
ក្រុមអ្នកភូមិមានបញ្ហាដីធ្លីប្រមាណ ៣០នាក់មកពីសហគមន៍ ៤ នៅរាជធានីភ្នំពេញ ដែលនាំគ្នាទៅសួរដំណឹងពីញត្តិរបស់ពួកគាត់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ឧសភា ត្រូវបានមន្ត្រីខុទ្ទកាល័យប្រាប់ឲ្យរង់ចាំទទួលដំណឹងពីដំណោះស្រាយរហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ចប់។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន ថ្លែងប្រាប់អ្នកភូមិថា លោកនៅមិនទាន់ទទួលបានលិខិតទាក់ទងនឹងរឿងដីធ្លីនេះពីលោកនាយករដ្ឋមន្ត្រីនៅឡើយទេ។ លោកនឹងជូនដំណឹងពេលទទួលបានលិខិតពីលោកនាយករដ្ឋមន្ត្រី។ ប៉ុន្តែលោកថា តាមនីតិវិធី លិខិតនោះនឹងត្រូវឆ្លើយតបទៅតាមក្រសួងព្រះបរមរាជវាំងវិញ៖ «ខ្ញុំអាចមើលដឹងថា ញត្តិហ្នឹងចេញមកហើយ ទៅវាំង។ ពេលហ្នឹងខ្ញុំនឹងទៅប្រាប់អ៊ីម្លូមុនគេ ព្រោះទំនាក់ទំនងខាងខ្ញុំជាមួយអ៊ីម្លូលឿន។ ចំណែកខាងអ៊ី (ខាងនេះ) កន្លែងផ្សេងៗគ្នា ខ្ញុំអត់ទទួលទេ។ ប៉ុន្តែខ្ញុំប្រាប់អ៊ីម្លូមុនគេ ដើម្បីឲ្យអ៊ីម្លូចាត់ចែងទៅផ្ដល់ដំណឹងឲ្យបងប្អូន។ ប៉ុន្តែខ្លឹមសាររបស់វា ខ្ញុំអត់ដឹងទេ ព្រោះកាលណាយើងទៅបើកមើល ហើយយើងត្រូវដឹងពីលិខិតអីដែលមានឋានៈធំៗ អ៊ីចឹងតួនាទីខ្ញុំទៅអត់រួចទេ។ ប៉ុន្តែបើចេញហើយ ខ្ញុំនឹងប្រាប់ដូចពីមុនអ៊ីចឹង។ ប៉ុន្តែការងារឥឡូវវាកំពុងរវល់។ ខ្ញុំមិនអាចកំណត់បានទេ ប៉ុន្តែប្រហែលជាក្រោយបោះឆ្នោត»។
កាលពីថ្ងៃទី២៤ ខែមេសា ក្រុមអ្នកភូមិបានដាក់ញត្តិទៅក្រសួងព្រះបរមរាជវាំង ដើម្បីរកអន្តរាគមន៍ពីព្រះមហាក្សត្រ។ រហូតមកដល់ថ្ងៃទី៤ ឧសភា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន ប្រាប់ទៅអ្នកភូមិថា លោកបានទទួលញត្តិពីក្រសួងព្រះបរមរាជវាំងហើយ ហើយបានបញ្ជូនបន្តទៅលោកនាយករដ្ឋមន្ត្រី។
នៅព្រឹកថ្ងៃទី២៩ ឧសភា ដដែល ក្រុមអ្នកភូមិទាំងនេះក៏បាននាំគ្នាព្យាយាមទៅជួបតំណាងរាស្ត្រនៅឯមន្ទីររដ្ឋសភាដែរ ដើម្បីសួរដំណឹងអំពីញត្តិរបស់ពួកគាត់ ប៉ុន្តែគណៈកម្មការរដ្ឋសភាបញ្ជាក់ថា ញត្តិនោះត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជូនទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយកាលពីថ្ងៃទី២៤ ខែមេសា។ អ្នកភូមិដាក់ញត្តិទាំងនោះ គឺជាអ្នកអតីតអ្នកសហគមន៍បឹងកក់ សហគមន៍បុរីកីឡា សមាគមស្ត្រីបឹងកក់ សហគមន៍ អេស.អូ.អេស (SOS) ព្រលានយន្តហោះ និងអតីតអ្នកបឹងកក់ដែលបានចាកចេញ៕