Clik here to view.

អ្នកពាក់ព័ន្ធជំនាញផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ និងផ្នែកអាកាសធាតុនិយាយថា មិនទានមានសញ្ញាគ្រោះថ្នាក់ណាមួយដែលបណ្ដាលមកពីគ្រោះមហន្តរាយទូទាំងប្រទេសនៅឡើយទេ បើទោះជាខេត្តបន្ទាយមានជ័យ កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងក្ដី។
ទោះជាមានការព្រមានថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ និងជ្រលងសម្ពាធទាបខ្សោយ និងស្របពេលដែលខេត្តបន្ទាយមានជ័យ កំពុងលិចលង់ដោយជំនន់ទឹកភ្លៀង និងជំនន់ជោរជន់ពីប្រទេសថៃ។ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយបញ្ជាក់ថា កម្ពុជានឹងរងគ្រោះព្រោះគ្រោះមហន្តរាយ ឬគ្រោះទឹកជំនន់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា ប្រាប់ថា ទាំងជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ មិនទាន់ចោទជាបញ្ហានៅឡើយទេ។ ប៉ុន្តែក៏មានតំបន់មួយចំនួនដែរ រងផលប៉ះពាល់ ព្រោះជំនន់ទឹកភ្លៀង។ ដោយឡែកលោក ចាន់ យុត្ថា ពន្យល់ថា បញ្ហាលិចលង់នៅខេត្តបន្ទាយមានជ័យ ព្រោះការរក្សាទឹកទុកក្នុងអាងទឹកមិនព្រមបង្ហូរទឹក និងករណីជំនន់ទឹកភ្លៀង៖ «កម្ពស់ទឹកពេលបច្ចុប្បន្នទៅនឹង កម្រិតទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះ គឺនៅឆ្ងាយមែន។ មកដល់ពេលនេះជំនន់ទន្លេមេគង្គមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ»។
លោកថា ក្នុងអំឡុងខែមិថុនា និងខែកក្កដា មិនបញ្ហាទឹកជំនន់មិនទាន់ចោទជាបញ្ហានៅឡើយទេ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា បានដកស្រង់សម្ដីអាជ្ញាធរខេត្តបន្ទាយមានជ័យ ថា ដំណាំស្រូវនៅក្នុងស្រុកអូរជ្រៅ នៃខេត្តនេះប្រមាណ ៤០០ហិកតារ កំពុងរងគ្រោះ ព្រោះជំនន់ទឹកភ្លៀង។ ប្រភពដដែលបានដកស្រង់សម្ដី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប៉ាង វណ្ណសេដ្ឋ ថា ជំនន់ទឹកភ្លៀងនេះបានធ្លាក់ពីប្រទេសថៃ និងពីអាងអូរខៃដន ធ្វើឲ្យជន់លិចកំណាត់ផ្លូវដែក និងផ្លូវជាតិ កាលពីថ្ងៃទី៦ ខែមិថុនា ហើយបានបន្តហូរធ្លាក់មកប៉ែកខាងក្រោមធ្វើឱ្យលិចលង់ដំណាំស្រូវប្រជាកសិករ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនខេត្តបន្ទាយមានជ័យ បានរងការលិចលង់ដោយជំនន់ទឹកភ្លៀង និងជំនន់ពីប្រទេសថៃ ប៉ុន្តែពេលនេះអាជ្ញាធរខេត្តបានស្រាយបានរួចរាល់ដោយបើកបង្ហូរមុខទឹក និងជីកប្រឡាយបន្ថែមទៀត។ លោកថា ជំនន់នេះមិនបានធ្វើបាត់បង់អាយុជីវិតពលរដ្ឋទេ ប៉ុន្តែប៉ះពាល់ផលដំណាំ និងដំណាំស្រូវរបស់ពលរដ្ឋខ្លះ៖ «យើងជីកប្រឡាយថែម បង្ហូរមុខទឹកណាដែលកកស្ទះ ដើម្បីឲ្យធ្លាក់ទៅក្រោម»។
ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា នឹងមានភ្លៀងធ្លាក់រាយប៉ាយតិចនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមិថុនា។ ឥទ្ធិពលនេះ ព្រោះកម្ពុជា កំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុង និរតីខ្សោយ និងជ្រលងសម្ពាធទាបខ្សោយ។
ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ថា លោកមិនទាន់ទទួលព័ត៌មានណាមួយសញ្ញានៃគ្រោះមហន្តរាយនៅឡើយទេ៕