Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

​ម៉ុងតាញ៉ា​វៀតណាម​១៦​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​វៀតណាម​វិញ

$
0
0

ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម ១៦​នាក់​ទៀត​ហើយ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា។ ការ​បញ្ជូន​ខ្លួន​នេះ ក្រោយ​ពី​ពួកគេ​មិន​មាន​ភស្តុតាង​បន្ថែម​ដើម្បី​បង្ហាញ​ថា ពួកគេ​អាច​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា ថ្លែង​ថា ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ១៦​នាក់ ដែល​បញ្ជូន​ទៅ​នេះ គឺ​អម​ដំណើរ​ដោយ​មន្ត្រី​របស់​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) និង​អាជ្ញាធរ​កម្ពុជា។

លោក តាន់ សុវិជ្ជា បញ្ជាក់​បន្ថែម​ថា នៅ​ពេល​បញ្ជូន​ទៅ​ដល់​ព្រំដែន​កម្ពុជា-​វៀតណាម អាជ្ញាធរ​ខ្មែរ​នឹង​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ។ ចំណែក​មន្ត្រី​របស់ UNHCR នឹង​បន្ត​ដំណើរ​ជាមួយ​អាជ្ញាធរ​វៀតណាម ដែល​រង់ចាំ​ទទួល​ជនជាតិ​ម៉ុងតាញ៉ា​នៅ​ព្រំដែន រហូត​ដល់​ទី​កន្លែង​ដែល​ពួកគេ​រស់​នៅ។

លោក​ថា មុន​នឹង​បញ្ជូន​ទៅ​វិញ​នេះ ខាង​ភាគី​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​វៀតណាម រួច​ហើយ ដើម្បី​ធានា​ថា សុវត្ថិភាព​របស់​ជនជាតិ​ម៉ុងតាញ៉ា ទាំង​អស់​នេះ​នឹង​ត្រូវ​ធានា​ដើម្បី​រួច​ផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នានា។

លោក តាន់ សុវិជ្ជា សង្កត់​ធ្ងន់​ថា នេះ​ជា​ការ​ត្រឡប់​ទៅ​វិញ​ដោយ​ស្ម័គ្រចិត្ត ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ​ក្រោយ​ពួកគេ​មិន​មាន​អំណះអំណាង​បង្ហាញ​បន្ថែម​ដើម្បី​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន៖ «មិនមែន​កម្ពុជា បញ្ជូន​ទេ UNHCR រៀបចំ​ឲ្យ​ត្រឡប់​ទៅ​វិញ គាត់​មិន​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន ទី​២ ដល់​គាត់​ប្ដឹង​ឧទ្ធរណ៍ ប្រហែល​ជា​គាត់​គ្មាន​សង្ឃឹម និង​មាន​អំណះអំណាង​ថ្មី ទើប​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​វិញ​ទាន់ UN រៀបចំ»

ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម យ៉ាង​ហោច​ណាស់​ក៏ ៣​ពាន់​នាក់​ដែរ​បាន​រត់​កាត់​ព្រៃ​ឆ្លង​ដែន​ចូល​កម្ពុជា តាម​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន។ រលក​នៃ​ការ​រត់​គេច​ខ្លួន​ចុង​ក្រោយ​គឺ​នៅ​ចុង​ឆ្នាំ​២០១៤។ ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​ជាដើម។

សម្រាប់​ការ​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ១៦​នាក់ ត្រឡប់​ទៅ​វៀតណាម វិញ នៅ​ពេល​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា។

លោក តាន់ សុវិជ្ជា ឲ្យ​ដឹង​ថា បន្ទាប់ពី​ជនជាតិ​ម៉ុងតាញ៉ា ១៦​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​វៀតណាម វិញ បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ៥២​នាក់​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ក្នុង​ចំណោម ៥២​នាក់​នេះ មាន ៣​នាក់ ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា តើ​អង្គការ​សហប្រជាជាតិ​នឹង​បញ្ជូន​ពួកគេ​ទៅ​កាន់​ប្រទេស​ណា​ឡើយ។ ដោយ​ឡែក​សម្រាប់​ជនជាតិ​ម៉ុងតាញ៉ា ដែល​នៅ​សល់​ផ្សេង​ទៀត លោក​ថា បាន​ឆ្លង​កាត់​ការ​សម្ភាស​រួចរាល់​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ឡើយ។ លោក​ថា ក្នុង​ចំណោម​អ្នក​ធ្លាក់​សម្ភាស​ទាំង​នេះ អ្នក​ខ្លះ​កំពុង​ប្ដឹង​ឧទ្ធរណ៍។ ប៉ុន្តែ​បើ​ពួកគេ​មិន​មាន​ភស្តុតាង​បន្ថែម​ដើម្បី​បង្ហាញ​នោះ​ទេ ពួកគេ​នឹង​មិន​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​ឡើយ។

បើ​រាប់​ទាំង​អ្នក​ជាប់​លើក​មុន និង​លើក​នេះ គឺ​មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ១៦​នាក់​ហើយ​ដែល​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន ក្នុង​នោះ ១៣​នាក់​ត្រូវ​បាន​អង្គការសហប្រជាជាតិ​បញ្ជូន​ទៅ​ស្នាក់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដើម្បី​បន្ត​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣។

​កន្លង​ទៅ អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​សម្ដែង​ការ​បារម្ភ​ពី​ជោគវាសនា​របស់​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា។ អង្គការ​ទាំង​នេះ​តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ស្រប​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​នៃ​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ហើយ​ចង់​ឃើញ​ការ​កំណត់​ឋានៈ​នៃ​ជនភៀសខ្លួន​របស់​ជន​ជាតិ​ម៉ុងតាញ៉ា ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជា​ជាង​ផ្អែក​ទៅ​លើ​ហេតុផល​នយោបាយ។

ការ​ស្នើ​សុំ​របស់​សង្គម​ស៊ីវិល​នេះ ក៏​ដោយសារ​ជនជាតិ​ម៉ុងតាញ៉ា មាន​ការ​បារម្ភ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពេល​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ ខណៈ​ដែល​ជនជាតិ​ម៉ុងតាញ៉ា មួយ​ចំនួន​ទៀត បាន​រត់​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​គេច​ផុត​ពី​ការ​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles