Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​រិះគន់​អភិបាល​ខេត្ត​ព្រះសីហនុ​ថា​គ្មាន​លទ្ធភាព​ការពារ​ដី​គម្រប​ព្រៃឈើ

$
0
0

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ជួយ​ដកហូត​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ដែល​ត្រូវ​គេ​ឃុបឃិត​កាប់​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ដាំ​កូន​ឈើ​ឡើង​វិញ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ នៅ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ផ្លូវ​ច្បាប់​រឹបអូស​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​អនាធិបតេយ្យ​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​កន្លង​ទៅ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់​វិញ។

ក្រៅ​ពី​នេះ​ទៀត អង្គការ​ទាំង​បី​រួម​មាន អង្គការ​លីកាដូ (LICADHO) សមាគម​អាដហុក (ADHOC) និង​អង្គការ​ស៊ីអ៊ិនរ៉ូ (CNRO) ជាដើម ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឈាន​ដល់​និរាករណ៍ ឬ​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​បុគ្គល​មួយ​ចំនួន​បាន​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ពយម៉ាចូវ ហើយ​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​កម្មសិទ្ធិ​យក​ដី​នោះ​មក​អភិរក្ស​ដាំ​កូន​ឈើ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឡើង​វិញ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា​ស៊ីអ៊ិនរ៉ូ (CNRO) លោក សុខ សុខុម ស្នើ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ថែរក្សា​ការពារ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យ​នៅ​គង់វង្ស ព្រោះ​បច្ចុប្បន្ន បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង​មាន​ទីតាំង​នៅ​តំបន់​ពយម៉ាចូវ​ចុង​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ត្រូវ​ជន​អនាធិបតេយ្យ​ចូល​ទន្ទ្រាន​កាន់​កាប់​រលាយ​ហិនហោច​គ្មាន​សល់៖ «ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នេះ ត្រូវ​បាន​ស្រឡះ​ល្វឹងល្វើយ​អស់​ហើយ ហើយ​ត្រូវ​បាន​សង់​ផ្ទះ​តូច​ធំ​យ៉ាង​គគ្រឹកគគ្រេង​តូច​ធំ​នៅ​ក្នុង​នេះ បណ្ដាល​ឲ្យ​បាត់បង់​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ។ ហើយ​បទល្មើស​នេះ​កន្លង​មក ក្នុង​នាម​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល ធ្លាប់​បាន​រាយការណ៍​ទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ផង​ដែរ ប៉ុន្តែ​គាត់​បាន​ចុះ​មក​តែ​នៅ​ពេល​ដែល​យើង​រាយការណ៍​ជូន​ទេ។ ក្រោយ​ពី​រាយការណ៍​រួច តំបន់​គម្រប​ព្រៃឈើ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយម៉ាចូវ​នេះ នៅ​តែ​មាន​សកម្មភាព​កាប់​ឆ្ការ​ព្រៃ​អនាធិបតេយ្យ​ទន្ទ្រាន​ដី​ធ្វើ​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​តែ​កើត​មាន​ដដែល»

ចំណែក​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្ស័យ​ថា បទល្មើស​ព្រៃឈើ​ដែល​គ្មាន​ការ​បង្ក្រាប​បែប​នេះ អាច​ធ្វើ​សកម្មភាព​ដោយ​គ្មាន​អាជ្ញាធរ​ហាមឃាត់ ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ខ្លះ​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​ជំនាញ​ខ្លះ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

អ្នកស្រី សុធារី ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ត្រូវ​ដក​ហូត​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ត្រូវ​ជន​ខិលខូច​ទន្ទ្រាន​កាន់​កាប់ ដើម្បី​យក​ដី​នោះ​មក​ដាំ​កូន​ឈើ​អភិរក្ស​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃ​ខាង​មុខ​វិញ៖ «ជា​យោបល់​របស់​នាង​ខ្ញុំ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​ចេញ​មុខ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​កាន់​តុលាការ ដើម្បី​ទាមទារ​លុប​ចោល​នូវ​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាន់​កាប់​ដី​រដ្ឋ​ទាំងអស់​ហ្នឹង ហើយ​យក​ដី​ទាំងនោះ​មក​ដាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ហើយ​គួរ​តែ​មាន​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ជា​ឯកសារ​រឹងមាំ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ដី​នេះ​គឺ​ជា​ដី​របស់​រដ្ឋ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គភាព ឬ​មន្ទីរ​ណា​មួយ​ជាក់លាក់។ ជាង​នេះ ត្រូវ​ធ្វើ​ការ​ប្រកាស​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នៅ​តំបន់​នោះ​ចូលរួម​អភិរក្ស​ថែរក្សា​ទាំងអស់​គ្នា»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ផ្ដល់​ទស្សនៈ​ថា បើ​រដ្ឋាភិបាល​មិន​រឹបអូស​យក​ដី​គម្រប​ព្រៃឈើ​ដែល​ត្រូវ​គេ​រាន​កាន់​កាប់​អនាធិបតេយ្យ​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង និង​ដាំ​ដើម​ឈើ​ឡើង​វិញ​ទេ ទំនាស់​កាន់​កាប់​ដីធ្លី​ក្នុង​តំបន់​នេះ នឹង​កើត​មាន​កាន់​តែ​ច្រើន និង​ធ្ងន់ធ្ងរ​ថែម​ទៀត ហើយ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​អនាគត។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា រដ្ឋបាល​ខេត្ត​នេះ​មាន​គម្រោង​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​ខ្ទម ឬ​ផ្ទះ​តូចៗ​ដែល​សង់​នៅ​លើ​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ តំបន់​ពយម៉ាចូវ ឬ​ចុង​ឆ្នេរ​អូរត្រេះ​នេះ​នៅ​ថ្ងៃ​ខាង​មុខ។ លោក​ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នឹង​ត្រូវ​ផ្ដន្ទាទោស ព្រោះ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ស្នើ​ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់៖ «បញ្ហា​ដីធ្លី​នៅ​តំបន់​ពយម៉ាចូវ ឬ​ចុង​ឆ្នេរ​អូរត្រេះ គឺ​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​នៅ​តំបន់​ក្បាលឆាយ​ច្រើន​ណាស់ ពីព្រោះ​ដី​មួយ​ដុំ ពេល​ខ្លះ​មាន​ម្ចាស់​ដល់​ទៅ ៣​នាក់។ ម្ចាស់​ខ្លះ​អះអាង​មាន​ប្លង់​រឹង ម្ចាស់​ខ្លះ​អះអាង​ថា​មាន​លិខិត​ទិញ​លក់​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ និង​ស្រុក ហើយ​ម្ចាស់​ខ្លះ​ទៀត​អះអាង​ថា​មាន​ច្បាប់​គម្រប​ព្រៃឈើ ជាដើម មាន​ន័យ​ថា ដី​មួយ​ដុំ​មាន​ម្ចាស់​ដល់​ទៅ​បី​នាក់។ ដូច្នេះ​និយាយ​ជា​រួម នៅ​ថ្ងៃ​ខាង​មុខ អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​ពយម៉ាចូវ​ហ្នឹង​ឲ្យ​ចង់​សព្វគ្រប់»

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អះអាង​ថា បរិវេណ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ​ស្ថិត​ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ថែរក្សា​ការពារ​ទុក​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នានា។ បច្ចុប្បន្ន គម្រប​ព្រៃឈើ​បៃតង​ទាំងនោះ ត្រូវ​ជន​ខិលខូច​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​ទប់ស្កាត់​ទេ​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles