Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​សង្កេត​ការណ៍​ដើរ​តួនាទី​ជា​សាក្សី​និង​ជា​អ្នក​ឆ្លុះ​បញ្ចាំង​ការ​បោះឆ្នោត​ប្រកប​ដោយ​តម្លាភាព

Image may be NSFW.
Clik here to view.

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ ត្រូវ​បាន​អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត​វាយ​តម្លៃ​ថា ជា​ការ​បោះឆ្នោត​ដ៏​មាន​សារសំខាន់ ដោយសារ​សន្ទុះ​នៃ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង ហើយ​វា​ក៏​នឹង​បើក​ផ្លូវ​នាំ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​មួយ​ដ៏​សំខាន់ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​មាន​ឥទ្ធិពល​ជាង​គេ​នោះ ឈ្នះ​ការ​បោះឆ្នោត​មួយ​នេះ។

ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​ដ៏​ស្រួចស្រាល់​នេះ អ្នក​សង្កេតការណ៍​បោះឆ្នោត​នឹង​ត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​នាម​ជា​សាក្សី និង​ជា​អ្នក​ឆ្លុះ​បញ្ចាំង​ប្រកប​ដោយ​តម្លាភាព​នៅ​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត​នេះ។

អ្នក​ជំនាញ និង​អ្នក​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​លើក​ទី​៤ នេះ គឺ​ជា​ការ​បោះឆ្នោត​មួយ​ដ៏​សំខាន់ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​នយោបាយ មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ម្ចាស់​ជំនួយ រហូត​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ។

វា គឺ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់​រយៈពេល ១៥​ឆ្នាំ​ដែល​គណបក្ស​ប្រឆាំង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់​នៅ​ទូទាំង​ប្រទេស។ ការ​បោះឆ្នោត​ឃុំ-សង្កាត់​រយៈពេល ៣​អាណត្តិ​កន្លង​ទៅ គឺ​នៅ​ឆ្នាំ​២០០២ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១២ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​គត់​ដែល​មាន​បេក្ខជន​គ្រប់​ឃុំ-សង្កាត់ ហើយ​គណបក្ស​មួយ​នេះ​បាន​ឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ច្រើន​លើសលប់​លើស​គណបក្ស​ណា​ទាំងអស់។

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​មើល​ឃើញ​ទៀត​ថា រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង គណបក្ស​ណា​ដែល​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ច្រើន​ជាង គណបក្ស​នោះ​នឹង​មាន​ឱកាស​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​នៅ​ថ្នាក់​មូលដ្ឋាន ហើយ​សំឡេង​ឆ្នោត​ដែល​ពួក​គេ​ទទួល​បាន​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ នឹង​ក្លាយ​ជា​សំឡេង​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ស្រុក-ខណ្ឌ ខេត្ត-រាជធានី និង​ព្រឹទ្ធសភា ជាពិសេស​លទ្ធផល​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ការ​វិភាគ​លទ្ធផល​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

អាស្រ័យ​ហេតុ​នេះ វត្តមាន​អ្នក​សង្កេតការណ៍​គឺ​ជា​រឿង​មួយ​ដ៏​ចាំបាច់ ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្វែង​យោបល់​គ្នា​ជុំវិញ​រឿង​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ដែល​កើត​មាន រួម​ទាំង​លទ្ធផល​បោះឆ្នោត​ផង។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ការ​បោះឆ្នោត​លើក​មុនៗ គណបក្ស​នយោបាយ​តែង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​លួច​បន្លំ​សន្លឹកឆ្នោត រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត និង​រឿង​ជាច្រើន​ផ្សេង​ទៀត ដូច្នេះ​ដើម្បី​បញ្ចៀស​បញ្ហា​ទាំងអស់​នេះ អ្នក​សង្កេតការណ៍​នឹង​ដើរ​តួ​ជា​សាក្សី​មួយ​ដ៏​សំខាន់៖ «ទោះ​បី​ជា​អ្នក​សង្កេតការណ៍​ហ្នឹង​មិន​មាន​សិទ្ធិ​ដូច​ភ្នាក់ងារ​គណបក្ស​នយោបាយ​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​សង្កេតការណ៍ គឺ​ជា​សាក្សី ជា​អ្នក​ដឹង​ឮមួយ​រូប​ដែរ អ៊ីចឹង​កន្លែង​ណា​ដែល​មាន​អ្នក​សង្កេតការណ៍​ច្រើន កន្លែង​នោះ​យើងគិត​ថាភាព​មិន​ប្រក្រតី​អាច​កាត់​បន្ថយច្រើន»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ថា នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការ​លាប​ពណ៌ ការ​ចោទ​ប្រកាន់ ការ​មួលបង្កាច់ និង​ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​ដូចជា​កម្ពុជា អ្នក​សង្កេតការណ៍​ឯករាជ្យ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ថា តើ​ដំណើរការ​បោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ឬ​ក៏​យ៉ាង​ណា?«តួនាទី​អ្នក​សង្កេតការណ៍​ឯករាជ្យ និង​អព្យាក្រឹត្យ​ដូច​អង្គការ​តម្លាភាព និង​អង្គការ​ដទៃ​ទៀត​ហ្នឹង គឺ​មាន​តួនាទី​ឆ្លុះ​បញ្ចាំងនូវ​តថភាព​នៅ​ថ្ងៃ​បោះឆ្នោត ថា​តើ​វា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ អាច​ទទួល​យកបាន​ទេនៅ​ពេល​ដែល​យើង​រក​ឃើញយ៉ាង​ម៉េច យើង​បង្ហាញ​ជា​លក្ខណៈ​សាធារណៈ​នូវ​អ្វី​ដែលយើង​រក​ឃើញដើម្បី​ឲ្យ​សាធារណជន មតិ​ជាតិ អន្តរជាតិ និង​គណបក្ស​នយោបាយ​អាច​ទទួល​យក ថា​នេះ​គឺ​ជា​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​ទិដ្ឋភាព​ពិត»Image may be NSFW.
Clik here to view.

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​ជិត ៤០ នៅ​កម្ពុជា មាន​អ្នក​សង្កេតការណ៍​ចំនួន ១​ម៉ឺន ៣​ពាន់​នាក់ គ្រប់​ទីតាំង​បោះឆ្នោត​ទាំងអស់​ទូទាំង​ប្រទេស។ ចំណែក​អង្គការ​តម្លាភាព​កម្ពុជា មាន​អ្នក​សង្កេតការណ៍​ប្រមាណ ១​ពាន់ ២០០​នាក់​នៅ​តាម​តំបន់​គោលដៅ​ទូទាំង​ប្រទេស។

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ គ..ប ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន​ជាង ៧​ម៉ឺន ៤​ពាន់​នាក់ (៧៤.២៩៤​នាក់) អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ១៩២​នាក់ ភ្នាក់ងារ​គណបក្ស​នយោបាយ​ពេញ​សិទ្ធិ​ចំនួន​ជាង ៥​ម៉ឺន ៨​ពាន់​នាក់ (៥៨.៤១០​នាក់) និង​បម្រុង​ចំនួន​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ (៤៦.៦៦៦​នាក់)

អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​សង្កេត​មើល​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នោះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា និង​ភាព​មិន​ប្រក្រតី​នានា​ទាក់ទង​នឹង​ការ​រំលោភ​ច្បាប់ បទបញ្ជា និង​នីតិវិធី​បោះឆ្នោត។ បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត បាន​បែងចែក​ភាព​មិន​ប្រក្រតី​ទៅ​តាម​ប្រភេទ​នីមួយៗ។

ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​គំរាម​កំហែង ការ​រារាំង និង​អសន្តិសុខ មាន​ដូចជា​បញ្ហា​ខ្វះ​សម្ភារ​មួយ​ចំនួន​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​បើក​ការិយាល័យ​បោះឆ្នោត ឬ​រាប់​សន្លឹកឆ្នោត ការ​បដិសេធ​មិន​ឲ្យ​អ្នក​សង្កេតការណ៍ ឬ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចូល​សង្កេត​ក្នុង​ការិយាល័យ​បោះឆ្នោត ឬ​រាប់​សន្លឹកឆ្នោត មាន​ការ​រារាំង​អ្នក​បោះឆ្នោត​ដោយ​វិធី​ផ្តល់​លុយ​កាក់ ឬ​សម្ភារ​ដើម្បី​កុំ​ឲ្យ​ទៅ​បោះឆ្នោត មាន​មន្ត្រី​ជា​អាជ្ញាធរ​មូលដ្ឋាន ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មិន​មាន​ពាក់​ប្រឡង់​ដៃ​សន្តិសុខ​របស់ គ..ប ស្លៀកពាក់​ឯកសណ្ឋាន ឬ​មាន​សកម្មភាព​យក​អាវុធ​ជាតិ​ផ្ទុះ ឬ​ប្រើ​ពាក្យ​សម្ដី​គំរាម​កំហែង បំភិត​បំភ័យ​នៅ​ខាង​ក្នុង ឬ​នៅ​បរិវេណ​ខាង​ក្រៅ ឬ​ក្បែរ​ការិយាល័យ​បោះឆ្នោត ឬ​រាប់​សន្លឹកឆ្នោត។

ចំណែក​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​នីតិវិធី​វិញ រួម​មាន​ការ​មិន​បង្ហាញ​ហិប​ឆ្នោត​ទទេ មុន​ពេល​ចាប់​ផ្ដើម​ដំណើរការ​បោះឆ្នោត ការ​បើក​ការិយាល័យ​បោះឆ្នោត​យឺត​ជាង​ម៉ោង ៧​ព្រឹក ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ ភាព​មិន​ប្រក្រតី​នានា​ដែល​នាំ​ឲ្យ​បាត់​ភាព​សម្ងាត់​នៃ​ការ​បោះឆ្នោត ដូចជា​ជញ្ជាំង​រហែក ការ​សាកសួរ ការ​លប​មើល ការ​បើក​បង្អួច ឬ​ការិយាល័យ​បោះឆ្នោត​នៅ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​អាច​មើល​ឃើញ ការ​មិន​ពិនិត្យ​ម្រាមដៃ ឬ​មិន​ជ្រលក់​ទឹក​ខ្មៅ​លុបលាង​មិន​ជ្រះ ការ​មិន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្នុង​ឯកសារ និង​បញ្ជី​បោះឆ្នោត ការ​ឲ្យ​សន្លឹកឆ្នោត​លើស​ពី​មួយ​សន្លឹក ការ​ផ្អាក ឬ​បិទ​ការិយាល័យ​នៅ​ពេល​កំពុង​ដំណើរការ​បោះឆ្នោត​ជា​យថាហេតុ។

ភាព​មិន​ប្រក្រតី​មួយ​ទៀត គឺ​ទាក់ទង​នឹង​សិទ្ធិ​អ្នក​បោះឆ្នោត។ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មិន​បាន​បោះឆ្នោត ដោយសារ​មូលហេតុ គ្មាន​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះឆ្នោត ខណៈ​មាន​ឯកសារ និង​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ខុស​ទិន្នន័យ ដូចជា​ឈ្មោះ ភេទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​បញ្ជាក់​ថា​បោះ​រួច​ហើយ រក​ឈ្មោះ​មិន​ឃើញ ឬ​រក​ការិយាល័យ​បោះឆ្នោត​មិន​ឃើញ។ អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត ឬ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត។ អ្នក​មាន​ស្នាម​ទឹក​ខ្មៅ​នៅ​ម្រាមដៃ​សម្គាល់​ថា​បាន​បោះឆ្នោត​រួច​ហើយ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ម្តង​ទៀត។ អ្នក​បោះឆ្នោត​បាន​យក​សន្លឹកឆ្នោត​ចេញ​មក​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត ដើម្បី​គូស​ឲ្យ​អ្នក​បោះឆ្នោត​ផ្សេង​ទៀត ហើយ​យក​ទៅ​ដាក់​ក្នុង​ហិប​ឆ្នោត​ជា​បន្តបន្ទាប់​គ្នា។

ការ​បដិសេធ ឬ​មិន​អើពើ ឬ​មិន​ព្រម​ប្រគល់​ទម្រង់​ប្ដឹង​តវ៉ា ឬ​ជំទាស់​ទៅ​អ្នក​បោះឆ្នោត ឬ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ពី​សំណាក់​មន្ត្រី​ការិយាល័យ​បោះឆ្នោត ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភាព​មិន​ប្រក្រតី​មួយ​ដែរ។

ដោយឡែក​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ដំណើរការ​រាប់​សន្លឹកឆ្នោត​វិញ រួម​មាន​ការ​មិន​មួល​ភ្ជិត​សន្ទះ​បិទ​ប្រឡោះ​សម្រាប់​ស៊ក​សន្លឹកឆ្នោត ឬ​មិន​ចាក់​សោ​ឃ្លុំ​ហិប​ឆ្នោត ការ​រំខាន ឬ​រារាំង​ដល់​ដំណើរការ​រាប់​សន្លឹកឆ្នោត ការ​ពន្យារ​ពេល​រាប់​សន្លឹកឆ្នោត ឬ​បិទ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ពេល​កំពុង​ដំណើរការ​រាប់ ការ​មិន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​ថត​ដំណើរការ​រាប់​សន្លឹកឆ្នោត ការ​រាប់​សន្លឹកឆ្នោត​ដោយ​អាន​ញាប់​ពេក ឬ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​គំនូស​សន្លឹកឆ្នោត ភាព​មិន​ត្រឹមត្រូវ ឬ​បន្លំ​លើ​ការ​ប្រកាស​រាប់​សន្លឹកឆ្នោត ការ​ទទួល​ស្គាល់​សន្លឹកឆ្នោត​គូស​មិន​ត្រឹមត្រូវ មិន​បាន​ការ ខូច ឬ​សន្លឹកឆ្នោត​ក្លែងក្លាយ ឬ​បដិសេធ​លើ​សន្លឹកឆ្នោត​គូស​ត្រឹមត្រូវ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ភាព​ខុស​គ្នា​រវាង​សន្លឹកឆ្នោត​ក្នុង​ហិប​ដែល​បាន​រាប់​ឃើញ និង​ចំនួន​អ្នក​បោះឆ្នោត​ដែល​បាន​បោះឆ្នោត ករណី​មិន​ផ្តល់​ឲ្យ​នូវ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ដល់​ភ្នាក់ងារ​គណបក្ស​នយោបាយ ឬ​មិន​បិទ​ផ្សាយ​កំណត់​ហេតុ​នេះ​នៅ​មុខ​ការិយាល័យ ការ​ជំទាស់ និង​ការ​មិន​យល់ព្រម​លើ​ការ​ផ្ទៀងផ្ទាត់​សន្លឹកឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការ​ដោះស្រាយ ឬ​ការ​មិន​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត។

បើ​សិន​ជា​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង អ្នក​សង្កេតការណ៍​មិន​អាច​ប្ដឹង​តវ៉ា ឬ​ជំទាស់​ដូច​ភ្នាក់ងារ​គណបក្ស​នយោបាយ​ឡើយ ពួក​គេ​អាច​ត្រឹម​តែ​សរសេរ​របាយការណ៍​ទៅ​អង្គភាព​របស់​ខ្លួន​ប៉ុណ្ណោះ។ អ្នក​សង្កេតការណ៍​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ដោយ​មិន​ត្រូវ​ប្រកាន់​បក្ស​នយោបាយ​ណា​មួយ​ឡើយ ហើយ​ត្រូវ​អនុវត្ត​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះឆ្នោត។

អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ ហាម​ដាច់ខាត​មិន​ឲ្យ​ផ្តល់​ការ​ណែនាំ ឬ​ស្ដីបន្ទោស​ដល់​មន្ត្រី​បោះឆ្នោត ឬ​មន្ត្រី​រាប់​សន្លឹកឆ្នោត​ឡើយ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ ដោយ​ប្រធាន​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត ឬ​រាប់​សន្លឹកឆ្នោត ហើយ​បើ​ពួក​គេ​មិន​គោរព​តាម​ការ​ព្រមាន​នេះ​ទេ ពួក​គេ​នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ១​លាន ដល់ ១០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។Image may be NSFW.
Clik here to view.

ក្រៅ​ពី​ពឹង​ផ្អែក​លើ​អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ អ្នក​បោះឆ្នោត​ក៏​ត្រូវ​ចូលរួម​ជា​អ្នក​តាមដាន​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ដែរ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ភាគី​សំខាន់​បំផុត​ក្នុង​ការ​សង្កេត​មើល​ដំណើរការ​បោះឆ្នោត គឺ​ពលរដ្ឋ​អ្នក​បោះឆ្នោត​ខ្លួន​ឯង​តែ​ម្តង។ បើ​សិន​ជា​សង្កេត​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​ព័ត៌មាន​នោះ​ទៅ​កាន់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ឬ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​អាច​ទុក​ចិត្ត​បាន ឬ​ក៏​ប្ដឹង​ករណី​នោះ​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត៖ «មែនទែន​ទៅ​ប្រជាពលរដ្ឋ​ហ្នឹង​ហើយដែល​ជា​អ្នក​ដើរ​តួនាទី​សំខាន់​ជាង​គេពួក​គាត់​មាន​តួនាទី​តាមដាន​មើល​នូវ​សភាពការណ៍​ទាំងឡាយ មើល​នូវភាព​ត្រឹមត្រូវ​នៅ​មូលដ្ឋាន​របស់​គាត់ ថា​តើ​មូលដ្ឋាន​របស់​គាត់ ថា​តើ​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ចូលរួម​របស់​ក្រុម​ការងារ​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង បរិយាកាស ការ​គំរាម​កំហែង និង​បញ្ហា​ផ្សេងៗ។ ទាំងនេះ​គឺ​ជា​ការ​ចូលរួម​របស់​គាត់ គ្រាន់​តែ​ថា​ការ​ចូលរួមរបស់​គាត់​អត់​មាន​តួនាទី និង​ភារកិច្ច​ក្នុង​ការិយាល័យ​បោះឆ្នោត​ទេ»

សំខាន់​ជាង​នេះ​ទៅ​ទៀត អ្នក​បោះឆ្នោត​ទាំងអស់​ត្រូវ​ចៀសវាង​នូវ​សកម្មភាព​មួយ​ចំនួន ដូចជា​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរការ​បោះឆ្នោត ឬ​រាប់​សន្លឹកឆ្នោត​បាន និង​ការ​ធ្វើ​ឲ្យ​ខូច​របៀប​រៀបរយ​ក្នុង​ការ​បោះឆ្នោត ព្រម​ទាំង​សកម្មភាព​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​កំណត់​ក្នុង​ទោសបញ្ញត្តិ​នៃ​ច្បាប់​បោះឆ្នោត។

អ្នក​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ត្រូវ​បោះ​តាម​ឆន្ទៈ​របស់​ខ្លួន កុំ​មាន​ការ​ភិតភ័យ ឬ​ព្រួយ​បារម្ភ​អ្វី​ឡើយ ព្រោះ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​សម្ងាត់ គ្មាន​អ្នក​ណា​ម្នាក់​អាច​ដឹង​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles