Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បទសម្ភាសន៍​ស្ដីពី​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​យុវជន​ត្រៀម​ខ្លួន​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា

$
0
0

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ហ្គូហ្គល (Google) និង​តេម៉ាសិក (Temasek) បាន​រក​ឃើញ​ថា ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​តំបន់​អាស៊ាន កំពុង​រីក​ដុះដាល​ដោយ​មាន​អ្នក​ប្រើប្រាស់​ថ្មី​ចំនួន ១២​ម៉ឺន ៤​ពាន់​នាក់ ចាប់​ផ្តើម​ភ្ជាប់​អ៊ីនធឺណិត​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត តំបន់​អាស៊ាន​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជិត ៦០០​លាន​នាក់។

វា​ជា​ឱកាស​ធំ​សម្បើម​មួយ​សម្រាប់​ការ​រក​ស៊ី​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​គ្រប​ដណ្ដប់​ដោយ​កុំព្យូទ័រ ការ​ទំនាក់ទំនង និង​អ៊ីនធឺណិត។

តើ​ការ​វិវឌ្ឍន៍​នេះ​នឹង​ផ្តល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ប្រជាជន​អាស៊ាន ដែល​រួម​មាន​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippines) សិង្ហបុរី (Singapore) ថៃ (Thailand) ប្រ៊ុយណេ (Brunei) ឡាវ (Laos) មីយ៉ាន់ម៉ា (Myanmar) កម្ពុជា (Cambodia) និង​វៀតណាម (Vietnam) ហើយ​តើ​ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ចំពោះ​ការ​មក​ដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម ដឹក​មុខ​ដោយ​បច្ចេកវិទ្យា?

ប្រធាន​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក និង​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក ចាស្ទីន វ៉ូត (Justin Wood) បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក សាន សែល នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ឧសភា។

លោក សាន សែល៖ ខណៈ​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​មាន​អ៊ីនធឺណិត​ប្រើ វា​ផ្តល់​នូវ​ប្រយោជន៍​ជាច្រើន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​រក​ស៊ី និង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​ក្នុង​ប្រទេស ដូចជា​មាន​ការ​ចូលរួម​សកម្មភាព​នយោបាយ​សកម្ម​ជាង​មុន មាន​សេវាកម្ម​ថ្មីៗ ការ​ប្រាស្រ័យ​ទាក់ទង​រវាង​រដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​កាន់​តែ​ស្និទ្ធ​ជាង​មុន។ វា​ផ្តល់​នូវ​ឱកាស​ល្អ​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល។ លោក ចាស្ទីន វ៉ូត (Justin Wood) តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​បដិវត្តន៍​បច្ចេកវិទ្យា​នេះ?

លោក ចាស្ទីន វ៉ូត៖ យើង​អាច​ក្រឡេក​មើល​ពី​ជ្រុង​សុទិដ្ឋិនិយម​មុន។ លោក​អាច​និយាយ​បាន​ថា អាស៊ាន​នឹង​ជា​អ្នក​ទទួល​ប្រយោជន៍​ដ៏​ធំ​មួយ​ពី​បដិវត្តន៍​ឌីជីថល (Digital) ឬ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។ វា​នឹង​ផ្តល់​នូវ​មធ្យោបាយ​ថ្មី​ក្នុង​ការ​ផ្តល់​សេវា​សុខភាព ធនាគារ ហិរញ្ញវត្ថុ និង​ការ​អប់រំ។ មនុស្ស​អាច​រៀន​តាម​អ៊ីនធឺណិត​បាន ដោយ​មិន​ចាំបាច់​ទៅ​សាលារៀន។

ឧស្សាហកម្ម និង​មធ្យោបាយ​ថ្មីៗ​ទាំងនេះ បង្កើត​ការងារ​ថ្មី និង​ឱកាស​ដ៏​គួរ​ឲ្យ​រំភើប។ នេះ​បើ​មើល​វា​ដោយ​គំនិត​សុទិដ្ឋិនិយម។ ក៏ប៉ុន្តែ​យើង​មើល​ពី​ជ្រុង​មនុស្ស​ដែល​គិត​ទុទ្ទិដ្ឋិនិយម​វិញ។ ពួក​គាត់​នឹង​យល់​ថា ការងារ​របស់​មនុស្ស​នឹង​ត្រូវ​មនុស្ស​យន្ត ឬ​គ្រឿង​ម៉ាស៊ីន​ឆក់​ដណ្ដើម​យក ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​រក​ការងារ​ធ្វើ។

ដូច្នេះ ខ្ញុំ​គិត​ថា​មេ​ដឹកនាំ​ក្នុង​តំបន់​អាស៊ាន ទាំង​ពី​ខាង​រដ្ឋាភិបាល និង​ពាណិជ្ជករ ត្រូវ​តែ​ប្រាកដ​ថា ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់​ដែល​ចាប់​ផ្ដើម​ប្រើ​អ៊ីនធឺណិត​មាន​ជំនាញ​វិជ្ជាជីវៈ និង​យល់​ដឹង​ពី​របៀប​ប្រើប្រាស់​អ៊ីនធឺណិត​ពី​របៀប​ទាញ​យក​ផល​ប្រយោជន៍​ពី​វា។ និយាយ​ទៅ វា​ពាក់ព័ន្ធ​នឹង​ការ​អប់រំ។

ទាំងនេះ អាស៊ាន​ដែល​ពោរពេញ​ដោយ​ពលរដ្ឋ សេដ្ឋកិច្ច និង​សង្គម​ចម្រុះ អាច​បោះ​ជំហាន​ទៅ​រក​ផ្លូវ​ត្រូវ។ វា​គឺ​ជា​បន្ទុក​ការងារ​ដ៏​ធ្ងន់​មួយ ហើយ​ខ្ញុំ​យល់​ថា អាស៊ាន​មិន​ប្រឈម​បញ្ហា​នេះ​តែ​ឯង​នោះ​ទេ។ បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ហ្នឹង ប៉ះពាល់​គ្រប់​ប្រទេស​លើ​ពិភពលោក។

ខ្ញុំ​ចង់​និយាយ​ថា ការ​អប់រំ គឺ​ជា​គន្លឹះ​សំខាន់​ខ្លាំង​ណាស់។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​ចឹង! ថ្លៃ​ឈ្នួល កម្លាំង​ពលកម្ម​ថោក នឹង​មិន​មែន​ជា​ចំណុច​ខ្លាំង​មួយ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ដៃគូ​នោះ​ទេ​នា​ពេល​អនាគត។ ទៅ​មុខ​ទៀត មនុស្ស​នឹង​ត្រូវ​ប្រកួត​កម្លាំង​ពលកម្ម​ជាមួយ​មនុស្ស​យន្ត និង​គ្រឿងយន្ត ពីព្រោះ​ថា​មនុស្ស​យន្ត និង​គ្រឿងយន្ត នឹង​មាន​តម្លៃ​ថោក។ ហេតុ​នេះ មនុស្ស​ត្រូវ​ផ្តល់​សេវាកម្ម​អ្វី​ដែល​ថ្មី​ប្លែក។

មនុស្ស​ត្រូវ​តែ​អាច​ធ្វើ​ការងារ​ឲ្យ​បាន​ច្រើន​ជាង​មុន ដោយ​ត្រូវ​មាន​ជំនាញ​វិជ្ជាជីវៈ និង​ចេះ​ផ្តល់​សេវាកម្ម​ឲ្យ​ច្រើន។ មនុស្ស​ត្រូវ​តែ​ចេះ​អ្វី​ដែល​កុំព្យូទ័រ មនុស្ស​យន្ត និង​គ្រឿង​ម៉ាស៊ីន ធ្វើ​មិន​កើត។ រឿង​នេះ នឹង​មិន​មែន​ស្រួល​ទេ។ ប៉ុន្តែ​ច្បាស់​ណាស់​ថា វា​តម្រូវ​ឲ្យ​មនុស្ស​មាន​ការ​អប់រំ​ខ្ពស់ ធ្វើ​ការងារ​បាន​ច្រើន និង​មាន​ជំនាញ​ប្រាកដ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

លោក សាន សែល៖ នៅ​ក្នុង​បរិបទ​នេះ តើ​រដ្ឋាភិបាល ឬ​អ្នក​បង្កើត​គោល​នយោបាយ ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​របស់​ពួក​គេ ពិសេស​យុវជន​អាច​ប្រកួត​ជាមួយ​មនុស្ស​យន្ត ឬ​គ្រឿងយន្ត​នេះ?

លោក ចាស្ទីន វ៉ូត៖ តាម​ខ្ញុំ​យល់ វា​សំខាន់​មែន​ទែន​ដែល​យើង​មិន​គួរ​ភ័យ​ខ្លាច​ពួក​វា​ពេក​នោះ​ទេ ដោយសារ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នេះ។ ការ​ផ្លាស់ប្ដូរ វា​កំពុង​តែ​កើត​ឡើង​ហើយ។ យើង​មិន​អាច​រារាំង​កុំ​ឲ្យ​វា​មក​នោះ​ទេ។ យើង​ត្រូវ​ទទួល​យក​វា។

ខ្ញុំ​គិត​ថា មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​ពេល​អនាគត នឹង​ដឹក​មុខ​ដោយ​សកម្មភាព​ឌីជីថល នឹង​ប្រមូល​ផ្តុំ​មនុស្ស និង​សង្គម​សេដ្ឋកិច្ច ឲ្យ​ចូល​ក្នុង​បណ្ដាញ​ពិភពលោក​មួយ។

ដូច​នេះ​ហើយ រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​ជំរុញ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យ​មាន​សកម្មភាព​លើ​អ៊ីនធឺណិត ដើម្បី​ឲ្យ​ភ្ជាប់​ខ្លួន និង​ដើរ​ឲ្យ​ទាន់​អ្វី​ដែល​កំពុង​កើត​ឡើង​លើ​ពិភពលោក។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​ក៏​អាច​ប្រើ​អ៊ីនធឺណិត​ដើម្បី​ផ្តល់​សេវាកម្ម​ដែល​ខ្លួន​មាន​ផង​ដែរ។

ទាំងនេះ វា​កំពុង​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​ការ​អប់រំ ដូច​ដែល​យើង​បាន​ជជែក​មក​នេះ។

ឱកាស​ដែល​ផ្តល់​ដោយ​អ៊ីនធឺណិត​សម្រាប់​ការ​សិក្សា​រៀនសូត្រ មាន​ទំហំ​ធំ​ខ្លាំង​ណាស់ ដែល​យើង​មាន​មធ្យោបាយ​ថ្មី​សម្រាប់​រៀនសូត្រ មាន​ប្រាជ្ញា​បាធិ​ថ្មី បណ្ដុំ​ព័ត៌មាន​ថ្មី។

រដ្ឋាភិបាល​គួរ​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ក្លាយ​ជា​អ្នក​ប្រកួត​ប្រជែង​បែប​ឌីជីថល និង​ដឹង​ពី​ការ​ទាញ​យក​ប្រយោជន៍​ពី​អ៊ីនធឺណិត។

លោក សាន សែល៖ តើ​ប្រជាជន​អាស៊ាន ពិសេស​យុវជន​ដែល​តំណាង​ឲ្យ​ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប​ជាង ៦២០​លាន​នាក់ គួរ​ធ្វើ​ដូចម្តេច​ខ្លះ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​នូវ​ការ​មក​ដល់​របស់​បដិវត្ត​ន៍​បច្ចេកវិទ្យា​ក្នុង​តំបន់?

លោក ចាស្ទីន វ៉ូត៖ ប្រធានបទ​អ្វី​ដែល​លេចធ្លោ​ជាង​គេ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​កម្ពុជា គឺ​អាស៊ាន។ តំបន់​នេះ​កំពុង​មាន​កំណើន​ប្រជាជន​ដែល​មាន​អ៊ីនធឺណិត​ប្រើប្រាស់ ប៉ុន្តែ​ឥឡូវ​នេះ​អតិថិជន​ប្រើប្រាស់​មធ្យោបាយ​ឌីជីថល ភាគច្រើន​មិន​ទាន់​បាន​ធ្វើ​ជា​អ្នក​ផលិត​នៅ​ឡើយ។ យ៉ាង​ណា​ក៏ដោយ ការ​ធ្វើ​ជា​អតិថិជន​ឌីជីថល ជា​ជំហាន​ដំបូង។

យើង​អាច​អាន ឬ​មើល​ព័ត៌មាន លេង​ហ្គេម​អនឡាយ (Online) តាម​អ៊ីនធឺណិត។ ប៉ុន្តែ​យើង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្លាយ​ជា​អ្នក​ផលិត​វិញ​ម្តង ដូចជា​អ្នក​ផលិត​អេប (App) ហ្គេម ផលិត content ផ្សារ​អនឡាយ​អី​ហ្នឹង ជាដើម។

លោក​អាច​មើល​ឃើញ​ហើយ​ថា ក្នុង​តំបន់​អាស៊ាន​នេះ សហគ្រិន​ឌីជីថល និង​អាជីវកម្ម​ឌីជីថល កំពុង​តែ​ចាប់​ផ្ដើម​រីក​ដុះដាល​ហើយ រាប់​ចាប់​តាំង​ពី​សេវាកម្ម​ហិរញ្ញវត្ថុ ការ​លក់​ទំនិញ​អនឡាយ សេវាកម្ម​កម្សាន្ត។

អាស៊ាន ត្រូវការ​បន្ត​ធ្វើ​ជា​អតិថិជន​ឌីជីថល ប៉ុន្តែ​ត្រូវការ​ចំណេះ​ដឹង​ផ្នែក​លុយកាក់​ច្រើន​ទៀត។ មែន​ទែន​ទៅ ប្រជាជន​តំបន់​នេះ​ត្រូវ​រៀន​ជំនាញ​កុំព្យូទ័រ​សូហ្វវែ (software) ជំនាញ​សរសេរ​កូដ (coding) រៀន​ធ្វើ​ជា​វិស្វករ​ផ្នែក​សូហ្វវែ (software) ឬ​ក៏​ក្លាយ​ជា​អ្នក​វិភាគ​ទិន្នន័យ​ធំៗ (big data analyst)

ជំនាញ​វិភាគ​ទិន្នន័យ​ធំៗ នឹង​ក្លាយ​ជា​ជំនាញ​សំខាន់​នា​ពេល​អនាគត។

ខ្ញុំ​គិត​ថា យុវជន​ក្នុង​តំបន់​នេះ គួរ​ចំណាយ​ពេលវេលា​របស់​ពួក​គេ​រៀនសូត្រ​ជំនាញ​ទាំងអស់​នេះ ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​សេដ្ឋកិច្ច​ឌីជីថល​នា​ពេល​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles