Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ការពារ​ខ្លួន​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដោយសារ​គ្មាន​វិធានការ​ត្រឹមត្រូវ​ពី​លោក ហ៊ុន សែន

$
0
0

គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ការពារ​ខ្លួន​ដោយ​ខ្លួនឯង ក្រោយ​លោក ហ៊ុន សែន មិន​បាន​ចាត់វិធានការ​ត្រឹមត្រូវ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ពី​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត​-១៩ នេះ។

នៅ​ក្នុង​សេចក្តី​អំពាវនាវ ចេញ​កាល​ពី​រាត្រី ថ្ងៃ​ទី​១៥ ខែ កុម្ភៈ គណបក្ស​សង្គ្រោះជាតិ លើក​ឧទាហរណ៍​នៃ​ការ​មិន​យកចិត្តទុកដាក់​ត្រឹមត្រូវ​របស់​របប​ក្រុងភ្នំពេញ ដូចជា​ការ​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​រស់នៅ​កន្លែង​ផ្ទុះ​មេរោគ គឺ​ទីក្រុង​វូ​ហាន និង​ទុក​បន្ត​ឱ្យ​មាន​ជើង​ហោះហើរ​ជាមួយ​ប្រទេស​ចិន ព្រមទាំង​ឱ្យ​ពលរដ្ឋ​ចិន​រាប់​ពាន់​នាក់​ពី​ទីក្រុង​វូហាន ចូល​មក​កាន់​ប្រទេស​កម្ពុជា និង​ធ្វើ​ដំណើរ​ដោយ​សេរី ពេញ​ផ្ទៃ​ប្រទេស ដោយ​គ្មាន​ត្រួតពិនិត្យ​សុខភាព​អ្នក​ទាំងនោះ។

ជាង​នេះ​ទៅទៀត គណបក្ស​សង្គ្រោះ​ជាតិ លើក​យក​ករណី​នៃ​ការ​រក​ឃើញ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ នៅ​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ ឆ្នាំ ដែល​ជា​អ្នកដំណើរ​លើ​កប៉ាល់ Westerdam នោះ​។ គណបក្ស​នេះ បន្ថែម​ថា លោក ហ៊ុន សែន ថែមទាំង​គំរាមកំហែង និង​ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ណា ដែល​ហ៊ាន​និយាយ​ពី​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​នេះ និង​មិន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រក​វិធី​ការពារ​ខ្លួន ដូចជា​ការ​ប្រើ​ម៉ាស់​ជាដើម​។

អាជ្ញាធរ​កម្ពុជា នៅតែ​បន្ត​ឱ្យ​ជនជាតិ​ហូរ​ចូល​កម្ពុជា ស្រប​ពេល​ប្រទេស​ចិន​ឯណោះ បាន​បិទ​ទីក្រុង​ជាច្រើន ដើម្បី​បង្ការ​បញ្ហា​នេះ​។

ដោយសារ​មូលហេតុ​ទាំងនេះ គណបក្សប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ស្រុក​តំបែរ​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះលែង​តំណាង​ខ្លួន

$
0
0

ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ធ្វើ​យុទ្ធនាការ​លើក​បដា និង​រូបថត​លោក សែម សាង ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការចោទ​ប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​។ ការ​ជួប​ជុំ​គ្នា​ធ្វើ​នៅ​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) ។​

អ្នកភូមិ​ស្រែប្រាំង លោក សែម ចំណាន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ថា នេះ​ជា​លើក​ទី​៤ ហើយ ដែល​អ្នកភូមិ​រួមគ្នា ទាមទារ​ឱ្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដោះលែង​លោក សែម សាង មកវិញ ព្រោះ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​តំណាង​ពួកគាត់ គឺជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួលយក​បាន​ឡើយ។

ភរិយា​លោក សែម សាង គឺ​លោកស្រី ឈឿន ស្រី​សុខ ដែល​មាន​ផ្ទៃពោះ ៦​ខែ ស្នើ​ដល់​តុលាការ​ជួយ​ពន្លឿន​នីតិវិធី ដោះលែង​ប្ដី​លោកស្រី ឱ្យ​បាន​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ពេលនេះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្លាំង។

លោក សែម សាង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​តំបែរ ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង ហើយ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ចូលរួម​សិក្ខាសាលា​ចិញ្ចឹម​មាន់ និង​ផលិត​ទឹក​សុទ្ធ នៅ​ខេត្ត​កំពង់ឆ្នាំង​។ លោក​រង​ការចោទប្រកាន់​ទាក់ទង​នឹង​បទ​ចោទ​ថា "​កំហែង​ដោយមាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​ការប្រើប្រាស់​អាវុធ​" ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

អ្នកភូមិ​ស្រែប្រាំង​បញ្ជាក់​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​នេះ បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូតដល់​តុលាការ ទម្លាក់​ចោល​ការចោទប្រកាន់ ហើយ​ដោះលែង​លោក សែម សាង ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ពលរដ្ឋ ក៏​ស្នើ​ដល់​តុលាការ និង​អាជ្ញាធរ និង​ក្រុមហ៊ុន បញ្ឈប់​ការចោទប្រកាន់ លាប​ពណ៌​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជាក់​ថា អ្នក​ដំណើរ​អាមេរិក​ម្នាក់ ដែល​ទៅ​ពី​កម្ពុជា ពិត​ជា​មាន​មាន​វីរុស​កូរ៉ូណា ក្រោយ​ធ្វើ​តេស្ត​ពីរ​ដង

$
0
0

អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​បញ្ជាក់​ថា លទ្ធផលធ្វើតេស្តពីរដងលើអ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់ ដែល​ចុះ​ពី​កប៉ាល់ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុនោះ នៅតែរកឃើញ​ថា មានមេរោគកូរ៉ូណាថ្មី ឬបង្ក​ជំងឺ ​កូវីត-១៩ ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី។ ការធ្វើតេស្តពីរ​ដង​នេះ គឺ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា​មិន​អស់ចិត្ត និង​ទាមទារ​ឲ្យ​​អាជ្ញាធរ​ម៉ាឡេស៊ី​​ពិនិត្យ​​សា​ឡើង​​វិញ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នកស្រី វ៉ាន់ អាហ្សីហ្សា វ៉ាន់ អ៊ីស្មែល (Dr. Wan Azizah Wan Ismail) ថ្លែង​ការពារ​លទ្ធផល​រក​ឃើញ​វីរុស​កូរ៉ូណា​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ឆ្នាំ​​នោះ​ថា ការធ្វើតេស្ត គឺ​ធ្វើ​ឡើង​តាម​ស្តង់ដារ​ពិភពលោក (World Class)។ អ្នកស្រី​បន្ត​ថា ស្រ្តីចំណាស់ម្នាក់នោះ ត្រូវបានធ្វើតេស្តពីរ​លើក ហើយលទ្ធផល គឺវិជ្ជមានទាំងពីរលើក។ មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ម៉ាឡេស៊ី​រូប​នេះ ក៏​ប្រកាស​​ហាម​​មិន​​ឲ្យ​​អ្នក​ដំណើរ​លើ​នាវា វ៉េស្ទើដាម (Westerdam) ដែល​​កំពុង​​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​នៅ​​ឡើយ​​នោះ ធ្វើដំណើរចូល​ប្រទេសម៉ាឡេស៊ីទៀត ដោយសារ​​តែ​​ទាក់ទង​​នឹង​អ្នក​មាន​​វីរុស​​ឆ្លង​​ដ៏​​កាច​សាហាវ​​មួយ​​នេះ។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីនេះ គឺ​បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បង្ហាញការ​មិន​អស់​ចិត្ត និង​ថែម​ទាំង​បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​នៃ​ការ​​​ធ្វើ​​តេស្ត​​​លើ​​ស្ត្រី​​ជន​​ជាតិ​​អាមេរិក​​រូប​​នោះ ដើម្បី​ឲ្យ​មាន​​ភាព​​សុក្រឹត។ ការមិនអស់ចិត្តនេះ ដោយ​ក្រសួង​សុខាភិបាលកម្ពុជា អះអាងថា មុន​នឹង​ចាក​ចេញ​ពី​កម្ពុជា ស្ត្រី​ជន​ជាតិ​អាមេរិក​រូប​នោះ រួម​ទាំង​អ្នក​ដំណើរ​ផ្សេងទៀត ត្រូវបានក្រសួងពិនិត្យយ៉ាងល្អិតល្អន់ និង​បាន​ធ្វើ​ការ​ជាមួយ​​អង្គការ​​សុខភាព​​ពិភពលោក ប៉ុន្តែ​រក​មិន​ឃើញ​មាន​​រោគ​សញ្ញា​​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម កូវិត១៩ នេះ​ទេ។

អាស៊ីសេរី​បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ ជាច្រើន លើក​តែ​​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

រីឯស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសថា ខ្លួនបានដឹងអំពីសេចក្ដីរាយការណ៍នានា ដែលថា អ្នក ដំណើរ​ជន​ជាតិ​អាមេរិក​ម្នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​ប្រទេស​ម៉ាឡេស៊ី រក​ឃើញ​មាន​ជំងឺ​ កូវិដ១៩ បន្ទាប់​​ពី​ចាក​ចេញ​ពី​កប៉ាល់ វេស្ទ័រដាម (Westerdam) ដែល​ចូល​ចត​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​​ទី១៤ កុម្ភៈ។ ស្ថានទូត​អាមេរិក កំពុងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា និង​ស្ថានទូត​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​តំបន់ និង​ក្រុមហ៊ុន​កប៉ាល់​នោះ ដើម្បី​ធានា​ថា ពលរដ្ឋ​អាមេរិក​ទាំង​នោះ​ទទួល​បាន​ជំនួយ​​ជ្រោមជ្រែង​​នានា។

ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរកឃើញរោគសញ្ញា​ជំងឺ​រលាក ផ្លូវ​ដង្ហើម កូវិត១៩ (Covid-19) នេះ នៅលើស្រ្តីជនជាតិអាមេរិក វ័យ ៨៣ឆ្នាំ ដែល​ធ្វើ​ដំណើរ​រួម​គ្នា​​ជា​​មួយ​​អ្នក​ដំណើរ ១៤៤នាក់ផ្សេងទៀត តាមជើងយន្តហោះពីភ្នំពេញទៅប្រទេសម៉ាឡេស៊ី កាល​ពីថ្ងៃទី១៤ កុម្ភៈ។ មនុស្សទាំង ១៤៥នាក់នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ ១.៤៥៥​នាក់ និង​បុគ្គលិក ៨០២នាក់នៅលើកប៉ាល់ វ៉េស្ទើរដាម (Westerdam) ដែលរបបក្រុងភ្នំពេញអនុញ្ញាត​ឲ្យចូល​ចតនៅ​កំពង់ផែ​ក្រុងព្រះសីហនុ និងបន្តដំណើរតាមជើងយន្តហោះ ទៅ​កាន់​ប្រទេស​រៀងៗ ខ្លួន។

កប៉ាល់ទេសចរណ៍មួយនេះ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​មានប្រទេសចំនួន៥ បដិសេធមិនឱ្យចូលចតឡើយ ព្រោះខ្លាចក្នុងចំណោម​មនុស្សរាប់ពាន់​នាក់​នៅ​លើ​កប៉ាល់​នោះ មានផ្ទុកមេរោគវីរុស​បង្ក​រលាកផ្លូវដង្ហើម កូវីត១៩ (Covid-19)។ លោក ហ៊ុន សែន មិន ត្រឹមតែនាវានេះចូលចតនៅកម្ពុជានោះទេ លោក​​ថែម​ទាំង​ទទួល​ដោយ​ផ្ទាល់ និង​ប្រកាស​​ឲ្យ​​អ្នក​​ទេសចរ​ទាំង​នោះ អាចស្នាក់នៅកម្ពុជា និងដើរកម្សាន្តគ្រប់ទីកន្លែង។ លោក ហ៊ុន សែន ទាំងអំពាវ នាវ​កុំឲ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេស តាមសណ្ឋាគារ និងភោជនីយដ្ឋាន មិន​ត្រូវ​​រើសអើង និង​​ភ័យ​​ខ្លាច​នោះ​ទេ។

នាយកប្រតបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា នៅ​​ពេល​​ដែល​​អ្នក​​ដំណើរ​​ត្រូវ​​បាន​​រក​​ឃើញ​​ថា មាន​​វីរុស​​​បង្ក​​​ជំងឺ កូវីត១៩ ក្រោយ​​ការ​​ចាក​​ចេញ​​ពី​កម្ពុជា​​​នេះ ធ្វើ​ឲ្យ​​មាន​ការ​ចោទ​សួរ​យ៉ាង​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។ ទន្ទឹម​​គ្នា​​នេះ លោក​​យល់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​​តែ​​ផ្សព្វផ្សាយ​​ឲ្យ​​ប្រជា​ពលរដ្ឋ​​មាន​​​ការ​​​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ដូច​ជា ការពាក់ម៉ាស់ការពារជាដើម ពោលគឺ​មិនត្រូវលើកទឹកចិត្តកុំឲ្យពលរដ្ឋពាក់ម៉ាស់​ការពារ​នោះ​ទេ ព្រោះ​វីរុស​ប្រភេទថ្មីនេះ មាន​ការ​ឆ្លង​ឆាប់​រហ័ស សូម្បី​តែ​គ្រួពេទ្យ​នៅ​ប្រទេស​ចិន​​ជាង ១ពាន់ ៧រយ​​នាក់ ក៏​បាន​ឆ្លង និង​​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដែរ៖ «»

នេះមិនមែនជាករណីទីមួយទេ ដែលអ្នកធ្វើដំណើរមានផ្ទុកជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ នេះ ត្រូវ​បាន​រក​ឃើញ ក្រោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ កាលពីចុងខែ​មករា មានជនជាតិ​ចិន ៣នាក់ ត្រូវ​បានរក​ឃើញថា មានជំងឺនេះ ក្រោយ​ចាក​ចេញ​​​ពី​ប្រទេស​កម្ពុជា​ដែរ។

អង្គការសុខភាពពិភពលោក ធ្លាប់​ប្រកាស​ពី​ការ​ព្រួយបារម្ភថា ប្រទេសដែលមាន​ប្រព័ន្ធ​សុខាភិបាល ទន់​ខ្សោយ អាច​មិន​មាន​សមត្ថភាព​រក​ឃើញ​វីរុស​ប្រភេទ​ថ្មី​នេះ​ទេ។

ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត១៩ នេះ ស្ថានទូត​ប្រទេស​ជប៉ុន ក៏​​បាន​​ប្រកាស​​ផ្តល់​សម្ភារៈ ៤ប្រភេទ​ដល់​កម្ពុជា ក្នុង​​មាន​​ដូច​ជា​​អាវ​​បំពង់​​ជាង ៩ពាន់ (.៣៦០) ឈុត អាកុល​សម្អាត​​​ដៃ វ៉ែនតា​​ការពារ​​សុវត្ថិភាព​​ចំនួន ៥៤០ និង​​ស្រោម​​ដៃ​​ជាង ២ម៉ឺន ៤ពាន់ (២៤.៤០០) គូ។

គិតត្រឹមថ្ងៃ១៦ ខែកុម្ភៈជំងឺរលាកផ្លូវដង្ហើម កូវិត១៩ ដែលបង្កឡើងដោយ​មេរោគ​វីរុស សារស៊ីអូវី២ (SARS-Cov-2) ដែល​មាន​ប្រភព​រីក​រាល​ដាល​ពី​ក្រុងវូហាន ប្រទេស​ចិន បាន​​សម្លាប់​​មនុស្ស​កើន​​​ដល់​ជាង ១ពាន់ ៦រយ (១.៦៦៩) នាក់​​​ហើយ ខណៈអ្នកឆ្លងកើនដល់ជិត ៧ម៉ឺន (៦៩.២៦៤) នាក់។ អ្នក​ឆ្លង និង​ស្លាប់​ភាគ​ច្រើន គឺ​នៅប្រទេសចិន។ វីរុសនេះ បាន​​ឆ្លង​​រីក​​រាល​ដាល​​ដល់​ប្រទេស​​ជិត ៣០ទៀត នៅ​​​លើ​​​ពិភព​​លោក។ ប្រទេស​មួយ​ចំនួន រឹត​បន្តឹង​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ដើម្បី​ទប់​ស្កាត់​​វីរុស​ដ៏​កាច​​សាហាវ​នេះ ហើយ​មាន​តែ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ដែល​បង្ហាញ​ជំហរ​​មិន​​ព្រួយ​​បារម្ភ និង​​ស្វាគមន៍​​អ្នក​​ដំណើរ​​​ទាំង​អស់​ដូច​​ធម្មតា ទោះ​បី​ជា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា រង​ការ​រិះគន់​ថា នៅ​​ទន់​​ខ្សោយ​​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្រៃឡង់​ថា មាន​បទល្មើស​ព្រៃ​ឡង់​ច្រើន ទើប​មន្ត្រី​បរិស្ថាន​រារាំង​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត

$
0
0

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ នៅ​មិនទាន់​ស្ងប់​អារម្មណ៍​នៅឡើយ ករណី​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ បាន​រារាំង និង​គំរាម​ចាប់ខ្លួន​ពួកគេ មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់ ស្រប​ពេល​ដែល​ព្រៃ​ឡង់​កំពុង​ទទួលរង​ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទាំង​យប់​/​ថ្ងៃ​។ សហគមន៍​ថា នាយក​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង បាន​ហាម​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ជាង ១០​ថ្ងៃ​មក​ហើយ។

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ ចោទ​នាយក​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង ថា មាន​ចេតនា​រារាំង និង​គំរាម​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ក្នុង​បំណង​ផ្តល់​ឱកាស​ឱ្យ​ក្រុម​ជនល្មើស លួច​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ព្រៃ​ឡង់ បែប​អនាធិបតេយ្យ​។ ពួកគេ​អះអាង​ថា មន្ត្រី​នគរបាល​យុត្តិធម៌​រូប​នេះ គ្មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃ​ឡង់​ស្របតាម​ច្បាប់​នោះ​ទេ ផ្ទុយទៅវិញ​បែរជា​ប្រើ​អំណាច រឹតត្បិត​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់។

កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ សហគមន៍​ព្រៃ​ឡង់ និង ក្រុម​និស្សិត​មកពី​រាជធានី​ភ្នំពេញ បាន​រួម​គ្នា​ចុះ​ល្បាត​ព្រៃ​ឡង់ បំណង​ស្វែងយល់​ពី​ស្ថានភាព​ព្រៃ​ឡង់ និង​កត់ត្រា​ក្នុង​ឯកសារ​ស្រាវជ្រាវ ក៏ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស ទីស្នាក់ការ​អូរងាវ ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ ហាមឃាត់ ដោយ​លើក​ហេតុផល​ថា ជា​បញ្ជា​ពី​ថ្នាក់​លើ។

សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ និងក្រុមនិស្សិតចុះល្បាតព្រៃ កាលពីថ្ងៃទី ១២ កុម្ភៈ ២០២០។
សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ និងក្រុមនិស្សិតចុះល្បាតព្រៃ កាលពីថ្ងៃទី ១២ កុម្ភៈ ២០២០។ រូប​សហគមន៍​

ចំណែក​សហគមន៍ និង​ក្រុម​និស្សិត នៅតែ​បន្ត​ចូល​ព្រៃ​ឡង់ តាម​ផ្លូវ​វៀង​ផ្សេងទៀត​នៅ​ថ្ងៃ​ដដែល​នោះ​។ នៅ​ពេល​ដែល​ពួកគេ​ចូល​ក្នុង​ព្រៃឡង់ បាន​ប្រទះឃើញ​គល់ឈើ​រាប់​រយ​ដើម នៅ​ចំណុច​វាល​ពពេល និង​ចំណុច​អូរ​ជាំរៀម ត្រូវ​គេ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​នៅ​ពេល​ថ្មីៗ​។ ទីតាំង​ដែល​ក្រុម​ជនល្មើស​កាប់​ឈើ​នោះ ជា​តំបន់​ស្នូល​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ ដែល​នៅសល់​ឈើ​ធំៗ​ច្រើន​ជាងគេ ជាពិសេស​ដើមឈើ​ដែល​អ្នកស្រុក​ដុត​យក​ជ័រទឹក​លក់។

ក្រុម​ស្នូល​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ម៉ិញ នី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ កុម្ភៈ​ថា មូល​ហេតុ​ដែល​មន្ត្រី​បរិស្ថាន ហាម​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត ព្រោះ​ខ្លាច​ប៉ះពាល់​សកម្មភាព​អារ​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុម​ជនល្មើស​។ លោក​ថា ក្រុម​ល្បាត​របស់​សហគមន៍ ឮ​សំឡេង​រណា​យន្ត​អារ​ឈើ​ទ្រហឹង​ពេញ​ព្រៃ និង​មាន​ជំរំ​របស់​ក្រុម​ជនល្មើស ដែល​សង់ ដើម្បី​អារ​ឈើ​លក់​។ លើស​ពី​នេះ ពួកគេ​ប្រទះឃើញ​កាំភ្លើង​កែច្នៃ​មួយ​គ្រឿង ម៉ាស៊ីន​ឆក់​មួយ​គ្រឿង សាំង​ពីរ​កាន និង​អន្ទាក់​សត្វ​មួយ​ចំនួន​ទៀត​ក្នុង​ជំរំ​នោះ និង​បាន​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​។ លោក​បារម្ភ​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​តំបន់​នោះ គ្មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃឈើ​នោះ​ទេ ព្រោះ​ក្រុម​ជនល្មើស​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​បាន ត្រូវ​ឆ្លងកាត់​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​៖ «យើង​ទៅដល់​កណ្ដាល​ព្រៃ​ម៉ាស៊ីន​អារ​ឈើ លាន់​ពេញ​ហ្នឹង​។ យើង​អ្នក​ការពារ​គេ​មិន​ឱ្យ​ចូល ប៉ុន្តែ​ក្នុង​ព្រៃ​យើង​ជួបប្រទះ​មនុស្ស គោយន្ត បរ​ចេញ ហើយ​នៅ​ខាងក្រៅ​គេច​រាច​របរ​ចូល គេ​អត់​ឃាត់​។ គេ​ឃាត់​តែ​ពួក​ខ្ញុំ»

សហគមន៍​ព្រៃ​ឡង់ រូប​នេះ​បន្ថែម​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ មាន​គោយន្ត​រាប់​សិប​គ្រឿង និង​ម៉ាស៊ីន​ត្រង់សឺន័រ​ជា​ច្រើន​គ្រឿង សម្រុក​អារ​ចោះ​យក​ឈើ​ធំៗ ធ្វើ​អាជីវកម្ម ពាសពេញ​ព្រៃ​ឡង់​ស្ទើរ​គ្រប់​តំបន់​។ លោក​សង្កត់ធ្ងន់​ថា ក្រុម​អ្នក​កាប់​ឈើ បាន​បង់លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ទាំងនោះ ទើប​អាច​ដឹក​ឈើ​តាម​គោយន្ត​ចេញ​ក្រៅ​បាន​៖ «ខ្ញុំ​យល់​ឃើញ​ថា សភាពការណ៍​របៀប​នេះ​ខ្ញុំ​ថា វាសនា​ព្រៃ​ឡង់​មិន​នៅ​ទេ ដូច​ព្រៃ​បឹងពែរ​ទៀតហើយ ដាក់​ក្រសួងបរិស្ថាន​។ គេ​បិទ​មិន​ឱ្យ​សហគមន៍​ព្រៃ​ឡង់​ចូល​ដូច​ថា ជិះ​សេះ​លែងដៃ គ្មាន​អ្នកណា​រាយការណ៍ គ្មាន​អ្នកណា​ដឹង គេ​តាម​ចិត្ត​ហើយ លោកគ្រូ ហើយ​ឈើ​ដឹក​ចេញ​រាល់ថ្ងៃ កាប់​ចេញ​រាល់ថ្ងៃ គ្មាន​អី​នៅ យូរ​ឆ្នាំទៅ​វា​នឹង​ក្លាយ​រលាយ​ដូច​ព្រៃ​បឹងពែរ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង នាយក​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក លី ស្រេង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បកស្រាយ​ថា ក្រសួងបរិស្ថាន​ផ្ដល់​កិច្ចសហការ​ទាំងអស់​ជាមួយ​សហគមន៍ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ មានការ​ចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ ឬ​ក្រសួង​ពាក់ព័ន្ធ​។ ចំពោះ​សំណួរ​ថា បើ​សហគមន៍​ព្រៃ​ឡង់ ដែល​មិនទាន់​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ តើ​ពួកគាត់​មាន​សិទ្ធិ​ចុះ​ល្បាត​ព្រៃ​ឡង់​ឬទេ​? អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយ​ថា ក្រសួងបរិស្ថាន​បាន​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន ១៩ កន្លែង​កាលពី​ឆ្នាំ​២០១៩ មាន​សិទ្ធិ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​។ លោក​បញ្ជាក់​ថា សហគមន៍​ទាំង ១៩​នោះ កំពុង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃ​ឡង់។

ជំរំរបស់ក្រុមជនល្មើស ដែលគេសង់ដើម្បីស្នាក់នៅ កាប់ឈើក្នុងព្រៃឡង់។
ជំរំរបស់ក្រុមជនល្មើស ដែលគេសង់ដើម្បីស្នាក់នៅ កាប់ឈើក្នុងព្រៃឡង់។ រូប​សហគមន៍​

ប្រធាន​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​ក្រសួង​បរិស្ថាន​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ទ្រង់ទ្រាយ​ធំ កើតមាន​ក្នុង​តំបន់​ព្រៃ​ឡង់ ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ មិន​សល់​ដើមឈើ​ធំៗ​ទៀត​ទេ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​។ លោក​ថា ក្រុម​ល្បាត​សហគមន៍​បាន​ប្រទះឃើញ គល់ឈើ​ធំៗ​រាប់​រយ​ដើម ជា​ឈើ​ដែល​អ្នកស្រុក​ដុត​យក​ជ័រទឹក​លក់​ចិញ្ចឹមជីវិត ត្រូវ​បាន​គេ​កាប់​យក​ដើម​ដឹក​ទៅ​បាត់​៖ «ការ​សំណូក​សូកប៉ាន់​តាម​ច្រក អ្នក​ដែល​នៅ​តាម​ច្រក​ទ្វារ​តាម​មន្ត្រី​ហ្នឹង វា​ឱ្យ​លុយ​តាម​ហ្នឹង​ឯង។ ការ​ដើរ​ល្បាត​គ្រាន់តែ​គម្រប់​កិច្ច​ទេ ប៉ុន្តែ​តាមពិត​គេ​នៅ​យក​លុយ​ស្រួល​បំផុត​ហើយ​។ គេ​យក​មួយ​គោយន្ត ១០​ម៉ឺន និង ៥​ម៉ឺន តាម​តិច​តាម​ច្រើន»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​ហាមឃាត់ សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ ពី​សំណាក់​មន្ត្រី​បរិស្ថាន ខេត្ត​កំពង់ធំ​ជា​ទង្វើ​ល្មើសច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ជំរុញ​ឱ្យ​សហគមន៍​ប្ដឹង​បរិហារ មន្ត្រី​បរិស្ថាន​ទាំងនោះ ទៅ​តុលាការ ព្រោះ​ការ​ហាមឃាត់ និង​ការ​រឹតត្បិត​នេះ ជា​រូបភាព​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​៖ «លោក​មិន​ចាត់ការ ថែមទាំង​ទប់ស្កាត់ សកម្មភាព​ស្រប​ច្បាប់​របស់​សហគមន៍​ទៀត​។ នេះ​ហើយ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​និយាយ​ថា មិន​បង្ក្រាប​បទល្មើស​ឬក៏​គេ​និយាយ​ពាក្យ​ផ្លូវច្បាប់ មិន​ប្ដឹង​បរិហារ​។ អ៊ីចឹង​ប្រសិន​ជា​មាន​សកម្មភាព​ហ្នឹង​កើតឡើង​ហើយ វា​ជា​សកម្មភាព​ល្មើស​ហើយ​។ នៅ​ពេល​ដែល​លាក់លៀម មិន​បង្ក្រាប មិន​ប្ដឹង​បរិហារ​។ មានន័យថា មន្ត្រី​ទាំងអស់​ហ្នឹង ក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៨ ល្មើស​នឹង​អា​ហ្នឹងហើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ ចុះ​ល្បាត​ព្រៃ និង​ការពារ​ធនធានធម្មជាតិ​ស្របតាម​តាម​រដ្ឋធម្មនុញ្ញ ប្រសិនជា​មានការ​រាំង​ដោយ​ទម្រង់​ណាមួយ​នោះ ជា​ទង្វើ​ល្មើសច្បាប់ និង​រួមចំណែក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ។

ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៨ ចែងថា អាជ្ញាធរ​ដែល​មិន​ប្ដឹង​បរិហារ នៅ​ពេល​ដឹង​ថា មាន​បទល្មើស​ឧក្រិដ្ឋ ឬ​មជ្ឈិម​នោះ នឹង​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជីវករ​ផ្សារ​ឃ្លាំង​រំសេវ​ស្នើសុំ​ឱ្យ​ម្ចាស់​ផ្សារ​ពន្យារពេល​ដកហូត​តូប និង​ជួយ​រក​ទីតាំង​ថ្មី​ឱ្យ​បាន​សមរម្យ

$
0
0

ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​ខណ្ឌ​ទួលគោក ប្រមូល​គ្នា ធ្វើ​ញត្តិ​ស្នើសុំ​ឱ្យ​ម្ចាស់​ផ្សារ​ឯកជន​មួយ​នេះ ពន្យារពេល​បញ្ចប់​កិច្ចសន្យា ឱ្យ​ជួល​បន្ត។ អ្នកឃ្លាំមើល​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជំរុញ​ឱ្យ​ម្ចាស់​ផ្សារ បន្ត​ពន្យារ​ពេល​កិច្ចសន្យាជួល​ឱ្យ​អាជីវករ ដើម្បី​មាន​លទ្ធភាព​ដោះ​បំណុល​ធនាគារ។

ក្រុម​តំណាង​អាជីវករ ផ្សារ​ឃ្លាំង​រំសេវ បាន​ប្រជុំ​គ្នា ថា នឹង​ធ្វើ​ញត្តិ​ដាក់​ជូន​ប្រធាន​គណៈកម្មការ​ផ្សារ​នៅ​ថ្ងៃ​ទី​១៧ ឬ​១៨ កុម្ភៈ ដើម្បី​ស្នើសុំ​បន្ត​កិច្ចសន្យាជួល​តូប បន្ត​ទៀត។

តំណាង​អាជីវករ​ម្នាក់ លោក ជា ម៉េងលី ឱ្យ​ដឹង​ថា ក្រុម​អាជីវករ កំពុង​ធ្វើ​ញត្តិ ស្នើសុំ​២​ចំណុច គឺ​ចង់​ឱ្យ​ម្ចាស់​ផ្សារ​ឯកជន​មួយ​នេះ ពន្យារ​សុពលភាព​ឱ្យ​ជួល​បន្ត ថែម​៥​ឆ្នាំ​ទៀត ព្រោះ​អាជីវករ​ភាគច្រើន កំពុង​ជាប់​គាំង​លក់​ទូរស័ព្ទ​មិន​ចេញ ហើយ​ម្ចាស់​តូប​ខ្លះ ទើប​ជួសជុល​តូប​រួច​ក្រោយ​ភ្លើង​ឆេះ មិនទាន់ បាន​ចូល​លក់ដូរ​ស្រួលបួល​ទេ​។ ឯ​សំណើ​ទី​២ ក្រុម​អាជីវករ គ្រោង​ស្នើសុំ​ឱ្យ​ប្រធាន​គណៈកម្មការ​ផ្សារ រក​ទីតាំង​ថ្មី ឱ្យ​សមស្រប ឱ្យ​អាជីវករ​បន្ត​លក់៖ «ចង់​និយាយ​ថា ភាគច្រើន​នៃ​ពួក​យើង ពួក​អាជីវករ​ហ្នឹង សុទ្ធតែ​ខ្ចី​លុយ ខ្ចី​អ្វី ធនាគារ​មក​ប្រើប្រាស់​អាជីវកម្ម អ៊ីចឹង​ណា​បង ហើយ​តូប​ប្រមាណ​តូប ដែល​ប្រមាណ​ខែ​មុន​ហ្នឹង វា​ឆេះ​ច្រើន​ណា​បង ឆេះ​៤០​តូប ហើយ​ធ្វើ​ផ្សា​រហើយ មិន​ទាន់​បាន​លក់​ស្រួលបួល​ផង​។ ចំណុច​ទី​២ ពួក​យើង​ស្នើសុំ​ឱ្យ​ប្រធាន​គណៈកម្មការ​(​ផ្សារ​) ធ្វើ​អន្តរាគមន៍​រក​ទីតាំង​ថ្មី ឱ្យ​សមស្រប ដើម្បី​យើង​បន្ត​អាជីវកម្ម»

តំណាង​អាជីវករ​បន្ត​ថា ផ្សារ​ឃ្លាំង​រំសេវ មាន​ជាង ១​ពាន់​តូប ភាគច្រើន គឺ លក់ និង​ជួសជុល​ទូរស័ព្ទ ឯ​ផ្នែក​ខ្លះ​នៃ​ផ្សារ​នេះ លក់​សំលៀកបំពាក់​។ ក្នុង​ចំណោម​តូច​ជាង​១​ពាន់​នោះ មាន​តូច​ចំនួន​៤០ រង​ការ​ឆាបឆេះ​ទាំងស្រុង កាលពី​៥​ខែ​មុន គឺ​ខែ​កញ្ញា ឆ្នាំ​២០១៩​។ អាជ្ញាធរ​មិនបាន​បង្ហាញ​តួលេខ​សរុប​នៃ​ការខូចខាត​ពី​ការ​ឆាបឆេះ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី កាល​នោះ​ទេ ប៉ុន្តែ​ម្ចាស់​តូច​ខ្លះ អះអាង​ថា ខាតបង់​គិត​ជា​ទឹកប្រាក់ មាន​ចន្លោះ​ពី ១០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​៣០​ម៉ឺន​ដុល្លារ ក្នុង​មួយ​តូប។

ផ្សារ​នេះ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ នៅ​ក្នុង​បរិវេណ​ជាមួយ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់។ ម្ចាស់​ផ្សារ​ឯកជន​មួយ​នេះ គឺ ឧកញ៉ា ស៊ី គង់ទ្រីវ និង​ប្រពន្ធ ឈ្មោះ ហុង ស៊ួន ដែល​ធ្លាប់​មាន​រឿងអាស្រូវ ពាក់ព័ន្ធ នឹង​ការ​ប្រើ​ហិង្សា​បាញ់​បង្ក្រាប​អ្នកមាន​ជម្លោះដីធ្លី នៅ​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១៩។

ក្រុម​មេធាវី តំណាង​ដោយ​អាណត្តិ​របស់​ឧកញ៉ា ស៊ី គង់ទ្រីវ បាន​ជូនដំណឹង​អំពី​ការ​អស់​សុពលភាព​កិច្ចសន្យា របស់​ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ និង​ឱ្យ​ត្រៀមខ្លួន​រើ​តូប​របស់​ខ្លួន ចេញពី​ផ្សារ​នេះ យ៉ាងយូរ​បំផុត​ត្រឹម​ចុងខែ​មេសា​ខាងមុខ ជា​ថ្ងៃ​ដែល​ផ្សារ​ឃ្លាំង​រំសេវ​ត្រូវ​បិទ​ជា​ស្ថាពរ។

ក្នុង​លិខិត​របស់​មេធាវី បង្ហាញ​ថា ទីតាំង​ដី​ផ្សារ​ឃ្លាំង​រំសេវ នឹង​ត្រូវ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ អភិវឌ្ឍន៍​ជា​អគារ​ទំនើប ជំនួស​ឱ្យ​ផ្សារ​ឯកជន​លក់​ទូរស័ព្ទ​សព្វថ្ងៃ ហើយ​គម្រោង​សាងសង់​នេះ នឹង​ចាប់ផ្ដើម នៅ​ចុងខែ​ឧសភា​។ ក្នុង​រយៈពេល​៣​ខែ​នេះ គឺ ខែ​កុម្ភៈ មីនា និង​មេសា ម្ចាស់​ទីតាំង​ផ្សារ ពុំ​គិត​ប្រាក់​ឈ្នួល​តូប​ប្រចាំខែ និង​ថ្លៃ​ប្រើប្រាស់​ចរន្តអគ្គិសនី​ឡើយ​។ លិខិត​របស់​មេធាវី ក៏​ជំរុញ​ឱ្យ​ក្រុម​អាជីវករ ស្វះ​ស្វែងរក​ទីតាំង​ថ្មី ដើម្បី​បន្ត​ការលក់ដូរ​រៀងៗ​ខ្លួន ហើយ​ដល់​ថ្ងៃ​កំណត់​រុះរើ​ផ្សារ ម្ចាស់​ទីតាំង នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ផលប្រយោជន៍​អាជីវករ​ឡើយ។

មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ឧកញ៉ា ស៊ី គងទ្រីវ លោក​មេធាវី ខូវ ណារ៉ូ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ សម្រាប់​រឿង​នេះ បានទេ ដោយសារ​លោក​អះអាង​ថា សេវា​ទូរស័ព្ទ​រអាក់រអួល​ស្ដាប់​មិនបាន ព្រោះ​លោក​កំពុង​ស្នាក់ នៅ​ខេត្ត​រតនគិរី។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ ជំរុញ​ឱ្យ​ម្ចាស់​ផ្សារ​ឯកជន​ឃ្លាំង​រំសេវ យល់ព្រម​ទទួលយក​សំណើ​របស់​ក្រុម​អាជីវករ ដោយ​ឱ្យ​អាជីវករ​បន្ត​ការជួល​តូប​បន្ត​ទៀត​។ ឯ​អាជ្ញាធរ​រដ្ឋ ត្រូវ​មាន​កាតព្វកិច្ច​រក​ទីតាំង​ថ្មី សមរម្យ ឱ្យ​អាជីវករ ប្រសិនបើ​ម្ចាស់​ទីតាំង​ឈប់​បន្ត​ការជួល​តូប​ឱ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​ខ្មែរអាមេរិកកាំង​ម្នាក់​អះអាង​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​មាន​កម្រិត ​មិន​អាច​ពិនិត្យ​រក​​មេរោគ​បង្ក​ជំងឺ​កូវិត១៩​ឃើញទេ

$
0
0

អ្នក​ជំនាញ​ផ្នែក​សុខភាព​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​បាច់​ទាមទារ​ឲ្យ​ម៉ាឡេស៊ី​ធ្វើតេស្ត​ជនជាតិ​អាមេរិកកាំង ដែល​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត១៩ ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ពីព្រោះ​ថា ការ​ធ្វើតេស្ត​ទាំង​ពីរ​លើ​របស់​ម៉ាឡេស៊ី​នេះ បង្ហាញ​កាន់​តែ​ច្បាស់​ថា ស្រ្តី​អាមេរិក​រួប​នេះ ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ហើយ​ក៏​បង្ហាញ​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​អន់​ខ្សោយ​ដែរ។

អ្នក​ជំនាញ​ផ្នែក​សុខភាព ខ្មែរ-អាមេរិកកាំង លោក​គ្រូពេទ្យ ឆាន តូច សម្ដែង​ការ​ព្រួយ​បារម្ភ ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​នឹង​ងាយ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត-១៩ ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​បែប​នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​មិន​បាន​បើក​ឲ្យ​បាន​ទូលំទូលាយ ចំពោះ​ស្ថិតិ​ជន​បរទេស​នៅ​កម្ពុជា ពិសេស ជន​ជាតិ​ចិន ដែល​ជា​ប្រភព​ចម្លង​វីរុស សារ-ស៊ីអូវី-(SARS-COV-2) ឬ​កូរ៉ូណា នេះ។ លោក​គ្រូពេទ្យ ឆាន តូច​លើក​ឡើង​ថា ជំងឺ​កូរ៉ូណា នឹង​អាច​ឆ្លង​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ក្នុង​រយៈ​ពេល​ខ្លី បើ​សិន​ជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់​ស្កាត់​ច្បាស់លាស់ ពី​ព្រោះ “ការ​ទប់​ស្កាត់​មិន​ឲ្យ​ជំងឺ​រាតត្បាត​មក​លើ​ពលរដ្ឋ​កម្ពុជា ដោយ​ទប់​ស្កាត់​មិន​ឲ្យ​ជន​ជាតិ​ចិន ឬ​ក៏​កប៉ាល់​ចូល​ចត​ចូល​មក​នៅ​កម្ពុជា​នោះ មិន​មែន​ជា​រឿង​រើសអើង ហើយ​ក៏​មិន​មែន​ជា​រឿង​អមនុស្សធម៌​ដែរ ប៉ុន្តែ​ជា​រឿង​សំខាន់ ដែល​ទាក់ទង​នឹង​អាយុ​ជីវិត​ជាតិ” ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក​គ្រូពេទ្យ ឆាន តូច អំពី​បញ្ហា​នេះ...

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មាន​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន

$
0
0

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​ស្នើ​ទៅ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មាន​វិធានការ​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន។ គម្រោង​នៃ​ការ​ទាមទារ​នេះ ក្រោយ​ពួក​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ទាន់​វិល​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដូច​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ។

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ចង់​ឃើញ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​មាន​វិធានការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​នេះ ដូច​ជា ការ​ធ្វើ​ច្បាប់​បង្កក​ទ្រព្យ​សម្បត្តិ ឬ​ហាម​មិន​ឲ្យ​មន្ត្រី ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ដាក់​បញ្ចូល​បញ្ជី​ខ្មៅ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា និយាយ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​សម្បូរ​មន្ត្រី​ពុក​រលួយ​ជា​ច្រើន​បាន​លួច​លុយ​ជាតិ​យក​ទៅ​លាក់​ទុក ឬ​រក​ស៊ី​នៅ​ក្រៅ​ប្រទេស។

លោក ហៃ វណ្ណា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​របស់​លោក​កំពុង​ធ្វើ​ការងារ​ការ​ទូត​ស្នើ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ឬ​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន៖ «យើង​នឹង​បន្ត​ធ្វើ​ការងារ​ការ​ទូត​ស្នើ​ទៅ ជាពិសេស សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​អង់គ្លេស ដើម្បី​គាប​ទៅ​លោក ហ៊ុន សែន រើ​ខ្លួន​លែង​រួច»

លោក ហៃ វណ្ណា ឲ្យ​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​បណ្ដា​ប្រទេស​នានា មាន​វិធានការ​លើ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ហ៊ុន សែន បូក​ផ្សំ​ទាំង​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា​ផង​នោះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​តាម​គន្លង​ផ្លូវ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ។

ទាក់ទង​ការ​គម្រោង​របស់​យុវជន​នៅ​ប្រទេស​ជប៉ុន​បែប​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​ប្រតិកម្ម​តប​ពី​អ្នក​នាំ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ទី១៦ ខែ​កុម្ភៈ។ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ហៅ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​របស់​ពលករ​ខ្មែរ​នៅ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ថា ជា​សកម្មភាព​ក្រុម​ឧទ្ទាម​ក្រៅ​ប្រទេស​ដែល​ចង់​បំផ្លាញ​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់ថា ការ​គិតគូរ​របស់​យុវជន​ពី​ជោគវាសនា​ជាតិ​ក្នុង​ការ​ចង់​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​បែប​នេះ គឺ​ជា​រឿង​ល្អ។

អ្នកវិភាគ​រូប​នេះ​យល់​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ពន្លឿន​ការ​ដាក់​ទណ្ឌ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ប្រទេស​ជា​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ផ្សេង​ទៀត​ក៏​មិន​អាច​នៅ​ស្ងៀម​ដែរ៖ «ពិត​មែន​ហើយ​អាមេរិក​គេ​បាន​ធ្វើ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​វិធានការ និង​ទណ្ឌកម្ម​វា​នៅ​ស្រាល​នៅ​ឡើយ និង​គ្រាន់​តែ​ជំហាន​ដំបូង ម៉្លោះ​ហើយ បើ​យុវជន​ជួយ​ជំរុញ​បន្ថែម​ពន្លឿន​ទណ្ឌកម្ម​ហ្នឹង​ឲ្យ​ខ្លាំង និង​ធ្ងន់ធ្ងរ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ឆាប់​ប្រើ​រយៈ​ពេល​ខ្លី​បែប​នេះ គឺ​មាន​ប្រសិទ្ធភាព»

គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០ភាគ​រយ​ពី​កម្ពុជា​ដោយសារ​រដ្ឋាភិបាល​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

កាលពីចុងឆ្នាំ២០១៩ រដ្ឋ​​សភា​អាមេរិក​ដែល​​បាន​​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ​ H.R 526 ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​សព្វថ្ងៃ​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​ព្រឹទ្ធសភា។  ក្រៅ​ពី​នេះ​ក៏​រួម​មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពុក​រលួយ ឬ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​រំលោភ​ច្បាប់​ដែល​ហៅ​ថា the Global Magnitsky Act ផង​ដែរ។

ចំណែក​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​សហភាព​អឺរ៉ុប ក៏​មាន​ចេតនា​ចង់​ធ្វើ​ច្បាប់​ស្រដៀង​គ្នា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល និង​មន្ត្រី​របស់​លោក ហ៊ុន សែន ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​បរិស្ថាន​​បារម្ភ​ពី​​គម្រោង​ផលិត​អគ្គិសនី​ដុត​ធ្យូង​​ថ្ម ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​​ និង​សង្គម​​កម្ពុជា

$
0
0

រដ្ឋាភិបាល​លោក ហ៊ុន សែន ទើបតែ​បាន​អនុម័ត​គម្រោង​អភិវឌ្ឍ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ចំនួន​ពីរ​កន្លែង ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ដោយ​មួយ​មាន​ទីតាំង​នៅ​ខេត្ត​កោះកុង និង​មួយ​ទៀត​នៅ​ខេត្ត​ឧត្តរមានជ័យ។ អ្នក​ជំនាញ​ និង​សកម្មជន​​បរិស្ថាន​ព្រួយ​បារម្ភ​ពី​គម្រោង​ផលិត​អគ្គិសនី​​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នេះ​ថា អាច​បង្ក​ផល​​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​សង្គម​​ ច្រើន​ជាង​ផល​ចំណេញ។

អ្នក​តាម​ដាន​បញ្ហា​បរិស្ថាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ប្រញាប់​ប្រញាល់​ក្នុង​ការ​អនុម័ត​គម្រោង​អភិវឌ្ឍ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ពីរ​កន្លែង​ទៀត ទាំង​ដែល​គម្រោង​នោះ​មិន​ទាន់​មាន​ការ​វាយ​តម្លៃ​ហេតុ​​ប៉ះពាល់​បរិស្ថាន (EIA) បាន​ត្រឹម​ត្រូវ​នៅឡើយ។

អ្នក​ប្រឹក្សា​យោបល់​​ផ្នែក​អភិបាលកិច្ច​ធនធាន​ធម្មជាតិ និង​​បរិស្ថាន លោក ហែម ឧត្តម មាន​ប្រសាសន៍​ថា គម្រោង​រោងចក្រ​ថាមពល​ខ្នាត​ធំ​បែប​នេះ ត្រូវ​តែ​មាន​ការ​សិក្សា​ហេតុ​ប៉ះពាល់​​បរិស្ថាន​ជា​មុន ដើម្បី​​ឱ្យ​ការ​​​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ និង​គ្រប់​​ជ្រុងជ្រោយ។ លោក​​ថា ជាគោល​ការណ៍​​ ការ​សិក្សា​ហេតុ​ប៉ះ​ពាល់​​បរិស្ថាន​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ឯករាជ្យ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រសួង​បរិស្ថាន ក៏​ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ករណី​ជាក់​ស្ដែង​នៅ​កម្ពុជា ​ក្រុមហ៊ុន​​ច្រើន​​តែ​ធ្វើ​​ការ​វាយ​​តម្លៃ​នេះ​ដោយ​ខ្លួន​​ឯង ហើយ​ករណី​ខ្លះ​​ទៀត​គម្រោង​វិនិយោគ​​របស់​​ក្រុមហ៊ុន​ចាប់​ផ្ដើម​​ដំណើរ​ការ​ទៅ​ហើយ ទើប​មាន​ការ​វាយ​​តម្លៃ​ហេតុ​ប៉ះពាល់​ជា​ក្រោយ៖ «នៅ​ក្នុង​​អនុក្រឹត្យ​​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (EIA) គេ​តម្រូវ​ឱ្យ​ធ្វើ​​ការ​​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល ឱ្យ​ដឹង​ថា តើ​ទំហំ​ប៉ុណ្ណា វិសាល​ភាព​នៃ​ផល​​ប៉ះពាល់​ទៅ​លើ​បរិស្ថាន សត្វព្រៃ និង​​សង្គម​ ប្រជាពលរដ្ឋ​ហ្នឹង​ប៉ុនណា ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​យក​មក​ធ្វើការ​សម្រេច​ចិត្ត និង​​អនុម័ត។ ប៉ុន្តែ​ជាក់​ស្ដែង​ថ្មីៗ នេះ ការ​សម្រេច​ចិត្ត​បាន​ធ្វើ​ឡើង​ដោយ​យើង​អត់​ទាន់​ដឹង​ថា តើ​ការសិក្សា​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ហ្នឹង​វា​នៅ​កម្រិត​ណា»

ប្រតិកម្ម​របស់​អ្នក​ជំនាញ​នេះ ធ្វើ​​ឡើង​ក្រោយ​ពេល​​គណៈរដ្ឋ​មន្ត្រី​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ កុម្ភៈ បាន​អនុម័ត​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​​ធ្យូង​ថ្ម​ចំនួន​​ពីរ​កន្លែង​ទៀត នៅ​ខេត្ត​​កោះកុង និង​ខេត្ត​ឧត្តរមានជ័យ បន្ថែម​លើ​រោងចក្រ​ដុតធ្យូងថ្ម៣ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ក្នុង​​នោះ២ កំពុង​ដំណើរ​ការ​ផលិត​អគ្គិសនី និង​​មួយ​ទៀត​កំពុង​ដំណើរការ​សាងសង់។ គម្រោង​ថ្មីទាំង​ពីរ​នេះ មួយ​​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​ឧកញ៉ា គិត ម៉េង ដែល​ជា​អ្នក​​ជំនួញ​ស្និទ្ធ​នឹង​លោកនាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​​មួយ​​ទៀត​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ហាន សេង ឃូល ម៉ាញ (HAN SENG COAL MINES Co., LTD) របស់​​ឧកញ៉ា វិញ ហួរ ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច។

ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឱ្យ​ដឹង​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នោះ​ថា ក្រុមហ៊ុន រ៉ួយ៉ាល់​គ្រុប របស់​លោក គិត​ ម៉េង ទទួល​បាន​​សិទ្ធិ​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម ៧០០ មេហ្កាវ៉ាត់ នៅ​ក្នុង​ស្រុក​​បុទុមសាគរ ខេត្ត​កោះកុង។ ទំហំ​វិនិយោគ​​សរុប​នៅ​ក្នុង​​គម្រោង​នេះ គឺជាង១ ពាន់​​៣ រយ​លាន​ដុល្លារ​អាមេរិក (១៣៤៤) ក្នុង​នោះ​ទុន​ផ្ទាល់​របស់​​ក្រុមហ៊ុន​មាន៣០% និង​កម្ចី​ពី​ធនាគារ​មាន ៧០%។ ធ្យូង​ថ្ម​ដែល​ត្រូវ​ប្រើ​ក្នុង​រោងចក្រ​នៅ​ខេត្ត​កោះកុង​នេះ ត្រូវ​នាំ​ចូល​ពី​បរទេស ហើយ​អគ្គិសនី​កម្ពុជា​ធានា​ទិញ​ថាមពល៨០% ដែល​​រោងចក្រ​នេះ​ផលិត​បាន ក្នុង​មួយឆ្នាំៗ។ រោងចក្រ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​​ដំណើរការ​នៅឆ្នាំ២០២៣ និង​២០២៤ ហើយ​ដំណើរការ​​អាជីវកម្ម​របស់​រោងចក្រ​អគ្គិសនី​នេះ មាន​​រយៈពេល ៣៥ឆ្នាំ។

ចំណែក​ឯ​ក្រុមហ៊ុន​ ហាន សេង ឃូល ម៉ាញ (HAN SENG COAL MINES Co., LTD) វិញ ត្រូវ​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម ដែល​ជីក​បាន​នៅ​​ក្នុង​​មូលដ្ឋាន​​ស្រុក​​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ក្នុង​ទំហំ ២៦៥​មេហ្កាវ៉ាត់ ហើយ​អគ្គិសនី​កម្ពុជា​ត្រូវ​ធានា​ទិញ​ថាមពល ៨៥% ដែល​រោងចក្រ​ផលិត​បាន ក្នុង​មួយឆ្នាំៗ។ រោងចក្រ​នៅ​ខេត្ត​​ឧត្តរមានជ័យ​នេះ មាន​ទំហំ​វិនិយោគ​សរុប ២៩៤​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ទុន​ផ្ទាល់​របស់​ក្រុមហ៊ុន​មាន ៣០% និង ៧០% ទៀត ជា​កម្ចី​​ពី​ធនាគារ។ រោងចក្រ​នេះ នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២១ និង២០២២ ខាងមុខ ដោយ​​ដំណើរ​ការ​អាជីវកម្ម​មាន​រយៈពេល ២៥ឆ្នាំ។

គិត​ជា​សរុប​ទំហំ​វិនិយោគ​​​នៃ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ទាំង​ពីរ​នេះ មាន​ជាង ១ពាន់ ៦រយ​​លាន​ដុល្លារ​អាមេរិក ហើយ​រដ្ឋាភិបាល​រំពឹង​ថា រោងចក្រ​ទាំងពីរ​នឹង​អាច​ផលិត​អគ្គិសនី​​បាន​ជិត ១ពាន់​មេហ្កាវ៉ាត់។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​​សម្រេច​លើក​លែង​ពន្ធ​នាំ​ចូល​គ្រឿងចក្រ គ្រឿងម៉ាស៊ីន ឧបករណ៍ និង​សម្ភារៈ​នានា សម្រាប់​ការ​សាងសង់​ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំទី១ នៃ​ប្រតិបត្តិការ​អាជីវកម្ម ជាពិសេស​លើ​ក​​លែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយៈ​ពេល ៩ឆ្នាំ ចាប់​ពី​ថ្ងៃ​ប្រតិបត្តិការ​អាជីវកម្ម ហើយ​ព្រម​ទាំង​ផ្ដល់​លក្ខខណ្ឌ​អនុគ្រោះ​ជា​ច្រើន​ទៀត​ដល់​ក្រុមហ៊ុន។ ក៏​ប៉ុន្តែ ជាមួយ​​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​​អនុវត្ត​តាម​ច្បាប់ និង​បំពេញ​​លក្ខខណ្ឌ​ដទៃ​ទៀត ពាក់ព័ន្ធ​នឹង​រឿង​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិស្ថាន​ផង​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ស្ថាបនិក​​ចលនា​​មាតា​ធម្មជាតិ និង​ជា​សកម្មជន​​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) យល់​ថា គម្រោង​ផលិត​​អគ្គិសនី​​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​នេះ ក៏​ដូច​ជា គម្រោង​ទំនប់​​វារីអគ្គិសនី​នា​ពេល​​កន្លងទៅ​ដែរ គឺ​ធ្វើ​ឡើង​ដោយ​​គ្មាន​តម្លាភាព។ លោក​ពន្យល់​ថា គម្រោង​ដែល​គ្មាន​​តម្លាភាព​ប្រភេទ​នេះ នឹង​បើក​ផ្លូវ​ឱ្យ​​មាន​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​នាំចូល​​វត្ថុធាតុដើម ការ​ដេញ​​ថ្លៃ និង​ចំណូល​ដែល​​រដ្ឋ​ទទួល​​បាន​ ពី​ព្រោះ​ម្ចាស់​ក្រុមហ៊ុន​​វិនិយោគ​ទាំង​នោះ​សុទ្ធ​តែ​​មាន​ទំនាក់ទំនង​​​ជិត​ស្និទ្ធ​នឹង​ក្រុម​អ្នក​កាន់​អំណាច ។ ម្យ៉ាង​វិញ​ទៀត លោក​បារម្ភ​ថា រោងចក្រ​ផលិត​អគ្គិសនី​​នេះ អាច​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​បរិស្ថាន​​ និង​ជីវិត​មនុស្ស​​សត្វ ដោយ​​សារ​តែ​​ធ្យូង​ថ្ម​នឹង​​បញ្ចេញ​សារធាតុ​ពុល​​ខ្ពស់​ចូល​ទៅ​ក្នុង​​បរិយាកាស«ធ្យូងថ្ម​ហ្នឹង​វា​អាច​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ដូចជា តម្លៃ​នៃ​ធ្យូង​ថ្ម​ដែល​យើង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ វា​ថ្លៃ​ពេក ធ្វើ​ឱ្យ​យើង​រត់​មិន​រួច វា​អត់​ចំណេញ​ទេ ឬក៏​លក់​អគ្គិសនី​​ដោយ​ថ្លៃ។ ចំណុច​ទីពីរ​ នៅ​ពេល​ដែល​សាងសង់​កន្លែង​ធ្យូង​ថ្ម​ហ្នឹង​ប្រហែល​ជា​អត់​ចាំបាច់​ជម្លៀស​ប្រជាជន​ អត់​ចាំបាច់​កាប់​ឈើ អត់​ចាំបាច់​ធ្វើ​វារី​អគ្គិសនី​មែន ក៏​​ប៉ុន្តែ​បន្ទាប់​ពី​យើង​ចាប់​​ផ្ដើម​ផលិត​អគ្គិសនី​ហ្នឹង វា​មាន​ផល​ប៉ះពាល់​ពីរ​ចំណុច។ ចំណុច​ទី​មួយ សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដោយសារ​គេ​នឹង​ទទួល​​ផ្សែង​ពុល ហើយ​ទី​ពីរ ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ធ្យូង​ថ្ម​រួម​ចំណែក​យ៉ាង​ខ្លាំង​ទៅលើ​បម្រែបម្រួល​អាកាសធាតុ​ជា​សាកល»

លោក អាឡិច សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​​ធ្វើ​​​ផ្ទុយ​ពី​និន្នាការ​ពិភពលោក ព្រោះ​សហគមន៍​អន្តរជាតិ​កំពុង​រួម​គ្នា​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ធ្យូង​ថ្ម ឬ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​សាយ​ភាយ​ឧស្ម័ន​កាបូនិច ដើម្បី​ការពារ​ភពផែន​ដី ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ​​អនុវត្ត​​គម្រោង​ផលិត​អគ្គិសនី​ដោយ​ធ្យូង​ថ្ម​ទៅ​វិញ។ លោក​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​​បង្ហាញ​តម្លាភាព ចំពោះ​គម្រោង​វិនិយោគ​នេះ និង​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​សាធារណៈ«យើង​ឃើញ​ថា ប្រទេស​មួយ​ចំនួន​ធំ​ចាប់​ផ្ដើម​​ថយ​ខ្លាំង​មែន​ទែន​រឿង​ផលិត​​អគ្គិសនី​ដោយ​ធ្យូង​ថ្ម ដោយសារ​គេ​យល់​ថា បើ​យើង​ចង់​កាត់​បន្ថយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ យើង​ត្រូវ​តែ​កាត់​បន្ថយ​ឱ្យ​អស់​ពី​លទ្ធភាព​នូវ​ការ​ផលិត​អគ្គិសនី​ដោយ​ពឹង​លើ​ធ្យូង​ថ្ម។ ប៉ុន្តែ​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​កាត់​បន្ថយ​ទេ គឺ​ចាប់​ផ្ដើម​ដូច​ជា​ផ្ដោត​ស្ទើរ​តែ​ទាំងស្រុង​ទៅលើ​​ថាមពល​មួយ​នេះ ដែល​ប្រទេស​មួយ​ចំនួន​​គេ​ចាត់​ទុក​ថា ជា​ថាមពល​កខ្វក់ ថាមពល​ដែល​ប៉ះពាល់​​លើ​បរិស្ថាន»

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​កម្ពុជា លោក ផៃ ស៊ីផាន បដិសេធ​មិន​បកស្រាយ​បន្ថែម​អំពី​គម្រោង​រោងចក្រ​​អគ្គិសនី​ដុត​ធ្យូង​ថ្ម​នេះ​ទេ ដោយ​លោក​បង្វែរ​​ឱ្យ​ទៅ​សួរ​ក្រសួង​ជំនាញ​​វិញ។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​​បំភ្លឺ​រឿង​នេះ​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្សូនា ជាច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ដោយឡែក អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា វិញ ថ្លែង​ថា ក្រសួង​អរគុណ​ចំពោះ​មតិ​​ព្រួយ​បារម្ភ​របស់​ក្រុម​អ្នក​តាម​ដាន​​បញ្ហា​បរិស្ថាន​ជុំវិញ​គម្រោង​ទាំង​នេះ​។ ​លោក​បញ្ជាក់​ថា គម្រោង​នេះ​ទើប​តែ​មាន​ការ​ឯកភាព​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល ដូច្នេះ​មិន​ទាន់​មាន​ការ​សិក្សា​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅឡើយ​ទេ។ លោក​អះអាង​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​បំពេញ​ការងារ​តាម​ជំនាញ​របស់​ខ្លួន​ដើម្បី​ចៀសវាង​ផល​វិបាក​ផ្សេងៗ៖ «រាល់​គម្រោង​សាងសង់​ទាំងអស់ មិន​​ថា​គម្រោង​ណា ឬ​គម្រោង​ណា​ទេ គឺ​ត្រូវ​ឆ្លង​កាត់​ការ​​វាយ​តម្លៃ​លើ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម​ជាមុន​សិន ដែល​នៅ​ក្នុង​របាយការណ៍​វាយ​តម្លៃ​នោះ គឺ​នឹង​បញ្ជាក់​​លម្អិត​អំពី​​វិធានការ​នានា ដើម្បី​ធ្វើ​ឱ្យ​គម្រោង​មាន​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​តិច​តួច​បំផុត ហើយ​ប្រសិនបើ​យើង​អាច​ចៀស​ផុត​ពី​ការ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ​នោះ គឺ​កាន់​តែ​ល្អ​ថែ​ម​ទៀត»

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​អះអាង​ថា គម្រោង​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​នេះ​មាន​ភាព​ចាំបាច់​ ដើម្បី​ធានា​សុវត្ថិភាព និង​​សន្តិសុខ​នៃ​​ការ​​ផ្គត់ផ្គង់​​អគ្គិសនី​នៅ​កម្ពុជា ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៤ ខាង​មុខ ជា​ពិសេស ធានា​ស្ថិរភាព​ផ្គត់ផ្គង់​​អគ្គិសនី​នៅ​រដូវ​ប្រាំង ដែល​វារី​អគ្គិសនី​មួយ​ភាគ​ធំ​ពុំ​មាន​លទ្ធភាព​ផលិត​អគ្គិសនី​​បាន​​ច្រើន​តាម​​តម្រូវ​ការ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ប្រឹក្សា​យោបល់​​ផ្នែក​អភិបាល​​កិច្ច​ធនធាន​ធម្មជាតិ និង​​បរិស្ថាន លោក ហែម ឧត្តម យល់​​ថា ការ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម មិន​មែន​ជា​ការ​វិនិយោគ​ឆ្លាត​វៃ​លើ​វិស័យ​ថាមពល​ក្នុង​រយៈពេល​​វែង​នោះ​ទេ ដោយ​សារ​តែ​កត្តា​តម្លៃ​វត្ថុធាតុ​ដើម និង​ផល​ប៉ះពាល់​ទៅលើ​​បរិស្ថាន និង​សង្គម​​។ លោក​ស្នើ​ឱ្យ​​រដ្ឋាភិបាល​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​ផល​​ប៉ះពាល់ ជា​ពិសេស ទៅ​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ ជាជាង​​ការ​ផ្ដោត​សំខាន់​ទៅលើ​តែ​ផល​ចំណេញ​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ធ្យូងថ្ម​នេះ៖ «បើ​យើង​និយាយ​អំពី​ផល​​ចំណេញ​ជា​សេដ្ឋកិច្ច ហើយ​និង​ផល​​ប៉ះពាល់​​​សុខភាព និង​​បរិស្ថាន​ ឬក៏​ខ្យល់​អាកាស​នោះ ខ្ញុំ​អត់​ដឹង​ថា វា​អាច​ទូទាត់​គ្នា​បាន​យ៉ាង​ដូច​ម្ដេច​ទេ ព្រោះ​មួយ​​ជា​ជីវិត​មនុស្ស ហើយ​មួយទៀត​ជា​ភាព​រីក​ចម្រើន​នៃ​​សេដ្ឋកិច្ច។ ​​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ឱ្យ​បាន​​ដិត​ដល់។ មួយ​​វិញ​​ទៀត ទាក់ទង​នឹង​ទិដ្ឋភាព​នៃ​ការ​វិនិយោគ។ នៅ​ក្នុង​ការ​វិនិយោគ​ថាមពល​ធ្យូង​ថ្ម​នេះ តម្លៃ​វា​កំពុង​តែ​កើន​​ឡើង សូម្បី​តែ​ប្រៀប​ធៀប​ជាមួយ​ទំនប់​វារីអគ្គិសនី ក៏​អគ្គិសនី​ចេញ​ពីទំនប់​ហ្នឹង​វា​ចាប់​ផ្ដើម​ថយ​ចុះ(តម្លៃ)។ បើ​យើង​ប្រៀប​ធៀប​ជាមួយ​ថាមពល​កើត​ឡើង​វិញ ដូច​ជា សូឡា ខ្យល់ ឬ​ជីវម៉ាស់ ក៏​តម្លៃ​ទាំងអស់​នោះ​ចាប់​ផ្ដើម​ថយ​ចុះ ស្រប​ពេល​ដែល​តម្លៃ​របស់​ធ្យូង​ថ្ម​នេះ​វា​កើន​ឡើង។ នេះ​ជា​លក្ខណៈ​សាកល​លោក​តែ​ម្តង ហើយ​យើង​គិត​មើល៣៥ ឆ្នាំ បច្ចេកវិទ្យា​ថ្មីៗ រីក​ចម្រើន​ជា​រៀង​រាល់​ថ្ងៃ មិន​​អ៊ីចឹង? អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​​យើង​វិនិយោគ​រយៈពេល​វែង​នេះ យើង​នឹង​ខាត​ ព្រោះ​តម្លៃ​ដែល​​យើង​ឯកភាព​ជាមួយ​ក្រុមហ៊ុន​ឱ្យ EDC (អគ្គិសនី​កម្ពុជា) ទិញ​យក​នោះ គឺ​តម្លៃ​ថេរ​រហូត រហូត​ដល់ប្រមាណ៣៥ ឆ្នាំ​អ៊ីចឹង​ទៅ»

ទិន្នន័យ​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA)​ កាល​​ពី​សប្ដាហ៍​មុន បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ២០១៩ កន្លងទៅ ​​ការ​សាយ​ភាយ​​ឧស្ម័ន​​កាបូន​ទៅ​ក្នុង​បរិយាកាស​នៅ​​តំបន់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ដល់​ទៅ១២% ដោយ​សារ​តែ​ប្រទេស​​ជាច្រើន​​នៅ​ក្នុង​សហភាព​អឺរ៉ុប​​​​បាន​បង្កើន​​និន្នាការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​​ឧស្ម័ន​​ធម្មជាតិ ​​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ថាមពល​បាន​មក​ពី​ធ្យូង​ថ្ម។ ចំណែក ការ​​សាយ​ភាយ​ឧស្ម័ន​កាបូន​ចេញ​ពី​ការ​ប្រើ​ធ្យូង​ថ្ម​នៅ​លើ​ពិភពលោក​​វិញ បាន​​ថយ​ចុះ​ប្រមាណ ២០០លាន​តោន ឬ ១,% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៨។ នេះ​គឺ​ដោយ​សារ​ក្រុម​​ប្រទេស ដែល​មាន​​សេដ្ឋកិច្ច​ជឿន​លឿន បាន​នាំ​គ្នា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ធ្យូង​ថ្ម​ជា​ប្រភព​ផលិត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​​សាយ​ភាយ​ឧស្ម័ន​កាបូន​ទៅ​ក្នុង​បរិយាកាស​ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឱ្យ​ភព​ផែន​ដី​ឡើង​កម្ដៅ។

អគ្គលេខាធិការ​​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (Antonio Guterres) បាន​មាន​​ប្រសាសន៍​នៅ​ក្នុ​ង​កិច្ច​​ប្រជុំ​​កំពូល​អាស៊ាន​កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០១៩ នៅ​ទីក្រុង​បាងកក ថា លោក​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត​នៃ​រោងចក្រ​ដើរ​ដោយ​ថាមពល​ធ្យូង​ថ្ម​ថ្មីៗ ជា​​ច្រើន​នៅ​លើ​​ពិភពលោក ក្នុង​​នោះ​ក៏​រួម​មាន​ទាំង​ប្រទេស​មួយ​ចំនួន​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។ លោក​អំពាវនាវ​ដល់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឱ្យ​​ធ្វើ​ជា​គំរូ​​​ក្នុង​ការ​​គិត​ថ្លៃ​កាបូន (Carbon Pricing) បញ្ឈប់​ការ​ឧបត្ថម្ភ​ធនធាន​លើ​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល (Fossil Fuels) ព្រម​ទាំង​បញ្ឈប់​​ការ​ស្ថាបនា​រោងចក្រ​អគ្គិសនី​​ដើរ​ដោយ​​ថាមពល​ធ្យូង​ថ្ម ដើម្បី​ទប់​ស្កាត់​ការ​ប្រែប្រួល​​អាកាសធាតុ និង​​ថែរក្សា​ទីកន្លែង​ដ៏​ស្រស់​ស្អាត​​ទាំងឡាយ​នៅ​លើ​ពិភពលោក ​ទុក​ជា​កេរដំណែល​​​សម្រាប់​មនុស្ស​ជាតិ​ជំនាន់​ក្រោយ​ជា​រៀង​ដរាប៕


សមាគម​ថៅកែ​រោងចក្រ​ថា ការ​ដក EBA អាច​ធ្វើ​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ

$
0
0

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​​តំណាង​ឱ្យ​រោងចក្រ​កាត់ដេរ​ជាង៥៨០ អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ​ឱ្យ​​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ EBA ដូច​ដើម​ដល់​កម្ពុជា​វិញ ដើម្បី​​បន្ត​លើក​​ស្ទួយ​ជីវភាព​ពលរដ្ឋ​​ខ្មែរ​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ។ សហជីព​ឯករាជ្យ​​ថា ក្រុម​ថៅកែ​រោងចក្រ​គួរ​តែ​ជំរុញ​ជា​ពិសេស​ទៅ​ខាង​រដ្ឋាភិបាល​កម្ពុជា​វិញ ពី​ព្រោះ​កូន​សោ​ស្ថិត​នៅ​ក្នុង​ដៃ​រដ្ឋាភិបាល។

សមាគម​ថៅកែ​រោងចក្រ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅថ្ងៃទី១៧ កុម្ភៈ​ថា ពួក​​គេ​ខក​ចិត្ត​​ចំពោះ​​សហភាព​អឺរ៉ុប​ដែល​សម្រេច​ដក​ហូត​ផ្នែក​​ខ្លះ​នៃ​ការ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ពីព្រោះ​ពួក​​គេ​ថា ​ការ​សម្រេច​ចិត្ត​នេះ​​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​​បាត់​​បង់​ការងារ និង​នាំ​ឱ្យ​មាន​ភាព​ក្រីក្រ​នៅ​កម្ពុជា​។

សមាគម​ថៅកែ​​រោងចក្រ​ថ្លែង​បន្ត​​ថា សេចក្ដី​សម្រេច​របស់​​​សហភាព​អឺរ៉ុប​នេះ អាច​នឹង​បង្ក​ឱ្យ​មាន​​ការ​ភ័ន្ត​ច្រឡំ​អំពី​ស្ថានភាព​ពាណិជ្ជកម្ម​រវាង​​ភាគី​​ទាំងពីរ​ដែល​កំពុង​ឆ្ពោះ​ទៅមុខ ហើយ​នឹង​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​អ្នក​បញ្ជា​ទិញ ​ទៅ​ទិញ​ផលិត​ផល​ពី​បណ្ដា​ប្រទេស​ដទៃ​ដែល​មាន​ការ​គោរព​សិទ្ធិ​សហជីព​អន់​ឆ្ងាយ​ជាង​កម្ពុជា។ ជាង​នេះ​ទៅទៀត វា​អាច​នឹង​បណ្ដាល​ឱ្យ​មាន​ការ​បាត់បង់​ការងារ​សម្រាប់​កម្មករ​រាប់​ម៉ឺន​នាក់ និង​ធ្វើ​ឱ្យ​មាន​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា។ ព្រម​ជាមួយ​គ្នា​នេះ ក្រុម​ថៅកែ​រោងចក្រ​ថា ពួក​គេ​នឹង​កាន់​តែ​ពិបាក​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ ដល់​កម្មករ ដោយសារ​ផល​ប៉ះពាល់​អវិជ្ជមាន​​នៃ​ភាព​ប្រកួត​ប្រជែង​ម​ក​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។

ក្រុម​ថៅកែ​រោងចក្រ​លើក​ឡើង​ថា ពួកគេ​គោរព និង​គាំទ្រ​​ការ​​ចូល​រួម​របស់​សហភាព​អឺរ៉ុប​​ក្នុង​ការ​កែ​លម្អ​គោល​នយោបាយ​សិទ្ធិមនុស្ស ប៉ុន្តែ​ពួក​​គេ​ថា ការ​ដក​​ការ​ជួយ​​ភ្លាមៗ បែប​នេះ​ពី​ពលរដ្ឋ​កម្ពុជា មិន​មែន​​ជា​​វិធី​ដែល​ត្រូវ​បន្ត​​ទៅមុខ​នោះ​ទេ។ សមាគម​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជំរុញ​​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ដល់​កម្ពុជា​វិញ ដើម្បី​បុព្វហេតុ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅកន្លែង​ការងារ និង​ជួយ​ឱ្យ​កម្មករ​មាន​ការ​​ងារ​ធ្វើ​​បន្ត​ទៀត​ដើម្បី​​បាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

ការ​អំពាវនាវ​របស់​សមាគម​រោងចក្រ​នៅ​កម្ពុជា (GMAC) នេះ ធ្វើឡើង​តែ​ចំពោះ​​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ មិន​មាន​ការ​ស្នើសុំ​ណាមួយ​ទៅកាន់​ភាគី​​រដ្ឋាភិបាល​កម្ពុជា​​នោះ​ឡើយ។

អគ្គលេខាធិការ​សមាគម​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ បកស្រាយ​ថា GMAC អំពាវនាវ​ទៅ​​តែ​សហភាព​អឺរ៉ុប​ ដោយសារ​អឺរ៉ុប​ជា​អ្នក​សម្រេច​ចិត្ត​ដក ឬ​រក្សា​ទុក​ EBA ដល់​កម្ពុជា។ លោក​បន្ថែម​ថា សមាគម​​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​មាន​​សំណើ​ទៅ​ដាច់​​ដោយ​​ឡែក​មួយ​ទៀត ទៅ​​​​រដ្ឋាភិបាល​កម្ពុជា ឬមួយ​ក៏​អត់​នោះ​ទេ៖ «»

ប្រធាន​​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់ថា សំណើ​របស់​សមាគម​​ថៅកែ​រោងចក្រ​នេះ ធ្វើឡើង​បាន​តែមួយ​ជ្រុង ក្នុង​ពេល​ដែល​អ្នក​កាន់​កូន​សោ​​សំខាន់​​រឿង EBA នេះ គឺ​ជា​រដ្ឋាភិបាល​កម្ពុជា។ ក៏​ប៉ុន្តែ​លោក​ជឿ​ថា សមាគម​ថៅកែ​រោងចក្រ​អាច​នឹង​មាន​សំណើ​ទៅ​រដ្ឋាភិបាល​ដែរ គ្រាន់​តែ​មិន​បង្ហាញ​​ជា​សាធារណៈ។ មេ​ដឹក​នាំ​សហជីព​រូប​នេះ​សង្កេត​ឃើញ​ថា ទាំង​រដ្ឋាភិបាល​កម្ពុជា និង​សមាគម​ថៅកែ​រោងចក្រ ហាក់​ដូច​ជា​ប្រឹង​រក​​ដំណោះស្រាយ​រឿង​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​បាត់បង់ EBA ច្រើន​ជាង​រក​មធ្យោបាយ​​យ៉ាងណា​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៖ «»

រដ្ឋាភិបាល​លោក ហ៊ុ​ន សែន មាន​ពេល​ជាង ៥ខែ​ទៀត មុន​ពេល​សេចក្ដី​សម្រេច​ដក EBA ២០% ពី​កម្ពុជា ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាង​មុខ។ ប្រសិន​បើ​កំណត់​ត្រា​អាក្រក់​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ​តាម​លក្ខខណ្ឌ​របស់​អឺរ៉ុប​ នោះ​កម្ពុជា​អាច​មាន​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ EBA ទាំងស្រុង​ឡើង​វិញ ចំពោះ​ទំនិញ​នាំ​ទៅ​សហភាព​អឺរ៉ុប។

សហជីព​ឯករាជ្យ​ព្រមាន​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អាច​មើល​ស្រាល​ការ​ដក EBA ត្រឹម ២០% នេះ​បាន​ឡើយ ដ្បិត​វា​ជា​វិធានការ​ទណ្ឌកម្ម​ជំហាន​ដំបូង ដែល​អាច​នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​ឡើង​វិញ​ទេ​នោះ។ ជាពិសេស ការបាត់បង់ EBA ទោះ​តិច ឬ​ច្រើន​​ក្ដី ក៏​នឹង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ផង​ដែរ ហើយ​ប្រសិន​បើ​ពួក​​គេ​កាត់​បន្ថយ​ ឬ​ក៏​បញ្ឈប់​ការ​បញ្ជាទិញ នោះ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​ដោយសារ​បញ្ហា​នេះ៕


លោក ស ខេង ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ត្រួត​ពិនិត្យ​សុខភាព​រក​មេរោគCovid-19

$
0
0

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព មុន ពេល​ចូល​ធ្វើ​ការងារ​។ បទបញ្ជា​របស់​លោក ស ខេង នេះ បាន​កើតមានឡើង​ក្រោយ​ពី​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​អាយុ ៨៣ ឆ្នាំ ត្រូវ​បាន​ប្រទេស​ម៉ាឡេស៊ី រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី Covid-19 ក្រោយ​ពី​បាន​ចេញ​ពី​នាវា​ទេសចរណ៍វ៉េស្ទើដាម (Westerdam) ដែល​បាន​ចត​នៅ​កំពុង​ផែ​ ក្រុង​ព្រះសីហនុ។«ជូន​ចំពោះ​ឯកឧត្ដម​រដ្ឋលេខាធិការ និង អគ្គនាយក​ទាំងអស់​ហ្នឹង។ ខ្ញុំ​គិត​ថា យើង​ចេះតែ​ប្រយ័ត្ន​ទៅ​ល្អ​ដែរ យើង​គួរតែ​សហការ​ជាមួយ​គ្រូពេទ្យ​ហើយ​មាន​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​កម្ដៅ។បងប្អូន​យើង​ចូល​ធ្វើការ​គួរតែ​វាស់​កម្ដៅ បើ​មានការ​សង្ស័យ​យើង​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ដោយ​ឡែក​ទៅ ឬ​ក៏​មិន​ឱ្យ​ចូល​ទៅ​ក្នុង​អង្គភាព​ដើម្បី​រៀបចំ ឬ ក៏​ការពារ​ដើម្បី​ព្យាបាល​គ្នា បើ​មាន​បញ្ហា​ហ្នឹង​ទេ។ មិនមែន​ជា​ការ​រើសអើង​ទេ ប៉ុន្តែ​នេះ​ជា​វិធានការ​បង្ការ​មួយ ក្នុង​អង្គភាព​ហ្នឹង​អ៊ីចឹង​អាច​ទាក់ទង​គ្នា​ធ្វើ។ ភក៌​ខ្ញុំ​បាន​ប្រាប់​ដែរ​មិញ អ៊ីចឹង​អាច​ទាក់​ទង​សុខាភិបាល​រក​ឧបករណ៍ ឬ​យើង​មាន​ឧបករណ៍​តាម​ពេទ្យ​នីមួយៗ​គឺថា យើង​ចាត់ចែង​ទៅ។ ពេល​មុន​ចូល​ធ្វើការ​ព្រឹក​យើង​ឆែក​ទៅ ក្នុង​រយៈពេល​ជំងឺ​ហ្នឹង​វា​មិនទាន់​ស្រកស្រុត​អ៊ីចឹង​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ទេ ពិសេស​រាល់​ការប្រជុំ និង​មុន​ពេល​ចូល​ប្រជុំ​គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​ត្រួត​ពិនិត្យ​២ ឬ ៣ កន្លែង បើ​ថា​ពិនិត្យ​ទៅ​មានការ​សង្ស័យ​មាន​ឡើង​កម្ដៅ ៣៧​អង្សា​ឡើង អាហ្នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រជុំ​រួច​យក​ទៅ​ទុក​កន្លែង​ណា ឬ ក៏​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៅ។ នេះ​គ្រាន់តែ​ជា​យោបល់ ខ្ញុំ​ចូលរួម​យោបល់​ទេ សុំ​ឱ្យ​ពិនិត្យ​បើ​ធ្វើ​បានជា​ការ​ល្អ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​មន្ត្រី​របស់​លោក ជាច្រើន​នាក់​បាន​ទៅ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចេញពី​នាវា​ទេសចរណ៍ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​គ្មាន​ពាក់​ម៉ាស​ការពារ​សុវត្ថិភាព​អ្វី​ទាំងអស់។

ការ​លើកឡើង​របស់​លោក ស ខេង នេះ​ត្រូវ​បាន​អ្នក​វិភាព​លើក​ឡើង​ថា មន្ត្រី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង ភ័យខ្លាច​ការ​ឆ្លង​ជំងឺ Covid-19 ទៅ​មន្ត្រី​រដ្ឋាភិបាល ក្រោយ​ពី​បាន​ទៅ​ទទួល​អ្នក​ទេសចរណ៍​ចេញពី​នាវា​ទេសចរណ៍ Westerdam

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"ក្រុមហ៊ុន​ធីង៉ា​ដែល​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិ​វៀតណាម ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ឈើ​ឆ្លង​ដែន"

$
0
0

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) មាន​ជាប់​ពាក់ព័ន្ធ សកម្មភាព​រត់ពន្ធ​ឈើ​ឆ្លងដែន ទៅ​លក់​នៅ​ក្រៅ​ប្រទេស សហការ​ជាមួយ​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ​(Angkor Plywood) ។ សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន​នេះ បាន​លួច​បន្លំ​កាប់​ឈើ​ពី​ខាងក្រៅ ដឹក​ចូល​បរិវេណ​ក្រុមហ៊ុន ដើម្បី​លក់​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ប្រមូល​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ក្រចេះ យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

សកម្មជន​បរិស្ថាន និង សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ការ​សោក​ស្រាយ​យ៉ាងខ្លាំង ពី​ភាព​ព្រងើយកន្តើយ​អនុវត្ត​ច្បាប់​ព្រៃឈើ របស់​រដ្ឋាភិបាល បើទោះបីជា​ពួកគេ​បាន​រាយការណ៍ និង​បង្ហាញ​ភស្តុតាង​ជាច្រើន​បញ្ជាក់​ថា ក្រុមហ៊ុន ធី​ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ឡង់​ក្តី មក​ទល់​ពេល​នេះ នៅ​ពុំ​ទាន់​ឃើញ​ស្ថាប័ន​ណាមួយ ចុះ​អនុវត្ត​ច្បាប់ ឬ​ផ្អាក​សកម្មភាព ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ​។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ដែល​ចុះ​អង្កេត​រឿង​នេះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ កុម្ភៈ​ថា ក្រុមហ៊ុន​ធី​ង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ ជា​របស់​លោកជំទាវ សេង គាង កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ឈើ​ខ្នាត​ធំ ក្នុង​តំបន់​ព្រៃ​ឡង់ ដើម្បី​ដឹក​លក់​បន្ត​ឱ្យ​លោក ជា ពៅ ម្ចាស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ។ លោក​ថា ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​នេះ មាន​អ្នក​មាន​អំណាច និង​មន្ត្រី​ជាន់ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល នៅ​ពី​ក្រោយខ្នង បានជា​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​គណៈកម្មការ​ជាតិ មិន​ហ៊ាន​អនុវត្ត​ច្បាប់​។ លោក ហេង ស្រស់ គិតទុក​ជាមុន​ថា ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ក្រុមហ៊ុន​នេះ​ទេ ជោគវាសនា​ព្រៃ​ឡង់​ដែល​នៅសល់​ឈើ​ខ្លះ នឹង​រលាយ​ហិច​ហោច​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ៖ «សាវតារ​អ្នក​ទាំងអស់​នេះ ត្រូវជា​កូន​ត្រូវជា​ក្មួយ អ្នក​ដែល​មាន​ងារ​ជា​ឧកញ៉ា យើង​មិនទាន់​បញ្ចេញ​ទេ​ថា ពួកគាត់​ជា​កូនចៅ​របស់​អ្នកណា​? ដោយសារ​យើង កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ទៅលើ​ពួកគាត់​ដែរ​។ បើ​គាត់​នៅតែ​បន្ត​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​ទៀត ឬក៏​គាត់​ឈប់​ត្រឹមហ្នឹង​? ប្រសិនជា​គាត់​មិន​ឈប់​ទេ យើង​នឹង​បង្ហាញ​ពី​មហិច្ឆតា​របស់​គាត់ ហើយ​បង្ហាញ​ពី​អ្នក​នៅ​ខាង​ក្រោយខ្នង​របស់​គាត់​។ ប្រហែលជា​គាត់​មាន​អ្នក​អាង និង​អ្នកមាន​ការ​ជួយ​ការពារ​ពី​ខាង​ក្រោយ​ហើយ បានជា​ហ៊ាន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ»

កាលពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០០៨ ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួងកសិកម្ម បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ទំហំ​ជាង ៦​ពាន់​ហិកតារ (៦០៦០) ឋិត​នៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ ក្រុមហ៊ុន​នេះ វិនិយោគ ដំណាំ អាកាស្យា និង​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេងទៀត ដោយ​បែង​ចែក​ជា ៥​អនុ​តំបន់​។ ប៉ុន្តែ​រហូតដល់​មក​ពេលនេះ សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មិន​ឃើញ អភិវឌ្ឍន៍ និង​ដាំ​ដំណាំ​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ គឺ​លោកជំទាវ សេង គាង និង លោក ជា ពៅ ម្ចាស់​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ កុម្ភៈ។

ចំណែក អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ដោយសារ​ពួក​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ដដែល​នេះ។

ឈើ ធីង៉ា ២០២០ ៦២២
ទិដ្ឋភាព​ឈើ​ឋិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ខេត្ត​ព្រះវិហារ ដែល​សហគមន៍​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។ រូប​សហគមន៍

កន្លង​ទៅ តំណាង​ឱ្យ​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ លោក​មេធាវី ហេង សុទ្ធារ៉ា បាន​ចេញមុខ​បដិសេធ ចំពោះ​សារព័ត៌មាន ក្នុងស្រុក​មួយ​ចំនួន ដែល​បាន​ផ្សាយ ចោទ​ក្រុមហ៊ុន​របស់​លោក​ថា បាន​ឈូស​ឆាយ កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​លក់ យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ព្រះវិហា។

មេធាវី​ក្រុមហ៊ុន​បាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក ធ្វើ​សកម្មភាព​ឈូស​ឆាយ​និង​ប្រមូល​ផល អនុផល​ព្រៃឈើ​តែ​នៅ​ក្នុង​រង្វង់​ដែនដី​សម្បទាន​សេដ្ឋកិច្ច ដែល​ក្រសួងកសិកម្ម​អនុញ្ញាត តែប៉ុណ្ណោះ ក្រុមហ៊ុន​មិន​បាន​ធ្វើ​សកម្មភាព កាប់​ឈើ​ពី​ខាងក្រៅ ឬ​ឈូស​ឆាយ​ហួស​ដែន​កំណត់​ឡើយ ហើយ​ឈើ​ដែល​ក្រុមហ៊ុន​ប្រមូល​បាន ក្រុមហ៊ុន​មិនបាន​ដឹក​ឈើ​លក់​ឡើយ គឺ​ដឹកជញ្ជូន​ចូល​រោងចក្រ របស់​ក្រុមហ៊ុន​ផលិត​ជា​គ្រឿង​សង្ហារិម និង​ក្ដារ កុងផ្លាកេ​លក់ ដើម្បី​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​កម្មករ។

ឈើ ធីង៉ា ២០២០ ៦២២
រថយន្ត​ប៉ាកុង​ច្នៃ​ដែល​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ ដែល​សហគមន៍​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។ រូប​សហគមន៍

ឆ្លើយតប​ការលើក​ឡើង​នេះ លោក ហេង ស្រស់ បដិសេធ​ថា ក្រុមហ៊ុន​ទាំងនេះ សុទ្ធ​សឹង​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ សហការ​ជាមួយ​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ដើម្បី​រត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​ក្រៅ​ប្រទេស​។ លោក​សង្ស័យ​ថា ក្រសួង​កសិកម្ម​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ ដើម្បី​ទទួល​ប្រយោជន៍​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ ក្នុង​ព្រៃ​អភិរក្ស បែប​អនាធិបតេយ្យ​៖ «កន្លងមក​ប្រសិន​ជា ក្រុម​ឧក្រិដ្ឋជន​មួយ​ណា មិន​បាន​ផ្តល់​នូវ​លាភសក្ការៈ​មិនបាន​ផ្ដល់​នូវ​ជា​ទឹកប្រាក់ ដល់​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ អ្នកនោះ​ត្រូវ​ទទួល​បាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​។ ប្រសិនជា​អ្នកណា​មួយ បាន​ផ្ដល់​លាភសក្ការៈ​ដល់​អ្នក​ទាំង​អស់ហ្នឹង គឺ​មិន​ទទួល​បាន​ការ​បង្ក្រាប​ទេ​។ នេះ​គឺ​យើង​មើល​ឃើញ​កន្លងមក ហើយ​ទិដ្ឋភាព​សព្វថ្ងៃ​គឺ វា​អ៊ីចឹង​ឯង»

ប្រធាន​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ស្រី ថី ប្រាប់​អាស៊ីសេរី​ថា មហិច្ឆតា​របស់​ក្រុមហ៊ុន​នេះ ដើម្បី​បំផ្លាញ​ទំហំ​ព្រៃ​ឡង់​ទាំងមូល ព្រោះ​សហគមន៍​ប្រទះឃើញ រថយន្ត​កែច្នៃ ៧​គ្រឿង គោយន្ត​រាប់​សិប​គ្រឿង និង​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ឋិត​ក្នុង​ផ្ទៃដី​របស់​ក្រុមហ៊ុន កំពុង​ធ្វើ​អាជីវកម្ម​អារ​ច្រៀក​ឈើ យ៉ាង​គគ្រឹកគគ្រេង​។ លោក​ថា ក្រុម​ល្បាត​សហគមន៍​ប្រទះឃើញ រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​មូល​ធំៗ ចេញពី​ព្រៃ​ឡង់ តម្រង់​ចូល​ក្នុង​ក្រុមហ៊ុន​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ៖ «ឈើ​គេ​បាន​បែង​ចែក​ជា​ពីរ​ចំណែក​។ ឈើ​ទី​១ អារ​ពីរ​ម៉ែត្រ​ហ្នឹង​គេ​ធ្វើ​ឧស ហើយ​ឈើ​ដឹក​ធំៗ​ដាក់​ឡាន គេ​ដាក់​ទៅ​នៅ​អូរ​ឡង់ ហើយ​អារ​ឈើ​មួយ​ដាក់​ឡាន គេ​ទុក​កែច្នៃ​ផ្សេងៗ​។ ឈើ​ល្អ​មាន​ឈើ ធ្នង់ ត្បែង ឈ្លីក ឈើ​ល្អ​ៗ​តើ​។ ប្រសិនបើ​រដ្ឋាភិបាល​មិន​ពង្រឹង​ផ្នែក​ច្បាប់ ឬ​ហាមឃាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ យើង​នឹង​អាច​មាន​ហានិភ័យ​ធំ​ទៀត ដែល​យើង​ការពារ​ព្រៃ​អភិរក្ស​ហ្នឹង»

គេហទំព័រ អូផែន ខបផ័ររ៉េត្ស (open corporates) បង្ហាញ​ពី​រចនាសម្ព័ន្ធ ក្រុមហ៊ុន​ធីង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ ដែល​មាន​លោក ជា ពៅ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​។ លោក ឡេង រិទ្ធី ជា​នាយក​ប្រតិបត្តិ និង លោក ផាន់ វ៉ាន់ង៉ា (Phan VAN NGA) ជា​ជនជាតិ​វៀតណាម ជា​ម្ចាស់​ភាគហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​កំពង់ចាម បិទ​បញ្ចប់​ការ​ស៊ើបសួរ​​សំណុំ​​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់ របស់​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​​នៅ​ស្រុក​បាធាយ

$
0
0

សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​លើ​សកម្មជន​បក្ស​ប្រឆាំង ២នាក់​​នៅ​ស្រុក​បាធាយ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​កំពង់ចាម​ជំរុញ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បាធាយ ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ចាម បិទ​បញ្ចប់​ការ​ស៊ើបសួរ គឺ លោក ដុង សុវណ្ណារិទ្ធិ និង​លោក ហម វុទ្ធី។

លោក​មេធាវី សំ សុគង់ កាន់​ក្ដី​ឲ្យ​​​សកម្មជន​បក្ស​ប្រឆាំង​ទាំង​២​ឲ្យ​ដឹង​​ថា ក្រោយ​ការ​ជូន​ដំណឹង​នេះ ចៅក្រម​ស៊ើបសួរ មាន​សិទ្ធិ​ទម្លាក់​ចោល​បទ​ចោទ ឬ បញ្ជូន​សំណុំ​រឿង​ទៅ​ជម្រះ។ លោក​មេធាវី ជំរុញ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ទម្លាក់​បទ​ចោទ​ប្រឆាំង​កូន​ក្ដី​លោក។

លោក សំ សុគង់ ឲ្យ​ដឹង​​ទៀត​ថា ក្នុង​ដំណាក់​កាល​ស៊ើបសួរ ប៉ុន្មាន​ខែ​មក​នេះ ចៅក្រម​បាន​សួរ​នាំ​កូន​ក្ដី​លោក តែ​កំឡុង​ពេល​ចាប់​ខ្លួន ដូច្នេះ​ការ​ស៊ើបសួរ​មាន​ថេរវេលា​តិច ហើយ​ណាមួយ​សំណុំ​រឿង​នេះ ជា​ប្រភេទ​នយោបាយ គួរ​តែ​ទទួល​បាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់៖ «ប៉ុន្តែ​នៅ​ក្នុង​រឿង​នេះ ខ្ញុំ​គិត​ថា វា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​កាល​ដែល​សម្រេច​ចុង​ក្រោយ ចៅក្រម​ស៊ើបសួរ​គួរ​តែ​ទម្លាក់​បទ​ចោទ​ឲ្យ​ពួកគាត់​ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​ពេញ​លេញ មាន​ពេល​វេលា​ក្នុង​ការ​រក​ស៊ី ចិញ្ចឹម​ជីវភាព​​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ផង​ដែរ»

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ឈ្មោះ លី ម៉ារីណា បាន​ជូន​ដំណឹង​ទៅ​លោក ដុង​សុវណ្ណារិទ្ធិ កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ​ថា សំណុំរឿង​បទ​ចោទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បាន​​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ហើយ។

ចំណែក លោក ហម វុទ្ធី មិន​ទាន់​ទទួល​បាន​លិខិត​ជូន​ដំណឹង​ពី​អាជ្ញាធរ​ទេ។ លោក ហម វុទ្ធី ប្រាប់​អាស៊ី​សេរី​ថា តុលាការ​ បាន​កោះហៅ​លោក​ឲ្យ​ទៅ​ទទួល​យក​លិខិត​តែ​មិន​ដឹង​លិខិត​អ្វី​ទេ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តែ​ដោយសារ​លោក​រវល់ បាន​ឲ្យ​ប្រពន្ធ​ទៅ​យក​ជំនួស ហើយ​មន្ត្រី​តុលាការ​ប្រាប់​ថា បាន​ផ្ញើ​ទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​ហើយ។ លោក ហម វុទ្ធី ថា លោក​មិន​ទាន់​មាន​ពេល​វេលា​ទៅ​យក​លិខិត​នោះ​ទេ។

សកម្មជន​បក្ស​ប្រឆាំង​លោក ដុង សុវណ្ណារិទ្ធិ និង​លោក ហម វុទ្ធី មិន​ទាន់​ហ៊ាន​បញ្ចេញ​មតិ ឬ​ទស្សនៈ​លើ​លិខិត​ជូន​ដំណឹង​របស់​តុលាការ​ខេត្ត​កំពង់ចាម​ទេ ដោយសារ​លោក​បារម្ភ​ពី​សុវត្ថិភាព នៅ​ពេល​តុលាការ​មិន​ទាន់​ទម្លាក់​បទ​ចោទ។

អាស៊ី​សេរី មិន​​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ចាម លោក ជុំ ណារ៉ាន់ បាន​ទេ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

អាជ្ញាធរ​ខេត្ត​កំពង់​ចាម​បាន​ចាប់ និង​ឃុំ​ខ្លួន សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១០នាក់ កាល​ពី​កំឡុង​មុន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩។ មនុស្ស​ទាំង ១០នាក់ ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​អស់​ហើយ តែ​មិន​ទាន់​ទទួល​បាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទេ។

បុគ្គលិក​អង្កេត​សមាគម​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ លោក ឡេង សេង​ហាន សង្កេត​ឃើញ​ថា ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់​ចាម​កន្លង​មក គឺជា​រឿង​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក សំណូម​ពរ​ឲ្យ​តុលាការ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​ដើម្បី​ឲ្យ​ពួកគេ​មាន​ភាព​កក់ក្ដៅ​​និង​ទទួល​បាន​សេរីភាព​ពេញ​លេញ ក្នុង​​ការ​ធ្វើ​សកម្មភាព​​តាម​ផ្លូវ​​ច្បាប់៖ «យើង​មើល​ឃើញ​អ្នក​ទាំង២ ដូចជា​មិន​មាន​អ្វី​ត្រូវ​ប្រព្រឹត្តិ​ឬ​ក៏​ត្រូវ​លាក់​បាំង​ដូច អ្វី​ដែល​តុលាការ​បាន​ចោទ។ រហូត​មក​ដល់​ថ្ងៃ​នេះ អ្វី​ដែល​តុលាការ​ចោទ​ប្រកាន់​វា​អត់​មាន​ព្រឹត្តិការ​អ្វី​កើត​ឡើង»

កាល​ពី​យុទ្ធនាការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​រារាំង​ការ​ប្រមូល​ពលរដ្ឋ ទៅ​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី នៅ​ឆ្នាំ២០១៩ របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​របស់​គណ​បក្ស​ប្រឆាំង​ជិត ១០០នាក់ ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ចោទ​ថា បាន​រួម​គំនិត​ជាមួយ​លោក សម រង្ស៊ី មាន​បំណង​បំផុស​ពលរដ្ឋ​ឲ្យ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ។

មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ជាង ៧០នាក់ ត្រូវ​បាន​ដោះលែង​តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​អនុវត្ត​លក្ខខណ្ឌ ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន តាម​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​មេដឹកនាំ​រូប​នេះ​ហាមមិន​ឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ សម្រប​សម្រួល​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បក្ស​ប្រឆាំង ទាំង​នោះ​ទេ ប៉ុន្តែ​លោក​ថា ស្រេច​លើ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

​ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​​​តែ​មាន​សន្ទុះ​នៅ​ឡើយ​ទេ

$
0
0

សភាព​វឹកវរ​នៃ​ការ​ឆ្លង​រាតត្បាត​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​មិន​ទាន់​ថមថយ​សន្ទុះ​នៅ​ឡើយ​ទេ នៅ​លើ​ពិភព​លោក​យើង​នេះ។

គិត​មក​ដល់​ល្ងាច​​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​នេះ អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ចំនួន​ជាង ២ពាន់ ៥រយ​នាក់ (.៥៤៣នាក់) ថែម​ទៀត។ តួលេខ​នេះ គឺ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ១ពាន់​នាក់ (៧១.៨១០-៦៩.២៦៧)។ ទន្ទឹម​គ្នា​នឹង​ការ​ឆ្លង​នៅ​ឡើង ចំនួន​អ្នក​ស្លាប់ ក៏​ឡើង​ដល់​ជាង ១ពាន់ ៧រយ​នាក់ (.៧៧៥​នាក់) ដែរ ក្នុង​រយៈ​ពេល ២៤​ម៉ោង​កន្លង​មក។ ចំនួន​នេះ គឺ​កើន​លើស​តួលេខ​ពី​ថ្ងៃ​ម្សិលមិញ​ចំនួន ១០៥នាក់។ រីឯ​អ្នក​ជំងឺ​ដែល​បាន​ព្យាបាល​ជា​សះ​ស្បើយ​វិញ មាន​ចំនួន​ជាង ១ម៉ឺន ១ពាន់​នាក់​ដែរ (១១.២៥៨​នាក់) គឺ​លើស​ថ្ងៃ​ម្សិលមិញ​ចំនួន​ជិត ១ពាន់ ៤រយ​នាក់ (.៣៩៤​នាក់)

មេរោគ​បង្ក​ជំងឺ កូវីដ-១៩ បន្ត​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​ថ្មី​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ក្រៅ​ពី​ប្រទេស​ចិន មាន​ប្រទេស​យ៉ាង​ហោច ៤ទៀត គឺ​ប្រទេស​សិង្ហបុរី ជប៉ុន ថៃ និង​កូរ៉េ​ខាង​ត្បូង ក៏​មាន​អ្នក​ឆ្លង​ថ្មី​ចន្លោះ​ពី​ម្នាក់ ទៅ ៨នាក់​ដែរ។ ដោយ​ឡែក​នៅ​លើ​កប៉ាល់​ឈ្មោះ ដាយមិនដ៍ ព្រិនសេស (Diamond Princess) ដែល​ចូល​ចត​នៅ​កំពង់ផែ នា​ទីក្រុង​យូកូហាម៉ា (Yokoham) ប្រទេស​ជប៉ុន​វិញ តួលេខ​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ បាន​ឡើង​ចំនួន​ដល់ ៣៦៩នាក់។

ទាក់ទង​នឹង​​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​​មាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ទេ បន្ទាប់​ពី​ករណី​ចុង​ក្រោយ​មួយ ដែល​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​រក​ឃើញ​លើ​ជនជាតិ​អាមេរិកាំង​ម្នាក់ ធ្វើ​ដំណើរ​តាម​កប៉ាល់ Westerdam ហើយ​ក្រោយ​មក ហោះ​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ​នោះ។ ក្រោយ​ពី​មាន​ករណី​នេះ មាន​អ្នក​ជំនាញ​សុខាភិបាល និង​អ្នក​វិភាគ​សង្គម​មួយ​ចំនួន មាន​មន្ទិល​លើ​ប្រព័ន្ធ​ពិនិត្យ​សុខភាព​របស់​កម្ពុជា ក្នុង​ការ​រក​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ នេះ។ ជា​ពិសេស អ្នក​ដំណើរ​នៅ​កប៉ាល់ Westerdam ដែល​កម្ពុជា​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

ការ​មាន​មន្ទិល​ចំពោះ​អ្នក​ដំណើរ​លើ​កប៉ាល់ Westerdam នេះ ត្រូវ​បាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​កម្ពុជា បញ្ជាក់​ថា ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​វីរុស​បង្ក​ជំងឺ កូវីដ១៩ នេះ ត្រូវ​បាន​វាយ​តម្លៃ​ថា មាន​កម្រិត​ទាប ព្រោះ​ទី១ ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​ពី​ចិន​ដី​គោក ហុងកុង ម៉ាកាវ ឬ​ឆ្លងកាត់​ ឬ​បាន​ប៉ះពាល់​ជា​មួយ​ករណី​សង្ស័យ ឬ​ករណី​បញ្ជាក់​ពី​មន្ទីរ​ពិសោធ​ថា មាន​វីរុស​កូរ៉ូណា ២០១៩ ដែល​បច្ចុប្បន្ន​ហៅ​ថា ជំងឺ​កូវីដ១៩ (COVID-19) ឬ​អ្នក​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តាម​ដាន​រក​វីរុស​នេះ ក្នុង​អំឡុង​ពេល ១៤ថ្ងៃ​មុន មុន​ពេល​កប៉ាល់​ចេញ​ដំណើរ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​លើ​កប៉ាល់​នេះ​ឡើយ។ ម្យ៉ាង​ទៀត វិញ្ញាបនបត្រ​សុខភាព​សមុទ្រ ដែល​អាជ្ញាធរ​កំពង់ផែ​បាន​ទទួល ចង្អុល​បង្ហាញ​ថា មាន​មនុស្ស​ចំនួន ២០នាក់ មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​ស្រាល ឬ​រោគ​សញ្ញា​នៃ​ជំងឺ​ក្រពះ​ពោះ​វៀន។ ដូច្នោះ​ហើយ ក្រសួង​សុខាភិបាល​បាន​សម្រេច​ចិត្ត​ធ្វើតេស្ត​វត្ថុ​វិភាគ​ភ្លាមៗ សម្រាប់​អ្នក​ទាំង ២០នាក់​នោះ។ លទ្ធផល​ធ្វើតេស្ត​ពី​មន្ទីរ​ពិសោធន៍ សម្រាប់​មនុស្ស​ទាំង ២០នាក់​នេះ គឺ​អវិជ្ជមាន។ ចំណុច​មួយ​ទៀត ទម្រង់​បែបបទ​ប្រកាស​សុខភាព ដែល​ប្រមូល​បាន​ពី​អ្នក​ដំណើរ និង​នាវិក​ទាំង​អស់ មិន​បាន​រក​ឃើញ​ថា មាន​អ្នក​ឈឺ​ផ្សេង​ទៀត​ទេ។ មុន​ពេល​ឱ្យ​អ្នក​ដំណើរ​ចាក​ចេញ​ពី​កប៉ាល់ មាន​ការ​ត្រួត​ពិនិត្យ និង​យក​សីតុណ្ហភាព និង​មិន​មាន​អ្នក​ដំណើរ​ណា​មួយ​មាន​គ្រុន​ក្ដៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​​មួយ​ចំនួន​រិះ​គន់​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ថា ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​កសិករ​

$
0
0

ប្រជាពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​ រិះ​គន់​​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ថា ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​កសិករ​នៅ​ទី​ជនបទ ដើម្បី​​ឱ្យ​មាន​ជីវភាព​ធូរធារ​ឡើយ។ ការ​លើក​នេះ​ បន្ទាប់​ពី​មន្ត្រី​ក្រសួង​នេះ បាន​អះអាង​អំពី​សមិទ្ធផល​របស់​ខ្លួន​ជា​ច្រើន​​ដែល​បាន​អភិវឌ្ឍន៍​នៅ​ទី​ជនបទ​ និង​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ប្រសើរ​ឡើង។

ប្រជាពលរដ្ឋ​លើក​ឡើង​ស្រដៀង​គ្នា​ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​បង្ហាញ​តែ​តួលេខ​នៅ​លើ​ក្រដាស ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​មិន​ដូច្នេះ​ឡើយ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ព្រះផុស ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង លោក ស៊ឹប គួ ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ​កុម្ភៈ​ថា ក្នុង​ឃុំ​ដែល​លោក​រស់​នៅ​ជួប​ការ​​​លំបាក​ខ្លាំង​ទាំង​រដូវប្រាំង​នឹង​រដូវវស្សា ដោយសារ​ពុំ​មាន​ការ​អភិវឌ្ឍន៍​ណា​មួយ​ឡើយ​ ជា​ពិសេស​ផ្លូវ​ដី​ហុយ​និង​​មាន​ភក់​ពិបាក​ធ្វើ​ដំណើរ​នៅ​រដូវវស្សា ហើយ​គ្មាន​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង៖ «បាទ! ទាល់​តែ​ប្រជាពលរដ្ឋ​បាន​ដឹង​ទុក្ខធុរៈ​ហ្នឹង​តាម​ការ​ពិត​អាជ្ញាធរ​ខ្លះ គាត់​លើក​ជា​បញ្ហា​ស្រួល​ៗ​ ខ្ញុំ​មើល​ទៅ​មិន​មាន​យុត្តិធម៌​ទេ​។មិន​​មាន​យុត្តិធម៌​ត្រង់​ថា គាត់​រាយការណ៍​ថា​ គាត់​អភិវឌ្ឍន៍​គាត់​ធ្វើ​ ប៉ុន្តែ​ការ​ធ្វើ​ហ្នឹង​បាន​ប្រហែល​តែ​៣០​ភាគ​រយ​អី​ទេ​។ព្រោះ​នៅ​ក្នុង​ភូមិ​តានួត​ដែល​ខ្ញុំ​រស់​នៅ​ហ្នឹង​គឺ​អត់​មាន​គ្រួស ក្រហម​សោះ​តែ​ម្ដង​​ គឺ​មាន​តែ​​ផ្លូវ​ដី​ស​ធម្មតា​ទេ»

ចំណែក​កសិករ​ម្នាក់​រស់​នៅ​ស្រុក​បារាយ​ខេត្ត​កំពង់ធំ ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​ការពារ​សុវត្ថិភាព​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​បារាយណ៍​បោះបង់​ការ​ធ្វើ​ស្រែ​បណ្ដើរ​ៗ​ហើយ ដោយសារ​តម្លៃ​ស្រូវ​ចុះ​ថោក ហើយ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ជួយ​ដល់​ពួកគាត់​ឡើយ​។ កសិករ​រូប​នេះ​បន្ថែម​ថា លោក​ស្រី​ធ្វើ​ស្រែ​​ ២០​ហិកតារ បាន​ផល​គួរ​សម​ដែរ ប៉ុន្តែ​លក់​មិន​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ​ ព្រោះ​តម្លៃ​ស្រូវ​ចុះ​ថោក​ ដោយ​ស្រូវ​សែន​ក្រអូប​ តម្លៃ​ ៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។លោក​ស្រី​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចង់​នាំ​គ្នា​តវ៉ា ឱ្យ​ប្ដូរ​មេ​ដឹក​នាំ​ថ្មី ដើម្បី​អភិវឌ្ឍន៍​ប្រទេស​រីក​ចំរើន​ជាង​ពេល​បច្ចុប្បន្ន​ដែរ ប៉ុន្តែ​មិន​អាច​ជួប​ប្រជុំ​គ្នា​​សម្ដែង​មតិ​បាន៖ «គេ​ថា ជួយៗ ប៉ុន្តែ​ ដឹង​ជួយ​របៀប​ម៉េច​ទេ​បើ​របស់​ធ្វើ​បាន​អីចឹង​អត់​មាន​ហាងឆេង​ផង​ គេ​ដឹង​ជួយ​ដោះ​ស្រាយ​អីចឹង​។គេ​ស្រេច​តែ​មាត់​គេ​ថា​ យើង​ក្រីក្រ​ដឹង​ទៅ​ហ៊ាន​និយាយ​ណា​បាន​ ហើយ​អង្ករ​ទីផ្សារ​ដូច​អាច​ទទួល​យក​បាន​តម្លៃ​ ដល់​ពេល​ស្រូវ​ដូច​ថា​សម្លាប់​ប្រជាជន​ ដឹង​ថា​រើ បម្រាស់​ទៅ​ណា​ទេ​​ ម្នាក់​ៗ ​ចេះ​​តែ​​សម្ងំ​ត្អូញ​ទ្រាំ​រស់​ទៅ»

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ បន្ទាប់​ពី​មន្ត្រី​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បង្ហាញ​របាយការណ៍​ពី​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​នា​ពេល​កន្លង​ទៅ​ថា ​ក្រសួង​​នេះ​បាន​ធ្វើ​ផ្លូវ​ថ្នល់​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​ឱ្យ​មាន​ជំនាញ​​ជា​ច្រើន​មុខ​ ដើម្បី​ប្រកប​មុខ​របរ​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ ហើយ​ធ្វើ​ប្រឡាយ​ទឹក និង ​សំណង់​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ឡើង។

អ្នក​នាំ​ពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ លោក ចាន់ ដារ៉ុង ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី«បច្ចុប្បន្នភាព និង​វឌ្ឍនភាព​ក្រសួង​អភិវឌ្ឍន៍​ជនបទ» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី១៧ កុម្ភៈ​ថា ក្រសួង​មួយ​នេះ​នឹង​​បន្ត​ការងារ​​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤​រដ្ឋាភិបាល ឱ្យ​កាន់​តែ​សកម្ម​បន្ថែម​ទៀត ​ដើម្បី​​រួម​ចំណែក​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​​៧ភាគរយ​នៅ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​​ឱ្យ​ស្ថិត​នៅ​ក្រោម​១០​ភាគរយ​ទៀត​ផង៖ «អីចឹង​យើង​ពិនិត្យ​ឃើញ​ថា​ជា​រួម​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជនបទ​ មាន​ការ​កើន​ឡើង​ ហើយ​ដោយសារ​ផ្លូវ​ថ្នល់​របស់​យើង​ធ្វើ​បាន​ច្រើន​ គឺ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ ឬ​ក៏​បើ​ត្រាក់ទ័រ​បើក​គោយន្ត​ទៅ​កាន់​ស្រែ​ចំការ​របស់​គាត់​​ ដោយសារ​តែ​ផ្លូវ​ថ្នល់​របស់​យើង​មាន​ការ​កែលំអ​ច្រើន​។ទោះ​បី​ថា​មិន​មាន​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង​ក្ដី​​ក៏​យើង​មាន​ផ្លូវ​គ្រួស​ក្រហម​និង​មាន​ផ្លូវ​កម្រាល​ផ្សេង​ៗ​ទៀត​ ដែល​ធ្វើ​គាត់​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​នូវ​យានយន្ត​ទាំង​អស់​នោះ»

ផ្ទុយ​ពី​ការ​លើក​នេះ​ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ​ របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ មា​តែ​តួលេខ​ ប៉ុន្តែ​ការអនុវត្ត​ជាក់​ស្ដែង​មាន​តិចតួច​ ម្យ៉ាង​ទៀត​ការ​សាងសង់​យឺតយ៉ាវ និង​មិន​មាន​ស្តង់ដារ​នោះ​ទេ។លោក​បន្ត​ថា ប្រជាកសិករ​នៅ​ទី​ជនបទ ភាគ​ច្រើន​​ដាំដុះ​ពឹងផ្អែក​ទៅ​លើ​ចំណេះ​ដឹង​ពី​ធម្មជាតិ ខ្វះ​ការ​យក​បង្ហាត់​បង្រៀន​ពី​ក្រសួង​ពាក់ព័ន្ធ និង​គ្មាន​ទីផ្សារ​លក់​កសិផល​ដែល​មាន​តម្លៃ​សមរម្យ​ជា​ដើម៖ «ហើយ​មួយ​វិញ​ទៀត​ខ្ញុំ​មើល​ថា​ ​ប្រជាពលរដ្ឋ​នៅ​តែ​ខ្វះខាត​ទឹក​ ដែល​ជា​បញ្ហា​មួយ​ដែល​មាន​ទឹក​តែ​ក្នុង​រដូវវស្សា ដោយសារ​តែ​អំណោយ​ផល​ពី​ធម្មជាតិ។ប៉ុន្តែ​ចាប់​ពី​ខែ​វិច្ឆិកា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ ថា​ទឹក​អត់​មាន​សម្រាប់​ពលរដ្ឋ​ស្រោចស្រព​ទេ ហើយ​តំបន់​មួយ​ចំនួន​ដែល​យើង​ទទួល​បាន​​ព័ត៌មាន​ហ្នឹង​គឺ​ថា​ទឹក​ស្ទើរ​តែ​មិន​មាន​ឱ្យ​គោក្របី​ផឹក​ទៅ​ទៀត​ ឥឡូវ​នេះ​ចាប់​ផ្ដើម​ហើយ»

លោក​បន្ត​ថា ​ក្រសួង​អភិវឌ្ឍន៍​​ជនបទ​​ក៏​មិន​ទាន់​អភិវឌ្ឍន៍​បាន​គ្រប់​ទីកន្លែង ​ដែល​ប្រជាពលរដ្ឋ​​ជួបការ​លំបាក ដោយ​តំបន់​ខ្លះ​ ពលរដ្ឋ​នៅ​តែ​​គ្មាន​ផ្លូវ​​ធ្វើ​ដំណើរ​​ឱ្យ​បាន​សមរម្យ​ និង​គ្មាន​ទឹក​​ស្រោចស្រព​​​ផល​ដំណាំ​​ជា​ដើម។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​ជំរុញ​ឱ្យ​ក្រសួង​មួយ​នេះ គួរ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​បន្ថែម​ទៀត​ ចុះ​មូលដ្ឋាន​ឱ្យ​បាន​ច្រើន ដើម្បី​ប្រមូល​ព័ត៌មាន​ពិត អំពី​ការ​អត់​ឃ្លាន​របស់​ពលរដ្ឋ ជា​ពិសេស នៅ​តំបន់​ជនបទ​ដែល​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ ហើយ​នាំ​យក​បញ្ហា​ទាំង​នោះ​ដោះស្រាយ​ឱ្យ​បាន​ឆាប់ និង​ឱ្យ​ត្រូវ​តាម​ការ​ចង់​បាន​របស់​អ្នក​ស្រុក។លោក ថេង សាវឿន បន្ថែម​ថា ការ​សង់​ប្រឡាយ​ទឹក​ឱ្យ​បាន​ច្រើន​ជា​រឿង​សំខាន់​របស់​កសិករ ព្រោះ​ធ្វើ​ឱ្យ​ពួកគាត់​អាច​ដាំដុះ​រក​ប្រាក់​ចំណូល​បាន​គ្រប់​រដូវ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​ទេ នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ ហើយ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​ចិន​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​​កម្ពុជា​ តាម​រយ:​កិច្ច​សហ​ប្រតិបត្តិការ

$
0
0

មន្ត្រី​ក្រសួង​ការពារ​ជាតិ​​​អះ​អាង​ថា មន្ត្រី​ជាន់​ខ្ពស់​ចិន​ធ្លាប់​បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​កម្ពុជា​ច្រើន​ដង ​ប៉ុន្តែ​​មិន​បាន​បញ្ជាក់​ថា​ ​ជា​មន្ត្រី​យោធា​ចិន ហើយ​ពួក​គេ​បាន​មក​ធ្វើ​​អ្វី​ឲ្យ​ជាក់លាក់​ទេ។​​ ​​ការ​លើក​ឡើង​នេះ​ស្រប​ទៅ​នឹង​ការ​ផ្សាយ​ព័ត៌មាន​បរទេស ដែល​ថា​ មន្ត្រី​យោធា​ចិន​មួយ​ក្រុម​ បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​អាថ៌កំបាំង កាល​ពី​ចុង​ខែ​ធ្នូ​ គឺ​ប៉ុន្មាន​សប្ដាហ៍ មុន​ពេល​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​​ ដែល​គេ​ហៅ​ថា​ ដ្រូន​(drone) បាន​ធ្លាក់​នៅ​ជិត​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ Union Development Group (UDG)

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ ​ទៀ​ បាញ់​ ​បាន​ប្រាប់​អាស៊ី​សេរី​​នៅ​ថ្ងៃ​ច័ន្ទ​ទី១៧ ខែ​កុម្ភៈ​ថា ការ​ស៊ើប​អង្កេត​នៃ​ការ​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​តែ​ធ្វើ​បន្ត​នៅ​ឡើយ​ ​ប៉ុន្តែ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដំបូង​បង្ហាញ​ថា​យន្ត​ហោះ​ដ្រូន​នេះ​អាច​ហោះ​ចេញ​ពី​ក្រុម​ហ៊ុន​ចិន​ ​(UDG) នៅខេត្តកោះកុង។

លោក​ថាការ​ធ្លាក់​យន្ត​ហោះ​ដ្រូន​នេះ​ ​មិន​មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សន្តិសុខ​ជាតិ​ទេ​ ដោយវាគ្រាន់តែ​ជា​ការ​បង្ហោះ​សាក​ល្បង​​ប៉ុណ្ណោះ។ តែ​ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា មន្ត្រី​បច្ចេកទេស​កំពុង​បន្ត​ស៊ើប​អង្កេត​លើ​ករណី​នេះ ហើយ​មក​ដល់​ពេល​នេះ ពួក​គេ​មិន​ទាន់​បាន​រាយ​ការណ៍​ឲ្យ​បាន​ពិស្ដារ​នៅ​ឡើយ​ទេ៖ «យើង​ឃើញ​ថា​វា​មាន​សញ្ញា​​ហាក់​ដូច​ជា​មក​ពី​ខាង​ចិន​មែន គឺ​ខាង​ចិន​ហ្នឹង​ហោះ​មក​តែ​វា​មិន​ទាន់​ជាក់​លាក់​យើង​កំពុង​តែ​សិក្សា​មើល​ទៀត»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​លោក លី តាក់ខៃ ដែល​គេ​ស្គាល់​ថា ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ចិន ​UDG តាម​ទូរស័ព្ទ ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​នេះ​ប្រាប់​ថា លោក​មិន​មែន​ជា លី តាក់ខៃ ទេ ហើយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។

យន្តហោះ​ដ្រូន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​មករា ​ឆ្នាំ​២០១៩​ នៅ​ចម្ងាយ​ ៧​គីឡូ​ម៉ែត្រ​ពី​ក្រុមហ៊ុន​ចិន UDG ក្នុង​ទឹក​ដី​ស្រុក​គិរី​សាគរ​ ខេត្ត​កោះ​កុង។

ក្រុម​ហ៊ុន​ UDG បាន​ទទួល​ដី​សម្បទាន​ចំនួន ៤ម៉ឺន ៥ពាន់​ហិកតារ (៤៥.០០០)​ ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​សាង​សង់​វាល​យន្ត​ហោះ​ខ្នាត​ធំ​ និង​កំពុង​ផែ​ទឹក​ជ្រៅ។ កន្លង​មក​សារ​ព័ត៌មាន​អាមេរិក​ធ្លាប់​បាន​ចុះ​ផ្សាយ​ថា តំបន់​នេះ​នឹង​អាច​ត្រូវ​គេ​ប្រើ​ប្រាស់​សំ​រាប់​កងទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ទាំង​រដ្ឋាភិបាល​កម្ពុជា​និង​ចិន​ ធ្លាប់​បាន​បដិសេធ​ថា​កំពង់​ផែ​ទឹក​ជ្រៅ​ និង​ព្រលាន​យន្តហោះ​ដែល​កំពុង​សាង​សង់​នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។

ចំណែក​សារ​ព័ត៌មាន ABC របស់​អូស្ត្រាលី​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៥ កុម្ភៈ​ថា គណ:​ប្រតិភូ​ជាន់​ខ្ពស់​ឯកទេស​ខាង​ផែន​ទី​របស់​កងទ័ព​ចិន​បាន​មក​បំ​ពេញ​ទស្សន​កិច្ច​ជា​សម្ងាត់​នៅ​កម្ពុជា ៣សប្តាហ៍​មុន​ពេល​មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​ដ្រូន​​នៅ​ក្បែរ​ក្រុម​ហ៊ុន​ ​UDG

លោក ទៀ បាញ់ បាន​ថ្លែង​បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​សារ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​កន្លង​មក​នេះ​ថា ជា​រឿង​មិន​ពិត ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង​ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​មាន​មន្ត្រី​ចិន​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ច្រើន​លើក​តាម​រយ:កិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា តែ​ពួកគេ​មិន​បាន​មក​ធ្វើ​កិច្ច​ការ​ដូច​ការ​ចោទ​ប្រកាន់​របស់​កាសែត​បរទេស​ឡើយ៖ «ខ្ញុំ​បាន​និយាយ​ហើយ​ថា​កិច្ច​សហ​ប្រតិបត្តិការ​មិន​ថា ប្រទេស​ចិន ឬ​ប្រទេស​ណា​ទេ រឿង​កិច្ច​សហប្រតិបត្តិការ​គ្នា គឺ​ច្បាស់​ណាស់​​ គេ​ត្រូវ​តែ​មាន​ចាត់​បញ្ជូន​មន្ត្រី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពិភាក្សា​រក​ដំ​ណោះ​ស្រាយ»

លោក​បន្ត​ថា សារ​ព័ត៌មាន​បរទេស​​មាន​ចេតនា​អាក្រក់ ចង់​យក​រឿង​បង្កើត​មូលដ្ឋាន​ទ័ព​​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​​ក្រុម​ហ៊ុន​ចិន​មួយ​ដែល​បាន​ទទួល​ដី​សម្បទាន​ដើម្បី​អភិវឌ្ឍន៍​ទៅ​ជា​តំ​បន់​ទេសចរ​។

ទោះ​បី​ជា​យ៉ាង​ណា​សារ​ព័ត៌មាន ABC (អូស្ត្រាលី) បាន​ទទួល​ឯក​សារ​មួយ​បញ្ជាក់​ពី​ទំនាក់ទំនងជិត​ស្និទ្ធ​រ​វាង​កងទ័ព​ជើង​អាកាស​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ហើយ​ឯក​សារ​នោះ​​​សរសេរ​​ថា​ “ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​រវាង​កម្ពុជា​និង​ចិន គណ:ប្រតិភូ​ផ្នែក​ផែន​ទី​ និង​អង្កេត​ការណ៍​កងទ័ព​របស់​ចិន ​​មួយ​ក្រុម​មាន​គ្នា ៦នាក់ ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍​ទោ សុង មីងវូ (Song Ming Wu) នាយក​រង​សាកល​វិទ្យាល័យ​វិស្វកម្ម​ព័ត៌មាន​វិទ្យា​នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន និង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៤ ខែ​ធ្នូ”។

ឯកសារ​ក៏​បាន​​បញ្ជាក់​ដែរ​​ថា អនុព័ន្ធយោធា​ចិន​ប្រចាំ​​នៅ​កម្ពុជា វរសេនីយ៍ឯក លី នីងយ៉ា (Li Ningya) ដែល​ជា​អ្នក​សរសេរ​លិខិត​នោះ បាន​ស្នើ​សុំ​ឱ្យ​ភាគី​កម្ពុជា​រៀបចំ​បន្ទប់​ស្នាក់នៅ​ពិសេស​នៅ​ឯ​វាល​យន្តហោះ​ភ្នំ​ពេញ​ ភ្នាក់ងារ​ប៉ូលិស និង​អ្នកបកប្រែ​មួយ​ចំនួន ដើម្បី​ទទួល​គណៈប្រតិភូ​យោធា​ចិន​មួយ​ក្រុម​នេះ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តុលាការ​ខេត្ត​កណ្ដាល​ បញ្ចប់​​នីតិវិធី​ស៊ើបសួរ​​​ សកម្មជន​បក្ស​ប្រឆាំង​​ កំពុង​នៅ​ក្រៅ​ឃុំ​ទាំង​​ ៤​នាក់

$
0
0

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្ត​កណ្ដាល ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​​ចោល​បទ​ចោទ​​​ប្រឆាំង​ពួកគេ​ទាំង​ ៤​នាក់​ក្រោយ​ពេល​​ ចៅក្រម​ស៊ើបសួរ​ បាន​បញ្ចប់​​នីតិវិធី​ស៊ើបសួរ​​ច្រើន​ខែ​មក​ហើយ តែ​មិន​​ទាន់​បន្ត​នីតិវិធី​ថា តើ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំ​ជម្រះ ឬ​ទម្លាក់​ចោល​បទ​ចោទ។

សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ ឲ្យ​ដឹង​ថា ពួកគេ​​កំពុង​រង់ចាំ​នីតិវិធី​បន្ត​របស់​សាលា​ដំបូង​ខេត្ត​​កណ្ដាល ប៉ុន្តែ​សង្ឃឹម​ថា ចៅក្រម​ស៊ើបសួរ​ នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ រួម​គំនិត​ក្បត់​ ឬ​ញុះញង់​ ដែល​បាន​ចោទ​ប្រកាន់​កន្លង​មក។

សកម្មជន​ម្នាក់ ក្នុង​ចំណោម​ ៤នាក់ គឺ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ស្អាង លោក លី ម៉េងឃៀង​ និយាយ​ថា លោក​ទទូច​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​នេះ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ។ លោក​ថា លោក​ជា​ជន​រង​គ្រោះ នៃ​បទ​ចោទ​នេះ ដោយសារ​នគរបាល​ស្រុក​ស្អាង បញ្ឆោត​ហៅ​លោក​ទៅ​សួរ​សុខ​ទុក្ខ រួច​ចាប់​ខ្លួន ចោទ​ប្រកាន់​យក​តែ​ម្ដង។ លោក​ ទាមទារ​ឲ្យ​តុលាការ​ សង​ភាព​ស្អាត​ស្អំ​មក​វិញ ដោយ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់៖ «»

ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលា​ដំបូង​​ខេត្ត​កណ្ដាល លោក ហុក វ៉ាន់ធីណា បាន​ចោទ​ លោក លី ម៉េងឃៀង ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ ហើយ​បាន​​ចេញ​លិខិត​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ ឆ្នាំ​២០១៩។ ជាង​៣​ខែ​ មក​ហើយ ចៅក្រម​ស៊ើបសួរ មិន​ទាន់​ជូន​ដំណឹង​អំពី​នីតិវិធី​បន្ត​នៅ​ឡើយ​ទេ។

ចំណែក​សកម្មជន​​បក្ស​ប្រឆាំង នៅ​ខេត្ត​កណ្ដាល​​ ចំនួន​៣​នាក់​ទៀត ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ឃុំ​ដែរ​នោះ មាន​​មេឃុំ​​​​​​ជាប់​ឆ្នោត ឃុំ​សំរោង ស្រុក​កៀន​ស្វាយ លោក លី លីន ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ លោក ឈុន ថៃ ហៅ​ ឈុន​ ថៃ​យុទ្ធ និង សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើខ្មៅ ស្រុក​កោះ​ធំ លោក​ ផុន សុភា។

លោក លី លីន​ ដែល​រង​បទ​ចោទ ​​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដូច លោក លី ម៉េងឃៀង ​ក៏​ ត្រូវ​បាន​ប្រធាន​តុលាការ ​លោក ហុក វ៉ាន់ធីណា បញ្ចប់​ការ​ស៊ើបសួរ កាល​ពី​ថ្ងៃ​​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៩​ដែរ។ ចំណែក​លោក ឈុន ថៃ​យុទ្ធ ត្រូវ​ចៅក្រម​ស៊ើបសួរ​ លោក​ ហុក វ៉ាន់​ធីណា ដដែល​ បញ្ចប់​ការ​ស៊ើប​សួរ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ២០១៩ ក្នុង​បទ​ចោទ រួម​គំនិត​ក្បត់ និង​សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើខ្មៅ ស្រុក​កោះ​ធំ លោក​ ផុន សុភា ​គឺ​ត្រូវ​ចៅក្រម​ស៊ើបសួរ លោក​ ជួន វណ្ណៈ ​​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្នុង​បទ​ចោទ​ដូច​គ្នា។

មន្ត្រី​​មូលដ្ឋាន​នៃ​បក្ស​ប្រឆាំង៣នាក់ គឺ លោក លី ម៉េងឃៀង ឈុន​ ថៃ​ និង​ លី លីន បាន​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​សុំ​ទម្លាក់​បទ​ចោទ​ តែ​​​ចៅក្រម​សាលា​ឧទ្ធរណ៍ បដិសេធ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កណ្ដាល​ឱ្យ​នៅ​ដដែល។

លោក​​មេធាវី សំ សុគង់ ពន្យល់​ថា ករណី​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ ចៅក្រម​ស៊ើបសួរ មាន​សិទ្ធិ ​មិន​កំណត់​រយៈ​ពេល ក្នុង​ការ​បន្ត​នីតិវិធី​បន្ត​។ ​ថ្វី​បើ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មិន​បាន​កំណត់​ពេល​វេលា​យូរ ឬ​ឆាប់ បែប​នេះ​ក៏​ដោយ​ចុះ ក៏​លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ ដែល​កម្ពុជា​ទទួល​យក​ជា​ច្បាប់​កម្ពុជា​ហើយ​នោះ តម្រូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ បន្ត​នីតិវិធី​ឲ្យ​លឿន មិន​ត្រូវ​អូស​បន្លាយ​ពេល​វេលា​តាម​អំពើ​ចិត្ត​នោះ​ទេ៖ «»

ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក​ សូ សារិន ឲ្យ​ដឹង​ថា ករណី​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ តែ​លោក មិន​ដឹង​ថា ចៅក្រម​ស៊ើបសួរ នឹង​បន្ត​នីតិវិធី​​ដល់​ណា​ហើយ ឬ​នឹង​សម្រេច​បែប​ណា​ទេ៖ «»

របប​ក្រុង​ភ្នំពេញ បាន​បើក​យុទ្ធនាការ​​ចាប់​ខ្លួន​​សកម្មជន​បក្ស​ប្រឆាំង ជិត​១០០​នាក់​ កាល​ពី​​ឆ្នាំ​២០១៩ ដើម្បី​រារាំង​​សកម្មជន​ទាំង​នោះ មិន​ឲ្យ​មាន​លទ្ធភាព​ប្រមូល​ពលរដ្ឋ ទៅ​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី។ ប៉ូលិស និង​តុលាការ បាន​ចោទ សកម្មជន​ទាំង​នោះ​​ថា បាន​រួម​គំនិត ​ជាមួយ​លោក សម រង្ស៊ី មាន​បំណង​បំផុស​ពលរដ្ឋ​ឲ្យ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ។

ប៉ុន្តែ​ក្រោយ​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​ប្រកាស​ថា ផែនការ​របស់​លោក សម រង្ស៊ី បរាជ័យ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្គាប់​ឲ្យ​សម្របសម្រួល​ដោះលែង​សកម្មជន​ជាង​៧០​នាក់​ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ហើយ​ថា ស្រេច​លើ​តុលាការ​ក្នុង​ការ​អនុវត្ត​នីតិវិធី​បន្ត។

អ្នក​នាំ​ពាក្យ​សមាគម​​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា ជំរុញ​ឲ្យ​​មន្ត្រី​តុលាការ ​ទម្លាក់​​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់ ដើម្បី​ឱ្យ​ពួក​គេ​សេរីភាព​ពេញលេញ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាម​ទារ​​​របប​ក្រុង​ភ្នំពេញ​​ឱ្យ​ត្រួតពិនិត្យ​សុខភាព​​ពលរដ្ឋ​ទូទាំង​ប្រទេស​​ដើម្បី​​​រក​​មេរោគ​បង្ក​ជំងឺ Covid-19

$
0
0

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ជូន​ភ្នាក់ងារ​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ​សុខភាព​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បី​ស្វែង​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី Covid-19 ក្រោយ​ពី​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក បាន​ទៅ​ទទួល​ភ្ញៀវ​ទេសចរ ដែល​បាន​ចាក​ចេញ​ពី​នាវា​ទេសចរ វេស្ទើដាម (Westerdam) ពេល​ចូល​ចត​នៅ​ក្រុង​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន។

អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បាន​រក​ឃើញ​ថា ស្ត្រី​ជន​ជាតិ​អាមេរិក​ម្នាក់​អាយុ ៨៣ឆ្នាំ មាន​ផ្ទុក​មេរោគ សារ-ស៊ី​អូ​វី-២ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 ក្រោយ​ពី​បាន​ចេញ​ពី​នាវា​ចូល​ចត​នៅ​កំពុង​ផែ​ក្រុង​ព្រះសីហនុ ហើយ​បន្ត​ដំណើរ​ទៅ​ដល់​ទីក្រុង​កូឡាឡាំពួរ។

អ្នកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លើក​ឡើង​ថា​ ការ​ត្រួត​ពិនិត្យ​សុខ​ភាព​មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​សម្រាប់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ​ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ក៏​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព ​ដើម្បី​ស្វែង​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​ដែរ។​

ការ​លើក​ឡើង​របស់​អ្នក​ស្រី​ មូរ សុខហួរ​ មាន​កើត​មាន​ឡើង​ក្រោយ​ពី​​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់​ចាំបាច់​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព​ មុន​ពេល​ចូល​ធ្វើ​ការ​ងារ ឬ​ចូល​ក្នុង​អង្គ​ប្រជុំ​នានា។​

អ្នក​ស្រី​មូរ សុខហួរ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចាប់​ផ្ដើម​ភ័យ​​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​ក្រោយ​ពី​បាន​អនុញ្ញាត​អោយ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ជាង​១ពាន់​នាក់​ចូល​ចត​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ដែល​អាច​សង្ស័យ​ថា មាន​ឆ្លង​វីរុស​ថ្មី​នេះ៖ «ពីព្រោះ​កូរ៉ូណា​វីរុស ឬ Covid-19 នេះ​កំពុង​តែ​រាតត្បាត​ហើយ ដែល​ប្រទេស​ដ៏​ទៃ​ទៀត​កំពុង​ចាត់​វិធាន​ការ​ដ៏​ម៉ឺងម៉ាត់​ណាស់»

ក្រសួង​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ បាន​រក​ឃើញ​រោគ​សញ្ញា ជំងឺ​​រលាក​​ផ្លូវ​​ដង្ហើម កូវីដ-១៩ (Covid-19) នេះ នៅ​លើ​ស្ត្រី​ជន​ជាតិ​អាមេរិក វ័យ ៨៣ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​អ្នក​ដំណើរ​ចម្រុះ​ជាតិសាសន៍​ចំនួន​ ១៤៤ នាក់​ផ្សេង​ទៀត តាម​ជើង​​យន្តហោះ​​ពី​​ភ្នំពេញ​​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​កន្លង​ទៅ។

មនុស្ស​ទាំង ១៤៤នាក់​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ ១.៤៥៥នាក់ និង​បុគ្គលិក ៨០២នាក់​នៅ​លើ​កប៉ាល់ វ៉េស្ទើរដាម (Westerdam) ដែល​របប​ក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ និង​បន្ត​ដំណើរ​តាម​ជើង​យន្តហោះ ទៅ​កាន់​ប្រទេស​រៀងៗ ខ្លួន។

បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ មាន​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​មាន​ផ្ទុក​មេរោគ កូវីដ-១៩ (Covid-19) ក្រោយ​ពី​បាន​ចាក​ចេញ​ពី​កម្ពុជា​នោះ។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​បទ​បញ្ជា​តាម​រយៈ​សារ​សំឡេង​​បែក​ធ្លាយ​ដែល​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ​ថា លោក​ទាមទារ​ឱ្យ​ក្រុម​គ្រូពេទ្យ​ទាំង​អស់​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​ដល់​មន្ត្រី​រដ្ឋាភិបាល ហើយ​បើ​រក​ឃើញ​ថា មាន​កម្ដៅ​លើស ៣៧អង្សា ត្រូវ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេឯង។ សារ​ជា​សំឡេង​លោក សរ ខេង ដដែល​នោះ​និយាយ​ទៀត​ថា ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​រើស​អើង​ទេ តែ​ជា​វិធានការ​បង្ការ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ទាក់ទង​គ្នា៖ «ពេល​មុន​ចូល​ធ្វើ​ការ​ព្រឹក​យើង​ឆែក​ទៅ​ក្នុង​រយៈ​ពេល​ជំងឺ​ហ្នឹង​វា​មិន​ទាន់​ស្រកស្រុត អ៊ីចឹង​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ទេ ពិសេស​រាល់​ការ​ប្រជុំ​ និង​មុន​ពេល​ចូល​ប្រជុំ​គួរតែ​មាន​ការ​ត្រួតពិនិត្យ​ត្រួតពិនិត្យ​២ ឬ ៣ កន្លែង​ បើ​ថា​ពិនិត្យ​ទៅ​មាន​ការ​សង្ស័យ​មាន​ឡើង​កម្ដៅ ៣៧អង្សា​ឡើង អា ហ្នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រជុំ​រួច​យក​ទៅ​ទុក​កន្លែង​ណា​ ឬ ក៏​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទៅ។ នេះ​គ្រាន់​តែ​ជា​យោបល់​ ខ្ញុំ​ចូល​រួម​យោបល់​ទេ​ សុំ​អោយ​ពិនិត្យ​បើ​ធ្វើ​បាន​ជា​ការ​ល្អ»

អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់​ទង លោក សរ ខេង និង មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​សូម​បំភ្លឺ​ជុំវិញ​សារ​ជា​សំឡេង​ដែល​បែក​ធ្លាយ​ និង​ត្រូវ​បាន​ចែកចាយ​ត​គ្នា​តាម​បណ្ដាញ​សង្គម​នេះ​ដែរ នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ។

ចំណែក លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សារ​សំឡេង​បែក​ធ្លាយ ឬ​បទ​បញ្ជា​របស់​លោក ស ខេង នោះ​ទេ ដោយ​ថា​លោក​ជាប់​រវល់៖ «អូន​ឯង​សួរ​អ្នក​នាំ​ពាក្យ។ ពូ​កំពុង​ប្រជុំ»

អាស៊ី​សេរី​ក៏​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ លី សុវណ្ណ​ ដើម្បី​សុំ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ដែរ ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។​

បទ​បញ្ជា​របស់​លោក​ ស ខេង ឱ្យ​មន្ត្រី​រាជការ​ទាំង​អស់​ត្រួត​ពិនិត្យ​សុខភាព​ដើម្បី​រក​មេរោគ Covid-19​នេះ ហាក់​មាន​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​គោល​ជំហរ​របស់​លោក​ ហ៊ុន សែន​។​ លោក​ ហ៊ុន សែន​មិន​បាន​ណែ​នាំ​អោយ​មន្ត្រី និង​ពលរដ្ឋ​ភ័យ​ខ្លាច និង​ត្រូវ​ពាក់​ម៉ាស​ការពារ​ពេល​ទៅ​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចេញ​ពី​នាវា​ទេសចរណ៍ Westerdam នោះ​ថែម​ទៀត​ផង។

លោក​ ហ៊ុន សែន​ មិន​ត្រឹម​តែ​មិន​ភ័យ​ខ្លាច​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​ទេ។ លោក​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ​ថា នឹង​មាន​បំណង​រៀបចំ​ពិធី​ជប់លៀង​ជូន​ភ្ញៀវ​ទេសចរ ដែល​ជាប់​ក្នុង​នាវា MS Westerdam ដើម្បី​ឱ្យ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា។​

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ហ៊ាន​និយាយ​រិះ​គន់​ឥត​សំចៃ​ចំពោះ​របប​ក្រុង​ភ្នំពេញ​ដែល​កំពុង​រស់​នៅ​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក គឹម សុខ​ មាន​ប្រសាសន៍​ថា អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​លោក​ ស ខេង ទំនង​ជា​ចង់​វាយបក​ទៅ​លោក​ ហ៊ុន សែន ជុំវិញ​បញ្ហា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ​កំពុង​រីក​រាល​ដាល​ធ្វើឲ្យ​ពិភព​លោក​ភ័យ​ខ្លាច៖ «តាម​ខ្ញុំ​យល់​គឺថា​ លោក ស ខេង ក៏​មាន​ការ​សង្ស័យ​ថា​លោក​ ហ៊ុន សែន​ និង​មនុស្ស​មួយ​ចំនួន​នៅ​ជុំវិញ​ លោក​ ហ៊ុន សែន​ ក៏​កំពុង​ឆ្លង​មេរោគ​កូរ៉ូណា។ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​ដាច់​ខាត​ដូច​ដែល​ពាក្យ​លោក​ ស ខេង គាត់​មាន​ប្រសាសន៍​ថា​កន្លែង​ប្រជុំ​ និង​កន្លែង​ធ្វើ​ការ​ជា​ដើម​គួរ​តែ​មាន​ការ​ត្រួតពិនិត្យ​អ្នក​ដែល​មាន​ការ​សង្ស័យ​គឺ​មិន​ឲ្យ​ចូល​ប្រជុំ​និង​មិន​អោយ​ចូល​ធ្វើ​ការ​ទេ ហើយ​គួរតែ​បញ្ជូន​ទៅ​កន្លែង​តាម​ដាន​ពិនិត្យ​សុខភាព​ឲ្យ​បាន​ម៉ដ្ឋ ចត់»

គិត​មក​ដល់​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​នេះ អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ចំនួន​ជាង ២ពាន់ ៥រយ​នាក់ (.៥៤៣នាក់) ថែម​ទៀត។ តួលេខ​នេះ គឺ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ១ពាន់​នាក់ (៧១.៨១០-៦៩.២៦៧)។ ទន្ទឹម​គ្នា​នឹង​ការ​ឆ្លង​កើន​ឡើង ចំនួន​អ្នក​ស្លាប់ ក៏​កើន​ឡើង​ដល់​ជិត ២ ពាន់ (.៧៧៥​នាក់)
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មេ​សហជីព​សោកស្ដាយ​ដែល​លោក ​ហ៊ុន​ សែន​ នៅ​តែ​​ប្រកាន់​ជំហរ​មិន​ខ្វល់​ពី​ការ​ដក​ EBA ​របស់​សហភាព​អឺរ៉ុប

$
0
0

មេ​សហជីព​កម្ពុជា​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​តែ​ប្រកាន់​ជំហរ​មិន​ខ្វល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ​របស់​សហភាព​អឺរ៉ុប​នោះ​។​ មន្ត្រី​សហជីព​យល់​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​​ធ្វើ​ឱ្យ​​ខាត​បង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ជា​ពិសេស​ ធ្វើ​ឱ្យ​កម្មករ​ធ្វើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​រាប់​ម៉ឺន​នាក់​ ប្រឈម​នឹង​អត់​ការងារ​ធ្វើ​​នៅ​ពេល​ខាង​មុខ។

មន្ត្រី​សហជីព​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ងាក​មក​ស្ដារ​​សិទ្ធិមនុស្ស​​​​ឱ្យ​បាន​ប្រសើរ​ឡើង​ ដើម្បី​រក្សា EBA របស់​សហភាព​អឺរ៉ុប​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការងារ​ធ្វើ​បន្ត​ទៀត។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ​មាន​ប្រសាសន៍​ថា​ ​ការ​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន​ នេះ​​មិន​បាន​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ។ ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​ធ្វើ​ឱ្យ​​ប្រទេស​នេះ​ មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​វិញ​ទេ។ លោក​បន្ថែម​ទៀត​ថា ​មូលហេតុ​ដែល​លោក​ហ៊ុន សែន​ មិន​ព្រម​​ធ្វើ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​​ស្ដារ​ប្រជាធិបតេយ្យ​ និង​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​ ដោយសារ​លោក ហ៊ុន សែន ​ព្រួយបារម្ភ​ខ្លាច​​ប៉ះពាល់​ដល់​អំណាច​ដឹក​នាំ​ប្រទេស​​របស់​ខ្លួន ពីព្រោះ​​ប្រសិន​បើ​ធ្វើ​តាម​សហភាព​អឺរ៉ុប​នឹង​​ធ្វើ​ឱ្យ​គណបក្ស​​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ ដែល​ជា​ឆ្អឹង​ទទឹង​ករ​​របស់​គណបក្ស​កាន់​អំណាច៖ «ជា​រឿង​នយោបាយ​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​មក​ ឃើញ​ថា​ គណបក្ស​ប្រជាជន​ហ្នឹង​មាន​ការ​បាត់បង់​កៅអី​ច្រើន​ នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​សន្ទុះ​កើន​ឡើង​​ច្រើន ហើយ​បើ​យើង​មើល​សន្លឹក​ឆ្នោត​វា​លំអៀង​គ្នា​តិច​តួច​បំផុត។អីចឹង​ចំណុច​ហ្នឹង​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​​មាន​ការ​ព្រួយបារម្ភ​ទើប​បាន​ជា​ប្រកាន់​ជំហរ​បែប​នេះ»

មេ​សហជីព​រូប​នេះ​បន្ថែម​ថា ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ដក EBA ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឱ្យ​​កម្ពុជា​ខាត​ប្រយោជន៍​យ៉ាង​ធំធេង ជា​ពិសេស ធ្វើ​ឱ្យ​ប្រទេស​នេះ មាន​ឈ្មោះ​អាក្រក់​​នៅ​ឆាក​អន្តរជាតិ ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​មិន​ចង់​មក​​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

ចំណែក​ប្រធាន​សហជីព​កម្ពុជា លោក អាត់ ធន យល់​ថា លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​​គ្រាន់​តែ​​ជា​សារ​ស្វែង​រក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ការ​ដក​EBA តិច​ឬ​ច្រើន​​ក៏​ដោយ​គឺ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​​ដោយ​គេច​មិន​រួច​ឡើយ។

ប្រតិកម្ម​មេ​សហជីព​នេះ បន្ទាប់​ពី​​​មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺ​ លោក ហ៊ុន សែន បាន​ប្រកាស​​ជា​ថ្មី​ទៀត​ថា រដ្ឋាភិបាល​លោក​​នៅ​តែ​រក្សា​ជំហរ​ដដែល​​ដោយ​មិន​ខ្វល់​ពី​ការ​ដក​ពន្ធ EBA ពី​កម្ពុជា​នោះ​ឡើយ។ លោក​ ហ៊ុន សែន ​ប្រកាស​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុសិស្ស ​បញ្ចប់​ការ​សិក្សា​ឆ្នាំ២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី១៨ កុម្ភៈ​ថា ការ​ដក​EBA មិន​ធ្វើ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នោះ​ឡើយ៖ «ព្រោះ​អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ​ជា​អ្នក​សម្រេច​ តែ​គេ​ក៏​គោរព​នូវ​សិទ្ធិ​​សម្រេច​របស់​យើង​ដែរ​ ខ្ញុំ​អត់​មាន​អី​តប​ត​ទេ​។អា​ហ្នឹង​សិទ្ធិ​នៅ​ក្នុង​ដៃ​គេ​ ប៉ុន្តែ​ក៏​ត្រូវ​គោរព​សិទ្ធិ​នៅ​ក្នុង​ដៃ​របស់​យើង​ដែរ​ តែ​ប៉ុណ្ណឹង​វា​ឆាប់​ចប់​ កុំ​បាច់​ជជែក​សាំ តាប៉ែ​អី​។ខ្មែរ​រស់​វេទនា​ណាស់​ទម្រាំ​បាន​ប៉ុណ្ណេះ​ ងើប​ឈរ​ប៉ុណ្ណេះ​ ហើយ​បង់​ពន្ធ​ឱ្យ​គេ​ទៅ​​ក្នុង​១០០​លាន​ជាង​១០០​លាន​អី​បន្តិច​បន្តួច​អី​បង់​ទៅ​។ផ្សារ​នៅ​តែ​នាំ​ចេញ​នាំ​ចូល​ដដែល​ អោយ​ក៏​យក​មិន​ឱ្យ​អោយ​ក៏​ហី​ អា​ហ្នឹង​រឿង​សិទ្ធិ​របស់​គេ»

កាល​ពី​ថ្ងៃ​ទី​១២​កុម្ភៈ​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ ពន្ធ EBA ២០% ឬ​​​​គិត​ជា​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ ចំពោះ​ទំនិញ​នាំ​ទៅ​សហភាព​អឺរ៉ុប។ សេចក្ដី​សម្រេច​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ខាងមុខ ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​​នោះ។

កន្លង​មក​​ក្រុមហ៊ុន​សំលៀក​បំពាក់​លំដាប់​ពិភពលោក អេច អ៊ែន អ៊ែម (H&M Group) បាន​វាយតម្លៃ​ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ជាង ១លាន​នាក់ ដែល​​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​នៃ​ក្បាល​​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា៕


ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា នៅ​មិន​ទាន់​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ កូវីដ-១៩ ថ្មី​នៅ​ឡើយ​ទេ

$
0
0

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​តាម​ហ្វេសប៊ុក​នៅ​ល្ងាច​ថ្ងៃ​ទី១៨ កុម្ភៈ​ថា កម្ពុជា​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ទេសចរ​ណា​ម្នាក់​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩ (Covid-19) នៅ​ឡើយ​ទេ ទោះ​បី​នាយកដ្ឋាន​នេះ​បាន​យក​វត្ថុ​វិភាគ​រាប់​រយ​ករណី​ទៅ​វិភាគ​ក្ដី។ រីឯ​ករណី​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ ក៏​នៅ​មិន​ទាន់​រក​ឃើញ​មាន​ដែរ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បញ្ជាក់​លើ​ការ​អះអាង​នេះ​​ថា នាយកដ្ឋាន​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រុម​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក (USCDC) និង​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា (Pasteur CAMBODIA) ប្រកប​ដោយ​សមត្ថភាព និង​ភាព​ជឿ​ជាក់​ ក្នុង​ការ​បង្ការ​ និង​ឆ្លើយ​តប​ជំងឺ កូវីដ-១៩ និង​គាំទ្រ​ដោយ​មន្ទីរ​ពិសោធន៍​ស្តង់ដារ​អន្តរជាតិ។

ប្រទេស​កម្ពុជា​ធ្លាប់​រក​ឃើញ​ជន​ជាតិ​ចិន​ម្នាក់ មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ ប៉ុន្តែ​ក្រសួង​សុខាភិបាល​អះអាង​ថា បាន​ព្យាបាល​ជា ដោយ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ហើយ។ កាល​ពី​សប្ដាហ៍​មុន ម៉ាឡេស៊ី រក​ឃើញ​ជន​ជាតិ​អាមេរិក​ម្នាក់ មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 បន្ទាប់​ពី​ចាក​ចេញ​ពី​កម្ពុជា​ពី​កប៉ាល់​ទេសចរ។ លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​ទៅ​ទទួល​អ្នក​ទេសចរណ៍​ចេញ​ពី​កប៉ាល់​ទេសចរ (Westerdam)

សម្រាប់​តួលេខ​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ ទូទាំង​ពិភព​លោក ក្នុង​រយៈ​ពេល ២៤ម៉ោង​កន្លង​មក​នេះ មាន​ល្បឿន​ថយ​ចុះ​ជាង​ថ្ងៃ​ម្សិល​មិញ​ជិត​ពាក់​កណ្ដាល។

គិត​ត្រឹម​ម៉ោង ៦ល្ងាច ថ្ងៃ​ទី១៨ ខែ​កុម្ភៈ​នេះ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ៣ពាន់​នាក់ (៧៣.៣៣៦) គឺ​លើស​ម្សិលមិញ​ចំនួន​ជាង ១ពាន់ ៤រយ​នាក់ (.៤៣៤នាក់)។ ទន្ទឹម​គ្នា​នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង ១ពាន់ ៨រយ​នាក់ (.៨៧៤​នាក់)។ អ្នក​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​ជាង ១ពាន់ ៣រយ​នាក់ (១៣.០៤៩​នាក់)

អង្គការ​លីកាដូ ទាមទារ​ឲ្យ​ស៊ើប​អង្កេត និង​រក​យន្តការ​ដោះ​ស្រាយ ក្រោយ​ពី​ទារិកា​អាយុ ៥ខែ​ម្នាក់​ស្លាប់ ពេល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ "ម២"

$
0
0

អង្គការ​លីកាដូ ចេញ​ផ្សាយ​របាយការណ៍​ទាមទារ ​ឲ្យ​ស៊ើប​អង្កេត​ និង​រក​យន្តការ​ដោះស្រាយ​ជា​បន្ទាន់ ក្រោយ​ពេល​ទារិកា​អាយុ​៥​ខែ​ម្នាក់ ដែល​រស់​នៅ​ជាមួយ​ម្ដាយ​ ក្នុង​ពន្ធនាគារ «ម២» ស្លាប់​ ដោយ​សារ​រលាក​សួត និង​ខ្វះ​អាហារូបត្ថម្ភ នៅ​ពេល​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរ​រុស្ស៊ី និង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

របាយការណ៍​អង្គការ​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៨ កុម្ភៈ ឱ្យ​ដឹង​ថា ទារក​អាយុ ៥ខែ​ម្នាក់ រស់នៅ​ជាមួយ​ម្ដាយ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ (ព្រៃ​ស) បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ ទី២៦ ខែ​មករា នៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត​ ក្នុង​រាជ​ធានី​ភ្នំពេញ។ អង្គការ​លីកាដូ ថា ការ​ស្លាប់​ដ៏​ខ្លោច​ផ្សារ​នេះ បង្ហាញ​ពី​តម្រូវការ​ចាំបាច់​ សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ផ្ដល់​អាទិភាព​ សិទ្ធិ​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​សម្រាប់​ស្ត្រី​ដែល​មាន​កូន​តូច​នៅ​ជាមួយ។

អង្គការ​លីកាដូ បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ទារិកា​អាយុ ៥ខែ ក៏​មាន​រង​របួស​ជា​ទម្ងន់​ដោយ​ការ​បាក់​ឆ្អឹង​ភ្លៅ។ បុគ្គលិក​ពេទ្យ​ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ បាន​ពិនិត្យ​ស្ថានភាព​ជំងឺ​របស់​នាង​ និង​បាន​បញ្ជូន​នាង​ និង​ម្ដាយ ទៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត​។​ បុគ្គលិក​ពេទ្យ​ បាន​ថត​កាំ​រស្មី​អ៊ិច​ និង​បាន​រក​ឃើញ​ថា ទារក​នេះ​ បាន​បាក់​ឆ្អឹង​ភ្លៅ។ លីកាដូ បាន​ដាក់​ឈ្មោះ​ក្រៅ​ទារិកា​នោះ​ថា ទេវី ដើម្បី​​រក្សា​ឯកជន​ភាព​របស់​គ្រួសារ​រងគ្រោះ។

ទេវី​ និង​ម្ដាយ​ជា​ស្ត្រី​ជាប់​ឃុំ ត្រូវ​បាន​បញ្ជូន​ ទៅ​កាន់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ដោយ​ខាង​មន្ទីរពេទ្យ​រុស្ស៊ី ​លើក​ហេតុផល​ថា  មិន​មាន​អ្នក​ជំនាញ​ ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្មេង​បែប​នេះ​ទេ។ មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ព្យាបាល​ទេវី​រួច​ហើយ​ក៏​បញ្ជូន​នាង​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ បើ​ទោះ​ជា​បុគ្គលិក​ពន្ធនាគារ​បាន​ស្នើសុំ ឲ្យ​ទារិកា​រងគ្រោះ និង​ម្ដាយ​នាង ស្នាក់​នៅ​ពេទ្យ​មួយ​យប់​ ដើម្បី​តាម​ដាន​ស្ថានភាព​ជំងឺ​ក៏​ដោយ។ តែ​បុគ្គលិក​មន្ទីរពេទ្យ​បាន​បដិសេធ​ដោយ​ហេតុផល​គ្មាន​បន្ទប់​ទំនេរ។

អំឡុង​ពេល​មួយសប្ដាហ៍​ក្រោយ​មក​ ស្ត្រី​ជា​ម្ដាយ​បាន​កត់​សម្គាល់​ឃើញ​ថា ទេវី​ ​មាន​អាការៈ​ក្ដៅ​ខ្លួន​ និង​ក្អក​ជា​ប្រចាំ។​ មន្រ្តី​ពន្ធនាគារ​បាននាំ​ ទេវី​ ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​វិញ។​ វេជ្ជបណ្ឌិត​នៅ​ទី​នោះ​បាន​ជួប​ជាមួយ​ ទេវី​ និង​ម្ដាយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មុន​ពេល​កំណត់​ការ​ណាត់​ជួប​តាមដាន​ជំងឺ​នៅ​៣​សប្ដាហ៍​ក្រោយ។​ ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា​ នាង​អស់​ថ្នាំ​ ដែល​បាន​ផ្ដល់​ឱ្យ ​ទេវី លេប​​កាល​ពី​លើក​មុន​ហើយ​ ប៉ុន្តែ​វេជ្ជបណ្ឌិត​មិន​បាន​ឱ្យ​ថ្នាំ​លេប​បន្ថែម​សម្រាប់ ទេវី ទេ។

ត្រឹម​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ២០២០ ទេវី​ មាន​ការ​ពិបាក​ដកដង្ហើម។​ ម្ដាយ​របស់​នាង​ បាន​កត់​សម្គាល់​ឃើញ​ថា ទេវី ចាប់​ផ្ដើម​បាត់បង់​ស្មារតី​ និង​បាន​ប្រាប់​ទៅ​មន្ត្រី​ពន្ធនាគារ​ភ្លាមៗ។ បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ ឬ​គុក​ព្រៃ​ស បាន​ដាក់​សេរ៉ូម​ឱ្យ ទេវី និង​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត​ ជា​កន្លែង ​ដែល​គ្រូពេទ្យ​នៅ​ទីនោះ​សម្អាត​ស្លេស្ម​ និង​ថត​កាំរស្មីអ៊ិច​ សួត​របស់​នាង។​ ទេវី​ និង​ម្ដាយ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​មួយ​យប់​នៅ​ក្នុង​មន្ទីរពេទ្យ។​

លុះ​ដល់​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មករា​ ទេវី ​ពិបាក​ដកដង្ហើម​ជា​ខ្លាំង។ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ ជា​កន្លែង​ ដែល​វេជ្ជបណ្ឌិត​បាន​ព្យាយាម​យក​ស្លេស្ម​ចេញ​ពី​សួត​របស់​នាង​ និង​បាន​ធ្វើ​ចលនា​បេះដូង​ ប៉ុន្តែ​នាង​នៅ​តែ​មិន​ដឹង​ខ្លួន។ បន្ទាប់​មក ទេវី ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទូ​កញ្ចក់ បំពាក់​អុកស៊ីហ្សែន។ ៣នាទី​ក្រោយ​មក​ នាង​ក៏​បាន​ស្លាប់​បាត់​បង់ជីវិត។ ការ​ធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញ​ថា ទេវី ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារូបត្ថម្ភ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ លោក អំ សំអាត និយាយ​ថា ការ​ស្លាប់​របស់​ទារិកា​អាយុ ៥ខែ ដែល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ បង្កើត​ឲ្យ​មាន​មន្ទិល​សង្ស័យ​ច្រើន។លោក​ថា ខាង​មន្ទីរ​ពេទ្យ ហាក់​គ្មាន​ការ​សហការ​ល្អ ជាមួយ​មន្ត្រី​ពន្ធនាគារ និង​បាន​​បញ្ចូល​ទារិកា​ចុះ​ឡើង ​ពី​មន្ទីរ​ពេទ្យ​មួយ​ទៅ​មួយ និង​ការ​បញ្ជូន​ទៅ​ក្នុង​ពន្ធនាគារ​វិញ៖ «ទទូច​ថា ឲ្យ​មាន​ការ​សិក្សា​​ឲ្យ​បាន​ច្បាស់​លាស់ ទៅ​លើ​ការ​ស្លាប់​របស់​ទារក​ហ្នឹង ហើយ​រក​យន្ត​ការ​ក្នុង​ការ​ទប់​ស្កាត់ ហើយ​បង្កើន​​ធ្វើ​ម្ដេច ឲ្យ​មាន​ការ​សហប្រតិបត្តិការ​រវាង​មន្ទីរ​ពេទ្យ ជាមួយ​នឹង​ការ​ទទួល​ទារក​ ក្នុង​ការ​ព្យាបាល។ ជា​ពិសេស​ ជាមួយ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ហ្នឹង​ថា យ៉ាង​ហោច ក៏​បាន​សម្រាក ២៤ម៉ោង ក្នុង​ការ​តាមដាន»

បើ​ទោះ​ជា ទារិកា​រងគ្រោះ​ស្លាប់​ជិត ១ខែ​មក​ហើយ តែ​អគ្គ​នាយក​រង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ការ​ស្លាប់​របស់​ទារិកា​នេះ​ទេ។ លោក​ថា មន្ត្រី​ពន្ធនាគារ បាន​ផ្ញើ​របាយការណ៍​ទៅ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ តែ​លោក​ថា លោក​ផ្ទាល់​ ទើប​​បាន​ទទួល​ដំណឹង​តាម​រយៈ​​របាយការណ៍​អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី១៨ កុម្ភៈ នេះ​ទៅ​វិញ ដូច្នេះ​លោក​ថា លោក​មិន​ទាន់​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។ លោក​ស្នើសុំ​ពេល​វេលា​ ដើម្បី​ស៊ើប​អង្កេត និង​បញ្ជាក់​ករណី​នេះ៖ «ខ្ញុំ​កំពុង​ស្រាវជ្រាវ​រឿង​ហ្នឹង​ដែរ ហើយ​កំពុង​ទាក់ទង​ទៅ​ខាង​មណ្ឌល​កែប្រែ​ម២​ហ្នឹង​ដែរ ហើយ​យ៉ាង​ណាៗ ខ្ញុំ​ទាល់​តែ​ស៊ើប។ ខ្ញុំ​ទើប​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ដែរ ព្រោះ​ព័ត៌មាន​ហ្នឹង ទើប​ចេញ​ថ្មីៗ​ហ្នឹង​ទេ។ អ៊ីចឹង ​ក៏​ខ្ញុំ​កំពុង​ទាក់ទង​ទៅ ម២។ យ៉ាង​ណាៗ ខ្ញុំ​សុំ​ទទួល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន បាន​ខ្ញុំ​អាច​បកស្រាយ​កើត​រឿង​ហ្នឹង​ណា»

ម្ដាយ​របស់​ទារិកា​រង​គ្រោះ​ ត្រូវ​បាន​គេ​បញ្ជូន ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៩។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា ស្ត្រី​ពពោះ ៨ខែ​រូប​នោះ បាន​កាន់កាប់​កញ្ចប់​ថ្នាំ​ញៀន ប្រភេទ​មេតាហ្វេតាមីន​ ដែល​មាន​តម្លៃ​មួយ​ម៉ឺន​រៀល ឬ ២.៥ដុល្លារ​អាមេរិក។ ជាង​កន្លះ​ឆ្នាំ​មក​នេះ តុលាការ​មិន​ទាន់​បើក​សវនាការ​ជម្រះ​ក្ដី លើ​ស្ត្រី​ ជា​ម្ដាយ​ទារិកា​រងគ្រោះ​នេះ​ទេ។ អ្នកស្រី ក៏​​មិន​ត្រូវ​បាន​ផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយ​ក៏​មិន​បាន​ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ផង​ដែរ។

ការ​អូស​បន្លាយ​សំណុំ​រឿង​របស់​មន្ត្រី​តុលាការ ត្រូវ​បាន​សង្គម​ស៊ីវិល រិះគន់​ជា​រឿយ ប៉ុន្តែ​ហាក់​គ្មាន​ការ​កែប្រែ​ឡើយ។ លោក អំ សំអាត យល់​ថា តុលាការ ​មិន​គួរ​ឃុំ​ខ្លួន​មនុស្ស ដោយសារ​តែ​ហេតុផល​តូចតាច​ទេ។ លោក​ថា ក្រៅពី​នេះ តុលាការ​គួរ​តែ​ពន្លឿន​នីតិវិធី​ឲ្យ​បាន​ឆាប់ គឺ​គ្រប់​សំណុំ​រឿង​ទាំង​អស់ និង​ត្រូវ​​ឲ្យ​ជន​ជាប់​ចោទ យល់​ដឹង​ពី​សិទ្ធិ​តាម​ផ្លូវ​ច្បាប់។

អង្គការ​លីកាដូ អះអាង​ថា បច្ចុប្បន្ន​មាន​កុមារ​ចំនួន ១០៣នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៤៣នាក់ កំពុង​ជាប់​ឃុំ នៅ​ក្នុង​ពន្ធនាគារ​ចំនួន ១៨កន្លែង ហើយ​អង្គការ​លីកាដូ កំពុង​ធ្វើការ​ឃ្លាំមើល។ តួលេខ​នេះ​កើន​ឡើង​ស្ទើរ​តែ ២ដង គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៧ មក។ ចំពោះ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ដែល​ជា​ពន្ធនាគារ​តែ​មួយ​គត់​សាងសង់​ឡើង​សម្រាប់​ដាក់​អ្នក​ទោស ជា​ស្ត្រី និង​កុមារ និង​អាច​ផ្ទុក​អ្នក​ជាប់​ឃុំ​ ជា​ផ្លូវការ​ត្រឹម​តែ ៣៥០នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នេះ​រហូត​ជិត​ពីរ​ពាន់ (.៨៥០)នាក់។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​អំពាវនាវ​ឱ្យ​បង្កើត​គណៈកម្មាធិការ ដើម្បី​ផ្ដល់​ការ​លើក​លែង​ទោស​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ជាប់ពន្ធនាគារ​ ដែល​មាន​កូន​តូច​រស់​នៅ​ជាមួយ។ លោក​ ក៏​ធ្លាប់​​​​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​កិច្ចការ​នារី​ ពិនិត្យ​ឡើងវិញ​ពី​ស្ថានភាព​ស្ត្រី​ជាប់​ឃុំ​ក្នុង​ដំណាក់​កាល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ។ ប៉ុន្តែ នោះ​ទំនង​ គ្រាន់​តែ​ជា​សំដី​និយាយ​ឱ្យ​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ។

ថ្មីៗ នេះ​ទៀត ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ នៅ​ថ្ងៃ​ទី១៧ កុម្ភៈ លោក​ ហ៊ុន សែន ក៏​ជំរុញ​ម្ដង​ទៀត ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ តាម​ដាន​រឿង​ស្ត្រី​ជាប់​ឃុំ ដើម្បី​ពន្លឿន​ការ​កាត់​ទោស​ឱ្យ​បាន​ឆាប់ ហើយ​ស្នើ​ឱ្យ​ជួល​សណ្ឋាគារ​ ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​មាន​កូន​តូច​រស់​នៅ​ក្នុង​ពន្ធនាគារ​ ប្រសិនបើ​សាល​សវនាការ​​មិន​គ្រប់។

លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្ដែង មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ជួយ​សម្រួល​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​មាន​កូន​តូច ជាប់​ឃុំ​ជាមួយ​គ្នា។ លោក​ថា ភាព​យឺតយ៉ាវ​នេះ កើត​ឡើង ដោយសារ​នីតិវិធី និង​ការ​ស៊ើប​អង្កេត​របស់​តុលាការ៖ «យើង​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្ដែង វា​ស្ថិត​​នៅ​ក្នុង​ភាព​យឺតយ៉ាវ។ អ៊ីចឹង​ហើយ បាន​ម្សិល​មិញ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​​ជាតិ ដើម្បី​ស្ត្រី សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី លោក​បាន​រំលឹក​ពី​រឿង​ហ្នឹង​ទៀត ហើយ​ថា បើ​ខ្វះ​សាល​សវនាការ​ លោក​ថា អាច​ជួល​បន្ទប់​សណ្ឋាគារ​ធ្វើ​សវនាការ​ហ្នឹង​ណា ទាក់ទង​រឿង​សវនាការ​រឿង​ស្ត្រី នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ជា​ពិសេស​ស្ត្រី​ដែល​ពពោះ ស្ត្រី​ដែល​មាន​កូន​រស់​នៅ​តាម​ម្ដាយ​ហ្នឹង»

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​លីកាដូ ទទូច​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ធានា ថា ​មិន​ឲ្យ​កើត​មាន​ករណី​កុមារ​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ ស្លាប់ ឬ​រងគ្រោះ​បន្ត​ទៀត៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live