Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខែត្រ​ស្ទឹងត្រែង​ចង់​ឲ្យ​មេ​ឃុំ​ថ្មី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ

$
0
0

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចង់​ឃើញ​មេ​ឃុំ​អាណត្តិ​ថ្មី យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ។ ពួក​គេ​កត់​សម្គាល់​ថា មេ​ឃុំ​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​មូលដ្ឋាន​នៅ​អាណត្តិ​ទី​៣ បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​អភិរក្ស​ព្រៃ​ឈើ​របស់​រាជ​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច ជាពិសេស​គឺ​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះ​ធម្មជាតិ។

ជនជាតិ​ដើម​ភាគតិច​កួយ បារម្ភ​ពី​អនាគត​ធនធាន​ធម្មជាតិ ឬ​ព្រៃ​សហគមន៍​នៅ​ក្បែរ​មូលដ្ឋាន​របស់​ពួក​គេ​រស់នៅ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ។ ការ​បារម្ភ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ជនជាតិ​ចាម ពលរដ្ឋ​ចំណាក​ស្រុក និង​មួយ​ចំនួន​តូច​ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​សម្រុក​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ឯកជន​ច្រើន​ខែ​មក​ហើយ ពុំ​ឃើញ​អាជ្ញាធរ​ទប់ស្កាត់​នោះ​ទេ។ ដោយឡែក​ការ​រួម​ចំណែក​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​ឃុំ​កន្លង​ទៅ គឺ​ទន់ជ្រាយ និង​ខ្សោយ​នៅ​ឡើយ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ឧសភា ថា មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន មិន​ត្រឹម​តែ​មិន​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ បែរ​ជា​ចោទ​ប្រកាន់​សហគមន៍​ដែល​ឈឺឆ្អាល​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ ថា​ជា​ក្រុម​បក្ស​ប្រឆាំង​ទៅ​វិញ។ លោក​សង្កត់​ធ្ងន់​ថា ភាព​ហិនហោច​បាត់បង់​ព្រៃ​សហគមន៍​នេះ គឺ​ជា​ផ្នែក​មួយ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ភូមិ​ឃុំ និង​ស្រុក រួម​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ផង។ លោក​ចាត់​ទុក​ការ​បាត់បង់​ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន ជា​ការ​កាត់​ផ្តាច់​មុខ​របរ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដ្បិត​ប្រាក់​ចំណូល​របស់​ជនជាតិ​ដើម​ភាគតិច​កួយ តាំង​ពី​ដើម​មក​បាន​មក​ពី​ដង​ជ័រ​ទឹក រក​ថ្នាំ​បុរាណ បេះ​បន្លែ​ផ្លែ​ឈើ រក​ឃ្មុំ និង​បោច​វល្លិ ជាដើម៖ «ដល់​នៅ​ព្រៃ​តិចតួច ក៏​ខ្ញុំ​ចាត់​តាំង​ថា​ព្រៃ​សហគមន៍​របស់​ខ្ញុំ​ដែរ។ ដល់​ឥឡូវ​អត់​មាន​ទេ​ព្រៃ​សហគមន៍ បើ​វាល​សហគមន៍​មាន។ ព្រៃ​ដែល​នៅ​សល់​តិចតួច​វា​នៅ​តែ​ឈើ​តូច​ទេ ឈើ​ធំ​អស់​ហើយ។ បើ​សម្រាប់​មេ​ឃុំ និង​មេ​ភូមិ​អត់​មាន​លទ្ធភាព​ជួយ​ការពារ រឹតតែ​ខឹង​ពួក​ខ្ញុំ​ជា​សហគមន៍​ទៀត»

លោក ថាន់ វ៉ន បន្ថែម​ថា សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​មេ​ឃុំ-មេ​ភូមិ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ទៅ​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​២០១៣ ពី​បទ​រួម​គំនិត​បើក​ដៃ​ឲ្យ​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ ហើយ​រហូត​បច្ចុប្បន្ន ពាក្យ​បណ្ដឹង​នោះ​បាន​កប់​ចោល​ពុំ​ទាន់​ជំនុំ​ជម្រះ​នៅ​ឡើយ។ លោក​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ​២០១៥ ព្រៃ​សហគមន៍​អន្លង់ក្រមួន ត្រូវ​បាន​គេ​កាប់​អស់​ប្រមាណ​ជាង ៤០០​ហិកតារ។ សហគមន៍​បាន​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ បំណង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ក៏ប៉ុន្តែ​ព្រៃ​ឈើ​នៅ​តំបន់​នោះ​នៅ​តែ​រង​ការ​កាប់​បំផ្លាញ​ដដែល ហើយ​រហូត​មក​ដល់​ពេល​នេះ ព្រៃ​នៅ​តំបន់​នោះ​ត្រូវ​គេ​កាប់​អស់​ស្ទើរ​ទាំងស្រុង។

ដោយឡែក​ការ​ចុះ​ល្បាត​អភិរក្ស​ព្រៃ​របស់​សហគមន៍​មាន​គ្នា​តិច ខ្វះខាត​ធនធាន និង​សម្ភារ ពុំ​មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ ខណៈ​ជនល្មើស​សុទ្ធតែ​មាន​អាវុធ​ច្នៃ និង​មាន​គ្នា​ច្រើន៖ «ចុះ​ធ្វើ​អី​បើ​គ្មាន​លទ្ធភាព គ្រាន់​តែ​ពួក​ខ្ញុំ​ចុះ​ចាប់​បាន​ម៉ាស៊ីន​មួយ ក្រោយ​មក​អ្នក​កាប់​ព្រៃ​សុទ្ធតែ​មាន​ស្នា​តេស មាន​ព្រោងព្រាត ព្រោះ​ទៅ​សង្ឃឹម​អាជ្ញាធរ​នៅ​ពី​ក្រោយ​ខ្នង តែ​អាជ្ញាធរ​មិន​នៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ទេ បែរ​ជា​នៅ​ពី​ក្រោយ​ខ្នង​ជនល្មើស​ទៅ​វិញ»

ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មាន​ផ្ទៃដី​ចំនួន ៨១០​ហិកតារ ឋិត​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ដោយ​ពុំ​ទាន់​ចុះ​បញ្ជី​ជា​ដី​សមូហភាព​សហគមន៍​ស្រប​ច្បាប់​នៅ​ឡើយ ក៏ប៉ុន្តែ​មាន​ផែនទី​កំណត់​ទំហំ​ផ្ទៃដី​គ្រប់គ្រង​រៀបចំ​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សហគមន៍​អះអាង​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​ទទួល​ស្គាល់​ដី​ព្រៃ​សហគមន៍​នេះ និង​ធ្លាប់​ធ្វើ​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន ដោយ​លោក​អតីត​អភិបាល​ស្រុក​បដិសេធ។

ឆ្លើយតប​ការ​លើក​ឡើង​នេះ មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ឧសភា ថា អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​ទទួល​ស្គាល់​ថា ព្រៃ​តំបន់​នោះ​ជា​ព្រៃ​សហគមន៍​នោះ​ទេ។ ចំណែក​សកម្មភាព​កាប់​ទន្ទ្រាន​កន្លង​ទៅ ធ្វើ​ឡើង​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក និង​ពលរដ្ឋ​នៅ​មូលដ្ឋាន បាន​កាប់​រាន​ពង្រីក​ផ្ទៃដី​ជាច្រើន​គ្រួសារ បង្ក​ការ​លំបាក​ដល់​ការ​ទប់ស្កាត់​របស់​អាជ្ញាធរ។ លោក​បញ្ជាក់​ថា នៅ​ឃុំ​ស្រែឫស្សី ពុំ​មាន​ដី​ព្រៃ​សហគមន៍​នោះ​ទេ ហើយ​ដី​ព្រៃ​ដែល​ពលរដ្ឋ​លើក​ឡើង​នោះ ត្រូវ​បាន​គេ​ដកហូត ដើម្បី​ផ្តល់​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន៖ «អត់​មាន​ព្រៃ​សហគមន៍​ទេ ដី​នោះ​គេ​ដាក់​ឲ្យ​ពលរដ្ឋ​រស់នៅ​មួយ​ចំនួន​បាត់​ទៅ​ហើយ»

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ៣​អាណត្តិ​កន្លង​ទៅ មាន​គណបក្ស​នយោបាយ​ចំនួន ៣ ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត រួម​មាន​គណបក្ស សម រង្ស៊ី គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ស្រែឫស្សី ទាំង ៣​អាណត្តិ​ដែល​មាន​លោក លួន ណាន ជា​មេ​ឃុំ។ ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៤ ខាង​មុខ​នេះ នៅ​ឃុំ​ស្រែឫស្សី មាន​គណបក្ស​នយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា អាជ្ញាធរ​ឃុំ សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ មិន​សូវ​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ។ លោក​ថា ជនជាតិ​ដើម​ភាគតិច​ធ្លាប់​បាន​ប្ដឹង​មេ​ឃុំ អាជ្ញាធរ​ភូមិ និង​ឈ្មួញ​ទៅ​តុលាការ ៤​ឆ្នាំ​មក​ហើយ តុលាការ​ហាក់​មិន​អើពើ​រឿង​ក្តី​នេះ​ទេ ពោល​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ត្រូវ​កប់​ចោល។ បញ្ហា​នេះ​គឺ​ជា​ផ្នែក​មួយ​បង្ក​ឲ្យ​កើន​ឡើង​នូវ​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។

លោក​សង្កត់​ធ្ងន់​ថា សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​នឹង​គ្មាន​ទី​បញ្ចប់​ទេ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​នៅ​តែ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ហើយ​កិច្ច​សហការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​មាន​កម្រិត​ដែរ​នោះ៖ «ដូចជា​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ យើង​ឃើញ​តែ​មាន​អនុសាសន៍ មាន​បញ្ហា​មែន គឺ​មាន​តែ​នៅ​ក្រុង​ភ្នំពេញ ដោយឡែក​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​វា​នៅ​ក្នុង​ព្រៃ។ គាត់​ចាត់​ទុក​ថា អា​ហ្នឹង​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ តែ​គាត់​មិន​ការពារ​បាន​តែ​ថា»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ សុទ្ធតែ​ជា​ក្រុម​មនុស្ស​រង​ផល​ប៉ះពាល់​ពី​កាប់​បំផ្លាញ​ព្រៃ​ឈើ ឬ​បទល្មើស​ព្រៃ​ឈើ ដែល​ទាមទារ​ឲ្យ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ការ​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ប្រសិន​បើ​ពលរដ្ឋ​ស្រឡាញ់​ធនធាន​ធម្មជាតិ គួរ​តែ​ពិចារណា​ពី​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​ណា​ដែល​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ និង​រួម​ចំណែក​ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃ៖ «ឃុំ​គ្មាន​អំណាច​អី​លើ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ឬ​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ទេ ប៉ុន្តែ​ដោយសារ​តែ​ឃុំ​គឺ​អ្នក​ដែល​ត្រូវ​មាន​គណនេយ្យ​ភាព​ជាមួយ​ពលរដ្ឋ។ ចឹង​រាល់​បញ្ហា​ដែល​ពលរដ្ឋ​សំណូមពរ ឬ​បញ្ហា​ដែល​ជា​កង្វល់​ពលរដ្ឋ​ដែល​បាន​លើក​ឡើង ឃុំ​ត្រូវ​តែ​ស្ទុះស្ទា​រក​មធ្យោបាយ ឬ​រក​ការ​អន្តរាគមន៍​ណា​មួយ​ជា​ការ​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុក​រាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ជាក់ស្តែង​គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​ហាក់​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ដែល​ការពារ​ដោយ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles