Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជីម៉ាក់​បញ្ជាក់​ជំហរ​ថា​ពុំ​មាន​គោលការណ៍​ឲ្យ​កម្មករ​ឈប់​បន្ថែម​ក្រៅ​ពី​ថ្ងៃ​បោះឆ្នោត

$
0
0

ក្រុម​កម្មករ​ដែល​កំពុង​បម្រើ​ការ​នៅ​តាម​រោងចក្រ ត្អូញត្អែរ​ថា ពួក​គេ​អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខាង​មុខ​នេះ។ ការ​ឈប់​សម្រាក​សម្រាប់​កម្មករ​ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ បាន​ក្លាយ​ទៅ​ជា​រឿង​ដ៏​ចម្រូងចម្រាស​រវាង​ក្រុម​អ្នក​នយោបាយ។

ស្រប​ពេល​អតីត​ប្រធាន​គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​បញ្ហា​នេះ​ថា​អ្នក​ទទួល​ខុស​ត្រូវ គឺ​អាជ្ញាធរ​របស់​រដ្ឋ ក្រសួង​ការងារ វិញ​បាន​បដិសេធ និង​ថែម​ទាំង​ថ្កោលទោស​អតីត​ប្រមុខ​បក្ស​ប្រឆាំង​ចំពោះ​ការ​រិះគន់​នេះ​ថែម​ទៀត​ផង។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បញ្ជាក់​ជំហរ​ថា ពុំ​មាន​គោលការណ៍​ណា​មួយ​តម្រូវ​ឲ្យ​កម្មករ​ឈប់​សម្រាក​បន្ថែម​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ​ឡើយ។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ថា នៅ​តាម​រោងចក្រ​ពុំ​ទាន់​ទទួល​បាន​ការ​ប្រកាស​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​កម្មករ​បាន​ឈប់​បន្ថែម​ក្រៅ​ពី​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​អាទិត្យ នោះ​ទេ។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ពុំ​មាន​ភ្លើង​ខៀវ​សម្រាប់​ថ្ងៃ​ឈប់​ពិសេស​ណា​មួយ​បន្ថែម​ទៀត​នេះ មាន​ន័យ​ថា កម្មករ​ដែល​កំពុង​បម្រើ​ការ​នៅ​តាម​រោងចក្រ និង​សហគ្រាស​ផ្សេង​ទៀត ពុំ​មាន​សិទ្ធិ​ពិសេស​ឈប់​សម្រាក​បន្ថែម​ពី​លើ​ថ្ងៃ​បោះឆ្នោត​ទៀត​នោះ​ឡើយ។ លោក​បន្ត​ថា «គឺ​ថា​មិន​មាន​ការ​ណែនាំ​ណា​ឲ្យ​មាន​ការ​ឈប់​សម្រាក​បន្ថែម។ ដូច្នេះ​បើ​មិន​មាន​ការ​ណែនាំ​ឲ្យ​ឈប់​បន្ថែម បាន​ន័យ​ថា​អត់​ឈប់ សាមញ្ញ​អ៊ីចឹង​បាទ

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ក្រសួង​ការងារ បាន​ថ្កោលទោស​អតីត​មេ​បក្ស​ប្រឆាំង ដោយ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី និយាយ​មួលបង្កាច់​ខុស​ពី​ការពិត ហើយ​ថា​អាជ្ញាធរ​រដ្ឋ គឺ​ជា​អ្នក​ពាក់ព័ន្ធ​ខ្ពស់​បំផុត ដែល​នាំ​ឲ្យ​កម្មករ​ខកខាន​មិន​បាន​ទៅ​បោះឆ្នោត។ ប្រតិកម្ម​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី អំពាវនាវ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឲ្យ​កម្មករ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ទៅ​បោះឆ្នោត បើ​ទោះ​ជា​ត្រូវ​អាជ្ញាធរ​របស់​រដ្ឋ​បិទ​សិទ្ធិ​សេរីភាព​ក៏ដោយ​ចុះ។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ទេ។ ស្រប​ពេល​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ..ប និង​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ក៏​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។

ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​នេះ ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រសួង​ការងារ ហាក់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ស្ថាប័ន គ..ប បាន​ផ្ដល់​សិទ្ធិ​សម្រេច​នេះ​ឲ្យ​ទៅ​ក្រសួង​សាមី ដែល​ធ្វើ​ការ​ជិតដិត​ជាមួយ​កម្មករ និង​ភាគី​រោងចក្រ។ ប៉ុន្តែ​ភារៈ​នេះ ត្រូវ​បាន​ក្រសួង​ការងារ បកស្រាយ​ថា បញ្ហា​នេះ​គឺ​ជា​កាតព្វកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ទៅ​វិញ​ទេ។

បញ្ហា​នេះ ទាំង គ..ប និង​ក្រសួង បាន​ត្រឹម​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​មាន​ខ្លឹមសារ​ប្រហាក់​ប្រហែល​គ្នា ដោយ​អំពាវនាវ​ឲ្យ​ម្ចាស់​សហគ្រាស សិប្បកម្ម និង​រោងចក្រ​កាត់ដេរ ជួយ​សម្រួល​ឲ្យ​កម្មករ​បាន​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខាង​មុខ​នេះ។ ប៉ុន្តែ​ស្ថាប័ន​ទទួល​ខុស​ត្រូវ​ទាំង​ពីរ​នេះ រង​ការ​រិះគន់​ពី​កម្មករ​ថា ពុំ​បាន​ជំរុញ​ឲ្យ​ម្ចាស់​សហគ្រាស ឬ​រោងចក្រ​ចេញ​ច្បាប់​ឈប់​បន្ថែម​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ។

កម្មការិនី​ដែល​បម្រើ​ការ​នៅ​រោងចក្រ​មួយ​ស្ថិត​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា ក្នុង​រោងចក្រ​ដែល​នាង​ធ្វើ​ការ គឺ​ភាគី​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​មុន​មួយ​ថ្ងៃ ឬ​ក្រោយ​មួយ​ថ្ងៃ​នៃ​ថ្ងៃ​បោះឆ្នោត​ឡើយ។ លោកស្រី​បន្ត​ថា បើ​ទោះ​ជា​មាន​ច្បាប់​ដ៏​តឹងតែង​បែប​នេះ​ក៏ដោយ​ចុះ ក្រុម​កម្មករ​បាន​សម្រេច​ចិត្ត​រួច​ហើយ គឺ​ត្រូវ​ចេញ​ដំណើរ​ទៅ​បោះឆ្នោត​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ។ លោក​បន្ត​ថា «ពួក​ខ្ញុំ​ថា​បើ​ទោះ​បី​គេ​មិន​ឲ្យ​ទៅ ក៏​ខ្ញុំ​ត្រូវ​តែ​ទៅ ទោះ​គេ​កាត់​លុយ​ក៏ដោយ»

ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ កម្មករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ម្ដង​រួច​មក​ហើយ។ បាតុកម្ម​ដែល​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ពេល​នោះ កម្លាំង​សមត្ថកិច្ច​បើក​ការ​បាញ់​បង្ក្រាប​ប្រឆាំង​ការ​តវ៉ា រហូត​មាន​ស្លាប់ របួស បាត់​ខ្លួន និង​ជាប់​ពន្ធនាគារ។

សហជីព​ដែល​តែង​ឈរ​ខាង​កម្មករ​យល់​ឃើញ​ថា ប្រហែល​ឆ្លង​កាត់​បទពិសោធន៍​នៃ​ការ​តវ៉ា​ពី​កម្មករ​ដ៏​តានតឹង​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មិន​ចេញ​គោលការណ៍​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​បន្ថែម​នៅ​ថ្ងៃ​បោះឆ្នោត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles