Quantcast
Viewing all articles
Browse latest Browse all 11174

យុវជន​សង្ឃឹម​ថា​មេ​ឃុំ​ចៅ​សង្កាត់​ថ្មី​នឹង​ដើរ​ត្រូវ​តាម​តួនាទី​និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពលរដ្ឋ

Image may be NSFW.
Clik here to view.

យុវជន និង​ព្រះសង្ឃ​ដែល​ចូលរួម​វេទិកា​ជជែក​ដេញដោល​ពី​តួនាទី​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​មេ​ឃុំ​ចៅ​សង្កាត់​ជាប់​ឆ្នោត​ថ្មី បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ ស្រប​តាម​ច្បាប់​បាន​ចែង ដោយ​មិន​មែន​ដើរ​តួនាទី​ជា​ម្ចាស់​លើ​ពលរដ្ឋ និង​មិន​ផ្គាប់​ចិត្ត​ថ្នាក់​លើ​ដើម្បី​រក្សា​តំណែង​មេ​ឃុំ​នោះ​ទេ។

ក្រុម​យុវជន​ជាង ៤០​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ចូលរួម​សួរ​ដេញដោល​ក្នុង​វេទិកា​អំពី​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មើល​ឃើញ​ថា ក្រុម​ប្រឹក្សា និង​មេ​ឃុំ​ចៅ​សង្កាត់​នៅ​តាម​មូលដ្ឋាន​ពួក​គេ​បច្ចុប្បន្ន នៅ​មិន​ទាន់​បាន​ដើរ​តាម​តួនាទី​ខ្លួន​ត្រឹមត្រូវ​ដូច​ច្បាប់​បាន​ចែង​ទេ។

យុវជន​ទាំងនោះ​ប្ដេជ្ញា​ចូលរួម​សកម្មភាព​ឲ្យ​បាន​ច្រើន​ជាមួយ​អាជ្ញាធរ​ឃុំ-សង្កាត់​របស់​ពួក​គេ ដើម្បី​ជំរុញ​ឲ្យ​មេ​ឃុំ​ចៅ​សង្កាត់ ប្រតិបត្តិ​តួនាទី​ដែល​ច្បាប់​បាន​ចែង​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ។

និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ លោក ឃឺន វីរៈ ចាប់​អារម្មណ៍​អំពី​តួនាទី​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ លោក​យល់​ថា មិន​មែន​តែ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ទេ​ដែល​មិន​ទាន់​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ សូម្បី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខ្លះ ក៏​មិន​ទាន់​យល់​អំពី​ភាព​សំខាន់​នៃ​តួនាទី​របស់​ខ្លួន​នៅ​ឡើយ។ លោក​បន្ថែម​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​តួនាទី​សំខាន់​ក្នុង​ការ​ទាញ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ឲ្យ​ដើរ​តាម​ច្បាប់ និង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់​នៅ​ពេល​មេ​ឃុំ ឬ​ចៅ​សង្កាត់​ស្ដាប់​តាម​បញ្ជា​ថ្នាក់​លើ ហើយ​រំលង​ផល​ប្រយោជន៍​ពលរដ្ឋ​ក្នុង​ឃុំ៖ «យុវជន​នឹង​ជួយ​រំឭក​គាត់ ជំរុញ​គាត់ ហើយ​ម្យ៉ាង​ទៀត យុវជន​នឹង​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី»

វេទិកា​សួរ​ដេញដោល​ពី​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ដែល​រៀបចំ​ដោយ​អង្គការ​អប់រំ​យុវជន ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព មិន​មាន​តំណាង​គណបក្ស​នយោបាយ​ចូលរួម​ទេ។ យុវជន​ដែល​បាន​ចូលរួម មាន​ខ្លះ​គឺ​ជា​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ឯ​ខ្លះ​ទៀត​គឺ​ជា​យុវជន​ដែល​សកម្ម​ក្នុង​ការងារ​សង្គម​នៅ​តាម​អង្គការ​នានា។

ពួក​គេ​សង្ឃឹម​ថា ប្រធាន និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គេ នឹង​ធ្វើ​ជា​មនុស្ស​គំរូ​នៅ​តាម​ឃុំ-សង្កាត់ ដើម្បី​ឲ្យ​យុវជន​យក​គំរូ​តាម និង​រក្សា​ភាព​ជា​បុគ្គល​ដែល​ពលរដ្ឋ​ក្នុង​ឃុំ​គោរព​ស្រឡាញ់។

ព្រះសង្ឃ​មួយ​អង្គ​មក​ពី​វត្ត​ពោធិ៍វាល សង្កាត់​រតនៈ ក្រុង​បាត់ដំបង ព្រះនាម គួយ ឌីណា ដែល​ចូលរួម​វេទិកា​សួរ​ដេញដោល​ពី​តួនាទី​មេ​ឃុំ​ចៅ​សង្កាត់ មាន​ព្រះ​ថេរ​ដីកា​ថា ដើម្បី​ឲ្យ​ឃុំ-សង្កាត់​មួយ​មាន​ការ​ជឿនលឿន មេ​ឃុំ និង​ក្រុម​ប្រឹក្សា​ឃុំ ត្រូវ​ដើរ​ទន្ទឹម​គ្នា សហការ​គ្នា​ដោយ​មិន​បែងចែក​ថា​មក​ពី​បក្ស​ណា និង​មិន​ត្រូវ​ស្ដាប់​តែ​ការ​បញ្ជា​ពី​ថ្នាក់​លើ ដែល​បញ្ជា​ខុស​តួនាទី​នោះ​ទេ។ ព្រះអង្គ​មើល​ឃើញ​ថា សកម្មភាព​សកម្ម​បំផុត​របស់​មេ​ឃុំ​ចៅ​សង្កាត់​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ខាង​បោះ​ត្រា និង​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម ចំណែក​សកម្មភាព​ផ្សេង​ទៀត​ដែល​ច្បាប់​បាន​កំណត់​អំពី​តួនាទី នៅ​មិន​សូវ​ឃើញ​មេ​ឃុំ​សកម្ម​ខ្លាំង​ទេ៖ «ទាក់ទង​នឹង​ការ​ធ្វើ​សមាជ​ប្រចាំ​ខែ ប្រចាំ​អី​ហ្នឹង អត់​សូវ​ឃើញ​មាន​ដែរ ឃើញ​ថា​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ​ត្រូវ​ប្រជុំ​ជា​រៀង​រាល់​ខែ លើក​ពី​កង្វល់​ប្រជាពលរដ្ឋ​ហ្នឹង​ឯង ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ-សង្កាត់​ចែង​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​អង្គការ​ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន និង​មាន​បេសកកម្ម​បម្រើ​ផល​ប្រយោជន៍​ទូទៅ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន។ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​ធ្វើ​ការ​ប្រជុំ​យ៉ាង​តិច​ណាស់​ចំនួន​មួយ​ដង​ក្នុង​មួយ​ខែ។ ប៉ុន្តែ​យុវជន​ថា​កុំ​ថា​ឡើយ​តែ​លទ្ធផល​នៃ​កិច្ច​ប្រជុំ សូម្បី​តែ​មុខ​មេ​ឃុំ ឬ​ចៅ​សង្កាត់​របស់​ខ្លួន​នៅ​មាន​ពលរដ្ឋ និង​យុវជន​ខ្លះ​នៅ​មិន​បាន​ស្គាល់​នោះ​ទេ។

ប្រធាន​អង្គការ​អប់រំ​យុវជន ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក បូ ពៅ សង្កេត​ឃើញ​ថា មេ​ឃុំ និង​ចៅ​សង្កាត់​បច្ចុប្បន្ន បាន​ដើរ​ខុស​តួនាទី​ច្រើន​ណាស់។ លោក​ថា មេ​ឃុំ​ច្រើន​តែ​ធ្វើ​តាម​បក្ស ជាជាង​ធ្វើ​តាម​សំណូមពរ​ពលរដ្ឋ។ លោក​បាន​ផ្ដាំ​ផ្ញើ​ទៅ​មេ​ឃុំ​អាណត្តិ​ថ្មី ឲ្យ​រក្សា​ឲ្យ​បាន​គុណធម៌​សម្រាប់​ពលរដ្ឋ ព្រោះ​មេ​ឃុំ​ជា​មនុស្ស​គំរូ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឲ្យ ដូច្នេះ​លោក​ផ្ដាំ​ថា កុំ​គ្រាន់​តែ​បោក​ពលរដ្ឋ​យក​សន្លឹក​ឆ្នោត៖ «អ្នក​ដែល​រស់នៅ​សុខដុមរមនា​ជាមួយ​អស់​លោក​បាន គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាមួយ​អស់​លោក។ នៅ​ពេល​ណា​ដែល​ពួក​លោក​អស់​តម្លៃ ពួក​គេ​នឹង​ទាត់​អស់​លោក ក៏ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​មិន​បោះបង់​អស់​លោក​ទេ។ នៅ​ពេល​ដង្ហែ​សព​អស់​លោក (នៅ​ពេល​លោក​ស្លាប់) អ្នក​ដែល​ទៅ​ហែ​សព​លោក អ្នក​ដែល​ទៅ​អុជ​ធូប​លោក គឺ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឃុំ​នោះ​ឯង»

លោក បូ ពៅ យុវជន និង​ព្រះសង្ឃ ចង់​ឃើញ​ពលរដ្ឋ​សរសើរ​មេ​ឃុំ​ពី​សកម្មភាព​ផ្សេង ជាជាង​ការ​សរសើរ​តែ​សកម្មភាព​សកម្ម​ខាង​បោះ​ត្រា និង​ចុះ​ហត្ថលេខា​លើ​ឯកសារ។ យុវជន​ថា ពួក​គេ​ចង់​បាន​ឱកាស​បន្ត​វេន​ពី​មនុស្ស​ដែល​មាន​គំរូ​ល្អ និង​ចង់​ឃើញ​ពលរដ្ឋ​ចូលរួម​ក្នុង​សកម្មភាព​ឃុំ-សង្កាត់​ឲ្យ​បាន​ច្រើន កុំ​ឲ្យ​រាល់​ការ​សម្រេច​ចិត្ត​ក្នុង​ឃុំ-សង្កាត់ មាន​តែ​ការ​សម្រេច​ចិត្ត​របស់​មេ​ឃុំ​តែ​ម្នាក់ ឬ​មួយ​ក្រុម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles