Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

រដ្ឋសភា​ទទួល​ស្គាល់​មនុស្ស​ជំនិត​របស់​លោក សុខ អាន ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ

$
0
0

រដ្ឋសភា​ប្រកាស​ទទួល​ស្គាល់​មនុស្ស​ជំនិត​របស់​លោក សុខ អាន គឺ​លោក ជា វ៉ាន់ដេត ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​ជំនួស​លោក សុខ អាន ដែល​ទើប​ទទួល​មរណភាព។

ការ​ប្រកាស​ទទួល​ស្គាល់​នេះ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា លើក​ទី៨ អាណត្តិ​ទី៥ នៅ​ព្រឹក​ថ្ងៃ​ទី៧ មេសា បន្ទាប់​ពី​លោក សុខ អាន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា។

លោក ជា វ៉ាន់ដេត ជា​អតីត​នាយក​ខុទ្ទកាល័យ​អតីត​ឧបនាយករដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ស្ថាបនិក​សាកលវិទ្យា​ល័យអាមេរិកាំង​ភ្នំពេញ។

ក្នុង​អាណត្តិ​ទី៥​នេះ តំណាងរាស្ត្រ​មណ្ឌល​តាកែវ ២រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ។ លោក សូរ ឃុន បាន​ទទួល​មរណភាព​កាល​ពី​ដើម​ឆ្នាំ​២០១៥ ហើយ​តំណែង​តំណាងរាស្ត្រ​របស់​លោក​​ក៏​ត្រូវ​ផ្ដល់​ទៅ​កូនប្រុស​ទី៣ របស់​លោក សុខ អាន គឺ​លោក សុខ សូកាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ប្ដឹង​ទៅ​ក្រសួង​ករណី​ចោរ​បច្ចេកវិទ្យា​លួច​អ៊ីម៉ែល

$
0
0

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រងគ្រោះ​ដោយសារ​ចោរ​បច្ចេកវិទ្យា ឬ ហេកគ័រ (Hacker) លួច​ចូល​លុកលុយ​អ៊ីម៉ែល និង​បណ្ដាញ​សង្គម មិន​ប្ដឹង​ទៅ​ក្រសួង​ជំនាញ​រក​ក្រុម​ចោរ​ទេ ដោយសារ​ពួកគេ គ្មាន​ជំនឿ​ថា រដ្ឋាភិបាល អាច​ចាប់​អ្នក​ប្រព្រឹត្តិ​បាន។ តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​វិញ យល់ថា តំណាងរាស្ត្រ​បក្ស​នេះ មាន​អំនួត និង​ចង់​ញែក រវាង​បក្ស​ប្រឆាំង និង​រដ្ឋាភិបាល។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនីវណ្ណ ប្រាប់​ថា ក្រុម​តំណាងរាស្ត្រ​របស់​លោក​គ្មាន​ជំនឿ​លើ​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ​ទេ។ លោក​ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៧ មេសា ថា តំណាងរាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ហេកគ័រ លួច​យក​គណនី​អ៊ីម៉ែល ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន និង​ទំព័រ​ហ្វេសប៊ុក រួមមាន​លោក លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង​លោក ហូរ វណ្ណ ជាដើម។

ទោះជា​យ៉ាងណា លោក ម៉ៅ មុនីវណ្ណ ថា​លោក​និង​លោក អេង ឆៃអ៊ាង បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​សុំ​បើក​គណនី​បាន​វិញ​ហើយ នៅឡើយ​តែ​អ៊ីម៉ែល​ទេ ដែល​មិនទាន់​សុំ​បាន​មកវិញ។

មិនមែន​មានតែ​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​នោះ​ទេ សូម្បីតែ​សកម្មជន​របស់​បក្ស​ប្រឆាំង និង​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធំៗ​មួយ​ចំនួន ក៏​រង​ការ​លួច​អ៊ីម៉ែល​ដែរ។ តែ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច​នៅ​មិនទាន់ មាន​ព័ត៌មាន​ថា អ៊ីមែល​របស់​ពួកគេ​ត្រូវ​បាន​គេ​លុកលុយ​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ដឹង​ថា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​មន្ត្រី​ធំៗ​ណា​រង​ការ​លួច​អ៊ីម៉ែល ឬ​ហ្វេសប៊ុក​នោះ​ទេ។ តែ​លោ​កថា​ក្នុង​សម័យ​បច្ចេកវិទ្យា ការ​បែក​ធ្លាយ​ហ្វេសប៊ុក​ឯកជន ឬ​របស់​អង្គភាព​ណាមួយ​នោះ​ជា​រឿង​ធម្មតា។ «»

ទោះជា​យ៉ាង​នេះ​ក៏ដោយ ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា នៅ​ពេល​ដែល​មាន​ការ​​លួច​អ៊ីម៉ែល ឬ​ហ្វេសប៊ុក​ណាមួយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​តែង​ពឹង​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​ណា​ម្នាក់ទៀត​ជួយ​បង្ហោះ​ដើម្បី​ប្រាប់​អ្នកគាំទ្រ និង​ដើម្បី​ជា​ការ​ជូនដំណឹង​ទៅ​សមត្ថកិច្ច។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​ថា ក្រសួង​មិនបាន​ទទួល​ពាក្យបណ្ដឹង​របស់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទេ។ លោក ខៀវ សុភ័គ ហៅ​ការ​លួច​អ៊ីម៉ែល ឬ​ហ្វេសបុក​នេះ ថា​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​លោក​លើកទឹកចិត្ត​ឲ្យ​ភាគី​ជនរងគ្រោះ​សហការ​ដោយ​ផ្ដល់​ព័ត៌មាន​ទៅ​ក្រសួង។ លោ​កថា​អ្នក​ដែល​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ មិនមែន​តែ​ខាង​គណបក្សប្រឆាំង​ទេ តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏​រងគ្រោះ ហើយ​ពិភពលោក​ទាំងមូល​ក៏​រងគ្រោះ​ដែរ។ «»

កន្លងទៅ នៅ​ពេល​គេហទំព័រ​ធំៗ​របស់​រាជរដ្ឋាភិបាល​រង​ការ​លុកលុយ ទោះ​ហេកគ័រ​មាន​សមត្ថភាព​យ៉ាង​ណា​ក្តី ពួកគេ​ភាគច្រើន​គេច​មិន​រួច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​ឡើយ។

អ្នក​ជំនាញ​បច្ចេកវិទ្យា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ពន្យល់​ថា ការ​លួច​អ៊ីម៉ែល ហើយ​ឈាន​ដល់​ការ​លួច​ហ្វេ​ស​បុក ព្រមទាំង​ផេក​ហ្វេសប៊ុក ដំបូង​ឡើយ​ហេកគ័រ​អាច​លួច​តាមរយៈ​លេខ​ទូរស័ព្ទ ដែល​អ្នក​ប្រើ​អ៊ី​ម៉ែ​ល បាន​ដាក់​ពេល​បង្កើត​អ៊ី​ម៉ែ​ល ដើម្បី​ស្រោចស្រង់​អ៊ីម៉ែល​មកវិញ ពេល​ដែល​ភ្លេច​លេខ​កូដ​សំងាត់ ឬ​ពេល​បាត់បង់​អ៊ីម៉ែល។ នេះ​ជា​មូលហេតុ​មួយ​ដែល​ហេកគ័រ​ងាយ​ក្នុង​ការ​លួច​យក​អ៊ីម៉ែល ដើម្បី​បន្ត​យក​អ៊ីម៉ែល ទៅ​លួច​យក​ហ្វេសប៊ុក​បន្ត​ទៀត។ ករណី​នេះ កើតឡើង​គឺ Hacker បាន​ផ្ញើ​សារ​ទៅ​ក្រុមហ៊ុន​ហ្វេ​ស​បុក ឬ​អ៊ី​ម៉ែ​ល​ថា បាន​បាត់ ឬ​ភ្លេច​លេខ​កូដ។ ហើយ​ក្រុមហ៊ុន​ក៏បាន​ផ្ញើ​លេខ​សំងាត់​តាម​លេខ​ទូរស័ព្ទ​ដែល​បង្កើត​មកវិញ តែ​លេខ​ទូរស័ព្ទ​នោះ ត្រូវ​បាន​ហេកគ័រ លួច​គ្រប់គ្រង។ អ្នក​ដែល​មាន​សិទ្ធ​គ្រប់គ្រង​លេខ​ទូរស័ព្ទ​របស់​ជនរងគ្រោះ អ្នក​ជំនាញ​ប្រាប់​ថា មានតែ​ក្រុមហ៊ុន​ទូរស័ព្ទ និង​អ្នក​ដែល​មាន​សមត្ថកិច្ច​គ្រប់​គ្រង​លេខ​ទូរស័ព្ទ​តែប៉ុណ្ណោះ។

ការ​លួច​ចូល​អ៊ីម៉ែល ឬ​ហ្វេសប៊ុក​នេះ អ្នក​ជំនាញ​រក​ឃើញ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុម​មនុស្ស​ពីរ​ប្រភេទ​ហើយ​ដែល​រងគ្រោះ គឺ​ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល។ អ្នក​ជំនាញ​ព្យាករណ៍​ថា មេធាវី អ្នក​ក្រុម​អ្នកសារព័ត៌មាន ក៏​ជា​មុខសញ្ញា​នៃ​ការ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែរ។

អ្នក​ជំនាញ​ផ្ដល់​យោបល់​ថា អ្នកប្រើប្រាស់​គួរ​កុំ​បង្កើត​អ៊ីម៉ែល ឬ​ហ្វេសប៊ុក ហើយ​ដាក់​លេខ​ទូរស័ព្ទ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្រោចស្រង់​ទិន្នន័យ​នៅ​ពេល​បាត់​លេខ​កូដ​សំងាត់។ អ្នក​ជំនាញ​ថា ដើម្បី​ការពារ​អ៊ីម៉ែល គេ​គួរ​ប្រើ​ប្រាស់​ប្រព័ន្ធ​លេខ​សំងាត់​ពីរ​ជាន់។

មាត្រា​៤២៧ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ចែងថា អំពើ​ចូល​ទៅ​ដល់ ឬ​ស្ថិតនៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ស្វ័យប្រវត្តិ​នៃ​ទិន្នន័យ​ដោយ​ទុច្ចរិត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល ទៅ​ពីរ​លាន​រៀល។ ប៉ុន្តែ​បើ​អំពើ​នោះ​ជាហេតុ បណ្ដាល​ឲ្យ​មានការ​លុបបំបាត់ ឬ​កែប្រែ​ទិន្នន័យ​ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ ត្រូវ​ផ្ដន្ទាទោស​១​ឆ្នាំ ទៅ​២​ឆ្នាំ និង​ពិន័យ​ពី ពីរ​លាន​រៀល ទៅ​បួន​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍​ជុំវិញ​ការ​លើក​លែង​ទោស​អតីត​អភិបាល​ខេត្ត​រតនគិរី

$
0
0

ព្រះមហាក្សត្រ​បាន​លើកលែង​ទោស​ទណ្ឌិត​ជា​អតីត​អភិបាល​ខេត្ត​រតនគិរី លោក ខាំ ឃឿន ដែល​តុលាការ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៧​ឆ្នាំ ពី​បទ "ទទួល​សំណូក​បំផ្លាញ​បរិស្ថាន និង​ក្លែង​របាយការណ៍​នគរបាល” ក្នុង​រឿង​កាប់​បំផ្លាញ​ឈើ​នៅ​តំបន់​កន្ទុយនាគ ខេត្ត​រតនគិរី។

មាន​ទស្សនៈ​ផ្ទុយ​គ្នា​ជុំវិញ​ការ​លើកលែង​ទោស​នេះ ដោយ​ទស្សនៈ​មួយ​ចំនួន​ចាត់​ទុក​ការ​លើកលែង​ទោស​នេះ ធ្វើ​ឡើង​ស្រប​ច្បាប់ និង​ទស្សនៈ​មួយ​ចំនួន​ទៀត​ថា មិន​ស្រប​ច្បាប់។

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក សុខ រដ្ឋា ជាមួយ​លោក គឹត ទូច មន្ត្រី​ច្បាប់​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ពាក់ព័ន្ធ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

“ទំនុក​ចិត្ត​លើ​ស្ថាប័ន​គ.ជ.ប​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ខណៈ​តុលាការ​បន្ត​ឃុំ​មន្ត្រី​គ.ជ.ប"

$
0
0

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​មន្ត្រី​អង្គការ​ស៊ីវិល​បារម្ភ​ថា អវត្តមាន​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា និង​បណ្ដឹង​ប្រឆាំង​លោក រ៉ុង ឈុន សមាជិក គ.ជ.ប  អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​កំណែទម្រង់ គ.ជ.ប ថ្មី។ ពួកគេ​លើក​ឡើង​ថា ករណី​បន្ត​ការ​ឃុំ​ខ្លួន​លោក នី ចរិយា នេះ ជា​ការ​បង្ក​ឲ្យ​មាន​នូវ​បរិយាកាស​ភ័យខ្លាច​ដល់​មន្ត្រី គ.ជ.ប ដទៃ​ទៀត ដែល​អាច​រារាំង​ពួកគេ​មិន​ឲ្យ​បំពេញ​ការងារ​កំណែ​ទម្រង់ គ.ជ.ប បាន​ដោយ​សេរី ឯករាជ្យ និង​ប្រកប​ដោយ​តម្លាភាព​ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ-​សង្កាត់​ខាង​មុខ។

លោក នី ចរិយា ដែល​ទទួល​បន្ទុក​ផ្នែក​សវនកម្ម​ផ្ទៃក្នុង គ.ជ.ប គ្រាន់តែ​ចូល​កាន់​តំណែង​មិន​បាន​មួយ​រយៈ​ពេល​ស្រួលបួល​ផង ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​ចំនួន​ពីរ​ធំៗ។ បណ្ដឹង​ទី​មួយ ពាក់ព័ន្ធ​នឹង​ករណី​បរិហារ​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​រិះគន់​ព្រះរាជអាជ្ញា និង​ចៅក្រម​នៅ​សាលាដំបូង​ខែត្រ​សៀមរាប។ ករណី​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក​ដោយ​ដាក់​ពន្ធនាគារ​ចំនួន ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦​លាន​រៀល។ បណ្ដឹង​ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង។

​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​នានា​ចាត់​ទុក​ថា លោក នី ចរិយា ជា​អ្នក​ទោស​មនសិការ និង​ជា​ចំណាប់​ខ្មាំង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ហើយ​ថា ការ​ឃុំ​ខ្លួន​នេះ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់ គ.ជ.ប ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត។

​អ្នកឃ្លាំមើល​បញ្ហា​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា សំណុំរឿង​ក្តីក្តាំ​តាម​ផ្លូវ​តុលាការ​ទាំង​នេះ ជា​ការ​បង្ក​ឲ្យ​មាន​នូវ​បរិយាកាស​ភ័យខ្លាច​ដល់​មន្ត្រី គ.ជ.ប ដទៃ​ទៀត។ លោក​ថា ករណី​នេះ​អាច​ក្លាយ​ជា​គំនាប​មួយ ដែល​ធ្វើ​ឲ្យ​មន្ត្រី គ.ជ.ប ជា​ពិសេស​អ្នក​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​ឯករាជ្យ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន។ ពោល​គឺ​វា​អាច​នឹង​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​របស់​មន្ត្រី​ឯករាជ្យ​ទាំង​នោះ រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ផង​ដែរ ដោយសារ​តែ​ពួកគេ​បំពេញ​ការងារ​ទាំង​មាន​ការ​ភ័យ​ខ្លាច​ករណី​គំរាមកំហែង​នេះ។

​លោក​បណ្ឌិត មាស នី៖ «ការ​ដាក់​ទោសទណ្ឌ​លោក នី ចរិយា រយៈពេល​ជិត​មួយ​ឆ្នាំ​នេះ វា​នឹង​អាច​ធ្វើ​ឲ្យ​គាត់ ទោះបី​គាត់​ចេញ​មក​វិញ ក៏​គាត់​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន មិន​ហ៊ាន​និយាយ​ច្រើន​ដូច​មុន ហើយ​បើ​យើង​មើល​ទៅ​លើ​ស្តង់ដារ​នៃ​ការ​គំរាមកំហែង ចង់ ឬ​មិន​ចង់ នៅ​ក្នុង​ស្ថានភាព​បែប​នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​ត្រូវតែ​ផ្លាស់ប្ដូរ​នូវ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​ធ្វើការ​ដែរ​ក្នុង​ពេល​ខាង​មុខ ដូច​ថា​មិន​អាច​និយាយ​ស្អី​ដែល​ខ្លួន​ឯង​ចង់​និយាយ​បាន​ត​ទៅ​ទៀត»

​ដូចគ្នា​នេះ​ដែរ សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លោក​យល់​ឃើញ​ថា ផល​ប៉ះពាល់​ពី​ករណី​ឃុំ​ខ្លួន​លោក នី ចរិយា មក​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត គឺ​ពិតជា​កើត​មាន​ឡើង​ចៀស​មិន​រួច​ឡើយ ដោយសារ​តែ​មុខ​តំណែង​អគ្គលេខាធិការ​រង​ទទួល​បន្ទុក​ផ្នែក​សវនកម្ម​នេះ ជា​មុខ​តំណែង​ទើប​បង្កើត​ថ្មី។ លោក​ថា ការ​ឃុំ​ខ្លួន​លោក នី ចរិយា នឹង​នាំ​ឲ្យ​រាល់​ការងារ​របស់​គាត់​ដែល​បាន​ប្រឹងប្រែង​ពី​មុន​មក​សម្រាប់​គម្រោង ឬ​កម្មវិធី​របស់​គាត់​ត្រូវ​អសកម្ម​ព្រោះ​ថា ក្នុង​រយៈពេល​គាត់​បំពេញ​ការងារ​បាន​មួយ​រយៈ​ខ្លី​នៅ​ស្ថាប័ន គ.ជ.ប ថ្មី​នេះ គាត់​បាន​រៀបចំ​នូវ​ផែនការ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ផ្នែក​សវនកម្ម​ផ្ទៃក្នុង គ.ជ.ប នេះ រួម​ទាំង​ពង្រាង​នូវ​បទដ្ឋាន​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ។

លោក អំ សំអាត៖ «អ៊ីចឹង​បើ​យើង​ជា​សង្គម​ស៊ីវិល ខ្ញុំ​គិត​ថា វា​នៅ​តែ​ប៉ះពាល់។ បើ​គាត់​នៅ​បំពេញ​ការងារ​របស់​គាត់ គាត់​អាច​នឹង​ធ្វើ​ឲ្យ​ផ្នែក​សវនកម្ម​នេះ វា​មាន​ភាព​រលូន​ហើយ​ល្អ​ប្រសើរ ពីព្រោះ​បើ​បាត់​គាត់​មួយ​ទៅ បន្ទុក​នេះ​វា​ត្រូវ​ធ្លាក់​លើ​អ្នក​មួយ​ផ្សេង។ អ៊ីចឹង​ការងារ​ទាំង​អស់​វា​មិន​បាន​ពេញ​ដៃ​ពេញ​ជើង ដូច​គាត់​នៅ​ទទួល​បន្ទុក ហើយ​និង​ដឹកនាំ​ធ្វើ​ទាក់ទង​នឹង​ផ្នែក​សវនកម្ម​ហ្នឹង​ទេ»

​បន្ថែម​ពីលើ​កង្វល់​របស់​លោក អំ សំអាត លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត និចហ្វិក (NICFEC) ឲ្យ​ដឹង​ថា កាល​ដែល​លោក នី ចរិយា បំពេញ​ការងារ​នៅ គ.ជ.ប លោក​បាន​ផ្តល់​គំនិត​ផ្តួចផ្តើម​ជា​ច្រើន ចង់​ឲ្យ​ដំណើរ​ការ​ក្នុង​ការងារ​បច្ចេកទេស​សវនកម្ម​ផ្ទៃក្នុង រួម​ទាំង​ការងារ​រៀបចំ​បញ្ជី​បោះឆ្នោត មាន​ភាព​ប្រសើរ​ឡើង។

​លោក សំ គន្ធាមី៖ «ការងារ​បោះឆ្នោត គឺ​គាត់​នៅ​នាយកដ្ឋាន​សវនកម្ម គឺ​ត្រូវ​ការ​ចាំបាច់​ណាស់​ក្នុង​ការ​រៀបចំ​ទាំង​ពី​បញ្ជី​ឈ្មោះ ទាំង​ពី​អ្វី​ផ្សេងៗ ដំណើរ​ការ​ហ្នឹង។ ...បើ​មាន​លោក នី ចរិយា ហ្នឹង​ទៀត វា​កាន់​តែ​ប្រសើរ​ហើយ បាន​ជួយ​កិច្ចការ​ហ្នឹង​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត»

ក្រៅ​ពី​លោក នី ចរិយា ដែល​ជា​មន្ត្រី​ឯករាជ្យ​មាន​ប្រភព​ពី​អង្គការ​សង្គម​ស៊ីវិល សមាជិក​ក្បាល​ម៉ាស៊ីន គ.ជ.ប ថ្មី លោក រ៉ុង ឈុន ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរ​ក្តីក្តាំ​តាម​ផ្លូវ​តុលាការ​មិន​ទាន់​ចប់​ស្ថាពរ​នៅ​ឡើយ​ទេ។  តុលាការ​នៅ​មិនទាន់​ទម្លាក់​ចោល​ជា​ផ្លូវការ​នូវ​បទ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ថា បាន​ពាក់ព័ន្ធ​នឹង​រឿង​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ កាល​ពី​អំឡុង ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ខែ​មករា ឆ្នាំ​២០១៤ រហូត​ដល់​ផ្ទុះ​អំពើ​ហិង្សា​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​កម្មករ និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សំណុំរឿង​ទាក់ទង​ទៅ​នឹង​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​បិទ​បញ្ចប់​ហើយ តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ហើយ​លោក​មិន​ចាំបាច់​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច​ទៀត​ទេ។ ប៉ុន្តែ​លោក​ថា លោក​ពុំ​ទាន់​ឃើញ​មាន​ការវិវត្តន៍​ថា តើ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​ទម្លាក់​ចោល​តាម​ការ​ស្នើ​សុំ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក៏​ដូចជា​សហព័ន្ធ​សហជីព​អន្តរជាតិ (IPUC) ដូច​តាម​ការ​ចរចា​គ្នា​កន្លង​មក​នោះ​ទេ។

​លោក រ៉ុង ឈុន៖ «យើង​តែងតែ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ដូច​ថា យើង​ធ្វើការ​មិន​មាន​អារម្ភ​ស្ងប់ស្ងាត់ ពីព្រោះ​វា​នៅ​មាន​សំណុំរឿង​ពាក់ព័ន្ធ​ជាមួយ​បាតុកម្ម ក៏​ដូចជា​ករណី​ផ្លូវ​វ៉េងស្រេង។ ប៉ុន្តែ​មិន​ដឹង​ថា សំណុំរឿង​នោះ​ត្រូវ​ទម្លាក់​ចោល ឬ​មួយ​យ៉ាង​ណា​នោះ យើង​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ឃើញ​នូវ​ការវិវត្តន៍​អី​ដែរ»

យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន ចាត់​ទុក​ដំណើររឿង​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​នេះ ជា​រឿង​មួយ​ដាច់​ដោយ​ឡែក ហើយ​ថា អ្វី​ដែល​លោក​ខ្វាយខ្វល់​គឺ​រឿង​នៅ​ចំពោះ​មុខ។ ពោល​គឺ​ធ្វើ​យ៉ាង​ណា ឲ្យ​ដំណើរ​ការ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ ហើយ​គ្រប់​ភាគី​គណបក្ស​នយោបាយ​ទាំង​អស់​ទទួល​យក​បាន​ទាំង​អស់​គ្នា ដោយ​មាន​ការ​សាទរ​ពី​អន្តរជាតិ។

លោក រ៉ុង ឈុន៖ «បើសិនជា​អវត្តមាន​របស់​ខ្ញុំ​មួយ វា​ត្រូវ​តែ​មាន​ផល​ប៉ះពាល់​ហើយ​ជា​ស្រេច​ហើយ ពីព្រោះ​វា​ត្រូវ​បាត់​សំឡេង​មួយ​ហើយ។ អ៊ីចឹង​រាល់​ការ​សម្រេច អ្វីៗ​ត្រូវ​តែ​មាន​ផល​ប៉ះពាល់។ ប៉ុន្តែ​គ្រាន់​តែ... តែ​សង្ឃឹម​ថា នឹង​មិន​មាន​អ្វី​កើត​ឡើង​នោះ​ទេ»

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​ខាង​លើ​នេះ លោក ហង្ស ពុទ្ធា ដែល​ជា​មន្ត្រី​នាំ​ពាក្យ គ.ជ.ប និង​ជា​សមាជិក​ឯករាជ្យ​ម្នាក់ ក្នុង​ចំណោម​សមាជិក​ទាំង ៩​នាក់​របស់ គ.ជ.ប ថ្មី​នេះ អះអាង​អំពី​ដំណើរ​ការ​ដោយ​រលូន​នៃ​កំណែទម្រង់ គ.ជ.ប ថ្មី​នេះ។ លោក​ថ្លែង​ថា ទោះ​ជា​ក្នុង​ករណី​បែប​ណា​ក៏ដោយ ឧទាហរណ៍​ករណី​អវត្តមាន​សមាជិក គ.ជ.ប ឬ​ក៏​អគ្គលេខាធិការ អគ្គលេខាធិការ​រង ឬ​ក៏​មន្ត្រី គ.ជ.ប ណា​ម្នាក់ ទិដ្ឋភាព​ច្បាប់​ថ្មី​នេះ​នឹង​មិន​បណ្ដាល​ឲ្យ​មាន​ភាព​ជាប់​គាំង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​ទេ។

លោក​ស្នើសុំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នេះ ពោល​គឺ​អ្វីៗ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​តាម​ការ​គ្រោង​ទុក ហើយ​ថា រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់​គឺ​សមាជិក គ.ជ.ប ទាំង ៩​នាក់​នេះ ជា​អ្នក​សម្រេច​ចិត្ត ខណៈ​ដែល​អគ្គលេខាធិការ ឬ​អគ្គលេខាធិការ​រង គឺ​គ្រាន់​តែ​ជា​អ្នក​អនុវត្ត​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​តែប៉ុណ្ណោះ។

​​លោក​បណ្ឌិត ហង្ស ពុទ្ធា៖ «ខ្ញុំ​ចង់​និយាយ​ថា ក្នុង​នាម​ស្ថាប័ន​អាណាព្យាបាល​របស់​លោក នី ចរិយា ពិត​ជា​មិន​ចង់​ឲ្យ​រឿង​ហ្នឹង​កើត​ឡើង​ទេ ហើយ​ការ​បាត់បង់​លោក នី ចរិយា ក្នុង​តំណែង​អគ្គលេខាធិការ​រង​នេះ ត្រូវ​បាន​ជំនួស​ដោយ​ការ​ចាត់​ចែង​ការងារ​រួម​របស់​សមាសភាព គ.ជ.ប ទាំង ៩​នាក់ រួច​រាល់​ហើយ។  ក្នុង​ប្រតិបត្តិការ​​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ប្រសិនបើ​នៅ​តែ​អវត្តមាន​លោក នី ចរិយា ទៀត ក្រោយ​ការ​បោះឆ្នោត​ដែល​តួនាទី​ជា​អ្នក​ធ្វើ​សវនកម្ម​ហ្នឹង គ.ជ.ប នឹង​ចាត់​ចែង​បន្ត​ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​មួយ​ទទួល​យក​បាន​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ»

​លោក ហង្ស ពុទ្ធា បញ្ជាក់​ថា នឹង​មិន​មាន​ការ​ផ្លាស់ប្ដូរ​មុខ​តំណែង​លោក នី ចរិយា នេះ​ឡើយ ដរាប​ណា​ពុំ​ទាន់​មាន​សេចក្ដី​សម្រេច​ជា​ស្ថាពរ​ពី​តុលាការ​កំពូល ផ្ដន្ទាទោស​លោក នី ចរិយា ពី​បទ​ឧក្រិដ្ឋ ឬ​បទល្មើស​មជ្ឈិម​ណា​មួយ។ ពោល​គឺ​មុខ​តំណែង​របស់​លោក នឹង​ត្រូវ​រក្សាទុក​ឲ្យ​នៅ​ទំនេរ តែ គ.ជ.ប នៅ​តែ​បើកប្រាក់​បៀវត្ស​ជា​ធម្មតា​ឲ្យ​លោក​ដដែល។

បើ​ទោះបី​ជា​ក្នុង​អាណត្តិ​ថ្មី​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ឆ្លង​កាត់​នូវ​ការ​ធ្វើ​កំណែទម្រង់​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក៏ដោយ ក៏​ទំនុក​ចិត្ត​លើ​ឯករាជ្យភាព តម្លាភាព និង​អព្យាក្រឹតភាព​របស់​ស្ថាប័ន​មួយ​នេះ នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ។ ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ នេះ នឹង​ក្លាយ​ជា​វិញ្ញាសា​មួយ​សម្រាប់​ស្ថាប័ន​មួយ​នេះ ដែល​ធ្លាប់តែ​ទទួល​រង​នូវ​ការ​រិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​ថា មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

កំណែ​ទម្រង់ គ.ជ.ប ថ្មី ហាក់​ស្ថិត​នៅ​លើ​វិថី​ដ៏​រដិបរដុប និង​ពិបាក​គួរ​ឲ្យ​ទុក​ចិត្ត ភ្លាមៗ​ក្រោយ​ពេល​ដែល​ស្ថាប័ន​មួយ​នេះ កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៦ សម្រេច​តែងតាំង​អគ្គលេខាធិការ​ដែល​ជា​សេនាធិការ​ចាត់ចែង​ការងារ​បច្ចេកទេស​រៀប​ចំ​ការ​បោះឆ្នោត​របស់​ខ្លួន​ជា​មនុស្ស​ដដែល គឺ​លោក ទេព នីថា។

ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង និង​ទាំង​មន្ត្រី​សង្គម​ស៊ីវិល សុទ្ធតែ​បាន​សម្ដែង​ក្តី​សោកស្ដាយ និង​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​នេះ។ ពួកគេ​យល់​ថា វត្តមាន​លោក ទេព នីថា ក្នុង​ស្ថាប័ន គ.ជ.ប ថ្មី​នេះ អាច​ធ្វើ​ឲ្យ​មហាជន​អស់​ជំនឿ និង​លែង​ទុកចិត្ត​លើ​កំណែទម្រង់​ស្ថាប័ន​មួយ​នេះ ដោយសារ​តែ​មិន​មាន​អ្វី​ប្រែប្រួល​ចំពោះ​ក្បាល​ម៉ាស៊ីន​រៀបចំ​កិច្ចការ​បច្ចេកទេស​បោះឆ្នោត​នេះ។ ម្យ៉ាង​វិញ​ទៀត កេរ្តិ៍ឈ្មោះ​របស់​លោក ទេព នីថា ក៏​ធ្លាប់​ត្រូវ​បាន​ប្រឡាក់​ប្រឡូក​ក្នុង​ការ​រៀប​ចំ​ដំណើរការ​បោះឆ្នោត​ចំនួន​បី​អាណត្តិ​រួច​មក​ហើយ ដែល​ពោរពេញ​ទៅ​ដោយ​រឿង​ចម្រូងចម្រាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍៖ សកម្មជន​បរិស្ថាន​បារម្ភ​ចំពោះ​បញ្ហា​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង

$
0
0

ក្រុម​សកម្មជន​ការពារ​បរិស្ថាន សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បទល្មើស​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង ដែល​នៅ​តែ​បន្ត​កើត​មាន ហើយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ។ អាជីវកម្ម​បូម​ខ្សាច់​អាច​បំផ្លាញ​បរិស្ថាន នាំ​ឲ្យ​មាន​អំពើ​ពុករលួយ និង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​សហគមន៍។

អង្គការ​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា ក្រុមហ៊ុន​ឯកជន​មួយ​កំពុង​សាងសង់​ការដ្ឋាន​លាង​ខ្សាច់​មួយ​កន្លែង នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ ហើយ​ក្រុមហ៊ុន​នេះ​អាច​បូម​ខ្សាច់​ធ្វើ​ជីវកម្ម​នៅ​ពេល​ខាង​មុខ។

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក​ មួង ណារ៉េត ជាមួយ​លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជុំវិញ​ព័ត៌មាន​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​ចាប់​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​នៅ​កំពង់ធំ​ថា​ជា​ការ​បំបាក់​ស្មារតី​​នយោបាយ

$
0
0

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ យល់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រយា ស្រុក​សន្ទុក គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ គឺ​ជា​ការ​គំរាមកំហែង និង​បំបាក់​ស្មារតី​ផ្នែក​នយោបាយ ព្រម​ទាំង​មិន​ចង់​ឱ្យ​អ្នក​ភូមិ​មាន​ទំនាស់​ដីធ្លី​ហ៊ាន​ចេញ​មុខ​តវ៉ា​បន្ត​ទៀត។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រយា គណបក្ស​ជំទាស់​ម្នាក់ ត្រូវ​បាន​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​កម្លាំង​ចុះ​រុះរើ​សំណង់​នៅ​លើ​ដី​ទំនាស់ ហើយ​ចាប់​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្នើ​ឱ្យ​អាជ្ញាធរ​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ម្នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​ស្នើ​នេះ ដោយ​ពួកគេ​យល់​ថា ការ​ចាប់​ខ្លួន​មនុស្ស​ទាំង​ពីរ​នាក់​នោះ គឺ​មន្ត្រី​អាជ្ញាធរ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ទេ។

ប្រធាន​ប្រតិបត្តិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រយា គឺ​ជា​ការ​ប្រើ​អំណាច​ហួសហេតុ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត។ បន្ថែម​ពី​នេះ លោក​យល់​ថា អាច​ពាក់ព័ន្ធ​រឿង​នយោបាយ​ទៀត​ផង ព្រោះ​សំណុំ​រឿង​នេះ​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​ព្រម​ដោះស្រាយ​ទេ ម្យ៉ាង​មន្ត្រី​របស់​ខ្លួន​រូប​នេះ គឺ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​ក្រយា លេខ​រៀង​ទី​២ ថែម​ទៀត​ផង៖ «យើង​នឹង​ស្នើ​ឱ្យ​ដោះលែង​វិញ​រហូត​ដល់​រាជរដ្ឋាភិបាល ព្រោះ​ប្រមុខ​រដ្ឋាភិបាល សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា នឹង​មិន​ឱ្យ​មាន​ពលរដ្ឋ ឬ​មន្ត្រី​ណា​ម្នាក់​ជាប់​ឃុំ​ដោយសារ​រឿង​ជម្លោះ​ដីធ្លី​នេះ​ទេ»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​រុះរើ​សំណង់​របស់​ពលរដ្ឋ ១៧​គ្រួសារ​​លើ​ដី​មាន​ទំនាស់​ជិត ៣​ហិកតារ ដែល​អាជ្ញាធរ​អះអាង​បាន​សាងសង់​លើ​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។ ពេល​ចុះ​ធ្វើ​សកម្មភាព​អាជ្ញាធរ​ចាប់​ពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មសំលៀង ម្នាក់ ឈ្មោះ សុន ចាន់ធឿន និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រយា គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ឈ្មោះ នេត សៅ។

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ លោក តឹប ញាតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ឈ្មោះ ចាន់ ធឿន គឺ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​រដ្ឋបាល​ព្រៃឈើ ដែល​បាន​ប្ដឹង​ពលរដ្ឋ​រូប​នោះ​ចំនួន ៣​ដង​រួច​មក​ហើយ ជុំវិញ​ករណី​រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​តាំង​ពី​ឆ្នាំ​២០១៤។

លោក​បន្ត​ថា ចំណែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​គណបក្ស​ប្រឆាំង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រារាំង​ការ​អនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ជំនាញ ដែល​មាន​ចែង​ក្នុង​ច្បាប់​ព្រៃឈើ ហើយ​អាច​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ។ លោក​អះអាង​ថា រឿ​នេះ​មិន​មែន​ជា​រឿង​នយោបាយ​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ៖ «ព្រះរាជអាជ្ញា​គាត់​នឹង​សួរ​បន្ថែម​នូវ​អ្វី​ដែល​ជាក់ស្ដែង ចំពោះ​ខាង​យើងៗ អនុវត្ត​តែ​ការងារ​យើង​ទេ»

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ជន​ទាំង​នោះ​ត្រូវ​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ហើយ​ក្រោយ​ពេល​សាកសួរ​ចាប់ នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​ទៀត។

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្រយា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន អ្នកស្រី ណុច សៀម ស្នើ​ឱ្យ​ដោះលែង​ប្ដី​របស់​គាត់ និង​ពលរដ្ឋ​ម្នាក់​ទៀត ពីព្រោះ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា នៅ​ថ្ងៃ​កើត​ហេតុ ប្តី​របស់​គាត់​ភ្លេច​ទូរស័ព្ទ​នៅ​សាលា​ឃុំ​ក្រយា ហើយ​ជិះ​ម៉ូតូ​ទៅ​យក​វិញ ក៏​ប្រទះ​ឃើញ​កម្លាំង​សមត្ថកិច្ច​រុះរើ​សំណង់​នៅ​លើ​ដី​មាន​ទំនាស់ ក៏​ឆៀង​ចូល​ទៅ​មើល ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​បង្ហាញ​លិខិត​ស្នាម​ចុះ​រុះរើ និង​ធ្វើ​កំណត់ហេតុ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ​វាយ និង​ចាប់​ខ្លួន​តែម្ដង៖ «មិន​ដឹង​គេ​មានបំណង​ចង់​ចាប់​គាត់​ពី​មុនៗ មក​រឿង​អីៗ​ទេ ក៏​អត់​ដឹង​ដែរ»

​ជុំវិញ​ទំនាស់​ដីធ្លី ១៧​គ្រួសារ​នេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ២០១៧ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ បាន​បញ្ជូន​លិខិត​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង តាម​រយៈ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ឱ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​មហាផ្ទៃ វិញ​ទេ។

លិខិត​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ មិន​ទាន់​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ តម្រូវ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​នៅ​សេសសល់​ចំនួន ១៧​គ្រួសារ និង​ស្នើ​ឱ្យ​ស្រាវជ្រាវ​ករណី​គំរាមកំហែង និង​ប្រមាថ​ប្រជាពលរដ្ឋ ព្រម​ទាំង​ករណី​អំពើ​ពុករលួយ​ផង។

ប្រធាន​អង្គការ​តម្លាភាព និង​សន្តិភាព អ្នកស្រី ម៉ម ស៊ីថា ដែល​ស្ថិតនៅ​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា អះអាង​ថា សកម្មភាព​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ម្នាក់​ជា​ការ​បំបាក់​ស្មារតី​មិន​ឱ្យ​ពលរដ្ឋ​ផ្សេង​ចេញ​មុខ​តវ៉ា​ទាមទារ​ដី​របស់​ខ្លួន និង​ជា​រឿង​នយោបាយ​ច្រើន​ជាង។ បន្ថែម​ពី​នេះ ក្នុង​ពេល​ចាប់​ខ្លួន​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ហើយ​មន្ត្រី​គណបក្ស​ប្រឆាំង​រង​របួស​ស្រាល។

​យ៉ាង​នេះ​ក្តី លោក តឹប ញាតា ចង់​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទ​ប្រកាន់​សមត្ថកិច្ច​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រឆាំង​ឱ្យ​បាន​ច្បាស់​លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ផ្ដើម​រក​ចំណូល​ពី​​ទេសចរ

$
0
0

គណៈកម្មការ​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ ខេត្ត​កំពង់ឆ្នាំង ប្រកាស​យក​ភាស៊ី​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ភ្ញៀវ​ទេសចរ​ជិះ​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ។ មន្ទីរ​ទេសចរណ៍​គាំទ្រ​ការ​រក​ចំណូល​របស់​សហគមន៍​ដើម្បី​ទំនុកបម្រុង​ផ្នែក​អនាម័យ​បរិស្ថាន និង​បង្គន់​អនាម័យ​ជូន​ភ្ញៀវ​ទេសចរណ៍ ខណៈ​ដែល​ភ្ញៀវ​បាន​ចូល​ទៅ​កម្សាន្ត​ជា​បណ្ដើរៗ​ហើយ​នោះ។

តំណាង​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា គណៈកម្មការ​បាន​សម្រេច​យក​ថ្លៃ​ភាស៊ី​ឡាន​មួយ​គ្រឿង​ ៥​ពាន់​រៀល ម៉ូតូ​មួយ​គ្រឿង ២​​ពាន់​រៀល និង​គោយន្ត ២​ពាន់​រៀល។ ចំពោះ​ភ្ញៀវ​ទេសចរ​អាច​ចូល​កម្សាន្ត ឬ​លេង​ទឹក​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ ប៉ុន្តែ​សហគមន៍​ស្នើ​ឲ្យ​ភ្ញៀវ​គ្រប់​រូប​ជួយ​រក្សា​អនាម័យ ដោយ​វេច​ខ្ចប់​សំរាម​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ក្រោយ​ហូប​នំ​ចំណី​រួច។

អនុ​ប្រធាន​គណៈកម្មការ​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ លោក ប៉ិល សារិទ្ធ ថ្លែង​ថា ការ​សម្រេច​នេះ​នឹង​ត្រូវ​អនុវត្ត​បី​ថ្ងៃ​មុន ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ដោយ​លោក​សង្ឃឹម​ថា អាច​មាន​ភ្ញៀវ​នៅ​ក្នុង និង​ក្រៅ​ខេត្ត​ខ្លះ​សម្រុក​មក​លេង​ទឹក​ធ្លាក់​នៅ​តំបន់​នេះ ព្រោះ​បច្ចុប្បន្ន​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ មាន​ភ្ញៀវ​ចូល​លេង​ជិត ១០០​នាក់ ឬ​ស្មើ​នឹង​ម៉ូតូ​ប្រមាណ ៤០​គ្រឿង៖ «ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ភ្ញៀវ​មក​លេង ព្រោះ​ជា​កន្លែង​ថ្មី ហើយ​ពេល​ភ្ញៀវ​មក​លេង​ម្ដងៗ គាត់​តែងតែ​ថា កន្លែង​ហ្នឹង​ល្អ​ជាង​កន្លែង​នានា​ទៀត ប៉ុន្តែ​គាត់​ផ្ដល់​អនុសាសន៍​ឲ្យ​ថា សំខាន់​ឲ្យ​ពួក​ខ្ញុំ​ថែរក្សា​រឿង​អនាម័យ។ អត់​មាន​អាហារដ្ឋាន​អី​លក់​នៅ​ឡើយ​ទេ ធម្មតា​ដំបូង​អ៊ីចឹង​ខ្វះ​មុខ​ខ្វះ​ក្រោយ សំខាន់​កន្លែង​លេង​ល្អ ដាក់​ម៉ូតូ​ដាក់​អត់​អី​ទេ​មាន​សុវត្ថិភាព»

លោក ប៉ិល សារិទ្ធ បញ្ជាក់​ថា កន្លែង​ដាក់​យានជំនិះ​មាន​ទំហំ​ប្រមាណ ៦៥​ម៉ែត្រ​ការ៉េ នៅ​លើ​ចង្កេះ​ភ្នំ​អន្លង់ស្វាយ ឋិត​នៅ​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ ពី​ទឹក​ធ្លាក់​ជាន់​ទី​១។ បច្ចុប្បន្ន​តំបន់​ទេសចរណ៍​ធម្មជាតិ​នេះ មិន​ទាន់​មាន​អាហារដ្ឋាន បង្គន់​អនាម័យ ឬ​កន្លែង​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដោយ​លោក​ស្នើ​ឲ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង ជួយ​ទំនុកបម្រុង​ផ្នែក​បច្ចេកទេស​ដើម្បី​ដំណើរ​ការ។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី ថា ក្រុម​ការងារ​លោក​នឹង​ចុះ​រៀបចំ​របៀប​គ្រប់គ្រង​តំបន់​ទេសចរណ៍​នេះ​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច ហើយ​កៀរគរ​រក​ប្រភព​ជំនួយ​ពី​វិស័យ​ឯកជន ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ឲ្យ​កាន់​តែ​ទាក់ទាញ បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​ធ្វើ​ផ្លូវ​ក្រួស​ក្រហម​ឡើង​ដល់​តំបន់​នោះ៖ «ពេល​រៀបចំ​លើក​ទី​មួយ​មាន​ការ​រអ៊ូរទាំ​ពី​ភ្ញៀវ​ទេសចរ​ថា មក​ពី​ផ្លូវ ឥឡូវ​អាជ្ញាធរ​ឃុំ​ក្បាល​ទឹក​បាន​ជួយ​កសាង​ផ្លូវ​ឲ្យ​ហើយ អ៊ីចឹង​នៅ​សល់​តែ​បច្ចេកទេស​មួយ​ចំនួន និង​អ្នក​ជួយ​គាំទ្រ​ធនធាន​ថវិកា​អី ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ និង​អំពាវនាវ​ឲ្យ​អ្នក​មាន​ធនធាន​ដើម្បី​ជួយ»

តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ ត្រូវ​បាន​សហគមន៍​រក​ឃើញ​កាល​ពី​ឆ្នាំ​២០០៣ ថា មាន​ទឹក​ធ្លាក់​ចំនួន ១១​ជាន់ អម​ដោយ​ព្រៃ​ធម្មជាតិ ឋិត​នៅ​ភូមិ​ដូង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស។ តំបន់​ទេសចរណ៍​ដែល​រក​ឃើញ​ថ្មី​នេះ មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឡ​ចំហាយ​ដែល​ផ្ទុះ​សម្លាប់​មនុស្ស​២​នាក់​និង​របួស​៤​នាក់​ត្រូវ​បាន​បិទ​បណ្ដោះអាសន្ន

$
0
0

សមត្ថកិច្ច​សម្រេច​បិទ​សិប្បកម្ម​កែច្នៃ​សម្លៀក​បំពាក់​មួយ​កន្លែង​បណ្ដោះអាសន្ន​សិន បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ឡ​ចំហាយ​បណ្ដាល​កម្មករ ២​នាក់​ស្លាប់ និង ៤​នាក់​រង​របួស។ ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មេសា។

​មិន​ទាន់​មាន​ការ​ពន្យល់​ផ្លូវការ​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ពី​ករណី​ផ្ទុះ​ឡ​ចំហាយ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សមត្ថកិច្ច​ថា ករណី​នេះ​កើត​ឡើង​ព្រោះ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​សិប្បកម្ម។ កម្មករ​ពីរ​នាក់​ដែល​រងគ្រោះ​ម្នាក់​ជា​សន្តិសុខ​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​កន្លែង​កើត​ហេតុ រី​ឯ​កម្មករ​ម្នាក់​ទៀត​ជា​ស្ត្រី​បម្រើ​ការងារ​ផ្នែក​អនាម័យ បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។ ចំណែក​អ្នក​របួស​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

​កម្មករ​ធ្វើការ​នៅ​សិប្បកម្ម​នេះ គឺ​លោក ឡន យូ រៀបរាប់​ថា ពេល​ផ្ទុះ​ឡ បំណែក​ដែក​ខ្ទាត​ចេញ​ក្រៅ​របង នៅ​ពេល​នោះ​ដែរ លោក​ឃើញ​សន្តិសុខ​ដែល​បាត់បង់​ជីវិត ខ្ទាត​ចេញ​បុក​របង​មក​ក្រៅ។ លោក​ថា កាល​ពី​បី​ថ្ងៃ​មុន​កើត​ករណី​នេះ ឡ​នេះ​បាន​ផ្ដល់​សញ្ញា​ចង់​ផ្ទុះ​ម្ដង​ហើយ ប៉ុន្តែ​ត្រូវ​ថៅកែ​ហៅ​អ្នក​ជំនាញ​កែសម្រួល​ឡើង​វិញ៖ «»។

ករណី​ផ្ទុះ​ឡ​ចំហាយ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​មេសា ជា​ពេល​ដែល​កម្មករ​ធ្វើ​ការ​នៅ​រោង​សិប្បកម្ម​កែច្នៃ​សម្លៀក​បំពាក់​សម្រាក​ពិសា​បាយ។ ឡ​ដែល​ផ្ទុះ​នោះ គេ​ប្រើប្រាស់​កម្ដៅ​ភ្លើង​អុស ទឹក បូក​ផ្សំ​នឹង​ចរន្ត​អគ្គិសនី​ដើម្បី​យក​ចំហាយ​ក្ដៅ​នោះ​មក​ប្រើប្រាស់។

កម្មករ​ឲ្យ​ដឹង​ថា រោង​សិប្បកម្ម​នេះ ត្រូវ​បាន​សមត្ថកិច្ច​បិទ​មិន​ឲ្យ​ដំណើរ​ការ​ម្តង​រួច​ហើយ ប៉ុន្តែ​ទើប​ដំណើរ​ការ​ឡើង​វិញ កាល​ពី​ដើម​ខែ​មេសា។  កម្មករ​ជំនាញ​មួយ​ចំនួន​ដែល​ធ្វើការ​នៅ​សិប្បកម្ម​នេះ​ឲ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ប្រសិនបើ​អ្នក​មើល​ថែ​ដុត​ឡ ត្រូវ​ជា​មនុស្ស​ជំនាញ​ដឹង​ពេល​ត្រូវ​ដុត​អុស និង​បញ្ចេញ​កម្ដៅ​ជាដើម នោះ​មិន​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ។ ពួកគេ​ឲ្យ​ដឹង​ទៀត​ថា សន្តិសុខ​ដែល​បាត់បង់​ជីវិត​ក្នុង​ពេល​ដុត​អុស​នោះ មិនមែន​ជា​អ្នក​ជំនាញ​ផ្នែក​ឡ​ទេ។

នាយក​រដ្ឋបាល​សាលា​ខណ្ឌ​មានជ័យ លោក ហួយ វីរៈ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​ពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​ម្ចាស់​សិប្បកម្ម​ធ្វើ​របាយការណ៍​ដែល​ឈាន​ដល់​ទៅ​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ព្រះរាជអាជ្ញា។ លោក​ឲ្យ​ដឹង​ទៀត ទីតាំង​សិប្បកម្ម​នេះ​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នោះ​ទេ។ អ្វី​ផ្សេង​ពី​នេះ លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ៖ «»។

ទាក់ទង​រឿង​នេះ អាស៊ីសេរី មិន​អាច​បញ្ជាក់​បន្ថែម​ពី​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​បាន​នៅ​ឡើយ។ នាយក​រដ្ឋបាល​សាលា​ខណ្ឌ​មានជ័យ លោក ហួយ វីរៈ និយាយ​ថា ប្រសិន​សមត្ថកិច្ច​រក​ឃើញ​ថា រឿង​នេះ​ជាប់​ទាក់ទង​ករណី​បទល្មើស​ព្រហ្មទណ្ឌ សមត្ថកិច្ច​នឹង​កសាង​សំណុំ​រឿង​នេះ​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី៖ ចៅក្រម​ស៊ើបសួរ​កំពុង​​បន្ត​ចាត់ការ​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្ដី​លោក កែម ឡី

$
0
0

មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​តុលាការ​បំបែក​ជា​ពីរ​ករណី គឺ​តុលាការ​កំពុង​បន្ត​ស៊ើប​អង្កេត​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ កាល​ពី​ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ប៉ុន្តែ​អ្នក​តាម​ដាន​ពី​ព្រឹត្តិការណ៍​សង្គម​យល់​ឃើញ​ថា ការ​បំបែក​សំណុំរឿង​ជា​ពីរ​នេះ នៅ​តែ​មិន​អាច​ជឿជាក់​បាន​ថា នឹង​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ឲ្យ​លោក​បណ្ឌិត កែម ឡី បាន​ឡើយ។

មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ បញ្ជាក់​ជំហរ​ថា រឿង​ក្តី​ដែល​តុលាការ​បាន​បំបែក​បន្ថែម​មួយ​ករណី​ទៀត​នេះ គឺ​តុលាការ​មិន​បោះបង់​ចោល​ឡើយ ពោល​​គឺ​កំពុង​តែ​បន្ត​ចាត់​ការ​តាម​នីតិវិធី ប៉ុន្តែ​តុលាការ​រក្សា​ការ​សម្ងាត់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​របស់​តុលាការ។

ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៨ ខែ​មេសា លោក លី សុផាណា មន្ត្រី​នាំ​ពាក្យ​តុលាការ​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា តុលាការ​កំពុង​បន្ត​ស៊ើបអង្កេត និង​សាកសួរ​ក្នុង​រឿង​ក្ដី​ដែល​បាន​បំបែក​ហើយ​នេះ។

ភ្លាមៗ​ក្រោយ​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ សម្រេច​ផ្ដន្ទាទោស​ពិរុទ្ធជន​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​កាល​ថ្ងៃ​ទី​២៣ ខែ​មីនា។ ក្នុង​ថ្ងៃ​តែ​មួយ ពេល​រសៀល លោក លី សុផាណា មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ប្រាប់​ក្រុម​អ្នក​កាសែត​ថា រឿង​ក្តី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ​ត្រូវ​បាន​តុលាការ​បំបែក​ជា ២​ករណី​ហើយ។

រឿង​ក្តី​ដែល​តុលាការ​បំបែក​ជា​ថ្មី​មួយ​សំណុំរឿង​ទៀត​នេះ គឺ​តុលាការ​ត្រូវ​បន្ត​ស្វែង​រក​ឈ្មោះ​ជន​សង្ស័យ ២​នាក់​ទៀត ដែល​ជាប់​ទាក់ទង​រឿង​ក្ដី​នេះ គឺ​ឈ្មោះ ពូ​លិស និង ចក់។ ឈ្មោះ លិស នេះ ត្រូវ​បាន​ពិរុទ្ធជន អឿត អាង ជម្រាប​អង្គ​សវនាការ​ថា ជា​ស្ពាន​ឲ្យ​ខ្លួន​បាន​ស្គាល់ និង​ឲ្យ​លោក​បណ្ឌិត កែម ឡី ខ្ចី​លុយ ៣​ពាន់​ដុល្លារ។ ដោយ​ឡែក​ឈ្មោះ ចក់ វិញ គឺ​ជា​អ្នក​ដែល​លក់​កាំភ្លើង​ឲ្យ​សម្រាប់​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មេសា ខាង​មុខ​នេះ គឺ​មាន​រយៈពេល ៩​ខែ​មក​ហើយ ក្រោយ​ពី​ឃាតក​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី ទាំង​ព្រឹក​ព្រលឹម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក សៅ កុសល កម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី យល់​ឃើញ​ថា បើ​ទោះ​ជា​រឿង​ក្ដី​នេះ ត្រូវ​បាន​តុលាការ​បំបែក​បែប​ណា​ក៏ដោយ វា​នឹង​មិន​អាច​ផ្ដល់​ភាព​ជឿជាក់​ពី​ពលរដ្ឋ​​បាន​ទៀត​ទេ។ បន្ថែ​ពី​លើ​នេះ​ទៀត ការ​ស៊ើបអង្កេត​ទាំង​ក្នុង​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​ចៅក្រម​ស៊ើប គឺ​រឹតតែ​មិន​អាច​ជឿជាក់​បាន​ថែម​ទៀត​ផង៖ «បើ​មិន​ចង់​ឲ្យ​ប្រើ​ពេល​យូរ យើង​បង្ហាញ​ភស្តុតាង​ហ្នឹង​វា​ចប់​រឿង​ហើយ មិន​បាច់​ទៅ​ប្រឹងប្រែង​រក​ហេតុផល​បំបែក​សំណុំរឿង​ទៅ​អ្នក​នេះ​ទៅ​អ្នក​នោះ​ទៀត​ទេ។ អ៊ីចឹង​ខ្ញុំ​អត់​មាន​ការ​ជឿ​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​ស៊ើបអង្កេត ឬ​ក៏​ប្រព័ន្ធ​តុលាការ​នោះ​ទេ»

លោក លី សុផាណា ឲ្យ​ដឹង​ថា លោក សេង លាង ដែល​ជា​ចៅក្រម​ទទួល​បន្ទុក​ក្នុង​សំណុំរឿង​ដែល​ត្រូវ​បាន​តុលាការ​បំបែក​ជា ១​ករណី​ទៀត​នេះ កំពុង​បន្ត​នីតិវិធី​សាកសួរ​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។

ដោយ​ឡែក​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា លោក​បណ្ឌិត កែម ឡី មិន​ត្រឹម​ជា​អ្នក​វិភាគ និង​ស្រាវជ្រាវ​ដ៏​ស៊ី​ជម្រៅ​ទេ លោក​ថែម​ទាំង​បាន​ផ្ដល់​អនុសាសន៍​ជា​គោល​នយោបាយ​សម្រាប់​អនុវត្ត​ភូមិ-​ឃុំ​ឲ្យ​គណបក្ស​ប្រឆាំង​ថែម​ទៀត​ផង៖ «លោក​បណ្ឌិត កែម ឡី មុន​នឹង​គាត់​សម្លាប់​ទៅ​គាត់​បាន​ជួប​ជា​មួយ​ខ្ញុំ ៣​ថ្ងៃ។ គាត់​រៀបចំ​គម្រោង​ផែនការ​អភិវឌ្ឍន៍​ឃុំ-​សង្កាត់ មក​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​យក​ទៅ​ស្នើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀប​គម្រោង​អភិវឌ្ឍន៍​ភូមិ​ឃុំ​ហ្នឹង។ ចំណង​ជើង​របស់​គាត់ គាត់​ដាក់​ចំណង​ជើង​ថា ភូមិ​ឃុំ​រស់​រវើក ប្រែក្លាយ​ភូមិ​ឃុំ​ឲ្យ​ទៅ​ជា​ទីប្រជុំជន»

សវនាការ​លើ​អង្គ​សេចក្ដី​កាល​ពី​ខែ​មីនា ជុំវិញ​រឿង​ក្ដី​នេះ តុលាការ​ត្រូវ​រង​ការ​រិះគន់​ថា ជា​ការ​ជំនុំជម្រះ​ដែល​លឿន​ហួស​ពុំ​ធ្លាប់​មាន។ ក្រោយ​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ ជួប សម្លាប់ អង្គការ-​សមាគម​ចំនួន ៦០ ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​ភ្លាម​ដែរ។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​នេះ ទាមទារ​ឲ្យ​តុលាការ​បើក​សវនាការ​ជា​ថ្មី ជា​ពិសេស​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​កាន់​អំណាច​ឌឺដង​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​ថា​ប្រើ​វិធី​ច្រំដែល​ដើម្បី​រៃអង្គាស​លុយ

$
0
0

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការ​រិះគន់​របស់​ប្រធាន​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​លើ​បក្ស​កាន់​អំណាច ថា​ជា​យុទ្ធសាស្ត្រ​ច្រំដែល ដែល​អតីត​ប្រធាន​បក្ស​ប្រឆាំង​មួយ​នេះ​ធ្លាប់​ធ្វើ ដើម្បី​រក​លុយ​ពី​ក្រៅ​ប្រទេស​មក​ជួយ​បក្ស​ក្នុង​យុទ្ធនាការ​ស្វែងរក​សំឡេង​គាំទ្រ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ អ្នក​វិភាគ​នយោបាយ​យល់​ថា នេះ​គឺ​ជា​វិធីសាស្ត្រ​ម្នាក់​មួយ​បែប​ពី​បក្ស​កាន់​អំណាច ដែល​រក​ថវិកា​ដើម្បី​ទ្រទ្រង់​ការ​ឃោសនា​រក​សំឡេង​គាំទ្រ​សម្រាប់​បក្ស​ខ្លួន។

សូម​ស្ដាប់​លោក វ៉ាន វណ្ណដេត រាយការណ៍​អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ត្រី​អ្នក​ភូមិ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​អំពាវនាវ​ឲ្យ​ម្ចាស់​ចង​ការប្រាក់​ដក​ពាក្យ​បណ្ដឹង

$
0
0

ស្ត្រី​អ្នក​ភូមិ​ម្នាក់​រស់នៅ​ក្នុង​ឃុំ​ស្រស់ នៃ​ខេត្ត​ស្វាយរៀង ស្វែងរក​កិច្ច​អន្តរាគមន៍​ក្នុង​រឿង​ដើម​បណ្ដឹង​ជា​ម្ចាស់​ចង​ការប្រាក់ ប្ដឹង​ទៅ​តុលាការ​ពី​បទ​មិន​សង​ថ្លៃ​ការប្រាក់​គ្រប់​ចំនួន។ ចំណែក​ភាគី​ដើម​បណ្ដឹង ប្រកាន់​ជំហរ​មិន​ដក​ពាក្យ​បណ្ដឹង បើ​សិន​ជា​ស្ត្រី​រូប​នោះ​​មិន​មាន​លុយ​សង​ការប្រាក់​គាត់​គ្រប់​ចំនួន។

ស្ត្រី​ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ បាន​ស្នើ​ឲ្យ​អ្នក​ចង​ការប្រាក់​បន្ធូរបន្ថយ​ការប្រាក់ និង​ដក​ពាក្យ​ប្ដឹង​គាត់​ចេញ​ពី​តុលាការ។

លោកស្រី ហេង ចន្ថា វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ភូមិ​រំដេញ ឃុំ​ស្រស់ ស្រុក​រមាសហែក ថ្លែង​ថា កាល​ពី​ឆ្នាំ​២០១៣ គាត់​បាន​ខ្ចី​ប្រាក់​លោក ចាន់ ជឿន ជា​អ្នក​ចង​ការប្រាក់​រស់នៅ​ភូមិ​ថ្មី ឃុំ​ដូង ស្រុក​រមាសហែក ចំនួន ៤​លាន​រៀល ឬ​ប្រមាណ ១​ពាន់​ដុល្លារ ដោយ​ដាក់​បញ្ចាំ​ប្លង់​ដី និង​ផ្ទះ​ដែល​មាន​ទំហំ​ជិត ៣​ហិកតារ និង​បង់​ការប្រាក់​ក្នុង​មួយ​ខែ ៣២​ម៉ឺន​រៀល។

លោកស្រី​បន្ត​ថា បន្ទាប់​ពី​ខ្ចី​បាន ៩​ខែ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៤ គាត់​បាន​សង​ប្រាក់​ដើម​វិញ​ចំនួន ៤​លាន​រៀល និង ២០​ម៉ឺន​រៀល ដោយ​មាន​អាជ្ញាធរ​ជា​មេ​ឃុំ​ដូង លោក ប្រាក់ សុត នៅ​កាន់​ជា​មេ​ឃុំ​ដឹង​ឮ និង​ជា​សាក្សី ប៉ុន្តែ​នៅ​ជំពាក់​ការប្រាក់ ៣​លាន ៨​សែន​រៀល​ទៀត។ លោកស្រី​បញ្ជាក់​ថា ដោយ​ការប្រាក់​ស្មើ​ដើម​ស្មើ​ចុង ហើយ​ត្រូវ​អ្នក​ចងការ គឺ​លោក ចាន់ ជឿន រារាំង​មិន​ឲ្យ​ភ្ជួរ​ស្រែ​ក្នុង​ឆ្នាំ​នេះ និង​ប្ដឹង​ប្ដី​គាត់​ទៅ​តុលាការ​ទៀត។ បញ្ហា​នេះ លោកស្រី​ស្នើ​ឲ្យ​ម្ចាស់​ចង​ការ​បន្ធូរបន្ថយ​ការប្រាក់​ត្រឹម​តែ ២​លាន​រៀល ឬ ៥០០​ដុល្លារ និង​ដក​ពាក្យ​ប្ដឹង​ពួក​គាត់​ពី​តុលាការ​វិញ៖ «ពេល​ដែល​ខ្ញុំ​យក​ប្រាក់ ៤​លាន ២០​ម៉ឺន​ទៅ​សង​ឈ្មោះ ចាន់ ជឿន នៅ​ភូមិ​ដូង ឃុំ​ដូង មាន​លោក​មេ​ឃុំ ខ្ញុំ ប្រាក់ សុត និង​ឈ្មោះ យ៉ាន ធ្វើ​ការ​នៅ​មន្ទីរ​យុត្តិធម៌​ស្រុក​រមាសហែក ធានា​អះអាង​ខ្ញុំ​ហើយ បាន​យក​ទាំង​ហូល​ខ្ញុំ​មួយ ស្មើ​នឹង​ប្រាក់ ២០​ម៉ឺន​លុយ​ខ្មែរ ស៊ី​លុយ​ខ្ញុំ​អស់ ១​ពាន់​បាត។ ខ្ញុំ​ចង់​ឲ្យ​សម្ដេច​តេជោ និង​លោក​ក្រឡា​ហោម ស ខេង ជួយ​វិនិច្ឆ័យ​ផ្លូវ​ច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើ​យង់ឃ្នង​បែប​ហ្នឹង»

ឆ្លើយតប​បញ្ហា​នេះ លោក ចាន់ ជឿន ជា​អ្នក​រក​ស៊ី​ចង​ការប្រាក់ រស់នៅ​ភូមិ​ថ្មី ឃុំ​ដូង ថ្លែង​ថា លោក​មិន​អាច​បញ្ចុះ​ការប្រាក់​ត្រឹម ២​លាន​រៀល​បាន​នោះ​ទេ ប៉ុន្តែ​លោក​អាច​នឹង​ដក​ពាក្យ​ប្ដឹង និង​ប្រគល់​ប្លង់​ដី​ជូន​ឲ្យ​វិញ ប្រសិន​ជា​លោកស្រី ហេង ចន្ថា និង​លោក ទេព ប៊ន ជា​ប្ដី​ប្រពន្ធ សង​ប្រាក់​ថ្លៃ​ការប្រាក់​ឲ្យ​លោក​គ្រប់​ចំនួន គឺ ៣​លាន ៨​សែន​រៀល ពីព្រោះ​កន្លង​មក លោក​បាន​បន្ធូរបន្ថយ និង​ជួយ​សម្រួល​ច្រើន​ដង​ហើយ។ លោក​ថា កូន​បំណុល​នោះ​បាន​ទាមទារ​ឲ្យ​លោក​ថែម​ប្រាក់ ដើម្បី​កាត់​យក​ដី ប៉ុន្តែ​លោក​គ្មាន​លទ្ធភាព៖ «ខ្ញុំ​និយាយ​ជាមួយ​គាត់​ថ្ងៃ​មុន​ហ្នឹង គាត់​ថា​ឲ្យ​ខ្ញុំ​ហ្នឹង​ចេញ ១​ពាន់​ដុល្លារ យក​ដី​ហ្នឹង​ទៅ​គាត់​កាត់​ឲ្យ​ក្បាល ៣០ បណ្ដោយ ៣៣០​ម៉ែត្រ។ ខ្ញុំ​ថា​ខ្ញុំ​អត់​មាន​លទ្ធភាព​យក​ទេ។ ខ្ញុំ​ថា​បើ​ត្រឹម ៥០០​ដុល្លារ ខ្ញុំ​សុខ​ចិត្ត​ថែម​យក​ទៅ​ចុះ បើ​ខ្ញុំ​គិត​តាម​ខ្ញុំ​ប្ដឹង​ទៅ​តុលាការ ខ្ញុំ​ដាក់​ដល់ ២០​លាន​នុះ។ ខ្ញុំ​គិត​ទាំង​ការ​ទាំង​ជំងឺ​ចិត្ត​របស់​ខ្ញុំ»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ដូង គឺ​លោក នាង សាមាន ថ្លែង​ថា លោក​មិន​បាន​ធ្វើ​សាក្សី​ទេ ព្រោះ​នៅ​ក្នុង​អាណត្តិ​មេ​ឃុំ​ចាស់ ទុក​ឲ្យ​មេ​ឃុំ​ចាស់​ជា​អ្នក​ដោះស្រាយ។

ចំណែក​អតីត​មេ​ឃុំ​ដូង លោក ប្រាក់ សុត ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ដូង មិន​អាច​ថ្លែង​អ្វី​បាន ដោយ​លោក​រវល់​នៅ​ក្នុង​កម្មវិធី​មាន​ចាក់​ធុងបាស។

លោកស្រី ហេង ចន្ថា អះអាង​ទៀត​ថា ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក កើត សាំង បាន​កោះ​ហៅ​ប្ដី​របស់​លោកស្រី គឺ​លោក ទេព ប៊ន ចំនួន​ពីរ​លើក​ហើយ ដោយ​បង្គាប់​ឲ្យ​ដាក់​ភស្តុតាង​ជុំវិញ​រឿង​ជំពាក់​ប្រាក់​នេះ ដោយ​ដើម​បណ្ដឹង​ដែល​ជា​អ្នក​ចង​ការប្រាក់ ទាមទារ​ទាំង​សំណង​ជំងឺ​ចិត្ត​ប្រមាណ​ជិត ២០​លាន​រៀល។ ប៉ុន្តែ​ប្ដី​លោកស្រី ខកខាន​មិន​ចូល​ខ្លួន ដោយសារ​មាន​ជំងឺ​បញ្ជូន​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

ពាក់ព័ន្ធ​បញ្ហា​ជំពាក់​បំណុល​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ករណី​នេះ​មិន​មែន​ជា​ករណី​ថ្មី​ទេ ដែល​មាន​ពលរដ្ឋ​ច្រើន​ហើយ​ដែល​ខ្ចី​ម្ចាស់​ចង​ការ​ក្នុង​ការប្រាក់​ខ្ពស់​បែប​នេះ។ លោក​ថា ករណី​ប្រចាំ​ប្លង់​ដី​របស់​ពលរដ្ឋ​នៅ​តាម​ភូមិ-ស្រុក​ជាង ៨០% ប្លង់​ដី​កំពុង​ដាក់​បញ្ចាំ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារ និង​ក្នុង​កណ្ដាប់​ដៃ​ឈ្មួញ​កណ្ដាល។ លោក​ថា រឿង​សំខាន់ ការ​ខ្ចី​ប្រាក់​ទៅ​រក​លុយ ឬ​ខ្ចី​យក​ទៅ​ធ្វើ​អ្វី​ផ្សេង ហើយ​មាន​កសិករ​មួយ​ចំនួន​កំពុង​តែ​លុង​ខ្លួន​ដោយសារ​ផលិតផល​កសិកម្ម​ពុំ​មាន​តម្លៃ។

បញ្ហា​នេះ លោក​បណ្ឌិត​យល់​ថា ថ្វី​បើ​នេះ​ជា​កិច្ចសន្យា​រវាង​ភាគី​ទាំង​សងខាង​ក្ដី ប៉ុន្តែ​អាជ្ញាធរ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្របសម្រួល​បន្ធូរបន្ថយ​ការប្រាក់ និង​សង​តាម​ដំណាក់កាល​ណា​មួយ ពុំ​នោះ​ទេ​ករណី​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​កាន់​តែ​មាន​ច្រើន​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​សង្កេត​ឃើញ​ឡាន​ធំៗ​ដឹក​ដី​ចាក់​លុប​ដី​ព្រៃ​កោងកាង​ជា​ថ្មី​ទៀត

$
0
0

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ នៅ​តែ​ព្រួយ​បារម្ភ​ពី​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​រាប់​ពាន់​ហិកតារ នៅ​មូលដ្ឋាន​ស្រុក​ព្រៃនប់ ឃុំ​ទឹកថ្លា អាច​នឹង​ត្រូវ​បំផ្លាញ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន បើ​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​មិន​ជួយ​ទប់ស្កាត់​ទេ។

ការ​ព្រួយ​បារម្ភ​នេះ បាន​កើត​មាន​ជា​ថ្មី​ទៀត ដោយ​សង្កេត​ឃើញ​មាន​រថយន្ត​ដឹក​ដី​ធំៗ និង​គ្រឿងចក្រ​បាន​ដឹក​ដី​ចាក់​លុប​បរិវេណ​ដី​ព្រៃ​កោងកាង​ទាំងនោះ ដោយ​មិន​ឃើញ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទឹកថ្លា ខេត្ត​ព្រះសីហនុ បារម្ភ​ថា ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ដែល​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​រាប់​ពាន់​ហិកតារ មាន​ទីតាំង​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ នឹង​ត្រូវ​បំផ្លាញ​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល និង​ក្រុមហ៊ុន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែ​រក្សា​ដី​ព្រៃ​លិច​ទឹក​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ឲ្យ​បាន​គង់វង្ស ព្រោះ​រាល់​ថ្ងៃ​នេះ ឈ្មួញ និង​បុគ្គល​មាន​ទ្រព្យ​នៅ​បន្ត​មាន​មហិច្ឆតា​ទន្ទ្រាន​កាន់​កាប់​បរិវេណ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

អ្នកស្រី សុធារី ក៏​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នៅ​មូលដ្ឋាន​ឃុំ​ទឹកថ្លា ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​សង្គ្រោះ​ជម្រក​ត្រី​សមុទ្រ​ពង​កូន​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​គង់វង្ស។

អ្នកស្រី សុធារី សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​មាន​មហិច្ឆតា​រំលោភ​ដី​បរិវេណ​ព្រៃ​លិច​ទឹក​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ យក​ធ្វើ​កម្មសិទ្ធិ​ឯកជន បាន​បន្ត​កើត​មាន​ជា​បន្តបន្ទាប់។ ពួក​គេ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​បែប​ណា​ក្តី ក៏ប៉ុន្តែ​មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​កំពុង​បម្រើ​ការងារ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ជួយ​សម្រួល​ឈាន​ដល់​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់​ប្រព័ន្ធ ជូន​បុគ្គល និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ជា​បន្តបន្ទាប់។

មន្ត្រី​សមាគម​អាដហុក អ្នកស្រី សុធារី ចាត់​ទុក​សកម្មភាព​របស់​ឈ្មួញ និង​បុគ្គល​មាន​ទ្រព្យ អាច​បន្ត​ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​បន្ត​កើត​មាន​ជា​បន្តបន្ទាប់​នា​មូលដ្ឋាន​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថា​បាន​អនុវត្ត​ផ្ទុយ ឬ​ផ្គើន​ទៅ​នឹង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មាន​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ មាន​ខេត្ត​ព្រះសីហនុ ជាដើម ឲ្យ​ថែរក្សា​ការពារ​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ឲ្យ​បាន​គង់វង្ស​នោះ។

ចំណែក​លោក ប៊ួន ណារិទ្ធិ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ ហួស​ចិត្ត​កាល​បើ​ឃើញ​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​ខ្លះ នៅ​បន្ត​ចាក់​ដី​លុប​បរិវេណ​ដី​មាន​ដុះ​ព្រៃ​កោងកាង​មាន​ដើម​ដុះ​ល្អៗ និង​មាន​កម្ពស់​បួន​ប្រាំ​ម៉ែត្រ​នៅ​ឃុំ​ទឹកថ្លា ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​វិញ។

អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ បង្ហាញ​ទស្សនៈ​ថា ដី​ព្រៃ​កោងកាង​ដែល​ជា​ជម្រក​ត្រី​សមុទ្រ​គ្រប់​ប្រភេទ​បន្ត​ពូជ ទោះ​ក្រោម​រូបភាព​ណា​ក៏ដោយ មិន​គួរ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ឈាន​ដល់​ជួយ​សម្រួល​ឯកសារ​ច្បាប់ ឬ​អនុញ្ញាត​ច្បាប់​ជូន​បុគ្គល​ឯកជន ឬ​ក្រុមហ៊ុន​ឲ្យ​មក​បំផ្លាញ​ធនធាន​ធម្មជាតិ​ដី​ព្រៃ​លិច​ទឹក​ចោល​នោះ​ទេ៖ «កន្លង​មក ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទឹកថ្លា តំណាង​សហគមន៍ និង​សង្គម​ស៊ីវិល​យើង​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​ជំទាស់ និង​ទាមទារ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​លោក​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ព្រៃ​កោងកាង ស្រប​តាម​សម្ដេច​នាយក​រដ្ឋមន្ត្រី ដែល​សម្ដេច​បាន​ប្រកាស​ឲ្យ​ថែរក្សា​ធនធាន​ធម្មជាតិ និង​ឲ្យ​មោឃភាព​ប្លង់​កម្មសិទ្ធិ​ទាំងឡាយ​ណា​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ខេត្ត​ទាំង​៤ នេះ។ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ដែនដី​ហាក់​ដូចជាមិន​បាន​អនុវត្ត​ទៅ​តាម​សេចក្តី​ណែនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ»

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​សង្គ្រោះ​បរិវេណ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នៅ​មូលដ្ឋាន​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ឲ្យ​បាន​គង់វង្ស ព្រោះ​រាល់​ថ្ងៃនេះ​កំពុង​ប្រឈម​សកម្មភាព​ដឹក​ដី​ចាក់​លុប​ធនធាន​ធម្មជាតិ​ទាំងនោះ​បំផ្លាញ​ចោល។ ជាង​នេះ ក៏​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​ឲ្យ​កោះ​អញ្ជើញ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ ឬ​អនុញ្ញាត​ច្បាប់​ទៅ​ឲ្យ​បុគ្គល​ឯកជន​ទៅ​លើ​តំបន់​ដី​ព្រៃ​លិច​ទឹក ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដើម្បី​ឈាន​ដល់​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ បើ​រក​ឃើញ​កំហុស​ឆ្គង៖ «គម្រោង​ចាក់​ដី​លុប​ព្រៃ​កោងកាង​នា​មូលដ្ឋាន​ឃុំ​ទឹកថ្លា នេះ យើង​ឃើញ​ថា​មាន​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ក៏​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន ដាក់​ជូន​ទៅ​ក្រសួង ដើម្បី​ឲ្យ​ក្រសួង​សម្រេច​ថា តើ​ក្រុមហ៊ុន​គួរ​ត្រូវ​អភិវឌ្ឍ​នៅ​តំបន់​នេះ ឬ​មួយ​មិន​ត្រូវ​ឲ្យ​អភិវឌ្ឍ​នៅ​តំបន់​នោះ។ ប៉ុន្តែ​កន្លង​មក​នេះ ក្រុមហ៊ុន​ចាក់​ដី​លុប​ព្រៃ​កោងកាង​នៅ​តំបន់​ព្រៃ​លិច​ទឹក​ឃុំ​ទឹកថ្លា នេះ មិន​បាន​ធ្វើ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​នេះ​ទេ ប៉ុន្តែ​បាន​ចាក់​ដី​លុប​ព្រៃ​កោងកាង និង​ប៉ុនប៉ង​អភិវឌ្ឍ​តំបន់​នេះ ដោយ​មិន​ទាន់​មានការ​យល់ព្រម​ពី​រាជ​រដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ក៏ដូចជា​ផល​ប៉ះពាល់ដែល​រស់នៅ​សហគមន៍​នោះ​នៅ​ឡើយ​ទេ»

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម លោក នេន ចំរើន បាន​ទទួល​ស្គាល់​ថា កន្លង​មក​នេះ ពិត​ជា​មាន​ការ​ចាក់​ដី​រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​កោងកាង​មួយ​ចំនួន​ស្ថិត​ក្នុង​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ នោះ​មែន។ ហើយ​ករណី​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​លោក ក៏​បាន​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ថ្នាក់​លើ​ជួយ​មាន​វិធានការ​បន្ត និង​ស្នើ​ឲ្យ​ក្រុមហ៊ុន និង​ឈ្មួញ បញ្ឈប់​សកម្មភាព​រថយន្ត​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​នៅ​មូលដ្ឋាន​នេះ​ជា​បណ្ដោះអាសន្ន។

អភិបាល​ស្រុក​ព្រៃនប់ លោក ទិត្យ វុទ្ធី បញ្ជាក់​ថា កន្លង​មក​ពិត​ជា​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង មាន​ទីតាំង​នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា ប្រាកដ​មែន ដោយ​ឈ្មួញ​ដឹក​ដី​ចាក់​លុប​ដី​ព្រៃ​កោងកាង​ទាំងនោះ​អះអាង​ថា ពួក​គេ​មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​ព្រៃនប់ ព្រួយ​បារម្ភ​ដែរ​ថា បើ​ព្រៃ​កោងកាង​ត្រូវ​បំផ្លាញ​អស់ នៅ​ថ្ងៃ​អនាគត តំបន់​នេះ​នឹង​ត្រូវ​រង​នូវ​ខ្យល់​ព្យុះ​បោក​បក់​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក និង​ការ​ធ្វើ​របរ​នេសាទ​របស់​ពួក​គេ ដែល​រស់​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​របរ​ជា​អ្នក​នេសាទ​សមុទ្រ​តំណ​តាំង​ពី​ដូនតា​រៀង​មក។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ ក៏​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​សង្គ្រោះ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នេះ​ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយៗ​ទៀត​ពឹង​ផ្អែក​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត​បន្ត​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ តាម​រយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ណែនាំ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ចំនួន ២​ចំណុច គឺ​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង។

ទោះ​ជា​បែប​នេះ​ក្តី រាល់​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា បរិវេណ​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​ដុះ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ មាន​ព្រៃ​កោងកាង​ដុះ​នៅ​ឃុំ​ទឹកថ្លា ជាដើម​នេះ ត្រូវ​ឈ្មួញ និង​បុគ្គល​មាន​ទ្រព្យ​បន្ត​មាន​មហិច្ឆតា​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ ដោយ​មិន​ខ្វល់​នឹង​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​នីមួយៗ ត្រូវ​ថែ​រក្សា​បរិវេណ​ដី​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ទាំងនេះ​ឲ្យ​បាន​គង់វង្ស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណបក្ស​ប្រឆាំង​គ្រោង​ពិភាក្សា​គ្នា​ជុំវិញ​រឿង​ជ្រើសរើស​អនុប្រធាន​បក្ស​ទាំង​៣​រូប

$
0
0

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​ជុំវិញ​ការ​ជ្រើសរើស​អនុប្រធាន​ទាំង ៣​រូប ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ថា ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​បក្ស។ រីឯ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ខ្លួន​ស្វាគមន៍​ជានិច្ច ប្រសិន​បើ​បក្ស​ប្រឆាំង​ចង់​ជួប​ជជែក​គ្នា​ម្ដង​ទៀត ដើម្បី​ដោះស្រាយ​រឿង​លក្ខន្តិកៈ​បក្ស​នេះ។

ថ្វីត្បិតតែ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ហាក់​ស្ងប់ស្ងាត់​មិន​សូវ​វាយ​ប្រហារ​គ្នា​ធ្ងន់ៗ​ក្នុង​ឱកាស​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ក្ដី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ឧបសគ្គ​ត្រូវ​ពុះពារ ក្រោយ​ពី​ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ទទួល​ស្គាល់​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​ទាំង ៣​រូប និង​ទទួល​ស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​បក្ស។ ពាក់ព័ន្ធ​នឹង​រឿង​នេះ គណបក្ស​ប្រឆាំង​ថា​នឹង​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់​ឡើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ មេសា ថា មូលហេតុ​ដែល​មិន​ទាន់​ដឹង​អំពី​ពេល​ជាក់លាក់ ដោយសារ​បច្ចុប្បន្ន ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​មិន​ទាន់​ជួបជុំ​គ្នា​នៅ​ឡើយ។ លោក​បន្ត​ថា ការ​សម្រេច​យ៉ាង​ណា នឹង​ដឹង​ក្រោយ​កិច្ច​ប្រជុំ​នា​ពេល​នោះ«ប្រជុំ​វា​មិន​មែន​មាន​តែ​មួយ​រឿង​ទេ វា​មាន​ច្រើន​រឿង អ៊ីចឹង​ដល់​ពេល​ប្រជុំ យើង​ក៏​អាច​លើក​រឿង​នេះ​ទៅ​ជជែក​គ្នា​ដែរ​ដើម្បី​ធ្វើ​អ្វី​ទៀត»

នៅ​ថ្ងៃ​ទី​៥ មេសា ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​ឆ្លើយតប​ទៅ​គណបក្ស​ប្រឆាំង បន្ទាប់​ពី​គណៈកម្មាធិការ​នាយក​គណបក្ស​នេះ កាល​ពី​ថ្ងៃ​ទី​២ មេសា បាន​រក្សា​ទុក​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​ឲ្យ​នៅ​ដដែល តែ​សម្រេច​លុប​ចោល​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច និង​ក្រសួង​មហាផ្ទៃ។ ក្នុង​លិខិត​ដដែល​នេះ ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​ការ​ជ្រើសរើស​អនុប្រធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​រូប ដែល​មាន​សមាសភាព​របស់​អ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និង​លោក អេង ឆៃអ៊ាង។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា មូលហេតុ​ដែល​ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​សមាសភាព​អនុប្រធាន​បក្ស​ប្រឆាំង​ទាំង ៣​រូប​នោះ ដោយសារ​ការ​ជ្រើសរើស​នេះ​ធ្វើ​ឡើង​លើស​ពី ៣០​ថ្ងៃ បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​ប្រធាន​បក្ស​របស់​លោក សម រង្ស៊ី ដែល​ខុស​គ្នា​នឹង​លក្ខន្តិកៈ​គណបក្ស​នេះ​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ លោក​បន្ថែម​ថា ក្រសួង​គ្មាន​សិទ្ធិ​អំណាច​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ធ្វើ​តាម​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ ក្រសួង​គ្រាន់​តែ​មាន​តួនាទី​ត្រួត​ពិនិត្យ​នូវ​អ្វី​ដែល​គណបក្ស​នោះ​និយាយ និង​ធ្វើ​ប៉ុណ្ណោះ«គាត់​ជ្រើសរើស​ថ្ងៃ​ទី​២ មីនា វា​ខុស​ទៅ​ហើយ ព្រោះ​លក្ខន្តិកៈ​មិន​តម្រូវ​ឲ្យ​ជ្រើសរើស ៣​នាក់​ទេ​ម្ដង​ហើយ។ ដល់​ពេល​គាត់​ធ្វើ​វិសោធនកម្ម​ជ្រើសរើស​ទៀត​ក្នុង​រយៈ ៣០​ថ្ងៃ ក្រោយ​ប្រធាន​លាលែង វា​រឹតតែ​ខុស​ទៀត ខុស​ជាន់​លើ​ខុស»

លោក ខៀវ សុភ័គ បញ្ជាក់​ថា ប្រសិន​បើ​មាន​សំណើ​ចង់​ជួប​ជជែក​គ្នា​ម្ដង​ទៀត ក្រសួង​នឹង​រៀបចំ​តាម​ការ​ចង់​បាន​របស់​បក្ស​ប្រឆាំង។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ក្រសួង​មហាផ្ទៃ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​ម្ដង​រួច​មក​ហើយ បន្ទាប់​ពី​ក្រសួង​មិន​ទទួល​ស្គាល់​ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២ មីនា ដែល​មាន​ការ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​បក្ស​ឡើង​វិញ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​លាលែង​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ។

រឿងរ៉ាវ​ស្មុគស្មាញ​តាម​យាយី​បក្ស​ប្រឆាំង​មក​ដល់​ពេល​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី ដែល​ជាប់​ពាក្យ​បណ្ដឹង​ជាច្រើន​នៅ​តុលាការ បាន​សម្រេច​លះបង់​តំណែង​ខ្ពស់​បំផុត​ក្នុង​បក្ស ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​គេ​រំលាយ​ចោល ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទាំង​ប្រញាប់ប្រញាល់ ដែល​ការ​កែប្រែ​ច្បាប់​នេះ បាន​ផ្ដល់​សិទ្ធិ​ដ៏​ធំធេង​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​រំលាយ​គណបក្ស​នយោបាយ​ចោល ប្រសិន​បើ​ប្រធាន ឬ​អនុប្រធាន​បក្ស​នោះ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ប្រព្រឹត្ត​បទល្មើស​ណា​មួយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែង​ឈ្នះ​ក្ដី​រាល់​សំណុំ​រឿង​ជាច្រើន​ជាមួយ​លោក សម រង្ស៊ី នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្រៅ​ពី​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ លោក​ក៏​ព្រមាន​រឹប​អូស​យក​រាល់​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​លោក សម រង្ស៊ី ចាប់​តាំង​ពី​ផ្ទះ ដី រហូត​ទីស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ផង​ដែរ ដើម្បី​ធ្វើ​ជា​សំណង​សង​ថ្លៃ​ខូចខាត​មក​លើ​រូប​លោក។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​មិន​ទទួល​ស្គាល់​សមាសភាព​ថ្នាក់​ដឹកនាំ​អនុប្រធាន​បក្ស​ប្រឆាំង​ទាំង ៣​រូប មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុពលភាព​គណបក្ស​ប្រឆាំង​នោះ​ទេ ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាង​មុខ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ហៅ​កាត់​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា ប្រសិន​បើ​គណបក្ស​មួយ​គ្មាន​អនុប្រធាន​ច្បាស់លាស់ អាច​ធ្វើ​ឲ្យ​បក្ស​នោះ​ជួប​ភាព​លំបាក​មួយ​ចំនួន ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទៃក្នុង​បក្ស ព្រម​ទាំង​ការ​ស្វែងរក​ថវិកា ជាដើម«វា​មាន​ការ​រអាក់រអួល​ខ្លះ​ដែរ​ក្នុង​ការ​ចាត់ចែង គ្រប់គ្រង ចែក​គ្នា​គ្រប់គ្រង អនុប្រធាន​មួយៗ​ទទួល​បន្ទុក​ផ្នែក​រៀងៗ​ខ្លួន»

លោក សំ គន្ធាមី មើល​ឃើញ​ថា ការ​មិន​ទទួល​ស្គាល់​អនុប្រធាន​បក្ស​ទាំង ៣​រូប​របស់​បក្ស​ប្រឆាំង​ពី​សំណាក់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ហាក់​មិន​សូវ​ជា​ស្មុគស្មាញ​សោះ ព្រោះ​គណបក្ស​ប្រឆាំង​អាច​ជួប​ជជែក​គ្នា​ជាមួយ​ក្រសួង​មហាផ្ទៃ ម្ដង​ទៀត ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត​ពាក់ព័ន្ធ​នឹង​ឯកសារ​ច្បាប់ រួច​ហើយ​រៀបចំ​បែបបទ​បំពេញ​បន្ថែម​តាម​អ្វី​ដែល​ក្រសួង​មហាផ្ទៃ ចង់​បាន ដូច្នោះ​រឿង​នេះ​នឹង​ចប់​សព្វគ្រប់​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្រៃ​ឡង់​សង្ស័យ​មន្ត្រី​បរិស្ថាន​ទទួល​ប្រយោជន៍​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់

$
0
0

សកម្មជន​ព្រៃ​ឡង់ និង​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ បារម្ភ​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ កំពុង​កើត​មាន​ពេញ​បន្ទុក​ដោយ​ប្រើ​គោយន្ត​ជា​មធ្យោបាយ និង​មាន​ថៅកែ​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន។ សហគមន៍​អះអាង​ថា អ្នក​ដឹក​ឈើ​ប្រាប់​ថា ពួក​គេ​អាច​ដឹក​ឈើ​ដល់​គោលដៅ​បាន លុះត្រា​តែ​បង់​ប្រាក់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ។

សហគមន៍​ការពារ​ព្រៃ​ឡង់​រក​ឃើញ​ថា អំពើ​ពុក​រលួយ គឺ​ជា​ផ្នែក​មួយ​រួម​ចំណែក​បំផ្លាញ​ព្រៃ​ឡង់​ជា​ប្រព័ន្ធ ដែល​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន លុប​បំបាត់​ជា​បន្ទាន់។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ ប្រទះ​ឃើញ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​សុក្រំ ១៨​គោយន្ត ឋិត​នៅ​ចំណុច​ផ្លូវ​ក្រុមហ៊ុន​កូរ៉េ ត្រូវ​សហគមន៍​ឃាត់​ទុក និង​បាន​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន។ ក្រោយ​ពី​ឃាត់​ភ្លាម អ្នក​ដឹក​ឈើ​ទាំងនោះ​បង្ហើប​ថា ពួក​គេ​អាច​ដឹក​ឈើ​បាន ត្រូវ​បង់​ប្រាក់​ឲ្យ​មន្ត្រី​បរិស្ថាន មួយ​គោយន្ត ១០​ម៉ឺន​រៀល និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ផង។

សមាជិក​សហគមន៍​ព្រៃ​ឡង់ ខែត្រ​ក្រចេះ លោក ឯក វណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មេសា ថា ឈើ​លេខ​មួយ​សុក្រំ​មាន​មុខ​កាត់​ចាប់​ពី ៣​តឹក​កន្លះ​ឡើង​ទៅ ប្រវែង ៤​ម៉ែត្រ ត្រូវ​ឈ្មួញ​ដឹក​ជញ្ជូន​តាម​គោយន្ត​ចំនួន ១៨​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​៨ មេសា។ ក្រៅ​ពី​នេះ សហគមន៍​បាន​ប្រទះ​ឃើញ​ឈើ​ជិត ១០០​ម៉ែត្រ​គូប ដែល​គេ​ដឹក​មក​លក់​ទុក​នៅ​ចំណុច​ទួល​មាន​សេវា ជា​ប្រភេទ​ឈើ​គ្រឿង​ផ្ទះ។ លោក​មើល​ឃើញ​ថា ជោគវាសនា​ព្រៃ​ឡង់​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ ខណៈ​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ហាក់​ទន់ជ្រាយ​នៅ​ឡើយ ហើយ​អាច​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «យើង​មើល​ចំណាត់ការ​តែ​មួយ​ល្ងាច​ផង យើង​អាច​ជួប​ប្រទះ​ដល់​ប៉ុណ្ណឹង​ហើយ។ ចុះ​ទម្រាំ​តែ​រាល់​ថ្ងៃ ដែល​យើង​ពុំ​ទាន់​បាន​ចុះ​ទៅ ព្រោះ​ថា​សកម្មភាព​ការ​ដឹក​ល្ងាច​មិញ វា​គគ្រឹកគគ្រេង គឺ​រាល់​ពេល​សហគមន៍​ចុះ​ទៅ គឺ​ឃើញ​រូបភាព​បែប​ហ្នឹង​តែ​ម្តង»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧ សហគមន៍​ប្រទះ​ឃើញ​ឈើ​រាប់​រយ​ម៉ែត្រ​គូប ត្រូវ​បាន​គេ​ដឹក​មក​ទុក​នៅ​បរិវេណ​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ ជាប់​ព្រៃ​ឡង់ និង​បាន​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ដែនដី ក៏ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បាន​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រធាន​មន្ទីរ​បរិស្ថាន ខែត្រ​ក្រចេះ លោក ដួង ឆាយសាវុធ មាន​ប្រសាសន៍​ថា ពុំ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ចំនួន ១៨​គោយន្ត​នោះ​ទេ គឺ​មាន​តែ ៨​គោយន្ត​ដែល​មន្ត្រី​បរិស្ថាន បាន​ឃាត់​ទុក​ជា​ប្រភេទ​ឈើ​គ្រាក់​ចំនួន​ជាង ៦​ម៉ែត្រ​គូប។ លោក​បញ្ជាក់​ថា ឈើ​គ្រាក់ គឺ​ជា​ឈើ​ដែល​គេ​រើស​តាម​ព្រៃ ពុំ​មែន​ឈើ​ថ្មី​នោះ​ទេ ហើយ​ឈើ​ទាំងនោះ មន្ត្រី​បរិស្ថាន​បាន​ដឹក​មក​ទុក​ក្នុង​ទីស្នាក់ការ​អស់​ហើយ។ ចំណែក​ម្ចាស់​គោយន្ត មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់។ លោក​ថា ប្រសិន​បើ​មន្ត្រី​បរិស្ថាន ទទួល​សំណូក​បទល្មើស​ព្រៃ​ឈើ លោក​នឹង​អប់រំ​ណែនាំ និង​អនុវត្ត​នីតិវិធី​រដ្ឋបាល៖ «ឈើ​អារ​ថ្មី​ដែល​ជន​ល្មើសលួច​មកលាក់​ទុក​កន្លែង​ហ្នឹង ឥឡូវ​ខ្ញុំ​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្តិ​ល្មើស ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តុលាការ»

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ធ្លាប់​បញ្ជាក់​ថា ក្រសួង​បរិស្ថាន បាន​ណែនាំ​ឲ្យ​មន្ទីរ​បរិស្ថាន​ទាំង​បួន​ខែត្រ ធ្វើ​ការ​តាមដាន ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​ជាប់​ជា​ប្រចាំ​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ ប្រសិន​បើ​មាន​ករណី​លួច​កាប់​ឈើ ឬ​ក៏​ឈូស​ឆាយ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​នៅ​ព្រៃ​ឡង់ ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ត្រូវ​ចាត់​វិធានការ​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ការ​ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃ​ឈើ ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​ជា​អំពើ​ខុស​ច្បាប់ បណ្ដាល​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​រាជ​រដ្ឋាភិបាល​ពុំ​មាន​ប្រសិទ្ធភាព។ លោក​ថា សហគមន៍​មាន​សិទ្ធិ​ប្ដឹង​អាជ្ញាធរ​ពាក់ព័ន្ធ ទៅ​ស្ថាប័ន​អយ្យការ៖ «ពាក់ព័ន្ធ​ទទួល​សំណូក និង​បង់​ថែម​ទៀត គឺ​ជា​អំពើ​ពុក​រលួយ ដែល​ជាបទ​ឧក្រិដ្ឋកាលណា​ក្លាយ​ជាបទ​ឧក្រិដ្ឋ សហគមន៍​មាន​សិទ្ធិ​ដាក់​បណ្ដឹង​ចំពោះ​មន្ត្រី​ទទួល​ខុស​ត្រូវ​ទាំងអស់​ហ្នឹង»

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខែត្រ​ចំនួន​បួន គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ច​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​បុរីកីឡា​និង​បឹងកក់​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈពេល

$
0
0

ក្រុម​សហគមន៍​បុរីកីឡា និង​បឹងកក់ អះអាង​ថា ពួក​គេ​សម្រេច​ផ្អាក​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈពេល ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ប៉ុន្តែ​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចប់ ពួក​គេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ ដើម្បី​ទាមទារ​រក​យុត្តិធម៌។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន និង​តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ មេសា ថា នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ពេល​រដ្ឋ​រវល់ ហើយ​អ្នក​ខ្លះ​ទៅ​ស្រុក​កំណើត ទើប​ពួក​គេ​ផ្អាក​ធ្វើ​យុទ្ធនាការ​នេះ​មួយ​រយៈ។

កន្លង​ទៅ ក្រុម​សហគមន៍​ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ទាំង​ពីរ​សហគមន៍​នេះ តែងតែ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ស្ទើរ​រៀង​រាល់​សប្ដាហ៍ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​រូប មន្ត្រី​អគ្គលេខាធិការ​រង គ..ប ១​រូប សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង លោក គឹម សុខ និង​ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ជាពិសេស​ក្រុម​សហគមន៍​ទាំង​ពីរ​នេះ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​បញ្ហា​យក​ដី​ពួក​គេ​ទៅ​អភិវឌ្ឍ​ដោយ​គ្មាន​ផ្ដល់​សំណង​ផង​ដែរ។

ចំណែក​ខាង​សហគមន៍​បឹងកក់ បញ្ជាក់​ថា ប្រសិន​បើ​អ្នកស្រី ទេព វន្នី មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដោះលែង​ឲ្យ​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ទេ ពួក​គេ​នឹង​ធ្វើ​យុទ្ធនាការ​ជាច្រើន​ផ្សេង​ទៀត​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ រហូត​រដ្ឋាភិបាល​សម្រេច​ដោះលែង​តំណាង​របស់​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ក្រុម​យុវជន​នាំ​គ្នា​ផ្សព្វផ្សាយ​ពី​ប្រយោជន៍​នៃ​ទន្លេ​មេគង្គ​និង​ដាំ​ដើម​កោងកាង​នៅ​ខេត្ត​កំពត

$
0
0

ក្រុម​យុវជន​ចំនួន ១៥​នាក់​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ខេត្ត​កំពត រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ស្ដីពី​សកម្មភាព​យុវជន ដើម្បី​ទន្លេ​មេគង្គ ដែល​រៀបចំ​ដោយ​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម (CVS) ក្រោម​កិច្ច​ឧបត្ថម្ភ​ពី​អង្គការ​អុកស្វាម (Oxfam) ដើម្បី​ចងក្រង​យុវជន​សម្រាប់​សកម្មភាព​នៃ​ទន្លេ​មេគង្គ។

ដំណើរ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នេះ​មាន​គោល​បំណង​លើក​ទឹក​ចិត្ត និង​គាំទ្រ​ដល់​យុវជន​ក្នុង​សកម្មភាព​ការពារ និង​ថែរក្សា​ទន្លេ​មេគង្គ​ប្រកប​ដោយ​និរន្តរភាព សមភាព និង​សមធម៌។

បុគ្គលិក​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម កញ្ញា ចាប កនិដ្ឋា បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៩ មេសា ថា ទស្សនកិច្ច​នេះ​មាន​ការ​ដាក់​តាំង​បង្ហាញ​រូបថត​មួយ​ចំនួន​ទាក់ទង​នឹង​ទន្លេ​មេគង្គ និង​ប្រកាស​លទ្ធផល​រូបថត​ដែល​មាន​អ្នក​ចូល​ចិត្ត​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​ជាង​គេ។ រូបថត​ដែល​ត្រូវ​បាន​យក​មក​ប្រកួត​ប្រជែង និង​ដាក់​តាំង​បង្ហាញ​ទាំងនោះ មួយ​ចំនួន​បង្ហាញ​ពី​ជីវភាព​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ ការ​ប្រកប​របរ​នេសាទ និង​ខ្លះ​ទៀត​បង្ហាញ​ពី​ការ​បំពុល​ទឹក​តាម​រយៈ​ការ​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​ទន្លេ។

កញ្ញា​បញ្ជាក់​ថា ដោយសារ​តែ​ទន្លេ​មេគង្គ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចនេះ​ទាមទារ​ឲ្យ​យុវជន​ត្រូវ​ចាប់​អារម្មណ៍ និង​ចូលរួម​ជួយ​ថែរក្សា​ទាំងអស់​គ្នា ព្រោះ​វា​ជា​អាយុ​ជីវិត​របស់​ពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ និង​អាស្រ័យ​ផល​ពី​ទន្លេ​នេះ«យុវជន​ជា​ផ្នែក​មួយ​នៃ​ការ​អាស្រ័យ​ការ​ប្រើប្រាស់​លើ​ទន្លេ​មេគង្គ ហើយ​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​មាន​គំនិត និង​សមត្ថភាព​ក្នុង​ការ​ចូលរួម​ចំណែក​សម្រេច​ចិត្ត​ក្នុង​ការ​ការពារ និង​លើក​បង្ហាញ​ក្តី​កង្វល់​របស់​ពួក​គាត់​ទៅ​លើ​ទន្លេ​មេគង្គ។ បើ​សិន​ជា​បាត់បង់​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ពី​យុវជន វា​គួរ​ឲ្យ​សោកស្ដាយ​មែន​ទែន»

ក្រៅ​ពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ទន្លេ​មេគង្គ ក្រុម​យុវជន​ក៏​បាន​ទៅ​ទស្សនា​ព្រៃ​កោងកាង​ក្នុង​សហគមន៍​ត្រពាំង​សង្កែ ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ព្រម​ទាំង​រួម​គ្នា​ដាំ​ដើម​កោងកាង​ទៀត​ផង។ កញ្ញា ចាប កនិដ្ឋា បញ្ជាក់​ថា ការ​នាំ​យុវជន​មក​កាន់​តំបន់​មាត់​សមុទ្រ​នេះ គឺ​ដើម្បី​ឲ្យ​ពួក​គេ​បាន​សិក្សា​ពី​អ្វី​ដែល​ថ្មី និង​ប្លែក​ពី​ការ​សិក្សា​មុនៗ ហើយ​ដោយសារ​តែ​ទន្លេ និង​សមុទ្រ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ដូចនេះ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​រឿង​មួយ​ដ៏​ចាំបាច់«យើង​ចង់​ឲ្យ​យុវជន​បាន​សិក្សា​ថា តើ​ទឹក​សាប​នៃ​ទន្លេ​មេគង្គ វា​ទាក់ទង​គ្នា​យ៉ាង​ដូចម្តេច​ជាមួយ​ទឹក​សមុទ្រ​ហ្នឹង? ហើយ​ក៏​ចង់​ឲ្យ​យុវជន​ផ្លាស់ប្ដូរ​បទពិសោធន៍​មើល​ឃើញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តាម​ដង​ទន្លេ មក​មើល​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​រស់នៅ​លើ​ទឹក​ដូច​គ្នា គ្រាន់​តែ​ទឹក​ប្រៃ​នៅ​ក្នុង​ខេត្ត​កំពត នេះ»

កញ្ញា សេម បូរីន គឺ​ជា​និស្សិត​ផ្នែក​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​មួយ​រូប​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ។ នាង​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ចុះ​សិក្សា​ដោយ​ផ្ទាល់ នាង​សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ កំពុង​ប្រឈម​បញ្ហា​ជាច្រើន​ដែល​កើត​ចេញ​មក​ពី​ការ​ខូចខាត​នៃ​ធនធាន​ទន្លេ​មេគង្គ។ នាង​យល់​ឃើញ​ថា ទន្លេ​មេគង្គ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង ដូចជា គមនាគមន៍ មច្ឆជាតិ និង​ផ្តល់​ទឹកសាប​សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ផល​ដំណាំ ដូច្នេះ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​វា​កុំ​ឲ្យ​រង​ការ​បំផ្លិចបំផ្លាញ​ត​ទៅ​មុខ​ទៀត«ទន្លេ​មេគង្គ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​ជា​ជីវិត​នៃ​ប្រជាជន​កម្ពុជា យើង សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន។ បើ​សិន​ជា​អត់​មាន​ទន្លេ ការ​រស់នៅ​របស់​យើង​អត់​មាន​ន័យ​ទេ។ សម្រាប់​ខ្ញុំ​ជា​យុវជន ខ្ញុំ​ចង់​ចែក​រំលែក​ព័ត៌មាន​នេះ​ឲ្យ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​បាន​សិក្សា​យល់​ដឹង និង​ជួយ​ការពារ​ទន្លេ ព្រោះ​វា​ជា​អាយុ​ជីវិត​របស់​យើង​ទាំងអស់​គ្នា»

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន ធ្លាប់​បាន​លើក​ឡើង​ថា ធនធាន​ក្នុង​ទន្លេ​មេគង្គ​បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​ហានិភ័យ​ពីរ​សំខាន់។ នោះ​គឺ​ជា​ការ​នេសាទ​ខុស​ច្បាប់ និង​គម្រោង​ទំនប់​វារីអគ្គិសនី​ជាច្រើន​កន្លែង​ដែល​អាច​បង្ក​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ និង​ជីវចម្រុះ​នៅ​តាម​ដង​ទន្លេ​មេគង្គ។ អនុសាសន៍​ដែល​អ្នក​ជំនាញ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល គឺ​ការ​គិតគូរ​អំពី​ថាមពល​កើត​ឡើង​វិញ ដូចជា​បន្ទះ​សូឡា ឬ​ថាមពល​ខ្យល់ ជា​ជាង​ការ​ផ្ដោត​តែ​ទៅ​លើ​ការ​កសាង​ទំនប់​វារីអគ្គិសនី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ។ លើស​ពី​នេះ អ្នក​ជំនាញ​ក៏​ជំរុញ​ឲ្យ​យុវជន​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​ជួយ​ថែរក្សា​ធនធាន​ទន្លេ​មេគង្គ​ឲ្យ​បាន​គង់វង្ស​ផង​ដែរ ដ្បិត​ពួក​គេ​មាន​ចំណេះ​ដឹង និង​ថាមពល​ខ្លាំងក្លា ដែល​នឹង​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន​បាន​ជិត​៣​ពាន់​ករណី​ក្នុង​រយៈពេល​ជាង​៣​ខែ

$
0
0

រយៈពេល​ជាង​បី​ខែ បន្ទាប់​ពី​រដ្ឋាភិបាល​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន អាជ្ញាធរ​បង្ក្រាប​បាន​ជិត ៣​ពាន់​ករណី (.៨៧៣​ករណី) ហើយ​ឃាត់​ខ្លួន​មនុស្ស ៦.៦៤៤​នាក់។ អាជ្ញាធរ​បញ្ជាក់​ថា នេះ​ជា​ការ​កើន​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការ​ចុះ​បង្ក្រាប ហើយ​នឹង​ពង្រឹង​ការ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​បន្ថែម។

ចាប់​ពី​ថ្ងៃ​ទី​១ មករា ដល់​ថ្ងៃ​ទី​៨ មេសា សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៣០​គីឡូក្រាម និង​កញ្ឆា​ក្រៀម​ជាង ១០​គីឡូក្រាម ត្រូវ​បាន​អាជ្ញាធរ​ចាប់​បាន។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​៩ មេសា ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​បាន​ជួយ​កាត់​បន្ថយ​បទល្មើស​នានា​ទាក់ទង​នឹង​គ្រឿង​ញៀន ដូចជា​អំពើ​លួច​ឆក់​ប្លន់។ លោក​វាយ​តម្លៃ​ថា លទ្ធផល​នៃ​ការ​បង្ក្រាប​រយៈពេល​ជាង​បី​ខែ​មក​នេះ មាន​ភាព​ប្រសើរ​ឡើង៖ «»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​រយៈពេល ៦​ខែ បន្ទាប់​ពី​លោក​បាន​ជួប​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន (Philippines) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែល​ល្បី​ខាង​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ចុង​ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។

ប្រជាជន​ហ្វីលីពីន ប្រមាណ ៧​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​សម្លាប់​ក្នុង​រយៈពេល ៧​ខែ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក ឌូតឺតេ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ការ​បង្ក្រាប​គ្រឿង​ញៀន​របស់​អាជ្ញាធរ​កម្ពុជា នឹង​មិន​ដើរ​តាម​គន្លង​របស់​ហ្វីលីពីន នោះ​ទេ។

កាល​ពី​ដើម​ខែ​មីនា មាន​បុរស​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា បាញ់​សម្លាប់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នា​ខេត្ត​តាកែវ

ទោះ​ជា​យ៉ាង​ណា លោក មាស វីរិទ្ធ ថា​នៅ​ពេល​នេះ​លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ផ្លូវការ​ពី​ការ​សម្លាប់​ពលរដ្ឋ​ដោយ​ក្រុម​អាជ្ញាធរ ពេល​ចុះ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ឡើយ ក្រៅ​ពី​ឮ​ព័ត៌មាន​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ៖ «»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ថ្ងៃ​ទី​១ មករា ពោល​រយៈពេល ៦​ខែ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ចូល​មក​ដល់។

គ្រឿង​ញៀន​កំពុង​វាយ​លុកយុវជន​ទៅ​ដល់​ស្ទើរ​គ្រប់​ច្រកល្ហក​នៃ​ប្រទេស​កម្ពុជា ហើយ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​ចំនួន ៣០​ភាគរយ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​២០១៦។

លោក មាស វីរិទ្ធ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង ៦​ពាន់​នាក់ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន​ក្នុង​រយៈពេល​ជាង​បី​ខែ​មក​នេះ ជា​អ្នក​ជួញ​ដូរ និង​អ្នក​ប្រើប្រាស់ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ប្រភេទ​នៃ​អ្នក​ជួញ​ដូរ​ថា​ជា​មេ​ខ្សែ​បណ្ដាញ​ធំ ឬ​អ្នក​ចែកចាយ​តូច​នោះ​ទេ។

អ្នក​តាមដាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បង្ក្រាប​អ្នក​ចែកចាយ​ធំៗ​ដើម្បី​កម្ចាត់​ការ​ចរាចរ​គ្រឿង​ញៀន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព

របាយការណ៍​របស់​ការិយាល័យ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​នៃ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ក្លាយ​ជា​ផ្លូវ​ឆ្លង​កាត់​សំខាន់​នៃ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស​តំបន់​ត្រីកោណ​មាស​នៃ​ប្រទេស​ថៃ ឡាវ និង​មីយ៉ាន់ម៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​កោះ​ហៅ​ស្ត្រី​ម្នាក់​ដែល​យក​ទ្រនាប់​ជើង​គប់​រូប​លោក ហ៊ុន សែន លើ​ស្លាក​គណបក្ស

$
0
0

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ស្ពឺ អះអាង​ថា ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​កាន់​អំណាច​នោះ មិន​មែន​ជា​សកម្មជន​របស់​ខ្លួន​នោះ​ទេ។ ការ​អះអាង​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​បំភ្លឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា អំពី​ទង្វើ​របស់​ខ្លួន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ថ្នាក់​ឃុំ-សង្កាត់​រហូត​ដល់​ថ្នាក់​ខេត្ត សុទ្ធតែ​បដិសេធ​ថា មិន​ដែល​ស្គាល់​ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រូប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ព្រោះ​មិន​មែន​ជា​សកម្មជន ឬ​សមាជិក​គណបក្ស​របស់​ខ្លួន។

ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ និង​ជា​ក្រុម​ប្រឹក្សា​ក្រុង​ច្បារមន អ្នកស្រី គុណ ម៉ាច មាន​ប្រសាសន៍​ថា សកម្មជន ឬ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​មូលដ្ឋាន​នោះ គឺ​អ្នកស្រី​ស្គាល់​ស្ទើរ​ទាំងអស់ ប៉ុន្តែ​មិន​ស្គាល់​ស្ត្រី​ម្នាក់​នោះ​ឡើយ ព្រោះ​មិន​មែន​ជា​សកម្មជន​របស់​បក្ស។ ទោះ​យ៉ាង​ណា អ្នកស្រី​ថា​មិន​គាំទ្រ​ចំពោះ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ឡើយ៖ «»

នា​ពេល​ថ្មីៗ​នេះ​មាន​ខ្សែ​វីដេអូ​ឃ្លីប​រយៈពេល ១៣​វិនាទី ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​ទៅ​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ត្រី​ម្នាក់​នោះ​រង​ការ​ចោទ​ថា​ជា​សកម្មជន​បក្ស​ប្រឆាំង និង​មាន​ឈ្មោះ​ថា សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ចេញ​វីដេអូ​នេះ​ភ្លាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា បាន​ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ ធា បាន​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ដោយ​លោក​ថា​ជាប់​រវល់។

រីឯ​ចៅ​សង្កាត់​ស្វាយក្រវ៉ាន់ លោក ង៉ែត រ៉េន មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​នោះ​ពិត​ជា​ស្ថិត​ក្នុង​មូលដ្ឋាន​របស់​លោក​ពិត​មែន តែ​ឥឡូវ​នេះ​លោក​មិន​ដឹង​ថា​ស្ត្រី​នោះ​នៅ​ទីណា​ឡើយ ហើយ​លោក​ក៏​មិន​ដឹង​ថា ស្ត្រី​ម្នាក់​នោះ​ជា​សកម្មជន​របស់​គណបក្ស​ប្រឆាំង ឬ​ក៏​យ៉ាង​ណា​ដែរ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នឹង​បន្ត​វិធានការ​តាម​រក និង​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ថ្លែង​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ​លើ​ស្ត្រី​នោះ ជា​ជាង​ឈាន​ដល់​ដំណាក់កាល​ផ្លូវ​ច្បាប់​តឹងរ៉ឹង​ចាប់​គាត់​ដាក់​ពន្ធនាគារ។ ទន្ទឹម​គ្នា​នេះ លោក​សង្កេត​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ​នេះ​ហាក់​បង្ហាញ​នូវ​ស្តង់ដារ​ពីរ ដោយសារ​កន្លង​មក ប្រសិន​បើ​មាន​ករណី​ប៉ះពាល់​ដល់​ជន​ទន់​ខ្សោយ គឺ​អាជ្ញាធរ​មាន​វិធានការ​យឺតយ៉ាវ តែ​ប្រសិន​បើ​ប៉ះពាល់​ដល់​មន្ត្រី​ធំៗ ឬ​អ្នក​មាន​អំណាច គឺ​ចំណាត់ការ​នោះ​លឿន និង​តឹងរ៉ឹង​ទៀត​ផង៖ «»

កន្លង​ទៅ នៅ​ពេល​នរណា​ម្នាក់​ហ៊ាន​រិះគន់ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ពួក​គេ​ភាគច្រើន​កម្រ​គេច​ខ្លួន​រួច​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​ណាស់ ដោយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាត់​វិធានការ​ជា​ទីបំផុត។ ដោយឡែក​ករណី​មាន​ការ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បក្ស​ប្រឆាំង ឬ​ប្រជាជន​ធម្មតា​វិញ គេ​មិន​សូវ​ឃើញ​អាជ្ញាធរ​ចេញ​វិធានការ​មាន​ប្រសិទ្ធភាព​ទេ។ ជាក់ស្តែង​ដូចជា​ករណី​គំរាម​បាញ់​សម្លាប់​លោក កឹម សុខា ករណី​គំរាម​បាញ់​សម្លាប់​លោក​បណ្ឌិត សុខ ទូច និង​មនុស្ស​ល្បីៗ​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​អាជ្ញាធរ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​តាម​ច្បាប់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហជីព​នៅ​តែ​ចង់​ដឹង​ពី​មូលហេតុ​ផ្ទុះ​ឡ​ចំហាយ​ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់

$
0
0

បញ្ហា​ផ្ទុះ​ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​កាត់​ដេរ​សម្លៀកបំពាក់ បាន​កើត​ឡើង​ជា​បន្តបន្ទាប់​គ្នា​ពីរ​ករណី ក្នុង​រយៈពេល ៣​សប្ដាហ៍​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ស៊ើប​អង្កេត​អំពី​មូលហេតុ​ផ្ទុះ​នៅ​មិន​ទាន់​មាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ។

ប្រធាន​សហជីព​ស្មារតី​កម្មករ ដែល​ជា​សហជីព​មូលដ្ឋាន​នៅ​រោងចក្រ សិន តៃ (Zhen Tai Garment) គឺ​លោក កឹម សុភេន មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​៩ មេសា ថា លោក​នៅ​តែ​ចង់​ដឹង​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ​របស់​លោក៖ «»

ករណី​ផ្ទុះ​ឡ​ចំហាយ​លើក​ទី​មួយ បាន​កើត​ឡើង​នៅ​រោងចក្រ សិន តៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បណ្ដាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លាប់​ភ្លាមៗ ពេល​ដែល​ឡ​នោះ​ហោះ​ទៅ​សង្កត់ និង​កម្មការិនី ៧​នាក់​ផ្សេង​ទៀត​រង​របួស។

ករណី​ផ្ទុះ​ឡ​ចំហាយ​នេះ បាន​កើត​ឡើង​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​៨ មេសា នៅ​ឯ​សិប្បកម្ម​កែច្នៃ​សម្លៀកបំពាក់​មិន​មាន​ឈ្មោះ​មួយ​កន្លែង នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ ការ​ផ្ទុះ​នេះ បាន​បណ្ដាល​ឲ្យ​កម្មករ ២​នាក់​ស្លាប់ និង ៤​នាក់​រង​របួស។ ក្រោយ​ការ​ផ្ទុះ​ឡ​ចំហាយ​បណ្ដាល​ឲ្យ​មាន​កម្មករ​ស្លាប់ និង​របួស​កើត​ឡើង សមត្ថកិច្ច​សម្រេច​បិទ​សិប្បកម្ម​នេះ​ជា​បណ្ដោះអាសន្ន។

ករណី​ទាំង​ពីរ​នេះ ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ ដូចជា​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចុះ​ស៊ើប​អង្កេត​ភ្លាមៗ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​របាយការណ៍​ស៊ើប​អង្កេត​ពន្យល់​ជា​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ អំពី​ករណី​ផ្ទុះ​ឡ​ចំហាយ​ទាំងនេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួល​បន្ទុក​បច្ចេកទេស​វិទ្យាសាស្ត្រ លោក ភោគ សុវណ្ណរិទ្ធិ បាន​ទេ​នៅ​ថ្ងៃ​ទី​៩ មេសា។ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ មីនា លោក​ថ្លែង​ថា លោក​នៅ​ក៏​មិន​ទាន់​មាន​របាយការណ៍​ដែរ៖ «ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​មើល​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​របាយការណ៍​មក​វិញ។ ដល់​អ៊ីចឹង រង់ចាំ​ឲ្យ​បាន​របាយការណ៍​មក​វិញ​សិន បាន​អាច​សន្និដ្ឋាន​បាន​ថា វា​កើត​ឡើង​ដោយសារ​អី»

ទាក់ទង​នឹង​ករណី​ផ្ទុះ​ឡ​ចំហាយ​នេះ ខាង​សហជីព​យល់​ថា ជា​ករណី​ព្រួយ​បារម្ភ​ថ្មី​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់។

ឆ្លើយតប​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​៣ មេសា បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​កាត់​ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែក​ជើង​ទាំងអស់ ឲ្យ​អនុវត្ត​វិធានការ ៩​ចំណុច ដើម្បី​ប្រតិបត្តិការ​ឡ​ចំហាយ​ឲ្យ​មាន​សុវត្ថិភាព និង​បង្ការ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ជា​យថាហេតុ។ វិធានការ​ទាំងនោះ​មាន​ជាអាទិ៍៖

  • ទី​មួយ គឺ​ត្រូវ​ប្រើប្រាស់​ឡ​ចំហាយ​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​ស្រប​តាម​បទបញ្ញត្តិ​ជា​ធរមាន

  • ទី​ពីរ រៀបចំ​ប្រព័ន្ធ​ដំឡើង​ឡ​ចំហាយ​តាម​លក្ខណៈ​បច្ចេកទេស​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ

  • ទី​បី ត្រូវ​រៀបចំ​ឲ្យ​មាន​បទបញ្ជា​ការងារ និង​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​ឡ​ចំហាយ

  • ទី​បួន ត្រូវ​មើល​ថែទាំ និង​ត្រួត​ពិនិត្យ​ឡ​ចំហាយ​ជា​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ដោយ​អ្នក​ជំនាញ

  • ទី​ប្រាំ អ្នក​បញ្ជា​ឡ​ត្រូវ​មាន​វត្តមាន​ជា​ប្រចាំ ដើម្បី​តាម​ដាន​សម្ពាធ កម្រិត​ទឹក និង​កម្ដៅ​ឡ​ចំហាយ បង្ការ​កុំ​ឲ្យ​ផ្ទុះ​ឡើង

  • ទី​ប្រាំមួយ ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​អំពី​ការ​ប្រើប្រាស់​ឡ​ចំហាយ​ដោយ​អ្នក​ជំនាញ ដើម្បី​ការពារ​ផ្ទុះ និង​ផ្ដល់​វិធានការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព

  • ទី​ប្រាំពីរ ត្រូវ​ចាត់​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ អ្នក​បញ្ជា​ឡ​ចំហាយ ដែល​បាន​បណ្ដុះបណ្ដាល​ចំ​មុខ​ជំនាញ​ត្រឹមត្រូវ

  • ទី​ប្រាំបី ត្រូវ​មាន​អ្នក​ជំនាញ​ឯកទេស​ជួសជុល ឬ​ផ្លាស់ប្ដូរ​ផ្នែក​ណា​មួយ​ពេល​ដែល​ឡ​ចំហុយ​មិន​ដំណើរការ

  • ទី​ប្រាំបួន មិន​ត្រូវ​បិទ​ចរន្ត​អគ្គិសនី​ពេល​ឡ​ចំហាយ​កំពុង​ដំណើរការ ដើម្បី​តាមដាន​សញ្ញា​អាសន្ន​ដែល​កើត​ឡើង​ពី​កំណើន​សម្ពាធ​ក្នុង​ឡ​ចំហាយ។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មីនា រហូត​មក​ដល់​ថ្ងៃ​ទី​៨ មេសា ការ​ផ្ទុះ​ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ បាន​សម្លាប់​កម្មករ​អស់ ៣​នាក់ និង​រង​របួស ១១​នាក់​ហើយ​ក្នុង​ករណី​ផ្ទុះ​ពីរ​លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ប្រកាស​តាម​ចាប់​លោក ឈាន ពិសិដ្ឋ ដែល​បាញ់​នគរបាល​នៅ​ប៉ោយប៉ែត

$
0
0

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្រេច​បញ្ចប់​តួនាទី និង​បណ្ដេញ​ចេញ​ពី​ការងារ​ហើយ​ចំពោះ​នគរបាល​ឈ្មោះ ឈាន ពិសិដ្ឋ ដែល​បាញ់​នគរបាល​ដូច​គ្នា​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៩ មេសា។ ពេល​នេះ អាជ្ញាធរ​ក៏​កំពុង​តាម​រក​ចាប់​ខ្លួន​នគរបាល​រូប​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា ថា ក្រសួង​មហាផ្ទៃ កំពុង​ស្នើសុំ​សហការ​ពី​ប្រទេស​ជា​មិត្ត ដើម្បី​តាម​ចាប់​ខ្លួន​លោក ឈាន ពិសិដ្ឋ យក​មក​ជំនុំ​ជម្រះ​ទោស៖ «ក្រោយ​ពី​កើត​ហេតុ​ហើយ សាមី​ខ្លួន​មាន​កាំភ្លើង​ក្នុង​ដៃ​បាន​រត់​គេច​ខ្លួន។ ឥឡូវ​យើង​ដឹង​ថា​គាត់​រត់​ផុត​ពី​ប្រទេស​យើង​ទៅ​ក្រៅ​ប្រទេស ហើយ​យើង​កំពុង​តែ​តាមដាន ដើម្បី​សហការ​ជាមួយ​សមត្ថកិច្ច​ជា​មិត្ត ដើម្បី​ចាប់​ខ្លួន​មនុស្ស​ហ្នឹង​យក​មក​វិញ»

របាយការណ៍​របស់​នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ប៉ោយប៉ែត បាន​សរសេរ​ថា លោក ឈាន ពិសិដ្ឋ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ បាន​បាញ់​លោក សេម មករា ជា​នគរបាល​នៅ​ប៉ុស្តិ៍​ជាមួយ​គ្នា​ឲ្យរបួស​ស្រាល​ត្រង់​ស្មា កាល​ពី​ថ្ងៃ​ទី​៩ មេសា ក្នុង​ទំនាស់​ជេរ​ប្រមាថ​មួយ។

ទន្ទឹម​គ្នា​នឹង​ការ​តាម​រក​ចាប់​ខ្លួន​លោក ឈាន ពិសិដ្ឋ នេះ ត្រូវ​បាន​លោក ខៀវ សុភ័គ ថ្លែង​ថា នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា ដដែល រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​បាន​សម្រេច​ដក​ហូត​តំណែង និង​បណ្ដេញ​នគរបាល​រូប​នេះ​ចេញ​ពី​ការងារ​ដែរ៖ «សាមី​ខ្លួន​រូប​ហ្នឹង​ត្រូវ​បាន​សម្ដេច​ក្រឡា​ហោម សម្រេច​ដក​ឋានន្តរស័ក្ដិ បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ និង​បញ្ជូន​ទៅ​តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ​ទោស​ទៅ​តាម​ច្បាប់»

ក្នុង​សេចក្ដី​សម្រេច​របស់​លោក ស ខេង ចុះ​ថ្ងៃ​ទី​១០ មេសា ប្រការ​១ បញ្ជាក់​ថា ការ​ដាក់​វិន័យ​ដោយ​បណ្ដេញ​ពី​ក្របខ័ណ្ឌ​នគរបាល និង​បញ្ជូន​ទៅ​តុលាការ​នេះ គឺ​តាម​មូលហេតុ​ថា លោក ឈាន ពិសិដ្ឋ ជា​នគរបាល​ល្មើស​វិន័យ​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​អាវុធ​បាញ់​បោះ​ខុស​ច្បាប់។

លោក ឈាន ពិសិដ្ឋ ដែល​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប៉ោយប៉ែត មាន​ឈ្មោះ​លេចធ្លោ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ គឺ​ក្នុង​ពេល​ដែល​លោក​ចោទ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ថា​បាន​បើក​រថយន្ត​បុក​លោក

បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​នេះ លោក ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ហើយ​ជាប់​ពន្ធនាគារ​មួយ​រយៈ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ឌិន ពុទ្ធី ថ្លែង​ថា លោក​មិន​បាន​បុក​លោក ឈាន ពិសិដ្ឋ ឡើយ ហើយ​ចោទ​លោក ឈាន ពិសិដ្ឋ វិញ​ថា​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​មុខ​ឡាន ក្នុង​ចេតនា​មួលបង្កាច់​ធ្វើ​បាប​លោក។ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live