
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា ត្រឹមម៉ោង ៤រសៀលថ្ងៃទី៦ មិថុនា គ.ជ.ប បានប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ចំនួន ១.២៩២ឃុំ-សង្កាត់នៃចំនួនសរុប ១.៦៤៦។
លោក ហង្ស ពុទ្ធា រំពឹងថា គ.ជ.ប នឹងបញ្ចប់ការប្រកាសលទ្ធផលបឋមនេះយ៉ាងយូរបំផុតត្រឹមថ្ងៃទី៧ មិថុនា៖ «ហើយមានការយឺតយ៉ាវពីអ្នកផ្ញើមក។ ប្រសិនបើមកដល់ដៃ គ.ជ.ប ហើយ គ.ជ.ប នឹងដុតដៃដុតជើងធ្វើ ហើយសមាជិក គ.ជ.ប ទាំង៩ កំពុងអង្គុយជុំគ្នាដើម្បីរង់ចាំពិនិត្យនូវលទ្ធផលនេះ និងធ្វើការសម្រេចឲ្យផ្សាយ»។
លោក ហង្ស ពុទ្ធា បន្តពន្យល់ថា ភាពយឺតយ៉ាវនៃការបញ្ចប់ការប្រកាសលទ្ធផលបឋម ដោយសារបញ្ហាអាកាសធាតុ ដោយលោកថាមានឃុំមួយត្រូវយកឧទ្ធម្ភាគចក្រទៅដឹកលទ្ធផលបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប ធានាអះអាងថា លទ្ធផលបោះឆ្នោតដែល គ.ជ.ប ប្រកាស គឺត្រឹមត្រូវ៖ «ស្នើឲ្យប្រជាពលរដ្ឋអត់ធ្មត់ថា ការប្រកាសលទ្ធផលនេះ គឺយឺតជាងការគ្រោងទុក តែមានភាពម៉ត់ចត់ និងមានភាពត្រឹមត្រូវ ហើយក៏គ្មានអ្នកណាមួយហែក (Hack) (ឈ្លានពាន) ចូលក្នុងកិច្ចការរបស់ គ.ជ.ប ហើយនៅទីនេះក៏ គ.ជ.ប បានផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ និងទទួលខុសត្រូវចំពោះលទ្ធផលដែលប្រកាសផ្សាយនៅពេលខាងមុខនេះ»។
បើទោះបី គ.ជ.ប មិនទាន់បូកសរុបចំនួនសំឡេងគាំទ្រ និងចំនួនឃុំ-សង្កាត់ដែលគណបក្សនយោបាយទាំង១២ ទទួលបានពីការបោះឆ្នោតកាលពីថ្ងៃទី៤ មិថុនា ក្តី គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ អ្នកសង្កេតការណ៍ និងសារព័ត៌មានមួយចំនួន បានប្រកាសលទ្ធផលបឋមមុន គ.ជ.ប។
លោក ហង្ស ពុទ្ធា គូសបញ្ជាក់ថា មានតែ គ.ជ.ប មួយគត់ដែលមានសិទ្ធិផ្សព្វផ្សាយពីលទ្ធផលបោះឆ្នោត៖ «ខ្ញុំសូមជម្រាបថា បើមានស្ថាប័នបានសរសេរ ឬបានផ្សាយថា លទ្ធផលយកចេញពី គ.ជ.ប នោះ គឺជារឿងមិនត្រឹមត្រូវទេ។ គ.ជ.ប នៅពុំទាន់ចេញលទ្ធផលនៅទូទាំងប្រទេសនៅឡើយទេ»។
លោកលើកឡើងថា គ.ជ.ប នឹងពិនិត្យមើលស្ថាប័នដែលអះអាងថាផ្សាយលទ្ធផលសរុប ដោយផ្អែកទៅលើ គ.ជ.ប ហើយ គ.ជ.ប នឹងតាមមើល ប្រសិនបើមានភស្តុតាង ហើយបញ្ហានេះនឹងដាក់ជូនទៅសមាសភាព គ.ជ.ប ទាំង ៩នាក់ ពិចារណាលើបញ្ហានេះ។
កាសែតខ្មែរថាមស៍ (Khmer Times) បានផ្សព្វផ្សាយលទ្ធផលបោះឆ្នោតសរុបទូទាំងប្រទេសនៅថ្ងៃទី៦ មិថុនា ដោយយកទិន្នន័យពី គ.ជ.ប ខណៈ គ.ជ.ប មិនទាន់បញ្ចប់ការផ្សាយតួលេខបឋមតាមឃុំ-សង្កាត់នីមួយៗនៅឡើយ។
ប្រភពនៅកាសែតខ្មែរថាមស៍ សុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ មិថុនា ថា តាមពិត ទិន្នន័យនេះបានមកពីគណបក្សនយោបាយ មិនមែនពី គ.ជ.ប នោះទេ ហើយបញ្ជាក់ថា នេះបណ្ដាលមកពីកំហុសបច្ចេកទេស ហើយនឹងចេញសេចក្តីកែតម្រូវអំពីរឿងនេះ។ ប្រភពដដែលបញ្ជាក់ថា កាសែតខ្មែរថាមស៍ យល់អំពីនីតិវិធីរបស់ គ.ជ.ប ដែលហាមមិនឲ្យផ្សាយលទ្ធផលដែលមិនមែនជារបស់ គ.ជ.ប ក៏ប៉ុន្តែកាសែតខ្មែរថាមស៍ ចង់ផ្តល់តួលេខនេះដល់អ្នកអានរបស់ខ្លួនឲ្យបានជ្រាប ខណៈតួលេខនេះត្រូវបានគេផ្សព្វផ្សាយជាហូរហែរួចមកហើយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងថា គ.ជ.ប ទទួលបានពាក្យបណ្ដឹងទាក់ទងនឹងភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតចំនួន ៧១បណ្ដឹង ទាក់ទងនឹងការបំពានលើបទបញ្ញត្តិនៃច្បាប់បោះឆ្នោត ហើយ គ.ជ.ប នឹងដោះស្រាយបណ្ដឹងនេះទៅតាមកាលបរិច្ឆេទ និងនីតិវិធី៖ «បន្ទាប់ពីការផ្សាយលទ្ធផលបឋមហើយ គ.ជ.ប ពិនិត្យទៅលើបញ្ហាហ្នឹង ដោយឡែកគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ លោកកំពុងដោះស្រាយពាក្យបណ្ដឹងមួយចំនួនដែលអាចដោះបាននៅតាមឃុំ-សង្កាត់»។
លទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវ គ.ជ.ប ប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ក្រោយពេលដោះស្រាយបណ្ដឹងរួចរាល់៕