Quantcast
Viewing all articles
Browse latest Browse all 11174

គ.ជ.ប​ទទួល​បាន​ពាក្យ​បណ្ដឹង​​៧៩​ករណី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

Image may be NSFW.
Clik here to view.

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) វាយ​តម្លៃ​ថា ការ​ឃោសនា​បោះឆ្នោត​មាន​ដំណើរ​ការ​ល្អ ហើយ​គណបក្ស​នយោបាយ​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ។ គ.ជ.ប ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន ៧៩​ករណី ដែល​ត្រូវ​បាន​គណបក្ស​នយោបាយ និង​ពលរដ្ឋ​បាន​ប្ដឹង​នៅ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ រយៈពេល ១៤​ថ្ងៃ។ គ.ជ.ប បញ្ជាក់​ថា ក្នុង​ចំណោម​បណ្ដឹង​ទាំង​អស់​នេះ មិន​កើត​មាន​បញ្ហា​ធំដុំ​អ្វី​ឡើយ ហើយ​ក៏​គ្មាន​ករណី​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដែរ។

រយៈពេល ១៤​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គ.ជ.ប ទទួល​បាន​ពាក្យបណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥៣​ករណី គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២០​ករណី គណបក្ស​ហ៊្វុនស៊ិនប៉ិច ១​ករណី និង​ពី​ប្រជាពលរដ្ឋ​មាន​ចំនួន ៥​ករណី។

​ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ទាំង​នេះ​បាន​ប្ដឹង​មក​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​មាន​ចំនួន ៧៨​បណ្ដឹង មក​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ចំនួន ១១​បណ្ដឹង និង​ប្ដឹង​ដោយ​ផ្ទាល់​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​ចំនួន ១​បណ្ដឹង។

គ.ជ.ប ក៏​បញ្ជាក់​ថា ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​បាន​ប្ដឹង​ដោយសារ​មាន​គណបក្ស​នយោបាយ​ខ្លះ​ដង្ហែ​ក្បួន​ឃោសនា​ខុស​កាលបរិច្ឆេទ មិន​បាន​ជូន​ដំណឹង​ទាន់​ពេល​វេលា​មក គ.ជ.ប ដើម្បី​ស្នើ​សុំ​ដង្ហែ​ក្បួន និង​ពាក្យបណ្ដឹង​ជុំវិញ​ការ​ជេរ​ប្រមាថ​មាន​ជិត ១០​ករណី។ គ.ជ.ប អះអាង​ថា ក្នុង​ករណី​ខ្លះ គ.ជ.ប បាន​ដោះស្រាយ​បណ្ដឹង​តាម​នីតិវិធី និង​ខ្លះ​តាម​រយៈ​ការ​ស្ដីបន្ទោស និង​ពុំ​មាន​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ឡើយ។ គ.ជ.ប អះអាង​ទៀត​ថា បណ្ដឹង​ដែល​សេសសល់ និង​ត្រូវ​ដោះស្រាយ​ឱ្យ​ចប់​សព្វគ្រប់ មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

ដោយ​ឡែក​ចំពោះ​សារ​ព្រមាន​សង្គ្រាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​វិញ ត្រូវ​បាន​អគ្គលេខាធិការ​រង គ.ជ.ប លោក ទេព នីថា ឆ្លើយ​តប​ថា ករណី​ខ្លះ មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប ដែល​ត្រូវ​ត្រួត​ពិនិត្យ​ឡើយ៖ «អ៊ីចឹង​ទេ ករណី​ខ្លះ​មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប ទេ អ៊ីចឹង គ.ជ.ប ត្រួតពិនិត្យ ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​បោះឆ្នោត និង​ការ​ឃោសនា​បោះឆ្នោត​ប៉ុណ្ណោះ»

ការ​ថ្លែង​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​បូក​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នា​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

គ.ជ.ប ក៏​បាន​សន្និដ្ឋាន​ថា ដំណើរការ​ឃោសនា​បោះឆ្នោត ១៤​ថ្ងៃ ប្រព្រឹត្ត​ទៅ​បាន​ល្អ និង​ជោគជ័យ ដោយសារ​គណបក្ស​នយោបាយ​ទាំង​១២ ដែល​ដាក់​បេក្ខជន​ប្រកួតប្រជែង​ដណ្ដើម​សំឡេង​ឆ្នោត​គ្នា​មាន​ភាព​ចាស់​ទុំ និង​មាន​សណ្ដាប់ធ្នាប់​ល្អ ចេះ​អត់ធ្មត់ អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​គ្មាន​អំពើ​ហិង្សា​គួរ​ឱ្យ​កត់សម្គាល់​ឡើយ។

ជាមួយ​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤០ នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ក៏​បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នៅ​ឯ​អង្គការ​ខុមហ្វ្រែល (COMFREL) ដែរ​ថា ការ​ឃោសនា​បោះឆ្នោត​មាន​លក្ខណៈ​វិជ្ជមាន និង​មាន​ដំណើរការ​យ៉ាង​រលូន ដោយ​មិន​មាន​អំពើ​ហិង្សា និង​ទំនាស់​រវាង​គណបក្ស​រហូត​រារាំង​ដល់​សកម្មភាព​ឃោសនា​ឡើយ។ ប៉ុន្តែ​នៅ​មាន​ការ​រឹតត្បិត​ពី​អាជ្ញាធរ ក្នុង​ការ​ប្រើប្រាស់​ទីធ្លា​សាធារណៈ និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ជាដើម។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ ព្រួយ​បារម្ភ​អំពី​ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ទុក​ចំនួន​ប្រមាណ ២០% និង​ការ​ប្រើប្រាស់​សារ​នយោបាយ​របស់​មន្ត្រី​បក្ស​កាន់​អំណាច​ជាន់ខ្ពស់​មួយ​ចំនួន៖ «ប៉ុន្តែ​មាន​ការ​ប្រើប្រាស់​សារ​នយោបាយ​ពី​មន្ត្រី​មាន​អំណាច ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ និង​ការ​ភិតភ័យ​មួយ​ចំនួន​ទៅ​ពលរដ្ឋ»

​នៅ​ថ្ងៃ​បោះឆ្នោត ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ នេះ តាម​តួលេខ​ពី គ.ជ.ប បាន​បង្ហាញ​ថា មាន​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២១ បាន​ដាក់​អ្នក​សង្កេតការណ៍​ឱ្យ​ចូលរួម​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ជាង ៧​ម៉ឺន​នាក់ (៧៤.៦៧១) និង​អ្នក​សង្កេតការណ៍​មក​ពី​គណបក្ស​នយោបាយ​ទាំង​១២ មាន​ជាង ៥​ម៉ឺន​នាក់ (៥៨.៦២៧)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles