Clik here to view.

អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ជាង ១០០នាក់ នាំគ្នាលើកបដាតវ៉ានៅព្រឹកថ្ងៃទី១១ មិថុនា ដើម្បីរកអន្តរាគមន៍ពីអាជ្ញាធរឲ្យបញ្ឈប់ការបូមខ្សាច់ពីបាតទន្លេក្នុងតំបន់ពួកគាត់រស់នៅ ដោយសារតែពួកគាត់ព្រួយបារម្ភអំពីការបាក់ច្រាំងទន្លេ។
អ្នកភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ទាំងជាង ១០០នាក់ ដែលរស់នៅជាប់មាត់ទន្លេបាសាក់ត្រើយខាងលិច តាមបណ្ដោយផ្លូវលេខ២១ (A) នាំគ្នាលើកបដាតវ៉ា ព្រោះតែពួកគាត់បារម្ភ និងខ្លាចបាក់ដីច្រាំង និងផ្ទះចូលទៅក្នុងទន្លេជាបន្តទៀត។
លោកស្រី លាង ស៊ុនហេង អ្នកភូមិកោះគ មានប្រសាសន៍នៅឯកន្លែងច្រាំងទន្លេដែលបានបាក់កាលពីពេលថ្មីៗថា ការតវ៉ានេះព្រោះចង់បានអន្តរាគមន៍ពីអាជ្ញាធរ ឲ្យបញ្ឈប់ការបូមខ្សាច់ពីបាតទន្លេក្នុងតំបន់ពួកគាត់តទៅទៀត៖ «បញ្ឈប់ពីថ្ងៃហ្នឹងទៅ ឈប់បូមខ្សាច់ ព្រោះបូមខ្សាច់ហ្នឹងប៉ះពារដល់ប្រជាពលរដ្ឋ បាក់ដីបាក់ផ្ទះច្រើនណាស់ តាមដងទន្លេអត់មានដីនៅទេ។ ឥឡូវចាប់ស្រុតអស់ច្រើនណាស់»។
បដាដែលពួកគាត់លើកនៅទីនោះសរសេរថា "បូមខ្សាច់ បំផ្លាញសហគមន៍ និងទន្លេពួកខ្ញុំ" "យើងមិនចង់បានការបូមខ្សាច់ទេ" ហើយថា "ការបូមខ្សាច់ រំខានមកដល់ពួកខ្ញុំ"។
អ្នកមានផ្ទះនៅច្រាំងទន្លេ គឺលោក វ៉ាន់ ភា និងលោក លី ហួត មានប្រសាសន៍ថា ពួកលោកដែលរស់នៅទីនោះ រងការលំបាក និងការរំខានជាច្រើនពីម៉ាស៊ីនបូមខ្សាច់៖ «»។
យុវជនមាតាធម្មជាតិ គឺលោក ថុន រដ្ឋា បដិសេធការសង្ស័យថា លោកជាអ្នកដឹកនាំការតវ៉ានេះ ហើយថាលោកជាយុវជនត្រូវតែឈឺឆ្អាលចំពោះការបារម្ភពីការបូមខ្សាច់នេះ៖ «»។
អ្នកភូមិវ័យ ៧៨ឆ្នាំ លោក ស្រ៊ុន ប្រៀបធៀបថា តាំងពីដូនតាលោកមក តំបន់កោះគ មិនសូវបាក់ច្រាំងទេ ហើយបាក់ខ្លាំងក្រោយពេលមានការបូមខ្សាច់៖ «តាំងពីសម័យ សីហនុ មក វាមិនដែលបាក់ថ្នល់ជាតិនេះទេ។ វាបាក់ដែរ បាក់ជាយៗបន្តិចៗ ហើយវាដុះវិញ ដល់ឥឡូវវាខ្លាំងរូងប្រេះរហូតជិត (ឃុំ) សិត្បូ ឯណោះ ប្រេះដីហែកទៅទន្លេតែម្ដង ហើយក្នុងនេះ កណ្ដាលថ្នល់នេះ ស្វានតែ ១៥ម៉ែត្រ គឺសុទ្ធតែខ្សាច់ហើយ»។
អ្នកដាំបន្លែនៅភូមិកោះគ លោក ហែម ហឿន បារម្ភពីការបាក់ផ្ទះចូលទន្លេ បន្ទាប់ពីមានផ្ទះចំនួន ៩ខ្នង បាក់កាលពីពេលថ្មីៗនេះ៖ «»។
នៅថ្ងៃដែលអ្នកភូមិតវ៉ា មានសាឡង់បូមខ្សាច់ជាង ១០គ្រឿងនៅចតទីនោះ ប៉ុន្តែមិនបានបូមទេ ដោយកម្មករប្រាប់ថា ម៉ាស៊ីនខូច។ ទាំងអ្នកភូមិ និងកម្មករ មិនដឹងថាក្រុមហ៊ុនមានឈ្មោះអ្វីទេ។
ឆ្លើយតបការតវ៉ា និងរកអន្តរាគមន៍របស់អ្នកភូមិកោះគ អំពីបញ្ហាបូមខ្សាច់នេះ អភិបាលរងខេត្តកណ្ដាល លោក ខឹម ច័ន្ទគិរី ប្រាប់ទៅអ្នកភូមិថា បាតទន្លេនៅតំបន់ច្រាំងបាក់ដែលពលរដ្ឋតវ៉ានេះមានជម្រៅជ្រៅហើយ ហើយខេត្តមិនបានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនណាមួយបូមខ្សាច់នៅទីនេះទេ។ លោកនឹងយកបញ្ហានេះបញ្ជូនទៅក្រសួងរ៉ែ និងឋាមពល៖ «កន្លែងនេះហានិភ័យ ខ្ញុំទទួលស្គាល់។ អ៊ីចឹងបើសិនមានការល្មើសពីក្រុមហ៊ុនណាមួយបន្តល្មើសនឹងបទបញ្ជា គឺត្រូវបិទ»។
ទោះជាយ៉ាងណាក្ដី លោកអភិបាលរងស្រុកដដែលថា ការសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយបូមខ្សាច់បាន រដ្ឋាភិបាលជាអ្នកវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន ហៅកាត់ថា EIA។ លោកមិនអាចឆ្លើយប្រាប់ពីបញ្ហានេះបានទេ ព្រោះលោកមិនមែនជាអ្នកជំនាញបច្ចេកទេស។
អ្នកភូមិបានសម្រេចរំសាយគ្នានៅព្រឹកថ្ងៃទី១១ មិថុនា ដដែល ដោយរង់ចាំមើលការដោះស្រាយរបស់អាជ្ញាធរខេត្តដែលចុះមកអន្តរាគមន៍។ ប៉ុន្តែអ្នកភូមិថានឹងតវ៉ារហូតដល់បិទផ្លូវ ប្រសិនបើការបូមខ្សាច់នេះនៅតែបន្ត៕