Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រួសារ​ពលករ​២៣​នាក់​ជាប់​គុក​នៅ​ថៃ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះលែង

$
0
0

ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ក្រសាំង សង្កាត់​បុសស្បូវ ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ ព្រួយ​បារម្ភ​ខ្លាច​សាច់ញាតិ​របស់​គេ​ដែល​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ មិន​អាច​វិល​ត្រឡប់​មក​ទាន់​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ​បាន​ទេ។

ការ​ព្រួយ​បារម្ភ​ដូចនេះ ដោយសារ​តែ​គេ​ទទួល​បាន​ព័ត៌មាន​ថា សាច់ញាតិ​ដែល​ចូល​ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ ទាំងនោះ ត្រូវ​តម្រួត​ថៃ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​ទៅ​ហើយ។

គ្រួសារ​របស់​ពលករ​ចំណាក​ស្រុក​នៅ​ភូមិ​ក្រសាំង សង្កាត់​បុសស្បូវ ក្រុង​សំរោង អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ធ្វើ​យ៉ាង​ណា​ជួយ​អន្តរាគមន៍​ដោះលែង​សាច់ញាតិ​របស់​គេ​ចំនួន ២៣​នាក់​ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​នៅ​ឯ​ប្រទេស​ថៃ ឲ្យ​បាន​វិល​ត្រឡប់​មក​ទាន់​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ។

ការ​អំពាវនាវ ធ្វើ​ឡើង​បន្ទាប់​ពី​គេ​ដឹង​ថា សាច់ញាតិ​របស់​ពួក​គេ​ដែល​មាន​មនុស្ស​គ្រប់​អាយុ​បោះឆ្នោត​ចំនួន ១៧​នាក់ និង​កូន​តូចៗ​ចំនួន ៦​នាក់​ថែម​ទៀត ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​អន្តោប្រវេសន៍​ថៃ ចាប់​ខ្លួន​ដាក់​នៅ​ក្នុង​គុក​អន្តោប្រវេសន៍​សួនភ្លូ (Suan Plu) នា​ទីក្រុង​បាងកក រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ។

គ្រួសារ​ពលករ​ម្នាក់​នៅ​ភូមិ​ក្រសាំង ក្នុង​ចំណោម​ជាច្រើន​នាក់​ទៀត គឺ​លោកស្រី សែម លុយ។ លោកស្រី​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២១ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ក្មួយ និង​ចៅៗ​របស់​គាត់ បាន​នាំ​គ្នា​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ។ កាលណោះ​មាន​មនុស្ស​ពេញ​វ័យ​ចំនួន ១៧​នាក់ និង​កុមារ​តូចៗ​ចំនួន ៦​នាក់​ទៀត ដែល​ឪពុក​ម្ដាយ​របស់​គេ​យក​ទៅ​ជាមួយ។ នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ ធ្វើ​ការ​បាន​ប្រហែល​ជា ៥​ថ្ងៃ ក៏​ត្រូវ​តម្រួត​ថៃ ចាប់​ខ្លួន ហើយ​បញ្ជូន​យក​ទៅ​ដាក់​គុក​ប៉ូលិស​អន្តោប្រវេសន៍​សួនភ្លូ (Suan Plu) ក្នុង​ទីក្រុង​បាងកក រហូត​មក​ដល់​ពេល​នេះ៖ «សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ទៅ​ដោះលែង​មក។ ចង់​ឲ្យ​ជួយ​យក​ពួក​គេ​មក​ស្រុក​វិញ​ឲ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​អ្នក​ជាប់​គុក​ទាំងនោះ​សុទ្ធតែ​ក្មួយ និង​ចៅ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ចំណាត់ការ​ជួយ​ដោះលែង​អ្នក​ភូមិ​ទាំងនោះ​ពី​ប្រទេស​ថៃ មក​វិញ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំណែក​អធិការ​នគរបាល​ក្រុង​សំរោង លោក ស៊ុន សាន មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ថា មាន​ពលករ​ខ្មែរ​នៅ​ភូមិ​ក្រសាំង ដែល​តម្រួត​ថៃ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ លោក​អធិការ​ដដែល​បញ្ជាក់​ថា លោក​នឹង​សួរ​ទៅ​ប្រធាន​ប៉ុស្តិ៍​នគរបាល​សង្កាត់​បុសស្បូវ ឲ្យ​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​ជុំវិញ​ករណី​នេះ៖ «អត់​ទាន់​ឃើញ​មេ​ប៉ុស្តិ៍​បុសស្បូវ រាយការណ៍​មក​ផង។ មិន​ដឹង​ថា​អ្នក​ទាំងនោះ​ចេញ​ទៅ​ប្រទេស​ថៃ ពី​កាលណា? ពីព្រោះ​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​ឯណោះ»

អាជ្ញាធរ​ឃុំ​បុសស្បូវ និង​ភូមិ​ក្រសាំង បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​គេ​បាន​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ ហើយ​ត្រូវ​តម្រួត​ថៃ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នោះ​មែន ក៏ប៉ុន្តែ​គេ​ហាក់​គ្មាន​មធ្យោបាយ​ដើម្បី​ជួយ​ដោះលែង​អ្នក​ភូមិ​ទាំងនោះ​បាន​ទេ។

មេ​ភូមិ​ក្រសាំង លោក ម៉ុន ហៃ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​ចំនួន ១៧​នាក់ ពិត​ជា​បាន​ចាកចោល​ផ្ទះ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ មែន។ លោក​មេ​ភូមិ​បញ្ជាក់​ថា ពលរដ្ឋ​ចំនួន ១៧​នាក់​នោះ សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ ព្រម​ទាំង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ផង ទើប​នាំ​គ្នា​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ ដោយ​មិន​ស្រប​ច្បាប់។

ទោះ​ជា​យ៉ាង​ណា មេ​ភូមិ​ក្រសាំង ចង់​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ភូមិ​របស់​គាត់​ទាំង ១៧​នាក់ ព្រម​ទាំង​កុមារ​តូចៗ​ចំនួន ៦​នាក់​ទៀត ឲ្យ​បាន​វិល​ត្រឡប់​មក​ភូមិ​វិញ​នៅ​ពេល​ឆាប់ៗ៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះលែង​ពួក​គេ ហើយ​យក​ត្រឡប់​មក​ស្រុក​វិញ ពីព្រោះ​ពួក​គេ​ក្រីក្រ​ណាស់ ពីព្រោះ​ទោះ​ជា​អាក្រក់ ឬ​ក៏​ល្អ ក៏​ជា​កូន​ចៅ​របស់​យើង​ដែរ»

ចៅ​សង្កាត់​បុសស្បូវ លោក ខ្លូត យុត មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ព័ត៌មាន​ថា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រសាំង ចំនួន ១៧​នាក់ ត្រូវ​តម្រួត​ថៃ ចាប់​ដាក់​គុក​នោះ តាម​រយៈ​មេ​ប៉ុស្តិ៍​នគរបាល ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក​ហាក់​ដូចជា​ទាល់ច្រក​មិន​ដឹង​ទាក់ទង​ទៅ​ខាង​ណា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ទាំងនោះ​ឲ្យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ៖ «គ្រួសារ​ពលករ​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នោះ គាត់​មិន​បាន​រាយការណ៍​មក​អាជ្ញាធរ​សង្កាត់​ឲ្យ​ដឹង ឬ​ក៏​សុំ​ជំនួយ​ពី​អាជ្ញាធរ​យ៉ាង​ណា​ទេ ប៉ុន្តែ​យើង​ដឹង​តាម​ប៉ូលិស​មក​វិញ»

បញ្ជី​ឈ្មោះ​ខ្លះៗ​ដែល​គ្រួសារ​របស់​ពលករ​ផ្ដល់​ឲ្យ គឺ​អ្នក​ភូមិ​ដែល​កំពុង​ជាប់​គុក​អន្តោប្រវេសន៍​សួនភ្លូ មាន​ដូចជា ធឿត ខា ភេទ​ស្រី អាយុ ៣១​ឆ្នាំ ឈ្មោះ ហួ ឡា ភេទ​ស្រី អាយុ ២៩​ឆ្នាំ ឈ្មោះ អេម ពេក ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ឈ្មោះ អេម ឡំ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ឈ្មោះ រុន រំដួល ភេទ​ស្រី អាយុ ២៥​ឆ្នាំ ឈ្មោះ លឿប ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ឈ្មោះ ស្រូ ម៉ៅ ភេទ​ស្រី អាយុ ២២​ឆ្នាំ ឈ្មោះ ហួរ រ៉ុង ភេទ​ស្រី អាយុ ២៣​ឆ្នាំ ព្រម​ទាំង​អ្នក​ភូមិ និង​កុមារ​ជាច្រើន​នាក់​ទៀត។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​បញ្ហា​ចាប់​ខ្លួន​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដូចនេះ សូម​ឲ្យ​ក្រុម​គ្រួសារ​ទាក់ទង និង​ផ្ដល់​ព័ត៌មាន​អំពី​ទីកន្លែង​ច្បាស់លាស់​មក​រូប​លោក នោះ​អង្គការ​របស់​លោក​មាន​អង្គការ​ជា​ដៃគូ​នៅ​ឯ​ប្រទេស​ថៃ និង​ទៅ​សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ឲ្យ​អាច​ត្រឡប់​មក​ប្រទេស​វិញ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles