Clik here to view.

អង្គការសង្គមស៊ីវិល និងគណបក្សសង្គ្រោះជាតិ ព្រួយបារម្ភអំពីការប្រើប្រាស់ថវិកាជាតិដោយគ្មានប្រសិទ្ធភាព ជុំវិញគម្រោងតែងតាំងមន្ត្រីឃុំ-សង្កាត់ចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជាជំនួយការ ឬទីប្រឹក្សាមន្ត្រីរដ្ឋាភិបាល។ គណបក្សប្រជាជនកម្ពុជា អះអាងថា គម្រោងតែងតាំងនេះ គឺជាគោលនយោបាយ និងជាវប្បធម៌ចែករំលែករបស់គណបក្ស ហើយថាវាមិនប៉ះពាល់ដល់ការប្រើប្រាស់ថវិកាជាតិនោះទេ។
ក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងជុំវិញគម្រោងតែងតាំងមន្ត្រីឃុំ-សង្កាត់ចាញ់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នោះ គឺកង្វះប្រសិទ្ធភាពការងារ និងការខ្ជះខ្ជាយថវិកាជាតិ។
នាយកប្រតិបត្តិអង្គការគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ពិនិត្យឃើញថា ថវិកាជាតិជិត ៥ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ឆ្នាំ២០១៧ មានប្រមាណ ១៧ភាគរយ គឺជាកញ្ចប់ថវិកាមិនទាន់បែងចែក។ ដូច្នេះលោកគិតថា គណបក្សកាន់អំណាចទំនងជាប្រើប្រាស់ថវិកានេះ ដើម្បីចំណាយលើប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗរបស់មន្ត្រីឃុំដែលគ្រោងនឹងតែងតាំងទាំងនោះ។
លោកបញ្ជាក់ថា លោកមិនប្រឆាំងនឹងការតែងតាំងនេះឡើយ ក៏ប៉ុន្តែលោកបារម្ភអំពីប្រសិទ្ធភាពការងារ ត្បិតមន្ត្រីទាំងនោះភាគច្រើនជាមន្ត្រីចាស់វស្សា និងមានបញ្ហាអសកម្មច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់ទំនុកចិត្តលែងបោះឆ្នោតឲ្យ៖ «»។
គណបក្សប្រជាជនកម្ពុជា គ្រោងតែងតាំងអតីតមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សារបស់ខ្លួនដែលចាញ់ឆ្នោត ឲ្យធ្វើជាជំនួយការ និងទីប្រឹក្សារបស់មន្ត្រីរដ្ឋាភិបាលតាមក្រសួងស្ថាប័ននានា ក្រោយ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា ការតែងតាំងនេះផ្អែកលើជំនាញ និងសមត្ថភាពរបស់អតីតមន្ត្រីឃុំ-សង្កាត់ទាំងនោះ ហើយនេះគឺជាវប្បធម៌ចែករំលែករបស់គណបក្ស៖ «»។
លោក សុខ ឥសាន មិនទាន់អាចបញ្ជាក់បានទេថា តើអតីតមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាប៉ុន្មាននាក់ទេ ដែលនឹងត្រូវបានតែងតាំងជាជំនួយការ ឬជាទីប្រឹក្សារដ្ឋាភិបាល ដោយរង់ចាំលទ្ធផលបោះឆ្នោតផ្លូវការ ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ឃើញថា គម្រោងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការចំណាយថវិកាជាតិ។ លោកថា បើសិនជាត្រូវការបន្ថែមមនុស្សដើម្បីធ្វើការឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលគួរណាស់តែទុកឱកាសនេះឲ្យយុវជនដែលមានចំណេះដឹង ជំនាញ និងសក្ដានុពលក្នុងការងារ មិនគួរណាជ្រើសរើសយកមន្ត្រីឃុំ-សង្កាត់ចាស់វស្សា ហើយបាត់បង់ទំនុកចិត្តពីពលរដ្ឋនោះឡើយ៖ «»។
ឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសមានចំនួន ១.៦៤៦ឃុំ-សង្កាត់ គិតជាអាសនៈមានចំនួនជាង ១ ម៉ឺន ១ពាន់អាសនៈ (១១.៥៧២អាសនៈ)។ គណបក្សសង្គ្រោះជាតិ ប្រកាសលទ្ធផលបណ្ដោះអាសន្នថា ខ្លួនដណ្ដើមតំណែងជាមេឃុំ-ចៅសង្កាត់ប្រមាណជិត ៥០០ឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាចំនួនជិតពាក់កណ្ដាលនៃចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស។ បើនេះជាតួលេខត្រឹមត្រូវ មានន័យថា មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ នឹងត្រូវបាត់បង់តំណែង។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ថ្លែងថា ករណីនេះមិនរាប់បញ្ចូលជាអំពើពុករលួយក្នុងក្របខ័ណ្ឌច្បាប់របស់កម្ពុជា ឡើយ ក៏ប៉ុន្តែវាអាចនឹងក្លាយជាអំពើពុករលួយ បើសិនជាការតែងតាំងនោះមានពាក់ព័ន្ធនឹងបញ្ហាលុយកាក់ ដើម្បីទទួលបានតួនាទី។ លោក ព្រាប កុល បន្តថា ការតែងតាំងដោយគ្រាន់តែបុគ្គលនោះមានអតីតភាពការងារបម្រើគណបក្ស ខណៈស្ថាប័នជាតិគ្មានតម្រូវការ និងការតែងតាំងខុសនីតិវិធី គឺជាបញ្ហាបក្ខពួកនិយម។ ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា មិនមានចែងអំពីបញ្ហាបក្ខពួកនិយមនោះទេ ក៏ប៉ុន្តែក្នុងគោលការណ៍សកល វាត្រូវបានចាត់ទុកថាជាទម្រង់នៃអំពើពុករលួយ៕