Clik here to view.

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង កំពុងបញ្ជូនសន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅជ្រលក់ដៃ ដាក់តាមការិយាល័យបោះឆ្នោតឆ្ងាយៗ និងការិយាល័យលើផ្ទៃទឹកបឹងទន្លេសាប កាលពីល្ងាចថ្ងៃទី២ ខែមិថុនា។ ចំណែកការិយាល័យដែលមិនត្រូវដឹកឆ្លងទន្លេសាប ឬនៅក្បែរទីរួមខេត្ត ត្រូវត្រួតពិនិត្យ និងជញ្ជូនទៅដាក់តាមការិយាល័យឲ្យបានរួចរាល់ នៅត្រឹមល្ងាចថ្ងៃទី៣ ខែមិថុនា។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង អះអាងថា ឯកសារ និងសម្ភារៈទាំងអស់ត្រូវបានត្រួតពិនិត្យ និងមើលថែយ៉ាងហ្មត់ចត់ពីនគរបាលប៉ុស្តិ៍ និងមន្ត្រីការិយាល័យនៅតាមមូលដ្ឋាន ដើម្បីធានាថា មានសម្ភារៈគ្រប់គ្រាន់នៅថ្ងៃបោះឆ្នោត។ ក្នុងចំណោមការិយាល័យទូទាំងខេត្តសរុប ៧៨១ មានការិយាល័យនៅស្រុកជលគីរី និងកំពង់លែង ដែលលំបាកដឹកជញ្ជូនសម្ភារៈទៅដាក់ជាងគេ។
ប្រធានលេខាធិការដ្ឋាន អ្នកស្រី នួន ចាន់នី ថ្លែងថា គ.ជ.ប បានផ្ដល់ថវិកាសម្រាប់ដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបោះឆ្នោតមួយចំនួនទៅកាន់ការិយាល័យឆ្ងាយៗ និងការិយាល័យដែលត្រូវដឹកជញ្ជូនឆ្លងទឹកមុនគេនេះ។ ក្នុងករណីការិយាល័យណាខ្វះសម្ភារៈត្រូវរាយការណ៍មកគណៈកម្មការខេត្ត បន្ទាប់ពីពិនិត្យសមាសភាពគណៈកម្មការឃុំ-សង្កាត់ និងសម្ភារៈនៅថ្ងៃទី៣ ខែមិថុនា៖ «មន្ត្រីការិយាល័យនឹងត្រួតពិនិត្យសម្ភារៈទាំងអស់ ថាតើសម្ភារៈដែល គ.ជ.ប បានប្រគល់ឲ្យគេតាមការិយាល័យនីមួយៗ គេបានទទួលគ្រប់ចំនួនអត់ ព្រោះយើងមានធ្វើឯកសារដើម្បីផ្ទៀងផ្ទាត់។ ស្អែកនេះប្រហែលជាម៉ោង ៨ ឬ ៩អីហ្នឹង គឺគេនឹងរាយការណ៍ជូនហើយ ប៉ុន្តែសម្ភារៈដែលយើងបានដាក់នៅក្នុងកេសការិយាល័យបោះឆ្នោតនីមួយៗ ដូចជាទម្រង់ផ្សេងៗ គឺយើងឲ្យគេត្រួតពិនិត្យមុនហើយ ហើយគណៈកម្មការឃុំរាយការណ៍មកថា បានគ្រប់ចំនួនអស់ហើយអត់មានបញ្ហាទេ»។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ស្វាគមន៍ចំពោះវិធានការដឹកជញ្ជូនសន្លឹកឆ្នោត និងឯកសារទៅកាន់ការិយាល័យឆ្ងាយៗមុនគេនេះ ព្រោះសម្ភារៈបោះឆ្នោតត្រូវតែមានគ្រប់គ្រាន់នៅតាមការិយាល័យនីមួយៗ ដើម្បីដំណើរការបោះឆ្នោតដោយរលូន និងទាន់ពេលវេលា។
លេខាធិការនៃគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) ខេត្តកំពង់ឆ្នាំង លោក លាភ ប៊ុនលាង ថាការបោះឆ្នោតជាច្រើនអាណត្តិមកហើយនៅខេត្តកំពង់ឆ្នាំង ពុំដែលមានករណីខូចខាត ឬបាត់បង់សម្ភារៈ និងសន្លឹកឆ្នោតពេលដឹកជញ្ជូនទៅទុកដាក់តាមការិយាល័យដើម្បីត្រៀមបោះឆ្នោតនោះទេ ប៉ុន្តែលោកស្នើឲ្យសមត្ថកិច្ចប្រុងប្រយ័ត្នចំពោះបញ្ហានេះ៖ «បើទោះបីជាសុវត្ថិភាពសម្រាប់ខេត្តកំពង់ឆ្នាំង គ្រប់អាណត្តិមកមានក៏ដោយ ប៉ុន្តែសុវត្ថិភាពសម្រាប់សម្ភារៈការបោះឆ្នោតវាសំខាន់ អ៊ីចឹងយើងក៏ត្រូវបង្កើនសុវត្ថិភាពហ្នឹងតាមរយៈសមត្ថកិច្ចដែលជាប៉ូលិសប៉ុស្តិ៍ ឬមួយអាជ្ញាធរភូមិ-ឃុំ។ គឺមានតែជម្រើសចាត់ចែងតែមួយហ្នឹងហើយដើម្បីសុវត្ថិភាពសម្ភារៈបោះឆ្នោត»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។ ខេត្តកំពង់ឆ្នាំង មានឃុំ-សង្កាត់សរុប ៧០ ហើយមានការិយាល័យបោះឆ្នោតចំនួន ៧៨១ ការិយាល័យ៕