Quantcast
Viewing all articles
Browse latest Browse all 11174

គ្រួសារ​ថា​មន្ត្រី​អាដហុក​៣​រូប​កំពុង​ប្រឈម​នឹង​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស

Image may be NSFW.
Clik here to view.

អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៣​រូប ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ «ម​១» ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា កំពុង​ធ្លាប់​ខ្លួន​ឈឺ​ជា​ទម្ងន់។ ក្រុម​គ្រួសារ​លើក​ឡើង​ថា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោក នី សុខា កំពុង​មាន​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ប៉ុន្តែ​ថ្នាំ​ពេទ្យ​ព្យាបាល​មិន​ចំ​នឹង​ជំងឺ ហើយ​ការ​ព្យាបាល​មិន​បាន​ដិតដល់​ផង បណ្ដាល​ឲ្យ​ពួក​គេ​ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ផង​នោះ ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ប្រសិន​បើ​ចង់​បាន​ពេទ្យ​ពី​អង្គការ ឬ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ដិតដល់ លុះត្រា​មាន​ការ​សម្រេច​ពី​តុលាការ​ជា​មុន​សិន។

កូនស្រី​របស់​លោក យី សុខសាន្ត ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ​សព្វថ្ងៃ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ទាំង ៣​រូប​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ព្រៃ​ស មាន​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្រប​ពេល​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​ត្រូវ​បាន​មណ្ឌល​កែប្រែ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ព្យាបាល​នៅ​ក្នុង​មណ្ឌល​កែប្រែ​នេះ​ដូច​មុន​ទៀត​ហើយ​នោះ។

កញ្ញា សាន វឌ្ឍនៈវត្តី ជា​កូន​របស់​លោក យី សុខសាន្ត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ដោយសារ​បរិយាកាស​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត​ណែន និង​គួបផ្សំ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំងនោះ​មាន​ជំងឺ​ប្រចាំ​កាយ​ផង បាន​ជំរុញ​ឲ្យ​ជំងឺ​កាន់​តែ​វាយ​លុក​ខ្លាំង​ឡើងៗ។ ជាង​នេះ​ទៅ​ទៀត ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល​នោះ មិន​ត្រូវ​នឹង​ប្រភេទ​ជំងឺ ហើយ​កម្រិត​បច្ចេកទេស​នៃ​ការ​ព្យាបាល​មិន​ដិតដល់​ថែម​ទៀត ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​រួម​រឹត ហើយ​ធ្ងន់ធ្ងរ​ជាង​មុន។ កញ្ញា​បន្ត​ថា «គាត់​ផឹក​ថ្នាំ​ផ្ដេសផ្ដាស​ច្រើន​ពេក។ យើង​អត់​ដឹង​ថា​ត្រូវ​ទិញ​ថ្នាំ​អី​ឲ្យ​គាត់ ដោយសារ​អត់​ពេទ្យ។ យើង​ម្ដង​ទិញ​ថ្នាំ​នេះ ម្ដង​ទិញ​ថ្នាំ​នោះ សាក​មួយ​ណា​ត្រូវ​យក​មួយ​ហ្នឹង។ ដល់​ពេល​អ៊ីចឹង គាត់​មាន​បញ្ហា​ថ្លើម រួច​ពុល​ថ្នាំ។ ឥឡូវ​នេះ ៣​ខែ យើង​អត់​មាន​ពេទ្យ យើង​កាន់​តែ​ពិបាក»

សាច់ញាតិ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​៥ គឺ​មាន​លោក ណៃ វ៉ង់ដា លោក នី សុខា និង​លោក យី សុខសាន្ត ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ «ម​១» មាន​ស្ថានភាព​យ៉ាប់​ជាង​គេ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ទាំង ៣​នាក់​នេះ មាន​ជំងឺ​លើស​ឈាម ហើម​ដៃ​ហើម​ជើង និង​ស្ពឹក​ដៃ​ស្ពឹក​ជើង ជាដើម។

អង្គការ​លីកាដូ (LICADHO) ដែល​ធ្លាប់​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះ​ព្យាបាល​អ្នក​ជាប់​ឃុំ​នៅ​តាម​មណ្ឌល​កែប្រែ​ទាំង ១១​ទីតាំង​នៅ​ទូទាំង​ប្រទេស ត្អូញត្អែរ​ថា ឥឡូវ​នេះ​ការ​ព្យាបាល​នៅ​តាម​ពន្ធនាគារ គឺ​មិន​ងាយ​ស្រួល​ដូច​មុន​ទៀត​ឡើយ ដោយ​ត្រូវ​ក្រសួង​មហាផ្ទៃ បិទ​សិទ្ធិ​ក្នុង​ការ​ចេញ​ចូល​ទៅ​ផ្នែក​ខាង​ក្នុង​នៃ​មណ្ឌល​កែប្រែ។ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា ការ​បញ្ចប់​បេសកកម្ម​ផ្នែក​មនុស្សធម៌​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ គឺ​ក្រសួង​មហាផ្ទៃ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​ទេ។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ យល់​ឃើញ​ថា ខាង​ពន្ធនាគារ​មិន​អាច​ហាមឃាត់ ឬ​បិទ​សិទ្ធិ​សេរីភាព​ទណ្ឌិត ឬ​ជន​សង្ស័យ​ណា​មួយ​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ប្រសិន​បើ​មាន​សំណើ​ពី​សាច់ញាតិ​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ការ​ព្យាបាល។ លោក​បន្ត​ថា «គាត់​អាច​នឹង​ធ្វើ​ការ​អនុញ្ញាត ពីព្រោះ​នេះ​វា​ជា​ស្ថានភាព​សុខភាព ហើយ​វា​ជា​សេវា​ព្យាបាល​ផ្នែក​សុខភាព និង​ផ្នែក​មនុស្សធម៌។ វា​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង ឬ​ក៏​ជាមួយ​អី​ផ្សេង​ទៀត»

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ចំនួន ៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ គ..ប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ឱម យ៉ិនទៀង ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ក្រោម​ហេតុផល​សម​គំនិត និង​សូកប៉ាន់​សាក្សី​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ ជុំវិញ​ស្នេហា​ដែល​គេ​ចោទ​ថា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

មក​ដល់​ពេល​នេះ តួអង្គ​សំខាន់​នៅ​ក្នុង​អង្គ​ហេតុ​រឿង​ស្នេហា​ផ្លូវ​ភេទ​នេះ​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ត្រូវ​រួច​ខ្លួន ផ្ទុយ​ទៅ​វិញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤​រូប និង​លោក នី ចរិយា ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះ ត្រូវ​មាន​ទោស និង​បន្ត​ត្រូវ​ឃុំ​ខ្លួន​ដោយ​ត្រូវ​រង់ចាំ​ថ្ងៃ​ជំនុំ​ជម្រះ​អស់​ពេល​ជាច្រើន​មក​ហើយ។

លោក ឡោ ជុនធី ដែល​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់​ឃើញ​ថា នេះ​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​កូន​ក្ដី​របស់​ខ្លួន ដែល​ប្រែ​ក្លាយ​ពី​ជួយ​ក្នុង​ន័យ​មនុស្សធម៌ ទៅ​ជា​មាន​ទោស​វិញ។ លោក​បន្ត​ថា «រឿង​យុត្តិធម៌​កាន់​តែ​អត់​យុត្តិធម៌​ទៀត។ យើង​គិត​មើល គាត់​មាន​ទម្ងន់​ស្អី​ជួយ​គេ​សោះ ដល់​ហើយ​មាន​បញ្ហា​ការ​ចោទ​ប្រកាន់​ដូច្នេះ​ទៅ​ហើយ ឃុំ​ខ្លួន​រហូត​មក​ដល់​ពេល​នេះ។ ឃុំ ៦​ខែ​មិន​អស់​ចិត្ត ថែម​៦។ ៦​មិន​អស់​ចិត្ត ថែម ៦ ទៀត»

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ហៅ​ករណី​នេះ​ថា​គឺ​ជា​រឿង​នយោបាយ ហើយ​ការ​ប្រើប្រាស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង​នេះ មិន​មែន​បង្ហាញ​ពី​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ និង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ឡើយ។

យ៉ាង​នេះ​ក្ដី គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី​ពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ទាក់ទង​រឿង​នេះ កាល​ពី​ចុង​ខែ​តុលា អតីត​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ធ្លាប់​បាន​ដាក់​សំណើ​សុំ​ឲ្យ​ដោះលែង​លោក នី ចរិយា រួម​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​សំណើ​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ពិចារណា​ទេ។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឲ្យ​ដឹង​ថា តាម​ពិត​នៅ​ក្នុង​មណ្ឌល​កែប្រែ ក៏​មាន​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ​ដែរ ប៉ុន្តែ​បើ​គ្រួសារ​ត្រូវការ​ពេទ្យ​ពី​ខាង​ក្រៅ ឬ​ស្នើសុំ​សិទ្ធិ​ក្នុង​ការ​ព្យាបាល អាច​ធ្វើ​សំណើ​ទៅ​តុលាការ​បាន។ លោក​បន្ត​ថា «ឲ្យ​គាត់​ស្នើ​ទៅ​ព្រះរាជអាជ្ញា​ទៅ ហើយ​បើ​ព្រះរាជអាជ្ញា​អនុញ្ញាត អា​ហ្នឹង​យើង​ឲ្យ​គាត់​ទៅ ព្រោះ​រឿង​នេះ​វា​អាស្រ័យ​លើ​ព្រះរាជអាជ្ញា»

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​លោក នី ចរិយា ចំនួន ៦​ខែ​បន្ត​ទៀត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា។ ការ​សម្រេច​របស់​តុលាការ​នេះ នៅ​ពេល​ឃុំ​ខ្លួន​អស់​ពេល ៦​ខែ​រួច​មក​ហើយ ប៉ុន្តែ​អ្នក​ជាប់​ឃុំ​បាន​ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ​ថា តុលាការ​នៅ​បន្ត​រក​កំហុស​ទៀត។ នៅ​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន​នេះ ក្រុម​មេធាវី​បាន​ព្យាយាម​ដាក់​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ជា​ហូរហែ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ទាំង​កំពូល និង​ឧទ្ធរណ៍ ច្រាន​ចោល​ជា​បន្តបន្ទាប់​ក្រោម​ហេតុផល​ខុសៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles