Clik here to view.

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា រៀបចំវេទិកាមួយស្ដីពីតួនាទីរបស់យុវជនក្នុងដំណើរការរៀបចំថវិកាជាតិ ដើម្បីបង្កើនចំណេះដឹង និងជំរុញឲ្យយុវជនចូលរួមក្នុងដំណើរការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អ្នកជំនាញលើកឡើងដូចគ្នាថា ថវិកាជាតិជារឿងមួយដ៏សំខាន់ ដែលយុវជនមិនត្រូវមើលរំលង ដោយសារតែវាប៉ះពាល់ដោយផ្ទាល់ទៅលើការអភិវឌ្ឍជាតិ និងបំពេញសេចក្តីត្រូវការរបស់ពលរដ្ឋគ្រប់រូប។
ការអំពាវនាវរបស់អ្នកជំនាញនេះ ធ្វើឡើងបន្ទាប់ពីពួកគេសង្កេតឃើញថា មានយុវជនតិចតួចដែលចាប់អារម្មណ៍នឹងរឿងថវិកាជាតិ ដែលបម្រើដល់ការអភិវឌ្ឍជាតិលើគ្រប់វិស័យទាំងអស់។
ប្រធានកម្មវិធីអភិវឌ្ឍន៍នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ស៊ុន យូរ៉ា យល់ឃើញថា មានបញ្ហាពីរយ៉ាងដែលធ្វើឲ្យរឿងថវិកាជាតិនេះត្រូវបានមើលរំលងដោយយុវជន និងប្រជាពលរដ្ឋទូទៅ។ នោះ គឺដោយសារបញ្ហាថវិកាជាតិនេះជារឿងបច្ចេកទេសដែលមានលក្ខណៈស្មុគស្មាញ ហើយម្យ៉ាងទៀតគឺដោយសារខ្វះការផ្សព្វផ្សាយឲ្យបានទូលំទូលាយ៖ «»។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង វិញ កត់សម្គាល់ថា ការយល់ដឹង និងការចូលរួមរបស់ពលរដ្ឋ និងយុវជនក្នុងដំណើរការថវិកាជាតិនេះមានតិចតួចបំផុត ដោយសារតែកង្វះខាតព័ត៌មាន។ លោកថា ការបើកចំហព័ត៌មានដើម្បីឲ្យមានការចូលរួមពិគ្រោះយោបល់ពីពលរដ្ឋ ជុំវិញផែនការថវិកានេះ មានតែនៅថ្នាក់ឃុំ-សង្កាត់តែប៉ុណ្ណោះ ចំណែកនៅថ្នាក់ជាតិវិញ គឺមានភាពស្មុគស្មាញច្រើន ដែលពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិលផង មិនអាចចូលរួមបាន៖ «»។
ថវិកាជាតិ គឺជារបាយការណ៍ផែនការចំណូល និងចំណាយរបស់រដ្ឋាភិបាល ដើម្បីកំណត់ថា រដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់ចំណាយរបស់ខ្លួននៅក្នុងឆ្នាំនីមួយៗ។
ប្រាក់ចំណូលរបស់ជាតិមានពីរ គឺចំណូលក្នុងស្រុក និងចំណូលក្រៅស្រុក។ ចំណូលក្នុងស្រុកបានមកពីចំណូលពន្ធ និងចំណូលមិនមែនពន្ធ ចំណែកចំណូលក្រៅស្រុកវិញ បានមកពីកម្ចី និងជំនួយ។
ថវិកាជាតិត្រូវបានចំណាយទៅលើប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មុខទំនិញសម្រាប់ផ្តល់សេវាកម្មជូនពលរដ្ឋ ដូចជាថ្នាំពេទ្យ និងសៀវភៅ ការអន្តរាគមន៍ផ្នែកសង្គម ឬសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ គម្រោងអគ្គិសនី និងការទិញរថយន្តរដ្ឋ ជាដើម។
នៅកម្ពុជា ថវិកាជាតិត្រូវបានសំដៅទៅច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលត្រូវបានហៅជាទូទៅថា ច្បាប់ថវិកាជាតិ ហើយដែលត្រូវអនុម័តមួយឆ្នាំម្តង។
យុវជនមួយចំនួនបញ្ជាក់ថា ពួកគេមានការយល់ដឹងតិចតួចបំផុតពីបញ្ហាថវិកាជាតិនេះ។ អ្នកខ្លះបានដឹងពីរឿងនេះតាមរយៈមេរៀននៅសាលា ខ្លះតាមរយៈសិក្ខាសាលារបស់អង្គការសង្គមស៊ីវិល និងខ្លះទៀតតាមរយៈការសិក្សាស្រាវជ្រាវដោយខ្លួនឯង៖ «»។
យុវជនទាំងនេះសំណូមពរឲ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ផ្សព្វផ្សាយព័ត៌មានឲ្យបានច្រើនទាក់ទងនឹងដំណើរការថវិកាជាតិ ហើយនិងរបៀបដែលយុវជន និងពលរដ្ឋទូទៅអាចចូលរួមក្នុងដំណើរការនេះបាន។ ពួកគេក៏សំណូមពរដល់យុវជនផ្សេងទៀតផងដែរ ឲ្យងាកមកចាប់អារម្មណ៍បញ្ហាថវិកាជាតិដែលជារឿងដ៏សំខាន់ប៉ះពាល់ដល់អនាគត និងការរីកចម្រើននៃប្រទេសជាតិ។
កាលពីចុងឆ្នាំ២០១៦ កន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ដែលមានទំហំទឹកប្រាក់ជិត ៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះមានការកើនឡើងប្រមាណ ១ពាន់លានដុល្លារ បើធៀបទៅនឹងថវិកាជាតិសម្រាប់ឆ្នាំ២០១៦ ដែលមានត្រឹមជិត ៤ពាន់លានដុល្លារអាមេរិក។
ក្នុងចំនួនថវិកាជាតិជិត ៥ពាន់លានដុល្លារនេះ រាជរដ្ឋាភិបាលបានបង្កើនទៅក្នុងវិស័យការពារជាតិច្រើន និងបានត្រៀមទុកដោយឡែកចំនួនជាង ៨៥០លានដុល្លារសម្រាប់ចំណាយផ្សេងៗគ្មានមុខសញ្ញាច្បាស់លាស់ ដែលធ្វើឲ្យសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងបារម្ភថា កញ្ចប់ថវិកាបម្រុងនេះអាចនឹងធ្លាក់ទៅក្នុងអំពើពុករលួយ៕