Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ជំនាញ​ពិនិត្យ​រក​ផលិតផល​ប្រេង​ខ្យង​ពីរ​ប្រភេទ​មាន​ផ្ទុក​សារធាតុ​គីមី​នៅ​ខេត្ត​ព្រះសីហនុ

Image may be NSFW.
Clik here to view.

មន្ត្រី​ស្ថាប័ន​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​ប្រចាំ​ខេត្ត​ព្រះសីហនុ ចុះ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ចំនួន​ពីរ​ប្រភេទ​មាន​ម៉ាក ហ្គូលឌិន អយស្ទ័រ ស៊ស (Golden Oyster Sauce) និង អយស្ទ័រ ស៊ស (Oyster Sauce) នាំ​ចូល​ពី​ហុងកុង នៅ​តាម​ទីផ្សារ​នានា​ព្រោះ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ដឹកនាំ​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​តាម​ទីផ្សារ​ជិត ១០​ទីតាំង​នា​មូលដ្ឋាន​នេះ ពិសេស​ផ្សារ​ទំនើប​ដែល​មាន​ជនជាតិ​ចិន ជា​ម្ចាស់​អាជីវកម្ម ដើម្បី​ស្រាវជ្រាវ​រក​ផលិតផល​គ្រឿងផ្សំ​រស ដែល​មាន​ផ្ទុក​សារធាតុ​គីមី នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ទទួល​ទាន។

លោក​ថា ពេល​ចុះ​ត្រួត​ពិនិត្យ​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ទាំង​ពីរ​ប្រភេទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា មន្ត្រី​ជំនាញ​រក​មិន​ឃើញ​ប្រេង​ខ្យង​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ទេ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អប់រំ​ដល់​អាជីវករ ពិសេស​ម្ចាស់​ផ្សារ​ទំនើប មិន​ឲ្យ​នាំ​ចូល ឬ​លក់​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ប្រភេទ ហ្គូលឌិន អយស្ទ័រ ស៊ស និង អយស្ទ័រ ស៊ស នេះ​ជា​ដាច់ខាត។

លោក ជា ប៉ិច ថា​ផលិតផល​ប្រេង​ខ្យង​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​ស្ថាប័ន​ជំនាញ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​ហុងកុង ពិសោធ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​មិន​ឲ្យ​ប្រើ​ទៅ​លើ​ម្ហូប​អាហារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន ឬ​អាច​ឈាន​ដល់​បាត់បង់​ជីវិត៖ «ជា​ផលិតផល​មក​ពី​ហុងកុង ចំនួន​ពីរ​ប្រភេទ គឺ​មាន​ម៉ាក ហ្គូលឌិន អយស្ទ័រ ស៊ស (Golden Oyster Sauce) និង អយស្ទ័រ ស៊ស (Oyster Sauce) មាន​ប្រភព​មក​ពី​ហុងកុង ដែល​ផលិតផល​ទាំង​ពីរ​មុខ​នេះ​តាម​រយៈ​សមត្ថកិច្ច​នៃ​សុវត្ថិភាព​ម្ហូប​អាហារ​នៃ​ទីក្រុង​ហុងកុង ក៏​បាន​ផ្សព្វផ្សាយ និង​ប្រមូល​ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​នៅ​លើ​ទីផ្សារ ដោយ​មូលហេតុ​ថា​មាន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ទៅ​លើ​ចំណី​អាហារ​ដែល​មាន​ឈ្មោះ​ថា ប្រូពីល ប៉ារ៉ា អ៊ីដ្រូស៊ីបេនហ្ស៊ូអាត (Propyl para-hydroxybenzoate)»

អគ្គនាយកដ្ឋាន​ត្រួត​ពិនិត្យ​ទំនិញ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ថ្មីៗ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ជូន​មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ ឲ្យ​ចុះ​ទប់ស្កាត់​ការ​នាំ​ចូល និង​ដាក់​តាំង​លក់​ទំនិញ​នៅ​លើ​ទីផ្សារ​នានា ដោយ​តម្រូវ​ឲ្យ​ដកហូត​ផលិតផល​ម្ហូប​អាហារ​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ប្រភេទ ហ្គូលឌិន អយស្ទ័រ ស៊ស និង អយស្ទ័រ ស៊ស ដែល​មាន​សារធាតុ​គីមី។

ប្រធាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក ម៉ក ពេជ្ជរិទ្ធ បាន​ឲ្យ​ដឹង​ក្នុង​លិខិត​ជូន​ដំណឹង​ថា សារធាតុ​គីមី​នោះ​មាន​ឈ្មោះ​បច្ចេកទេស​ថា ប្រូពីល ប៉ារ៉ា អ៊ីដ្រូស៊ីបេនហ្ស៊ូអាត (Propyl para-hydroxybenzoate) គឺ​ជា​សារធាតុ​គីមី​បន្ថែម​សម្រាប់​ដាក់​ក្នុង​ផលិតផល​ម្ហូប​អាហារ​ដែល​មាន​មុខងារ​ជួយ​ថែរក្សា​ផលិតផល​ម្ហូប​អាហារ​នានា ឲ្យ​មាន​អាយុកាល​វែង (Preservative) ដែល​គេ​ហាម​ប្រើ​នៅ​ក្នុង​ផលិតផល​ម្ហូប​អាហារ។

អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ចុះ​អនុវត្ត​វិធានការ​រាំង​ខ្ទប់​ការ​ដាក់​តាំង​លក់​នៅ​តាម​ទីផ្សារ និង​ត្រូវ​ហាម​មិន​ឲ្យ​នាំ​ចូល​ផលិតផល​គ្រឿងផ្សំ​ប្រេង​ខ្យង​មាន​ផ្ទុក​សារធាតុ​ហាមឃាត់​នេះ​ជា​បន្ទាន់។ ជាង​នេះ ក៏​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ​តូច ឬ​ផ្សារ​ទំនើប​នានា ហើយ​ត្រូវ​រឹបអូស​ពី​ទីផ្សារ​ទាំងអស់ បើ​មាន​ដាក់​តាំង​លក់។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ ស្នើ​ឲ្យ​ផ្តល់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​លេខ​០៩៨ ៥៥៥ ៦៦៦ លេខ​០១៧ ៤៤៣ ៧៣៧ និង​លេខ​០១២ ៩៤៦ ០៤៦ បើ​ឃើញ​ផលិតផល​គ្រឿងផ្សំ​រស ឬ​ប្រេង​ខ្យង​ម៉ាក ហ្គូលឌិន អយស្ទ័រ ស៊ស និង អយស្ទ័រ ស៊ស មាន​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ណា​មួយ ដើម្បី​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles