Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អភិបាល​រាជធានី​សន្យា​អភិវឌ្ឍ​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ​ដោយ​មិន​បណ្ដេញ​ពលរដ្ឋ​ចេញ

$
0
0

អភិបាល​រាជធានី​ភ្នំពេញ បាន​សន្យា​ជាមួយ​ពលរដ្ឋ​ចំនួន ៨​សហគមន៍ នៅ​ស្ទឹងមានជ័យ ថា ការ​អភិវឌ្ឍ​ប្រឡាយ​ទឹក​ស្អុយ​ក្នុង​តំបន់​នេះ នឹង​មិន​មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នោះ​ទេ។ ក្រៅ​ពី​បាន​ប្រាប់​ដោយ​ផ្ទាល់​មាត់ លោក​បាន​សរសេរ​បន្ថែម​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) លោក​ថា អាជ្ញាធរ​នឹង​យក​ដី​ដែល​នៅ​សល់​ពី​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ស្អុយ​ដើម្បី​រៀបចំ​ជា​ដី​ឡូត៍ និង​ធ្វើ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ។

អភិបាល​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ប្រឡាយ និង​ពលរដ្ឋ​ដែល​នៅ​លើ​ខ្នង​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ ថា ការ​សន្យា​ដោយ​គ្មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​ស្ទឹងមានជ័យ យក​ទៅ​អភិវឌ្ឍ​ប្រឡាយ​ទឹក​ស្អុយ​នេះ លុះត្រាតែ​មាន​ការ​យល់​ព្រម​ពី​លោក​នាយករដ្ឋមន្ត្រី​សិន។ រដ្ឋបាល​សាលាក្រុង​របស់​លោក​នឹង​ដាក់​សំណើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រៀបចំ​កំណត់​ទំហំ​ប្រឡាយ និង​ផ្លូវ​អម​ប្រឡាយ ចំណែក​ដី​ដែល​នៅ​សល់​ពី​គម្រោង​ស្ថាបនា​នេះ នឹង​ត្រូវ​រៀបចំ​ជា​ឡូត៍ ហើយ​ធ្វើ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ។

ក្នុង​ពេល​ជួប​ជាមួយ​ពលរដ្ឋ​តាម​សហគមន៍​នៅ​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា លោក ប៉ា សុជាតិវង្ស បាន​ស្នើ​ឲ្យ​ពលរដ្ឋ​នឹងន​ក្នុង​ចិត្ត និង​ទុក​ចិត្ត​លើ​អាជ្ញាធរ។ លោក​ក៏​បាន​បញ្ជា​ឲ្យ​ចៅ​សង្កាត់​ស្ទឹងមានជ័យ និង​មេ​ភូមិ​តាម​តំបន់​សហគមន៍​ទាំង​៨ ពិនិត្យ​ចំនួន​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ឲ្យ​បាន​ច្បាស់ ជៀសវាង​ការ​បំប៉ោង​តួលេខ​ចំនួន​ពលរដ្ឋ។

លោក​អភិបាល​រាជធានី​បាន​រំលឹក​ប្រាប់​ពលរដ្ឋ​នៅ​ស្ទឹងមានជ័យ​ថា ពលរដ្ឋ​នៅ​តំបន់​បឹងកក់ និង​នៅ​បុរីកីឡា បាន​បំប៉ោង​តួលេខ​ដែល​អាជ្ញាធរ​ពិបាក​ដោះស្រាយ​ឲ្យ៖ «អ៊ីចឹង​ចំណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នៅ​ចំពោះ​មុខ​នេះ សាលា​រាជធានី​កំពុង​កែលំអ​ទាំង​ប្រឡាយ​ហ្នឹង​ផង ជាមួយ​នឹង​ការ​រៀបចំ​សហគមន៍​របស់​នៅ​របស់​បង​ប្អូន​ឲ្យ​បាន​សមស្រប​ផង»

ការ​ស្ថាបនា​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ អាជ្ញាធរ​ចង់​ជីក​ប្រឡាយ​នេះ​ឲ្យ​ជ្រៅ និង​កំណត់​ទំហំ​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​នេះ​ឲ្យ​ច្បាស់។ លោក ប៉ា សុជាតិវង្ស បន្ថែម​ថា រដូវវស្សា​ចូល​មក​ដល់ ភ្លៀង​ធ្លាក់​ក៏​កាន់​តែ​ច្រើន ប្រឡាយ​មួយ​ចំនួន​បញ្ជូន​ទឹក​ចេញ​ក៏​យឺត ព្រោះ​តែ​បញ្ហា​សំរាម និង​ការ​រស់​នៅ​មិន​រៀបរយ​លើ​ប្រឡាយ។ លោក​ថា ប្រឡាយ​ស្ទឹងមានជ័យ កំពុង​មាន​សភាព​លំបាក​ខ្លាំង​តម្រូវ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ស្ថាបនា ស្ដារ​យក​ជម្រៅ និង​បើក​ផ្លូវ​ដើម្បី​ស្ដារ​ជា​បន្ទាន់។

ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ​នេះ ពលរដ្ឋ​ថា ជា​ប្រឡាយ​សម្រាប់​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​លូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ហូរ​ចូល​កន្លែង​ចម្រោះ​ទឹក​ស្អុយ​នៅ​បឹងទំពុន មុន​នឹង​បង្ហូរ​ចូល​ក្នុង​ទន្លេ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​លើ​ខ្នង​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ ក្នុង​សហគមន៍​ស្ទឹងប្រាក់មានជ័យ ឈ្មោះ សុភាព ប្រាប់​ថា ចំពោះ​អ្នកស្រី​ជឿ​លើ​ការ​សន្យា​របស់​លោក​អភិបាល​ក្រុង ប៉ុន្តែ​អ្នក​សហគមន៍​ផ្សេង​ទៀត​នៅ​មិន​ទាន់​ជឿជាក់​លោក​អភិបាលក្រុង​ទេ។ អ្នកស្រី​បន្ត​ថា អ្នក​ដែល​មិន​ជឿ​ដោយសារ​ពួកគេ​ខ្លាច​អភិបាល​ក្រុង​ភ្នំពេញ ទៅ​សន្យា​ជាមួយ​ពលរដ្ឋ​ដើម្បី​យក​សន្លឹក​ឆ្នោត ព្រោះ​យូរ​ណាស់​ហើយ មិន​ព្រម​ដោះស្រាយ​ទើបតែ​ដោះស្រាយ​នៅ​កៀក​ពេល​បោះឆ្នោត។

ពលរដ្ឋ​រស់​នៅ​តំបន់​ទឹក​ស្អុយ​ស្ទឹងមានជ័យ មាន ៨​សហគមន៍ គឺ​សហគមន៍​ស្ទឹងប្រាក់មានជ័យ ស្ទឹងមាសមានជ័យ សាមគ្គីមានជ័យថ្មី សុវណ្ណភូមិមានជ័យ ព្រះច័ន្ទក្រហម ស្ត្រីសាមគ្គីមានជ័យ មានជ័យ​ស្ត្រី​អភិវឌ្ឍន៍ និង​សហគមន៍​សន្សំ​ប្រាក់​ដើម្បី​អភិវឌ្ឍន៍។ អភិបាល​ក្រុង លោក ប៉ា សុជាតិវង្ស ថា ដី​ដែល​អាជ្ញាធរ​ធ្វើ​ប្រទានកម្ម​ឲ្យ​នឹង​មាន​ទំហំ ៥​ម៉ែត្រ គុណ ៨​ម៉ែត្រ ហើយ​សល់​មុខ​ផ្ទះ ១​ម៉ែត្រ និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ។

ពលរដ្ឋ​ដែល​មាន​ផ្ទះ​រស់​នៅ​លើ​​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ ក្នុង​សហគមន៍​ស្ទឹងប្រាក់មានជ័យ ម្នាក់​ទៀត លោក ឈុន សុខុម ក៏​ជឿ​ការ​សន្យា​របស់​លោក ប៉ា សុជាតិវង្ស ដែរ។ លោក​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​អាជ្ញាធរ​ដែល​អភិវឌ្ឍ​​នៅ​នឹង​កន្លែង ប៉ុន្តែ​ស្នើ​កុំ​ឲ្យ​សន្យា​បោក​ពលរដ្ឋ​ហើយ​បណ្ដេញ​លោក​ចេញ​នៅ​ពេល​ក្រោយ។ ពលរដ្ឋ​រូប​នេះ​ព្រមាន​ទុក​ជា​មុន​ថា នឹង​មិន​ព្រម​ទៅ​រស់​នៅ​តំបន់​ណា​ក្រៅ​ពី​តំបន់​ស្ទឹងមានជ័យ ឡើយ៖ «នៅ​ក្រៅ​មិន​អាច​ទទួល​យក​បាន​ទេ! បើ​គាត់​មាន​ប្រសាសន៍​អ៊ីចឹង គាត់​កែប្រែ អា​ហ្នឹង​ក៏​គាត់​យ៉ាប់​ដែរ បើ​គាត់​អះអាង​អ៊ីចឹង យើង​បាន​ទំនុក​ទុក​ចិត្ត យើង​ជឿ​គាត់​ណា»

​ក្រៅពី​បាន​សន្យា​អភិវឌ្ឍន៍​នឹង​នៅ​កន្លែង​សម្រាប់​ពលរដ្ឋ​រស់​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​ស្ទឹងមានជ័យ ហើយ លោក ប៉ា សុជាតិវង្ស បាន​ឲ្យ​មន្ត្រី​លោក​សិក្សា​ដើម្បី​អាច​លើក​ទីតាំង​សង្កាត់​ស្ទឹងមានជ័យ យក​មក​ដាក់​នៅ​ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ ម្ដុំ​កែង​របង​វត្ត​ស្ទឹងមានជ័យ​វិញ។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ប្រាប់​ថា ទោះ​ជា​លោក ប៉ា សុជាតិវង្ស ចេញ​មុខ​សន្យា​ដោយ​ផ្ទាល់​ក្ដី ប៉ុន្តែ​ពលរដ្ឋ​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​ទេ។ លោក​ថា ពលរដ្ឋ​ខ្លះ​នៅ​តែ​មាន​ការ​បារម្ភ​អំពី​ការ​សន្យា​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ ដើម្បី​ទាញ​យក​សន្លឹក​ឆ្នោត។ លោក អៀង វុទ្ធី យល់​ថា លុះ​ណា​តែ​មាន​លាយលក្ខណ៍​ជា​អក្សរ​ដើម្បី​បញ្ជាក់​ទើប​ពលរដ្ឋ​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​អាជ្ញាធរ៖ «ឧបមា​ថា ការ​អភិវឌ្ឍ​ហ្នឹង​មិន​មាន​ការ​បណ្ដេញ​ចេញ ហើយ​យល់ព្រម​ទទួល​យក​នូវ​សំណើ​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​យើង​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ​ទៅ នោះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្ពស់ ហើយ​ក៏​អាច​មាន​ការ​គាំទ្រ​កាន់តែ​ខ្ពស់​ពី​ប្រជាពលរដ្ឋ»

លោក អៀង វុទ្ធី ថា ប្រសិនបើ​អាជ្ញាធរ​អាច​អភិវឌ្ឍ​ដោយ​មិន​បណ្ដេញ​ពលរដ្ឋ​ចេញ​បាន​មែន នោះ​គឺ​ជា​គំរូ​សម្រាប់​ការ​អភិវឌ្ឍ​លើក​ក្រោយៗ ដែល​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​អាជ្ញាធរ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles