Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

បក្ស​ធំ​ទាំង​ពីរ​ចាត់​ទុក​មរណភាព​លោក សុខ អាន ថា​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់

$
0
0

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រឆាំង​គ្នា​ដ៏​តានតឹង​បំផុត​នោះ បាន​ចាត់​ទុក​ការ​បាត់បង់​លោក សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​រូប។ ការ​ចាត់​ទុក​នេះ ក្នុង​ពេល​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋាភិបាល មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​សរុប​ជាង ១​ពាន់​នាក់ បាន​នាំ​គ្នា​ជូន​ដំណើរ​ជា​លើក​ចុង​ក្រោយ​ចំពោះ​សព​លោក សុខ អាន ដើម្បី​យក​ទៅ​បូជា​នៅ​ខាង​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​ចំណាយ​ពេលវេលា​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ដង្ហែ​សព​លោក សុខ អាន ទៅ​បូជា ដែល​ជា​ការ​ជូន​ដំណើរ​លើក​ចុង​ក្រោយ​នោះ គឺ​ជា​វប្បធម៌​ដ៏​ល្អ​មួយ​ដើម្បី​ចង​ឲ្យ​ជាប់​នូវ​វប្បធម៌​ផ្សះផ្សា​ជាតិ​សម្រាប់​គណបក្ស​ទាំង​ពីរ។

នៅ​ថ្ងៃ​ទី​១៩ មីនា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សំខាន់ៗ​ប្រហែល​ចំនួន ១០​នាក់ រួម​មាន​លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក សុន ឆ័យ និង​លោក ម៉ៅ មុនីវណ្ណ ជាដើម បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​ចូលរួម​ពិធី​បូជា​សព​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សុខ អាន និង​រង់ចាំ​រហូត​ទាល់​តែ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ផ្ដល់​ភ្លើង​បូជា​សព ទើប​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំងនោះ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ថ្លែង​ថា ថ្វីត្បិតតែ​មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​ចូលរួម​ជូន​ដំណើរ​ចុង​ក្រោយ​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ម្នាក់ ដែល​ធ្លាប់​បំពេញ​ការងារ​ជា​តំណាងរាស្ត្រ​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក៖ «ធនធាន​មនុស្ស​ទោះ​ជា​នៅ​គណបក្ស​ណា​ក៏ដោយ ធនធាន​មនុស្ស​សំខាន់ៗ​ដែល​ជា​អ្នក​ចេះ​ដឹង​ដូច​សម្ដេច សុខ អាន ហ្នឹង គឺ​គួរ​ឲ្យ​ស្ដាយ​ស្រណោះ»

លោក ប៉ុល ហំម ចាត់​ទុក​លោក សុខ អាន ថា​ជា​មនុស្ស​ស្លូតបូត​ម្នាក់ និង​មិន​សូវ​និយាយ​ស្ដី​ច្រើន​ឡើយ ហើយ​បើ​និយាយ​វិញ ក៏​ក្នុង​លក្ខណៈ​ស្លូតបូត និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សតិ​អារម្មណ៍​របស់​មន្ត្រី​បក្ស​ផ្សេង​នោះ​ដែរ។

សព​របស់​លោក សុខ អាន ត្រូវ​បាន​រំកិល​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ យក​ទៅ​បូជា​នៅ​ខាង​មុខ​វត្ត​បទុមវតី ដោយ​មាន​អ្នក​ចូលរួម​ដង្ហែ​ជា​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស​និស្សិត និង​ពលរដ្ឋ​ជាច្រើន​នាក់។ ក្រោយ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជ​ប្រទាន​គោរមងារ​ជា​សម្ដេច​វិបុល​បញ្ញា សុខ អាន បាន​ពីរ​ថ្ងៃ គឺ​កាល​ពី​ថ្ងៃ​ទី​១៥ មីនា រដ្ឋាភិបាល​ប្រកាស​ថា លោក សុខ អាន បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​បន្ទាប់​មក លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា។ កម្មវិធី​បុណ្យ​បូជា​សព​លោក សុខ អាន គឺ​មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ព្រម​ទាំង​ប្រធាន​ព្រឹទ្ធសភា និង​រដ្ឋសភា​ដែរ។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ បាន​ឡើង​ថ្លែង​វិយោគកថា​មុន​ពេល​បូជា​សព​លោក សុខ អាន ថា លោក សុខ អាន គឺ​ជា​កុលបុត្រ​ខ្មែរ​មួយ​រូប​ដែល​ពេញ​មួយ​ជីវិត​បាន​លះបង់​គ្រប់​យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​ជាតិ​លើ​វិស័យ​វប្បធម៌ និង​អក្សរសាស្ដ្រ​ជាតិ។ លើស​ពី​នេះ លោក សុខ អាន ក៏​ជា​អ្នក​ជំនាញ​ខាង​ការទូត​ដ៏​ល្បី​ម្នាក់​របស់​កម្ពុជា នៅ​ឆាក​អន្តរជាតិ។

លោក សាយ ឈុំ បន្ថែម​ថា ការ​បំពេញ​កិច្ចការ​ជាច្រើន​រាប់​មិន​អស់​សម្រាប់​បម្រើ​ជាតិ គឺ​លោក សុខ អាន មិន​បាន​គិត​អំពី​សុខភាព​ខ្លួន​ឯង​នោះ​ទេ ទើប​បណ្ដាល​ឲ្យ​មាន​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ​ជា​លំដាប់​រហូត​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ«ស្នាដៃ​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គុណធម៌​ដ៏​ឧត្តុង្គឧត្តម​នេះ​មិន​អាច​បំភ្លេច​បាន​ឡើយ»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់​ទុក​ការ​ចូលរួម​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដង្ហែ​សព​លោក សុខ អាន យក​ទៅ​បូជា ថា​ដោយសារ​គណបក្ស​ទាំង​ពីរ​មិន​ដែល​យក​គ្នា​ធ្វើ​ជា​សត្រូវ ហើយ​កន្លង​មក គឺ​ធ្វើ​ការ​ប្រកួត​គ្នា​តាម​បែប​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ៖ «យើង​មាន​ការ​សប្បាយ​រីករាយ​ណាស់​ដែល​មាន​ឯកឧត្តម​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ យើង​មិន​មាន​បញ្ហា​អី​ក្នុង​សតិ​អារម្មណ៍​ទេ ព្រោះ​ប្រទេស​យើង​អនុវត្ត​ទៅ​តាម​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ យើង​តស៊ូ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ តែ​យើង​មិន​ចាត់​ទុក​គ្នា​ជា​សត្រូវ​នោះ​ទេ»

ពាក់ព័ន្ធ​នឹង​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា តាម​បំណង​របស់​លោក ចង់​ឲ្យ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំងអស់​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក សុខ អាន ជា​លើក​ចុង​ក្រោយ ព្រោះ​ធ្វើ​បែប​នេះ​នឹង​អាច​ឲ្យ​បក្ស​ប្រឆាំង​រឹត​តែ​រក្សា​ឲ្យ​បាន​នូវ​វប្បធម៌​ឯកភាព​ជាតិ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​បក្ស​ណា​មួយ​ជួប​ទុក្ខ«ក្នុង​កាលៈទេសៈ​បែប​នេះ គណបក្ស​ប្រឆាំង​គួរ​តែ​ទៅ​ទាំងអស់ ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​ទៅ ហើយ​ប្រសិន​បក្ស​ប្រឆាំង​មាន​ទុក្ខ​វិញ​ម្ដង ខាង​គណបក្ស​ប្រជាជន​កម្ពុជា គេ​នាំ​គ្នា​មក​ឲ្យ​ច្រើន​ដែរ​ទៅ ជា​ប្រពៃណី​មួយ​ចង​ឲ្យ​ជាប់​នូវ​វប្បធម៌​ផ្សះផ្សា​ជាតិ»

ទោះ​ជា​យ៉ាង​ណា លោក​បណ្ឌិត មាស នី មិន​ទាន់​អាច​ព្យាករណ៍​បាន​ទេ​ថា ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក សុខ អាន ដោយ​បក្ស​ប្រឆាំង​ពេល​នេះ អាច​ធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​ថយ​ចុះ​នោះ ព្រោះ​លោក​ថា​កន្លង​មក ការ​ឡើង​ចុះ​នៃ​កម្ដៅ​នយោបាយ គឺ​មិន​ទៀងទាត់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​មួយ​ក្រុម​ទៀត​ប្រកាស​សុពលភាព​បង្កើត​សហគមន៍

$
0
0

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ភូមិ​ប៉ាតាង ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រារព្ធ​ពិធី​ប្រកាស​សុពលភាព​បង្កើត​សហគមន៍​ផ្លូវការ​នៅ​ចំពោះ​មុខ​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពង្រឹង​ឡើង​វិញ​នូវ​កិច្ច​អភិរក្ស​វប្បធម៌​ប្រពៃណី ជាពិសេស​ធនធាន​ធម្មជាតិ​មាន​ព្រៃ​ឈើ និង​ដីធ្លី​សហគមន៍​ឲ្យ​បាន​ល្អ​ប្រសើរ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ភូមិ​ប៉ាតាង ជាង ១០០​នាក់ រួម​ជាមួយ​មន្ត្រី​មូលដ្ឋាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តំណាង​ក្រសួង​ពាក់ព័ន្ធ បាន​ចូលរួម​ពិធី​ប្រកាស​សុពលភាព និង​លើក​ស្លាក​ទីស្នាក់ការ​សហគមន៍ ដើម្បី​បង្ហាញ​លិខិត​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ។

ពិធី​សែនព្រេន​បែប​ប្រពៃណី និង​ការ​ប្រគំ​តន្ត្រី​គង រួម​ជាមួយ​របាំ​ចម្រៀង​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​សហគមន៍​រៀបចំ​ធ្វើ​ដើម្បី​អបអរ​ពិធី​លើក​ស្លាក​ស្នាក់ការ និង​ទទួល​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា បន្ទាប់​ពី​សហគមន៍​បាន​ប្រជុំ​ពេញ​អង្គ​ស្ដីពី​ការ​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​លក្ខន្តិកៈ​សហគមន៍ និង​បាន​ដាក់​ឯកសារ​ស្នើសុំ​ចុះ​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ។

