Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​៩០​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​ថ្កោលទោស​អាជ្ញាធរ​រឿង​មិន​ដោះស្រាយ​សំណង

Image may be NSFW.
Clik here to view.

សហគមន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចំនួន ៩០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ ថា​ពុំ​បាន​បំពេញ​តួនាទី​បម្រើ​ពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គាត់​ប្រឈម​ពី​ការ​បណ្ដេញ​ចេញ​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ឡើយ។

សហគមន៍​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា កន្លង​ទៅ អាជ្ញាធរ​ដែនដី និង​មន្ត្រី​អន្តរ​ក្រសួង ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​បាន​មួយ​ចំនួន​តូច ចំណែក​ពួក​គាត់​ចំនួន ៩០​គ្រួសារ ពុំ​បាន​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត លោក សែន សុផុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា មូលហេតុ​ដែល​ពួក​គាត់​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោយសារ​ពួក​គាត់​តវ៉ា​ឲ្យ​អាជ្ញាធរ​ក្រុង​នេះ និង​មន្ត្រី​ពាក់ព័ន្ធ ដោះស្រាយ​ចំនួន ៨១​លើក​មក​ហើយ តែ​ពុំ​មាន​ដំណោះស្រាយ៖ «ពួក​ខ្ញុំ​និយាយ​ដាច់ខាត​តែ​ម្ដង ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ គឺ​ពួក​ខ្ញុំ​នឹង​នាំ​គ្នា​តវ៉ា​រហូត ព្រោះ​អី​ពួក​ខ្ញុំ​មិន​អាច​រស់នៅ​តាម​ផ្លូវ​រថភ្លើង​បាន​ទៀត​ទេ ព្រោះ​ផ្ទះ​របស់​ខ្ញុំ​នៅ​កៀក​ផ្លូវ​រថភ្លើង​ខ្លាំង​ពេក»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ មិថុនា ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

កន្លង​ទៅ លោក ម៉ែន សុភ័ណ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​អន្តរ​ក្រសួង ដើម្បី​ពិនិត្យ​បញ្ហា​នេះ​រួច​មក​ហើយ តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ពី​មន្ត្រី​អន្តរ​ក្រសួង​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែងការណ៍​របស់​ពលរដ្ឋ គឺ​ជា​ការ​តស៊ូ​មតិ​តាម​លទ្ធិប្រជាធិបតេយ្យ ដោយ​ពុំ​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។ លោក​បន្ថែម​ថា នេះ​សាជាថ្មី​មួយ​ទៀត​ដែល​ពលរដ្ឋ​ទទូច​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់៖ «សំឡេង​ដែល​ពួក​គាត់​ប្រើប្រាស់​ស្រែក​ដង្ហោយ​ហៅ​នេះ ប្រើ​ដូចជា​បទ​ចម្រៀង​ដ៏​ពីរោះ​មួយ​បទ​ទៅ​វិញ​ទេ។ ដូច្នេះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ចាប់​ផ្ដើម​គិត និង​ពិចារណា ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មុខងារ​របស់​ខ្លួន»

ខ្លឹមសារ​សំខាន់​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ទៅ​លើ​មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់​ទៅ​តាម​ច្បាប់ និង​ដោយ​តម្លាភាព ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ដី​សង់​ទីលំនៅ​ថ្មី​រស់នៅ​ឲ្យ​បាន​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles