Clik here to view.

បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ជ្រើសរើសអ្នកសង្កេតការណ៍បានជាង ១ម៉ឺននាក់ ក៏ប៉ុន្តែមិនបានគ្រប់ចំនួនដូចការគ្រោងទុកនោះទេ ខណៈកាលបរិច្ឆេទនៃការឈប់ទទួលអ្នកសង្កេតការណ៍ជាតិ បានផុតកំណត់កាលពីថ្ងៃទី២៤ ឧសភា កន្លងទៅ។ មន្ត្រីអង្គការខុមហ្វ្រែល (COMFREL) បញ្ជាក់ថា មូលហេតុដែលជ្រើសរើសមិនបានគ្រប់ចំនួននេះ ដោយសារតំបន់មួយចំនួននៅដាច់ស្រយាលខ្លាំង ហើយម្យ៉ាងអាចមកពីបញ្ហាថវិកាដែលត្រូវផ្តល់ឲ្យអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមានចំនួនតិចតួច។
បើទោះជាជ្រើសរើសមិនបានអ្នកសង្កេតការណ៍គ្រប់ចំនួនដូចការគ្រោងទុកក្តី ក៏បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ដែលជាសម្ព័ន្ធអង្គការសមាគមជិត ៤០ នៅកម្ពុជា អះអាងថា ពួកគេនៅតែអាចមានអ្នកសង្កេតការណ៍នៅគ្រប់ទីតាំងបោះឆ្នោតទាំងអស់ទូទាំងប្រទេសដដែល។
បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ គ្រោងជ្រើសរើសអ្នកសង្កេតការណ៍ឲ្យបានចំនួន ១៤.៥០០នាក់ ដើម្បីដាក់អ្នកសង្កេតការណ៍ទាំងនោះនៅគ្រប់ការិយាល័យបោះឆ្នោតទាំងជាង ២ម៉ឺន ២ពាន់ការិយាល័យ (២២.១៤៨ការិយាល័យ) នៅទូទាំងប្រទេស ក៏ប៉ុន្តែមកដល់ត្រឹមថ្ងៃទី២៤ ឧសភា ដែលជាថ្ងៃផុតកំណត់ទទួលអ្នកសង្កេតការណ៍ បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ជ្រើសរើសអ្នកសង្កេតការណ៍បានតែ ១ម៉ឺន ៣ពាន់នាក់ប៉ុណ្ណោះ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៨ ឧសភា ថា ទោះបីជាការជ្រើសរើសបានតិចជាងការគ្រោងទុកចំនួន ១.៥០០នាក់ក្តី ក៏នេះមិនមែនមានន័យថា បន្ទប់ស្ថានការណ៍ខ្វះចន្លោះនៅឃុំ-សង្កាត់ណាមួយនោះទេ ព្រោះចំនួនដែលជ្រើសរើសបាននេះ គឺគ្របដណ្ដប់គ្រប់ទីតាំងបោះឆ្នោតទាំងអស់រួចទៅហើយ៖ «ទីតាំង (បោះឆ្នោត) មានប្រហែលជាជាង ១ម៉ឺន ១ពាន់ទេ។ អ៊ីចឹងមានន័យថាគ្រប់ទីតាំងទាំងអស់ យើងបានដាក់មនុស្សពេញអស់ហើយ ប៉ុន្តែអ្វីដែលយើងចង់បាននោះ គឺ ២ការិយាល័យ ត្រូវមានអ្នកសង្កេតការណ៍ម្នាក់មើល។ ឥឡូវនេះបើថា ២ការិយាល័យអត់មានទេ ប៉ុន្តែគ្រប់ទីតាំងគឺមានពេញអស់ហើយ»។
លោក កន សាវាង្ស បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ មានការប្រកួតប្រជែងខ្លាំង ដោយសារសន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣ មក មានការកើនឡើង ហើយលើសពីនេះ ជាលើកទីមួយហើយដែលគណបក្សប្រឆាំងដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ឃុំ-សង្កាត់ទាំងអស់ទូទាំងប្រទេស។ ហេតុដូចនេះ វាជារឿងចាំបាច់ដែលត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍ឲ្យបានច្រើន ដើម្បីកុំឲ្យមានការខ្វែងយោបល់គ្នាជុំវិញរឿងភាពមិនប្រក្រតីទាំងឡាយដែលកើតមាន រួមទាំងលទ្ធផលបោះឆ្នោតផង ហើយជាពិសេស អ្នកសង្កេតការណ៍នឹងដើរតួនាទីជាសាក្សីដ៏សំខាន់ ដើម្បីធ្វើយ៉ាងណាធានាថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៖ «គណបក្សមួយឃើញលទ្ធផលផ្សេងទៅ គណបក្សមួយទៀតឃើញលទ្ធផលផ្សេងទៅ ហើយខាង គ.ជ.ប ឃើញខុសគ្នាទៀតទៅ។ នេះដោយសារតែការចម្លងអត់ពិតប្រាកដ។ ដល់ពេលកន្លែងហ្នឹងអត់មានអ្នកសង្កេតការណ៍ជួយមើលផ្ទៀងផ្ទាត់គ្នា អ៊ីចឹងវានឹងធ្វើឲ្យកើតមានបញ្ហាដែរ។ បើសិនជាយើងចូលរួមទាំងអស់គ្នា កាលណាមានបញ្ហាអ្វី ក្រុមអ្នកសង្កេតការណ៍នឹងផ្ទៀងផ្ទាត់ត្រង់កន្លែងហ្នឹងថា តើវាពិតប្រាកដដែរឬអត់? កាលណាសំឡេង និងការផ្ទៀងផ្ទាត់គ្នា បូកបញ្ចូលគ្នាឲ្យបានច្រើនទៅ យើងនឹងឃើញបញ្ហា។ នោះយើងនឹងអាចកាត់បន្ថយ ឬដោះស្រាយ (ភាពមិនប្រក្រតី) បានហើយ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង ៥ម៉ឺន ៦ពាន់នាក់ (៥៦.៨១៧នាក់) អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៩៤នាក់ និងភ្នាក់ងារគណបក្សនយោបាយចំនួនជាង ៥ម៉ឺន ៨ពាន់នាក់ (៥៨.៤១០នាក់) ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នេះ។
លោក ហង្ស ពុទ្ធា ថ្លែងថា គោលការណ៍នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយអ្នកសង្កេតការណ៍នេះហើយជាភាគីមួយយ៉ាងសំខាន់ ព្រោះពួកគេជាអ្នកឆ្លុះបញ្ចាំងប្រកបដោយតម្លាភាព ចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត៖ «ការបោះឆ្នោតពិតជាត្រូវការពួកគាត់ (អ្នកសង្កេតការណ៍) ហើយបើមានភាពមិនប្រក្រតី ឬក៏មានពាក្យបណ្ដឹង ពួកគាត់អាចជាសាក្សីយ៉ាងសំខាន់នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតផងដែរ»។
កាលបរិច្ឆេទនៃការទទួលអ្នកសង្កេតការណ៍ជាតិដោយ គ.ជ.ប បានផុតកំណត់ហើយកាលពីថ្ងៃទី២៤ ឧសភា កន្លងទៅ រីឯការទទួលអ្នកសង្កេតការណ៍អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ នឹងត្រូវបន្តដល់ថ្ងៃទី៣០ ឧសភា ខាងមុខនេះ៕