
រយៈពេលជិតពីរខែមកនេះ មេដឹកនាំអាស៊ានមិនបានអនុវត្តសេចក្ដីថ្លែងការណ៍រួម ដែល ប្ដេជ្ញារួមគ្នាស្ដារសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីប្រយុទ្ធនឹងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារតែជំងឺកូវីដ១៩ នោះទេ។ ក្រុមអ្នកវិភាគមើលឃើញថា មេដឹកនាំអាស៊ាននៅក្នុងពេលនេះមិនសហការគ្នាដូចសហគមន៍អឺរ៉ុប ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចរួមគ្នាឡើយ។ ប្រទេសអាស៊ានគិតតែពីផលប្រយោជន៍រៀងៗ ខ្លួន មិនមែនជាសហគមន៍តែមួយវាសនាតែមួយដូចការអះអាងរបស់ខ្លួននោះឡើយ។
ក្រុមអ្នកវិភាគមើលឃើញថា សមាគមអាស៊ីអាគ្នេយ៍ ឬអាស៊ានហាក់បរាជ័យលើការប្ដេជ្ញារួមគ្នាថា នឹងស្ដារសេដ្ឋកិច្ចរួមគ្នាឡើងវិញ ដើម្បីប្រយុទ្ធនឹងផលប៉ះពាល់ពីជំងឺកូវីដ១៩ រាតត្បាត ដែលបញ្ហានេះ នឹងនាំឲ្យប្រទេសមួយចំនួនអាចប្រឈមនឹងបញ្ហាសន្តិសុខស្បៀង ដោយសារប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា អាស៊ានហាក់ដូចជាសហគមន៍មួយបង្ហាញពិភពលោកឲ្យមើលឃើញថា ជាតំបន់មួយរួបរួមគ្នា ក៏ប៉ុន្តែបញ្ហាជាក់ស្ដែងអាស៊ានមិនបានរួបរួមគ្នាឡើយ។ លោកបញ្ជាក់ថា នៅក្នុងកំឡុងពេលប៉ះពាល់ដោយសារជំងឺកូវីដ១៩ បើទោះជាមេដឹកនាំអាស៊ានបាន បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមវីឌីអូខុនហ្វឺរិន (Video Conference) ដើម្បីរកវិធីទប់ទល់នឹងផលប៉ះពាល់រួមគ្នាក្ដី តែជាក់ស្ដែងមកទល់ពេលនេះ អាស៊ានមិនអាចសម្រេចគោលដៅដែលបានដាក់ចេញរបស់ខ្លួននោះនៅឡើយ។ លោកបន្ថែមថា អាស៊ានមិនត្រឹមតែមិនរកវិធីជួយគ្នា ឬរួមគ្នាស្ដារសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែអាស៊ានថែមទាំង ប្រកួតប្រជែងគ្នា ឬគិតតែពីប្រយោជន៍រៀងៗ ខ្លួនទៀតផង៖ «»
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី១៤ ខែមេសា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងនាមជាប្រធានអាស៊ានប្តូរវេននោះ សមាជិកអាស៊ានទាំងអស់ បានចេញសេចក្ដីថ្លែងការណ៍អនុម័តកិច្ចព្រមព្រៀងរួមគ្នាមួយ មាន ៨ចំណុច ដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅថ្នាក់តំបន់។ ក្នុងចំណោមកិច្ចព្រមព្រៀងទំាង ៨ចំណុច ដែលនិយាយពីការដាក់វិធានការរួមទប់ទល់នឹងការឆ្លងរីករាលដាលជំងឺកូវីដនោះ មាន ៣ចំណុច ដែលសមាជិកអាស៊ានទាំង១០ បានឯកភាពគ្នា គឺផ្ដោតលើសហប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងតំបន់ និងក្រៅតំបន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀង។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នោះ នាយករដ្ឋមន្ត្រីមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loon) ដែលជាប្រទេសលេចធ្លោផ្នែកសេដ្ឋកិច្ចជាងគេនៅក្នុងតំបន់នោះលើកឡើងថា ដើម្បីកសាងភាពធន់សម្រាប់វិបត្តិសេដ្ឋកិច្ចនាពេលអនាគត បណ្តាប្រទេសក្នុងតំបន់គួរតែមានលក្ខណៈវិនិច្ឆ័យរួម ស្តីពីការរឹតបន្តឹងការធ្វើដំណើរ និងពាណិជ្ជកម្ម។ លោកបានរំលឹកថា មេដឹកនាំអាស៊ានទាំងអស់ ត្រូវបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ហើយអាស៊ាន និងអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ ដែលបណ្ដាប្រទេសអាស៊ាន ត្រូវតែរក្សាពាណិជ្ជកម្មទាំងនៅក្នុងតំបន់ ទាំងដៃគូពាណិជ្ជកម្មនៅក្រៅតំបន់ ពិសេសសហភាពអឺរ៉ុប ដែលជាប្រភពទីផ្សារដ៏ធំរបស់អាស៊ាន។
រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យសមាជិកអាស៊ានទាំង១០ និងអាស៊ានបូកបី មានជប៉ុន កូរ៉េខាងត្បូង និងចិន ត្រូវរួមគ្នារកយន្តការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងបើកលំហសេដ្ឋកិច្ចនៃការដឹកជញ្ជូនទំនិញឆ្លងដែនទាំងផ្លូវ អាកាស និងផ្លូវគោក៖ «»
ទោះបីជាមេដឹកនាំអាស៊ានបានព្រមព្រៀងនិងប្ដេជ្ញាពីការស្ដារសេដ្ឋកិច្ចរួមគ្នាឡើងវិញបែបនេះក្ដី ក៏បណ្ឌិត សេង សារី មើលឃើញថា មកទល់ពេលនេះ អ្វីដែលអាស៊ានអាចធ្វើបាននោះ គឺការជញ្ជូនព័ត៌មានឲ្យគ្នាទៅវិញទៅមកអំពី ការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងតំបន់ និងការដឹកជញ្ជូនទំនិញឆ្លងពីប្រទេសមួយទៅប្រទេសទៅប្រទេសមួយទៀត ដូចជា ការដឹកនាំពីថៃចូលកម្ពុជា ការដឹកទំនិញពីវៀតណាមចូលមកកម្ពុជា និងការដឹកនាំទំនិញពីកម្ពុជាចូលទៅប្រទេសទាំងនេះវិញជាដើម។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រជាពលរដ្ឋជាង ៦០០លាននាក់ បានឯកភាពគ្នាកាលពីឆ្នាំ២០០៧ មក ដោយផ្ដោតលើសសរស្ដម្ភចំនួនបី រួមមាន សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌-សង្គម ដែលសហគមន៍ទាំងបីនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ មានតែសហគមន៍សេដ្ឋកិច្ចអាស៊ានទេ ដែលកន្លងមក ត្រូវបានអ្នកជំនាញខាងកិច្ចការអន្តរជាតិមើលឃើញថា អាស៊ានសហការគ្នាបានល្អនៅក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នោះ។ សហគមន៍សេដ្ឋកិច្ចអាស៊ាននេះ អនុញ្ញាតឲ្យមានលំហូរទំនិញឲ្យគ្នាទៅវិញទៅមកដោយសេរី រួមទាំង សេវាកម្ម ការវិនិយោគ និងលំហូរកម្លាំងពលកម្មជាដើម។
ប៉ុន្តែនៅក្នុងគ្រាដែលជំងឺកូវីដ១៩ ធូរស្រាលនៅឡើយនេះ ប្រទេសនៅក្នុងតំបន់មិនទាន់បានបើកច្រកព្រំដែនវិញនៅឡើយ ដូចជា កម្ពុជា ថៃ និងកម្ពុជា វៀតណាមជាដើម។ ការបិទច្រកព្រំដែននេះ ធ្វើឲ្យប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចកម្ពុជា ឡាវ និងភូមា រងផលប៉ះពាល់ជាងគេ។ ប្រទេសទាំងបី ក៏មានពលករចំណាកស្រុករបស់ខ្លួនជាច្រើនលាននាក់នៅក្នុងប្រទេសថៃ ដែលរងផលប៉ះពាល់ខ្លាំងក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះ។
កាលពីថ្ងៃទី២៥ ឧសភា ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាតំណាងប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក ឌិន ពុទ្ធី ថ្លែងនៅព្រឹកថ្ងៃទី២៥ឧសភាថា ពួកគាត់នឹងជាង ១.៥០០នាក់ ព្រមានធ្វើបាតុកម្មបើសិនជាអាជ្ញាធរកម្ពុជានិងថៃនៅតែបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពីព្រោះការបិទច្រកជាង ២ខែមកនេះធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពួកគាត់ធ្ងន់ធ្ងរ។ លោកថា ខណៈ ច្រកព្រំដែនបិទមិនឱ្យអាជីវករ និងពលករខ្មែរឆ្លងចូលទៅថៃរកស៊ី តែបែរជាមានការអនុញ្ញាតឱ្យឡានទំនិញរបស់ថៃចូលមកកម្ពុជាបានដោយសេរី ហើយឡានដឹកទំនិញរបស់កម្ពុជាចូលទៅថៃវិញ អាជ្ញាថៃរឹតត្បិត៖ «»
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការទាមទារឲ្យបើកច្រកព្រំដែនវិញ ជារឿងលំបាក ហើយបើខាងកម្ពុជាបើកច្រកវិញ ភាគីខាងថៃមិនបើកក៏នៅតែជាបញ្ហា ព្រោះភាគីទាំងអស់គិតពីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។ លោក បណ្ឌិត មាស នី បន្ថែមថា ប្រទេសនៅក្នុងតំបន់ដែលប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាងគេនោះ គឺកម្ពុជា៖ «»
ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានពិភពលោក Moody’s Investors Services របស់សហរដ្ឋអាមេរិកបាន វាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកនៅត្រឹម ០,៣% នៅឆ្នំា២០២០ ដោយសារតែផលប៉ះពាល់ពីជំងឺកូវីដ១៩ និង ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន សហភាពអឺរ៉ុប និងអាមេរិក។ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងអាមេរិកក៏ប៉ះពាល់ខ្លាំងដែរដល់តម្រូវការទំនិញ ឬការបញ្ជាទិញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក ដែលបញ្ហានេះបង្កហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចកម្ពុជា៕