Clik here to view.

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុរសម្នាក់ ជាសមាជិកក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅកាត់ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) ដែលពលរដ្ឋជាង ៥ពាន់គ្រួសារចោទថា ក្រុមហ៊ុនមួយនេះឆបោកលុយរបស់ពួកគេសរុបជាង ៤៦លានដុល្លារអាមេរិក (៤៦.២០៤.៣៥០)។
សមាជិកនៃក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី ម្នាក់ឈ្មោះ តេង សារឿន ត្រូវបានតំណាងអយ្យការបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរ ហើយនៅក្រោយការសួរចប់ ចៅក្រមបានចោទប្រកាន់ពីបទឆបោក ហើយបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលកែប្រែព្រៃស ឬម១។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់អាស៊ីសេរី នៅល្ងាចថ្ងៃទី១៦ មិថុនា ថា ក្រោយការចោទប្រកាន់ជនសង្ស័យកំពុងស្ថិតនៅក្នុងនីតិវិធីនៃការស៊ើបសួរ៖ «បក្សពួកអីយើងអត់ទាន់និយាយបានទេ ព្រោះនៅក្នុងដំណាក់កាលស៊ើបសួរ នៅក្នុងនីតិវិធីស៊ើបសួរយើងអត់អាចចេញអីបានទេ ទាល់តែជម្រះចប់ វាស្រួល»។
បុរសឈ្មោះ តេង សារឿន ត្រូវបានតុលាការចោទប្រកាន់ក្រោយពេលដែលប្រជាពលរដ្ឋរាប់រយនាក់មកពីតាមបណ្ដាខេត្ត-រាជធានីទូទាំងប្រទេស បានលើកគ្នាមកដាក់បណ្ដឹងនៅតុលាការក្រុងភ្នំពេញ រដ្ឋសភា និងក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៨ ឧសភា ដើម្បីឲ្យស្ថាប័នទាំងនេះជួយអន្តរាគមន៍ករណីក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី ឆបោកលុយរបស់ពួកគាត់គិតសរុបជិត ៥០លានដុល្លារអាមេរិក។ ក្រុមពលរដ្ឋចាត់ទុកករណីនេះ មិនត្រឹមតែជាការឆបោកប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាសោកនាដកម្មមួយដែលបានបំផ្លាញក្តីសង្ឃឹមនៃជីវិតរបស់ពួកគាត់ទៀតផង។
តំណាងពលរដ្ឋមួយរូបដែលចាញ់បោកក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី គឺលោក សេង ចាន់ទ្រី ប្រាប់ថា លោក និងពលរដ្ឋដែលរងគ្រោះចង់ឲ្យតុលាការបន្តចំណាត់ការដោយកោះហៅអ្នកពាក់ព័ន្ធរបស់ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី ទាំងអស់ ដើម្បីទៅសាកសួរ និងផ្ដន្ទាទោសតាមច្បាប់។ បន្ថែមពីលើការផ្ដន្ទាទោសលោក សេង ចាន់ទ្រី ថា ពលរដ្ឋចង់បានលុយដែលចាញ់បោកក្រុមហ៊ុននេះមកវិញ រួមផ្សំនឹងជំងឺចិត្តដែលក្រុមហ៊ុនបានឆបោកពលរដ្ឋ។
លោក សេង ចាន់ទ្រី៖ «លុយហ្នឹងគាត់ត្រូវសងគេ (ពលរដ្ឋ) វិញ គាត់លក់ផ្ទះលក់ឡានលក់ដីហ្នឹង សងគេទៅ អាហ្នឹងលុយរបស់គេ ក្រែងគាត់ថា ផលចំណេញដែលទទួលបាន ក្រែងទទួលបានពីក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី! ម៉េចក៏មកយកលុយប្រជាជន ជំនួសឲ្យផលចំណេញហ្នឹងទៅវិញវាអត់ត្រូវ។ យើងផ្សព្វផ្សាយគ្រប់ខេត្តក្រុង ហើយយើងផ្សព្វផ្សាយថាម៉េច ផលចំណេញពី អ៊ី.ប៊ី.ស៊ី ដល់ពេលប្រមូលលុយមក ប្រមូលពីអ្នកថ្មីឲ្យអ្នកចាស់ ខ្ញុំម៉េចសុខចិត្ត ខ្ញុំត្រូវតែទាមទារនូវលុយរបស់ខ្ញុំមកវិញ ហើយចង់ឲ្យផ្ដន្ទាទោសអ្នកធ្វើប្រតិបត្តិការខុសច្បាប់ទាំងអស់ហ្នឹង»។
មន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែឧសភា បានបង្ហាញអត្តសញ្ញាណមេបណ្ដាញ ៤រូប ដែលបោកប្រាស់លុយចំនួន ៦០លានដុល្លារ។ ពលរដ្ឋដែលចាញ់បោកបណ្ដាញនេះ គឺតាមរយៈចូលលុយទិញភាគហ៊ុនវិនិយោគដើម្បីយកប្រាក់ចំណេញ។ មេបណ្ដាញបោកប្រាស់លុយពលរដ្ឋទាំង ៤រូប មានជនជាតិម៉ាឡេស៊ី ១រូប និងខ្មែរ ៣រូប ពួកគេមានដីកាបង្គាប់អោយចូលខ្លួនពីតុលាការ។ ក្នុងនោះមានឈ្មោះ ឡុង សម្បត្តិ ហួត សុវណ្ណ ជីហ្គោ សាលី និងជនជាតិម៉ាឡេស៊ី ឈ្មោះ តាន់ សេជិន ហៅ ស៊ាន តាន់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល ធ្លាប់បញ្ជាក់ថា អ្នកចាញ់បោកបណ្ដាញប្រមូលចូលហ៊ុនទាំងនោះមានចាប់ពីពលរដ្ឋនៅតាមជនបទ តាមបណ្ដាខេត្ត រហូតដល់មន្ត្រីនៅក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន មានពលរដ្ឋ ៦ខេត្តបានដាក់ពាក្យបណ្ដឹងហើយ រីឯ ៥ខេត្តទៀតនឹងប្ដឹងបន្ត។ លោកក្រើនរំឭកដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការឆបោកបន្តទៀត តាមបែបប្រមូលលុយយកទៅរាប់ឲ្យអ្នកខ្ចីបង់រំលស់ប្រចាំថ្ងៃ និងការប្រមូលលុយយកទៅចូលហ៊ុនលើគម្រោងអភិវឌ្ឍន៍ដែលបានការប្រាក់ខ្ពស់។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ ស្នើឲ្យសមត្ថកិច្ច ពិសេសនិយតករហិរញ្ញវត្ថុនៃធនាគារជាតិកម្ពុជា ផ្សព្វផ្សាយឲ្យបានទូលាយពីរូបភាពផ្សេងៗនៃការឆបោកប្រាក់ពលរដ្ឋ។ លោក ង៉ែត ជូ យល់ថា ឈ្មួញទុច្ចរិតអាចនឹងប្រើរូបភាពច្រើនទៀត ក្នុងការឆបោកលុយពលរដ្ឋ៖ «ធ្វើឲ្យប្រជាពលរដ្ឋស្វែងយល់ពីស្ថាប័ន ហើយនិងសេវាផ្លូវការរបស់ហិរញ្ញវត្ថុហ្នឹងគឺជារឿងចាំបាច់»។
ពលរដ្ឋបញ្ជាក់ថា ថវិកាដែលចាញ់បោកក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី មួយភាគ បានមកពីទ្រព្យធនដែលប្រឹងសន្សំ និងមួយភាគធំ គឺជាលុយដែលពួកគេខ្ចីពីធនាគារក្នុងក្តីរំពឹងថា នឹងជួយឲ្យជីវភាពមានភាពប្រសើរឡើង។ តែផ្ទុយទៅវិញ ការវិនិយោគបែបនេះ បានធ្វើឲ្យពលរដ្ឋបាត់បង់ទ្រព្យសម្បត្តិដីធ្លី និងផ្ទះសម្បែង ព្រមទាំងជំពាក់បំណុលគេវ័ណ្ឌក៕