
ប្រជាពលរដ្ឋប្រមាណ ៥០នាក់តំណាងឲ្យពលរដ្ឋ ១៨៩គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅសាលាខេត្តកំពត នៅថ្ងៃទី៨ ខែមិថុនា ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី និងចាត់វិធានការលើក្រុមជនបង្កហិង្សាលើពួកគាត់។ អង្គការសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរខេត្តកំពត ពន្លឿនការដោះស្រាយបញ្ហាជូនពលរដ្ឋ ដើម្បីធានាសុវត្ថិភាពជូនពួកគាត់។
តំណាងប្រជាពលរដ្ឋ លោក ថន សុខា បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ មិថុនា ថា ការប្រមូលផ្តុំនេះ ធ្វើឡើងដោយសារប្រជាពលរដ្ឋចំនួន ៥នាក់បានរងការវាយដំពីបក្ខពួកឈ្មួញដី នៅពេលពួកគាត់ចុះទៅកាប់ឆ្ការ និងដាំដំណាំលើដីដែលធ្លាប់កាន់កាប់កាលពីថ្ងៃទី៧ មិថុនា កន្លងទៅ។
ក្រុមពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរខេត្តកំពត ចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមជនបង្កហិង្សា និងជួយអន្តរាគមន៍យកគោយន្តមួយគ្រឿងដែលក្រុមនោះបានរឹបអូសយកពីពលរដ្ឋ ត្រឡប់មកវិញ។ ម្យ៉ាងវិញទៀត ពួកគាត់ស្នើឲ្យអាជ្ញាធរខេត្ត ជួយពន្លឿនការចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ឲ្យបានឆាប់រហ័សទាន់រដូវធ្វើស្រែចម្ការផងដែរ៖ «»។
រាជរដ្ឋាភិបាល កាលពីឆ្នាំចុងឆ្នាំ២០១៥ កន្លងទៅ បានសម្រេចកាត់ដីទំហំ ៥២៣,១៣ហិកតារ ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ១០៣គ្រួសារនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ក៏ប៉ុន្តែមកទល់នឹងពេលនេះ ក្រុមប្រជាពលរដ្ឋមិនទាន់ទទួលបានដីធ្លីទាំងនេះនៅឡើយ ដោយពួកគាត់កំពុងរង់ចាំការចុះវាស់វែងពីក្រុមការងារជំនាញថ្នាក់ខេត្ត និងថ្នាក់ជាតិ។
តំណាងប្រជាពលរដ្ឋថ្លែងថា នៅខណៈកំពុងរង់ចាំការវាស់វែងនេះ បុគ្គលឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ដែលជាឈ្មួញដី រួមទាំងបក្ខពួក បានរារាំងពលរដ្ឋមិនឲ្យទៅកាប់ឆ្ការ និងដាំដុះលើដីរបស់ពួកគាត់ឡើយ ហើយថែមទាំងបានបង្ខំពលរដ្ឋឲ្យផ្ដិតមេដៃលក់ដីឲ្យពួកគេថែមទៀត៖ «»។
អាស៊ីសេរី មិនអាចទាក់ទងលោក អាំ ផល្លីន និងលោកស្រី ហ៊ាង គន្ធី បានទេនៅថ្ងៃទី៨ មិថុនា ដើម្បីបកស្រាយជុំវិញរឿងនេះ តែលោក អាំ ផល្លីន ធ្លាប់បានបដិសេធការចោទប្រកាន់របស់ពលរដ្ឋ ហើយលោកចាត់ទុកថា នេះគ្រាន់តែជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកប៉ុណ្ណោះ។
ចំណែកអភិបាលខេត្តកំពត លោក ចាន់ ចេស្ដា វិញ មិនឆ្លើយសំណួរអ្នកសារព័ត៌មានអាស៊ីសេរីឡើយ ដោយលោកបញ្ជាក់ថា មិនដែលស្គាល់ ហើយបច្ចុប្បន្នមានអ្នកបោកប្រាស់ច្រើន រួចលោកក៏បិទទូរស័ព្ទ។
ការប្រើអំពើហិង្សាពាក់ព័ន្ធនឹងរឿងវិវាទដីធ្លីនេះ ត្រូវបានអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក យន់ ផល្លី ថ្លែងថា វិវាទដីធ្លីត្រូវដោះស្រាយដោយសន្តិវិធី មិនមែនជាការប្រើហិង្សានោះទេ។ លោកអំពាវនាវដល់អាជ្ញាធរខេត្ត ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ កុំឲ្យក្រុមជនបង្កធ្វើអ្វីតាមតែអំពើចិត្តប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋ៖ «»។
ចំណែកមន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពត លោក ហេង ភារៈ វិញ កត់សម្គាល់ថា ការប្រើអំពើហិង្សាលើពលរដ្ឋប្រព្រឹត្តដោយក្រុមឈ្មួញដីនេះ កើតមានច្រើនលើកច្រើនសារួចមកហើយ ដោយមិនឃើញមានអន្តរាគមន៍ជាក់លាក់ពីមន្ត្រីអាជ្ញាធរឡើយ។ មានករណីខ្លះ ពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅតុលាការថែមទៀត ប៉ុន្តែតុលាការមិនអាចផ្តល់យុត្តិធម៌ដល់ពលរដ្ឋឡើយ។ លោក ហេង ភារៈ ចាត់ទុកនេះជាភាពឆកល្វែងរបស់មន្ត្រីអាជ្ញាធរ និងតុលាការ ដែលបណ្តែតបណ្តោយឲ្យករណីព្រហ្មទណ្ឌហិង្សាបែបនេះកើតមានចំពោះពលរដ្ឋម្តងហើយម្តងទៀត៖ «»។
មន្ត្រីសមាគមអាដហុក និងអង្គការលីកាដូ បញ្ជាក់ថា ពួកគេនឹងជួយជ្រោមជ្រែងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋជុំវិញសំណុំរឿងហិង្សា ហើយពួកគេនឹងតាមដានករណីវិវាទដីធ្លីជាបន្តទៀត។
ចំណែកក្រុមពលរដ្ឋវិញ បញ្ជាក់ថា ប្រសិនបើមិនមានដំណោះស្រាយពីអាជ្ញាធរខេត្តកំពត ទេនោះ ពួកគេនឹងលើកគ្នាមកស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញជាបន្តទៀត៕