Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ​ថា​ត្រូវ​គេ​កាត់​ប្រាក់​បេសកកម្ម

$
0
0

មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ឬ គ..ប និង គ..រ នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អះអាង​ថា ពួក​គាត់​ត្រូវ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ឬ គឃ.សប កាត់​ប្រាក់​បេសកកម្ម។ ក៏ប៉ុន្តែ​ប្រធាន គឃ.សប បាន​បដិសេធ​ថា មិន​បាន​កាត់​លុយ​ឧបត្ថម្ភ​នេះ​ទេ ហើយ​ថ្នាក់​លើ​បញ្ជាក់​ថា​មិន​ទាន់​ដឹង​ពី​ករណី​នេះ​ដែរ។

ប្រាក់​ឧបត្ថម្ភ​ដែល​មន្ត្រី​ទាំងនេះ​ត្រូវ​ទទួល​បាន​បន្ទាប់​ពី​បញ្ចប់​ការ​បំពេញ​ការងារ គឺ​ប្រធាន​ទទួល​បាន​ចំនួន ២២០.០០០​រៀល អនុប្រធាន​ចំនួន ២០០.០០០​រៀល លេខាធិការ​ចំនួន ១៨០.០០០​រៀល និង​សមាជិក​ទី​១ ទី​២ និង​ទី​៣ ចំនួន ១៦០.០០០​រៀល។

មន្ត្រី​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​ការងារ​របស់​លោក ឈឹម ធី ដែល​ជា​ប្រធាន គឃ.សប សុំ​កាត់​ប្រាក់​បេសកកម្ម​ពី​មន្ត្រី​បោះឆ្នោត ពី​ប្រធាន គ..ប និង​គ..រ ម្នាក់​ចំនួន ១៥.០០០​រៀល និង​សមាជិក​មន្ត្រី​ផ្សេង​ទៀត​ចាប់​ពី​អនុប្រធាន ដល់​សមាជិក​ទី​៣ ម្នាក់ៗ​ចំនួន ១២.០០០​រៀល​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

ក៏ប៉ុន្តែ​លោក ឈឹម ធី បដិសេធ​ថា ក្រុម​ការងារ​លោក​មិន​មែន​ជា​អ្នក​កាត់​ប្រាក់​បេសកកម្ម​របស់​មន្ត្រី​បោះឆ្នោត​ទេ ហើយ​លោក​ថា​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ឬ គធ.ខប ជា​អ្នក​កាត់​ប្រាក់​ឧបត្ថម្ភ​នេះ។

ប្រធាន គធ.ខប ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន អះអាង​ថា លោក​មិន​បាន​ដឹង​ពី​ការ​កាត់​ប្រាក់​ឧបត្ថម្ភ​ឡើយ ហើយ​លោក​ចុះ​ស៊ើប​អង្កេត​អំពី​ករណី​នេះ៖ «អ្នក​ណា​ថា? ខ្ញុំ​ចុះ​ទៅ​ឥឡូវ​ហើយ។ ខ្ញុំ​អីណា​អ្នក​កាត់! អត់​អី​ទេ។ អរគុណ​ហើយ​ដែល​បាន​ប្រាប់​ព័ត៌មាន។ ខ្ញុំ​ចុះ​ទៅ​ឥឡូវ​ហើយ»

លោក​បន្ត​ថា លោក​បាន​ចាត់​ប្រធាន​លេខាធិការដ្ឋាន លោក ទូច សុខា ដើម្បី​ពិនិត្យ​តាមដាន​រឿង​នេះ។

លោក ទូច សុខា មិន​លើក​ទូរស័ព្ទ​ពេល​អាស៊ីសេរី ទាក់ទង​ជាច្រើន​លើក​ច្រើនសា ដើម្បី​សុំ​ការ​ពន្យល់​អំពី​រឿ​ង​នេះ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នក​ទទួល​ខុស​ត្រូវ​ខេត្ត​ត្បូងឃ្មុំ នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​របស់ គ..ប លោក ជាង ពង្ស ក៏​មិន​ទាន់​ដឹង​ពី​ករណី​ការ​កាត់​ប្រាក់​បេសកកម្ម​របស់​មន្ត្រី​បោះឆ្នោត​នេះ​ដែរ៖ «ខ្ញុំ​នឹង​ចុះ​ស៊ើប​អង្កេត​រឿង​ហ្នឹង»

ប្រធាន គធ.ខប ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន បញ្ជាក់​ថា ប្រសិន​បើ គធ.ខប រក​ឃើញ​ថា មាន​មន្ត្រី​កាត់​ប្រាក់​ឧបត្ថម្ភ​របស់​មន្ត្រី​បោះឆ្នោត​មែន​នោះ គឺ​ត្រូវ​បញ្ឈប់​លែង​ឲ្យ​ធ្វើ​ការ និង​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ការ​កំណត់​របស់ គ..ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles