Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ជាង​៣០​នាក់​នៅ​បាត់ដំបង​សង្ស័យ​ពុល​អាហារ​នៅ​ពេល​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត

$
0
0

ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​២ នៃ​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ប្រមាណ​ជាង ៣០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី បន្ទាប់ពី​ពួកគេ​បាន​ពុល​អាហារ​ជា​បន្តបន្ទាប់។ ករណី​ពុល​អាហារ​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នោះ បាន​ហូបបាយ​ប្រអប់​ដែល​ខ្ចប់​ទុក​អំឡុង​ពេល​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​នយោបាយ។

ពលរដ្ឋ​សង្ស័យ​ថា មូលហេតុ​នាំ​ឱ្យ​មាន​ការ​ពុល​អាហារ រហូត​បណ្ដាល​ឱ្យ​ក្អួតចង្អោរ ស្លេកស្លាំង និង​ទន់​ដៃ​ទន់​ជើង កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧ ប្រហែល​បណ្ដាល​មក​ពី​ប្រអប់​ដែល​ពួកគាត់​ប្រើប្រាស់​សម្រាប់​ខ្ចប់​បាយ និង​ម្ហូប​យក​ទៅ​បរិភោគ នៅ​ពេល​ចេញ​ឃោសនា​បោះឆ្នោត។

សាក្សី​ម្នាក់​នៅ​ភូមិ​ឆាយបល្ល័ង ឈ្មោះ យ៉ាន់ គួន ថ្លែង​ថា ពលរដ្ឋ​ដែល​ពុល​អាហារ​ទាំង​អស់​មាន​ទាំង​ក្មេង និង​ចាស់​សរុប​ចំនួន​ប្រហែល ៣៨​នាក់ ហើយ​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រស់​នៅ​ក្នុង​ភូមិ​ឆាយបល្ល័ង និង​ភូមិ​ជើងទេញ ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង បន្ទាប់ពី​ពួកគេ​នាំ​គ្នា​ហូបបាយ​ជាមួយ​សាច់​ជ្រូក​ចៀន និង​ពង​ទា​ចៀន ដែល​ប្រពន្ធ​របស់​លោក​មេភូមិ​ជើងទេញ ឈ្មោះ ជាល វៃ ចម្អិន និង​វេច​ខ្ចប់​ទុក​ក្នុង​ប្រអប់​សម្រាប់​បរិភោគ​នៅ​ពេល​ចេញ​ឃោសនា​បោះឆ្នោត​ឃុំ-​សង្កាត់។

លោក​បន្ត​ថា ករណី​ពុល​នេះ ពលរដ្ឋ​ក្នុង​ភូមិ​នាំ​គ្នា​សង្ស័យ​ថា អាច​មិន​មែន​បង្ក​ឡើង​ដោយសារ​ម្ហូប បាយ និង​ទឹក ដែល​ពួកគេ​នាំ​គ្នា​បរិភោគ​ឡើយ៖ «អ្នក​ហូប​នៅ​ផ្ទះ​អត់​អី​ទេ ប៉ុន្តែ​អ្នក​ខ្ចប់​បាយ​យក​ទៅ​ហូប​នៅ​ពេល​ដង្ហែ​ក្បួន នៅ​ពេល​ថ្ងៃ​ត្រង់​បែរ​ជា​ពុល​អ៊ីចឹង​ទៅ មិន​ដឹង​ថា​មូលហេតុ​មក​ពី​អាហារ ឬ​ក៏​ប្រអប់​បាយ ហើយ​ពុល​ដោយសារ​ទឹក​សុទ្ធ ក៏​មាន​មិន​តិច​ជាង ២០០​នាក់​ដែរ។ សូម្បី​ប្រធាន​ភូមិ​ក៏​ពុល​ដែរ»

​ពលរដ្ឋ​រងគ្រោះ​ពី​ការ​ពុល​អាហារ​ម្នាក់​ឈ្មោះ កាន កុសល រៀបរាប់​ថា លោក​មិន​បាន​ក្អួតចង្អោរ ឬ​ក៏​រាករូស​ដូច​គេ​ឯង​ឡើយ ប៉ុន្តែ​ឪពុក​របស់​លោក និង​ពលរដ្ឋ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​មាន​អាការៈ​បែប​នេះ។ លោក​បន្ត​ថា បន្ទាប់ពី​ឈប់​សម្រាក​ដង្ហែ​ក្បួន​ឃោសនា​នៅ​វេលា​ម៉ោង ១១​ព្រឹក ពួក​លោក​បាន​នាំ​គ្នា​ហូបបាយ​ប្រអប់​សម្រាប់​ជា​អាហារ​ថ្ងៃត្រង់ លុះដល់​ម៉ោង ១​រសៀល ទើប​មាន​អាការៈ​ពុល​អាហារ​តែម្ដង។

​លោក កាន កុសល ថ្លែង​ទៀត​ថា នៅ​ម៉ោង ៤​រសៀល ទើប​មាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ពិនិត្យ​ព្យាបាល និង​ព្យួរ​សេរ៉ូម​ជូន​ពលរដ្ឋ​ដែល​ពុល​អាហារ​ទាំង​នោះ មុន​នឹង​សម្រេច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី៖ «មាន​តែ​រាក និង​ក្អួត ស្មារតី​អត់​អី​ទេ មាន​តែ​អស់​កម្លាំង និង​ទន់​ដៃ​ទន់​ជើង»

ចំណែក​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក អ៊ុក វិជ្ជា ថ្លែង​ថា នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មិថុនា អ្នក​ពុល​អាហារ​ភាគ​ច្រើន​បាន​ធូរស្រាល និង​បាន​បញ្ជូន​ទៅ​កាន់​ភូមិ​កំណើត​របស់​ពួកគេ​វិញ ហើយ​នៅ​សេសសល់​ប្រហែល ៧​នាក់​ទៀត​ប៉ុណ្ណោះ ដែល​សុទ្ធ​តែ​ជា​កុមារ​មាន​សុខភាព​ទន់ខ្សោយ​ជាង​មនុស្ស​ចាស់ កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរ​បង្អែក។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ពុល​ទាំង​អស់ គឺ​មាន​កុមារ​សរុប​ចំនួន ១០​នាក់ ហើយ​អ្នក​ពុល​ទាំង​អស់​នេះ ក៏​ទទួល​បាន​​ទឹក​ផ្លែឈើ​កំប៉ុង​ដែរ។

លោក អ៊ុក វិជ្ជា បន្ថែម​ទៀត​ថា ក្រុម​គ្រូពេទ្យ​មិន​អាច​រក​អាហារ​សេសសល់​ដែល​ពលរដ្ឋ​នាំ​គ្នា​បរិភោគ​ពុល យក​មក​ពិនិត្យ​ស្វែង​រក​ការ​ពិត​ឡើយ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន អាហារ​ក្ដៅ​ដែល​វេច​ខ្ចប់​យូរ​ក្នុង​ប្រអប់​ទុក​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃត្រង់ គឺ​អាច​ធ្វើ​ឱ្យ​អាហារ​ទាំង​នោះ​ផ្អូម ហើយ​ធ្វើ​ឱ្យ​អ្នក​បរិភោគ ក្អួត និង​រាករូស​បាន៖ «កាល​ណា​អាហារ​ហ្នឹង​ម្ហូប​តិច​តូច​ទៅ ដល់​ពេល​ហូប​វា​ធ្វើ​ឱ្យ​រាករូស​បាន»

លោក អ៊ុក វិជ្ជា មិន​បាន​សង្ស័យ​លើ​ប្រអប់​ដែល​ពលរដ្ឋ​ខ្ចប់​បាយ​ទៅ​បរិភោគ​រហូត​បណ្ដាល​ឱ្យ​ពុល​ឡើយ ព្រោះ​លោក​សំអាង​ថា នៅ​កម្ពុជា ពុំ​មាន​ភស្តុតាង​ណា​មួយ​ហាម​ប្រាម​មិន​ឱ្យ​ប្រើប្រាស់​ប្រអប់​ខ្ចប់​បាយ ស្រប​ពេល​ពលរដ្ឋ​ទូទាំង​នាំ​គ្នា​ប្រើប្រាស់​ការ​វេច​ខ្ចប់​បែប​នេះ​តាំង​ពី​ដើម​មក ហើយ​មិន​ឃើញ​ករណី​ពុល​អាហារ​នោះ​ទេ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ករណី​ពុល​អាហារ​ត​ទៅ​ទៀត គឺ​ពលរដ្ឋ​ត្រូវ​មាន​អនាម័យ និង​មិន​ត្រូវ​បរិភោគ​អាហារ​ណា​ដែល​វេច​ខ្ចប់​ទុក​យូរ​រហូត​ផ្អូម​ឡើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី យល់​ឃើញ​ថា ករណី​ពុល​អាហារ​នៅ​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ មិន​មែន​ដោយសារ​អាហារ​ផ្អូម​ឡើយ ប៉ុន្តែ​លោក​សង្ស័យ​ខ្លាំង​ទៅ​លើ​សារធាតុ​គីមី​ក្នុង​ប្រអប់ ដែល​ពលរដ្ឋ​យក​វេច​ខ្ចប់​អាហារ​នោះ៖ «ព្រោះ​យើង​ដឹង​ហើយ​ថា កាល​ណា​ចំណី​ផ្អូម យើង​មិន​ហូប​ទេ ព្រោះ​ហូប​មិន​កើត​ដោយ​សារ​ក្លិន»

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ព្រួយ​បារម្ភ​ថា សព្វថ្ងៃ​អាហារ ផ្លែឈើ និង​គ្រឿង​ភេសជ្ជៈ​ផ្សេងៗ ដែល​ចូល​ពី​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​ថៃ ជាដើម មក​លក់​នៅ​កម្ពុជា បែរ​ជា​មាន​តម្លៃ​ថោក​ជាង​តម្លៃ​ដែល​ពួកគេ​លក់​នៅ​ក្នុង​ស្រុក​​ទៅ​ទៀត ស្រប​ពេល​តម្លៃ​ក្នុង​ស្រុក​ដែល​មិន​ត្រូវ​ការ​បង់ពន្ធ និង​ដឹកជញ្ជូន​ផង បែរ​ជា​លក់​ថ្លៃ​ជាង។

លោក យិន ម៉េងលី បញ្ជាក់​ថា ទំនិញ​ដែល​ចូល​មក​លក់​នៅ​កម្ពុជា មាន​តម្លៃ​ថោក​បែប​នេះ អាច​ដោយសារ​មាន​ការ​ប្រើប្រាស់​សារធាតុ​គីមី​ច្រើន ហើយ​មិន​មាន​គុណភាព ដូច្នោះ​មន្ត្រី​តាម​កាំកុងត្រូល​នៅ​តាម​ព្រំដែន ត្រូវ​ត្រួត​ពិនិត្យ​អំពី​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស​ទាំង​នោះ​ឱ្យ​ដិត​ដល់​បំផុត ដើម្បី​ការពារ​ផល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles