Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បោះឆ្នោត​ឃុំ​ក្រែក​ខេត្ត​ត្បូងឃ្មុំ​នៅ​តែ​អះអាង​ថា​ខ្លួន​ត្រូវ​បាន​គេ​កាត់​ប្រាក់​ឧបត្ថម្ភ

Image may be NSFW.
Clik here to view.

មន្ត្រី​បោះឆ្នោត​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ម្នាក់​ថ្លែង​សុំ​លាក់​អត្តសញ្ញាណ ថា លោក​ពិត​ជា​ត្រូវ​បាន​គេ​កាត់​ប្រាក់​ឧបត្ថម្ភ​របស់​ខ្លួន​មែន ទោះបីជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បដិសេធ​ព័ត៌មាន​នេះ​ក្ដី។

មន្ត្រី​រូប​នេះ​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី១៣ មិថុនា ថា គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត (គឃ.សប) បាន​ហៅ​ទូរស័ព្ទ​មក​ប្រធាន​ការិយាល័យ​ដែល​លោក​បំពេញ​ការងារ ឲ្យ​ទៅ​យក​ប្រាក់​ដែល​គេ​កាត់​នោះ​មក​វិញ កាល​ពី​ថ្ងៃ​ទី១២ មិថុនា ក្រោយ​ពី​​អាស៊ីសេរី​ផ្សាយ​ព័ត៌មាន​ពី​ការ​កាត់​ប្រាក់​ឧបត្ថម្ភនេះ កាល​ពី​ថ្ងៃ​ទី១១ មិថុនា។

មន្ត្រី​ដដែល​អះអាង​ថា ទោះ​បី​ជា​ខាង​គ.ឃ.ស.ប ហៅ​លោក​ទៅ​យក​ប្រាក់​នោះ​វិញ​ក្ដី តែ​​រូប​គេ​ថា​នឹង​មិន​ទៅ​យក​ឡើយ ដោយ​បារម្ភ​ថា គេ​ចំណាំ​មុខ​ជាដើម។

កាល​ពី​ថ្ងៃ​ទី១២ មិថុនា គ.ជ.ប ចេញ​សេចក្ដី​បំភ្លឺ​ថា គ.ជ.ប បាន​ស្រាវជ្រាវ​បន្ទាន់​ករណី​ចោទ​ប្រកាន់​នេះ និង​រក​មិន​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ហើយ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតខេត្ត​ត្បូងឃ្មុំ (គធ.ខប) លោក សុខ ឈិន អះអាង​ថា បើ​មាន​ការ​កាត់​ប្រាក់​ឧបត្ថម្ភ​មែន លោក​នឹង​ដាក់​វិន័យ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គ.ជ.ប។

ទោះជាយ៉ាងណាក៏ដោយ ប្រធាន​គឃ.សប ឃុំ​ក្រែក ខេត្ត​ត្បូងឃ្មុំ លោក ឈឹម ធី ឲ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី១១ មិថុនា ថា ក្រុម​ការងារ​លោក​មិន​មែន​ជា​អ្នក​កាត់​ប្រាក់​បេសកកម្ម​របស់​មន្ត្រី​បោះឆ្នោត​ទេ ហើយ​លោក​ថា ប្រធាន​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ជា​អ្នក​កាត់​ប្រាក់​ឧបត្ថម្ភ​នេះ។

ប្រភព​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី១១ មិថុនា ថា មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​គេ​កាត់​ប្រាក់​បេសកកម្ម ក្នុង​នោះ​ប្រធាន​ការិយាល័យ​ម្នាក់​ចំនួន ១៥.០០០​រៀល និង​សមាជិក​មន្ត្រី​ផ្សេង​ទៀត​ចាប់​ពី​អនុប្រធាន ដល់​សមាជិក​ទី​៣ ក្នុង​ម្នាក់ៗ​ចំនួន ១២.០០០​រៀល​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles