
មន្ត្រីអន្តរក្រសួងរបស់រដ្ឋាភិបាល បានយកសំណងទៅឱ្យអ្នកភូមិស្រះកែវ ឃុំពង្រ នៃស្រុកចុងកាល់ ដែលប៉ះពាល់ដីស្រែចម្ការដោយសារតែក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro) ធ្វើទំនប់ស្ទឹងស្រែងទី២ នោះ។ ក៏ប៉ុន្តែសំណងដែលមន្ត្រីអន្តរក្រសួងយកទៅឱ្យអ្នកភូមិនៅថ្ងៃច័ន្ទ ទី២៩ ខែឧសភា នោះ គឺមានប្រជាពលរដ្ឋខ្លះនៅមិនទាន់បានទទួលនៅឡើយទេ។
ប្រជាពលរដ្ឋខ្លះនៅភូមិស្រះកែវ នៃឃុំពង្រ ដែលប៉ះពាល់ដីស្រែចម្ការដោយសារតែក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro) ទៅធ្វើទំនប់ទឹក ហើយពុំធ្លាប់បានទទួលសំណងទាល់តែសោះ អំពាវនាវឱ្យអភិបាលស្រុកចុងកាល់ និងអភិបាលខេត្តឧត្តរមានជ័យ ពិនិត្យមើលឡើងវិញថា តើឈ្មោះរបស់ពួកគេបាត់ទៅណា ឬក៏បណ្ដាលមកពីបញ្ហាអ្វី?។
ការអំពាវនាវឱ្យអាជ្ញាធរពិនិត្យលើបញ្ហាមិនបានទទួលសំណងនេះ បន្ទាប់ពីមន្ត្រីអន្តរក្រសួងរបស់រដ្ឋាភិបាលបានចុះទៅប្រគល់សំណងជូនអ្នកភូមិជាច្រើនក្នុងជំហានទី៣ នៅថ្ងៃច័ន្ទ ទី២៩ ខែឧសភា ប៉ុន្តែគ្រួសារខ្លះ នៅមិនទាន់បានទទួលសំណងជំហានទី១ ផង។
អ្នកភូមិស្រះកែវ ម្នាក់ ក្នុងចំណោមគ្រួសារដែលមិនទាន់បានទទួលសំណងនៅឡើយ គឺលោកស្រី សូម កាន។ លោកស្រីមានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែឧសភា ថា ពេលដែលក្រុមហ៊ុនចិន មកអនុវត្តន៍គម្រោងសង់ទំនប់ទឹកស្ទឹងស្រែងទី២ បានធ្វើឱ្យប៉ះពាល់ដីស្រែចម្ការរបស់គាត់ និងបងប្អូនចំនួន ៨ហិកតារ ហើយនៅពេលដែលអាជ្ញាធរដើរស្រង់ស្ថិតិសំណង គឺរូបគាត់ និងបងប្អូន បានចុះឈ្មោះនៅក្នុងបញ្ជីសំណងតែមួយម្ចាស់។ ចំណែកឯម្ដាយរបស់គាត់ ដោយសារតែកូនៗទៅធ្វើការនៅថៃអស់ ក៏ចុះឈ្មោះដីដែលប៉ះពាល់ទាំងអស់សរុបគ្នាទៅក្នុងម្ចាស់តែមួយសម្រាប់ទារសំណងដែរ ប៉ុន្តែពេលដែលមន្ត្រីរដ្ឋាភិបាលចុះមកសងសំណង ៣លើកទៅហើយ គឺគ្រួសាររបស់គាត់ទាំងអស់មិនដែលបានទទួលសំណងទេ៖ «ចៅហ្វាយស្រុកចុងកាល់ និងចៅហ្វាយខេត្តឧត្តរមានជ័យ ធ្លាប់សន្យាថា ថ្ងៃច័ន្ទនេះ គឺបើកឱ្យទាំងអស់ ឱ្យតែអ្នកភូមិស្រះកែវ។ តែដល់ថ្ងៃច័ន្ទនេះ ខ្ញុំអត់បានទទួលសំណងដូចគេផង។ ខ្ញុំមានបងប្អូន ៥នាក់ ដាក់ដីប៉ះពាល់ទៅក្នុងបញ្ជីតែមួយ អត់ឃើញគេសងផង»។
លោកស្រី សូម កាន អំពាវនាវឱ្យអាជ្ញាធរស្រុកចុងកាល់ និងខេត្តឧត្តរមានជ័យ ពិនិត្យមើលឡើងវិញចំពោះបញ្ហាដែលគ្រួសាររបស់គាត់មិនបានទទួលសំណងនេះ។
អភិបាលស្រុកចុងកាល់ លោក រិទ្ធី ប៉ាក ទទួលស្គាល់ថា បើទោះបីជាមន្ត្រីអន្តរក្រសួងបានចុះមកសងសំណង ដែលប៉ះពាល់ដោយសារក្រុមហ៊ុនចិន សង់ទំនប់ទឹកស្ទឹងស្រែងទី២ ជាជំហានទី៣ ហើយក៏ដោយ ក៏រហូតមកដល់ពេលនេះ អ្នកភូមិខ្លះនៅមិនទាន់បានទទួលសំណងមែន។
លោកអភិបាលស្រុកចុងកាល់ បញ្ជាក់ថា លោកមិនយល់ពីរបៀបទូរទាត់សំណងជូនប្រជាពលរដ្ឋនោះថា មន្ត្រីអន្តរក្រសួងធ្វើយ៉ាងណាទេ ប៉ុន្តែលោកដឹងថា ជំហាននៃការទូរទាត់សំណង គឺមិនទាន់ចប់នៅឡើយ៖ «អត់ទាន់ចប់ទេ ហើយឥឡូវនេះខ្ញុំបានជំរឿនឈ្មោះប្រជាពលរដ្ឋដែលពុំធ្លាប់បានសំណងនោះ យកទៅឱ្យក្រុមការងារក្រសួងហើយ សង្ឃឹមថា ពលរដ្ឋដែលនៅសេសសល់នឹងបាននៅលើកក្រោយ»។
តាំងពីអំឡុងឆ្នាំ២០១៤ មក ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ បានទៅអនុវត្តគម្រោងសាងសង់ទំនប់ទឹកស្ទឹងស្រែងទី២ ធ្វើឱ្យប៉ះពាល់ដល់ដីស្រែចំការរបស់ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៅភូមិចំនួន៤ ដូចជាភូមិស្រះកែវ នៃស្រុកចុងកាល់ ភូមិបាក់នឹម នៃសង្កាត់កូនក្រៀល ក្រុងសំរោង និងនៅភូមិចារ ព្រមទាំងភូមិគោកសំព័រ នៃឃុំលំទង របស់ស្រុកអន្លង់វែង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ជំរុញឱ្យមន្ត្រីអន្តរក្រសួងរបស់រដ្ឋាភិបាល គួរតែផ្ដល់សំណងដល់ប្រជាពលរដ្ឋដែលរងការប៉ះពាល់ទាំងនោះឱ្យបានឆាប់រហ័ស ជៀសវាងកុំឱ្យអ្នកភូមិរង់ចាំយូរ គ្មានដីថ្មីធ្វើកសិកម្មចិញ្ចឹមជីវិត ព្រមទាំងខាតពេលវេលាដើរប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផង៕