
ប្រធានគណៈកម្មការឃុំរៀបចំការបោះឆ្នោតនៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលត្រូវជនមិនស្គាល់មុខលួចកាប់នឹងពូថៅឲ្យរបួសធ្ងន់ទាំងពីរនាក់ប្ដីប្រពន្ធ កំពុងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាពនៅផ្ទះសាច់ញាតិ ដោយមិនហ៊ានទៅរស់នៅផ្ទះរបស់ខ្លួននោះទេ។ ពួកគាត់អះអាងថា មូលហេតុដែលមិនហ៊ានទៅផ្ទះ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះសមត្ថកិច្ចមិនទាន់ចាប់ជនមិនស្គាល់មុខមកផ្ដន្ទាទោសតាមច្បាប់បាននៅឡើយ។ ស្នងការរងនគរបាលខេត្តបាត់ដំបង ផ្នែកព្រហ្មទណ្ឌ បញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាបន្ថែមដើម្បីចាប់ជនដៃដល់ តែខ្វះកិច្ចសហការពីសាមីខ្លួន។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំអូរតាគី ស្រុកថ្មគោល និងប្រពន្ធ ដែលកំពុងស្ថិតនៅក្នុងភាពភ័យខ្លាចនោះ លើកឡើងថា ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចាប់ជនមិនស្គាល់មុខដែលលួចកាប់ពួកគាត់ឲ្យរងរបួសមកផ្ដន្ទាទោសបានទេ ពួកគាត់រស់នៅគ្មានសុវត្ថិភាពឡើយ។
លោក ហ៊ុន យ៉ន ផ្ដល់សម្ភាសខណៈរស់នៅជាមួយសាច់ញាតិថា ចាប់តាំងពីជនមិនស្គាល់មុខកាប់ឲ្យរបួសធ្ងន់កាលពីយប់ថ្ងៃទី១០ មិថុនា មក សមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយ។ បុរសវ័យ ៦២ឆ្នាំរូបនេះបន្តទាំងទឹកមុខស្លេកស្លាំងថា លោកមិនចង់រស់នៅជាមួយសាច់ញាតិទេ ក៏ប៉ុន្តែដោយសារបារម្ភពីសុវត្ថិភាព ធ្វើឲ្យពួកគាត់មិនហ៊ានទៅស្នាក់នៅផ្ទះរបស់ខ្លួន ព្រោះខ្លាចជនមិនស្គាល់មុខលួចកាប់ទាំងប្ដី និងប្រពន្ធដូចពេលមុនទៀត៖ «បាទ! បើសិនសមត្ថកិច្ចចាប់ជនល្មើសមិនបានទេ ខ្ញុំគ្មានសុវត្ថិភាពទៅថ្ងៃក្រោយទេ ព្រោះខ្ញុំជឿជាក់ថា វានឹងតាមផ្ដន្ទាដល់ក្រុមគ្រួសារខ្ញុំទៀត ព្រោះមិនវាខឹងខ្ញុំនៅចំណុចណាមួយ ដូច្នេះខ្ញុំមិនអាចទៅរស់នៅផ្ទះខ្ញុំបានទេ សូមជួយខ្ញុំផង»។
អតីតគ្រូបង្រៀនចូលនិវត្តន៍រូបនេះ ស្នើឲ្យសមត្ថកិច្ចចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ឲ្យបានឆាប់ ដើម្បីពួកគាត់ពីរនាក់ប្ដីប្រពន្ធបានទៅរស់នៅក្នុងផ្ទះរបស់ខ្លួនដូចដើមឡើងវិញ៖ «អ៊ីចឹងដឹងហើយផ្ទះគេមិនដូចនៅផ្ទះរបស់យើងទេ បើទោះជាអ្នកនោះកូនក៏ដោយ ព្រោះគេមានក្រុមគ្រួសារគេ។ ដូច្នោះខ្ញុំសំណូមពរទៅសមត្ថកិច្ច ធ្វើម៉េចផ្ដល់ភាពយុត្តិធម៌ឲ្យខ្ញុំបាទខាងតែបាន»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំអូរតាគី លោក ហ៊ុន យ៉ន អះអាងថា នៅយប់កើតហេតុមានបុរសម្នាក់កម្ពស់ប្រហែល ១ម៉ែត្រ ៦០សង់ទីម៉ែត្រ សក់ផ្កាថ្កូវ បានយកពូថៅចូលមកកាប់លោកក្នុងផ្ទះចំក្បាល និងស្មា កាលពីយប់ថ្ងៃទី១០ មិថុនា។ លោកបន្ថែមថា មុនចូលមកកាប់ បុរសរូបនោះបានដុតឯកសារបោះឆ្នោតគ្មានសល់ ហើយពេលនោះលោកចេញមកមើលភ្លើងឆេះខាងមុខផ្ទះរបស់លោក ស្រាប់តែជនមិនស្គាល់មុខកាប់លោកតែម្ដង។ លោកអះអាងថា ភ្លាមនោះ ប្រពន្ធរបស់លោកក៏បានស្រែកថាចោរៗ ដើម្បីឲ្យអ្នកស្រុកជិតខាងមកជួយ ហើយជននោះយកកាំបិតចាក់ពោះប្រពន្ធរបស់លោក ២កាំបិត បណ្ដាលឲ្យរបួសធ្ងន់ ក្រោយមកប៉ូលិសឃុំអូរតាគី ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ វ៉ូលមេត អ៊ឹមមើជេនស៊ី ខេត្តបាត់ដំបង (World Mate Emergency) តែម្ដង។
ប្រពន្ធជនរងគ្រោះ លោកស្រី រុំ វី ថ្លែងទាំងទឹកភ្នែកថា នៅពេលនឹកឃើញគ្រាដែលជនមិនស្គាល់មុខចាក់លោកស្រី និងប្ដីឲ្យរងរបួស លោកស្រីមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង និងមិនហ៊ានធ្វើដំណើរឆ្លងកាត់មុខផ្ទះរបស់ខ្លួននោះទេ៖ «ខ្ញុំភ័យណាស់អស់លោកអើយ! ជួយរកជនល្មើសឲ្យឃើញផង។ ខ្ញុំចូលផ្ទះខ្ញុំមិនបានទេ។ ខ្ញុំនឹកផ្ទះខ្ញុំណាស់។ ខ្ញុំដេកស្រមៃ ឲ្យតែដេកបិទភ្នែកភ្លាម ខ្ញុំនឹកឃើញចោរមកចាក់ខ្ញុំ!»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំអូរតាគី អះអាងថា នៅមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប្រមាណ ១០ថ្ងៃ មានជនមិនស្គាល់មុខលួចយកប័ណ្ណអ្នកសង្កេតការណ៍បោះឆ្នោតដុតចោលអស់ជាង ១០០សន្លឹកម្ដងរួចមកហើយ។ លោកបន្ថែមថា ទាំងពីរករណីនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នា។
ឆ្លើយតបនឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក ជេត វណ្ណី មានប្រសាសន៍ថា ករណីនេះពុំមែនជារឿងនយោបាយទេ តែប្រហែលជារឿងគំនុំច្រើនជាង។ លោកអះអាងថា មូលហេតុដែលមិនទាន់ចាប់ជនសង្ស័យមកផ្ដន្ទាទោសបាន ដោយសារជនរងគ្រោះលាក់បាំងព័ត៌មានខ្លះ ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការតាមរកមុខសញ្ញាជនល្មើស។
លោកបន្ថែមថា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ជនល្មើសមិនទាន់ឈប់នៅឡើយ៖ «ខ្ញុំសំណូមពរសុំឲ្យគាត់ជួយខ្ញុំ ដើម្បីសហការចំណុចផ្សេង ព្រោះបើគាត់បង្ហាញឲ្យច្បាស់ជាងនេះបន្តិចទៀត យើងនឹងចាប់ជននោះបានភ្លាម»។
ចំណែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ករណីនេះអាចជារឿងនយោបាយ ព្រោះនៅមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃកើតហេតុ ជនល្មើសបានដុតឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតរបស់ជនរងគ្រោះចោល ដោយពុំបានយកទ្រព្យរបស់ជនរងគ្រោះឡើយ។ លោកស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវស៊ើបអង្កេតបញ្ហានេះឲ្យបានឆាប់ ពីព្រោះប្រសិនបើអូសបន្លាយពេល អាចនឹងប៉ះពាល់ដល់សុវត្ថិភាពរបស់ជនរងគ្រោះ៖ «អ៊ីចឹងដែលថាគាត់មានការលាក់បាំងនោះ ចំណុចនេះសមត្ថកិច្ចត្រូវបង្ហាញជំនឿទុកចិត្តដល់ជនរងគ្រោះ ព្រោះបើគាត់មិនមានជំនឿទុកចិត្តទេ គាត់មិនសហការទេ។ អ៊ីចឹងសំខាន់គាត់ គឺសមត្ថកិច្ចត្រូវតែបង្ហាញយកចិត្តទុកដាក់ និងធ្វើការពារសុវត្ថិភាពជូនគាត់»។
ការបោះឆ្នោតកាលពីថ្ងៃទី៤ មិថុនា ឃុំអូរតាគី គណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជនកម្ពុជា ជាង ៥០០សំឡេង។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីអាណត្តិទី៣ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតធ្វើជាមេឃុំមួយនេះ។
ពលរដ្ឋនៅក្បែរផ្ទះជនរងគ្រោះ ភាគច្រើនអះអាងថា មន្ត្រីរៀបចំការបោះឆ្នោតរូបនេះជាមនុស្សសុភាពរាបសា ហើយមិនធ្លាប់មានទំនាស់ជាមួយអ្នកជិតខាងនោះទេ។
ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ចេញពីមន្ទីរពេទ្យកាលពីរសៀលថ្ងៃទី១២ មិថុនា ហើយមកទល់ពេលនេះ ស្ថានភាពមុខរបួសរបស់អ្នកទាំងពីរ មិនទាន់ជាសះស្បើយនៅឡើយ។ ពួកគាត់អះអាងថា តាំងតែចេញពីមន្ទីរពេទ្យមក អ្នកទាំងពីរស្នាក់នៅជាមួយសាច់ញាតិនៅខេត្តបាត់ដំបង ដោយពុំហ៊ានចេញទៅណាក្រៅផ្ទះនោះទេ ដោយពួកគាត់ទន្ទឹងរង់ចាំដំណឹងពីសមត្ថកិច្ចផ្ដល់យុត្តិធម៌ជូនពួកគាត់៕