Clik here to view.

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចដកតួនាទីកូនប្រុសមន្ត្រីជាន់ខ្ពស់មួយរូប ដែលបាញ់គំរាមពលរដ្ឋតាមដងផ្លូវ ក្រោយពីមន្ត្រីរូបនោះ បើករថយន្តកៀររថយន្តមួយទៀតដែលធ្វើដំណើរស្របគ្នា តាមដងផ្លូវជាតិលេខ១ និងព្យាយាមបើកគេច។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិស្រង់សម្ដីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ នៅថ្ងៃទី១៤ មិថុនា ថា ការដាក់ទោសទណ្ឌនាយរងការិយាល័យនគរបាលចរាចរណ៍ខេត្តកណ្ដាល លោក លឹម ចំណាន ដែលជាកូនប្រុសរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម គឺជាការអនុវត្តតាមវិន័យរបស់នគរបាល ទោះបីជាគ្មានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងគ្មានការយោគយល់ចំពោះកូនអ្នកធំនោះឡើយ។
លោក គៀត ច័ន្ទថារិទ្ធ អះអាងថា តាមសំណើរបស់អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចពិន័យមន្ត្រីរូបនោះ ដោយហាមមិនឲ្យប្រព្រឹត្តិអំពើដូចនេះម្ដងទៀត បន្ថយឋានន្តរសក្ដិពីវរសេនីយ៍ទោ មកត្រឹមវរសេនីយ៍ត្រី និងដកតួនាទីពីនាយរងការិយាល័យ មកជាមន្ត្រីប៉ូលិសធម្មតា។
លោក លឹម ចំណាន ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យតាមចាប់ខ្លួនភ្លាមៗ បន្ទាប់ពីវីដេអូខ្លីបដែលម្ចាស់រថយន្តរងគ្រោះបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីល្ងាចថ្ងៃទី១០ មិថុនា។ វីដេអូខ្លឹបនោះបង្ហាញពីសកម្មភាពរបស់លោក លឹម ចំណាន បើករថយន្តរបស់ខ្លួនប៉ះរថយន្តជនរងគ្រោះ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅស្របគ្នា។ បន្ទាប់មកជនរងគ្រោះព្យាយាមបើករថយន្តតាមពីក្រោយ ស្រាប់តែលោក លឹម ចំណាន ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងបើកគេចខ្លួន។
អាស៊ីសេរីមិនអាចទាក់ទងលោក លឹម ចំណាន បានទេនៅថ្ងៃទី១៤ មិថុនា ជុំវិញករណីនេះ។ ប៉ុន្តែឪពុករបស់លោកដែលរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៉ុល លឹម ប្រាប់កាសែត ឌឹ ខេមបូឌាដេលី (The Cambodia Daily) កាលពីថ្ងៃទី១៣ មិថុនា ថា ការដែលកូនប្រុសរបស់លោកបាញ់កាំភ្លើងនៅថ្ងៃកើតហេតុនោះ ដើម្បីជាការគំរាមម្ចាស់រថយន្តដែលបើកដេញកូនប្រុសរបស់លោក និងជាការការពារខ្លួន។
តាមច្បាប់ មន្ត្រីនគរបាលមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់អាវុធគំរាមប្រជាពលរដ្ឋ ដោយគ្មានបទបញ្ជានោះឡើយ លើកលែងតែករណីការពារខ្លួនស្របច្បាប់ ឬការពារប្រជាពលរដ្ឋ ឬទ្រព្យសម្បត្តិ៕