ធនាគារ សូម្បីតែសៀវភៅអាន និងសៀវភៅដែលលោកសរសេរកំណត់ហេតុប្រចាំថ្ងៃ ត្រូវឆ្មាំពន្ធនាគារដកយកចេញ ហើយមិនទាន់ប្រគល់ឲ្យលោក គឹម សុខ វិញនៅឡើយ៖ «តាមការលើកឡើងរបស់លោក គឹម សុខ ថាមូលហេតុដែលគេដកសៀវភៅ មកពីគាត់សរសេរពាក់ព័ន្ធនឹងសម្ដេច ហ៊ុន សែន។ ប៉ុន្តែលោក គឹម សុខ អះអាងថា សម្ដេច ហ៊ុន សែន ជាអ្នកប្ដឹងគាត់ អ៊ីចឹងបើមិនឲ្យគាត់កត់ត្រាពីសម្ដេច ហ៊ុន សែន ចឹងឲ្យគាត់កត់ត្រាពីអ្នកណា? ចឹងក្នុងន័យថា សៀវភៅកត់ត្រារបស់គាត់ គឺកត់ត្រាសម្ដេច ហ៊ុន សែន ដែលប្ដឹងគាត់ ហើយសៀវភៅដែលគាត់អានពាក់ព័ន្ធនឹងនយោបាយ និងសង្គម។ គាត់អានដើម្បីបង្កើនចំណេះ»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក គី តិច ជាមេធាវីដើមបណ្ដឹងតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា បើសិនជាលោកនាយករដ្ឋមន្ត្រីមានអំណាចលើតុលាការនោះ លោក ហ៊ុន សែន ពុំចាំបាច់ពឹងរូបលោកជាមេធាវីដាក់ពាក្យប្ដឹងលោក គឹម សុខ នោះទេ ពេលនោះប្រហែលជាលោក គឹម សុខ អាចត្រូវចាប់ខ្លួនភ្លាម។
លោក គី តិច ថាការនិយាយរបស់លោក គឹម សុខ គឺមានភាពលម្អៀងទៅរកបក្សប្រឆាំង ហើយនិយាយទម្លាក់កំហុសឲ្យបក្សកាន់អំណាច ដែលធ្វើឲ្យខូចកិត្តិយសដល់គណបក្សប្រជាជនកម្ពុជា និងជាហេតុនាំឲ្យលោក ហ៊ុន សែន តម្រូវឲ្យលោកដាក់ពាក្យប្ដឹងលោក គឹម សុខ។
លោក គី តិច លើកឡើងនៅមុខតុលាការថា ក្រោយពីលោក គឹម សុខ និយាយជាមួយវិទ្យុអាស៊ីសេរី ពិតជាមានចលាចលនៅពេលលោក គឹម សុខ ដើរចេញពីវត្តចាស់ មកបំភ្លឺតុលាការក្រុងភ្នំពេញមិនតាមពេលកំណត់។ លោក គី តិច ថាពេលនោះ លោក គឹម សុខ ដើរប្រមែប្រមូលមនុស្សរាប់ពាន់នាក់បង្កើតចលាចល ដើរស្រែកជេរដើមបណ្ដឹង រដ្ឋាភិបាល និងតុលាការទៀតផង។ មេធាវីតំណាងឲ្យលោក ហ៊ុន សែន យល់ថា បើលោក គឹម សុខ ចូលទៅបំភ្លឺតុលាការជាមួយនឹងមេធាវីម្នាក់ទៀត ប្រហែលជាគ្មានការឃុំខ្លួនទេ។
ទោះជាយ៉ាងណា នៅថ្ងៃដែលលោក គឹម សុខ ដើរពីវត្តចាស់ ទៅកាន់តុលាការក្រុងភ្នំពេញនោះ អ្នកយកព័ត៌មានអាស៊ីសេរី ក៏បានដើរតាមយកព័ត៌មានពីព្រឹត្តិការណ៍នោះដែរ។ នៅពេលនោះ អ្នកយកព័ត៌មានយើងមិនបានឃើញលោក គឹម សុខ ដើរប្រកូកប្រកាសមនុស្សឲ្យមកចូលរួមដើរជាមួយលោកទេ ហើយមនុស្សដែលដើរមកចូលរួមដោយខ្លួនឯងជាមួយលោក គឹម សុខ នោះ ក៏មិនមានការស្រែកជេរអ្វីដូចការអះអាងរបស់លោកមេធាវី គី តិច ដែរ។
ចំណែកព្រះរាជអាជ្ញារងនៃតុលាការកំពូល លោក ឈួន ចន្ថា នៅតែស្នើសុំក្រុមប្រឹក្សាជំនុំជម្រះឃុំខ្លួនលោក គឹម សុខ បន្តទៀត ដោយលោកអះអាងថា ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺស្របតាមនីតិវិធី។
ជុំវិញសំណុំរឿងនេះ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល អ្នកស្រី គឹម សុត្ថាវី នឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខករណីលោក គឹម សុខ សុំនៅក្រៅឃុំបណ្ដោះអាសន្ននេះ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧៕