Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ប្ដឹង​សន្តិសុខ​ខណ្ឌ​ដូនពេញ​កំពុង​រង់ចាំ​ចំណាត់ការ​ពី​តុលាការ

$
0
0

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​បាន​ចោទ​សន្តិសុខ​ខណ្ឌ​ដូនពេញ ថា​បាន​រត់​ដេញ​ចាប់​អ្នកស្រី រួច​ដឹក​តាម​ឡាន​សណ្ដាប់ធ្នាប់​ខណ្ឌ​យក​ទៅ​វាយ​នៅ​ម្ដុំ​រូប​សំណាក​យាយ​ពេញ​ជិត​វត្ត​ភ្នំ កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មេសា ហើយ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា កំពុង​រង់ចាំ​ចំណាត់ការ​ពី​តុលាការ។

ស្ត្រី​រងគ្រោះ​ដោយ​ការ​ប្រើ​អំពើ​ហិង្សា​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ កាល​ពី​ខែ​មេសា នោះ កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​តុលាការ ដោយ​ទទូច​សុំ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ពាក្យ​បណ្ដឹង​របស់​អ្នកស្រី​ដែល​បាន​ប្ដឹង​ក្រុម​សន្តិសុខ​នោះ។

សមាជិក​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា អ្នកស្រី យេ សំអូន ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ គឺ​ក្រោយ​ពេល​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្ត​ភ្នំ មិន​ដោះស្រាយ​ឲ្យ​អ្នកស្រី និង​បាន​ជំរុញ​ឲ្យ​អ្នកស្រី​ទៅ​សម្រួល​ជាមួយ​សន្តិសុខ​ខណ្ឌ​ដូនពេញ។

អ្នកស្រី យេ សំអូន ថា​នេះ​គឺ​ជា​ពាក្យ​បណ្ដឹង​ទី​ពីរ​ដែល​បាន​ដាក់​ទៅ​តុលាការ បន្ទាប់​ពី​ពាក្យ​បណ្ដឹង​ទី​មួយ អ្នកស្រី​បាន​ដាក់​កាល​ពី​ថ្ងៃ​ទី​២៦ មេសា មិន​ត្រូវ​បាន​តុលាការ​ទទួល​ទេ ដោយសារ​ពាក្យ​ប្ដឹង​ខ្វះ​ព័ត៌មាន​របស់​ចុង​ចោទ។ ពាក្យ​បណ្ដឹង​របស់​ស្ត្រី​រូប​នេះ ប្ដឹង​ឈ្មោះ គឹម រតនា អត្តលេខ​០៩ ហៅ​ពល​១ ជា​មេ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ និង​បក្សពួក​មួយ​ក្រុម ពី​បទ​ចុះ​ចាប់​អ្នកស្រី​យក​ទៅ​ធ្វើ​មនុស្ស​ឃាត​គ្រោង​ទុក​ជា​មុន។

អ្នកស្រី យេ សំអូន ប្រាប់​ថា នៅ​ម៉ោង ៨​យប់​ថ្ងៃ​ទី​៩ ខែ​មេសា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ដេញ​ចាប់​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ម្ដុំ​ទន្លេសាប ជិត​វត្ត​ភ្នំ។ អ្នកស្រី និង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ទៀត ត្រូវ​កង​សន្តិសុខ​ខណ្ឌ​ចាប់​ឡើង​ឡាន​សណ្ដាប់ធ្នាប់​ខណ្ឌ ហើយ​បាន​ដឹក​ទៅ​ដល់​ទី​ងងឹត​ត្រង់​បន្ទប់​ទឹក​នៅ​ម្ដុំ​រូប​សំណាក​លោក​យាយ​ពេញ​នៅ​វត្ត​ភ្នំ។ កន្លែង​នោះ​ហើយ​ដែល​អ្នកស្រី យេ សំអូន ប្រាប់​ថា ក្រុម​កង​សន្តិសុខ​ខណ្ឌ​មាន​គ្នា ៣​នាក់ បាន​ព្រួត​វាយ​អ្នកស្រី និង​ស្រែក​គំរាម​សម្លាប់​ដោយសារ​ជួយ​អន្តរាគមន៍​ជួយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជាច្រើន ដូចជា​ករណី​ទាមទារ​យុត្តិធម៌​សម្រាប់​សព​អ្នកស្រី ប៉ែន សុគន្ធា ដែល​ស្លាប់​ដោយ​លង់​ទឹក​នៅ​ពេល​រត់​គេច​ពី​សន្តិសុខ​ខណ្ឌ​ដេញ​ចាប់ ហើយ​រអិល​ជើង​ធ្លាក់​ពី​ទូក​ទេសចរណ៍​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។

អ្នកស្រី យេ សំអូន បន្ត​ថា៖ «ខ្ញុំ​ចង់​បាន​ជំងឺ​ចិត្ត ២​ម៉ឺន​ដុល្លារ ប៉ុន្តែ​បើ​សិន​ជា​ធ្វើ​បាន មិន​បាច់​ដល់ ២​ម៉ឺន​ដុល្លារ​ក៏​បាន ឲ្យ​តែ​បាន​ដក​បុណ្យ​ស័ក្ដិ និង​ជន​ល្មើស​ហ្នឹង​យក​ទៅ​ដាក់​នៅ​ក្នុង​ពន្ធនាគារ និង​ដក​ឲ្យ​ព្យួរ​ឈប់​បាន​ធ្វើ​ការ ហ្នឹង​ក៏​អស់​ចិត្ត​ដែរ»

អ្នកស្រី យេ សំអូន ថា​មូលហេតុ​ដែល​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដោយ​ផ្ទាល់ ដោយសារ​អ្នកស្រី​មិន​ហ៊ាន​ទៅ​ជួប​សន្តិសុខ​ខណ្ឌ ហើយ​ចាប់​ចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១១ មេសា មក អ្នកស្រី​មិន​ហ៊ាន​រស់នៅ​បន្ទប់​ជួល​នៅ​ភ្នំពេញ​ទេ។ អ្នកស្រី​បាន​បោះបង់​របរ​រក​ស៊ី​នៅ​តាម​សួនច្បារ ហើយ​ទៅ​រស់នៅ​លាក់​ខ្លួន​ចិញ្ចឹម​កូន​ប្រុស ២​នាក់ ដោយសារ​ខ្លាច​សន្តិសុខ​ខណ្ឌ​ដូនពេញ គុំកួន។

ស្ត្រី​ដែល​ប្រកប​របរ​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ត្រូវ​ចាប់​ឡើង​ឡាន​ទៅ​ជាមួយ​អ្នកស្រី យេ សំអូន ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ធ្លាប់​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​ទះ​អ្នកស្រី យេ សំអូន មួយ​កំផ្លៀង និង​ទាត់​ពីរ​ជើង។ អ្នកស្រី យេ សំអូន បន្ថែម​ថា ដើម្បី​បាន​រួច​ខ្លួន​ពី​ការ​វាយ​ទាត់​ធាក់ អ្នកស្រី​បាន​ក្រាប​លូន និង​បាន​សំពះ​សន្តិសុខ​ខណ្ឌ​ដូនពេញ សុំ​ឲ្យ​ដោះលែង។

បុគ្គលិក​ផ្នែក​ច្បាប់​នៃ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា (WNU) អ្នកស្រី សេន ចន្ធូ មាន​ប្រសាសន៍​ថា ការ​ចាប់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មក​ដល់​ពេល​នេះ នៅ​តែ​មាន ហើយ​កាល​ពី​ដើម​ខែ​ឧសភា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ពីរ​នាក់​ដែល​កំពុង​មាន​ផ្ទៃពោះ ក៏​ត្រូវ​សន្តិសុខ​ខណ្ឌ​ចាប់​យក​ទៅ​ដាក់​មណ្ឌល​ព្រៃ​ស្ពឺ ដែរ។ ហើយ​មក​ដល់​ពេល​នេះ ពួក​គាត់​នៅ​មិន​ទាន់​បាន​ដោះលែង​នៅ​ឡើយ បើ​ទោះ​បី​ជា​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា បាន​ធ្វើ​លិខិត​ធានា​ក៏ដោយ៖ «សណ្ដាប់ធ្នាប់​ខណ្ឌ​ដូនពេញ ចុះ​ចាប់។ ពេល​ដែល​គាត់​ចាប់​បាន​ស្ត្រី​ហើយ គាត់​ដាក់​ឡាន​បញ្ជូន​ទៅ​ខាង​សង្គមកិច្ច ទៅ​ដាក់​នៅ​ខាង​ព្រៃ​ស្ពឺ»

អ្នកស្រី យេ សំអូន ចង់​ឲ្យ​អាជ្ញាធរ​ធានា​សុវត្ថិភាព​សម្រាប់​អ្នកស្រី ដើម្បី​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​វិញ​បាន។ សមាជិក​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា​រូប​នេះ ចង់​ឃើញ​អ្នក​វាយ​អ្នកស្រី​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់។ អ្នកស្រី​ថា នៅ​ចុង​ខែ​ឧសភា នេះ អ្នកស្រី​នឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ជំរុញ​ព្រះរាជអាជ្ញា​ម្ដង​ទៀត ដើម្បី​សុំ​ឲ្យ​បើក​សវនាការ​លើ​បណ្ដឹង​របស់​អ្នកស្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles