Quantcast
Viewing all articles
Browse latest Browse all 11174

ប្រធាន​អង្គការ​អាដហុក​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​បញ្ចប់​ការ​គុំកួន​នៅ​ក្រោយ​ការ​បោះឆ្នោត

Image may be NSFW.
Clik here to view.

ប្រធាន​អង្គការ​អាដហុក (ADHOC) អំពាវ​អោយ​អ្នក​នយោបាយ​ទទួល​យក​លទ្ធផល​ឆ្នោត ហើយ​បញ្ឈប់​ការ​គុំកួន​គ្នា បន្ទាប់​ពី​ការ​បោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ បាន​បញ្ចប់។

គណបក្ស​នយោបាយ​ធំៗ​២ ដែល​មាន​សំឡេង​ប្រដំប្រសងគ្នា​ក្នុង​ការ​បោះឆ្នោត​​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ការ​ទទួល​យក​លទ្ធផល​ឆ្នោត​ជា​រឿង​ចាំបាច់។

ថ្លែង​តាម​វីដេអូ​ឃ្លិប​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មិថុនា ប្រធាន​អង្គការ​នេះ គឺ​លោក ធន សារាយ លើក​ឡើង​ថា នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ លោក​សង្កេត​ឃើញ​ថា អ្នក​ដឹកនាំ​នយោបាយ​នៅ​មិន​ទាន់​ចុះ​សម្រុង​នឹង​គ្នា​នៅ​ឡើយ ដែល​អាច​នាំ​ទៅ​អោយ​មាន​ការ​គុំកួន ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ម្ខាង​ទៀត​ដែល​ជា​ដៃគូ។

លោក ធន សារាយ លើក​ឡើង​ថា ចំពោះ​ប្រជាពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​នៅ​តាម​មូលដ្ឋាន​ភាគ​ច្រើន​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​ពួកគេ​គាំទ្រ​គណបក្ស​ផ្សេង​គ្នា​ក៏​ពិត​មែន តែ​ពួកគេ​បាន​ត្រូវរ៉ូវ​គ្នា​វិញ​នៅ​ក្រោយ​ការ​បោះឆ្នោត។ លោក​ថា ពលរដ្ឋ​កំពុង​ធ្វើ​ជា​គំរូ​ល្អ​អោយ​អ្នក​នយោបាយ​ចំពោះ​ការ​ជានា​គ្នា​នៅ​ក្រោយ​ការ​បោះឆ្នោត និង​រួម​គ្នា​អភិវឌ្ឍ​មូលដ្ឋាន។ លោក​រំពឹង​ថា ករណី​បែប​នេះ​គួរ​តែ​កើត​មាន​ដែរ​នៅ​ក្នុង​ចំណោម​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ៖ «»។

បើ​ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក​សំដៅ​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ក៏ដោយ ក៏​ទំនង​ជា​សំដៅ​ទៅ​រក​គណបក្ស​នយោបាយ​ចំនួន​២ ដែល​មាន​សំឡេង​ពលរដ្ឋ​គាំទ្រ​ប្រកៀកប្រកិត​គ្នា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា លោក​ក៏​សង្ឃឹម​ថា គណបក្ស​ទាំង​២ ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​នេះ​មាន​ភាព​ចាស់ទុំ​អាច​នឹង​ចាប់​ដៃ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ៖ «»។

មិន​ខុស​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ដែល​មាន​សញ្ញា​រូប​ទេវតា​មិន​ដែល​មាន​ការ​គុំកួន​នឹង​ដៃគូ​ប្រកួត​ប្រជែង​ឡើយ៖ «»។

បើ​ទោះ​ជា​យ៉ាង​ណា ចំពោះ​អ្នក​ជំនាញ​ផ្នែក​ការដឹកនាំ​មើល​ឃើញ​ថា ការ​មិន​ត្រូវរ៉ូវ​គ្នា​រវាង​អ្នកដឹកនាំ​បក្ស​នយោបាយ​កើត​ចេញ​ពី​ការ​ចង់​បាន​ដណ្ដើម​អំណាច។

អ្នក​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹកនាំ លោក ឆាំ ប៊ុនថេត លើក​ឡើង​ថា លោក​បាន​មើល​ឃើញ​ដូច​ការ​លើក​ឡើង​របស់​លោក ធន សារាយ ដែរ។ លោក​ថា ដើម្បី​បញ្ចៀស​បញ្ហា​នេះ អ្នក​នយោបាយ​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ ដោយ​ឈប់​ដណ្ដើម​អំណាច តែ​ងាក​មក​យក​ឈ្នះ​គ្នា​តាម​រយៈ​ការ​បង្កើត​គោលនយោបាយ​ផ្ទាល់​គណបក្ស ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ និង​តាម​ដាន​ការ​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​ដែល​ជា​គូប្រកួត​នោះ​វិញ៖ «»។

លោក ឆាំ ប៊ុនថេត លើក​ឡើង​ដែរ​ថា នៅ​មាន​បញ្ហា​នៃ​ការ​រើសអើង​ខ្លះៗ​ដែរ​នៅ​នៅ​មូលដ្ឋាន ជាពិសេស​រវាង​មន្ត្រី​រាជការ មេ​ឃុំ ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​រវាង​ប្រជាពលរដ្ឋ​និង​ពលរដ្ឋ​គឺ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles