Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្មករ​រោងចក្រ​ខ្លះ​រក្សា​ជំហរ​ទៅ​បោះឆ្នោត​ទោះ​បី​ថៅកែ​មិន​ជួយ​សម្រួល​ថ្ងៃ​ឈប់​សម្រាក​បន្ថែម

$
0
0

កម្មករ កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន​រក្សា​ជំហរ​ទៅ​បោះឆ្នោត​តាម​ការិយាល័យ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ស្រុកកំណើត​របស់​ពួកគេ។ កម្មករ​រោងចក្រ​ថា បើ​ទោះ​ជា​មក​ធ្វើ​ការ​ថ្ងៃ​ទី​៥ ខែ​មិថុនា វិញ​មិន​ទាន់ ក៏​ពួកគេ​ត្រូវ​តែ​ទៅ​ស្រុក​កំណើត​ដើម្បី​បោះឆ្នោត និង​ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ។

កម្មការិនី​រោងចក្រ អែស.អិល (SL) ម្នាក់​ឈ្មោះ ឡៃ ហន ប្រាប់​ថា រោងចក្រ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ចេញ​មុន​ម៉ោង​បាន ១​ម៉ោង នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា គឺ​អាច​ចេញ​នៅ​ម៉ោង ៣​រសៀល។ កម្មការិនី​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​តាកែវ រូប​នេះ​បន្ត​ថា កញ្ញា​នឹង​ទៅ​បោះឆ្នោត បើ​ទោះ​ជា​ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​បាន​ឈប់​ថ្ងៃ​ទី​៥ ខែ​មិថុនា ក៏ដោយ៖ «រោងចក្រ​ខ្ញុំ​គេ​អត់​ឲ្យ​ឈប់​ផង (ទៅ​បោះ​ឆ្នោត) ឲ្យ​ឈប់​តែ​ថ្ងៃ​អាទិត្យ»

កម្មករ​រោងចក្រ អែស.អិល ម្នាក់​ទៀត ផ្នែក​កោស​ខោវប៊យ ឈ្មោះ លី វ៉ាន់ ប្រាប់​ថា លោក​ចេញ​ដំណើរ​ល្ងាច​ថ្ងៃ​ទី​៣ មិថុនា ទៅ​ខេត្ត​ស្វាយរៀង ដើម្បី​បោះឆ្នោត ហើយ​ត្រឡប់​មក​វិញ​នៅ​ពេល​លោក​បាន​បោះឆ្នោត​រួចរាល់។ លោក​មិន​បាន​ដឹង​ថា ថៅកែ​អនុញ្ញាត​ឲ្យ​ប្រើ​ច្បាប់​ឈប់​ប្រចាំ​ឆ្នាំ ឬ​កាត់​លុយ​នោះ​ទេ តែ​លោក​នឹង​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​មិថុនា៖ «អត់​ផង​បង... ទៅ​ហើយ​វិល​វិញ»

កម្មការិនី​រោងចក្រ Try Timex Group នៅ​ផ្លូវ​លេខ ៣៧១ សង្កាត់​បឹងទំពុន កញ្ញា ព្រំ ពៅ ប្រាប់​ថា ខាង​រោងចក្រ​បាន​អនុញ្ញាត​​ឲ្យ​កម្មករ​ឈប់​សម្រាក​បាន​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ដោយ​ប្រើ​ច្បាប់​ឈប់​ប្រចាំ​ឆ្នាំ​ដែល​កម្មករ​ម្នាក់​អាច​ឈប់​បាន ១៨​ដង​ក្នុង​មួយ​ឆ្នាំ។ សម្រាប់​កម្មការិនី​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង រូប​នេះ​ប្រាប់​ថា រោងចក្រ​ដែល​នាង​ធ្វើការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់ នៅ​ថ្ងៃ​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​ដែរ​ឲ្យ​តែ​ប្រើ​ច្បាប់​ឈប់​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់៖ «ទៅ​បោះឆ្នោត រួច​មក​វិញ​ថ្ងៃ​ច័ន្ទ ដាច់​បាន ១​ថ្ងៃ»

កម្មករ​ផ្នែក​ជាង​នៃ​រោងចក្រ Try Timex Group លោក ម៉ន ឡៅ ប្រាប់​ថា កម្មករ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ឆ្ងាយ​ពី​ភ្នំពេញ បាន​ចេញ​ដំណើរ​តាំង​ពី​ម៉ោង ១១ ឬ ១២ ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣ ខែ​មិថុនា។ លោក​បន្ត​ថា សម្រាប់​រោងចក្រ គឺ​កម្មករ ទោះ​នៅ​ខេត្ត​ឆ្ងាយ ឬ​ជិត សុទ្ធតែ​អាច​ឈប់​សម្រាក​បាន​ដោយ​ប្រើ​ច្បាប់​ប្រចាំ​ឆ្នាំ ប៉ុន្តែ​សម្រាប់​កម្មករ​ទើប​ចូល​ថ្មី​មួយ​ចំនួន មិន​ហ៊ាន​ដាក់​ច្បាប់​ឈប់​សម្រាក​ទេ៖ «អ្នក​ឆ្ងាយ ខ្លះ​គេ​ទៅ​ថ្ងៃ​មិញ​ហ្នឹង (៣ មិថុនា) ពេល​បាយ​គេ​ចេញ​ទៅ​កន្លះ​ថ្ងៃ​ទៅ។ ... ប្រើ (ថ្ងៃ​សម្រាក) បំណាច់​ឆ្នាំ​ប្រើ​អី​ដូច​គ្នា​អ៊ីចឹង។ គេ​នៅ​ឆ្ងាយៗ​គេ​ចេញ​ម៉ោង ១១​ថ្ងៃ​មិញ គេ​ចេញ​ទៅ​ផ្ទះ»

អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ដែល​កំពុង​រង់ចាំ​ប្រពន្ធ​ចេញ​ពី​ធ្វើ​ការ​នៅ​រោងចក្រ​ប្រាប់​ថា រោងចក្រ​ដែល​ប្រពន្ធ​គាត់​ធ្វើការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ថ្ងៃ​ទី​៥ ខែ​មិថុនា ព្រោះ​រោងចក្រ​បាន​ឲ្យ​កម្មករ​ធ្វើការ​ជំនួស​ថ្ងៃ​ទី​៥ រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដែល​ជា​ទិវា​កុមារ​អន្តរជាតិ៖ «ទៅ​ទាំង​ល្ងាច​ហ្នឹង ព្រលឹម​ឡើង​បោះ​ឆ្នោត ថ្ងៃ​ច័ន្ទ​មក​វិញ។ ថ្ងៃ​ច័ន្ទ​គេ​ដូរ​ហើយ គេ​ដូរ​រួច​ហើយ ឈប់​ដល់​ថ្ងៃ​ច័ន្ទ មួយ​ថ្ងៃ ខ្ញុំ​មក​វិញ។ … អត់​កាត់ (លុយ) ទេ អត់​មាន​កាត់​ទេ ព្រោះ​យើង​ដូរ​ថ្ងៃ​មួយ​ថ្ងៃ អ៊ីចឹង​យើង​មាន​ពេល​បោះ​ហើយ​មក​វិញ»

​សហជីព​បាន​ទាមទារ​ឲ្យ​មាន​ការ​សម្រួល​ដល់​កម្មករ​អាច​ឈប់​សម្រាក​ពិសេស​បាន ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៥ មិថុនា ដើម្បី​អាច​ឲ្យ​កម្មករ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​នៅ​ស្រុក​កំណើត ដែល​កម្មករ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ថា ក្នុង​ករណី​ដែល​ពុំ​មាន​ភ្លើង​ខៀវ​សម្រាប់​ថ្ងៃ​ឈប់​ពិសេស កម្មករ​ដែល​កំពុង​បម្រើការ​នៅ​តាម​រោងចក្រ និង​សហគ្រាស​ផ្សេង​ទៀត​ពុំ​មាន​សិទ្ធិ​ពិសេស​ឈប់​សម្រាក​បន្ថែម​អម​នៅ​ថ្ងៃ​បោះឆ្នោត​ឡើយ។ ប៉ុន្តែ​សមាគម​ដដែល​នេះ​បញ្ជាក់​ថា ពួកគេ​អាច​ប្រើប្រាស់​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ផ្ដល់​សិទ្ធិ​សម្រេច​នេះ​ឲ្យ​ទៅ​ក្រសួង​សាមី ដែល​ធ្វើការ​ជិត​ដិត​ជាមួយ​កម្មករ និង​ភាគី​រោងចក្រ។ ប៉ុន្តែ​ក្រសួង​ការងារ​បកស្រាយ​ថា បញ្ហា​នេះ​គឺ​ជា​កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។ ជា​លទ្ធផល​មក​ថ្ងៃ​ទី​៣ មិថុនា នេះ ពុំ​ទាន់​មាន​ព័ត៌មាន​ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​បន្ថែម​ពី​ថ្ងៃ​អាទិត្យ ទី​៤ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles