Clik here to view.

សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតទៅគណៈកម្មការទី៨នៃរដ្ឋសភា ដោយស្នើឲ្យកោះហៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលបំភ្លឺនៅរដ្ឋសភាឲ្យបានឆាប់ ជុំវិញការមិនសម្រួលដល់កម្មករសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៤ មិថុនា។
តំណាងរាស្ត្រគណបក្សប្រឆាំង នឹងចាត់វិធានការលើសំណើរបស់សហជីពដែលបានស្នើឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ចូលបំភ្លឺនៅរដ្ឋសភា។
ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា អ្នកស្រីបានទទួលហើយនឹងចាត់ចែងតាមនីតិវិធី។ អ្នកស្រីថា បញ្ហានេះជាចំណុចអាទិភាព ពីព្រោះជាបទពិសោធន៍សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ។
អ្នកស្រីយល់ថា វាជាបញ្ហាដែលរដ្ឋមន្ត្រីក្រសួងការងារ មិនបានបំពេញតួនាទីក្នុងចេញសេចក្ដីណែនាំបញ្ជាឲ្យរោងចក្រសហគ្រាសអនុវត្តសម្រួលឲ្យកម្មករបានទទួលសិទ្ធិពេញលេញក្នុងការបោះឆ្នោត ដោយត្រឹមតែចេញសេចក្ដីជូនដំណឹងដែលពុំមានប្រសិទ្ធភាពដាក់កំហិតឲ្យរោងចក្រសហគ្រាសអនុវត្ត៖ «ខ្ញុំគិតថា វាមានការងារច្រើន កោះបំភ្លឺរដ្ឋមន្ត្រីរឿងផ្សេងៗច្រើន យើងយកចំណុចនេះជាចំណុចដែលយើងយកមកគិតឆ្នាំ២០១៨ ឲ្យរដ្ឋមន្ត្រីគាត់បំភ្លឺ។ ធម្មតាយើងត្រូវធ្វើមុនអ៊ីចឹងយើងយកចំណុចជាចំណុចអាទិភាព»។
ការលើកឡើងនេះ នៅបន្ទាប់ពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតកាលពីថ្ងៃទី១៣ មិថុនា ទៅប្រធានគណៈកម្មការទី៨នៃរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យកោះហៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ចូលបំភ្លឺនៅរដ្ឋសភា។
សហជីពចង់ឲ្យរដ្ឋមន្ត្រីក្រសួងការងារ បំភ្លឺនៅរដ្ឋសភា អំពីករណីមិនបានកំណត់កាលបរិច្ឆេទឈប់សម្រាកការងារសមរម្យដោយរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ និងមិនបានអន្តរាគមន៍ឲ្យនិយោជកតាមរោងចក្រ សហគ្រាសផ្ដល់ប្រាក់ឈ្នួលបុរេប្រទានដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិកសម្រាប់ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ ថ្លែងថា លោកមើលឃើញថា ក្រសួងការងារមិនបានយកចិត្តទុកដាក់ និងមិនបង្កលក្ខណៈងាយស្រួលដល់កម្មករបានទៅចូលរួមបោះឆ្នោតដូចអាណត្តិមុនៗនោះទេ។ លោកថា ការកំណត់យកថ្ងៃបោះឆ្នោតចំថ្ងៃទី៤ គឺកម្មករមិនទាន់បើកប្រាក់ឈ្នួលថែមទៀត គឺជាឧបសគ្គមួយក្នុងចំណោមបញ្ហាជាច្រើនទៀតហើយការដែលមានកម្មករទៅបោះឆ្នោតគឺជាឆន្ទៈ និងការលះបង់របស់ពួកគេ ប៉ុន្តែទន្ទឹមគ្នាក៏មានកម្មករមួយចំនួនខកខាន៖ «ដោយសារតែ២០១៧ ហ្នឹងហើយអត់មានឃើញអន្តរាគមន៍មកក្រសួងការងារ សហជីពសេរីបានធ្វើលិខិតស្នើសុំទៅគណៈកម្មការទី៨ រដ្ឋសភាដើម្បីកោះហៅ ពីព្រោះដើម្បីបោះឆ្នោតជាតិ២០១៨ សូមកុំឲ្យមានការរអាក់រអួលអ៊ីចឹងទៀត»។
លិខិតរបស់សហជីពសេរីកម្មករដដែលរិះគន់ថា ក្រសួងការងារមិនបានបង្កលក្ខណៈងាយស្រួលឲ្យកម្មករឡើយ គឺកាលពីថ្ងៃទី២៩ ឧសភា មុនថ្ងៃបោះឆ្នោតមិនដល់មួយសប្ដាហ៍ផង ក្រសួងបានត្រឹមចេញសេចក្ដីអំពាវនាវដោយយោងលើសេចក្ដីអំពាវនាវរបស់ គ.ជ.ប ឲ្យម្ចាស់រោងចក្រ សហគ្រាស ជួយសម្រួលឲ្យកម្មករបានទៅបោះឆ្នោតតែប៉ុណ្ណោះ។ ប៉ុន្តែនៅមុនការបោះឆ្នោតនេះដែរ មន្ត្រីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថា ក្នុងករណីដែលពុំមានភ្លើងខៀវពីក្រសួងការងារ សម្រាប់ថ្ងៃឈប់ពិសេស កម្មករដែលកំពុងបម្រើការនៅតាមរោងចក្រ និងសហគ្រាសផ្សេងទៀត ពុំមានសិទ្ធិពិសេសឈប់សម្រាកបន្ថែមអមនៅថ្ងៃបោះឆ្នោតឡើយ។ ប៉ុន្តែសមាគមដដែលនេះបញ្ជាក់ថា ពួកគេអាចប្រើប្រាស់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ សហជីពសេរីកម្មករនៅតែរង់ចាំការឆ្លើយបំភ្លឺពីរដ្ឋមន្ត្រីក្រសួងការងារ នៅរដ្ឋសភា៕