Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អ្នក​ជំនាញ៖ គោល​នយោបាយ​ផ្ដល់​លុយ​កន្លះ​លាន​ដុល្លារ​ទៅ​ថ្នាក់​មូលដ្ឋាន​ជា​រឿង​វិជ្ជមាន

$
0
0

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យល់​ឃើញ​ថា គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សន្យា​នឹង​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​ឃុំ-សង្កាត់ ក្រោយ​ឡើង​កាន់​អំណាច អាច​ជា​កម្មវិធី​នយោបាយ​ដែល​មាន​ប្រសិទ្ធភាព។ មិន​តែ​ប៉ុណ្ណោះ ការ​ប្រកាស​លុប​ចោល​ក្រសួង​មួយ​ចំនួន​ដែល​មិន​ចាំបាច់ ក្នុង​នោះ​មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាដើម ជា​រឿង​ដែល​ត្រឹមត្រូវ។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​សម្រាប់​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា មេ​បក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ថា នៅ​ពេល​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ក្រោយ​ឆ្នាំ​២០១៨ ក្រសួង​ដែល​មិន​ចាំបាច់ ហើយ​កិច្ចការ​ខ្លះ​ស្រដៀង ឬ​ជាន់​គ្នា​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជាមួយ​មេ​ឃុំ​ចៅ​សង្កាត់​ដែរ​នោះ នឹង​មិន​ទុក​ទៀត​ទេ។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់​ឃើញ​ថា កម្មវិធី​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ចេញ​រឿង​ថវិកា​កន្លះ​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​ភូមិ-ឃុំ​នេះ ប្រហែល​អាច​ទៅ​រួច។ ជាង​នេះ​ទៀត ការ​កាត់​ចេញ​ក្រសួង​មួយ​ចំនួន និង​បន្ថយ​តម្លៃ​រថយន្ត​សេរី​ទំនើប​ដែល​មិន​ចាំបាច់ ទាំងនេះ​គឺ​ជា​ប្រភព​ចំណូល​មួយ​ផ្នែក​ទៀត​ដែល​អាច​ជួយ​ឲ្យ​ចំណូល​ពន្ធ​កើន​ឡើង ដើម្បី​អភិវឌ្ឍ​នៅ​មូលដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធភាព៖ «»

ក្នុង​កម្មវិធី​នយោបាយ​ទាំង ៥​ចំណុច​របស់​គណបក្ស​ប្រឆាំង​សម្រាប់​បើក​យុទ្ធនាការ​ឃោសនា​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ជា​ការ​ធ្វើ​វិមជ្ឈការ​អំណាច​ថវិកា​នៅ​ថ្នាក់​មូលដ្ឋាន បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​មហាជន​ដែល​ពុំ​ធ្លាប់​មាន។ គណបក្ស​សង្គ្រោះ​ជាតិ មាន​សុទិដ្ឋិនិយម​ចំពោះ​ថវិកា​ដែល​នឹង​ត្រូវ​ទម្លាប់​នៅ​គ្រប់​ឃុំ-សង្កាត់ គឺ​ជា​លុយ​ដែល​ត្រូវ​កាត់​ចេញ​ពី​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ប្រមាណ ២០​ភាគរយ ក្នុង​ចំណោម​ថវិកា​ជាតិ​សរុប​ក្នុង​មួយ​ឆ្នាំៗ។

ទាក់ទិន​រឿង​នេះ ពលរដ្ឋ​ដែល​តាមដាន​ពី​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​នយោបាយ​យល់​ឃើញ​ខុស​គ្នាៗ​អំពី​គោល​ជំហរ​របស់​គណបក្ស​ប្រឆាំង ដែល​ហ៊ាន​ប្រកាស​ថា​នឹង​ទម្លាក់​លុយ​ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន ៥០​ម៉ឺន​ដុល្លារ ឬ​អាច​ច្រើន​ជាង​នេះ។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ​ខ្លះ​ឲ្យ​ដឹង​ថា ពួក​គេ​ហាក់​មិន​សូវ​ដឹង​រឿង ឬ​ខ្វល់ខ្វាយ​របស់​អ្នក​នយោបាយ​សន្យា​នេះ​សន្យា​នោះ​ឡើយ។ ប្រភព​បន្ត​ថា ការ​សន្យា​បែប​ណា​របស់​អ្នក​នយោបាយ នោះ​គឺ​ជា​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​នយោបាយ។ ម្យ៉ាង​ទៀត ការ​កាត់ ឬ​ដោះដូរ​ស្ថាប័ន​រដ្ឋ​នោះ រឹត​តែ​ដឹង​មិន​ដល់ និង​យល់​មិន​កើត​ថែម​ទៀត​ផង៖ «»

ផ្ទុយ​ពី​នេះ​វិញ ពលរដ្ឋ​ខ្លះ​យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​ប្រហែល​ជា​អាច​មាន​លទ្ធភាព​ធ្វើ​បាន​ដូច​ការ​សន្យា។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រសួង​ដែល​មាន​កិច្ចការ​ប្រហាក់​ប្រហែល​នឹង​ការងារ​របស់​មេ​ឃុំ​ចៅ​សង្កាត់ ទុក​នាំ​តែ​ជាន់​ការងារ​គ្នា​ប៉ុណ្ណោះ៖ «»

បើ​ទោះ​ជា​បែប​ណា ការ​យល់​ដឹង​របស់​ពលរដ្ឋ​ពុំ​មែន​សុទ្ធតែ​ដូច​គ្នា​នោះ​ឡើយ។ ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​ពុំ​មាន​លទ្ធភាព​ស្វែងរក​ចំណូល​ដើម្បី​បោះ​ទុន​ទៅ​ថ្នាក់​ក្រោម​ជាតិ​បាន​ដូច​ការ​សន្យា​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ ក្រសួង​ដែល​មាន​ស្រាប់​ទៅ​ហើយ​នេះ ពុំ​ចាំបាច់​មាន​ហេតុផល​ណា​មួយ​ដើម្បី​កែ​ទម្រង់ ឬ​លុប​ចោល​នោះ​ទេ។ ការ​អនុវត្ត​បែប​នេះ វា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នឹង​មិន​ពេញ​ចិត្ត​ឡើយ ហើយ​ការ​រក្សា​ទុក​ក្រសួង​ដែល​បក្ស​ប្រឆាំង​យល់​ឃើញ​ថា ចាំបាច់​ត្រូវ​លុប​ចេញ​នេះ វា​ក៏​មាន​ការងារ​ខ្លះ​ជួយ​បំពេញ​ភាព​ខ្វះខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ៖ «»

អ្នក​វិភាគ​សង្គម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្លាប់​រិះគន់​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ខ្លះ​ដែល​មាន​ការងារ​ជាន់​គ្នា។ ស្ថាប័ន​សង្គម​ស៊ីវិល ក៏​ធ្លាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​លុប​ក្រសួង និង​អង្គភាព​ខ្លះ​ដែល​មិន​ចាំបាច់ ចោល​ដែរ។ អតីត​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​លើក​ឡើង​ថា ស្ថាប័ន​រដ្ឋ​មាន​ច្រើន​ពេក ដែល​ស្ថាប័ន​ខ្លះ​មិន​ចាំបាច់។ លោក​បាន​ហៅ​ស្ថាប័ន​រដ្ឋាភិបាល​ដែល​មាន​ច្រើន​នេះ ថា​ជា​រដ្ឋាភិបាល​មាន​ក្បាល​ធំ ខ្លួន​តូច ជាដើម។ បច្ចុប្បន្ន​រដ្ឋាភិបាល​មាន​ក្រសួង​ប្រមាណ ២៥​ស្ថាប័ន។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ពេបជ្រាយ​ឲ្យ​គណបក្ស​ប្រឆាំង​ថា តាម​ពិត បក្ស​នេះ​ពុំ​បាន​លុប​ក្រសួង​ដូច​ដែល​ខ្លួន​បាន​សន្យា​ទេ ព្រោះ​បក្ស​ប្រឆាំង​មិន​បាន​ជាប់​ឆ្នោត​ដូច​ការ​ប្រកាស​ផង​នោះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​ឧសភា នេះ​ថា ថវិកា​ដែល​គណបក្ស​ប្រឆាំង​ប្រើ​ដើម្បី​ផ្ដល់​ឲ្យ​មេ​ឃុំ​ចៅ​សង្កាត់​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​នោះ គឺ​ជា​លុយ​ដែល​កាត់​ចេញ​ពី​កញ្ចប់​ថវិកា​ជាតិ​ប្រមាណ ២០​ភាគរយ។ យ៉ាង​ណា អ្នក​វិភាគ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​តែ​យល់​ឃើញ​ថា កម្មវិធី​នយោបាយ​ដែល​បក្ស​ប្រឆាំង​ដាក់​ចេញ​នេះ អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


រដ្ឋាភិបាល​ចាប់​ផ្ដើម​គម្រោង​ជួយ​កសិករ​ក្រីក្រ​ដោយ​ចំណាយ​ថវិកា​៦១​លាន​ដុល្លារ

$
0
0

ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ចាប់​ផ្ដើម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ឬ​អែមស៍ (AIMS=Accelerating Inclusive Markets for Smallholders) ដែល​ក្រសួង​រំពឹង​ថា នឹង​ជំរុញ​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម ដូចជា​បន្លែ សាច់​មាន់ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ដែល​បច្ចុប្បន្ន​គ្រប​ដណ្ដប់​ដោយ​ផលិតផល​នាំ​ចូល​ពី​ក្រៅ​បរទេស។

ខណៈ​ផ្ដោត​លើ​ការ​ពង្រីក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម មើល​ឃើញ​ថា នៅ​មាន​ទីផ្សារ​សំខាន់​មួយ​សម្រាប់​ជួយ​កសិករ​ក្រីក្រ និង​កសិករ​ខ្នាត​តូច។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​នេះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ  រំពឹង​ថា វា​នឹង​ជួយ​កសិករ​ក្រីក្រ​ងាយ​រងគ្រោះ​ឲ្យ​ចេះ​ធ្វើ​កសិកម្ម​សម្រាប់​លក់ ឬ​កសិ​អាជីវកម្ម បង្កើន​ចំនួន​ទិន្នផល​កសិកម្ម មាន​ទីផ្សារ​សម្រាប់​លក់៖ «»។

ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា គម្រោង​នេះ​មាន​តម្លៃ ៦១​លាន​ដុល្លារ​សហរដ្ឋអាមេរិក អនុវត្ត​រយៈពេល ៦​ឆ្នាំ ពី​ឆ្នាំ​២០១៧ ដល់​​ឆ្នាំ​២០២២ ហើយ​គ្រួសារ​ចំនួន ៧,៥​ម៉ឺន​គ្រួសារ​ទូទាំង​ប្រទេស នឹង​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​នេះ។

ប្រភព​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​បាន​មក​ពី​ប្រាក់​កម្ចី​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម (IFAD) និង​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​ពាក់ព័ន្ធ។ នេះ​បើ​តាម​លោក ប៉ាន សូរស័ក្តិ បញ្ជាក់​បន្ថែម។

លោក​រដ្ឋមន្ត្រី​កត់សម្គាល់​ថា ប្រាក់​ចំណូល​សរុប​របស់​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ពី​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ គឺ​ប្រហែល ១៦​ភាគរយ ខណៈ​ចំណូល​ពី​ប្រាក់​ឈ្នួល និង​ប្រាក់​បៀវត្សរ៍​មាន​ប្រហែល​ជិត ៤៥​ភាគរយ។

លោក​បន្ត​ថា ប្រជាជន​ប្រហែល ៧៩​ភាគរយ នៃ​ប្រជាជន​កម្ពុជា​សរុប កំពុង​រស់​នៅ​ទី​ជនបទ និង​មាន​ប្រភព​ប្រាក់​ចំណូល​ពី​វិស័យ​កសិកម្ម ហើយ​ភាគ​ច្រើន​ជា​គ្រួសារ​ទី​ទាល់ក្រ។

គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច (AIMS) នឹង​ជំរុញ​លើ​ផលិតផល​កសិកម្ម​ចំនួន​៥ ដូចជា​ស្រូវ​ក្រអូប បន្លែ មាន់​ស្រែ ដំឡូង​មី និង​សរសៃ​សូត្រ។ គម្រោង​នេះ​នឹង​ផ្ដល់​បច្ចេកទេស​ដើម្បី​ផលិត​ផលិតផល​កសិកម្ម មាន​គុណភាព​ស្តង់ដារ និង​ផ្គត់ផ្គង់​ទៀង​ពេល​វេលា​តាម​តម្រូវ​ការ​ទីផ្សារ ផ្ដល់​ទុន​សម្រាប់​ផលិត នឹង​ស្វែង​រក​ទីផ្សារ​លក់​ផលិតផល​ដែល​ផលិត​បាន​ជូន​កសិករ​ខ្នាត​តូច​ក្រីក្រ។

​នាយក​គម្រោង​អែមស៍ នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ឲ្យ​ដឹង​ថា គម្រោង​នេះ​នឹង​អភិវឌ្ឍ​ខ្សែ​ចង្វាក់​ដែល​មាន​សក្ដានុពល​អភិវឌ្ឍ​ទីផ្សារ​ដែល​មាន​ការ​រួម​បញ្ចូល​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ បង្កើន​ចំណូល​ដល់​កសិករ​ខ្នាត​តូច និង​អភិវឌ្ឍ​ធនធាន​មនុស្ស និង​សមត្ថភាព​ស្ថាប័ន​សម្រាប់​វិស័យ​កសិកម្ម៖ «»។

​គម្រោង​អែមស៍ នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ២០​ភាគរយ នៃ​តម្រូវ​ការ​ប្រាក់​ធ្វើ​អាជីវកម្ម​សរុប​ដល់​គំនិត​ផ្ដួចផ្ដើម​ដែល​យល់​ព្រម​ដោយ​អ្នក​គ្រប់គ្រង​គម្រោង ចំពោះ​កសិករ​ខ្នាត​តូច​ក្រីក្រ ឬ​ម្ចាស់​អាជីវកម្ម​ទាក់ទង​នឹង​ផលិតផល​របស់​កសិករ​ក្រីក្រ​ដែល​កំពុង ឬ​គ្រោង​ផលិត​ផលិតផល​ទាំង​ប្រាំ នឹង​ដំណើរ​ការ​កន្លែង​កែច្នៃ​ផលិតផល​ទាំង​នោះ។ ថវិកា ៨០​ភាគរយ​ផ្សេង​ទៀត កសិករ ឬ​វិស័យ​ឯកជន ត្រូវ​ខ្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត តាម​អត្រា​ការ​ប្រាក់​កំណត់​ដោយ​ខ្លួន​ឯង។

តំបន់​គោលដៅ​នៃ​គម្រោង​នេះ មាន ១៥​ខេត្ត ដោយ​បែង​ចែក​ជា ៣​មណ្ឌល​ភូមិភាគ។

មន្ត្រី​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា នៃ​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម លោក ម៉េង សក្តិភូសិត ថ្លែង​ថា ថវិកា​នៃ​គម្រោង​នេះ នឹង​ចំណាយ​ទៅ​លើ​ការ​រៀបចំ​បណ្ដុះបណ្ដាល​កសិករ និង​មន្ត្រី ហើយ​នឹង​ទុន​សម្រាប់​ផ្ទល់​ប្រាក់​ជំនួយ​ដល់​អ្នក​ដែល​ដាក់​ផែនការ​អាជីវកម្ម​មក​គម្រោង​អែមស៍។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក លោក សម វិទូ យល់​ថា គម្រោង​នេះ​នឹង​អាច​ជួយ​កសិករ​ក្រីក្រ​ឲ្យ​មាន​ជីវភាព​ប្រសើរ​ជា​មុន។ ក៏ប៉ុន្តែ​លោក​ស្នើ​ឡើង​ថា អ្នក​គ្រប់គ្រង​គម្រោង​អែមស៍ ត្រូវ​ធានា​ថា កសិករ​នឹង​អាច​អនុវត្ត​អ្វី​បាន​ផ្ដល់​ដោយ​គម្រោង​នេះ ដោយ​ខ្លួន​ឯង​បាន បើ​ទោះ​ជា​គម្រោង​នេះ​អស់​សុពលភាព​ក៏ដោយ៖ «»។

​ធនាគារ​ពិភពលោក កាល​ពី​ឆ្នាំ​២០១៥ ថ្លែង​ថា បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​អន់​ខ្សោយ​នៅ​កម្ពុជា ពិសេស​ប្រព័ន្ធ​ស្រោចស្រព​ទឹក និង​ផ្លូវ​នៅ​តាម​ទី​ជនបទ និង​ការ​មិន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​កសិករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​មិន​​​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពលរដ្ឋ​​តាម​បញ្ជា​ថ្នាក់​លើ

$
0
0

ពលរដ្ឋ​នៅ​ឃុំ​អំពិល និង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង និង​មន្ត្រី​សង្គម​ស៊ីវិល​ផង បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត​នេះ ថាមិន​អើពើ​ចំពោះ​បទបញ្ជា​ថ្នាក់​លើ​ដែល​ជំរុញ​ឱ្យ​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជា​ច្រើន​រយ​នាក់ បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​មេ​ឃុំ និង​អភិបាល​ស្រុក​របស់​ពួកគេ ប៉ុន្តែ​មន្ត្រី​ទាំង​នេះ​បាន​គេចវេះ និង​មិន​ព្រម​ចេញ​មក​ជួប​ឡើយ។

ពលរដ្ឋ​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា ពួកគាត់​មាន​គ្នា​ប្រហែល​ជាង ៤០០​នាក់ បាន​លើក​គ្នា​ទៅ​ដល់​សាលា​ឃុំ​អំពិល ស្រុក​រមាសហែក ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ និង​ជួបពិភាក្សា​ជាមួយ​មេ​ឃុំ ឈ្មោះ​លោក អឹម សារី ប៉ុន្តែ​មេឃុំ​រូប​នេះ​បាន​យក​លេស​គេចវេះ និង​មិន​ព្រម​ចេញ​មក​ជួប​ពួកគាត់​ឡើយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មេ​ឃុំ​រូប​នេះ​ថែម​ទាំង​បោះ​ពាក្យ​សម្ដី​តាម​ទូរស័ព្ទ​ថា ពលរដ្ឋ​កំពុង​លេង​ក្បួន​ឆ្កួត ហើយ​គាត់​នឹង​មិន​យក​ក​មក​ជាប់​អន្ទាក់​នោះ​ទេ។

ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​អំពិល លោកស្រី ខៀវ សារ៉ុន ថ្លែង​ថា ការ​លើក​គ្នា​ទៅ​ជួប​មេ​ឃុំ​នេះ ដោយសារ​ឯកសារ​ដែល​រដ្ឋ​សភា ព្រឹទ្ធសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​មួយ​ចំនួន​ទៀត ដែល​ទទួល​ញត្តិ​ពី​ពួកគាត់ ហើយ​បាន​សម្រេច​ឱ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ជាប់​គាំង​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​កន្លង​មក ឯកសារ​ទាំង​នេះ ហាក់​ជា​ស្ងាត់ជ្រងំ មិន​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ដោះស្រាយ​ឡើយ។

លោកស្រី​បញ្ជាក់​ថា គោលបំណង​ដែល​ពលរដ្ឋ​លើក​គ្នា​ទៅ​ជួប​ជាមួយ​មេ​ឃុំ​គឺ​គ្រាន់​តែ​ចង់​ពិភាក្សា​ជាមួយ​មេ​ឃុំ​ប៉ុណ្ណោះ ក្រោយ​ពី​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ត្រូវ​បាន​ឈូស​ឆាយ​កម្ទេច៖ «ចង់​និយាយ​ជាមួយ​គាត់ ហើយ​ណា​ចង់​និយាយ​រឿង​ដីធ្លី ថា​តើ​គាត់​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​យ៉ាង​ម៉េច តែ​គាត់​អត់​ចេញ​មក​ជួប​ពួក​ខ្ញុំ​ផង»

​ពលរដ្ឋ​រូប​នេះ​អះអាង​ថា ដី​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន ៦៧០​ហិកតារ ស្មើ​នឹង ៤៤០​គ្រួសារ ហើយ​ដី​ទាំង​នោះ ពួកគាត់​កាន់កាប់​ត​កូន​ត​ចៅ​មក​តាំង​ពី​បុរាណកាល​មក ដោយ​គ្មាន​ប្លន់​បញ្ជាក់​នោះ​ទេ។ លោកស្រី ខៀវ សារ៉ុន បន្ថែម​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១០ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ អ៊ិន.ខេ.វេន ឈ័រ (N.K Venture) ដែល​មាន​ប្រធាន​ជា​ជនជាតិ​ឥណ្ឌា បាន​ចុះ​ទៅ​អភិវឌ្ឍ​ដាំ​អំពៅ និង​ដាំ​បន្លែ​គ្រប់មុខ ប៉ុន្តែ​ក្រោម​មក​ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ​បាន​ក្ស័យធន និង​ផ្ទេរ​សិទ្ធិ​កាន់កាប់​មក​អ្នក​ផ្សេង​ទៀត​ដែល​ជា​ជនជាតិ​វៀតណាម។

លោកស្រី​បញ្ជាក់​ថា មុខ​មាន​ក្រុមហ៊ុន​ចុះ​អភិវឌ្ឍ គឺ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​មេ​ឃុំ​បាន​ចុះ​ទៅ​ណែ​នាំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ថា ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នឹង​ផ្ដល់​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​ដែល​អាច​ជួយ​ឱ្យ​ជីវភាព​រឹតតែ​ប្រសើរ និង​ជួយ​សាងសង់​ផ្លូវ មន្ទីរពេទ្យ សាលារៀន និង​វត្ត​អារាម​នៅ​ក្នុង​តំបន់​ដ៏​ដាច់ស្រយាល​នោះ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​មិន​ទទួល​បាន​ដូច​ការ​សន្យា​ទាំង​នោះ​ឡើយ ហើយ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ធ្លាក់​ចុះ ដោយសារ​អ្នក​ខ្លះ​​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ជាដើម។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ត្រពាំងពពេល ឃុំ​ដដែល លោកស្រី ម៉ម ស៊ីណា លើក​ឡើង​ដែរ​ថា អភិបាល​ស្រុក​រមាសហែក លោក អឹម សារី ក៏​ធ្លាប់​រត់​គេច​មិន​ព្រម​ជួប​ជាមួយ​ក្រុម​លោកស្រី​ដែល​ជា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ពេល​ដែល​ពួកគាត់​ទៅ​ដល់​សាលាស្រុក​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍៖ «ឡើង​ទៅ​ស្រុក​ហ្នឹង មេ​ឃុំ​តេ​ប្រាប់​អភិបាល​ស្រុក ហើយ​គេច​ខ្លួន​ទៀត គេ​មិន​ឱ្យ​យើង​ជួប​ទេ»

លោកស្រី​បន្ត​ថា ពលរដ្ឋ​ចង់​បាន​ដី​របស់​ពួកគាត់​មក​វិញ ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​សា​ថ្មី។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់​ទង​មេ​ឃុំ​អំពិល លោក អឹម សារី បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា រី​ឯ​អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា ក៏​មិន​បាន​លើក​ទូរស័ព្ទ​ដែរ។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ ថ្លែង​ថា ខាង​ខេត្ត​បាន​ឆ្លើយ​តប​ប្រាប់​ទៅ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ​ឱ្យ​រង់ចាំ​បន្តិច រហូត​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត នឹង​ចុះ​ជួប​ដោះស្រាយ​ជាមួយ​ពួកគាត់​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ចប់។

ទោះ​ជា​យ៉ាង​ណា លោក​​ថា ឯកសារ​ផ្លូវ​ច្បាប់​បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​នាំ​គ្នា​អះអាង​ថា គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៧៩ មក ប៉ុន្តែ​តាម​ពិត​ដី​ទាំង​នោះ​ជា​ដី​ព្រៃ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ប៉ុណ្ណោះ៖ «បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នេះ នៅ​ពេល​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ទៅ​ត្រូវ​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី​មក​បង្ហាញ​សមត្ថកិច្ច»

អភិបាល​បាល​រង​រូប​នេះ​បញ្ជាក់​ទៀត​ថា កន្លង​មក​មាន​ការ​បែងចែក​ដី​ជូន​ពលរដ្ឋ​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ បន្ទាប់​ពី​មាន​បទ​បញ្ហា ០១ របស់​រដ្ឋាភិបាល​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើការ​វិនិយោគ​ដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ អស់​រយៈពេល ៣-​៤​ឆ្នាំ​មក​ហើយ​ដែរ។ លោក​អះអាង​ថា មក​ដល់​ឆ្នាំ​២០១៦ អំឡុង​ខែ​កក្កដា និង​ខែ​សីហា ពលរដ្ឋ​ទាំង​នោះ​ស្រាប់​តែ​ចូល​ទៅ​រុករាន និង​អះអាង​ថា ជា​ដី​ដួន​តា​របស់​ពួកគេ​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​នេះ​ក្ដី អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន លើក​ឡើង​ថា បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក បាន​ផ្ទុះ​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ បន្ទាប់​ពី​ក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ បាន​ទៅ​ឈូស​ឆាយ​រំលោភ​លើ​ដី​ស្រែ​ពលរដ្ឋ​ដែល​ជា​ដី​មិន​មែន​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​សម្រាប់​ធ្វើ​សម្បទាន​ឡើយ។ លោក​បន្ត​ថា ចាប់​ពី​ពេល​នោះ​មក ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​បាន​លើក​គ្នា​ទៅ​តវ៉ា​ជា​បន្តបន្ទាប់ ទាំង​ទៅ​ដាល់​អាជ្ញាធរ​ខេត្ត និង​ដល់​ថ្នាក់​ជាតិ​ជាដើម៖ «ក្រសួង និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ជំរុញ​ឱ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក​ធ្វើការ​ដោះស្រាយ អ៊ីចឹង​ហើយ​បាន​ជា​ព្រឹក​មិញ​ពួកគាត់​បាន​នាំ​គ្នា​ទៅ​ដាក់​លិខិត​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ឃុំ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បែរ​រត់​គេច​ទៅ​វិញ»

លោក​ថ្លែង​ថា នៅ​ពេល​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​តំបន់​នេះ នឹង​អាច​ដោះស្រាយ​ចេញ​ជា​មិន​ខាន ព្រោះ​ពលរដ្ឋ​កាន់កាប់​ដី​ទាំង​នេះ​ស្រប​តាម​ច្បាប់​ភូមិបាល​ដែល​គ្រប់គ្រង​មាន​រយៈពេល​លើស​ពី ៥​ឆ្នាំ​ឡើង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ​ព្រមាន​បញ្ឈប់​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង

$
0
0

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ពួក​គាត់​បាន​ណែនាំ​មន្ត្រី​បក្ស​ប្រឆាំង​ម្តង​ជា​ពីរ​ដង ហើយ​និង​ឈាន​ទៅ​បញ្ឈប់​សកម្មភាព​ឃោសនា​របស់​ពួក​គេ​ទៀត​ផង ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ​ទៀត​នោះ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ពួក​គាត់​មិន​បាន​រំលោភ​បំពាន​ច្បាប់​ឃោសនា​បោះឆ្នោត​ទេ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ​ទេ ដែល​រឹតត្បិត​មក​លើ​បក្ស​ប្រឆាំង។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ដំណើរការ​ឃោសនា​រយៈពេល​បួន​ថ្ងៃ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

មន្ត្រី​ដដែល​អះអាង​ថា មិន​មាន​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង​គណបក្ស​នយោបាយ ហើយ​សន្តិសុខ​សុវត្ថិភាព​ល្អ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខេត្ត​កំពង់ធំ បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​បណ្ដា​ឃុំ​ជិត ១០ ដែល​បាន​ប្ដឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​រំលោភ​បទបញ្ជា​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត កំណត់​ឡើង​ដោយ​គណៈកម្មការ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ លោក ប្រែង សាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា មាន​ឃុំ​មួយ​ចំនួន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គោរព​តាម​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត​ទេ។ លោក​បន្ត​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត បាន​ណែនាំ​មន្ត្រី​គណបក្ស​ប្រឆាំង​ឲ្យ​គោរព​ទៅ​តាម​ប្រតិទិន​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត ប៉ុន្តែ​ពួក​គេ​នៅ​តែ​បំពាន​ដដែល៖ «ចុង​ក្រោយ​ប្រសិន​បើ​គាត់​នៅ​តែ​ធ្វើ​អ៊ីចឹង​ទៀត ខ្ញុំ​នឹង​ឲ្យ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត សុំ​កម្លាំង​អន្តរាគមន៍​ពី​សមត្ថកិច្ច​មិន​ឲ្យ​គាត់​ធ្វើ​តែ​ម្តង»

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ចំពោះ​ការ​រំលោភ​បទបញ្ជា និង​នីតិវិធី​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត រួម​មាន​ឃុំ​ង៉ន ឃុំ​ឈើទាល ឃុំ​ក្លែង ក្នុង​ស្រុក​សណ្ដាន់ ឃុំ​សាគ្រាម ឃុំ​ក្រយា ស្រុក​ប្រាសាទបល្ល័ង្គ ឃុំ​ច្រនៀង ឃុំ​ស្រឡៅ ស្រុក​បារាយណ៍។

លោក ប្រែង សាវុធ ពន្យល់​ពី​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត​ថា រាល់​សកម្មភាព​ហែ​ក្បួន​ក្តី ឬ​ការ​ប្រជុំ​ឃោសនា​មហាជន​ក្តី តម្រូវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​បេក្ខជន​ប្រកួត​ប្រជែង​ក្នុង​ឃុំ​កំណត់​ពេលវេលា​មួយ ហើយ​ដាក់​ជូន​ទៅ​គណៈកម្មការ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន ៣​ថ្ងៃ​មុន​ពេល​ធ្វើ​សកម្មភាព​របស់​ខ្លួន ជៀសវាង​ជាន់​ពេលវេលា​គណបក្ស​ផ្សេង​ទៀត។

លោក​បន្ថែម​ថា នៅ​ក្នុង​មូលដ្ឋាន​ឃុំ-សង្កាត់​ទាំង​៨១ នៅ​ខេត្ត​កំពង់ធំ គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​បេក្ខជន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត បាន​ឯកភាព​គ្នា​ជាមួយ​គណៈកម្មការ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត​រួច​ហើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គោរព​តាម។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ច្រនៀង លោក សុខ ហួន បញ្ជាក់​ថា លោក​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ដោយ​មើល​ឃើញ​ថា គណបក្ស​នេះ​បាន​រំលោភ​លើ​បទបញ្ជា​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា។ លោក​ថា តាម​កាលវិភាគ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង គឺ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ហែ​ក្បួន​ឃោសនា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធ្វើ​ពិធី​ជួបជុំ​ដើម្បី​អាន​សារ​នយោបាយ​របស់​ខ្លួន ប៉ុន្តែ​ពួក​គេ​បាន​ជា​នាំ​គ្នា​ហែ​ក្បួន​ឃោសនា​ទៅ​វិញ៖ «ដោយ​គាត់​មិន​បាន​គោរព​តាម​កម្មវិធី កាលវិភាគ​របស់​គណៈកម្មការ​ឃុំ​ច្រនៀង»

ប្រភព​ដដែល​បញ្ជាក់​ថា គណៈកម្មការ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត នឹង​កោះ​ហៅ​ភាគី​គណបក្ស​ទាំង​ពីរ​ជួប​គ្នា ដើម្បី​សម្របសម្រួល​នៅ​ថ្ងៃ​ទី​២៦ ឧសភា ហើយ​លោក​រង់ចាំ​មើល​ជំហរ​របស់​មន្ត្រី​គណបក្ស​ជំទាស់​ថា​ហ៊ាន​ទទួល​ស្គាល់​កំហុស ឬ​យ៉ាង​ណា។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​រំលោភ​បទបញ្ជា​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត​ទេ ព្រោះ​ខាង​លោក​បាន​ជូន​ដំណឹង​ស្ដីពី​ការ​កែប្រែ​កម្មវិធី​ឃោសនា​របស់​ខ្លួន​នៅ​ឃុំ​មួយ​ចំនួន ហើយ​គណៈកម្មការ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ក៏​បាន​យល់ព្រម​ដែរ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​ជំទាស់​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ទៅ​វិញ។ បន្ថែម​ពី​នេះ គ្មាន​ហេតុផល​ណា​មួយ​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​មក​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ លោក​ហៅ​ការ​ប្ដឹង​គណបក្ស​ខ្លួន ថា​ជា​ការ​មិន​យល់​ពី​នីតិវិធី​ឃោសនា​បោះឆ្នោត និង​ជា​ការ​ច្រណែន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​ច្រើន​តែ​ប៉ុណ្ណោះ៖ «ច្បាប់​គេ​កំណត់​ថា​ការ​ឃោសនា​ហែ​ក្បួន​ធំៗ​នៅ​ក្នុង​ឃុំ គឺ​មាន​រយៈពេល​ពីរ​ដង​ក្នុង​ដំណើរការ​នៃ​ការ​ឃោសនា​បោះឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ឃុំ​នីមួយៗ ទើប​តែ​ដំណើរការ​បាន​ម្តង​គត់។ ឃុំ​ខ្លះ​មិន​ទាន់​ដំណើរការ​ផង ហើយ​រឿង​អី​គណបក្ស​ប្រជាជន មក​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ថា​បំពាន​នីតិវិធី។ សួរ​ថា​តើ​បំពាន​នីតិវិធី​មួយ​ណា

មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ឧសភា អាជ្ញាធរ​ឃុំ​ឈូកខ្សាច់ បាន​ឃាត់​សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ហែ​ក្បួន​ឃោសនា​ទេ។ លោក​យល់​ថា សកម្មភាព​នេះ​ជា​ការ​រំលោភ​ច្បាប់​បោះឆ្នោត ព្រោះ​ខាង​លោក​មិន​បាន​បំពាន​បទបញ្ជា​ឃោសនា ឬ​នីតិវិធី​ឃោសនា​បោះឆ្នោត​ឡើយ។

លោក​ថា មិន​ត្រឹម​តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ ទេ​ដែល​រឹតត្បិត​សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​សូម្បី​អាជ្ញាធរ​ខេត្ត ក៏​មិន​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ ជាក់ស្តែង​សំណើ​របស់​មន្ត្រី​បក្ស​ប្រឆាំង​មួយ​នេះ សុំ​ទីធ្លា​សាធារណៈ​ចំនួន​ពីរ​កន្លែង​នៅ​ទី​រួម​ខេត្ត ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បដិសេធ ក្រោម​ហេតុផល​ថា​ដើម្បី​ថែ​រក្សា​សណ្ដាប់ធ្នាប់ និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ហើយ​ផ្តល់​ទីតាំង​ផ្សេង​ដែល​គណបក្ស​ខ្លួន​មិន​ត្រូវ​ការ ហើយ​ឆ្ងាយ​ពី​ទីប្រជុំជន ជាដើម។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សង្គម​ស៊ីវិល​ក្នុង​ខេត្ត​នេះ​មើល​ឃើញ​ថា នីតិវិធី​ឃោសនា​បោះឆ្នោត​ហាក់​មាន​គោលដៅ​រឹត​បន្តឹង​ទៅ​លើ​គណបក្ស​ប្រឆាំង។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ បារម្ភ​ថា ប្រសិន​បើ​នីតិវិធី​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត​រឹត​បន្តឹង​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​បក្ស​នីមួយៗ ពិសេស​គណបក្ស​ប្រឆាំង​មិន​បាន​ជ្រាប​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន៖ «ថា​យើង​មាន​ការ​បារម្ភ​ទៅ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​គាំទ្រ​ដែល​គាត់​មិន​បាន​យល់​ពី​គោល​នយោបាយ​នីមួយៗ។ អ៊ីចឹង​សុំ​ឲ្យ​មាន​ការ​បើក​ទូលាយ​បន្តិច​ទៅ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​អាច​យល់​ដឹង​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​ឲ្យ​បាន​គ្រប់គ្រាន់ គឺ​ងាយ​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ខុស​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​ជាក់​ជា​មិន​ខាន។

ខេត្ត​កំពង់ធំ មាន​គណបក្ស​ចំនួន​៩ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ពេល​បោះឆ្នោត​ថ្ងៃ​ទី​៤ មិថុនា និង​មាន​ឃុំ-សង្កាត់​ចំនួន​៨១ ព្រម​ទាំង​មាន​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចំនួន​ជាង ៣០​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"គណបក្ស​៤​នឹង​ទទួល​បាន​ឱកាស​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ភ្នំពេញ​ជា​លក្ខណៈ​ស្បែក​ខ្លា"

$
0
0

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ប្រាប់​ថា គណបក្ស​ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​មិន​បាន​គ្រប់​សង្កាត់​ទាំង ១០៥ នឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​ដូច​គណបក្ស​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​សង្កាត់​ដែរ ប៉ុន្តែ​ការ​ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​របស់​បក្ស​ទាំង​នោះ ត្រូវ​ហែ​ជា​លក្ខណៈ​ស្បែក​ខ្លា។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​រៀបចំ​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​ដូច​​គ្នា គឺ​ស្រប​តាម​នីតិវិធី គ.ជ.ប បាន​កំណត់។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី លោក មាស ឆព្វណ្ណ បញ្ជាក់​ថា ក្នុង​ក្បួន​ធំ​គ្រប់​គណបក្ស​ទាំង​នោះ អាច​ហែ​បាន​ដោយ​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដោយ​សេរី និង​ស្រែក​ឃោសនា​ពី​គោលនយោបាយ​បក្ស​ខ្លួន​បាន​ស្រេច​ចិត្ត​សម្រាប់​ការ​ហែ​នៅ​ក្នុង​សង្កាត់ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ ប៉ុន្តែ​នៅ​ពេល​ដែល​ឆ្លង​សង្កាត់ ចូល​ទៅ​សង្កាត់​មួយ​ទៀត ចំពោះ​គណបក្ស​ណា​មិន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ទេ គណបក្ស​នោះ ត្រូវ​បិទ​ឧបករណ៍​បំពង​សំឡេង ហើយ​ត្រូវ​ជិះ​ឡាន ឬ​ម៉ូតូ​ឆ្លង​កាត់​ដោយ​ស្ងាត់ស្ងៀម រហូត​អាច​ធ្វើ​សកម្មភាព​ឃោសនា​ឡើង​វិញ​បាន​នៅ​សង្កាត់​ដែល​ខ្លួន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួតប្រជែង។

​លោក មាស ឆព្វណ្ណ បន្ថែម​ថា ការ​ធ្វើ​ដូច្នេះ ដើម្បី​សម្រួល​ដល់​គណបក្ស​ដែល​ដាក់​បេក្ខជន​មិន​បាន​គ្រប់​សង្កាត់ អាច​មាន​ឱកាស​បាន​រៀបចំ​ហែ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ និង​ឆ្លង​សង្កាត់ ដូច​គណបក្ស​មាន​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​ឃុំ-​សង្កាត់​ដែរ៖ «»។

សកម្មភាព​ឃោសនា​បោះឆ្នោត ​ថ្ងៃ​ទី​៤ នៅ​ទីក្រុង​ភ្នំពេញ មាន​ស្ថានភាព​ស្ងប់ស្ងាត់​ខ្លាំង បើ​ធៀប​នឹង​ការ​ឃោសនា​កាល​ពី ២​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​យុទ្ធនា​ការឃោសនា។ តែ​ទោះ​ជា​យ៉ាង​ណា ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ វាយ​តម្លៃ​ថា ការ​ហែ​ក្បួន​នៅ​ភ្នំពេញ មាន​លក្ខណៈ​ល្អ​ជាង​នៅ​តាម​បណ្ដា​ខេត្ត ព្រោះ​មក​ដល់​ថ្ងៃ​ទី​៤ នៃ​យុទ្ធនាការ​ហែ​ក្បួន​នេះ នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​មួយ​នៅ​ឡើយ​ទេ ខណៈ​ដែល គ.ជ.ប ទទួល​បាន​ពាក្យ​បណ្ដឹង​នៅ​តាម​ខេត្ត​ជាង ២០​បណ្ដឹង​ហើយ។

លោក មាស ឆព្វណ្ណ ថា មាន​តែ​គណបក្ស​២​ទេ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ប្រជុំ នឹង​សន្យា​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដើម្បី​ហែ​ក្បួន​ជា​លក្ខណៈ​ស្បែក​ខ្លា​នៅ​ភ្នំពេញ។ ឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិន​បាន​ចូលរួម​ប្រជុំ​ទេ។ គណៈកម្មការ​នឹង​ជូន​ដំណឹង​ទៅ​ពេល​ក្រោយ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី មើល​ឃើញ​ថា ការ​សម្រួល​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​រាជធានី​ជា​ការ​ល្អ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​មែន។ ឯ​ការ​ហែ​ក្បួន​នៅ​ភ្នំពេញ មិន​ទាន់​មាន​ពាក្យ​បណ្ដឹង លោក សំ គន្ធាមី យល់​ថា ការ​​ហែ​ក្បួន​ឃោសនា​នៅ​អាណត្តិ​នេះ លោក​ឃើញ​មាន​លក្ខណៈ​ល្អ គ្មាន​ការ​ប៉ះទង្គិច និង​ចេះ​យោគយល់​គ្នា​ជាង​អាណត្តិ​មុនៗ៖ «»។

​គណបក្ស​ចំនួន​៦ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​នោះ មាន​តែ​ពីរ​គណបក្ស​ទេ​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​សង្កាត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​គណបក្ស​ទាំង​ពីរ​នេះ មាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ហែ​ក្បួន​ឃោសនា​ជា​ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។ លោក មាស ឆព្វណ្ណ បញ្ជាក់​ថា តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​សុំទោស​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ រួច​ហើយ ចំពោះ​ការ​ហែ​ក្បួន​ឆ្លង​សង្កាត់​ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​ចៅ​សង្កាត់​ប្រាសាទ​អំពី​បទពិសោធន៍​ការងារ​និង​ការ​ត្រៀម​ខ្លួន​បោះឆ្នោត

$
0
0

ចៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង គឺ​លោក កែវ ឈាន។ លោក​រៀបរាប់​អំពី​បទពិសោធន៍​ការងារ​ជា​ចៅ​សង្កាត់​កាល​ពី​អាណត្តិ​កន្លង​ទៅ និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​បួន។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក ថា កិត្យា ជាមួយ​ចៅ​សង្កាត់​ប្រាសាទ លោក កែវ ឈាន នៅ​ខេត្ត​ស្វាយរៀង ក្នុង​កម្មវិធី "កិច្ច​សន្ទនា​ជាមួយ​មេ​ឃុំ" ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ស៊ើប​ករណី​សកម្មជន​​របស់​ខ្លួន​ដែល​ត្រូវ​ម៉ូតូ​បុក​ស្លាប់​ពេល​ដើរ​ឃោសនា

$
0
0

បេក្ខនារី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ក្រុង​ពោធិ៍សាត់ មក​ពី​គណបក្ស​ប្រឆាំង ១​រូប ត្រូវ​ម៉ូតូ​បុក​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា ខណៈ​បេក្ខនារី​រូប​នេះ​កំពុង​ដើរ​ឃោសនា​តាម​ផ្ទះ​ពលរដ្ឋ។ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ស្នើ​អាជ្ញាធរ​​ស៊ើបអង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់។

សកម្មជន និង​ជា​បេក្ខនារី​លេខ​រៀង​ទី​៣ ក្នុង​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ មក​ពី​គណបក្ស​សង្គ្រោះជាតិ លោកស្រី ង៉ែត សុភាព ត្រូវ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​សង់​ស៊េរី​ឆ្នាំ​២០១៦​មួយ​គ្រឿង​បុក​ចំ​ពី​ក្រោយ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី២៤ ឧសភា បណ្ដាល​ឲ្យ​ស្លាប់​ក្រោយ​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​សំពៅមាស ខេត្ត​ពោធិ៍សាត់។

លោកស្រី ង៉ែត សុភាព មាន​អាយុ​៣៧​ឆ្នាំ។ លោកស្រី​ត្រូវ​ម៉ូតូ​បុក​តាម​បណ្ដោយ​ផ្លូវ​លំ​ក្រាល​កៅស៊ូ ក្នុង​ភូមិ​ព្រែកត្នោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ បន្ទាប់​ពី​លោកស្រី និង​សកម្មជន​ប្រមាណ​១០​នាក់​ផ្សេង​ទៀត ចេញ​ពី​ចែក​ខិត្តប័ណ្ណ​តាម​ផ្ទះ​ពលរដ្ឋ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី៤។

ចំណែក​យុវជន​ដែល​ជិះ​ម៉ូតូ​បុក​សកម្មជន​រហូត​ដល់​ស្លាប់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​នោះ​ដូច​គ្នា ក្នុង​ស្ថានភាព​របួស​ស្រាល។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ថា​នីតិវិធី​ឃោសនា​បោះឆ្នោត​រឹតត្បិត​ការ​ឃោសនា

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ត្បូងឃ្មុំ យល់​ថា បទបញ្ជា ឬ​នីតិវិធី​ដែល​កំណត់​ឡើង​ដោយ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ហាក់​រឹត​បន្តឹង​លើ​គណបក្ស​ប្រឆាំង​ខ្លាំង​ពេក​ចំពោះ​សកម្មភាព​ឃោសនា​បោះឆ្នោត​កន្លង​ទៅ។ មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បញ្ជាក់​ថា សកម្មភាព​យុទ្ធនាការ​ឃោសនា គឺ​ល្អ​ជាង​អាណត្តិ​មុនៗ ហើយ​ក៏​មិន​មាន​ការ​រឹត​បន្តឹង​អ្វី​នោះ​ដែរ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​ឃុំ-សង្កាត់ បើក​សិទ្ធិ​សេរីភាព​ចំពោះ​សកម្មភាព​ឃោសនា​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ពីព្រោះ​សកម្មភាព​ឃោសនា​កន្លង​ទៅ​ហាក់​រឹត​បន្តឹង​លើ​គណបក្ស​ប្រឆាំង។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តំបន់​មួយ​ចំនួន រង​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ឃោសនា​រំលោភ​បទបញ្ជា ឬ​មិន​បាន​គោរព​តាម​កាលវិភាគ​កំណត់​ឡើង​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ឬ​សង្កាត់ បើ​ទោះ​បី​ជា​សកម្មភាព​ខ្លះ​មិន​មែន​ជា​រូបភាព​ហែ​ក្បួន​ឃោសនា​ក្តី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ លោក សេង ស៊ាងលី មាន​ប្រសាសន៍​ថា ការ​ឃោសនា​បោះឆ្នោត​មិន​បាន​ទូលំទូលាយ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​សម្រេច​ចិត្ត​ក្នុង​ពេល​បោះឆ្នោត ពីព្រោះ​ពួក​គេ​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់គ្រាន់​ស្ដីពី​គោល​នយោបាយ​បក្ស​នីមួយៗ៖ «អ៊ីចឹង​បាន​ខ្ញុំ​ឃើញ​នីតិវិធី​ក្រោយ​នេះ ឬ​ការ​ណែនាំ​ក្រោយ​នេះ ហាក់​បី​ដូចជា​តឹង​ពេក​ទាក់ទង​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៤ ឧសភា គឺ​មាន​មួយ​ករណី​នៅ​ឃុំ​គគីរ ស្រុក​មេមត់ ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត។ ក្រៅ​ពី​នេះ ករណី​មួយ​ចំនួន​ទៀត​នៅ​ស្រុក​តំបែរ ស្រុក​ពញាក្រែក គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​បាន​ណែនាំ​គណបក្ស​ប្រឆាំង ឲ្យ​គោរព​តាម​បទបញ្ជា និង​ប្រតិទិន​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត ជាដើម។

ទាក់ទង​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៥​ថ្ងៃ​មក​នេះ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការ​ឃោសនា​អាណត្តិ​មុនៗ ពីព្រោះ​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​បេក្ខជន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត បាន​គោរព​តាម​បទបញ្ជា ឬ​នីតិវិធី និង​មាន​ក្រម​សីលធម៌​ល្អ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថា​មាន​បញ្ហា​តិចតួច​កើត​ឡើង​ដែរ ដូចជា​ករណី​គណបក្ស​នយោបាយ​ខ្លះ​មិន​បាន​គោរព​តាម​ប្រតិទិន​ការ​ឃោសនា​ដែល​បាន​ដាក់​ជូន​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ឬ​ខេត្ត ប៉ុន្តែ​ខាង​លោក​ក៏​បាន​ដោះស្រាយ​ហើយ​ដែរ៖ «មិន​មាន​ការ​រឹត​បន្តឹង​ទេ អ្នក​យល់​អ៊ីចឹង គឺ​ខុស​ហើយ។ គណបក្ស​នយោបាយ​នីមួយៗ​ហ្នឹង គាត់​ពី​ស្រុក​ណា? គាត់​មក​ពី​ឃុំ​ណា? គាត់​អាច​ចូលរួម​ដង្ហែ​ក្បួន​ទៅ​ឃុំ​មួយ​ទៅ​ច្រើន​ឃុំ​បាន នៅ​ពេល​ខ្លួន​ហ្នឹង​បាន​ដាក់​ពាក្យ​មក​គណៈកម្មការរៀបចំ​ការបោះឆ្នោត​ឃុំ ឬ​ខេត្ត»

ប្រភព​ដដែល​អះអាង​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ជុំវិញ​បញ្ហា​ឃោសនា​បោះឆ្នោត​ទេ។

ខេត្ត​ត្បូងឃ្មុំ មាន​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មាន​ចំនួន ៨​គណបក្ស និង​មាន​ពលរដ្ឋ​ត្រូវ​បោះឆ្នោត​ចំនួន​ជិត ៤​សែន​នាក់។

ប្រជា​សហគមន៍​នៅ​ស្រុក​តំបែរ លោក ឈិន យ៉ុង មើល​ឃើញ​ថា មាន​គណបក្ស​ចំនួន​ពីរ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ធ្វើ​សកម្មភាព​ឃោសនា​លេចធ្លោ​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​យល់​ថា ការ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ជុំវិញ​គោល​នយោបាយ​បក្ស​នីមួយៗ គឺ​មាន​សារសំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ល្អ​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន៖ «ចង់​ឲ្យ​បើក​ពង្រីក​ទូលំទូលាយ ពង្រីក​ការ​ឃោសនា​បក្ស​នីមួយៗ​ឲ្យ​បាន​ទូលំទូលាយ​ច្រើន កុំ​ឲ្យ​មាន​ការ​រឹតត្បិត»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​របស់​គណបក្ស​ធំៗ គឺ​ជា​រឿង​ល្អ​ម៉្យាង ប៉ុន្តែ​ការ​បកស្រាយ ឬ​ពន្យល់​អំពី​គោល​នយោបាយ​របស់​គណបក្ស​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​សំខាន់​មួយ​ទៀត។ លោក​ថា ប្រសិន​បើ​ពលរដ្ឋ​អាច​ស្វែងយល់​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​បាន​គ្រប់គ្រាន់ គឺ​ងាយ​ស្រួល​ដល់​ពួក​គាត់​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


បេក្ខជន​លេខ​រៀង​ទី​២​បក្ស​សង្គ្រោះ​ជាតិ​ថា​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ខ្លួន​ជា​ការ​គំរាមកំហែង

$
0
0

បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​លេខ​រៀង​ទី​២​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ដោយ​ចាត់​ទុក​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ខ្លួន​ជា​ការ​គំរាមកំហែង​នយោបាយ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់។

បេក្ខជន​លេខ​រៀង​ទី​២ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ជុំវិញ​ករណី​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ផ្ទះ​របស់​គាត់ ដែល​គាត់​ថា ជា​ការ​គំរាមកំហែង​ក្នុង​រដូវ​ឃោសនា។

អតីត​ជំទប់​ទី​២ គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​បេក្ខជន​លេខ​រៀង​ទី​២ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​កំពង់ភ្នំ លោក យូ រិន ថ្លែង​ថា ផ្ទះ​លក់​គ្រឿងទេស និង​ភេសជ្ជៈ​របស់​លោក​ទំហំ ៣​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ​សង់​ពី​ដែក និង​រោង​គោ​ទំហំ ៣​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ នៅ​ភូមិ​កំពង់គោ ក្នុង​ឃុំ​កំពង់ភ្នំ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ដែល​អ្នក​ភូមិ​មិន​អាច​ជួយ​អន្តរាគមន៍​បាន កាល​ពី​យប់​ម៉ោង​ជាង ៩ ថ្ងៃ​ទី​២៣ ខែ​ឧសភា។ លោក​ថា សំណាង​ល្អ បន្ទាប់​ពី​ឃោសនា​គណបក្ស​ចប់ លោក​មាន​ការ​ហត់នឿយ ដោយ​បាន​ទៅ​សម្រាក​នៅ​ផ្ទះ​មួយ​ទៀត​នៅ​ភូមិ​អំពិលទឹក ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​គ្នា។

ទោះ​យ៉ាង​ណា ករណី​នេះ​លោក​សន្និដ្ឋាន​ថា ជា​ករណី​ជន​ខិលខូច​លួច​ដុត ដោយសារ​ផ្ទះ​របស់​លោក​ពុំ​មាន​ត​ប្រព័ន្ធ​អគ្គិសនី និង​ចង្ក្រាន​ដាំ​ស្ល​នោះ​ទេ ហើយ​ម្យ៉ាង​អ្នក​ភូមិ​ឃើញ​មាន​ដុំ​ភ្លើង​ឆេះ​ចំ​កណ្ដាល​ដំបូល​ផ្ទះ​របស់​លោក ដែល​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ទាំង​ស្រុង និង​ឆេះ​រាប​ដល់​ដី៖ «ភ្លើង​នេះ​គឺ​ឆេះ​ក្នុង​រោង​តែម្ដង សន្ធោសន្ធៅ បើ​សិន​ជា​ឆេះ​ធម្មតា​វា​មិន​ដល់​ថ្នាក់​នោះ​ទេ តែ​នេះ​អាច​មក​ពី​សាំង ឬ​ប្រេង​គេ​បោះ​ដុត ជា​ការ​សន្និដ្ឋាន​របស់​ខ្ញុំ​អាច​ប្រហែល​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជួល​ឲ្យ​គេ​ដុត។ ឥឡូវ​ខ្ញុំ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយសារ​ខ្ញុំ​ឈរ​លេខ​រៀង​ទៅ​២​ផង នៅ​ក្នុង​ជំទប់​ក្រុម​ប្រឹក្សា​ឃុំ ក្រែង​លោក​គេ​ឃ្លាំមើល​ខ្ញុំ​អត់​នៅ​ផ្ទះ​ទេ លួច​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្តិ​យើង​អីចឹង។ នេះ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ឲ្យ​តក់ស្លុត ឬ​ឲ្យ​បង​ប្អូន​សកម្មជន​មាន​ការ​តក់ស្លុត ព្រោះ​តាំង​ពី​ខ្ញុំ​ចូល​បម្រើ​កិច្ចការ​តាំង​ពី​ឆ្នាំ​១៩៩៣ មក​មិន​មាន​ករណី​នេះ​កើត​ឡើង​ទេ»

លោក យូ រិន បន្ត​ថា បញ្ហា​នេះ អាជ្ញាធរ​ភូមិ ឃុំ មិន​បាន​ទៅ​សួរ​នាំ​លោក​ទេ។ ប៉ុន្តែ​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នគរបាល​ឃុំ​កំពង់ភ្នំ ហើយ។

ទាក់ទង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល លោក ឡុង អូណា មាន​ប្រសាសន៍​ថា លោក​កំពុង​ស៊ើបអង្កេត​ជាមួយ​មន្ត្រី​ជំនាញ មិន​ទាន់​អាច​សន្និដ្ឋាន​ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​បាន​នៅ​ឡើយ​ទេ៖ «កំពុង​សហការ​ជាមួយ​ផ្នែក​ជំនាញ​អធិការដ្ឋាន កំពុង​ស្រាវជ្រាវ​ទាំង​អស់​គ្នា កំពុង​ត្រួត​ពិនិត្យ​មើល​ព្រឹក​មិញ ឥឡូវ​លោក​អធិការ​រង​គាត់​ជំនាញ​គាត់​ចុះ​បន្ថែម​ទៀត ត្រួត​ពិនិត្យ​ដើម្បី​សន្និដ្ឋាន​ការ​ឆេះ​នេះ»

​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) និង​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា វាយ​តម្លៃ​ថា ចាប់​តាំង​ពី​យុទ្ធនាការ​ហែ​ក្បួន និង​ឃោសនា​បោះឆ្នោត​ថ្ងៃ​ទី​២០ ខែ​ឧសភា មក ពុំ​ទាន់​មាន​ករណី​អ្វី​ដែល​កត់សម្គាល់​ថា ជា​រឿង​គំរាមកំហែង​នយោបាយ​នៅ​ឡើយ​ទេ។

ចំពោះ​បញ្ហា​ភ្លើង​ឆេះ​ផ្ទះ​បេក្ខជន​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង​នេះ​ លោក ម៉ែន មករា នឹង​ស៊ើបអង្កេត​ថា ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​រមាសហែក​នាំ​គ្នា​ទប់ស្កាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី

$
0
0

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​រមាសហែក  ខេត្ត​ស្វាយរៀង នាំ​គ្នា​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​បន្ត​ឈូស​ឆាយ​នៅ​លើ​ដី​កំពុង​មាន​ជម្លោះ នៅ​ថ្ងៃ​ព្រឹក​ទី​២៤ ខែ​ឧសភា។ សកម្មភាព​របស់​ពលរដ្ឋ​នេះ ត្រូវ​បាន​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​ចូល​ទៅ​រារាំង។ រី​ឯ​អភិបាល​ស្រុក​រមាសហែក សន្យា​ថា អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល និង​នៅ​ឃុំ​គគីរ ប្រមាណ ៤៤០​គ្រួសារ ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជាមួយ​ក្រុមហ៊ុន អិន.ខេ.វី (NKV) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​របស់​រដ្ឋ​ទំហំ​ប្រមាណ​ជិត ៧០០​ហិកតារ បាន​ចាប់​ផ្ដើម​កក្រើក​ខ្លាំង​ឡើង​វិញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​ពុំ​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ ហើយ​ខាង​ក្រុមហ៊ុន​នៅ​តែ​ប្រើ​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​ជម្លោះ​នោះ។

តំណាង​ប្រជាពលរដ្ឋ គឺ​លោកស្រី ខៀវ សារ៉ុន រៀបរាប់​ថា ពួកគាត់​ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា បាន​លើក​គ្នា​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នៅ​លើ​ដី​ទំនាស់​នោះ ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​ឡើយ ទោះ​បី​ជា​មាន​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ បាន​ឈរ​ជើង​ការពារ​ក្រុមហ៊ុន ព្រម​ទាំង​ប្រមាថ គំរាម​កំហែង​មក​លើ​ពួកគាត់​ក្តី។

លោកស្រី​បន្ត​ថា ពលរដ្ឋ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ឈូស​ឆាយ​សិន ដើម្បី​ជជែក​ដោះស្រាយ​ឲ្យ​ចប់​ចុង​ចប់​ដើម ព្រោះ​ថា ពលរដ្ឋ​មាន​ជំហរ​ចង់​បាន​ដី​នោះ​យក​មក​កាន់កាប់​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត ព្រោះ​បច្ចុប្បន្ន​នេះ ជីវភាព​ពួកគាត់​កាន់​តែ​ធ្លាក់​ដុនដាប ហើយ​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស៖ «ទោះ​បី​ជា​បក្ស​ណា​ជាប់​ឆ្នោត​ក៏ដោយ ក៏​ពួក​ខ្ញុំ​នៅ​តែ​តវ៉ា​ដី​នេះ​ដែរ ព្រោះ​បើ​ពួក​ខ្ញុំ​អត់​ដី​នេះ ពួក​ខ្ញុំ​ងាប់​អស់​ហើយ មិន​ដឹង​ទៅ​រក​ស៊ី​អី​ណា​បាន​ទេ។ ខ្ញុំ​ធ្លាប់​រស់​នៅ​លើ​ដី​នេះ​មួយ​ជីវិត​ហើយ»

អ្នក​ភូមិ​រៀបរាប់​ថា ដី​នោះ​ពួកគាត់​ធ្លាប់​ដាំ​ដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៤ ក្រោយ​មក​អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្តបន្ទាប់។ លុះ​ដល់​ចុង​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វី របស់​ឥណ្ឌា ក្នុង​រូបភាព​ដាំ​អំពៅ ប៉ុន្តែ​ក្រោយ​មក​ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ បាន​ក្ស័យធន​បាត់​ខ្លួន​មួយ​រយៈ ហើយ​ឃើញ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​​នោះ​ឡើង​វិញ។

អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា មាន​ប្រសាសន៍​ថា លោក​បាន​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ហើយ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ។ ទន្ទឹម​គ្នា​នេះ លោក​សន្យា​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​នឹង​ចុះ​ដោះស្រាយ​ជម្លោះ​ដីធ្លី​​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់៖ «ខ្ញុំ​ជម្រាប​ជូន​ថា ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់​នេះ ខាង​ខេត្ត​នេះ​គេ​ទៅ​ដោះស្រាយ​ហើយ។ ខេត្ត​គេ​មាន​គោលការណ៍​អី​យ៉ាង​ម៉េចៗ ខ្ញុំ​បាន​រាយការណ៍​​មក​ខេត្ត​អស់​ហើយ»

​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំង​នេះ​ប្រមាណ ៤០០​នាក់ ក៏​បាន​លើក​គ្នា​ទៅ​ដល់​សាលា​ឃុំ​អំពិល ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ និង​ជួប​ពិភាក្សា​ជាមួយ​មេ​ឃុំ​ឈ្មោះ​លោក អឹម សារី ដែរ ប៉ុន្តែ​មេ​ឃុំ​រូប​នេះ បាន​យក​លេស​គេចវេះ និង​មិន​ព្រម​ចេញ​មក​ជួប​ពួកគាត់​ឡើយ។

​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ដោះស្រាយ​ឡើយ បើ​ទោះ​បី​មាន​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ថ្នាក់​ជាតិ​រួម​មាន​រដ្ឋ​សភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម​ក៏ដោយ ពោល​គឺ​អាជ្ញាធរ​ថ្នាក់ក្រោម​បាន​ត្រឹមតែ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​គួរ​អោយ​សោកស្ដាយ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរ​តែ​សិក្សា​ហើយ​ឈ​នៅ​លើ​ភាព​ជាក់ស្ដែង​នៃ​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​ដីធ្លី ហើយ​នឹង​ធ្វើ​ការ​យ៉ាង​ណា​ផ្តល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប​នឹង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ថា អ្វី​ដែល​ពួកគាត់​ស្នើ​សុំ​ក៏​ដូចជា​ទាមទារ​កន្លង​មក​នេះ ដោយសារ​តែ​ពួកគាត់​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ កាន់កាប់​តាំង​ពី​មុន​ច្បាប់​ភូមិបាល​ចេញ​ទៀត»

ផ្ទៃ​ដី​ជិត ៧០០​ហិកតារ ដែល​អ្នក​ភូមិ​តវ៉ា​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែ​ឫស្សី ភូមិ​អំពិល ភូមិ​ស្រែពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ អ្នក​ភូមិ​កំពុង​ជ្រួល​ច្របល់​ជា​ថ្មី ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​នោះ​មក​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​៤​រូប​តាម​ការ​សម្រេច​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ

$
0
0

សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ សម្រេច​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក (ADHOC) ៤​រូប​ក្នុង​រយៈពេល ៦​ខែ​ទៀត។ មេធាវី​ការពារ​ក្តី និង​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​មន្ត្រី​អាដហុក ចោទ​ប្រកាន់​ថា ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ជា​រឿង​មិន​សម​ហេតុផល ដែល​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​អាដហុក។

មិន​ខុស​ពី​ការ​សម្រេច​មុនៗ​របស់​តុលាការ​ជាន់​ខ្ពស់ ដែល​តែងតែ​តម្កល់​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម សវនាការ​របស់​សាលា​ឧទ្ធរណ៍​ពេល​នេះ មិន​បាន​ធ្វើ​ឲ្យ​មេធាវី​ការពារ​ក្តី​មន្ត្រី​អាដហុក យល់ព្រម​ទទួល​យក​នោះ​ទេ។

មេធាវី​ការពារ​ក្តី​ម្នាក់​របស់​មន្ត្រី​អាដហុក​ទាំង​បួន​រូប លោក ឡោ ជុនធី ឲ្យ​ដឹង​ថា មូលហេតុ​តុលាការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក ព្រោះ​ចៅក្រម​លើក​ហេតុផល​ថា សំណុំ​រឿង​ស៊ើប​អង្កេត​មិន​ទាន់​បិទ មាន​អ្នក​រត់​គេច​ខ្លួន សាក្សី​មិន​ចូល​បំភ្លឺ។ លោក​មេធាវី​បន្ត​ថា សំណុំ​រឿង​នេះ តុលាការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ពីរ​លើក​មក​ហើយ ម្តង​រយៈពេល ៦​ខែ ដែល​លោក​យល់​ថា ការ​ឃុំ​ខ្លួន​កូន​ក្តី​លោក​ជាង ១​ឆ្នាំ​នេះ គួរ​ចូល​ដល់​ដំណាក់​បិទ​សំណុំ​រឿង ដែល​កូន​ក្តី​របស់​លោក ត្រូវ​បាន​ដោះលែង ឬ​ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ៖ «មិន​សម​ហេតុផល ហើយ​ទើប​យើង​ប្ដឹង​មក ព្រោះ​រយៈពេល ៦​ខែ​ហើយ ៦​ខែ​ទៀត ការ​ស៊ើប​អង្កេត​ហ្នឹង​អត់​មាន​រីក​ចម្រើន​អី​ទេ ហើយ​ក្នុង​ពេល​មាន​ហ្នឹង​មាន​ការ​ជូន​ដំណឹង​បិទ​មួយ​ហើយ ហើយ​ការ​បន្ត​ការ​បើក​ការ​សាកសួរ​ហ្នឹង​មាន​តិចតួច​បំផុត។ ចឹង​ហើយ​ទើប​យើង​យល់​ឃើញ​ថា គួរ​ចូល​ដំណាក់កាល​បិទ​សំណុំ​រឿង​ជា​លក្ខណៈ​ផ្លូវ​ច្បាប់ គឺ​ចេញ​ដីកា​ដំណោះស្រាយ»

សវនាការ​អសាធារណៈ​ដែល​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​តាម​ពាក្យ​បណ្ដឹង​របស់​មេធាវី​ការពារ​ក្តី​មន្ត្រី​អាដហុក ប្ដឹង​ទាស់​ការ​ឃុំ​ខ្លួន​បន្ត​រយៈពេល ៦​ខែ​បន្ថែម​មក​លើ​មន្ត្រី​អាដហុក​ទាំង ៤​រូប​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ក្រុម​ប៉ូលិស​ដែល​ដាក់​ពង្រាយ​នៅ​បរិវេណ​សាលា​ឧទ្ធរណ៍ បាន​យាមកាម​យ៉ាង​តឹងរ៉ឹង មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍​ផ្ដិត​រូបភាព ឬ​សម្ភាស​ក្រុម​មន្ត្រី​អាដហុក​ទេ។ មិន​ត្រឹម​តែ​សមត្ថកិច្ច​រឹត​បន្តឹង​អ្នក​សារព័ត៌មាន​ទេ សូម្បី​សាច់ញាតិ​មន្ត្រី​អាដហុក ក៏​ត្រូវ​អនុរក្ស​ពន្ធនាគារ​រឹត​បន្តឹង​ដែរ។

កូន​ស្រី​របស់​អ្នកស្រី លឹម មុន្នី កញ្ញា អ៊ុន ប៊ុណ្ណារី ប្រាប់​អាស៊ីសេរី​ក្រោយ​ចប់​សវនាការ​ថា ក្រុម​សមត្ថកិច្ច​បាន​នាំ​គ្នា​តាម​ថត​រូប​ម្តាយ​កញ្ញា​គ្រប់​ពេល ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ម្តាយ​នាង​ខឹង​មួម៉ៅនឹង​ទង្វើ​របស់​ក្រុម​សមត្ថកិច្ច។ និយាយ​ក្នុង​សម្ដី​មួយៗ និង​ទឹក​មុខ​ក្រៀមក្រំ កញ្ញា អ៊ុន ប៊ុណ្ណារី គ្មាន​រំពឹង​ថា តុលាការ​យល់ព្រម​ឲ្យ​ម្តាយ​កញ្ញា និង​មន្ត្រី​អាដហុក អាច​នៅ​ក្រៅ​ឃុំ​បាន​ទេ៖ «កន្លង​មក​ដូចជា​មិន​សូវ​រឹត​បន្តឹង​ដល់​ថ្នាក់​ហ្នឹង​ទេ ថ្ងៃ​នេះ​គឺ​ថា​សូម្បី​ចូល​ជិត ក៏​អត់​ឲ្យ​ដែរ ដល់​ចឹង​គាត់ (អ្នកស្រី លឹម មុន្នី) គាត់​មួម៉ៅ»

ចំណែក​មន្ត្រី​អាដហុក​ម្នាក់​ក្នុង​ចំណោម ៤​នាក់​កំពុង​ជាប់​ឃុំ គឺ​លោក នី សុខា បាន​ផ្ញើ​លិខិត​សរសេរ​ផ្ទាល់​ដៃ​របស់​លោក​តាម​រយៈ​កូន​ប្រុស​លោក មក​អាស៊ីសេរី ដោយ​មិន​ខ្លាច​ក្នុង​ការ​រិះគន់​ថា ក្នុង​សង្គម​មួយ​ដែល​ដឹកនាំ​បែប​ផ្ដាច់ការ ពិបាក​ធ្វើ​ឲ្យ​ពួក​លោក​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់ ព្រោះ​យុត្តិធម៌​មាន​សម្រាប់​តែ​អ្នក​មាន​អំណាច និង​បក្ស​របស់​គេ​ប៉ុណ្ណោះ។

ជាង​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ទាំងអស់​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​អ្នក​នយោបាយ​មិន​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ក្នុង​ម្នាក់ៗ ៦​ខែ​បន្ថែម​ទៀត ក្រោយ​ពី​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ​នោះ។ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនោះ ត្រូវ​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ដែល​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ត្រី​ធ្វើ​ការ​នៅ​កន្លែង​កាត់​សក់​ម្នាក់ គឺ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ដោយឡែក​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា មិន​បាន​ប្ដឹង​ទាស់​ទៅ​នឹង​ការ​បន្ត​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ មក​សាលា​ឧទ្ធរណ៍​ទេ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​រឿង​នេះ គឺ​លោក កឹម សុខា និង​អតីត​មេ​ឃុំ​គណបក្ស​ប្រឆាំង លោក ស៊ាង ចែត ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​លើកលែង​ទោស​តាម​សំណើ​របស់​លោក ហ៊ុន សែន ក្រោយ​មាន​ការ​សម្របសម្រួល​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា។

ការ​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​ទាំង​បួន​រូប និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ជាង​មួយ​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទទួល​បាន​ការ​រិះគន់​ពី​អង្គការ​ជាតិ អន្តរជាតិ និង​សហគមន៍​អន្តរជាតិ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​តែងតែ​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់ ថា​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង បំភ័យ និង​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

មេធាវី​ការពារ​ក្តី​របស់​មន្ត្រី​អាដហុក​ទាំង​បួន​រូប លោក ឡោ ជុនធី និយាយ​ថា ក្រុម​មេធាវី​កំពុង​គ្រោង​ប្ដឹង​សារទុក្ខ ឬ​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល ជា​បន្ត ប្រសិន​កូន​ក្តី​របស់​លោក​មិន​ពេញ​ចិត្ត​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ម្ចាស់​បណ្ដឹង​នៅ​ឃុំ​ប៉ាតេ​យល់ព្រម​បញ្ចប់​ការ​ប្ដឹង​ផ្ដល់​អ្នក​កាសែត​ពីរ​រូប

$
0
0

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ពីរ​នាក់ និង​មន្ត្រី​ឃុំ​ម្នាក់ ដែល​ប្ដឹង​ចោទ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់ ថា​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​នៃ​អ្នក​បោះឆ្នោត។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា បើក​ការ​សម្របសម្រួល​បណ្ដឹង​ពលរដ្ឋ និង​មន្ត្រី​ឃុំ​ប៉ាតេ ដែល​បាន​ប្ដឹង​អ្នក​កាសែត​ពីរ​នាក់​ពី​បទ​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​អ្នក​បោះឆ្នោត ក៏ប៉ុន្តែ​មិន​មាន​វត្តមាន​អ្នក​កាសែត​ចូលរួម។

ការ​សម្របសម្រួល​នេះ ធ្វើ​ឡើង​នៅ​ការិយាល័យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ បន្ទាប់​ពី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ទាំង​បី​នាក់ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ លោក ស្រូយ ឃន បញ្ជាក់​ថា លទ្ធផល​ការ​សម្របសម្រួល គឺ​ម្ចាស់​បណ្ដឹង​យល់ព្រម​បញ្ចប់​ការ​ប្ដឹង ដោយសារ​តែ​មិន​មាន​ភាគី​ចុង​ចោទ​ចូលរួម។ លោក​បន្ត​ថា នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ត្រូវ​ហៅ​ភាគី​ជម្លោះ​មក​សម្របសម្រួល បើ​ភាគី​ណា​មិន​យល់ព្រម ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​សម្របសម្រួល​នៅ​ថ្នាក់​ឃុំ-សង្កាត់៖ «គេ​យល់ព្រម​ថា​សុំ​បញ្ចប់​ត្រឹម​ហ្នឹង​ហើយ គេ​ថា​បើ​សិន​អ្នក​ហ្នឹង​មក​ថ្ងៃ​ក្រោយ​អ៊ីចឹង​ទៀត គេ​នឹង​ចាត់​វិធានការ​តាម​ច្បាប់»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី លោក អូន ភាព និង​លោក ភីតធ័រ ស៊ុមបឺរ (Pitter Zsomber) សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ក៏ប៉ុន្តែ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ដើម​ចោទ លោក អូន ភាព បាន​បដិសេធ​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា មិន​បាន​សួរ​សំណួរ​ប៉ះពាល់​សិទ្ធិ​អ្នក​ភូមិ​ឡើយ។

ដើម​ចោទ​មួយ​រូប គឺ​លោក រចំ យេក បញ្ជាក់​ថា ពួក​គាត់​បាន​ឯកភាព​គ្នា​បញ្ឈប់​ការ​ប្ដឹង ដោយសារ​មិន​មាន​ភាគី​ចុង​ចោទ​ចូលរួម ប៉ុន្តែ​ពួក​គាត់​សំណូមពរ​កុំ​ឲ្យ​អ្នក​យក​ព័ត៌មាន​ធ្វើ​សកម្មភាព​ណា​ដែល​ប៉ះពាល់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ៖ «ជិត​ពេល​បោះឆ្នោត បើ​យើង​នៅ​ប្តឹងផ្តល់​បន្ត​គ្នា​ទៀត ពិបាក​ដែរ អ៊ីចឹង​ខាត​សន្លឹក​ឆ្នោត»

អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា អះអាង​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ណែនាំ​ឲ្យ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់ ចាកចេញ​ពី​ភូមិ ខណៈ​ដែល​អ្នក​ភូមិ​គងយុ និង​មន្ត្រី​ឃុំ​ប៉ាតេ បាន​ដាក់​ពាក្យ​ប្ដឹង​ថា អ្នក​កាសែត​បាន​សួរ​សំណួរ​រួម​មាន បោះឆ្នោត​ឲ្យ​គណបក្ស​ណា? ហេតុ​អ្វី​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន? ដែល​ជា​សំណួរ​រំលោភ​ទៅ​លើ​សិទ្ធិ​រក្សា​ការ​សម្ងាត់​របស់​អ្នក​បោះឆ្នោត។

លេខា​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​រតនគិរី លោក ជូន ភីនដារ៉ា បញ្ជាក់​ថា ការ​យល់ព្រម​បញ្ចប់​ការ​ប្ដឹង គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​ច្បាប់​បោះឆ្នោត​បាន​ការពារ​សិទ្ធិ​រក្សា​ការ​សម្ងាត់​របស់​អ្នក​បោះឆ្នោត និង​ផ្ដន្ទាទោស​ចំពោះ​ជន​ណា​រំលោភ​ច្បាប់​នេះ៖ «តាម​នីតិវិធី​ការ​ណែនាំ​របស់ គ..ប ឲ្យ​សាកសួរ​សំណួរ​ផ្សេង​មិន​អាច​សួរ​សំណួរ​ចំ​ពេក ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ភ័យ​ព្រួយ​ទាក់ទង​នឹង​អារម្មណ៍​ទាក់ទង​នឹង​សន្តិសុខ»

របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ការ​ឃោសនា​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​ល្អ​ប្រសើរ មិន​មាន​ពាក្យ​ប្ដឹង​ណា​មួយ​បាន​បញ្ជូន​មក​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក កឹម សុខា ថា​គោល​នយោបាយ​ដែល​បក្ស​សន្យា​គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ជា​ថ្មី​ថា គោល​នយោបាយ​គណបក្ស​ខ្លួន​ដែល​បាន​សន្យា​នៅ​ពេល​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ ដូចជា​ផ្តល់​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ជាដើម គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ ប្រសិន​បើ​បក្ស​នេះ​បាន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។ ប៉ុន្តែ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​ចំអក​ថា គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ភាគច្រើន​ជា​ការ​សន្យា​ខ្យល់​ជាមួយ​ពលរដ្ឋ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​សារ​នយោបាយ​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ទៅ​កាន់​ប្រជាពលរដ្ឋ​ប្រមាណ ៣​ពាន់​នាក់​នៅ​ស្រុក​ថ្មគោល និង​ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ថា លោក​ហ៊ាន​ធានា​ពី​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ គឺ​មិន​មែន​ជា​ការ​សន្យា​ខ្យល់​ឡើយ។ លោក កឹម សុខា សង្កត់​ធ្ងន់​ថា មាន​ឧទាហរណ៍​រួច​មក​ហើយ​កាល​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ លោក​បាន​សន្យា​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ឲ្យ​បាន​ម្នាក់ ១​លាន​រៀល និង​តម្លៃ​ភ្លើង​អគ្គិសនី ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ជាដើម​នោះ គឺ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​យក​មក​អនុវត្ត​សព្វថ្ងៃ។

លោក​អះអាង​ថា ចំពោះ​គោល​នយោបាយ​ថវិកា ៥០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍ​ឃុំ-សង្កាត់ ក៏​អាច​ធ្វើ​បាន​ដែរ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​បាន​ដឹកនាំ​ប្រទេស៖ «ហើយ​គេ​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដើរ​សន្យា​ខ្យល់ កុំ​ជឿ! អត់​មាន​លុយ​ទេ! ធ្វើ​មិន​បាន​ទេ! ឥឡូវ​ខ្ញុំ​សុំ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ទាំងអស់​ជឿ​ចុះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាន​នៅ​ពេល​ណា​ឈ្នះ​ឆ្នោត​ដឹកនាំ​រាជ​រដ្ឋាភិបាល។ ឥឡូវ​ប្អូន​ជឿ ឬ​មិន​ជឿ

កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​រំឭក​ជា​រឿយៗ​ថា ការ​សន្យា​របស់​គណបក្ស​ប្រឆាំង គឺ​ជា​ការ​សន្យា​ខ្យល់ ដោយ​ពុំ​បាន​ធ្វើ​អ្វី​ឲ្យ​ឃើញ​ជា​រូបរាង ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ទេ។ លោក ហ៊ុន សែន សរសេរ​ជា​ថ្មី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គាំទ្រ​លើក​ស្ទួយ និង​ចូលរួម​ជួយ​ជំរុញ​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស។

លោក ហ៊ុន សែន ថា​នេះ​មិន​មែន​ជា​ការ​ឃោសនា​សន្យា​ខ្យល់​ទេ តែ​ជា​ការពិត មិន​ដូច​បក្ស​មួយ​ចំនួន​កំពុង​ឃោសនា​ខ្យល់​ដែល​គ្មាន​បាន​កសាង​អ្វី​មួយ​នៅ​ឡើយ​សម្រាប់​យុវជន ក្មួយៗ និង​ចៅៗ គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី គាំទ្រ​នឹង​គោល​នយោបាយ​ថវិកា ៥០​ម៉ឺន​ដុល្លារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាច​ធ្វើ​ទៅ​បាន​រលូន ក៏ប៉ុន្តែ​ត្រូវការ​មន្ត្រី​ជំនាញ​សម្រាប់​គ្រប់គ្រង​ថវិកា​នៅ​តាម​ឃុំ-សង្កាត់៖ «សម្រាប់​គណបក្ស​ប្រឆាំង ឬ​គណបក្ស​ណា​ក៏ដោយ​ដែល​មិន​ទាន់​បាន​កាន់​អំណាច គឺ​សន្យា​ខ្យល់​ដូច​តែ​គ្នា​ទេ ព្រោះ​ការ​បង្ហាញ​គោល​នយោបាយ​នេះ គឺ​បង្ហាញ​ក្នុង​លក្ខខណ្ឌ​ដែល​គណបក្ស​ណា​មួយ​ឡើង​កាន់​អំណាច បាន​គេ​ធ្វើ​កើត។ ចំពោះ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ណា​ក៏ដោយ បើ​សន្យា​ហើយ​ធ្វើ តើ​បាន​លុយ​មក​ពី​ណា? បើ​លុយ​យើង​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់​ហើយ។ ប៉ុន្តែ​ប្រហែល​ដោយសារ​ពលរដ្ឋ​ទូទៅ​មិន​បាន​យល់ បាន​ជា​រដ្ឋាភិបាល ហើយ​អ្នក​ដទៃ​ចេះ​តែ​យក​ពាក្យ​សន្យា​ខ្យល់​មក​ប្រើ»

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៤ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យុទ្ធនាការ​ធំ​ជាង​គេ បន្ទាប់​មក​មាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហែ​ក្បួន​តាម​ផ្លូវ​ពី​ស្រុក​ថ្មគោល ទៅ​ស្រុក​បវេល ដែល​មាន​ពលរដ្ឋ​ចូលរួម​ជាង ១០០​នាក់។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា មាន​សកម្មជន​ដើរ​ចែក​ខិត្តប័ណ្ណ​តាម​ផ្ទះ​ពលរដ្ឋ ព្រម​ទាំង​ចាក់​គ្រឿង​បំពង​សំឡេង​នៅ​តាម​ទីស្នាក់ការ​បក្ស​ឃុំ-សង្កាត់។

លោក កឹម សុខា បន្ត​យុទ្ធនាការ​ឃោសនា​ទៅ​ខេត្ត​ប៉ៃលិន នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៤ ដដែល រួច​ទៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​រិះគន់​អង្គការ​អន្តរជាតិ​ទទួល​លុយ​រដ្ឋាភិបាល​កម្ពុជា​ជា​ថ្នូរ​សង្កេត​ការណ៍​បោះឆ្នោត

