
ប្រជាពលរដ្ឋជាច្រើននាក់នៅជុំវិញវត្តធម្មិស្សរារាម ហៅវត្តថ្មី នាំគ្នាព្រួយបារម្ភខ្លាចគេមកគាស់យកវត្ថុមានតម្លៃនៅក្នុងបរិវេណវត្ត យកទៅជួញដូរខុសច្បាប់នៅថ្ងៃណាមួយ។ ការព្រួយបារម្ភនេះ កើតមានបន្ទាប់ពីមានមនុស្សមួយក្រុមបានចូលទៅក្នុងទីវត្តនោះ ហើយបញ្ចុះបញ្ចូលគណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ សុំជីកកំណប់ក្នុងដីយកវត្ថុមានតម្លៃ ដែលគេដឹងថាមាននៅក្នុងបរិវេណវត្តនោះ។
តើវត្ថុមានតម្លៃដែលកប់នៅក្នុងបរិវេណវត្តនោះ គឺជាអ្វី?
ព្រះសង្ឃដែលគង់នៅវត្តធម្មិស្សរារាម ហៅវត្តថ្មី ក្នុងភូមិដូនទាវ ឃុំរលួស នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ឲ្យដឹងថា រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាមកហើយមានជនមិនស្គាល់អត្តសញ្ញាណចំនួន ៤នាក់ តែងមកជួបផ្ទាល់ និងទូរស័ព្ទទាក់ទងផង ដើម្បីសុំគាស់យកវត្ថុមានតម្លៃដែលគេអះអាងថាមានកប់ក្រោមដីនៅក្នុងទីវត្តនោះ។
ការរំអុកសុំគាស់យកកំណប់ក្រោមដីរបស់មនុស្សមួយក្រុមនោះម្ដងហើយម្ដងទៀត បានធ្វើឲ្យព្រះសង្ឃ និងគណៈកម្មការវត្តនោះព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងភ័យខ្លាចជនទាំងនោះនាំគ្នាមកគំរាម និងគាស់យកវត្ថុដែលពួកគេត្រូវការយកទៅបាត់ ដោយគ្មានអាជ្ញាធរណាជួយការពារ។
ព្រះគ្រូចៅអធិការវត្តធម្មិស្សរារាម ហៅវត្តថ្មី គឺព្រះភិក្ខុ ទូច សុខចន្ទ។ ព្រះអង្គមានថេរដីកាថា កាលពីសប្ដាហ៍មុន មានមនុស្សមួយក្រុមដែលគេប្រាប់ថាមកពីទីក្រុងភ្នំពេញ បានចូលមកក្នុងវត្តរបស់ព្រះអង្គ ហើយសុំធ្វើបុណ្យផ្កាប្រាក់។ ជនទាំងនោះគ្រាន់តែសុំគណៈកម្មការវត្តធ្វើបុណ្យផ្កាប្រាក់ភ្លាម គឺ ៣ថ្ងៃក្រោយមក ស្រាប់តែនាំគ្នាបើកឡានជាច្រើនគ្រឿងចូលមកក្នុងទីវត្តតែម្ដង ហើយយកលុយចំនួន ១លានរៀលមកប្រគេនព្រះសង្ឃ ហើយថានេះជាបច្ច័យបុណ្យផ្កាប្រាក់។
ព្រះភិក្ខុ ទូច សុខចន្ទ បញ្ជាក់ទៀតថា ព្រះអង្គបានសង្ស័យទៅលើសកម្មភាពជនទាំងនោះ ស្រាប់តែជនម្នាក់ក្នុងចំណោមនោះ បានប្រាប់ថា គោលបំណងរបស់ពួកគេ គឺមកសុំជីកយកវត្ថុមានតម្លៃនៅក្នុងទីវត្តនេះ។ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាទៀតថា ព្រះអង្គបានជំទាស់នឹងការសុំជីកយកកំណប់នេះ ក៏ប៉ុន្តែជាច្រើនថ្ងៃជាប់ៗគ្នា ជននោះនៅតែទូរស័ព្ទមករំអុក ប៉ុន្តែព្រះអង្គមិនដឹងថាវត្ថុមានតម្លៃដែលគេចង់បាននោះជាអ្វីទេ៖ «អាត្មាសួរដែរថា របស់នោះជាអ្វី? ប៉ុន្តែគេឆ្លើយថាមិនបាច់ចង់ដឹងថាវត្ថុនោះជាអ្វីទេ គ្រាន់តែប្រាប់ថាវត្ថុនោះ គឺជារបស់មានតម្លៃដែលពួកគេចង់បាន»។
អាស៊ីសេរី បានសួររកលេខទូរស័ព្ទមនុស្សមួយក្រុមដែលព្យាយាមទៅជីកកំណប់នោះ ប៉ុន្តែទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ មិនស្គាល់លេខទូរស័ព្ទជននោះទេ ដោយគេនិយាយថា ជននោះដូរលេខទូរស័ព្ទជាច្រើន ពីព្រោះពេលហៅមកម្ដងគេដូរលេខខុសគ្នាទាំងអស់។
ប្រជាពលរដ្ឋជាច្រើននាក់ដែលរស់នៅជុំវិញវត្តធម្មិស្សរារាម ហៅវត្តថ្មី បានដឹងរឿងមនុស្សដែលគេមិនធ្លាប់ស្គាល់ចង់ទៅជីកយកកំណប់ក្នុងវត្ត គឺពួកគេសង្ស័យថា ប្រហែលជាក្រុមនោះជាពួកជួញដូរវត្ថុបុរាណ។
អ្នកភូមិដូនទាវ លោកស្រី ចៅ ទូច មានប្រសាសន៍ថា ប្ដីរបស់លោកស្រី គឺជាគណៈកម្មការវត្តថ្មីនោះ ហើយមនុស្សមួយក្រុមដែលចង់ជីកកំណប់ ក៏ធ្លាប់មកជួបប្ដីរបស់គាត់ដែរ ប៉ុន្តែគាត់មិនបានថតរូបមនុស្សទាំងនោះទុក។ ស្ត្រីដដែលបញ្ជាក់ថា ជាច្រើនលើក មនុស្សមួយក្រុមនោះតែងទូរស័ព្ទមកចរចាជាមួយប្ដីរបស់គាត់ ដោយគេប្រាប់ថាគេមានឋានៈផ្កាយ២ ប៉ុន្តែមិនដឹងជាគេធ្វើអ្វីទេ៖ «ក្រុមនោះចេះតែទូរស័ព្ទទាក់ទងមកប្ដីរបស់ខ្ញុំ បើទោះបីជាប្ដីរបស់ខ្ញុំប្រាប់ថា អត់ពាក់ព័ន្ធក៏ដោយ ក៏គេនៅតែទូរស័ព្ទមក។ ក្រុមនោះថាបើសិនជាឲ្យគេគាស់ គេនឹងយក បើមិនឲ្យក៏គេនាំកម្លាំងទៅគាស់យកដែរ»។
អ្នកភូមិតាប្រាក់ នៃឃុំមានជ័យ ម្នាក់ទៀតដែលចេញចូលទៅវត្តជាញឹកញាប់ លោកស្រី ចៅ ថាវ មានប្រសាសន៍ថា គាត់មានការព្រួយបារម្ភខ្លាចក្រុមអ្នករកស៊ីជួញដូរវត្ថុបុរាណ មកគំរាមកំហែងគាស់យកវត្ថុមានតម្លៃដែលមានកប់នៅក្នុងទីវត្តនោះនៅពេលណាមួយ។ ស្ត្រីដដែលបញ្ជាក់ថា តាំងពីមានមនុស្សចម្លែកចូលមកសុំគាស់កំណប់ក្នុងវត្ត គឺគាត់ភ័យខ្លាចបាត់បង់វត្ថុមានតម្លៃ និងវត្ថុបុរាណទាំងឡាយ ហើយគាត់ខំយកភ្លេងពិណពាទ្យទៅបែរបន់បួងសួងនៅត្រង់ព្រះវិហារនៃវត្តនោះផង។
លោកស្រី ចៅ ថាវ បញ្ជាក់ថា ថ្វីត្បិតតែរូបគាត់ជាប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែគាត់ស្រឡាញ់វត្ថុបុរាណដែលជាកេរដំណែលដូនតាណាស់ ហើយប្រសិនបើក្នុងវត្ថុនេះមានកំណប់វត្ថុបុរាណមែន បើទោះបីជាជននោះឲ្យលុយប៉ុន្មានម៉ឺនដុល្លារសម្រាប់ទិញទឹកចិត្តក៏ដោយ ក៏អ្នកភូមិដូចគាត់មិនលក់សម្បត្តិជាតិទេ៖ «បានអីទ្រទ្រង់ទៀត បើអស់វត្ថុបុរាណនៅក្នុងវត្តហើយ ដូច្នេះខ្ញុំជាប្រជារាស្ត្រ ឧបាសិកានៅក្នុងវត្តធម្មិស្សរារាម នេះ ដាច់ខាតមិនឲ្យគាស់យកទេ បើទោះបីជាអ្នកឯងយកអ្វីមកគំរាមក៏ដោយ»។
ព្រះសង្ឃ និងប្រជាពលរដ្ឋ អំពាវនាវឲ្យអាជ្ញាធរឃុំរលួស ព្រមទាំងសមត្ថកិច្ច មានប៉ូលិស និងកងរាជអាវុធហត្ថជាដើម ជួយបញ្ជូនកម្លាំងទៅឃ្លាំមើលសកម្មភាពអ្នកដែលប៉ុនប៉ងជីកវត្ថុមានតម្លៃនៅក្នុងទីវត្តនោះផង។
អធិការនគរបាលស្រុកប្រាសាទបាគង លោក មិន ចាន្ថា មានប្រសាសន៍ថា ជុំវិញរឿងដែលថាមានអ្នកចង់ទៅគាស់កំណប់នៅក្នុងទីវត្តថ្មីនោះ គឺលោកគ្រាន់តែបានទទួលព័ត៌មានជាច្រើនថ្ងៃមកហើយ ក៏ប៉ុន្តែវាមិនទាន់ឃើញលេចចេញជាសកម្មភាពពិតណាមួយនៅឡើយទេ។ លោកហាក់មិនជឿថា សម័យនេះទៅហើយនៅមានមនុស្សដើររកវត្ថុបុរាណយកទៅជួញដូរទៀតទេ គឺវាហួសសម័យកាលទៅហើយ៖ «ខ្ញុំប្រាប់មេឃុំរលួស ព្រមទាំងប៉ូលិសប៉ុស្តិ៍ហើយ ថាឲ្យឃ្លាំមើល បើមានសភាពមិនស្រួល ត្រូវរាយការណ៍មកខ្ញុំភ្លាម។ ប្រយ័ត្នចាញ់បោក! ខ្ញុំខ្លាចតែក្រុមមនុស្សចូលមកបង្កការអុកឡុកឲ្យជ្រួលច្របល់មុនថ្ងៃបោះឆ្នោតឃុំ-សង្កាត់នេះទេ»។
វត្តធម្មិស្សរារាម ហៅវត្តថ្មី នៅភូមិដូនទាវ ឃុំរលួស គឺជាវត្តបុរាណមួយក្នុងចំណោមវត្តមួយចំនួនទៀតដែលនៅក្នុងអតីតរាជធានីហរិហរាល័យ ប៉ុន្តែជាច្រើនជំនាន់មកហើយ រហូតមកដល់ពេលនេះ គ្មានអ្នកណាម្នាក់ដឹងប្រាកដថា នៅក្នុងបរិវេណនៃវត្តនោះនៅមានសេសសល់វត្ថុបុរាណអ្វីខ្លះនោះទេ៕