ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ ឧសភា ថា គណបក្សរបស់លោកមិនទាន់បានត្រៀមខ្លួន ដើម្បីចេញដង្ហែក្បួនឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងរាជធានីភ្នំពេញនៅឡើយទេ។
លោកថា ការមិនទាន់ហែក្បួននៅថ្ងៃចាប់ផ្ដើមឃោសនាដំបូង ដោយសារបច្ចុប្បន្ន គណបក្សមិនទាន់ដឹងអំពីចំនួនអ្នកចូលរួមប៉ុន្មាននាក់ ហើយមិនទាន់បានរៀបចំឧបករណ៍ដែរ៖ «ថ្ងៃទីមួយ អត់ចង់ចេញ ព្រោះនរណាក៏ចង់ចេញថ្ងៃទីមួយដែរ ហើយណាមួយក៏មិនទាន់ត្រៀមប្រដាប់ប្រដា ឧបករណ៍ និងមានអ្នកចូលរួមប៉ុន្មាន»។
លោក ម៉ម សុណង់ដូ បញ្ជាក់ថា គណបក្សលោកនឹងហែក្បួនឃោសនាបោះឆ្នោត នៅក្នុងខេត្ត-ក្រុងចំនួន១៦ប៉ុណ្ណោះ ក្នុងចំណោមខេត្ត-ក្រុងចំនួន២៥ នៅទូទាំងប្រទេស៕