$
0
0

ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​មាន​ការ​អញ្ជើញ​ដោយ​ផ្ទាល់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) តាម​រយៈ​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​មក​ពិនិត្យ​ដោយ​ផ្ទាល់​សាជាថ្មី​ទៀត​ក្នុង​ពេល​ដែល​កម្ពុជា រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ការ​ចំណាយ​ទៅ​លើ​ការ​ស្នាក់នៅ ម្ហូប​អាហារ និង​ថ្លៃ​ធ្វើ​ដំណើរ គឺ​ជា​បន្ទុក​របស់​កម្ពុជា ជា​អ្នក​រ៉ាប់រង។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា កាលណា​សហគមន៍​អន្តរជាតិ​ទទួល​លុយ​ពី​រដ្ឋាភិបាល​ក្នុង​ស្រុក បង្ហាញ​ពី​ជំហរ​មិន​ឯករាជ្យ​រួច​ទៅ​ហើយ​ក្នុង​ការ​វាយ​តម្លៃ​ពី​លទ្ធផល​ចុង​ក្រោយ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​ការ​បោះឆ្នោត រិះគន់​បេសកកម្ម​របស់​សន្និសីទ​អន្តរជាតិ​ស្ដីពី​គណបក្ស​នយោបាយ​អាស៊ី ឬ​ហៅ​កាត់​ថា អាយខែប (ICAPP = International Conference of Asian Political Parties) ស្ថិត​ក្រោម​ជំនួយ​របស់​កម្ពុជា ដើម្បី​ឃ្លាំ​មើល​ទៅ​លើ​ការ​បោះឆ្នោត​នេះ បង្ហាញ​ថា ជា​ការងារ​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា អះអាង​ថា ប្រាកដ​ណាស់​ប្រសិន​បើ ICAPP ចុះ​អង្កេត​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ហើយ​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​បោះឆ្នោត ពិត​ជា​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការ​បរទេស បាន​បង្ហាញ​ពី​ភាព​លម្អៀង​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «អង្គការ​អន្តរជាតិ​ពេល​ទទួល​លុយ​ពី​រដ្ឋាភិបាល​ក្នុង​ស្រុក ហើយ​មក​សង្កេតការណ៍​ក្នុង​ប្រទេស​ហ្នឹង យើង​មើល​ឃើញ​ជំហរ​មិន​មាន​ភាព​ឯករាជ្យ​រួច​ទៅ​ហើយ។ វា​ពិបាក​ទុក​ចិត្ត»

ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ស្ថាប័ន ICAPP នេះ​ក៏​បាន​ចុះ​មក​សង្កេតការណ៍​ម្ដង​រួច​មក​ហើយ​ដែរ​តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​របស់​កម្ពុជា។ ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ពេល​នោះ ICAPP បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៣ របស់​ខ្លួន​រក​ឃើញ​ថា ការ​បោះឆ្នោត​នេះ គឺ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។ ការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​នៃ​ដំណើរការ​បោះឆ្នោត​ដោយ​ស្ថាប័ន ICAPP នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​រិះគន់ និង​តវ៉ា​ដ៏​ចម្រូងចម្រាស​នៃ​លទ្ធផល​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លើក​នេះ សន្និសីទ​អន្តរជាតិ​ស្ដីពី​គណបក្ស​នយោបាយ​អាស៊ី ឬ​ហៅ​កាត់​ថា អាយខែប (ICAPP) នេះ នឹង​ចុះ​មក​ឃ្លាំ​មើល​ជា​ថ្មី​ម្ដង​ទៀត​ដែរ​តាម​រយៈ​ការ​អញ្ជើញ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ប៉ុន្តែ​បន្ទុក​នៃ​ការ​ចំណាយ​ទៅ​លើ​ថ្លៃ​ធ្វើ​ដំណើរ ការ​ស្នាក់នៅ និង​ម្ហូប​អាហារ ត្រូវ​បាន​លោក ហង្ស ពុទ្ធា បដិសេធ​ថា គ..ប ពុំ​មែន​ជា​អ្នក​រ៉ាប់រង​ទេ។ អ្នក​នាំ​ពាក្យ គ..ប រូប​នេះ​យល់​ឃើញ​ថា ជា​ភារកិច្ច គឺ​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​ស្នើសុំ​ដើម្បី​ឲ្យ​ជួយ​ចូលរួម​ត្រួត​ពិនិត្យ។ លោក​បន្ត​ថា «ជា​គោលការណ៍​របស់ គ..ប ក្នុង​កិច្ច​សន្ទនា​តែង​គោរព​អញ្ជើញ ពីព្រោះ​ភាគី​ដែល​មក​ដល់​តែងតែ​សួរ​អំពី​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត អតីតកាល និង​បច្ចុប្បន្នកាល ហើយ​ការ​វាយ​តម្លៃ​ចំពោះ​អនាគតកាល​សម្រាប់​ការ​បោះឆ្នោត»

អ្នកស្រី លឹម ស្រីនិត ជា​មន្ត្រី​បម្រើ​ការ​នៅ​ក្រសួង​ការ​បរទេស ដែល​ស្រង់​សម្ដី​ដោយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ឲ្យ​ដឹង​ថា ការ​មក​បំពេញ​បេសកកម្ម​ជា​លើក​ទី​២ ក្នុង​រយៈពេល ៥​ថ្ងៃ ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​នេះ ការ​ចំណាយ​សព្វ​បែប​យ៉ាង គឺ​ជា​បន្ទុក​របស់​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ កំណត់​ហេតុ​ផ្ទៃក្នុង​របស់ ICAPP នេះ បាន​បង្ហាញ​ការ​ចំណាយ គឺ​ជា​បន្ទុក​របស់​គណ​ប្រជាជន​កម្ពុជា សម្រាប់​ក្រុម​អ្នក​សង្កេតការណ៍ ICAPP ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​កាល​ពី ៥​ឆ្នាំ​មុន មុន​នឹង​មាន​ការ​កែប្រែ​ថា ការ​ចំណាយ​មក​ពី​ប្រភព​ផ្សេង​វិញ។

ទាក់ទិន​រឿង​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ការ​រិះគន់​គ្នា​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា កន្លង​ទៅ អ្នក​ដែល​ធ្លាប់​រិះគន់​គេ ជាពិសេស​តិះដៀល​រដ្ឋាភិបាល ដល់​វេន​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា មិន​សម​បំណង​របស់​ខ្លួន ចេញ​ប្រតិកម្ម ហើយ​មិន​អាច​ទទួល​យក​បាន​ដែរ។ លោក​បន្ត​ថា «អ្នក​ផ្សេង​ធ្វើ​ក្រោយ​ពី​យើង​មិន​ល្អ ហើយ​ស្រាប់​តែ​យើង​ម្នាក់​ឯង​ល្អ​នេះ ធ្វើ​ម៉េច​កើត។ ខ្ញុំ​គិត​ថា​ក្នុង​ពេល​ប្រទេស​យើង​កំពុង​ឆ្លង​កាត់ និង​ដំណើរ​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ វា​មាន​ពហុ​មតិ​បែប​ហ្នឹង​ហើយ ហើយ​ពហុ​មតិ​វា​ចេញ​ពី​ការ​យល់​ឃើញ និង​ចេញ​ពី​ការ​ជ្រើសរើស​ដោយឡែកៗ​ពី​គ្នា​ទេ»

ស្រប​ពេល​ស្ថាប័ន ICAPP មើល​ឃើញ​ថា ដំណើរការ​បោះឆ្នោត​កាល​ពី ៥​ឆ្នាំ​មុន​ប្រព្រឹត្ត​ទៅ​ដោយ​សេរីភាព ត្រឹមត្រូវ និង​យុត្តិធម៌​នោះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​ចាត់​ទុក​ថា ការ​វាយ​តម្លៃ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​មួយ​ដែល​សុក្រឹត និង​អាច​ជឿ​ទុក​ចិត្ត​បាន គឺ​ត្រូវ​ផ្អែក​ទៅ​លើ​បរិយាកាស និង​ឥទ្ធិពល​ផ្នែក​នយោបាយ​មុន​ពេល​បោះឆ្នោត ក្នុង​ដំណាក់កាល​នៃ​ការ​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត។ ស្ថិត​ក្រោម​ហេតុផល​ទាំងនេះ​ហើយ ទើប​អាច​សន្និដ្ឋាន​បាន​ថា ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​មាន​យុត្តិធម៌​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"បក្ស​កាន់​អំណាច​មាន​ប្រៀប​ជាង​បក្ស​ដទៃ​ចំពោះ​ការ​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន"

$
0
0

គណបក្ស​ភាគ​ច្រើន​ដែល​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នេះ អះអាង​ស្រដៀង​គ្នា​ថា ពួកគេ​ខ្វះខាត​ថវិកា​ដើម្បី​ជួល ឬ​ទិញ​ម៉ោង​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន។ ការ​លើក​ឡើង​នេះ ស្រប​ពេល​គណបក្ស​នយោបាយ​ទាំង​អស់​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តាម​បណ្ដា​ខេត្ត រាជធានី ទូទាំង​ប្រទេស។ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច​មាន​ប្រៀប​ជាង​គណបក្ស​ដទៃ ទាក់ទង​នឹង​ការ​ឃោសនា​តាម​មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​នេះ​អាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ឆ្នោត។

កង្វះ​លទ្ធភាព​ជួល ឬ​ទិញ​ម៉ោង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន ដូចជា វិទ្យុ និង​ទូរទស្សន៍ គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​របស់​គណបក្ស​ភាគ​ច្រើន ដែល​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត។ គណបក្ស​ទាំង​នោះ​អះអាង​ថា ធនធាន​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ជួល​ម៉ោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ឃោសនា​អំពី​គោលនយោបាយ​របស់​ខ្លួន​បាន។

គណបក្ស​ចំនួន​៤ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ មិន​បាន​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ដោយសារ​មិន​មាន​ថវិកា​ជួល ឬ​ទិញ​ម៉ោង​ផ្សាយ​របស់​ស្ថានីយ​ផ្សព្វផ្សាយ​ឯកជន។

​មធ្យោបាយ​ឃោសនា​របស់​គណបក្ស​ទាំង​នោះ គឺ​ការ​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន ការ​ចែក​ចាយ​ខិត្តប័ណ្ណ​គោលនយោបាយ ការ​ចាក់​ភ្លេង ឬ​ចម្រៀង​ក្នុង​ក្បួន​ឃោសនា​ដង្ហែ​តាម​ទី​សាធារណៈ និង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជាដើម។

ចំណែក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់​លោក ម៉ម សូណង់ដូ វិញ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​វិទ្យុ​សំបុក​ឃ្មុំ និង​ស្ថានីយ​ផ្សាយ​បន្ត​មួយ​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង ក្រៅ​ពី​នេះ មិន​មាន​ជួល​ម៉ោង​ផ្សាយ​បន្ថែម​ពី​ស្ថានីយ​ណា​ទៀត​ទេ។ គណបក្ស​នេះ​ក៏​ដូច​គណបក្ស​ផ្សេង​ទៀត ដូច​បាន​រៀបរាប់​ដែរ គឺ​ខ្វះ​លទ្ធភាព​ជួល​ម៉ោង​ផ្សាយ ហើយ​សុខចិត្ត​ទុក​ថវិកា​ដែល​មាន​គ្រាន់​បោះពុម្ព​ខិត្តប័ណ្ណ និង​អាវ​យឺត ព្រម​ទាំង​ចុះ​ឃោសនា​ផ្ទាល់​ដល់​មូលដ្ឋាន។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង សុខេង ជា​ច្រើន​លើក ដើម្បី​សាកសួរ​អំពី​រឿង​នេះ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។

​ចំណែក​គណបក្ស​ចំនួន ៥​ទៀត គឺ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​អំណាច​ខ្មែរ បាន​ជួល​ម៉ោង​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដើម្បី​ឃោសនា​អំពី​គោលនយោបាយ​របស់​ខ្លួន ក៏ប៉ុន្តែ​គណបក្ស​ទាំង​នេះ​មិន​មែន​ទើប​នឹង​ជួល​ពេល​យុទ្ធនាការ​ឃោសនា​នេះ​ទេ ពោល​គឺ​ពួកគេ​បាន​ជួល​ម៉ោង​ផ្សាយ​ទាំង​នោះ​ជា​យូរ​មក​ហើយ ដើម្បី​ផ្សាយ​ពី​សកម្មភាព​គណបក្ស​របស់​ពួកគេ។

ក្នុង​ចំណោម ១០ គណបក្ស​ដូច​បាន​រៀបរាប់​នេះ មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ប៉ុណ្ណោះ ដែល​អះអាង​ថា គណបក្ស​មិន​ខ្វះ​ថវិកា​ឡើយ តែ​បញ្ហា​នៅ​ត្រង់​ថា មិន​មាន​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ណា​ប្រកាស​លក់​ម៉ោង​ផ្សាយ​តាម​ការ​ណែនាំ​របស់ គ.ជ.ប.។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ៖ «គ.ជ.ប ណែនាំ​ឱ្យ​មាន​ការ​ប្រកាស ប៉ុន្តែ​អត់​មាន​ការ​ប្រកាស​ទេ មាន​ន័យ​ថា គេ​មិន​លក់ អ៊ីចឹង​យើង​ក៏​មិន​បាច់​ចំណាយ​ពេល​ឥត​ប្រយោជន៍​ទៅ​ទាក់ទង​ស្ថានីយ​ដែរ តែ​បើ​មាន​វិទ្យុ និង​ទូរទស្សន៍​ណា​ប្រកាស​លក់ យើង​នឹង​ទាក់ទង​ទិញ»

កាល​ពី​ពេល​កន្លង​ទៅ គ.ជ.ប បាន​ស្នើ​ឱ្យ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​មាន​ទូរទស្សន៍ និង​វិទ្យុ ដែល​ចង់​លក់ ឬ​ជួល​ម៉ោង​ឲ្យ​គណបក្ស​នយោបាយ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ចំនួន​ម៉ោង​មាន​សម្រាប់​លក់ ឬ​ជួល​ក្នុង​រយៈពេល ១​ថ្ងៃ ឬ ១៤​ថ្ងៃ នៃ​ការ​ឃោសនា​បោះឆ្នោត។ ការ​លក់ ឬ​ជួល​នេះ មាន​រយៈពេល​ពីរ​សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ពោល​គឺ​រយៈពេល ២​សប្ដាហ៍​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ គ.ជ.ប មិន​ទាន់​ឃើញ​មាន​ការ​ប្រកាស​ម៉ោង​ផ្សាយ​របស់​ស្ថានីយ​ផ្សព្វផ្សាយ​ឯកជន​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​ទៀត​ថា គ.ជ.ប មិន​មាន​លទ្ធភាព​ជួយ​គណបក្ស​នយោបាយ​រឿង​បញ្ហា​ហិរញ្ញវត្ថុ​នោះ​ទេ ក៏ប៉ុន្តែ​បើសិនជា​មាន​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឃោសនា នោះ​នឹង​អាច​ជា​លទ្ធភាព​មួយ​ដែរ​នៅ​ថ្ងៃ​មុខ៖ «មិន​ទាន់​ឃើញ​មាន​ការ​ផ្សាយ​ចេញ​របស់​វិទ្យុ និង​ទូរទស្សន៍ ពាក់ព័ន្ធ​នឹង​ម៉ោង​ផ្សាយ​ទេ ប៉ុន្តែ​ជា​ព័ត៌មាន​ឃើញ​មាន​ការ​ផ្សាយ​ជា​របៀប​ព័ត៌មាន ដែល​នេះ​មិន​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​របស់ គ.ជ.ប ទេ»

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) សហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ស្រាវជ្រាវ និង​រក​ឃើញ​ថា ម្ចាស់​កម្មសិទ្ធិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​នៅ​កម្ពុជា គឺ​ជា​ឧកញ៉ា ឬ​ជា​អ្នក​មាន​ឥទ្ធិពល​ដែល​ជិតស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច។

​អ្នក​ជំនាញ​វាយ​តម្លៃ​ថា នេះ​មិន​មែន​ជា​រឿង​ល្អ​ឡើយ ហើយ​វា​នឹង​ធ្វើ​ឱ្យ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ក្នុង​បរិបទ​នៃ​ការ​បោះឆ្នោត វា​នឹង​បង្កើត​ឱ្យ​មាន​ភាព​មិន​ស្មើ​គ្នា និង​អយុត្តិធម៌​ក្នុង​ការ​ប្រកួតប្រជែង​វាង​គណបក្ស​នយោបាយ​នីមួយៗ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង បញ្ជាក់​ថា ការ​ផ្ញើ​សារ​គឺ​ជា​រឿង​សំខាន់​បំផុត​របស់​គណបក្ស​នីមួយៗ​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្ញើ​សារ​ទាំង​នោះ​ទៅ​ម្ចាស់​ឆ្នោត​ដូច​នេះ​មាន​ន័យ​ថា បើ​គណបក្ស​ណា​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន គណបក្ស​នោះ​នឹង​មាន​ប្រៀប​ជាង​គណបក្ស​ដទៃ​ទៀត។ ក្នុង​បរិបទ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច មាន​ប្រៀប​ជាង​គេ​ក្នុង​ការ​ប្រកួតប្រជែង។

លោក ប៉ា ងួនទៀត៖ «សារ (នយោបាយ) នោះ ទាក់ទាញ​ទឹក​ចិត្ត​អ្នក​គាំទ្រ ឬ​អត់​ជា​រឿង​មួយ​ផ្សេង​ទៀត ប៉ុន្តែ​មធ្យោបាយ​នៃ​ការ​ផ្ញើ​សារ​គណបក្ស​ណា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន គឺ​គណបក្ស​ហ្នឹង​មាន​ប្រៀប​ហើយ។ បើសិនជា គ.ជ.ប បាន​បំពេញ​តួនាទី​ល្អ​ក្នុង​ការ​ផ្ដល់​ម៉ោង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ឱ្យ​គណបក្ស​នយោបាយ អា​ហ្នឹង​វា​ផ្ដល់​លទ្ធផល​ឱ្យ​ការ​ប្រកួត​ហ្នឹង​កាន់​តែ​មាន​សក្ដានុពល មាន​ន័យ​ថា គណបក្ស​នយោបាយ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ផ្ញើ​សារ​ទៅ​ដល់​ប្រជាពលរដ្ឋ ដូច្នេះ​វា​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ»

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា គណបក្ស​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​វិទ្យុ ទូរទស្សន៍ ឬ​កាសែត ដោយ​ខ្លួន​ឯង​នោះ​ទេ ក៏ប៉ុន្តែ​ម្ចាស់​ស្ថានីយ​ទាំង​នោះ គឺ​ជា​សមាជិក និង​សមាជិកា​គណបក្ស​នេះ ដូច្នេះ​រាល់​ការ​ផ្សព្វផ្សាយ​ទាំង​ឡាយ គឺ​ជា​សមាន​ចិត្ត​របស់​ពួកគេ​មិន​មាន​ការ​បង្ខិតបង្ខំ​អ្វី​ឡើយ ហើយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នេះ គណបក្ស​មិន​បាន​ជួល ឬ​ទិញ​ម៉ោង​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ឡើយ៖ «យើង​មិន​បាន​ផ្តល់​កម្មវិធី​នយោបាយ​ឱ្យ​គេ​ជួយ​ផ្សាយ​ទេ។ គេ​ផ្សាយ​ពី​សកម្មភាព​នៃ​ជីវភាព​សង្គម​ប្រចាំ​ថ្ងៃ ដូចជា​ការ​បើក​ការដ្ឋាន​សម្ពោធ​ផ្លូវ​ថ្នល់ និង​សមិទ្ធផល​នានា មិន​អាច​ចាត់​ទុក​ថា ជា​ការ​ឃោសនា​នយោបាយ​បាន​ទេ»

ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក ប៉ា ងួនទៀង មើល​ឃើញ​ថា បើ​ទោះ​បី​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​មិន​បាន​ផ្សាយ​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្ទាល់​ក្តី ក៏ប៉ុន្តែ​ពួកគេ​បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នេះ​គឺ​ជា​ការ​ឃោសនា​ដោយ​ប្រយោល៖ «ទី​មួយ គឺ​ជា​ការ​ឃោសនា​ដោយ​ប្រយោល។ ទី​ពីរ វា​អត់​យុត្តិធម៌​ចំពោះ​គណបក្ស​ដទៃ។ ឧទាហរណ៍ រឿង​ដែល​ខ្ញុំ​ថា​មាន​សម្ពាធ ឬ​អត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ គឺ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ។ ដោយសារ​តែ​គាត់​កាន់​អំណាច គាត់​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​អ្នក​ណា គាត់​ដក​ពី​អ្នក​ណា​វិញ​ក៏​បាន។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ហ្នឹង ត្រូវ​តែ​រង​ឥទ្ធិពល​គាត់ តិច  ឬ​ច្រើន ចង់ ឬ​មិន​ចង់ ត្រូវតែ​រង​ឥទ្ធិពល។ បើសិនជា​ផ្ដល់​អាជ្ញាប័ណ្ណ​ដោយ​មាន​ច្បាប់ មាន​លក្ខណៈ​ត្រឹមត្រូវ យុត្តិធម៌ និង​ស្មើភាព អ៊ីចឹង​មាន​ន័យ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ បើ​ឯករាជ្យ គេ​មាន​សេរីភាព​ក្នុង​ការ​រើស​គណបក្ស​ហើយ»

អ្នក​ជំនាញ​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ដទៃ ខិតខំ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ស្វែងរក​មធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត ក្រៅ​ពី​ពឹង​លើ​ការ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ដែល​ផ្ដល់​ឱ្យ​ដោយ គ.ជ.ប ចំនួន ៧​នាទី​កន្លះ និង​ការ​ផ្ដល់​ឱ្យ​ដោយ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​នោះ។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ជា​ស្តង់ដារ​អន្តរជាតិ​មួយ​អំពី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ គឺ​ថា អ្នក​សារព័ត៌មាន​ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​រាយការណ៍​ដោយ​សេរី និង​ដោយ​បើក​ចំហ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​ការ​បោះឆ្នោត ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​តែ​មាន​យុត្តិធម៌ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​គ្រប់​បេក្ខជន និង​ក្រុម​នយោបាយ​ទាំង​អស់​ដោយ​គ្មាន​ការ​រើសអើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​មេ​ឃុំ​មាន​សមត្ថភាព មិន​មែន​ជ្រើសរើស​បក្ស

$
0
0

ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ គឺ​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​មេ​ដឹកនាំ​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្ដង។ ការ​ជ្រើសរើស​មេ​ឃុំ-សង្កាត់​ជា​រឿង​សំខាន់​ណាស់ ក្នុង​ការ​ធានា​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន ដើម្បី​បម្រើ​សេវា​ល្អ​ជូន​ពលរដ្ឋ​វិញ ក្រោយ​ពី​ខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត ឬ​ជ្រើសរើស​ឲ្យ​ដឹកនាំ​ឃុំ-សង្កាត់។

គណបក្ស​នយោបាយ​ទាំង​១២ កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​តាម​មូលដ្ឋាន​ដែល​ខ្លួន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​យ៉ាង​ស្វិតស្វាញ ដើម្បី​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​ល្អៗ​របស់​ខ្លួន​បង្ហាញ​ទៅ​កាន់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

ភាព​អ៊ូអរ និង​ការ​ឃោសនា​យ៉ាង​សស្រាក់សស្រាំ​របស់​គណបក្ស​នយោបាយ​នៅ​អំឡុង​ពេល​ថ្ងៃ​បោះឆ្នោត​ជិត​មក​ដល់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​វិលវល់​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​ពួក​គាត់​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា? រីឯ​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​យល់​ដឹង​ច្បាស់​អំពី​គោល​នយោបាយ​គណបក្ស​ទាំងអស់ ហើយ​បាន​ត្រៀម​ខ្លួន​បោះឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​នៅ​ថ្ងៃ​បោះឆ្នោត​មក​ដល់។

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ ពីព្រោះ​ថា​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ត្រូវ ឬ​បោះឆ្នោត​រើស​បាន​មេ​ឃុំ ឬ​ចៅ​សង្កាត់​ល្អ គឺ​មេ​ឃុំ​ចៅ​សង្កាត់​នោះ នឹង​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​វិញ​ស្រប​តាម​ច្បាប់​បោះឆ្នោត និង​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​នោះ គឺ​ជា​រឿង​សំខាន់​ណាស់។ លោក​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ-សង្កាត់​នេះ មិន​ត្រូវ​មើល​ពី​គណបក្ស​នយោបាយ​ទេ សំខាន់​ត្រូវ​មើល​ពី​បុគ្គល​ដែល​ឈរ​ឈ្មោះ​នោះ ថា​តើ​គេ​ពិត​ជា​មនុស្ស​ល្អ និង​មាន​សមត្ថភាព​អាច​ដឹកនាំ​ឃុំ-សង្កាត់​តាម​ឆន្ទៈ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ដែរ​ឬ​យ៉ាង​ណា?«បើ​សិន​ជា​ពលរដ្ឋ​ស្រឡាញ់​គណបក្ស ទោះ​បី​ជា​បេក្ខជន​នោះ​មិន​ល្អ គឺ​ចិត្ត​មិន​ដាច់ តែ​ចំពោះ​ខ្ញុំ​វិញ ឧទាហរណ៍​បើ​សិន​ជា​បេក្ខជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ល្អ គឺ​ខ្ញុំ​បោះឆ្នោត​ជូន តែ​បើ​សិន​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ល្អ គឺ​ត្រូវ​បោះឆ្នោត​ជូន​គាត់។ ដូច្នេះ​ការ​បោះឆ្នោត​មិន​ត្រូវ​មើល​គណបក្ស​ទេ ត្រូវ​មើល​ពី​បុគ្គល​ដែល​ល្អ»

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា កាលណា​ប្រជាពលរដ្ឋ​ចេះ​ជ្រើសរើស​មនុស្ស​មាន​សមត្ថភាព​នោះ គឺ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​នឹង​ប្រកួត​ប្រជែង​ក្នុង​ការ​រើស​បេក្ខជន​ដាក់​ឲ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ-សង្កាត់​នីមួយៗ«ប៉ុន្តែ​បើ​សិន​ជា​យើង​គិត​តែ​ពី​ស្រឡាញ់​បក្ស​ផ្កាប់​មុខ​នោះ អា​ហ្នឹង​គឺ​ជួយ​អត់​បាន​ទេ ក្រុម​ប្រឹក្សា​ឃុំ​នោះ»

មាត្រា​២ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចែង​ថា ឃុំ-សង្កាត់​នីមួយៗ ត្រូវ​មាន​ក្រុម​ប្រឹក្សា​មួយ​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​នៃ​ឃុំ-សង្កាត់​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ជាទូទៅ ជា​សកល ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ចំពោះ ដោយ​សម្ងាត់ ស្រប​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។

កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​តាំង​ពី​ឆ្នាំ​២០០២ មក គឺ​មាន​ចំនួន ៣​អាណត្តិ​មក​ហើយ។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ជា​ការ​ផ្ទេរ​អំណាច​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ឬ​ហៅ​ថា​វិមជ្ឈការ។ ការ​អនុវត្ត​វិមជ្ឈការ បាន​រួម​ចំណែក​ទៅ​រក​គោលដៅ​ដ៏​ធំ​ទូលាយ​នៃ​របៀបវារៈ​កំណែ​ទម្រង់ ដើម្បី​ជំរុញ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន។

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មាន​តួនាទី​ជា​ភ្នាក់ងារ និង​បាន​ចូលរួម​ក្នុង​ការ​ផ្ដល់​សេវា​សង្គម ដូចជា​ធ្វើ​សំបុត្រ​កំណើត ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះ​បញ្ជី​ដីធ្លី ការ​ថែ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ការ​ដោះស្រាយ​ជម្លោះ ការ​គ្រប់គ្រង​ទីផ្សារ និង​កាក​សំណល់ ការ​អប់រំ សុខភាព កសិកម្ម តាម​រយៈ​ការ​ផ្ដួចផ្ដើម​របស់​ក្រុម​ប្រឹក្សា ជាពិសេស​មេ​ឃុំ ដើម្បី​ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​ពលរដ្ឋ​មូលដ្ឋាន។

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២ ការ​បោះឆ្នោត​បី​អាណត្តិ​កន្លង​ទៅ គឺ​ក្នុង​ឆ្នាំ​២០០២ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១២ បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​គណបក្ស​នយោបាយ​ពហុបក្ស​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​នៅ​កម្ពុជា។ ការ​រៀបចំ​នេះ​មាន​ន័យ​ថា រូបភាព​នយោបាយ​នៅ​មូលដ្ឋាន​នៅ​កម្ពុជា មិន​មែន​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​ដូច​ពី​មុន​នោះ​ទេ។ តែ​របាយការណ៍​នេះ​រក​ឃើញ​ថា គំនិត​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ដើរ​តាម​របត់​ឋានានុក្រម​រដ្ឋបាល​ចាស់។

ឥរិយាបថ និង​ទម្លាប់​ចាស់ៗ​ក្នុង​ការ​គ្រប់គ្រង នៅ​តែ​បន្ត​ការ​សម្រេច​ចិត្ត​ទៅ​តាម​ក្រុម បក្សពួក និង​បុគ្គល ជាជាង​ការ​ធ្វើ​សម្រេច​ចិត្ត​ដោយ​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​ការ​យល់​ដឹង​ទាក់ទង​នឹង​តួនាទី និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​នៅ​មាន​កម្រិត​នៅ​ឡើយ។

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ភាគច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ភាព​ឯករាជ្យ​របស់​ខ្លួន ដោយសារ​តែ​បេក្ខភាព​របស់​ពួក​គាត់​នីមួយៗ​ចេញ​ពី​គណបក្ស។ ក្រុម​ប្រឹក្សា​មួយ​ចំនួន ករណី​ខ្លះ​មិន​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ឈរ​នៅ​លើ​គោលការណ៍​ច្បាប់​នោះ​ទេ ដោយសារ​ខ្លាច​មេ​បក្ស​របស់​ខ្លួន​ដក​តួនាទី ទោះ​បី​ជា​ក្នុង​ច្បាប់​បាន​កំណត់​អំពី​តំណែង និង​តួនាទី និង​អនុវត្ត​តាម​បែប​វិមជ្ឈការ​ក្ដី។ ឧទាហរណ៍​ដូចជា​ករណី​ជម្លោះ​ដីធ្លី គេ​កម្រ​ឃើញ​មេ​ឃុំ ឬ​ចៅ​សង្កាត់​មក​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ ឬ​ឈរ​នៅ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ណាស់។

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ឲ្យ​បាន​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​ឃុំ-សង្កាត់ ជា​រឿង​សំខាន់​ណាស់ ព្រោះ​ថា​អភិបាលកិច្ច​ល្អ ឬ​ការ​គ្រប់គ្រង​មាន​តម្លាភាព រៀបចំ​ភូមិ​ឃុំ​មាន​សុវត្ថិភាព មាន​ការ​អភិវឌ្ឍ គ្មាន​ការ​រើសអើង​គណបក្ស​នយោបាយ​នៅ​ពេល​ខ្លួន​ជាប់​ឆ្នោត ពិសេស​ទៅ​ទៀត​នោះ មេ​ឃុំ​ត្រូវ​បំពេញ​ភារកិច្ច​ជា​មេ​ឃុំ​យក​ច្បាប់​ជា​ធំ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ«ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​យក​មក​អនុវត្ត​ទាំងអស់​ច្បាប់​ដែល​មាន​ជា​ធរមាន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។ បោះឆ្នោត​ឃុំ​នេះ គឺ​ឃុំ​របស់​ប្រជាពលរដ្ឋ ធ្វើ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ និង​សម្រាប់​ប្រជាពលរដ្ឋ»

ការ​បោះឆ្នោត​ឃុំ-សង្កាត់​មាន​ដើម​កំណើត​មក​ពី​កម្មវិធី​សិលា ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​១៩៩៦។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ដំបូង​មាន​លក្ខណៈ​ជា​ក្របខ័ណ្ឌ ដើម្បី​កៀរគរ​ធនធាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពី​បណ្ដា​ដៃគូ​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្រប​តាម​តម្រូវការ​នៅ​តាម​មូលដ្ឋាន ក្នុង​គោលដៅ​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​មូលនិធិ​អភិវឌ្ឍន៍​ទុន​សហប្រជាជាតិ (UNCDF) មូលនិធិ​អភិវឌ្ឍន៍​មូលដ្ឋាន (LDF) ត្រូវ​បាន​លើក​ឡើង​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ដល់​ឃុំ-សង្កាត់ ដែល​ជា​គោលដៅ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០០។

កម្មវិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​សាកល្បង​ក្នុង​ការ​ធ្វើ​ផែនការ​វិមជ្ឈការ និង​សហវិមជ្ឈការ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០០១ និង​បាន​បង្កើត​ឲ្យ​មាន​មូលនិធិ​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០០២ ដែល​ជា​ឆ្នាំ​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​លើក​ដំបូង។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​២ នៅ​ឆ្នាំ​២០០៧ និង​លើក​ទី​បី​នៅ​ឆ្នាំ​២០១២។

ដោយឡែក​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន ១២ ចូលរួម​ប្រកួត​ប្រជែង ប៉ុន្តែ​គណបក្ស​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-សង្កាត់​ចំនួន ១.៦៤៦ នៅ​ទូទាំង​ប្រទេស​នោះ មាន​តែ​ពីរ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គ.ជ.ប ព្រមាន​ចាត់​វិធានការ​លើ​អ្នក​ស្ទង់​មតិ​អំពី​គណបក្ស​នយោបាយ​តាម​ហ្វេសប៊ុក

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ស្ទង់​មតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ជា​បន្ទាន់ ដើម្បី​ជៀសវាង​ការ​ភាន់ច្រឡំ​លើ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​នេះ គ.ជ.ប ពិនិត្យ​ឃើញ​ថា មាន​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មួយ​ចំនួន​បាន​ស្ទង់​មតិ​លើ​គណបក្ស​នយោបាយ​មួយ​ចំនួន ហើយ គ.ជ.ប យល់​ថា ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​មហា​ជន​យល់​ច្រឡំ​អំពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ។ បន្ថែម​ពី​នេះ គ.ជ.ប ក៏​ព្រមាន​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​បើ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ស្ទង់​មតិ​តាម​ហ្វេសប៊ុក។

ក្នុង​សេចក្ដី​អំពាវនាវ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បញ្ជាក់​ថា តាម​ច្បាប់​បោះឆ្នោត និង​បទបញ្ជា ព្រមទាំង​នីតិវិធី ការ​ស្ទង់​មតិ​ត្រូវ​គោរព​តាម​គោលការណ៍​មួយ​ចំនួន​រួម​មាន៖ រៀបចំ​ដោយ​អង្គការ ឬ​ស្ថាប័ន​មាន​វិជ្ជាជីវៈ ត្រូវ​មាន​តម្លាភាព និង​ភាព​មិន​លម្អៀង គោរព​សិទ្ធិ សេរីភាព​បុគ្គល រក្សា​ការសម្ងាត់​នៃ​អ្នក​បោះឆ្នោត មិន​បង្ក​អសន្ដិសុខ ភាព​ចលាចល ឬ​ការ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​ការ​ធ្វើ​ឲ្យ​ភាន់ច្រឡំ​ក្នុង​ដំណើរ​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​អ្នក​បំផ្លាញ​ខិត្តប័ណ្ណ​និង​ស្លាក​សញ្ញា​នៅ​កំពង់ធំ

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ស្នើ​ឲ្យ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ឃុំ ឬ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ស្រាវជ្រាវ​រក​ជន​មិន​ស្គាល់​មុខ​ដែល​បំផ្លាញ​ខិត្តប័ណ្ណ និង​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន។ ការ​ស្នើ​នេះ ក្រោយ​ពេល​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ស្រឡៅ ដែល​បិទ​នៅ​តាម​ដើម​ឈើ​ក្បែរ​ផ្លូវ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បក​ចោល ហើយ​ស្លាក​សញ្ញា​គណបក្ស​មួយ​ផ្ទាំង ត្រូវ​បាន​គេ​ច្រាន​ឲ្យ​ខុស​ពី​ស្ថានភាព​ដើម។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ យល់​ថា សកម្មភាព​បំផ្លាញ​ខិត្តប័ណ្ណ និង​ច្រាន​ស្លាក​សញ្ញា​គណបក្ស​ឲ្យ​ខូច​ទ្រង់ទ្រាយ ព្រម​ទាំង​បញ្ហា​ផ្សេង​ទៀត​ដូចជា​ការ​ប្រាប់​ពលរដ្ឋ​ថា ប្រសិន​បោះឆ្នោត​ជូន​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​កាន់​អំណាច នឹង​មាន​សង្គ្រាម ជាដើម គឺ​ជា​រូបភាព​គំរាម​កំហែង និង​បំភិត​បំភ័យ​ដល់​ស្មារតី​ម្ចាស់​ឆ្នោត។

បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ ឃុំ​ស្រឡៅ គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ ឆេងអៀម ឲ្យ​ដឹង​ថា ខិត្តប័ណ្ណ​គណបក្ស​សង្គ្រោះ​ជាតិ រាប់​សិប​សន្លឹក​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​មួយ​នេះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បក​ចោល។ ក្រៅ​ពី​នេះ នៅ​យប់​ថ្ងៃ​ទី​២៣ ឧសភា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ច្រាន​ឲ្យ​ទ្រេត​ស្ទើរ​តែ​ដល់​ដី និង​មាន​សកម្មភាព​រំខាន​ដល់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​មក​លើ​គណបក្ស​ប្រឆាំង ជាដើម៖ «នេះ​ជា​ទង្វើ​ដែល​គំរាម​កំហែង ហើយ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន»

ឃុំ​ស្រឡៅ មាន​គណបក្ស​ដែល​ដាក់​បេក្ខជន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មាន​ចំនួន ៣​គណបក្ស រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

មេ​ឃុំ​ស្រឡៅ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៉ុល ឈិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ឧសភា ថា បញ្ហា​នេះ លោក​បាន​ជម្រាប​ទៅ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​រួច​ហើយ។ លោក​ថា សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ គឺ​មិន​បាន​គោរព​តាម​ប្រតិទិន​ដែល​កំណត់​ឡើង​ដោយ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ទេ ហើយ​ខិត្តប័ណ្ណ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ផ្ទាំង ក៏​ត្រូវ​បាន​គេ​ហែក​ទម្លាក់​ដែរ។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ លោក ប្រែង សាវុធ បញ្ជាក់​ថា ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​រយៈពេល​ឃោសនា​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ ត្បិត​តែ​មាន​សកម្មភាព​ហែ​ក្បួន​ឃោសនា​ខ្លះ​មិន​បាន​គោរព​តាម​ប្រតិទិន​ក្តី។ ចំពោះ​ការ​បំផ្លាញ​ខិត្តប័ណ្ណ និង​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ខាង​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន ឬ​ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ទេ៖ «ខ្ញុំ​បាន​សង្កត់​ធ្ងន់​ណាស់​ចំពោះ​ការ​បក​ខិត្តប័ណ្ណ​អី។ អា​ហ្នឹង គឺ​ជា​កំហុស​របស់​អាជ្ញាធរ​ពី​ទីកន្លែង​ការពារ​សម្រាប់​ការ​បិទ​ផ្សាយ​ហ្នឹង»

ចំពោះ​ការ​លើក​ឡើង​ថា ប្រសិន​បើ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​សង្គ្រាម លោក ប្រែង សាវុធ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​អាច​ដាក់​ពាក្យ​ប្ដឹង​មក​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​បាន សំខាន់​ពួក​គេ​មាន​ភស្តុតាង​ជាក់ស្តែង។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​នយោបាយ​របស់​ខ្លួន​ជា​សាធារណៈ​អំពី​សង្គ្រាម​ម្តង​ជា​ពីរ​ដង ប្រសិន​បើ​គណបក្ស​មួយ​នេះ​ចាញ់​ការ​បោះឆ្នោត ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មិន​ទាន់​មាន​វិធានការ​បែប​ណា​ទេ។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ បញ្ជាក់​ថា លោក​នឹង​ចុះ​ស្រាវជ្រាវ​លើ​ករណី​ហែក​ខិត្តប័ណ្ណ និង​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ព្រោះ​លោក​ថា​សកម្មភាព​ទាំងនេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​បោះឆ្នោត។ ចំណែក​ការ​ឃោសនា​ដោយ​ភ្ជាប់​នឹង​រឿង​សង្គ្រាម ប្រសិន​បើ​គណបក្ស​ខ្លួន​ចាញ់​ការ​បោះឆ្នោត លោក​ថា​ជា​ការ​គំរាម​កំហែង​ដល់​ម្ចាស់​ឆ្នោត។ លោក​បារម្ភ​ចំពោះ​សកម្មភាព​គំរាម​កំហែង​ទាំងនេះ ដែល​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​ដើរ​ថយ​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​ស្វាយរៀង​កោះ​ហៅ​តំណាង​សហគមន៍​ដីធ្លី​៤រូប​ករណី​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ

$
0
0

សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ៤​រូប​នៅ​ស្រុក​រមាសហែក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ដោយ​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​មុន និង​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ករណី​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ។ ពលរដ្ឋ និង​សង្គម​ស៊ីវិល ចាត់​ទុក​ដីកា​កោះ​នេះ គឺ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង និង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ។

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល និង​នៅ​ឃុំ​គគីរ ក្នុង​ស្រុក​រមាសហែក ប្រមាណ ៤៤០​គ្រួសារ ជាមួយ​ក្រុមហ៊ុន អិន.ខេ.វី (NKV) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​របស់​រដ្ឋ​ទំហំ​ប្រមាណ​ជិត ៧០០​ហិកតារ​នោះ កាន់​តែ​ពើប​ប្រទះ​ស្ថានភាព​តានតឹង បន្ទាប់​ពី​ពុំ​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ ហើយ​ថែម​ទាំង​តុលាការ​ខេត្ត​ស្វាយរៀង ចេញ​ដីកា​កោះ​ហៅ​តំណាង​ពលរដ្ឋ ៤​រូប​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ឈុន ដាវី បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​ពលរដ្ឋ ៤​រូប ដោយ​ក្នុង​នោះ​មាន​ពីរ​នាក់​ជា​ស្ត្រី ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ។ ចំណែក​តំណាង​ពលរដ្ឋ​ពីរ​នាក់​ទៀត​ជា​បុរស ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ក្នុង​នាម​ជា​ជន​សង្ស័យ ក្រោម​បទ​ចោទ​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ធឿន វ៉េង រៀបរាប់​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ដីកា​កោះ​ហៅ​រូប​លោក​ដូច្នេះ ប៉ុន្តែ​លោក​មិន​ភិតភ័យ​ឡើយ។ លោក​អះអាង​ថា នឹង​ទៅ​ចូល​បំភ្លឺ​តាម​កាលកំណត់​របស់​តុលាការ ដោយ​មិន​រួញរា​ឡើយ ព្រោះ​ដោយសារ​លោក​ពុំ​បាន​រំលោភ​កាន់​កាប់​ដី​របស់​រដ្ឋ​ដូច​ការ​ចោទ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា​ដី​នោះ​គឺ​គ្រួសារ​របស់​លោក និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​បាន​កាន់​កាប់​អាស្រ័យ​ផល​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨០ មក ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​គេ​ដណ្ដើម​ពី​អ្នក​ភូមិ​ទៅ​វិញ«ខ្ញុំ​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ដោយសារ​គាត់​ជា​អ្នក​ចេះ​ច្បាប់ ហើយ​ខ្ញុំ​ធ្វើ​ទៅ​តាម​ច្បាប់ អត់​ធ្វើ​ខុស​ច្បាប់​ទេ»

ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ​ស្ថិត​នៅ​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក បាន​ចេញ​តវ៉ា​ដើម្បី​ទាមទារ​សុំ​ដំណោះស្រាយ​ដីធ្លី​ជា​បន្តបន្ទាប់​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម រួម​មាន​នៅ​សាលា​ឃុំ សាលា​ស្រុក និង​បាន​ឡើង​មក​តវ៉ា​ដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែនដី ក្រសួង​កសិកម្ម និង​សភា​ជាតិ ជាដើម។

ជុំវិញ​ទំនាស់​ដីធ្លី​នេះ អាជ្ញាធរ​ខេត្ត​សន្យា​នឹង​ចុះ​ដោះស្រាយ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។

អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​រឿង​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា អ្នក​ណា​ជា​ដើម​បណ្ដឹង​ដែរ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នៅ​មាន​វិធានការ​ដោះស្រាយ​សម្របសម្រួល​រឿង​ដីធ្លី​នេះ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដដែល«ខាង​គណៈកម្មការ​សម្របសម្រួល​ដីធ្លី​ថ្នាក់​ខេត្ត នៅ​តែ​បន្ត​នីតិវិធី ហើយ​ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​ធ្វើ​លិខិត​អញ្ជើញ​ក្រុម​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​តវ៉ា មក​ប្រជុំ​ថ្ងៃ​ទី​៧ ក្រោយ​ការ​បោះឆ្នោត​ហើយ»

អ្នក​ភូមិ​រៀបរាប់​ថា ដី​នោះ​ពួក​គាត់​ធ្លាប់​ដាំដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៤ ក្រោយ​មក អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្តបន្ទាប់។ លុះ​ដល់​ចុង​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វី របស់​ឥណ្ឌា ក្នុង​រូបភាព​ដាំ​អំពៅ ប៉ុន្តែ​ក្រោយ​មក ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ​បាន​ក្ស័យ​ធន​បាត់​ខ្លួន​មួយ​រយៈ ហើយ​ទើប​តែ​ឃើញ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​នោះ​ឡើង​វិញ​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​ភូមិ​កំពុង​ជ្រួលច្របល់​ជា​ថ្មី ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​នោះ​មក​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​វិញ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា ការ​ចេញ​ដីកា​កោះ​ហៅ​តំណាង​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​រូបភាព​នៃ​ការ​គំរាម​កំហែង ដើម្បី​បន្ទច់បង្អាក់​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​ហាក់​ដូចជា​ការ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ«ការ​យក​យន្តការ​ផ្លូវ​ច្បាប់​មក​ចោទ​ប្រកាន់​លើ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ដោយសារ​ដីធ្លី ហើយ​ពួក​គាត់​សុទ្ធសឹងតែ​ជា​កសិករ​ដែល​ត្រូវការ​ដីធ្លី​សម្រាប់​ចិញ្ចឹម​ជីវិត​នោះ វា​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់»

ផ្ទៃដី​ជិត ៧០០​ហិកតារ ដែល​កំពុង​ចម្រូងចម្រាស​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែឫស្សី ភូមិ​អំពិល ភូមិ​ស្រែពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ ប្រជាពលរដ្ឋ​ព្រមាន​ថា នៅ​ថ្ងៃ​ដែល​តំណាង​របស់​ពួក​គេ​ចូល​ទៅ​បំភ្លឺ​នោះ ពួក​គាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា​គាំទ្រ​នៅ​ខាង​មុខ​តុលាការ ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះស្រាយ​ទំនាស់​ជូន​ពួក​គាត់​ដោយ​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ភូមិ​បឹងកក់​៧​គ្រួសារ​ទាមទារ​ឱ្យ​សាលា​ក្រុង​ផ្ទេរ​សិទ្ធិ​ដោះស្រាយ​ដីធ្លី​ទៅ​ក្រសួង​ដែន​ដី​ជា​ថ្មី

$
0
0

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ប្រហែល ២០​នាក់ មក​ពី​តំបន់​បុរីកីឡា និង​បឹងកក់ បាន​លើក​គ្នា​ទៅ​គាំទ្រ​ពលរដ្ឋ​ទាំង ៧​គ្រួសារ នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់ ដែល​ទាមទារ​ជា​ថ្មី​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រគល់​សិទ្ធិ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ​ទាំង​ទៅ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ជា​អ្នក​ដោះស្រាយ​ជំនួស។

ពលរដ្ឋ​នៅ​ក្នុង​ភូមិ​១ លោកស្រី លី ចាន់ណារី បញ្ជាក់​ថា ពលរដ្ឋ​ទាំង ៧​គ្រួសារ​ដែល​មិន​ព្រម​ទទួល​យក​សំណង​ពី​សាលាក្រុង បាន​យក​ញត្តិ​សុំ​ផ្ទេរ​សិទ្ធិ​ដោះស្រាយ​ដីធ្លី​មួយ​ច្បាប់​ទៅ​ដាក់​នៅ​ឯ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ហើយ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​តប​មួយ​ច្បាប់​មក​ឱ្យ​ពួកគាត់ ដើម្បី​យក​លិខិត​នោះ​មក​ប្រគល់​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​វិញ៖ «នៅ​ក្នុង​លិខិត​ក្រសួង​មហាផ្ទៃ គ្រាន់តែ​ឱ្យ​សុំ​កិច្ច​អន្តរាគមន៍​​ពី​សាលា​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ ព្រោះ​ក្រសួង​អះអាង​ថា ជា​ដែន​សមត្ថកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​មិន​បាន​ដោះស្រាយ​ឱ្យ​ពួក​ឡើយ»

​លោកស្រី​បន្ត​ថា នៅ​ឆ្នាំ​២០១០ ផ្ទះសម្បែង​ពលរដ្ឋ​នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់ ចំនួន ១៣​គ្រួសារ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​ពន្លិច ហើយ​ក្រោយ​មក​មាន​តែ ៦​គ្រួសារ​ប៉ុណ្ណោះ ទទួល​បាន​ដី​មក​វិញ​ចំនួន ៥៣% រី​ឯ ៧​គ្រួសារ​ទៀត​ដែល​សេសសល់ បែរ​ជា​សាលាក្រុង​សម្រេច​ដោះស្រាយ​ដោយ​ប្រគល់​ដី​ក្នុង​តំបន់​បឹងកក់ ឱ្យ​ពួកគាត់​វិញ មិន​បាន​ដល់ ១០% ឡើយ។

បន្ទាប់ពី​មន្ត្រី​រដ្ឋបាល​សាលាក្រុង​សម្រេច​ទទួល​យក​លិខិត​របស់​ក្រសួង​មហាផ្ទៃ តាមរយៈ​ក្រុម​ពលរដ្ឋ​ទាំង​នេះ គឺ​មិន​បាន​កំណត់​ពេល​ណា ថា​នឹង​ឆ្លើយ​តប​ទៅ​កាន់​ពលរដ្ឋ​វិញ​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា នឹង​បញ្ជូន​លិខិត​នោះ​ទៅ​លោក ប៉ា សុជាតិវង្ស ដែល​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live