Clik here to view.

ស្វាមីរបស់ស្ត្រីដែលស្លាប់ពេលសម្រាលកូនទី៣ នៅមន្ទីរពេទ្យស្រឡាញ់ទារក ឬហៅថាមន្ទីរពេទ្យជប៉ុន បានប្រគល់ឯកសារពាក់ព័ន្ធនឹងការស្លាប់របស់ប្រពន្ធលោក ទៅឲ្យមេធាវីរួចរាល់ហើយ ដើម្បីត្រៀមដាក់ពាក្យប្ដឹងទៅតុលាការ។ ស្វាមីរបស់សព បញ្ជាក់ថា មកដល់ពេលនេះមានតែតុលាការទេជាក្ដីសង្ឃឹមចុងក្រោយ ក្នុងការរកយុត្តិធម៌ឲ្យប្រពន្ធ និងកូនស្រីដែលស្លាប់ក្នុងពេលតែមួយ ខណៈដែលគ្រូពេទ្យនៅមន្ទីរពេទ្យជប៉ុន មិនមានភាពទទួលខុសត្រូវចំពោះការស្លាប់នេះ។
ស្វាមីនៃសពកម្មការិនី ឈា សារិន ហៅស្រីមុំ ដែលស្លាប់ជាមួយកូនស្រីនៅក្នុងផ្ទៃពេលសម្រាល គឺលោក ជូ ភារ៉ា ប្រាប់ថា មកដល់ពេលនេះ ក្រុមគ្រួសារលោកមិនទាន់ទទួលបានការបកស្រាយរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យជប៉ុន ឬតំណាងរបស់ក្រសួងសុខាភិបាល នៅឡើយនោះទេ។ ដូច្នេះលោកសម្រេចចិត្តពឹងពាក់មេធាវី ដើម្បីរៀបចំពាក្យបណ្ដឹងទៅតុលាការ ពាក់ព័ន្ធករណីស្លាប់ប្រពន្ធ និងកូនស្រីជាកូនទី៣ របស់លោកក្នុងពេលសម្រាលកូន៖ «ខ្ញុំសម្រេចចិត្តថា ដាក់ពាក្យបណ្ដឹង។ មុនដំបូង ខ្ញុំថាក្រែងលោក្រសួងសុខាភិបាល ឬខាងមន្ទីរពេទ្យជប៉ុន ហ្នឹង គាត់មានដំណោះស្រាយសម្រាប់ប្រពន្ធខ្ញុំ រកយុត្តិធម៌ ពន្យល់ចំណុចកន្លែងនេះៗ គឺគាត់អត់មានទេបង»។
កម្មការិនីឈ្មោះ ឈា សារិន បានស្លាប់កាលពីព្រលប់ថ្ងៃទី២៨ ឧសភា គឺស្លាប់នៅលើគ្រែសម្រាលកូន។ ស្វាមីរបស់សព បានចោទថា គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យជប៉ុន បានសម្លាប់ប្រពន្ធរបស់គាត់ រួមផ្សំនឹងក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យនោះ បានធ្វេសប្រហែសបណ្ដោយឲ្យតែក្រុមគ្រូពេទ្យក្មេងៗនៅប្រចាំការបង្កើតកូនរបស់លោក ដោយគ្មានវេជ្ជបណ្ឌិតនៅម្នាក់សោះ។ លោក ជូ ភារ៉ា អះអាងថា លោកគឺជាអ្នកឃើញផ្ទាល់ភ្នែកថា មានស្ត្រីម្នាក់បានលូកដៃបង្កើតកូនលោក ក្រោយដកដៃមកវិញ ប្រពន្ធរបស់លោកធ្លាក់ឈាមបណ្ដើរ ស្រែកប្រាប់លោកជាប្ដីបណ្ដើរថា វិលមុខណាស់ ហើយទឹកមុខប្រពន្ធប្រែជាស្លេក និងបានដកចង្កាមាន់ប្រកាច់ស្លាប់ភ្លាម មិនដល់ ៥នាទីផង។
នៅពេលក្រុមគ្រូពេទ្យផ្អើលឆោឡោ លោក ជូ ភារ៉ា រៀបរាប់ថា ស្ត្រីជាគ្រូពេទ្យដែលប្រើពាក្យអសុរោះពេលបង្កើតកូនឲ្យប្រពន្ធលោក បានរត់គេចនៅពេលឆោឡោនោះ ខណៈលោកមិនអាចធ្វើអ្វីបានក្រៅពីឱបសពប្រពន្ធ ហើយស្រែកយំនោះទេ។ ក្រុមគ្រូពេទ្យក្មេងៗបានរុញសពប្រពន្ធលោកទៅបន្ទប់សង្គ្រោះបន្ទាន់ ហើយប្រហែលកន្លះម៉ោងក្រោយមក ទើបមានវេជ្ជបណ្ឌិតមកពិនិត្យសពប្រពន្ធលោក និងបានប្រាប់លោកថា ប្រពន្ធ និងកូនស្លាប់ហើយ រួចវេជ្ជបណ្ឌិតម្នាក់នោះក៏បានដើរចេញទៅ។ លោកថា លោកទន់ដៃទន់ជើង តក់ស្លុក មិនអាចធ្វើអ្វីបាន ក្រៅពីយំឱបសពប្រពន្ធស្លាប់ទាំងពោះធំកាន់តែខ្លាំងទៅៗ។ ក្រោយមក ខាងមន្ទីរពេទ្យគ្រាន់ប្រាប់លោកថា ប្រពន្ធលោកមានជំងឺម្យ៉ាងដែលមិនអាចសង្គ្រោះបាន ទោះជានៅអាមេរិក ក៏មិនអាចសង្គ្រោះបានដែរ។ លោក ជូ ភារ៉ា ថាអ្នកដែលអាណិតលោកនៅសហរដ្ឋអាមេរិក ក្រោយបានដឹងហេតុការណ៍នេះ បានទូរស័ព្ទមកប្រាប់លោកថា នៅអាមេរិក ទោះជាសត្វ (ឆ្កែ) ដែលគ្រូពេទ្យព្យាបាលមិនជា ក៏ទទួលបានហេតុផលនៃការស្លាប់សមស្របជាងនេះដែរ។
មុនត្រូវបានក្រុមគ្រួសារបញ្ជូនកម្មការិនី ឈា សារិន ឲ្យទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នោះ ស្វាមីសពបញ្ជាក់ថា កម្មការិនីធ្លាប់បានពិនិត្យផ្ទៃពោះ និងសុខភាពនៅមន្ទីរពេទ្យឯកជនម្ដុំបែកចាន និងពេលដែលបញ្ជូនដល់មន្ទីរពេទ្យជប៉ុន មុនថ្ងៃសម្រាលមួយថ្ងៃ គឺនៅថ្ងៃទី២៧ ឧសភា គ្រូពេទ្យនៅមន្ទីរពេទ្យជប៉ុន បានប្រាប់លោកថា ប្រពន្ធ និងកូនមានសុខភាពល្អ អាចសម្រាលបានដោយគ្មានគ្រោះថ្នាក់ ទើបលោក និងគ្រួសារពិគ្រោះគ្នាទុកប្រពន្ធលោកឲ្យនៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន។ លោក ជូ ភារ៉ា បង្ហើបថា ឯកសារទាំងនេះក៏ត្រូវបានប្រគល់ជូនមេធាវីលោក ក្នុងការតតាំងក្ដីនៅតុលាការដែរ។
អាស៊ីសេរី នៅតែមិនអាចទាក់ទងប្រធានមន្ទីរពេទ្យជប៉ុន អ្នកស្រី ទុង រដ្ឋាវី បាននៅឡើយទេនៅថ្ងៃទី១១ មិថុនា។ រីឯអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ក៏មិនបានលើកទូរស័ព្ទដែរ។ ប៉ុន្តែអនុប្រធានមន្ទីរពេទ្យជប៉ុន ម្នាក់សុំមិនបញ្ចេញឈ្មោះ ធ្លាប់បដិសេធរាល់ការចោទប្រកាន់របស់គ្រួសារនៃសព។ តែលោកបញ្ជាក់ឲ្យអាស៊ីសេរីដឹងថា ក្រសួងសុខាភិបាល បានបង្កើតគណៈកម្មការស្រាវជ្រាវលើករណីនេះហើយ។
ស្វាមីរបស់សព ប្រាប់ថា មកដល់ថ្ងៃទី១១ មិថុនា នៅមិនទាន់បានឃើញលទ្ធផលនៃការស្រាវជ្រាវរបស់ក្រសួងសុខាភិបាល នោះនៅឡើយទេ។ គ្រួសារសពសង្ឃឹមថា តុលាការជាក្ដីសង្ឃឹមចុងក្រោយក្នុងការរកយុត្តិធម៌ឲ្យក្រុមគ្រួសាររបស់លោក ព្រោះទាំងខាងមន្ទីរពេទ្យជប៉ុន និងក្រសួងសុខាភិបាល នៅមិនទាន់រកបានហេតុផលសមស្របជាងមានជំងឺម្យ៉ាង (បែកទឹកភ្លោះ) ដើម្បីប្រាប់គ្រួសារសព៖ «កូនគេយំអេះង៉ាចឹងទៅ គេយកទៅលាងទឹក សុទ្ធតែឈាមមានទងសុក ស្អីជាប់ផ្ចិតវាហ្នឹង គេទៅលាងទឹក។ ដល់ពេលខ្ញុំមើលប្រពន្ធខ្ញុំទៅ ប្រពន្ធខ្ញុំកើតកូនឥឡូវហើយ ខ្ញុំឃើញគេចឹងបង! កូនគេកើតស្រួលចឹង ដល់ពេលគ្រាន់តែគេយកកូន (ទារក) ហ្នឹងទៅលាងទឹក ប្រហែលអត់បាន ៥នាទីផង ដល់មោឯង... ខ្ញុំថាអីក៏ខុសគេខុសឯងម៉េះ! គេកើតកូនដោយរលូន ចំណែកប្រពន្ធខ្ញុំទទួលបានស្លាប់ទាំងម្ដាយទាំងកូននៅលើកម្រាលហ្នឹង។ ខ្ញុំអាណោចអាធ័មណាស់ ពោះឡើងស្ពីងហ្នឹងពោះ និយាយទៅ មើលឃើញសឹងថាអ្វីក៏និយាយអត់ចេញដែរបង! ខ្ញុំតក់ស្លុត ខ្ញុំស្រវាលូកខុសៗដល់ចឹងពេក»។
នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព យល់ថា មន្ទីរពេទ្យជប៉ុន ជាមន្ទីរពេទ្យលំដាប់នៅកម្ពុជា ដូច្នេះថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យដែលចូលរួមបង្កើតកូនឲ្យកម្មការិនី ឈា សារិន គួរតែចេញមុខបកស្រាយ និងព្យាយាមពន្យល់ពីបច្ចេកទេសដល់ក្រុមគ្រួសារសព បើទោះជាគ្រូពេទ្យអាចយល់ថា ចំណេះដឹងរបស់ពលរដ្ឋមិនសូវយល់ពីបច្ចេកទេសសុខាភិបាលក៏ដោយ។ អ្នកស្រី រស់ សុភាព បញ្ជាក់ថា ទាំងអ្នកស្រី និងពលរដ្ឋ សុទ្ធតែមើលឃើញថា អ្នកក្រីក្រមិនសូវទទួលបានការយកចិត្តទុកដាក់ដិតដល់ពីមន្ទីរពេទ្យរដ្ឋនោះទេ ហើយចំណុចខ្វះខាតខ្លាំង គឺគ្រូពេទ្យខ្លះច្រើនតែនាំគ្នាបិទបាំងបន្ថែមទៀត ទើបធ្វើឲ្យករណីស្លាប់អ្នកជំងឺនៅតែកើតមាន៖ «ជាទូទៅ រឿងបែបហ្នឹងកើតឡើងតែងតែស្ងាត់ តែងតែបិទបាំងៗ អាហ្នឹងហើយដែលធ្វើឲ្យករណីហ្នឹងវាកើតឡើងនៅបន្តកើតឡើងតទៅទៀត។ នេះគឺជាចំណុចខ្វះខាតខ្លាំងសម្រាប់ប្រទេសកម្ពុជា យើង អំពីសេវាសុខភាពហ្នឹង»។
ស្វាមីសពកម្មការិនី មើលឃើញថា មូលហេតុដែលគ្មានវេជ្ជបណ្ឌិតយកចិត្តទុកដាក់ការសម្រាលកូន ដោយសារប្រពន្ធលោកជាកម្មការិនីរោងចក្រមានប័ណ្ណសមាជិកបេឡារបបសន្តិសុខសង្គម (ប.ស.ស) ដែលប័ណ្ណនេះអាចបន្ធូរបន្ថយលុយចំណាយបង់ថ្លៃសេវាពេទ្យខ្លះ ព្រោះពេលដែលបង្ហាញប័ណ្ណសមាជិក ប.ស.ស នេះ មានគ្រូពេទ្យស្រែកថា ម៉ូយមកទៀតហើយ។
លោក ជូ ភារ៉ា ប្រាប់ថា លោកតែលតោល និងឯកាណាស់។ លោកគ្មានកម្លាំងធ្វើការអ្វីទេ អារម្មណ៍របស់លោកដក់ជាប់នៅពេលប្រពន្ធលោកដកចង្កាមាន់ប្រកាច់ស្លាប់ ស្រែកប្រាប់ប្ដីថា មិនរស់ទេ។ លោកតែងបង្ហូរទឹកភ្នែកជំនួសចម្លើយ នៅពេលកូនប្រុសតូចៗលោក ២នាក់ សួរថា ម្ដាយនៅទីណា ឬនៅពេលកូនប្រុសលោកនៅសុខៗ ប្រាប់លោកវិញថា ម៉ាក់ស្លាប់ហើយប៉ា៖ «វាថាម៉ាក់វាបាត់ហើយមកវិញចឹងអ្ហា! អត់ដឹងខ្យល់ បើដូចខ្ញុំអីដឹង។ យើងចេះតែរស់បណ្ដើរៗអត់មានសេចក្តីសុខអ្ហាបង យើងចេះតែរស់បណ្ដើរៗ រស់ដោយអត់មានសេចក្តីសុខអ្ហាបង រាល់ថ្ងៃអត់មានអាការទំនួលខុសត្រូវ គឺសូម្បីតែការងារអី ដូចទន់ដៃទន់ជើងធ្វើអីអត់កើតម៉ងអ្ហា! ដូចជាងងឹតមុខងងឹតមាត់ អត់មានថាកម្លាំងកំហែងអីទេ នឹកឃើញតែអាណិតគាត់ គាត់ស្រែកបងអើយជួយ គ្នាចង់រស់ស្រែកឲ្យប្ដីជួយ ឲ្យខ្ញុំជួយអាម៉េចធ្វើម៉េច បើខ្ញុំមិនជំនាញពេទ្យ ខ្ញុំប្រគល់តួនាទីឲ្យគាត់ ទុកចិត្តលើគាត់»៕