Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ពោធិ៍សាត់​រង​ការ​គំរាម​កំហែង​និង​ចាប់​ដាក់​គុក

$
0
0

តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ខេត្ត​ពោធិ៍សាត់ គឺ​ជា​តំបន់​សមរភូមិ​ក្ដៅ​ក្នុង​រឿង​នយោបាយ ដោយសារ​សកម្មជន​ខ្លួន​រង​ការ​គំរាមកំហែង និង​ចាប់​ដាក់​គុក​ជា​បន្ត​បន្ទាប់។

មេធាវី​កំពុង​ប្ដឹង​ឧទ្ធរណ៍​សុំ​ឲ្យ​សកម្មជន​ម្នាក់​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​ដែល​សកម្មជន​ពីរ​នាក់​ផ្សេង​ទៀត​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស​កាន់​អំណាច​ជុំវិញ​បទល្មើស​ពីរ​ផ្សេង​គ្នា។

ចាប់​តាំង​ពី​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្នុង​ថ្ងៃ​បោះឆ្នោត មាន​សកម្មជន​បក្ស​ប្រឆាំង​បី​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​សួរ​នាំ និង​ឃុំ​ខ្លួន។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ងឹម ញ៉េង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត បេក្ខជន​លេខរៀង​ទី១ របស់​លោក​ឈ្មោះ ឃឹម សាម៉ន នៅ​ឃុំ​ស្នារអន្សារ ស្រុក​ក្រគរ ត្រូវ​នគរបាល​ស្រុក​កោះ​ហៅ​ទៅ​សួរ​នាំ និង​ឃុំ​ខ្លួន​រយៈ​ពេល​ខ្លី ដោយ​ចោទ​ថា បាន​លួច​ឯកសារ​បោះឆ្នោត​របស់​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​សកម្មជន​ម្នាក់​ទៀត ឈ្មោះ ហួត សោរ ក៏​ត្រូវ​បាន​នគរបាល​ស្រុក​កោះ​ហៅ​ទៅ​សួរនាំ​ដោយ​គ្រាន់​តែ​សួរ​ថា​មេភូមិ​បច្ចុប្បន្ន​ប្ដូរ​ហើយ ឬ​នៅ​ដដែល? តាម​បណ្ដឹង​របស់​មន្ត្រី​បក្ស​ប្រជាជន ប៉ុន្តែ​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ។

ជាមួយ​គ្នា​នេះ ​លោក ងឹម ញ៉េង ស្នើ​ឲ្យ​អាជ្ញាធរ ឬ​តុលាការ​កុំ​ប្រើ​អំណាច​ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស ដោយ​លោក​លើក​ឧទាហរណ៍​ករណី​ប្រធាន​ប្រតិបត្តិ​គណបក្ស​ខេត្ត​ពោធិ៍សាត់ គឺ​លោក យ៉ាន់ សេងហ៊ត ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌ ដោយសារ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​របួស ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ ហើយ​គ្រួសារ​ជន​រង​គ្រោះ​ក៏​មិន​បាន​ប្ដឹង​ដែរ«ក្រុម​គ្រួសារ​កុមារ​រងគ្រោះ​ហ្នឹង​បាន​សរសេរ​លិខិត​ទៅ​តុលាការ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ហើយ ខាង​ខ្ញុំ​ក៏​បាន​ឲ្យ​មេធាវី​ដាក់​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​រួច​ហើយ​ដែរ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា​ខាង​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ សម្រេច​យ៉ាង​ម៉េច​នៅ​ឡើយ? ព្រោះ​តាម​នីតិវិធី​ការ​សម្រេច​នៅ​លើ​ចៅក្រម ហើយ​ចៅក្រម​សម្រេច​ឈរ​នៅ​លើ​គោលការណ៍​ច្បាប់។ អ៊ីចឹង​យើង​កំពុង​រង់ចាំ​ដែរ ព្រោះ​យើង​មិន​ចង់​ឲ្យ​មនុស្ស​ជាប់​ឃុំ​ដោយ​ខុស​ច្បាប់​ហ្នឹង​យូរ​ទេ។ ខ្ញុំ​យល់​ថា​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បង្ហាញ​ពី​អំណាច​របស់​ខ្លួន​ជ្រុល​រំលោភ​ច្បាប់ ដែល​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​បោះឆ្នោត ក៏ដូចជា​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ»

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ហេង ដូនីន បញ្ជាក់​ថា ចៅក្រម​កាន់​សំណុំ​រឿង​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ បាន​ទទួល​លិខិត​ស្នើសុំ​ឲ្យ​ជន​សង្ស័យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​មួយ​ច្បាប់​ពី​គ្រួសារ​ជន​រងគ្រោះ​ហើយ ហើយ​បាន​បញ្ជូន​បន្ត​ទៅ​តំណាង​អយ្យការ​ដើម្បី​ពិនិត្យ និង​សម្រេច។ រី​ឯ​អ្នក​នាំ​ពាក្យ​​អយ្យការ លោក ឆាយ ហុង ថា​លោក​មិន​ទាន់​ដឹង​ព័ត៌មាន​នេះ​ទេ។

ទាក់ទង​បញ្ហា​នេះ​ដែរ អធិការ​ស្រុក​ក្រគរ លោក ឯម រុន អះអាង​ថា សមត្ថកិច្ច​របស់​លោក​មាន​តួនាទី​រក្សា​ស្ថិរភាព និង​សន្តិសុខ​ល្អ​នៅ​តាម​មូលដ្ឋាន ហើយ​មិន​ដែល​រក​រឿង​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​នយោបាយ​ណា​ឡើយ។ គ្រប់​ករណី​ដែល​លោក​កោះហៅ​ជន​សង្ស័យ​មក​សួរ​នាំ គឺ​សុទ្ធ​តែ​មាន​ពាក្យ​បណ្ដឹង ហើយ​អ្នក​ដែល​ចោទ​ថា សមត្ថកិច្ច​គំរាមកំហែង​នោះ​សុទ្ធ​តែ​ខុស​ការ​ពិត«អត់​មាន​ទេ! អា​ហ្នឹង​ការ​និយាយ​បំផ្លើស​ទេ ព្រោះ​សមត្ថកិច្ច​ខ្ញុំ​មិន​ដែល​ទៅ​ចោទ​ប្រកាន់ ឬ​រក​រឿង​គណបក្ស​នយោបាយ​ណា ខ្ញុំ​មាន​តែ​សួរ​ថា​ធ្វើ​ម៉េច​ឲ្យ​សភាពការណ៍​ស្រុក​យើង​រលូន កុំ​ឲ្យ​វា​មាន​បញ្ហា»

អគ្គនាយក​រង​អគ្គិសនី​កម្ពុជា និង​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន ចុះ​ជួយ​ស្រុក​ក្រគរ លោក អេង គន្ធា ដែល​សកម្មជន​គណបក្ស​ប្រឆាំង​តែងតែ​ចោទ​ថា លោក​បាន​រក​រឿង​ចោទ​ប្រកាន់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ណា​ដែល​ហ៊ាន​តស៊ូ​មតិ​ក្នុង​បំណង​ធ្វើ​បាប ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា សកម្មជន​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ​ដែល​បង្ក​រឿង​មិន​ចេះ​ចប់ ហើយ​ករណី​ខ្លះ​លោក​បាន​ជួយ​ដោះស្រាយ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles