Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណបក្ស​តូចៗ​​មួយ​ចំនួន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ខ្លួន​ទទួល​បាន

$
0
0

គណបក្ស​នយោបាយ​តូចៗ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ខ្លួន​ទទួល​បាន បើ​ទោះ​ជា​ពួកគេ​បាន​គ្រប់គ្រង​ឃុំ-​សង្កាត់​ណា​មួយ​ក្ដី។

ប្រធាន និង​តំណាង​គណបក្ស​នយោបាយ​ចំនួន​៧ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្នុង​ចំណោម​គណបក្ស​ទាំង ១២ អះអាង​ថា នឹង​បន្ត​ចូលរួម​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨ នឹង​អាណត្តិ​ខាង​មុខ​ទៀត ទោះ​លទ្ធផល​បឋម​បង្ហាញ​ថា គណបក្ស​ទាំង​នោះ​មិន​ទាន់​គ្រប់គ្រង​ឃុំ​ណាមួយ​ក្តី។ ពួកគេ​សរសើរ​ថា ការ​បោះឆ្នោត​អាណត្តិ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ជាង​អាណត្តិ​មុន។

ប្រធាន​គណបក្ស​សញ្ជាត​កម្ពុជា លោក លោក សេង សុខេង និយាយ​ថា លទ្ធផល​បោះឆ្នោត​ដែល គ.ជ.ប កំពុង​ផ្សាយ​គឺ​អាច​លោក​ទទួល​យក​បាន។ លោក​មិន​ទាន់​ហ៊ាន​អះអាង​ពី​លទ្ធផល​របស់​គណបក្ស​របស់​ខ្លួន​ទទួល​បាន​ទេ ព្រោះ​ថា គណបក្ស​គ្មាន​អ្នក​សង្កេតការណ៍​គ្រប់គ្រាន់​នោះ​ទេ។

​រី​ឯ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ដែរ​ថា លោក​ទុក​លទ្ធភាព​ឲ្យ គ.ជ.ប ជា​អ្នក​ប្រកាស​លទ្ធផល។ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​សំឡេង​បក្ស​របស់​ខ្លួន មុន​ស្ថាប័ន​នេះ​ផ្សាយ​ទេ។ ទោះ​ជា​ការ​ប្រកាស​លទ្ធផល​បឋម​របស់​គណបក្ស​មិន​ទាន់​បង្ហាញ​ថា គណបក្ស​នេះ​អាច​គ្រប់គ្រង​ឃុំ​ណា​មួយ​ក្ដី ប៉ុន្តែ​លោក ម៉ម សូណង់ដូ ថា លោក​នៅ​តែ​បន្ត​ខំប្រឹង​ប្រមូល​អ្នក​ប្រជាធិបតេយ្យ​បន្ថែម ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច ព្រោះ​លោក​យល់​ថា បក្ស​ប្រឆាំង​សព្វថ្ងៃ​មិន​អាច​ផ្ដួល​បក្ស​កាន់​អំណាច​បាន​ទេ។

​ដោយ​ឡែក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់  អះអាង​ថា គណបក្ស​របស់​លោក​ទទួល​បាន​សំឡេង​ច្រើន​ក្នុង​ចំណោម​គណបក្ស​គ្មាន​សំឡេង​នៅ​រដ្ឋ​សភា ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់។ លោក​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​លើក​នេះ ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​អ្នក​នយោបាយ​មាន​ភាព​ចាស់​ទុំ ហើយ គ.ជ.ប ក៏​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ​ដែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន ឬ​អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ដើម្បី​សុំ​ការ​បំភ្លឺ​​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា យល់​ថា ការ​បោះឆ្នោត​លើក​នេះ ជា​មេ​រៀន​ដ៏​សំខាន់ ជា​ទុន​ដើម្បី​ឲ្យ​លោក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ លោក​ថា ក្នុង​ថ្ងៃ​បោះឆ្នោត​មាន​ដំណើរការ​ល្អ ប៉ុន្តែ​មុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ​ដែល​ជា​ថ្ងៃ​ហាម​ឃោសនា​បក្ស និង​ផឹក​គ្រឿង​ស្រវឹង បែរ​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ផឹក​គ្រឿង​ស្រវឹង និង​ចាក់​ចម្រៀង​ឃោសនា​បក្ស។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នេះ មាន​គណបក្ស​​ចំនួន ១២ ចូលរួម​ប្រកួតប្រជែង​ដើម្បី​ដឹកនាំ​ឃុំ-​សង្កាត់​ទាំង ១.៦៤៦​ទូទាំង​ប្រទេស។ ក្នុង​នោះ​ឃើញ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា។ ក្រៅ​ពី​គណបក្ស​ទាំង​ពីរ​នេះ ស្ទើរ​តែ​គ្មាន​គណបក្ស​ណា​សោះ​អាច​គ្រប់គ្រង​ឃុំ សង្កាត់​បាន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​គណបក្ស​របស់​លោក​បាន​ផ្ដល់​តួលេខ​ថា ក្នុង​ឃុំ-​សង្កាត់​ចំនួន​២៧ ដែល​គណបក្ស​នេះ​ចូល​រួម​ប្រកួតប្រជែង គណបក្ស​បាន​ទទួល​អាសនៈ​ចំនួន​បី​ឃុំ។ ទោះ​ពុំ​បាន​គ្រប់គ្រង​ឃុំ​ណា​មួយ​បាន​ដូច​ចិត្ត​ថា នឹង​យក​ឃុំ​នោះ​ជា​ឃុំ​គំរូ។ លោក សាម អ៊ីន នៅ​តែ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ដែល​ខ្លួន​ទទួល​បាន។

អគ្គលេខាធិការ​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ចិន ថុន  និយាយ​ថា គណបក្ស​របស់​លោក​មិន​ដែល​ខ្វល់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ទេ ព្រោះ​នេះ​ជា​តួនាទី និង​ការ​ទទួល​ខុសត្រូវ​របស់​ពលរដ្ឋ។ លោក​ថា លទ្ធផល​បឋម​បង្ហាញ​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិន​ទាន់​ឈ្នះ​ឃុំ​ណា​មួយ​ក្ដី ប៉ុន្តែ​លោក​កត់សម្គាល់​ថា ការ​គាំទ្រ​គណបក្ស​មាន​ចំនួន​កើត​ឡើង គ្រាន់​តែ​មិន​ទាន់​គ្រប់​ចំនួន​អាច​ទទួល​បាន​អាសនៈ​នៅ​ក្នុង​ឃុំ-​សង្កាត់។

ប្រធាន​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ លោក ប្លាំង ស៊ីន និយាយ​ថា ការ​ដែល​គណបក្ស​របស់​លោក​ទទួល​បាន​សំឡេង​តិច​នៅ​ក្នុង​ឃុំ ព្រោះ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះឆ្នោត ដោយសារ​ជាប់​ផឹក​គ្រឿង​ស្រវឹង និង​ចាញ់​សម្លុត​អ្នក​នយោបាយ។

ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គ.ជ.ប ធ្វើ​ឡើង​មាន​បី​ដំណាក់កាល គឺ​ទី​១ ការ​ប្រកាស​លទ្ធផល​បឋម មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ មិថុនា។ ទី​២ លទ្ធផល​បណ្ដោះអាសន្ន​នឹង​ប្រកាស​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ មិថុនា និង​ទី​៣ ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា គឺ​ជា​ការ​ប្រកាស​នៅ​ក្រោយ​ពេល គ.ជ.ប បាន​ដោះស្រាយ​បណ្ដឹង​នានា​ចប់​សព្វគ្រប់ និង​បិទ​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles