
សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមួយអង្គ នៅខេត្តបាត់ដំបងត្រូវសមត្ថកិច្ចចាប់ផ្សឹកនៅរសៀលថ្ងៃទី២១ មិថុនា ក្រោយនាំព្រះកាយតាមដីកាតុលាការខេត្ត ដើម្បីសាកសួរ ដោយសមត្ថកិច្ចចោទព្រះអង្គថា លាក់អាវុធខុសច្បាប់។
ការចាប់ផ្សឹកនេះ ធ្វើឡើងក្រោយសមត្ថកិច្ចចាប់ព្រះកាយសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង ព្រះតេជព្រះគុណ ហន សុផាន្នី មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់មកយកទៅផ្សឹកតែម្ដង នៅវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង ហើយបញ្ជូនព្រះសង្ឃអង្គនោះ មកស្នងការដ្ឋាននគរបាលវិញ។
ប៉ុន្តែស្នងការរងនគរបាលខេត្តបាត់ដំបងលោក ជេត វណ្ណី ឲ្យអាស៊ីសេរីដឹងក្រោយកើតហេតុភ្លាមៗថា លោកមិនទាន់ដឹងពីករណីនេះទេ ហើយក៏មិនមានការនាំព្រះសង្ឃអង្គនោះមកស្នងការដ្ឋាននគរបាលខេត្តដែរ។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបងព្រះតេជព្រះគុណ ឡុញ សុខគា ឲ្យអាស៊ីសេរីដឹងតាមទូរស័ព្ទថា សមាជិករបស់ព្រះអង្គមួយអង្គព្រះនាម ហន សុផាន្នី ត្រូវបានសមត្ថកិច្ចប្រមាណ២០នាក់ កាន់ដីកាតុលាការ មកដល់កុដិរបស់ព្រះអង្គ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅម៉ោងប្រមាណ១២ថ្ងៃទី២១ មិថុនា ដើម្បីនាំព្រះអង្គទៅសាកសួរ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម មានថេរៈដីកាតាមហ្វេសប៊ុក (Facebook) ក្រោយការចាប់ព្រះសង្ឃអង្គនោះភ្លាមៗថា ពិតជាមានការឃាត់សមាជិករបស់ព្រះអង្គមែន ដោយសមត្ថកិច្ចចោទពីបទលាក់អាវុធខុសច្បាប់។ ព្រះតេជព្រះគុណអះអាងថា តាមពិតព្រះសង្ឃអង្គនេះ គ្រាន់តែបង្ហោះកាំភ្លើងជ័រក្នុងហ្វេសប៊ុកជាការលេងសើច រួមនឹងសំណេរថា ហាត់បាញ់កាំភ្លើង ដើម្បីរក្សាលទ្ធផលបោះឆ្នោតជាដើម។
ព្រះអង្គយល់ថា ការលេងសើចទាំងនេះមិនសមរម្យមែន ប៉ុន្តែព្រះអង្គហៅការចេញដីកាឃាត់ព្រះកាយព្រះតេជព្រះគុណ ហន សុផាន្នី នេះ វាលើសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលត្រូវជាតួនាទីរបស់មន្ត្រីសង្ឃធ្វើការអប់រំណែនាំ តាមច្បាប់របស់ព្រះពុទ្ធសាសនា។
ទោះយ៉ាងណាក៏ដោយ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អះអាងថា ព្រះអង្គបានហៅទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល សុំការយោគយល់នូវកំហុសឆ្គងនៃការលេងសើចរបស់ព្រះសង្ឃអង្គនោះ។ ព្រះអង្គអះអាងថា លោក ច័ន្ទ សុផល បានសន្យាថា អាជ្ញាធរនឹងដោះលែងព្រះតេជព្រះគុណ ហន សុផាន្នី វិញ ក្រោយការសាកសួរ បើសិនជារកមិនឃើញដូចការចោទប្រកាន់នេះ។
សូមស្ដាប់ព័ត៌មានពិស្ដារ៖