Clik here to view.

កម្មករជាង ៣០០នាក់ដែលបម្រើការងារក្នុងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង បារម្ភពីការបាត់បង់សិទ្ធិបោះឆ្នោត ដោយសារមេការក្រុមហ៊ុនពុំបានអនុញ្ញាតឲ្យពួកគេឈប់សម្រាក ដើម្បីវិលទៅស្រុកកំណើតចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ចំណែកតំណាងក្រុមហ៊ុនបដិសេធការចោទប្រកាន់នេះ។
កម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅថ្ងៃទី២៨ ឧសភា អំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងការងារ អន្តរាគមន៍ទៅក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីអនុញ្ញាតឲ្យពួកគេវិលទៅស្រុកកំណើតវិញ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ការអំពាវនាវនេះ ក្រោយពីកម្មករជាង ៣០០នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ភាគច្រើនមកពីខែត្រកំពង់ចាម កំពត ត្បូងឃ្មុំ និងខែត្រស្វាយរៀង ជាដើម ត្រូវបានមេការក្រុមហ៊ុនបដិសេធមិនឲ្យពួកគេវិលទៅស្រុកកំណើតដើម្បីបោះឆ្នោតទេ។
កម្មករម្នាក់ក្នុងចំណោមកម្មករជាច្រើនទៀត ដែលធ្វើការក្នុងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក ឆន សាវុធ ឲ្យដឹងនៅថ្ងៃទី២៨ ឧសភា ថា កម្មករជាង ៣០០នាក់សុទ្ធតែមានឆន្ទៈចង់ត្រឡប់ទៅស្រុកកំណើតដើម្បីបោះឆ្នោត ក៏ប៉ុន្តែមេការក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ព្រមានថា ប្រសិនបើកម្មករណាទៅស្រុកកំណើតដើម្បីបោះឆ្នោត ក្រុមហ៊ុននឹងឈប់ទទួលឲ្យចូលធ្វើការវិញ។ លោកថា មូលហេតុដែលមេការក្រុមហ៊ុនពុំអនុញ្ញាតដោយសារប្រញាប់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ លោកចាត់ទុកការលើកឡើងនេះ គឺជាទម្រង់នៃការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ៖ «គេបដិសេធថា ប្រសិនជាយើងទៅក្នុងអំឡុងគេហ្នឹង (អំឡុងមុនពេលបោះឆ្នោត) គេអត់ទទួលយើងចូលធ្វើការបន្តទៀត ហើយបើសិនជាយើងព្រមនៅធ្វើការងារ គេនៅឲ្យយើងបន្តធ្វើ។ គេដាក់គំនាបលើយើងចឹង»។
កាលពីថ្ងៃទី២៤ ឧសភា គ.ជ.ប ក៏បានចេញសេចក្ដីអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដើម្បីអនុញ្ញាតឲ្យកម្មករនិយោជិត ធ្វើដំណើរទៅបោះឆ្នោតនៅតាមឃុំ-សង្កាត់ដែលពួកគេបានទៅចុះឈ្មោះបោះឆ្នោត។
ឆ្លើយតបការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត បដិសេធថា ក្រុមហ៊ុនគ្មានចេតនាហាមឃាត់មិនឲ្យកម្មករទៅស្រុកកំណើតដើម្បីបោះឆ្នោតនោះទេ ខណៈអ្នកដែលគ្រប់គ្រងកម្មករផ្ទាល់ គឺជាមេការក្រុមហ៊ុន។ លោកបញ្ជាក់ថា ការចូលរួមបោះឆ្នោត គឺជាសិទ្ធិរបស់ពលរដ្ឋ ក៏ប៉ុន្តែបើកម្មករសុំអនុញ្ញាតពីក្រុមហ៊ុន ក្រុមហ៊ុនពុំជំទាស់ទេ៖ «ក្រុមហ៊ុនម៉ៅការឲ្យមេការសាងសង់ ហើយម៉ៅការសាងសង់គាត់ទទួលកុងត្រាជាមួយក្រុមហ៊ុន ហើយរឿងកម្មកររបស់គាត់ជារឿងកម្មកររបស់គាត់ទេ»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បានទទួលលិខិតមួយច្បាប់ពីគណបក្សសង្គ្រោះជាតិ ទាក់ទិនបញ្ហានេះ។ លោកបញ្ជាក់ថា គ.ជ.ប បានសម្រេចរួចហើយ ដោយអំពាវនាវឲ្យគ្រប់សហគ្រាស និងរោងចក្រទាំងអស់ បង្កលក្ខណៈឲ្យកម្មករកម្មការិនីធ្វើដំណើរទៅបោះឆ្នោតបាន ហើយ គ.ជ.ប បានណែនាំឲ្យមន្ត្រីរៀបចំការបោះឆ្នោតនៅតាមការិយាល័យនីមួយៗ បង្កលក្ខណៈងាយស្រួល ដើម្បីឲ្យកម្មករបានបោះឆ្នោតមុនគេ៖ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងនូវសេចក្តីអំពាវនាវដើម្បីឲ្យសហគ្រាស រោងចក្រ ប្រធាន ដែលមានសិទ្ធិសម្រេចចិត្ត បង្កលក្ខណៈដើម្បីឲ្យកម្មករកម្មការិនីបានធ្វើដំណើរទៅមក។ អាស៊ីសេរី៖ ឯកឧត្តមបើសិនការអំពាវនាវហ្នឹង ក្រុមហ៊ុនមួយចំនួនមិនអនុវត្តតាម តើនឹងមានមធ្យោបាយដូចម្តេច? លោក ហង្ស ពុទ្ធា៖ គ.ជ.ប មិនអាចធ្វើអ្វីខុសផ្លូវច្បាប់បានទេ ហើយ គ.ជ.ប ពិតចង់បាននូវការចូលរួមបោះឆ្នោតឲ្យបានច្រើន»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី បញ្ជាក់យ៉ាងខ្លីថា អង្គការសង្គមស៊ីវិល នឹងបើកកិច្ចប្រជុំជាមួយ គ.ជ.ប ដោយជំរុញឲ្យ គ.ជ.ប ស្នើទៅក្រសួងការងារ អនុញ្ញាតឲ្យកម្មករឈប់សម្រាកបីថ្ងៃ ដើម្បីបោះឆ្នោតនៅតាមការិយាល័យនីមួយៗដែលពួកគេបានចុះឈ្មោះ៖ «ដើម្បីឲ្យគាត់បានមកបោះឆ្នោត យើងនឹងបើករឿងនេះចេញសេចក្តីថ្លែងការណ៍ និងលើកឡើងរឿងនេះផ្ទាល់»។
នៅខែត្រស្ទឹងត្រែង មានឃុំ-សង្កាត់ចំនួន ៣៦ និងមានគណបក្សនយោបាយចំនួន៤ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ៕