
សហចៅក្រមស៊ើបអង្កេត បានចេញសេចក្ដីបំភ្លឺ និងជូនដំណឹងដល់ផ្នែកកិច្ចការសាធារណៈនៅថ្ងៃទី២១ មិថុនា សម្ដែងការព្រួយបារម្ភពីការធ្វើសេចក្ដីរាយការណ៍ ឬបញ្ចេញមតិយោបល់មិនត្រឹមត្រូវនៅក្នុងសារព័ត៌មានមួយចំនួន ស្ដីពីលទ្ធផលនៃសំណុំរឿង០០៣ (មាស មុត) ០០៤ (យឹម ទិត្យ) និង ០០៤/២ (អោ អាន)។
សេចក្ដីបំភ្លឺនេះ បានលើកឡើងថា ជាការមិនត្រឹមត្រូវឡើយទាំងផ្នែកអង្គហេតុ និងអង្គច្បាប់ក្នុងការលើកឡើងថា សំណុំរឿងទាំងនេះត្រូវបាន “ទម្លាក់ចោល” ឬក៏មិនមានការសម្រេចថា សំណុំរឿងទាំងនេះ “នឹងមិនបន្តដំណើរទៅមុខនោះ”។ ផ្ទុយទៅវិញ ដោយផ្អែកលើនីតិវិធីរបស់តុលាការ សំណុំរឿងទាំងអស់កំពុងតែដំណើរការទៅមុខយ៉ាងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន រហូតដល់មានសេចក្ដីសម្រេចមួយថា តើត្រូវផ្អាកកិច្ចដំណើរការនីតិវិធី ឬយ៉ាងណា?
កិច្ចស៊ើបសួរនៅក្នុងសំណុំរឿង០០៤ បានបិទបញ្ចប់ អនុលោមតាមវិធាន ៦៦(១) នៃវិធានផ្ទៃក្នុង។ នៅពេលនេះ ភាគីមានរយៈពេលកំណត់ដើម្បីស្នើសុំឲ្យមានកិច្ចការស៊ើបសួរបន្ថែម មុនពេលបញ្ជូនសំណុំរឿងនេះទៅសហព្រះរាជអាជ្ញា ដើម្បីចេញសេចក្ដីសន្និដ្ឋានជាស្ថាពរ។
ករណីនេះក៏អនុវត្តដូចគ្នាដែរចំពោះសំណុំរឿង០០៤/២ ដែលកាលពីពេលថ្មីៗនេះ ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ត្រូវបានបញ្ជូនទៅសហព្រះរាជអាជ្ញា ដើម្បីចេញសេចក្ដីសន្និដ្ឋានជាស្ថាពរសម្រាប់ការរៀបចំសរសេរដីកាដំណោះស្រាយនៅក្នុងពេលវេលាសមស្រប។
ចំពោះសំណុំរឿង០០៣ វិញ ក៏បានបិទបញ្ចប់ដែរ អនុលោមតាមវិធាន ៦៦(១) នៃវិធានផ្ទៃក្នុង ហើយសំណុំរឿងនេះ នឹងត្រូវបញ្ជូនដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ទៅសហព្រះរាជអាជ្ញានៅក្នុងពេលវេលាសមស្រប ដើម្បីចេញសេចក្ដីសន្និដ្ឋានជាស្ថាពរ។
សហចៅក្រមស៊ើបអង្កេត ក៏បានជូនដំណឹងដល់ផ្នែកកិច្ចការសាធារណៈដែរថា បច្ចុប្បន្ននេះ សហចៅក្រមស៊ើបអង្កេតកំពុងតែពិចារណាលើទឡ្ហីករណ៍នានារបស់ភាគី និងការិយាល័យរដ្ឋបាល ទាក់ទិននឹងសំណើសុំដាក់សេចក្ដីសន្និដ្ឋានស្ដីពីការផ្អាកកិច្ចដំណើរការនីតិវិធី។ សេចក្ដីសម្រេចលើបញ្ហានេះ នឹងមិនបញ្ចេញនៅមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឡើយ៕