
អភិបាលខេត្តព្រះសីហនុ ប្រកាសមិនទទួលស្គាល់រាល់ការទិញលក់ដីនៅសង្កាត់កោះរ៉ុង ដែលកំពុងកើតមានរាល់ថ្ងៃនេះទេ ហើយព្រមានថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពលក់ដូរ ឬកាប់ទន្ទ្រានដីព្រៃថ្មីៗ នឹងត្រូវប្រឈមមុខការផ្ដន្ទាទោស។
សង្គមស៊ីវិលស្វាគមន៍សារព្រមាននេះ ប៉ុន្តែស្នើឲ្យរដ្ឋបាលខេត្តនេះ ត្រូវចុះអនុវត្តច្បាប់ការពារព្រៃឈើនៅលើកោះរ៉ុងនេះឲ្យមានប្រសិទ្ធភាព ប្រសើរជាងការបន្លឺសំឡេង ដាក់ប្រព័ន្ធផ្សព្វផ្សាយយកមុខ។
អភិបាលខេត្តព្រះសីហនុ ព្រមានថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពជួលមនុស្សឲ្យទៅកាប់រានដីព្រៃឈើមានដើមធំថ្មីៗ កើតមានក្រោយមន្ត្រីជំនាញថ្នាក់ជាតិដឹកនាំដោយលោក ជា សុផារ៉ា ដែលបានចុះវាស់កំណត់ក្បាលដីចែកជូនពលរដ្ឋនៅពេលកន្លងទៅ នឹងត្រូវផ្ដន្ទាទោស។
ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៥ ខែមិថុនា លោក យន្ត មីន ប្រកាសមិនទទួលស្គាល់ការទិញលក់ដីព្រៃឈើដែលទើបកាប់ទន្ទ្រានអនាធិបតេយ្យខុសច្បាប់ថ្មីៗ នៅសង្កាត់កោះរ៉ុង នោះទេ។ជាងនេះទៀត អ្នកជាប់ពាក់ព័ន្ធការទិញលក់ដីព្រៃឈើនៅលើកោះរ៉ុង នឹងត្រូវផ្ដន្ទាទោស៖ «»។
សារព្រមាននេះទទួលបានការសាទរពីសំណាក់មន្ត្រីសង្គមស៊ីវិល និងទេសចរ ដែលកន្លងមកពួកគេបារម្ភខ្លាចព្រៃឈើធម្មជាតិដែលដុះនៅលើកោះរ៉ុង ត្រូវរលាយហិនហោច បន្ទាប់ពីមន្ត្រីថ្នាក់ជាតិចុះវាស់កំណត់ក្បាលដីចែកជូនពលរដ្ឋ ប៉ុន្តែបានចុះទៅវាស់នៅលើបរិវេណដីព្រៃមានដើមដុះធំៗ និងគ្មានមនុស្សរស់នៅជាក់ស្ដែង ហើយថា រាល់ថ្ងៃនេះបរិវេណដីព្រៃឈើទាំងនោះកំពុងត្រូវគេកាប់ដុតរានយកដី និងប្រកាសលក់បន្តអនាធិបតេយ្យ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញថា សកម្មភាពកាប់រានដីព្រៃឈើធម្មជាតិនៅលើកោះរ៉ុង កើតមានបន្ទាប់ពីមន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយលោក ជា សុផារ៉ា បានចុះវាស់កំណត់ក្បាលដីជូនពលរដ្ឋនៅមូលដ្ឋាននេះកាលពីចុងឆ្នាំ២០១៦ មក៖ «»។
អ្នកឃ្លាំមើលសង្គមរូបនេះសោកស្ដាយដែលព្រៃធម្មជាតិនៅលើកោះរ៉ុង ត្រូវគេឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ជាថ្នូរចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក នាំឲ្យបំផ្លាញព្រៃឈើមានដើមធំៗ ត្រូវកាប់រានយកដីអនាធិបតេយ្យ ហើយរាល់ថ្ងៃនេះ ត្រូវអាជ្ញាធរសង្កាត់កោះរ៉ុង និងអ្នកជាប់ពាក់ព័ន្ធខ្លះទៀត បានពុះច្រៀកជាឡូត៍ៗ ប្រកាសលក់ដូរបន្តរាល់ថ្ងៃ ប៉ុន្តែមិនឃើញរដ្ឋបាលខេត្តនេះទប់ស្កាត់ទេ។
ត្រង់ចំណុចនេះទាំងទេសចរ និងអ្នកឃ្លាំមើលសង្គម បានស្នើដល់លោក ជា សុផារ៉ា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណាមុននឹងឈានដល់ចេញប្លង់កម្មសិទ្ធិជូនបុគ្គល ឬប្រជាពលរដ្ឋប្រើប្រាស់ដីធ្លីស្របច្បាប់នៅសង្កាត់កោះរ៉ុង មិនត្រូវផ្ដល់ជូនទៅលើបរិវេណដីដែលមានសកម្មភាពកាប់រានព្រៃឈើថ្មីៗនោះទេ។
បរិវេណដីព្រៃឈើដែលមានសកម្មភាពកាប់បំផ្លាញក្រោយអាជ្ញាធរថ្នាក់ជាតិចុះវាស់កំណត់ក្បាលដីជូនពលរដ្ឋ ចាប់តាំងពីចុងឆ្នាំ២០១៦ មកដល់ពាក់កណ្ដាលខែមិថុនា នេះ មានដូចជានៅភូមិសុខសាន្ត ភូមិដើមស្វាយ ភូមិកោះតូច ព្រមទាំងភូមិដើមថ្កូវ៕