Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​បារម្ភ​លំបាក​ធ្វើការ​ពេល​ប្រធាន​ក្រុមហ៊ុន​នាំ​ពលករ​និង​មន្ត្រី​ក្រសួង​ជា​សាច់ញាតិ​នឹង​គ្នា

$
0
0

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​បារម្ភ​ថា អាច​នឹង​មាន​បញ្ហា​ទំនាស់​ផលប្រយោជន៍​នៅ​ពេល​ដែល​សាច់ញាតិ​មន្ត្រី​រាជការ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ម្ចាស់​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា បាន​ផ្សព្វផ្សាយ​បញ្ជី​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ចំនួន​ជិត ១០០​ក្រុមហ៊ុន ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការងារ ​ក្នុង​ការ​ជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ជា​សាធារណៈ​នូវ​បញ្ជី​ឈ្មោះ ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​ទទួល​សិទ្ធិ​ពី​ក្រសួង​ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស ដែល​ក្រសួង​អះអាង​ថា ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​បរទេស​ដោយ​ស្របច្បាប់ ឬ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​បង្ហាញ​បញ្ជី​នេះ​មាន​ប្រយោជន៍​តិចតួច​បំផុត​សម្រាប់​ពលរដ្ឋ​ដែល​មាន​បំណង​ទៅ​រក​ការងារ​ធ្វើ​ក្រៅ​ប្រទេស នៅ​ពេល​ដែល​ព័ត៌មាន​ទាំង​នោះ​ពិបាក​នឹង​បញ្ជូន​ទៅ​ដល់​ពលរដ្ឋ។ លើស​ពី​នេះ​ពួកគេ​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​នៅ​ពេល​ដែល​ពួកគេ​រក​ឃើញ​ថា មាន​ម្ចាស់​​ក្រុមហ៊ុន​មួយ​ចំនួន​ជាប់​សាច់ញាតិ​នឹង​មន្ត្រី​មួយ​ចំនួន​នៅ​ក្រសួង​ការងារ ដោយ​រួមមាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ខ្លះ​ផង។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា ពុំ​មាន​ការ​អនុវត្ត​ច្បាប់​មួយ​រឹងមាំ​នៅ​ឡើយ ករណី​មាន​សាច់​ញាតិ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សាមី​ធ្វើ​ជា​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ដែល​បាន​សិទ្ធិ​បញ្ជូន​ពលករ​គឺ​ជា​ក្ដី​បារម្ភ​ថា អាច​នឹង​មាន​បញ្ហា​ប្រទាំងប្រទើស​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ទាំង​នោះ។

លោក ហូយ៉ា បន្ត​ថា ពេល​នេះ​អង្គការ​របស់​លោក​កំពុង​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលករ​ចំណាក​ស្រុក​ដែល​ទទួល​រង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន ក្នុង​បណ្ដឹង​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​ស្និទ្ធ​នឹង​មន្ត្រី​មាន​អំណាច​ម្នាក់។ លោក​ថា ករណី​បែប​នេះ​គឺ​ពិបាក​នឹង​រក​យុត្តិធម៌​អោយ​ពលករ​រងគ្រោះ៖ «ជាក់ស្ដែង​ករណី​កន្លង​ទៅ​នេះ គឺ​មាន​ក្រុមហ៊ុន​ដែល​មាន​សាច់ញាតិ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​តែ​គាត់​បាន​ធ្វើ​បាប​ពលករ​ដូច​គាត់​បញ្ជូន​ទៅ​ថៃ ជា​ដើម ហើយ​គាត់​យក​លុយ​គេ គាត់​បោកប្រាស់ តែ​នៅ​ពេល​ដែល​យើង​ដាក់​ពាក្យ​បណ្ដឹង​គឺ​វា​អត់​មាន​ប្រសិទ្ធភាព ដោយសារ​តែ​វា​ប៉ះ​ពាល់​ដល់​អ្នក​នេះ សាច់ញាតិ​របស់​អ្នក​នោះ​អ៊ីចឹង​ទៅ»

ក្នុង​បញ្ជី​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា បាន​បង្ហាញ​ថា មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ៧៧ ដែល​ក្រសួង​ការងារ អនុញ្ញាត​អោយ​ជ្រើសរើស​បណ្ដុះបណ្ដាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស។ ក្នុង​បញ្ជី​នោះ​ដាក់​បង្ហាញ​តែ​ក្រុមហ៊ុន​ដែល​អាច​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចំនួន​៣ រួម​មាន ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​ជប៉ុន។

ប្រតិបត្តិ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា គេ​ដឹង​ថា មាន​ក្រុមហ៊ុន​ចំនួន​២ ដែល​ប្រធាន​ក្រុមហ៊ុន​ជាប់​សាច់ញាតិ​នឹង​មន្ត្រី​ជាន់​ខ្ពស់ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ឈ្មោះ សុខ លាភមេត្រី ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ជា​កូនស្រី​របស់​អគ្គនាយក​ការងារ​នៃ​ក្រសួង​ការងារ លោក សេង សក្កដា និង​ក្រុមហ៊ុន អ៊ឹង ឫទ្ធី គ្រុប ដែល​ម្ចាស់​ក្រុមហ៊ុន​ជាប់​សាច់ញាតិ​នឹង​លោក សុខ ផល ជា​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ។ ស្រប​គ្នា​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​អះអាង​ថា គេ​មាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែរ ដែល​មាន​ម្ចាស់​ជាប់​សាច់​ញាតិ​នឹង​មន្ត្រី​នៅ​ក្នុង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក សែម ចៅសុខ មាន​ប្រសាសន៍​ថា ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​ថា អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​ដែល​ម្ចាស់​ក្រុមហ៊ុន​ស្និទ្ធ​នឹង​មន្ត្រី​នៃ​ក្រសួង​សាមី ឬ​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់៖ «បើ​កាល​ណា​បើ ក្រុមហ៊ុន​វិនិយោគ​វា​ពាក់ព័ន្ធ​នឹង​ទំនាស់​ផលប្រយោជន៍។ ឧទាហរណ៍​ថា ប្រសិនបើ​ក្រុមហ៊ុន​ហ្នុង គាត់​មិន​គោរព​សិទ្ធិ​ពលករ កេងប្រវ័ញ្ច រំលោភ​បំពាន​ពលករ ប៉ុន្តែ​ការ​រំលោភ​បំពាន​នោះ​វា​ហុច​ប្រយោជន៍​ទៅ​ដល់​ពួកគាត់​នោះ ការ​អនុវត្ត​ច្បាប់​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​វា​ទាក់ទង​ទៅ​នឹង​សាច់ញាតិ​របស់​មន្ត្រី​ដែល​មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

នៅ​ក្នុង​បញ្ជី​ដែល​​ផ្សព្វផ្សាយ​ដដែល​​​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន អោយ​ប្រុងប្រយ័ត្ន​ចំពោះ​ជន​ខិលខូច ជន​ឆ្លៀត​ឱកាស ជាពិសេស​ក្រុមហ៊ុន ឬ​អង្គការ​មួយ​ចំនួន​ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ផ្លូវ​ការ​របស់​ក្រសួង។ ប្រសិន​បើ​មាន​បញ្ហា​ដូច​ខាង​ដើម​កើត​ឡើង​សាធារណជន​អាច​ជូន​ដំណឹង​ដល់​​នាយកដ្ឋាន​មុខ​របរ និង​ហត្ថកម្ម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​អោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​មួយ​ចំនួន​ទៀត ដែល​អាច​កើត​ឡើង​នៅ​ពេល​ពលរដ្ឋ​ទៅ​រក​ការងារ​ធ្វើ​ពី​ក្រុមហ៊ុន​ស្រប​ច្បាប់​ទាំង​នោះ។ ស្រប​គ្នា​នេះ រដ្ឋាភិបាល​ត្រូវ​ធានា​ថា ក្រុមហ៊ុន​ទាំង​នោះ​បាន​ផ្ដល់​ព័ត៌មាន​ពិត​ដល់​ពលរដ្ឋ ត្រូវ​មាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ គ្រប់​គ្រាន់​នៅ​មុន​ពេល​បញ្ជូន និង​ក្រុមហ៊ុន​ត្រូវ​មាន​តំណាង​ដែល​យក​ចិត្ត​ទុក​ដាក់​ដល់​ពលករ​នៅ​ក្នុង​ប្រទេស​ទទួល។ ម្យ៉ាង​ទៀត​រដ្ឋាភិបាល​ត្រូវ​ធានា​​ផ្ដល់​ព័ត៌មាន​គ្រប់គ្រាន់​ដល់​ពលរដ្ឋ​ពី​នីតិវិធី​នានា ក្នុង​ការ​តវ៉ា និង​​ដាក់​បណ្ដឹង​ប្រឆាំង​ក្រុមហ៊ុន​នៅ​ពេល​មាន​បញ្ហា​​រំលោភ​បំពាន ឬ​ការ​កេង​ប្រវ័ញ្ច​កើត​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles