
សកម្មជនគណបក្សសង្គ្រោះជាតិ ចោទមេឃុំរាំងទិល ខេត្តពោធិ៍សាត់ ថាបានលក់ឧបករណ៍នេសាទ និងមិនអើពើចំពោះសកម្មភាពបទល្មើសនេសាទប្រព្រឹត្តដោយបក្សពួកខ្លួនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ មេឃុំរាំងទិល ទទួលស្គាល់ថា នៅក្នុងឃុំពិតជាមានបទល្មើសខ្លះ ប៉ុន្តែបានបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទដោយមិនរើសមុខ ឬប្រកាន់និន្នាការនយោបាយនោះទេ។
បញ្ហាបទល្មើសនេសាទតាមបឹងទន្លេសាបនៅតែបន្តកើតមាន ខណៈអ្នកភូមិបណ្ដែតទឹក និងរស់នៅអមមាត់ទន្លេពឹងផ្អែកស្ទើរទាំងស្រុងលើមុខរបរនេសាទ។ សកម្មជនគណបក្សប្រឆាំង រិះគន់ថា មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានគាបសង្កត់អ្នកនយោបាយប្រឆាំង តាមរយៈកាប់បំផ្លាញឧបករណ៍នេសាទ ដកហូតផ្ទាំងសូឡា ហើយខំជួយបិទបាំងទង្វើល្មើសច្បាប់របស់អ្នកគាំទ្រគណបក្សខ្លួន។
បេក្ខនារីលេខរៀងទី១ ពីខាងគណបក្សសង្គ្រោះជាតិ ឈរឈ្មោះនៅឃុំរាំងទិល គឺអ្នកស្រី ប៉ាន់ ឆៃឡេង ឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ថា បទល្មើសដាក់ច្បរ ឬរបាំងស្បៃមុងក្រឡាល្អិតប្រវែងវែង កំពុងកើតមានស្អេកស្កះលើផ្ទៃទឹកក្នុងភូមិទាំង៥ នៃឃុំរាំងទិល។ ដោយមានការគាបសង្កត់រូបគាត់ និងអ្នកភូមិដែលចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិ ពេក ទើបពួកគាត់ឈប់ដាក់ច្បរទាំងស្រុង៖ «ខែនេះជារដូវបិទនេសាទ ប៉ុន្តែបើវាធ្វើទូទៅ យើងអត់ខឹងទេ តែធ្វើតែបុគ្គលណាដែលឈរឈ្មោះជាបេក្ខជនសង្គ្រោះជាតិ។ គិតទៅអ្នកទន្លេសាបក្នុងឃុំរាំងទិល យើងនេះ មានបទល្មើសធំជាងគេ តែគ្រាន់ថាមន្ត្រីមួយចំនួនឃុបឃិតជាមួយបទល្មើសនេសាទហ្នឹង គាត់ស៊ីលុយហើយពីណាមកពីក្រៅចាប់ផ្ដើមនាំគ្នាលាក់លៀមទៅកុំឲ្យអ្នកមកពីក្រៅដឹង»។
អ្នកស្រីបញ្ជាក់ថា ចាប់ថ្ងៃតាំងមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ក្រុមគាត់ដែលជាអ្នកគាំទ្រគណបក្សប្រឆាំង រងការគំរាមកំហែង និងកាប់ឧបករណ៍នេសាទរហូត។
ឆ្លើយតបបញ្ហានេះ បេក្ខភាពមេឃុំរាំងទិល មកពីគណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងគាំទ្រលើសលប់នៅក្នុងឃុំ គឺលោក គឹម សំអ៊ែល ទទួលស្គាល់ថា បទល្មើសដាក់លូស្បៃមុងពិតជាមាននៅតាមគុម្ពោតព្រៃក្នុងទឹក នៃឃុំរបស់លោក ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញជលផលបានចុះបង្ក្រាបជាប្រចាំ។ លោកមិនដែលយកប្រៀបនយោបាយ ឬកេងចំណេញនយោបាយពីពលរដ្ឋតាមរយៈមុខរបរនេសាទនេះទេ៖ «ខ្ញុំចង់និយាយថា គណបក្សសង្គ្រោះជាតិ អត់ជាប់បានមួយកៅអីណាទេ នៅក្នុងឃុំរាំងទិល ហើយគេកំពុងបំផ្លាញបទល្មើសជលផលតាមភូមិក្នុងឃុំរាំងទិល ដែលពលរដ្ឋហ្នឹងជាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជន។ ពុំមានលក់ឧបករណ៍នេសាទខុសច្បាប់ទេ ការពិតប្រពន្ធខ្ញុំលក់ឧបករណ៍នេសាទបងរាយ»។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អេង ឈុនហាន ថ្លែងថា បើមេឃុំជាអ្នកលក់ឧបករណ៍នេសាទខុសច្បាប់ និងមិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទដូចការចោទរបស់សកម្មជនបក្សប្រឆាំង នឹងធ្វើឲ្យធនធានមច្ឆជាតិហិនហោច។ លោកយល់ថា បើមេឃុំប្រកាន់បក្សពួកមែន គឺបង្ហាញថាការបង្ក្រាបបទល្មើសនេសាទពុំមានប្រសិទ្ធភាពឡើយ៖ «ជាការពិបាកណាស់ក្នុងការអនុវត្តច្បាប់។ ទី១ ដោយសារគាត់ជាមេជួយផ្ដល់មធ្យោបាយផ្សេងៗ ហើយបើសិនជាមានសមត្ថកិច្ចដែលចុះទៅបង្ក្រាប គាត់ជាអ្នកឲ្យព័ត៌មានមុនហើយ។ អ៊ីចឹងវាជាហេតុធ្វើឲ្យយើងរកមុខអ្នកដែលប្រព្រឹត្តបទល្មើសអត់ឃើញ»។
មាត្រា១០២ នៃច្បាប់ជលផល ចែងថា សកម្មភាពទាំងឡាយណាដែលប្រព្រឹត្តដោយមន្ត្រីអាជ្ញាធរដែនដី នគរបាល កងយោធពលខេមរភូមិន្ទ ដើម្បីធ្វើអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលដល់ការធ្វើអាជីវកម្មជលផល ឬគំរាមកំហែងមន្ត្រីជលផល ត្រូវចាត់ទុកជាបទល្មើស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ ៥លានដល់ ៥០លានរៀល៕