ប្រធាន​គណៈកម្មការ​សហគមន៍​ភូមិ​ប៉ាតាង លោក សេវ លៀក បញ្ជាក់​ថា សុវត្ថិភាព​ដីធ្លី ព្រៃ​ឈើ​មាន​សារសំខាន់​ណាស់​ក្នុង​កិច្ច​ការពារ​វប្បធម៌​ប្រពៃណី និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​កាន់​តែ​ច្រើន។ ហេតុ​នេះ ការ​ចុះ​បញ្ជី​បង្កើត​សហគមន៍​ផ្លូវការ គឺ​ជា​ផ្នែក​មួយ​ដើម្បី​បំពេញ​លក្ខណៈ​សម្បត្តិ​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។ លោក​អំពាវនាវ​ឲ្យ​សមាជិក​សហគមន៍​ទាំងអស់ ចូលរួម​អនុវត្ត​តាម​បទបញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​សហគមន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្កើន​ប្រសិទ្ធភាព​អំណាច សមត្ថភាព និង​ចំណេះ​ដល់​សហគមន៍ ដូច​នេះ​ពួក​គេ​មាន​សមត្ថភាព និង​ភាព​ជា​ម្ចាស់​ក្នុង​ការ​ការពារ​ដីធ្លី ព្រៃ​ឈើ អត្តសញ្ញាណ វប្បធម៌ ប្រពៃណី ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ប្រកប​ដោយ​និរន្តរភាព រួម​ចំណែក​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ប្រសើរ​ឡើង៖ «មាន​ផល​ប៉ះពាល់​ច្រើន​ណាស់​ដូចជា​ការ​រំខាន​ពី​ខាង​ក្រុមហ៊ុន​ឈូស​ឆាយ ខាង​សហគមន៍​ទៅ​ទប់ស្កាត់។ ពួក​ខ្ញុំ​បាន​ទៅ​តវ៉ា ក្នុង​នោះ​មាន​ចម្ការ​ចាស់ៗ​មិន​ទាន់​ដោះស្រាយ​បាន​សម្រេច​ទេ»

អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ហៅ​កាត់​ថា អាយ.ស៊ី.អេស.អូ (ICSO) បាន​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​៥ ឃុំ​ចំនួន​២១ និង​ភូមិ​ចំនួន​៥០ ជាមួយ​ក្រុម​គោលដៅ​នៃ ៥​ជាតិពន្ធុ ដូចជា ទំពួន គ្រឹង ចារ៉ាយ ព្រៅ កាចក់។ អង្គការ​នេះ​ក៏​បាន​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​សហគមន៍ ក្រោម​ការ​អនុវត្ត​គម្រោង​សំខាន់ៗ​រួម​មាន លើក​កម្ពស់​សេដ្ឋកិច្ច​សហគមន៍ ពង្រឹង​និង​អភិវឌ្ឍ​ស្ថាប័ន​អង្គការ​ជនជាតិ​ដើម​ភាគតិច និង​ពង្រឹង​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​សមូហភាព។

ទស្សនទាន​របស់​អង្គការ​នេះ​បង្ហាញ​ថា បច្ចុប្បន្ន​នេះ ការ​អភិវឌ្ឍ និង​ការ​លំហូរ​នូវ​វប្បធម៌ ប្រពៃណី​ពី​ខាង​ក្រៅ​ចូល​ទៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ធ្វើ​ឲ្យ​ការ​គ្រប់គ្រង ប្រើប្រាស់ និង​ការ​ប្រតិបត្តិ​នានា​តាម​បែប​ប្រពៃណី​លើ​ដីធ្លី និង​ធនធាន​ធម្មជាតិ រួម​ទាំង​ព្រៃ​ឈើ ដូចជា​ការ​ធ្វើ​ចម្ការ​វិល​ជុំ ដី​ព្រៃ​ជំនឿ ដី​ព្រៃ​កប់​ខ្មោច អត្តសញ្ញាណ សិប្បកម្ម​តម្បាញ សិល្បៈ របាំ​វាយ​គង សម្លៀកបំពាក់ និង​សាមគ្គីភាព​របស់​ជនជាតិ​ដើម​ភាគតិច កំពុង​មាន​ការ​ប្រឈម​ទៅ​រក​ការ​ចុះ​ខ្សោយ ឬ​បាត់បង់​ជា​បណ្ដើរៗ។

មេ​ឃុំ​សេសាន លោក សែវ ស្វែន កត់​សម្គាល់​ថា ការ​ប្រកាស​សុពលភាព​បង្កើត​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​ភូមិ​ប៉ាតាង គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ​និង​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​សហគមន៍។ លោក​អំពាវនាវ​ឲ្យ​សមាជិក​សហគមន៍​គោរព​បទបញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​សហគមន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួម​គ្នា​អភិរក្ស​ធនធាន​ធម្មជាតិ និង​ដីធ្លី​សហគមន៍​បាន​នៅ​គង់វង្ស៖ «តាម​ចិត្ត​អ្នក​ភូមិ ប៉ុន្តែ​យើង​ត្រូវ​ថែរក្សា​ព្រៃ​ឈើ​ឲ្យ​ដិតដល់ ហើយ​និង​ការពារ​ដីធ្លី​យើង​ផង​កុំ​ឲ្យ​លក់។ យើង​លក់​អត់​កើត​ទេ ព្រោះ​ដី​យើង​ជា​សមូហភាព»

ឃុំ​សេសាន ឋិត​ក្នុង​ស្រុក​អូរយ៉ាដាវ មាន​ភូមិ​ចំនួន​បី​ដែល​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ និង​បាន​ចុះ​បញ្ជី​បង្កើត​សហគមន៍​នីតិបុគ្គល​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ រួច​ហើយ។ បច្ចុប្បន្ន​ភូមិ​ទាំង​បី​កំពុង​ចងក្រង​ឯកសារ​ស្នើសុំ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន ថ្លែង​ថា គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​អនុវត្ត​សម្រេច​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ចំនួន​៥ ជា​កម្មសិទ្ធិ​សមូហភាព ក៏ប៉ុន្តែ​ការងារ​ប្រឈម​សំខាន់​ដែល​ធ្វើ​ឲ្យ​ការងារ​ចុះ​បញ្ជី​ដី​នេះ​យឺតយ៉ាវ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​តំបន់​ខ្ពង់រាប ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​រដូវ​វស្សា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ចូលរួម។ លោក​បន្ត​ថា ការ​វាស់វែង​កំណត់​ព្រំ​ដី​តំបន់​ខ្លះ​ជាប់​ពាក់ព័ន្ធ​ក្បាល​ដី​ឯកជន ឬ​ដី​ក្រុមហ៊ុន​ដែល​មាន​ទំនាស់​ជាមួយ​ផ្ទៃដី​សហគមន៍។

លើស​ពី​នេះ​ទៀត ការ​ជួយ​អន្តរាគមន៍​ឲ្យ​សហគមន៍​យល់​ដឹង​ពី​ច្បាប់ វិធីសាស្ត្រ និង​ការ​អនុវត្ត​លក្ខន្តិកៈ​បទបញ្ជា​ផ្ទៃ​ក្នុង​សហគមន៍ រួម​ទាំង​ផែនការ​ប្រើប្រាស់​ដី សុទ្ធសឹងតែ​ត្រូវការ​ពេលវេលា និង​ថវិកា៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល ពិសេស​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​កម្មវិធី​វិនិយោគ​ឃុំ-សង្កាត់ ដូច​ផែនការ​ថវិកា​ខេត្ត-ក្រុង​ផង​ដែរ»

នៅ​ខេត្ត​រតនគិរី ជនជាតិ​ដើម​ភាគតិច​ចំនួន ៦៥​សហគមន៍​បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ និង​ចុះ​បញ្ជី​សហគមន៍​នីតិបុគ្គល​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​សហគមន៍​ចំនួន​២៥ បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត ដើម្បី​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​លួច​កាប់​ឈើ​និង​បរបាញ់​សត្វ

$
0
0

ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ទំហំ​ជាង ១​ម៉ឺន ៦​ពាន់​ហិកតារ ដែល​ស្ថិត​នៅ​ប្រជុំ​ភូមិសាស្ត្រ​នៃ​ស្រុក​ចំនួន​បី គឺ​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​ជា​ព្រៃ​ដ៏​សំខាន់​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​អេក្វាទ័រ​អាស៊ី-ប៉ាស៊ីហ្វិក ព្រម​ទាំង​ជា​ព្រៃ​ដែល​លក់​ឥណទាន​កាបូន​ទៅ​ឲ្យ​អន្តរជាតិ​ផង។

បច្ចុប្បន្ន ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត កំពុង​រង​ការ​គំរាម​កំហែង​ពី​ក្រុម​អ្នក​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់ ព្រម​ទាំង​អ្នក​ដាក់​អន្ទាក់ និង​ប្រើ​ឧបករណ៍​ឆក់​សម្លាប់​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ដើម្បី​ជួញដូរ​ខុស​ច្បាប់។ តើ​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត មាន​លទ្ធភាព​ទប់ស្កាត់​ការ​គំរាម​កំហែង​ទាំងនេះ​បាន​ដែរ​ឬ​ទេ?

អ្នក​គ្រប់គ្រង​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​មិន​ជួយ​ចាត់​វិធានការ​ទប់ស្កាត់​ការ​លួច​កាប់​ឈើ ព្រម​ទាំង​ការ​លួច​សម្លាប់​សត្វ​ព្រៃ​ឲ្យ​ទាន់​ពេលវេលា​ទេ មិន​យូរ​មិន​ឆាប់ ដើម​ឈើ​ធំៗ​ជាច្រើន ព្រម​ទាំង​សត្វ​ព្រៃ​ផង​នឹង​បាត់បង់​ពី​ព្រៃ​សហគមន៍​នេះ​យ៉ាង​ឆាប់​រហ័ស។

ការ​ព្រួយ​បារម្ភ​របស់​អ្នក​គ្រប់គ្រង​ព្រៃ​សហគមន៍​នេះ កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា បើ​ទោះ​បី​ជា​កម្លាំង​ប្រជា​សហគមន៍ និង​កម្លាំង​ទាហាន​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​រួម​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ក៏ដោយ ក៏​ក្រុម​ជន​ខិលខូច​នៅ​តែ​ឆ្លៀត​ឱកាស​លួច​ចូល​កាប់​ឈើ​ធំៗ ព្រម​ទាំង​ដាក់​អន្ទាក់ និង​ប្រើ​ឧបករណ៍​ឆក់​សម្លាប់​សត្វ​ព្រៃ​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់​ដដែល ពីព្រោះ​តែ​វិសាលភាព​នៃ​ព្រៃ​សហគមន៍​ធំ​ទូលាយ ប៉ុន្តែ​កម្លាំង​ល្បាត​ការពារ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត គឺ​ព្រះ​ភិក្ខុ ប៊ុន សាលួត។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា បច្ចុប្បន្ន​នេះ ព្រះអង្គ ព្រម​ទាំង​ប្រជា​សហគមន៍ និង​ទាហាន​ខ្លះ​ទៀត តែង​នាំ​គ្នា​ដើរ​ល្បាត​ជាច្រើន​ដង​ក្នុង ១​សប្ដាហ៍ៗ ទាំង​យប់​ទាំង​ថ្ងៃ ក៏ប៉ុន្តែ​នៅ​តែ​មាន​ជន​ខិលខូច​លួច​ចូល​កាប់​ឈើ ព្រម​ទាំង​បរបាញ់​សត្វ​ព្រៃ​នៅ​តំបន់​ការពារ​នេះ។

ព្រះ​ភិក្ខុ ប៊ុន សាលួត មាន​ថេរ​ដីកា​ទៀត​ថា បច្ចុប្បន្ន​នេះ​ព្រះអង្គ​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ពីព្រោះ​តែ​នៅ​ជុំវិញ​តំបន់​ព្រៃ​សហគមន៍ គឺ​មាន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិន​ទាន់​សហការ​លើ​កិច្ច​ការពារ​នៅ​ឡើយ៖ «គោល​បំណង​របស់​អាត្មា ចង់​ឲ្យ​ព្រៃ​ឈើ​នេះ​បាន​គង់​នៅ​រយ​ពាន់​ឆ្នាំ ហើយ​អាត្មា​ក៏​ចង់​ជម្រាប​ដែរ បើ​រាជ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​នានា មិន​យក​ចិត្ត​ទុក​ដាក់ ហើយ​ឲ្យ​អាត្មា​ប្រឹង​តែ​ម្នាក់​ឯង គឺ​មិន​ងាយ​ទេ»

ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ២០១៧ ១៤៤០
ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត នៅ​ខេត្ត​ឧត្តរមានជ័យ។ រូបថត​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១ ដោយ​ទទួល​ការពារ​ព្រៃ​ឈើ​ទំហំ​ជាង ១​ម៉ឺន ៦​ពាន់​ហិកតារ។ តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ក្រៅ​តែ​ពី​មាន​ឈើ​ប្រណីត​ធំៗ​រាប់​ពាន់​ដើម ក៏​ជា​ជម្រក​សត្វ​ព្រៃ​ដ៏​សំខាន់ ដែល​ត​ភ្ជាប់​ពី​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព​នៃ​ខេត្ត​ព្រះវិហារ ដែរ។

បច្ចុប្បន្ន​នេះ​មាន​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​ស្នាក់​អាស្រ័យ​ក្នុង​តំបន់​ព្រៃ​នេះ ដូចជា​សត្វ​ខ្ទីង ទន្សោង គោ​ព្រៃ សត្វ​ខ្លា ប្រើស ក្ដាន់ រមាំង ជ្រូក​ព្រៃ រីឯ​សត្វ​ស្លាប​មាន​ជាច្រើន​រយ​ប្រភេទ ដូចជា​សត្វ​សេក សត្វ​ប្រវឹក មាន់​ព្រៃ និង​សត្វ​ក្ងោក ជាដើម។

ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត បាន​ស្ម័គ្រ​ចិត្ត​ជួយ​ដើរ​ល្បាត​ការពារ​ព្រៃ​ដែរ ក៏ប៉ុន្តែ​កម្លាំង​អ្នក​ស្ម័គ្រ​ចិត្ត​ទាំងនោះ​មាន​តិចតួច ដោយសារ​តែ​គេ​ពឹង​ផ្អែក​លើ​មធ្យោបាយ និង​ធនធាន​ដែល​គេ​មាន​ផ្ទាល់​ខ្លួន។

មេ​ភូមិ​ចារចាស់ នៃ​ឃុំ​លំទង លោក កែវ ធឿន មាន​ប្រសាសន៍​ថា រូប​លោក​ស្រឡាញ់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​នោះ​ជា​ខ្លាំង រហូត​ដល់​ប្រាប់​ប្រពន្ធ​ឲ្យ​ជួយ​ខ្ចប់​បាយ​ទឹក​សម្រាប់​លោក​ដើរ​ល្បាត​ការពារ​ព្រៃ​នៅ​ពេល​ខ្លះ។ បុរស​ដដែល​បញ្ជាក់​ថា ពេល​ខ្លះ​លោក​បាន​ចេញ​លុយ​ខ្លួន​ឯង​ចាក់​សាំង ហើយ​ជិះ​ម៉ូតូ​បើក​ល្បាត​ការពារ​ព្រៃ​ផង៖ «ខេត្ត​សៀមរាប ឧត្តរមានជ័យ គឺ​មាន​ព្រំប្រទល់​នៅ​តំបន់​នេះ ហើយ​ក៏​នៅ​សល់​ព្រៃ​ឈើ​តែ​តំបន់​នេះ​ទេ»

សព្វថ្ងៃ​នេះ តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង ក៏​បាន​ផ្ដល់​ទាហាន​ចំនួន ៦​នាក់​ឲ្យ​ជួយ​ដើរ​ល្បាត​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​នេះ​ដែរ។ កម្លាំង​ទាំងនោះ​តែង​ដើរ​ល្បាត​ជាប់​ជាមួយ​គណៈកម្មការ​សហគមន៍ និង​ប្រជាពលរដ្ឋ​មិន​ថា​យប់​ឬ​ក៏​ថ្ងៃ​ឡើយ។

ទាហាន​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា ៥​នាក់​ផ្សេង​ទៀត​ដែល​តែង​ដើរ​ល្បាត​ការពារ​ព្រៃ​សហគមន៍ លោក ព្រឹន្ទបាលឯក អ៊ា ទិត្យ មាន​ប្រសាសន៍​ថា រូប​គាត់​ដែល​ចូលរួម​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ និង​ពេល​ខ្លះ​ដេក​ក្នុង​ព្រៃ​ផង គឺ​ដោយសារ​តែ​ទឹក​ចិត្ត​ស្រឡាញ់​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ជាច្រើន​ដែល​គាត់​បាន​ជួប៖ «កាល​ពី​ដំបូង​ខ្ញុំ​នៅ​អង្គភាព គឺ​ធ្លាប់​បរបាញ់​សត្វ​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​អភិរក្ស​អ៊ីចឹង គឺ​មាន​អារម្មណ៍​ថា​ឃើញ​សត្វ​ព្រៃ​បែរ​ទៅ​ជា​ស្រឡាញ់​វា»

ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ២០១៧ ១៤៤០
ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ជិះ​គោយន្ត​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ នៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ក្នុង​ពេល​ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ និង​សហគ្រិនភាព​យុវជន​បៃតង​ដើរ​ល្បាត​ការពារ​ព្រៃ​ឈើ គឺ​ពួក​គេ​មាន​អារម្មណ៍​ក្រៀមក្រំ​នៅ​ពេល​ដែល​ឃើញ​ឈើ​ធ្នង់​មួយ​ដើម​ធំ​ត្រូវ​គេ​លួច​កាប់។

ស្ត្រី​វ័យ​ក្មេង​មក​ពី​អង្គការ​មាតា​ធម្មជាតិ នៃ​តំបន់​អារ៉ែង​ខេត្ត​កោះកុង កញ្ញា លីម គីមស៊ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការ​លួច​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ដូច្នេះ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​មែន​ទែន​ដែល​ជន​ល្មើស​ពូកែ​ខាង​លួច​នេះ។ ខ្ញុំ​អត់​ដឹង​ថា នៅ​ក្នុង​ខួរក្បាល​អ្នក​លួច​កាប់​ឈើ​នេះ តើ​យល់​ពី​អ្វី​ដែល​ហៅ​ថា​ការ​ស្រឡាញ់​ធម្មជាតិ​ទេ​ឬ

កាល​ពី​ឆ្នាំ​២០១០ ព្រះ​ភិក្ខុ ប៊ុន សាលួត ជា​ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃ​រុក្ខ​វ័ន្ត ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​អេក្វាទ័រ​អាស៊ី-ប៉ាស៊ីហ្វិក ទៅ​លើ​ការងារ​ការពារ និង​ថែរក្សា​ព្រៃ​ឈើ​នេះ​បាន​ល្អ ប៉ុន្តែ​បច្ចុប្បន្ន នៅ​ជុំវិញ​ព្រៃ​សហគមន៍​នេះ​មិន​ទាន់​មាន​ផ្លូវ​ល្អ​ស្អាត ដើម្បី​ឲ្យ​សហគមន៍​អាច​ធ្វើ​ដំណើរ​ងាយ​ស្រួល​ក្នុង​ការ​ល្បាត​ឲ្យ​ទាន់​ពេលវេលា និង​សព្វ​ទីកន្លែង​នៅ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជន​ខិលខូច​នៅ​មាន​ឱកាស​លួច​ចូល​ទៅ​កាប់​ឈើ ដាក់​អន្ទាក់ ព្រម​ទាំង​ឆក់​សម្លាប់​សត្វ​ព្រៃ​យក​ទៅ​ជួញដូរ​ជា​ហូរហែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ត្អូញត្អែរ​ថា​នេសាទ​ត្រី​លែង​បាន​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

$
0
0

ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ បញ្ហា​នេះ ពួក​គេ​បាន​ទម្លាក់​កំហុស​លើ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​បាន​បិទ​ទឹក​ទន្លេ​ទាំងស្រុង។

ការ​ត្អូញត្អែរ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ចាប់​ផ្ដើម​បិទ​ទឹក​ទន្លេ​សេសាន​កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ បង្ក​ឲ្យ​ពលរដ្ឋ​មាន​មុខ​របរ​នេសាទ និង​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ កំពុង​រង​ផល​ប៉ះពាល់​ជា​បណ្ដើរៗ​រួម​មាន ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល បញ្ហា​ផ្លូវ​ចិត្ត សន្តិសុខ​ស្បៀង និង​ប៉ះពាល់​បំណិន​ជីវិត ជាដើម។

ប្រជា​នេសាទ​រស់នៅ​ឃុំ​កោះស្រឡាយ ស្រុក​សៀមបូក លោក ថង ម៉ីន វ័យ ៦០​ឆ្នាំ កត់​សម្គាល់​ថា រយៈពេល​ជាង ២​ខែ​កន្លង​ទៅ​នេះ អ្នក​នេសាទ​នៅ​ឃុំ​កោះស្រឡាយ មិន​អាច​ចាប់​ត្រី​បរិភោគ​បាន​ដូច​ឆ្នាំ​មុនៗ និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​ទម្រាំ​ចាប់​ត្រី​បរិភោគ​បាន​តិចតួច។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​មាន​ទម្លាប់​បង់​សំណាញ់​ចាប់​ត្រី​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ក៏​កំពុង​ប្រឈម​ដែរ ព្រោះ​ស្ទើរ​តែ​មិន​អាច​ចាប់​ត្រី​បាន​សោះ​ក្នុង​មួយ​ថ្ងៃ។

លោក​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​មុនៗ​ដល់​តែ​ដល់​ខែ​មករា រហូត​ដល់​ខែ​មេសា អ្នក​ភូមិ​មាន​ទម្លាប់​នេសាទ​ត្រី​ទុក​សម្រាប់​ធ្វើ​ប្រហុក និង​ផ្អក ហើយ​សល់​លក់​ថែម​ទៀត ក៏ប៉ុន្តែ​ឆ្នាំ​នេះ​ពួក​គាត់​កំពុង​ប្រឈម​បាត់បង់​មុខ​របរ​នេះ។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​រស់នៅ​ដង​ទន្លេ​មេគង្គ​ប៉ែក​ខាង​ក្រោម ដូចជា​នៅ​កោះ​ព្រះ និង​កាំងចាម ក៏​ជួប​បញ្ហា​នេះ​ដែរ៖ «ចាប់​ពី​ខែ​មួយ ឆ្នាំ​២០១៧ អត់​ឃើញ​ត្រី​សោះ ទោះ​បី​ជា​តាម​សៀមបូក កោះ​ព្រះ ក៏​គេ​រក​ត្រី​ហូប​មិន​បាន​ដូច​គ្នា​ដែរ រក​តែ​ត្រី​រៀល​ហូប​មិន​បាន​ដែរ ពុំ​មែន​តែ​អត់​តែ​ខ្ញុំ​ទេ កន្លែង​គេ​ក្រោមៗ​ក៏​អត់​ដែរ»

អ្នក​នេសាទ​ម្នាក់​ទៀត​រស់នៅ​ឃុំ​ស្រែគរ ស្រុក​នេសាទ លោក សួន លួន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ស្ថានភាព​ទឹក​នៅ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ផ្ដើម​ប្រែប្រួល​ខុស​ប្រក្រតី​ក្រោយ​ពី​ក្រុមហ៊ុន​សេសាន​ក្រោម​ពីរ បិទ​ទន្លេ​ទាំងស្រុង បង្ក​ឲ្យ​អ្នក​ភូមិ​ស្ទើរ​តែ​មិន​អាច​នេសាទ​បាន​ត្រី​សោះ ហើយ​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ទិញ​ម្ហូប​បរិភោគ​ប្រចាំ​ថ្ងៃ៖ «ឥឡូវ​រក​អត់​សូវ​បាន​ទេ​ក្មួយ! បង់​មួយ​ថ្ងៃ​ដល់​ល្ងាច អត់​បាន​ត្រី​មួយ​ទេ ពិបាក​ណាស់! គឺ​ពិបាក​មែនទែន គឺ​ប៉ះពាល់​ជីវភាព​ទាំងអស់​ក្នុង​មូលដ្ឋាន»

ឆ្លើយតប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ទទួល​ស្គាល់​ថា ក្រុមហ៊ុន​បាន​បិទ​ទន្លេ​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​ពុំ​ទាន់​បិទ​ទឹក​ទាំងស្រុង​នោះ​ទេ ហើយ​ទឹក​អាច​ហូរ​តាម​ទ្វារ​ទំនប់​បាន។ លោក​ថា ក្រុមហ៊ុន​កំពុង​សាងសង់​ប្រឡាយ​ពង្វាង​ទឹក ដែល​អនុញ្ញាត​ឲ្យ​ត្រី​អាច​បន្លាស់​ទី​បាន។ លើស​ពី​នេះ ការ​អភិវឌ្ឍ​ប្រឡាយ​ពង្វាង​ទឹក គឺ​ធ្វើ​ប្រវែង ១​គីឡូម៉ែត្រ​ពី​ទំនប់​វារីអគ្គិសនី បាន​ផ្ដើម​សាងសង់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦។ លោក​ថា ក្រុមហ៊ុន​នឹង​កសាង​ប្រឡាយ​ពង្វាង​ទឹក​ឲ្យ​រួច​រាល់​ឲ្យ​បាន​មុន​ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ៖ «ខែ​៥ បិទ​ទឹក តែ​ដល់​ខែ​៣ ជិត​ហើយ សម្រុក​ធ្វើ​អា​ហ្នឹង​តើ។ មាន​ប្រឡាយ​មួយ​ពង្វាង​ចូល​ទៅ​បាត​អាង​វិញ ឡើង​ទៅ​លើ​វិញ។ ចឹង​ត្រី​ហែល​បញ្ច្រាស​ឡើង​ទៅ​លើ​បាន»

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បើក​ឲ្យ​ដំណើរការ វា​បង្ក​ឲ្យ​បរិមាណ​ត្រី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ទន្លេសាប​ធ្លាក់​ចុះ​ប្រមាណ ១០% (,%) និង​កាត់​បន្ថយ​លំហូរ​ដី​ល្បាប់​ប្រហែល ៦% ទៅ ៨% ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់​តាម​ដង​ទន្លេ​មេគង្គ ប្រឈម​ការ​ប៉ះពាល់​ជីវភាព និង​សន្តិសុខ​ស្បៀង។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ បាន​ចុះ​ពិនិត្យ​ស្ថានភាព​កសាង​ប្រឡាយ​ពង្វាង​ទឹក​ទំនប់​នេះ​រួច​ហើយ។ ដោយឡែក​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខែត្រ មាន​រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម ព្រម​ទាំង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ក៏​បាន​សហការ​គ្នា​រៀបចំ​ផ្លូវ​សម្រាប់​ត្រី​ឡើង​ចុះ​ដែរ។ លោក​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​អំពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ត្រី​ដោយសារ​ទំនប់​វារីអគ្គិសនី​នោះ​ទេ៖ «នេសាទ​ដូច​សព្វ​មួយ​ដង​ដូច​គ្នា ពេល​ខ្លះ​គាត់​នេសាទ​បាន ពេល​ខ្លះ​គាត់​នេសាទ​អត់​បាន តែ​ប្រសិន​បើ​មាន​ទឡ្ហីករណ៍​ណា​មួយ​ទៀត យើង​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ ជួន​វា​ប្រែប្រួល​យ៉ាង​ដូចម្តេច​ពាក់ព័ន្ធ​ទៅ​នឹង​សេវា​សុខភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​ហ្នឹង»

អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន សង្កេត​ឃើញ​ថា ក្រុមហ៊ុន​បាន​បិទ​ទន្លេ​បណ្ដាល​ឲ្យ​ទឹក​ហៀរ​តាម​ទ្វារ​ទឹក​មាន​កម្ពស់​ខ្ពស់ ពុំ​អនុញ្ញាត​ឲ្យ​ត្រី​ធ្វើ​ចរាចរ​បាន​នោះ​ទេ ជាពិសេស​គំរាម​កំហែង​លក្ខខណ្ឌ​ជីវសាស្ត្រ​របស់​ត្រី។ លោក​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​បិទ​ទន្លេ​ទាំងស្រុង ក៏ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​ទាន់​កសាង​ប្រឡាយ​ពង្វាង​ទំនប់​រួច​រាល់ បណ្ដាល​ឲ្យ​រាំង​ខ្ទប់​ដំណើរ​របស់​ត្រី និង​ប៉ះពាល់​ការ​បន្ត​ពូជ​របស់​ត្រី​នៅ​រដូវ​ត្រី​ពង​កូន។ លោក​បារម្ភ​ថា ភាព​អនាធិបតេយ្យ​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ច្រើន ដូចជា​ប្រើ​ចរន្ត​អគ្គិសនី​ឆក់ បោក​គ្រាប់បែក និង​ប្រើ​ថ្នាំ​បំពុល​ជាដើម ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ថយ​ចុះ​បរិមាណ​ត្រី​តាម​ដង​ទន្លេ​ដែរ៖ «ឥឡូវ​បង្ហៀរ​មាន​កម្ពស់​ខ្ពស់​ខ្លាំង​ពី​បាត​ទន្លេ ត្រី​មិន​អាច​ឡើង​រួច​ទេ មាន​ន័យ​ថា​ត្រី​ត្រូវ​រាំង​ខ្ទប់​បាត់​ហើយ ប៉ុន្តែ​ទឹក​មិន​ទាន់​ខ្ទប់​ទេ»

កាល​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១០ អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​ទាំង​បី​នៃ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី បាន​បង្ហាញ​មោទនភាព​ចំពោះ​មច្ឆជាតិ​ដង​ទន្លេ ដែល​ផ្ដល់​នូវ​ភាព​សម្បូរ​ត្រី​ជាច្រើន​ប្រភេទ​មិន​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ ពលរដ្ឋ​អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ចាប់​ត្រី​ចិញ្ចឹម​ជីវិត ទ្រទ្រង់​ជីវភាព​គ្រួសារ មិន​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​នៅ​ទីផ្សារ ហើយ​មាន​អ្នក​ភូមិ​ខ្លះ​អាច​រក​ចំណូល​ពី​ការ​នេសាទ​លក្ខណៈ​គ្រួសារ និង​សល់​លក់​ចេញ​ទៅ​ទីផ្សារ​ទៀត​ផង។

តំបន់​ទន្លេ​បី រួម​មាន​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង គឺ​ជា​ប្រភព​នៃ​ជម្រក​ត្រី​ក្នុង​តំបន់​រួម​មាន ត្រី​ប៉ាសេអ៊ី ត្រី​ប៉ាវា​មុខ​ពីរ ឬ​ត្រី​ប៉ាកក និង​ត្រី​ក្អែក ជាដើម ហើយ​ត្រី​ទាំងនោះ​ច្រើន​រស់នៅ​ចំណុច​ប្រសព្វ​គ្នា​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ជា​តំបន់​សម្បូរ​ថ្ម និង​ដង្ហើម​ទឹក​ហូរ​ធម្មជាតិ មាន​អុកស៊ីហ្សែន​ខ្ពស់ ក៏ប៉ុន្តែ​បច្ចុប្បន្ន ទន្លេ​សេសាន​ត្រូវ​បាន​បិទ​ទាំងស្រុង បង្ក​ការ​រាំង​ខ្ទប់​ដំណើរ​ឡើង​ចុះ​របស់​ត្រី​គ្រប់​ប្រភេទ និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បុរស​ដែល​រង​ការ​វាយ​ដំ​ពី​ក្រុម​សន្តិសុខ​ភូមិ​នៅ​ខេត្ត​ព្រៃវែង​ដង្ហោយ​រក​យុត្តិធម៌

$
0
0

បុរស​ម្នាក់​ដែល​អះអាង​ថា រូប​គាត់​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ដំណំ​ពី​ក្រុម​សន្តិសុខ​ភូមិ​នៅ​ឃុំ​ដូនកឹង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នោះ កំពុង​ដង្ហោយ​រក​យុត្តិធម៌។ ចំពោះ​ករណី​នេះ មេ​ប៉ុស្តិ៍​ឃុំ​ដូនកឹង បដិសេធ​ការ​ចោទ​ប្រកាន់។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ព្រៃវែង យល់​ថា ទង្វើ​នេះ​ប្រសិន​បើ​ជា​ការពិត គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​ដែល​ខុស​នឹង​ច្បាប់។

អស់​មួយ​សប្ដាហ៍​ហើយ បុរស​កំព្រា​ម្នាក់​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នោះ​ទេ បន្ទាប់​ពី​រូប​គាត់​ត្រូវ​បាន​សន្តិសុខ​ភូមិ​ពីរ​នាក់ ព្រួត​វាយ​ដំ​យ៉ាង​ដំណំ​រហូត​ដល់​សន្លប់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ដូនកឹង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។

បុរស​រងគ្រោះ​ឈ្មោះ ផុន ធា អាយុ ៤៩​ឆ្នាំ ដែល​កំពុង​ជាំ និង​មាន​ឈាម​ក្នុង​ភ្នែក​ខាង​ឆ្វេង រៀបរាប់​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា កន្លង​ទៅ រូប​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​បង​ថ្លៃ ដោយសារ​សុំ​លុយ ១០​ដុល្លារ​ដែល​ប្អូន​ផ្ញើ​មក​ពី​កូរ៉េ​មិន​បាន ហើយ​ក៏​ឈាន​ដល់​ប្រតាយប្រតប់​គ្នា​បន្តិចបន្តួច។ ពេល​នោះ បង​ថ្លៃ​របស់​លោក​ដែល​ជា​អនុប្រធាន​ភូមិ ក៏​បាន​ប្ដឹង​ទៅ​មេ​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍។

លោក ផុន ធា បន្ត​ថា ភ្លាមៗ​មេ​ប៉ុស្តិ៍​បាន​បញ្ជា​សន្តិសុខ​ភូមិ​ពីរ​នាក់​ទៅ​ចាប់​រូប​គាត់ តែ​គាត់​មិន​ព្រម ក៏​បាន​ប្រតាយប្រតប់​គ្នា​មួយ​សន្ទុះ ទើប​ចុង​ក្រោយ សន្តិសុខ​ទាំង​ពីរ​បាន​ដាក់​ខ្នោះ​ដៃ​គាត់ ហើយ​ដឹក​យក​ទៅ​បន្ទប់​ឃុំឃាំង​នៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើ​ការ​អប់រំ ប៉ុន្តែ​នៅ​ពេល​ដឹក​ទៅ​ដល់ ស្រាប់​តែ​សន្តិសុខ​ទាំង​ពីរ​នាក់​បិទ​ទ្វារ ហើយ​ចាប់​ផ្តើម​វាយ​ដំ​គាត់​រហូត​ដល់​សន្លប់ ទើប​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៖ «»

បុរស​រូប​នេះ​សម្ដែង​ការ​សោកស្ដាយ​ដែល​ប៉ូលិស​មិន​នាំ​ខ្លួន​ទៅ​អប់រំ ប្រសិន​បើ​គិត​ថា​គាត់​ធ្វើ​ខុស ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរ​ជា​បណ្តោយ​ឲ្យ​សន្តិសុខ​ភូមិ​ប្រើ​ហិង្សា​លើ​រូប​គាត់​ទាំង​ដៃ​ជាប់​ខ្នោះ រហូត​ដល់​សន្លប់ និង​មាន​របួស​ធ្ងន់។ បុរស​រូប​នេះ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជូន​រូប​គាត់៖ «»

សន្តិសុខ​ភូមិ​ទាំង​ពីរ​នាក់​នោះ មាន​ម្នាក់​ឈ្មោះ គុជ រស់នៅ​ភូមិ​ទន្សាយជុលហាប់ រីឯ​ម្នាក់​ទៀត​ឈ្មោះ យ៉ាត់ គាន រស់នៅ​ភូមិ​ដូនកឹង ឃុំ​ដូនកឹង ជាមួយ​ជន​រងគ្រោះ​ដែរ។

ឆ្លើយតប​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដូនកឹង លោក គុយ សាវ៉ាត បាន​ឆ្លើយ​បដិសេធ​ថា លោក​ពុំ​បាន​បញ្ជា​ឲ្យ​សន្តិសុខ​ប្រើ​ហិង្សា​លើ​ឈ្មោះ ផុន ធា ដែល​មាន​អាការ​ស្រវឹង​ឡើយ ប៉ុន្តែ​គ្រាន់​តែ​បញ្ជា​ឲ្យ​សន្តិសុខ​ទាំង​ពីរ​នាក់​ទៅ​ឃាត់​ឈ្មោះ ផុន ធា កុំ​ឲ្យ​ប្រើ​ហិង្សា​លើ​បង​ថ្លៃ​របស់​ខ្លួន និង​នាំ​រូប​គេ​មក​អប់រំ​ណែនាំ​ប៉ុណ្ណោះ។ លោក​មេ​ប៉ុស្តិ៍​រូប​នេះ​បន្ត​បំភ្លឺ​ថា ពេល​សន្តិសុខ​ទៅ​ដល់ គឺ​លោក ផុន ធា ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ចាប់​ផ្តើម​ប្រើ​ហិង្សា​មុន ទើប​បណ្ដាល​ឲ្យ​មាន​ការ​ប្រតាយប្រតប់​គ្នា ហើយ​ដឹកនាំ​យក​មក​ប៉ុស្តិ៍ ប៉ុន្តែ​ពេល​ដឹក​ដល់​ប៉ុស្តិ៍ ដោយ​លោក​ឃើញ​ថា ផុន ធា បាន​ចេញ​ឈាម​ខ្លាំង​នៅ​ត្រង់​ដៃ ទើប​បញ្ជា​ឲ្យ​សន្តិសុខ​ភូមិ​ដោះលែង​វិញ ដោយ​ពុំ​បាន​អប់រំ​ណែនាំ​ឡើយ៖ «»

ទោះ​ជា​យ៉ាង​ណា មាន​សាក្សី​បញ្ជាក់​ថា ពេល​ប្រតាយប្រតប់​គ្នា​នៅ​ផ្ទះ គឺ​លោក ផុន ធា មិន​ទាន់​មាន​របួស​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​រូប​គាត់​ចាប់​ផ្តើម​មាន​របួស​ធ្ងន់ធ្ងរ​ក្រោយ​ចេញ​ពី​ប៉ុស្តិ៍​វិញ ជាពិសេស​របួស​ធ្ងន់ធ្ងរ​នៅ​ត្រង់​ភ្នែក និង​ក្បាល។

អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​របស់​សន្តិសុខ​ភូមិ​នោះ ដើម្បី​សុំ​ការ​ឆ្លើយតប​បាន​ឡើយ។

រីឯ​អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គីមលី ដែល​តាមដាន​ករណី​នេះ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​គឺ​ជា​ការពិត​នោះ គឺ​អាជ្ញាធរ​ខុស​ច្បាប់ ហើយ​រំលោភ​សិទ្ធិ​ជន​រងគ្រោះ៖ «»

ប្រជាពលរដ្ឋ​ភាគច្រើន​ចោទ​ថា សន្តិសុខ​ភូមិ​មួយ​ចំនួន​មិន​សូវ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​នោះ​ទេ ដូច្នេះ​នៅ​ពេល​ពួក​គេ​ទទួល​បាន​ឋានៈ​ជា​សន្តិសុខ​ភូមិ ឬ​ហៅ​ថា​ស្វ័យ​ការពារ​នោះ ពួក​គេ​ខ្លះ​តែងតែ​អាង​អំណាច​មិន​ខ្លាច​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ​ឡើយ។ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ថ្នាក់​លើ ពិនិត្យ​មើល​លើ​ការងារ និង​អប់រំ​សន្តិសុខ​ភូមិ ដើម្បី​ចូលរួម​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​យ៉ាង​មាន​ប្រសិទ្ធភាព។

បុរស​ឈ្មោះ ផុន ធា អះអាង​ថា រូប​គាត់​មិន​សុខ​ចិត្ត​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​មិន​ព្រម​ផ្តល់​យុត្តិធម៌​ជូន​រូប​គាត់​តាម​រយៈ​ការ​ផ្តល់​សំណង​ជំងឺ​ចិត្ត ដើម្បី​យក​មក​ព្យាបាល​របួស​ត្រង់​ភ្នែក​ដែល​គាត់​កំពុង​បារម្ភ​ថា ខ្លាច​ពិការ​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សហគមន៍​ដីធ្លី​នៅ​បឹងកក់​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មួយ​រយៈ

$
0
0

សហគមន៍​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់ នឹង​ផ្អាក​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ជា​បណ្ដោះអាសន្ន។ ដូច​គ្នា​នេះ សហគមន៍​បុរីកីឡា ក៏​ប្រកាស​ជំហរ​ថា នឹង​មិន​ធ្វើ​អ្វី​ធំ​ដុំ​ដែរ ប៉ុន្តែ​ផ្សព្វផ្សាយ​សារ​ទាមទារ​នៅ​ក្នុង​សហគមន៍។

តំណាង​អ្នក​បឹងកក់ លោកស្រី បូវ សោភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មីនា ថា សមាជិក​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ នឹង​មិន​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មីនា។ លោកស្រី​ថា ការ​ផ្អាក​នេះ​ជា​ការ​ផ្អាក​បណ្ដោះអាសន្ន ប៉ុន្តែ​ក៏​មិន​ទាន់​មាន​ពេលវេលា​ចាប់​ផ្ដើម​ឡើង​វិញ​ដែរ៖ «ខ្ញុំ​អត់​ទាន់​ច្បាស់​ទេ ដោយសារ​មួយ​រយៈ​ហ្នឹង​ពួក​ខ្ញុំ​មាន​យុទ្ធនាការ​ចុះ​តាម​ខេត្ត​ច្រើន។ អ៊ីចឹង​ខ្ញុំ​ចង់​ធ្វើ​ការ​តាម​ខេត្ត»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ សហគមន៍​បឹងកក់ និង​សហគមន៍​បុរីកីឡា បាន​ប្រកាស​ផ្អាក​យុទ្ធនាការ​មួយ​រយៈ​ដែរ ដោយ​សង្ឃឹម​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អាច​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ..ប និង​តំណាង​អ្នក​បឹងកក់​ដែល​កំពុង​ជាប់​ពន្ធនាគារ។ ពួក​គាត់​បាន​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ និង​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មហា​អំណាច និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន រក​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប មន្ត្រី គ..ប ១​រូប និង​តំណាង​អ្នក​បឹងកក់ ១​រូប គឺ​អ្នកស្រី ទេព វន្នី ដែល​នៅ​បន្ត​ជាប់​ឃុំឃាំង។

រីឯ​តំណាង​អ្នក​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ថ្លែង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មីនា ក្រុម​របស់​អ្នក​បុរីកីឡា នឹង​មិន​នាំ​គ្នា​ហែ​ក្បួន​តវ៉ា​ទៅ​ណា​ទេ ដោយ​យល់​ថា​រដ្ឋាភិបាល​កំពុង​កាន់​ទុក្ខ​មរណភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន៖ «សម្រាក ប៉ុន្តែ​ធ្វើ​សកម្មភាព​ស្លៀក​ពាក់​នៅ​ក្នុង​សហគមន៍ស្លៀក​ពាក់​ខោ​អាវ​ពណ៌​ខ្មៅ និង​យើង​ផ្ញើ​ជា​សារ​ទាមទារ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ..ប លោក នី ចរិយា និង​សុំ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លោក គឹម សុខ និង​រក​ឃាតក​ជូន​លោក​បណ្ឌិត កែម ឡី។ តែ​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​សកម្មភាព​ធំ​ទេ​ស្អែក»

លោកស្រី សរ ស៊ន ឋិត​ក្នុង​ក្រុម​គ្រួសារ​ចំនួន ១៤ ដែល​មិន​បាន​ទទួល​ផ្ទះ​រស់នៅ​ក្នុង​អគារ​អភិវឌ្ឍន៍​នៅ​បុរីកីឡា ហើយ​ក៏​មិន​ព្រម​ទទួល​កញ្ចប់​ដំណោះស្រាយ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ឲ្យ​ផ្ទះ​នៅ​ភូមិ​អណ្ដូង ជាយ​ក្រុង​ភ្នំពេញ ឬ​យក​កញ្ចប់​ថវិកា​ចំនួន ៥​ពាន់​ដុល្លារ ហើយ​ដើរ​ចេញ។ លោកស្រី​គ្រោង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ ទី​២៤ មីនា ដើម្បី​បញ្ជាក់​ជំហរ​បដិសេធ​ដំណោះស្រាយ​នេះ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា កាល​ពី​ថ្ងៃ​ទី​៧ មីនា ដាក់​ឱសានវាទ​ថា អ្នក​បុរីកីឡា​ទាំងនេះ​មាន​រយៈពេល​ត្រឹម​មួយ​ខែ​ប៉ុណ្ណោះ ដើម្បី​មក​ទទួល​យក​គោលការណ៍​ដោះស្រាយ​របស់​គណៈកម្មការ​ចម្រុះ​ចាប់​ពី​ពេល​ជូន​ដំណឹង៖ «ផុត​ពេលវេលា​នៃ​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​នេះ គឺ​យើង​មិន​ទទួល​ខុស​ត្រូវ​នូវ​ការ​ដោះស្រាយ​បញ្ហា​របស់​បុរីកីឡា​បន្ត​ទៀត​ទេ»

ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ អ្នក​បឹងកក់ និង​បុរីកីឡា តែង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​ស្លៀក​ពាក់​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ៦​រូប គឺ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី អគ្គលេខាធិការ​រង គ..ប ១​រូប គឺ​លោក នី ចរិយា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ១១​ខែ​ហើយ​ពី​បទ​ផ្សំ​គិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ ចំណែក​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៧​ខែ​ហើយ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ហើយ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សើរើ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​រ៉ែ​និង​ថាមពល​គ្រោង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​ឲ្យ​បាន​២០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧

$
0
0

ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​ឲ្យ​បាន ២០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ នេះ។ តំណាង​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​បែប​នេះ​នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី “អភិបាលកិច្ច​ឧស្សាហកម្ម​និស្សារណកម្ម” ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នៅ​រាជធានី​ភ្នំពេញ។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់​ថា ក្រសួង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ៣​សំខាន់ ដើម្បី​ប្រមូល​ចំណូល​ធនធាន​រ៉ែ​ឲ្យ​បាន ២០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ នេះ។ នោះ​គឺ​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​ធ្វើ​អធិការកិច្ច ព្រម​ទាំង​ការ​ដាក់​ទោស​ទណ្ឌ និង​ការ​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​អាជ្ញាប័ណ្ណ និង​កិច្ចព្រមព្រៀង។

លោក​បញ្ជាក់​ទៀត​ថា ចាប់​ពី​ឆ្នាំ​២០១៧ នេះ​ទៅ ក្រសួង​នឹង​លែង​ឲ្យ​មាន​បំណុល​ធនធាន​រ៉ែ​ត​ទៅ​ទៀត​ហើយ ពោល​គឺ​រាល់​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ទាំងអស់ ត្រូវ​តែ​បង់ ឬ​ទូទាត់​ថវិកា​ដែល​ជំពាក់​មក​ឲ្យ​រដ្ឋ​វិញ​ជា​ចាំបាច់។

លោក អ៊ឹង ឌីប៉ូឡា ទទួល​ស្គាល់​ថា ចំណូល​ពី​វិស័យ​រ៉ែ​ដែល​ប្រមូល​បាន​កាល​ពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​មាន​ចំនួន​តិច ដោយសារ​មាន​ចន្លោះ​ខ្វះខាត​ច្រើន​ទាក់ទង​នឹង​ការ​ប្រមូល​ចំណូល​នេះ។ ក៏ប៉ុន្តែ​លោក​ថា ចំណូល​ពី​វិស័យ​រ៉ែ​បាន​កើន​ឡើង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ពោល​គឺ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ក្នុង​វិស័យ​មួយ​នេះ៖ «»

តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ថា ក្រសួង​ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​បាន​ចំនួន ២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ និង ៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤។ តួលេខ​នៃ​ចំណូល​ពី​វិស័យ​នេះ បាន​កើន​ឡើង​ដល់ ១០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ និង ១៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦។ ចំណូល​ធនធាន​រ៉ែ​នេះ​បាន​មក​ពី​រ៉ែ​ខ្សាច់ ថ្ម​សំណង់ សេវាកម្ម​សាធារណៈ ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ ដូចជា រ៉ែ​លោហៈ និង​រ៉ែ​មាស ជាដើម និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ចំពោះ​អាជីវកម្ម​រ៉ែ​តូចៗ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ចំណូល​ត្រឹម ២០​លាន​ដុល្លារ​ដែល​ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ប្រមូល​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៧ នេះ ហាក់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​នៅ​ទូទាំង​ប្រទេស៖ «»

លោក សន ជ័យ លើក​ឡើង​ពី​ក្តី​បារម្ភ​មួយ​ទៀត​ទាក់ទង​នឹង​ការ​ប្រមូល​ចំណូល​ពី​ធនធាន​រ៉ែ គឺ​ការ​គេច​មិន​បង់​ពន្ធ ដែល​លោក​ហៅ​ថា​ជា​ការ​រំលោភ​អំណាច ប្រព្រឹត្ត​ដោយ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ៖ «»

កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ និង​ការដ្ឋាន​វាយ​ថ្ម​ចំនួន ៤០១​អាជ្ញាប័ណ្ណ ស្វែង​រុករក​ចំនួន ៦១​អាជ្ញាប័ណ្ណ ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន ២៣ និង​អាជ្ញាប័ណ្ណ​សិប្បកម្ម​ចំនួន ៣២៦។ ធនធាន​រ៉ែ​ដែល​ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ រួម​មាន​រ៉ែ​ថ្ម​កំបោរ រ៉ែ​ធ្យូង​ថ្ម និង​រ៉ែ​លោហៈ ដែល​មាន​នៅ​ខេត្ត​កំពត បាត់ដំបង ព្រះវិហារ មណ្ឌលគិរី និង​ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​សមាជិក​សភា​អាស៊ាន​នឹង​ធ្វើ​សន្និសីទ​កាសែត​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

$
0
0

អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស នឹង​ធ្វើ​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​របាយការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ មីនា នា​ទីក្រុង​បាងកក ប្រទេស​ថៃ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា នៅ​ក្នុង​សន្និសីទ​កាសែត​នោះ សមាជិក​នៃ​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ដែល​រួម​មាន​សមាជិក​សភា​មក​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន ដែល​ទើប​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា នឹង​ធ្វើ​បទ​បង្ហាញ​នូវ​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​មាន​ចំណង​ជើង​ថា «ការ​ស្លាប់​ប្រជាធិបតេយ្យ៖ ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ និង​ការ​គំរាម​កំហែង​ចំពោះ​ស្ថាប័ន​កម្ពុជា»

អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បញ្ជាក់​ថា របាយការណ៍​នេះ​ផ្តល់​នូវ​ការ​វិភាគ​ទៅ​លើ​រលក​នៃ​ការ​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ​កម្ពុជា ក្នុង​នោះ​រួម​មាន​ការ​កាត់​ទោស​នៅ​តុលាការ និង​ការ​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ​សភា​អ្នក​តំណាងរាស្ត្រ ជាដើម។

សមាជិក​នៃ​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ក៏​នឹង​ចែក​រំលែក​ការ​អង្កេត​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឡើង​ក្នុង​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា។ នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ក៏​នឹង​ចូលរួម​ផ្តល់​យោបល់​លើ​របាយការណ៍ ព្រម​ទាំង​បង្ហាញ​ទស្សនៈ​របស់​លោក​ចំពោះ​ស្ថានភាព​ប្រទេស​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ប្ដឹង​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ដែល​ប្រមាថ​សព​លោក សុខ អាន

$
0
0

ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៩ មីនា គ្រោង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ម្នាក់​ដែល​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (facebook) ប្រមាថ​សព​លោក សុខ អាន។ ការ​ប្រមាថ​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា មិន​អាច​ទទួល​យក​បាន ដោយ​វា​បាន​ប៉ះពាល់​ដល់​កិត្តិយស​នៃ​សព ប៉ះពាល់​ដល់​ទំនៀមទម្លាប់ និង​ប៉ះពាល់​ដល់​អ្នក​ដែល​គោរព​ចំពោះ​សព​លោក សុខ អាន។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គ្រោង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក ហៃ វណ្ណា ដែល​មាន​ហ្វេសប៊ុក​ឈ្មោះ Vanna Hay

នៅ​ថ្ងៃ​ទី​១៩ មីនា ចំ​ថ្ងៃ​បូជា​សព​លោក សុខ អាន លោក ផៃ ស៊ីផាន បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​សម្ដែង​ការ​ស្រណោះ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក សុខ អាន។ នៅ​ថ្ងៃ​ដដែល​នេះ លោក ហៃ វណ្ណា បាន​ចូល​ទៅ​បញ្ចេញ​យោបល់​លើ​សារ​ហ្វេសប៊ុក​នេះ ដោយ​តប​ជា​រូបភាព​ការ​កាន់​មរណទុក្ខ​លោក សុខ អាន ប៉ុន្តែ​បាន​សរសេរ​បន្ថែម​លើ​រូបភាព​នោះ ដោយ​អក្សរ​ពណ៌​ក្រហម​ជា​ភាសា​អង់គ្លេស​ថា «R.I.H.=Rest In Hell» ឬ​មាន​ន័យ​ថា «ធ្លាក់​នរក​ទៅ»

លោក ផៃ ស៊ីផាន ហៅ​សារ​នេះ​ថា​ជា​ការ​ប្រមាថ​ទឹក​ភ្នែក​រាប់​លាន​នាក់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​នៅ​ក្រៅ​គណបក្ស​ក្តី ព្រម​ទាំង​ឥស្សរជន​ជាន់​ខ្ពស់​បរទេស​មួយ​ចំនួន​ផង ដែល​បាន​សម្ដែង​ការ​ស្ដាយ​ស្រណោះ​លោក សុខ អាន ហើយ​នេះ​ជា​ការ​ប្រមាថ​ទៅ​លើ​វប្បធម៌​ថ្លៃថ្នូរ និង​ប្រពៃណី​ខ្មែរ៖ «...អាស្រ័យ​ហេតុ​ដូចនេះ មាន​តែ​ស្ថាប័ន​តុលាការ និង​ច្បាប់​ដែល​អាច​ដោះស្រាយ​នៅ​ក្នុង​បញ្ហា​នេះ...»

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហៃ វណ្ណា បាន​ឈ្លាន​ពាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដើម្បី​ធ្វើ​ជា​ឧបករណ៍​ឈ្នានីស ញុះញង់​បំបែក​បំបាក់ បំភ័ន្ត​មតិ​សាធារណជន និង​មន្ត្រី​រាជការ និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឆ្លើយតប​នឹង​គម្រោង​ប្ដឹង​នេះ លោក ហៃ វណ្ណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ការ​សរសេរ​សារ​លើ​ហ្វេសប៊ុក​លោក ផៃ ស៊ីផាន នេះ ដើម្បី​បង្ហាញ​ពី​ការ​វាយ​តម្លៃ និង​ការ​យល់​ឃើញ​ផ្ទាល់​របស់​លោក​ចំពោះ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​សាធារណៈ៖ «»

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា បាន​បង្ហោះ​សារ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​សរសេរ​លើសលស់​លើ​សព​លោក សុខ អាន។

លោក ហៃ វណ្ណា វ័យ ៣០​ឆ្នាំ ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ លោក​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា លោក​គ្មាន​តួនាទី ឬ​តំណែង​អ្វី​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទេ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ហៃ វណ្ណា ក៏​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ពី​ថ្លៃ​ទំនិញ​ពេល​រដូវ​បុណ្យ​ទាន​នៅ​លើ​សារ​ហ្វេសប៊ុក​របស់​លោក ផៃ ស៊ីផាន។

ក្នុង​រឿង​មរណភាព​លោក សុខ អាន នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ ហ្វេសប៊ុក​ឈ្មោះ សីហា ក៏​បាន​បញ្ចេញ​សារ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​បាន​និយាយ​រិះគន់​សព​លោក សុខ អាន។ ក៏ប៉ុន្តែ​ពួក​គេ​បាន​សរសេរ​លិខិត​សុំ​ទោស​វិញ ក្រោយ​ពី​មាន​ប្រតិកម្ម​ថ្កោលទោស​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច។

លោក ផៃ ស៊ីផាន សង្ស័យ​ថា ការ​ចេញ​រិះគន់​សព​លោក សុខ អាន ជា​បន្តបន្ទាប់​របស់​សកម្មជន និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា។

ក៏ប៉ុន្តែ​លោក ហៃ វណ្ណា ដែល​លោក ផៃ ស៊ីផាន គ្រោង​ប្ដឹង​នោះ បដិសេធ​ថា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ណែនាំ​លោក​ឲ្យ​សរសេរ​សារ​រិះគន់​លើ​ហ្វេសប៊ុក​នោះ​ទេ៖ «»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ច្រាន​ចោល​ការ​សង្ស័យ​របស់​លោក ផៃ ស៊ីផាន នេះ​ដែរ៖ «»

លោក ហៃ វណ្ណា មើល​ឃើញ​ថា ការ​ព្រមាន​ប្ដឹង​រូប​លោក​នេះ ជា​យុទ្ធសាស្ត្រ​បង្ក្រាប​អ្នក​រិះគន់​រដ្ឋាភិបាល ខណៈ​ការ​បោះឆ្នោត​ខិត​ចូល​មក​ដល់។ ទន្ទឹម​នឹង​នេះ លោក ហៃ វណ្ណា ក៏​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​លោក​នៅ​ប្រទេស​កម្ពុជា។

ការ​ចាត់​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់ ឬ​អ្នក​ប្រមាថ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​កើត​មាន​ច្រើន​ករណី​រួច​មក​ហើយ។

យុវជន គង់ រ៉ៃយ៉ា និស្សិត​សាកលវិទ្យាល័យ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ស្ដីពី «បដិវត្តន៍​ពណ៌»។ កាល​ពី​ចុង​ខែ​កុម្ភៈ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ដោយសារ​បាន​បង្ហោះ​សារ​ប្រមាថ​ជីវិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ទំព័រ​ហ្វេសប៊ុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រឿង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣

$
0
0

ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ បាន​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​កង្វល់​ពួក​គេ ដោយ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​កោងកាង ឬ​ធនធាន​ធម្មជាតិ​បាត​សមុទ្រ ពិសេស​បាន​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​របស់​ពលរដ្ឋ។

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ និង​តំណាង​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល បាន​អះអាង​ថា បើ​ងាប់​ត្រី​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ដោយសារ​សកម្មភាព​បូម​ខ្សាច់ ក្រុមហ៊ុន​នេះ​នឹង​ចេញ​សំណង​ការ​ខូចខាត​ទាំងស្រុង​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ដែល​ភាគច្រើន​មាន​របរ​ជា​អ្នក​នេសាទ និង​ចិញ្ចឹម​ត្រី​សមុទ្រ បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មីនា ប្រតិកម្ម​ចំពោះ​វត្តមាន​របស់​សាឡង់​បូម​ខ្សាច់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) ដែល​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ថា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របរ​ចិញ្ចឹម​ត្រី​សមុទ្រ ឬ​ត្រី​ឆ្ពង់ ជាដើម អាច​បណ្ដាល​ឲ្យ​ត្រី​ងាប់​ដោយសារ​ការ​បូម​ខ្សាច់​នៅ​តាម​ព្រែក​នេះ។

មាន​របរ​ជា​អ្នក​នេសាទ​សមុទ្រ និង​ជា​អ្នក​ចិញ្ចឹម​ត្រី​ឆ្ពង់​នៅ​តាម​ព្រែក​៣ ឃុំ​ទំនប់រលក លោក ស៊ុន សុផៃ ផ្តល់​សម្ភាស​ថា កន្លង​ទៅ​ពេល​សាឡង់​បូម​ខ្សាច់ គឺ​ស្ថានភាព​ទឹក​សមុទ្រ​បាន​ប្រែ​ជា​ល្អក់​ខួរអណ្ដែង និង​មាន​ល្បាប់​ភក់​ផុស​ចេញ​ពី​បាត​សមុទ្រ ដែល​អាច​ឲ្យ​ត្រី​ចិញ្ចឹម​គ្រប់​ប្រភេទ​ងាប់។

ផ្ដើម​ពី​កង្វល់​នេះ ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​ឆ្ពង់ ស្រុក​ស្ទឹងហាវ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដាក់​បទបញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ឲ្យ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ៖ «គោល​បំណង​របស់​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​នៅ​ចំណុច​ព្រែក​៣ ទាំងអស់ គឺ​សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ដែនដី ផ្អាក​សកម្មភាព​បូម​ខ្សាច់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ឲ្យ​ទៅ​បូម​នៅ​កន្លែង​ផ្សេង​វិញ ព្រោះ​ទីកន្លែង​រាល់​ថ្ងៃ​នេះ គឺ​ជា​ឆ្នាំងបាយ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​ខ្ញុំ ហើយ​បើ​កាលណា​ក្រុមហ៊ុន​មក​បូម​ខ្សាច់​នៅ​ទីតាំង​នេះ តើ​ឲ្យ​ពួក​ខ្ញុំ​ចិញ្ចឹម​ជីវិត​រស់​ម្ដេច​បាន ព្រោះ​ថា​ការ​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​របរ​នេសាទ​តែ​មួយ​មុខ គឺ​មិន​អាច​ចិញ្ចឹម​ជីវិត​បាន​រស់​ទេ ទាល់​តែ​មាន​របរ​ចិញ្ចឹម​ត្រី​រួមផ្សំ​បន្ថែម​ទៀត ទើប​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន។ ប៉ុន្តែ​នៅ​ពេល​ក្រុមហ៊ុន​មក​បូម​ខ្សាច់​នៅ​តំបន់​នេះ ហើយ​ត្រី​ចិញ្ចឹម​របស់​ពួក​ខ្ញុំ​ងាប់ តើ​ពួក​ខ្ញុំ​រស់​ដោយ​វិធី​ណា

ប្រជា​នេសាទ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បន្ថែម​ថា បើ​គ្មាន​ដំណោះស្រាយ​ប្ដូរ​ទីតាំង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ចេញ​ពី​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ទេ នៅ​ថ្ងៃ​ខាង​មុខ ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទៅ​ដល់​មុខ​សាលា​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​នេះ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ដល់​ពួក​គេ​ថែម​ទៀត។

ស្ត្រី​អ្នក​ចិញ្ចឹម​ត្រី​ឆ្ពង់​ម្នាក់​ទៀត​ឈ្មោះ សន វាសនា សំណូមពរ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​បូម​ខ្សាច់ អេ.អេស.ខេ.អ៊ិល ត្រូវ​ប្ដូរ​សកម្មភាព​បូម​ខ្សាច់​សមុទ្រ​ឲ្យ​បាន​ឆាប់ ចេញ​ពី​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ត្រូវ​ប្ដូរ​ទៅ​បូម​នៅ​ទីតាំង​ផ្សេង​ដែល​មិន​មាន​ពលរដ្ឋ​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​ជំនួស​វិញ។ ស្ត្រី​រូប​នេះ​បាន​អះអាង​ថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល មិន​ត្រឹម​នាំ​ឲ្យ​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ត្រី​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​មាន​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹម​ឆ្នាំង​ប្រចាំ​ថ្ងៃ ដោយ​ប្រើ​ឧបករណ៍​ដាក់​លប​ក្តាម​រាវ​ងាវ និង​ដាក់​មង​ត្រី​ជាដើម ត្រូវ​បាត់បង់​មុខ​របរ​ដែរ បើ​ប្រមុខ​ដឹកនាំ​មិន​ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​សាឡង់​បូម​ខ្សាច់​នេះ​ឲ្យ​បាន​ឆាប់​ទេ៖ «សូម​សំណូមពរ​ដល់​សម្ដេច​តេជោ និង​ជំទាវ ប៊ុន រ៉ានី ជួយ​កូន​ចៅ​នៅ​សហគមន៍​ចិញ្ចឹម​ត្រី​ឃុំ​ទំនប់រលក ផង ព្រោះ​រាល់​ថ្ងៃ​នេះ​មាន​សាឡង់​បូម​ខ្សាច់​មក​បូម​ខ្សាច់​តំបន់​នេះ បាន​ប៉ះពាល់​ដល់​ត្រី​ចិញ្ចឹម​របស់​ពួក​ខ្ញុំ ហើយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ទាន់​ជួយ​រក​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ពួក​ខ្ញុំ​នៅ​ឡើយ​ទេ។ ការ​បូម​ខ្សាច់​នៅ​តំបន់​ព្រែក​៣ នេះ គឺ​បាន​ប៉ះពាល់​ដល់​ត្រី​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ប៉ះពាល់​ដល់​បរិស្ថាន​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ មាន​ព្រៃ​កោងកាង និង​ជីវចម្រុះ​នៅ​ក្នុង​បាត​សមុទ្រ​ច្រើន​ប្រភេទ​ទៀត មាន​ខ្យង ក្តាម និង​ងាវ​ជាដើម គឺ​បាន​ប៉ះពាល់​ទាំងអស់»

សាឡង់​បូម​ខ្សាច់ ព្រះសីហនុ ២០១៧ ១៤៤០
សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) នៅ​តាម​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បំភ្លឺ​ថា ការ​បូម​ខ្សាច់​សមុទ្រ​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ គឺ​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល បាន​សិក្សា​ត្រឹមត្រូវ មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​នេះ​បូម​ខ្សាច់​នៅ​មូលដ្ឋាន​នេះ។ លោក​អះអាង​ថា ការ​បូម​ខ្សាច់​សមុទ្រ​នៅ​តាម​ព្រែក​ក្នុង​ឃុំ​ទំនប់រលក នេះ ដើម្បី​យក​ខ្សាច់​មក​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទូលំទូលាយ ដោយ​លោក​ប៉ាន់​ប្រមាណ​ថា ទំនង​ជា​ទំហំ​នៃ​ផល​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ជីវិត​ប្រជាពលរដ្ឋ​សហគមន៍​នេះ មាន​ការ​ចិញ្ចឹម​ត្រី ឬ​ជីវចម្រុះ​ក្នុង​បាត​សមុទ្រ​ជាដើម គឺ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​ពលរដ្ឋ​មូលដ្ឋាន​លើក​ឡើង​ទេ។

លោក យន្ត មីន សង្កត់​ធ្ងន់​ថា ការងារ​បូម​ខ្សាច់​នេះ មុន​នឹង​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អនុញ្ញាត​ច្បាប់ ឬ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ប្រាកដ​ជា​មាន​ការ​សិក្សា​ត្រឹមត្រូវ​ជា​មុន។

ទោះ​ជា​បែប​នេះ​ក្តី អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន សន្យា​ថា បើ​ការ​បូម​ខ្សាច់​នៅ​តាម​ព្រែក​ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ យក​មក​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​ខេត្ត​នេះ​ឲ្យ​បាន​ទូលំទូលាយ ហើយ​ពិត​ជា​រក​ឃើញ​ថា បាន​នាំ​ឲ្យ​ងាប់​ត្រី​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ដូច​ការ​ព្រួយ​បារម្ភ​មែន​នោះ សូម​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ចំនួន​ត្រី​ដែល​ងាប់​នោះ ផ្តល់​ព័ត៌មាន ឬ​រាយការណ៍​មក​កាន់​ក្រុមហ៊ុន​បូម​ខ្សាច់ និង​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ដល់​ចេញ​ថ្លៃ​ខូចខាត​តាម​តម្លៃ​ទីផ្សារ​លក់​ត្រី​ជាក់ស្តែង៖ «យើង​គួរ​តែ​សាមគ្គី​គ្នា​ដើម្បី​អភិវឌ្ឍ​ខេត្ត​របស់​យើង​ឲ្យ​រីក​ចម្រើន​ទាំងអស់​គ្នា។ បើ​ងាប់​ត្រី​ចិញ្ចឹម​ត្រី​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ខាង​ក្រុមហ៊ុន​គេ​សង​ថ្លៃ​ខូចខាត​ទាំងអស់​ជូន​ពលរដ្ឋ។ ប៉ុន្តែ​មិន​ដឹង​ជា​មាន​នរណា​ចេះ​តែ​ទៅ​ចាក់​រុក​ឆ្កឹះ​ឆ្កៀល​រក​រឿង​រក​ហេតុ​រក​ផល​ជាមួយ​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​ទាំងនោះ​មិន​ចេះ​ចប់។ រឿង​នេះ​កន្លង​មក​ខ្ញុំ​ក៏​មិន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ឲ្យ​មន្ត្រី​របស់​ខ្ញុំ​ចុះ​ទៅ​ពិនិត្យ​ការងារ​នេះ ហើយ​ពួក​គេ​បាន​រាយការណ៍​មក​ខ្ញុំ​ដូច្នេះ។ រឿង​នេះ​ខ្ញុំ​គាំទ្រ​ក្រសួង​រ៉ែ និង​ថាមពល បើ​សិន​ជា​មន្ត្រី​គេ​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គេ​មិន​ផ្តល់​ច្បាប់​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​បូម​ខ្សាច់​នេះ​ទេ»

បន្ថែម​លើ​នេះ តំណាង​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល លោក សុវណ្ណារិទ្ធិ បាន​ចេញ​មុខ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មាន​របរ​ធ្វើ​នេសាទ​សមុទ្រ និង​ចិញ្ចឹម​ត្រី​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មីនា។ លោក​បាន​បញ្ជាក់​ទៅ​ប្រជាពលរដ្ឋ​ថា សកម្មភាព​ដាក់​សាឡង់​បូម​ខ្សាច់​នៅ​មូលដ្ឋាន​នេះ គឺ​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ទទួល​បាន​ច្បាប់​អនុញ្ញាត ឬ​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល។ ជាង​នេះ លោក​បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​មាន​របរ​នេសាទ​សមុទ្រ និង​ចិញ្ចឹម​ត្រី​ឆ្ពង់​ថា បើ​មាន​ត្រី​ចិញ្ចឹម​ងាប់​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់ ក្រុមហ៊ុន​នឹង​សង​ថ្ងៃ​ខូចខាត​ទាំងស្រុង។

ទោះ​មាន​ការ​ចេញ​មុខ​ធានា​អះអាង​បែប​នេះ​ក្តី ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​របរ​ចិញ្ចឹម​ជីវិត​នៅ​តាម​ព្រែក​៣ ដែល​មាន​ស្នាម​ផ្ដិត​មេដៃ​ជិត ៥០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៣២​គ្រួសារ រស់នៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ពួក​គេ​ហាក់​លែង​មាន​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ ឬ​ការ​ធានា​អះអាង​របស់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ទៀត​ទេ ព្រោះ​តាម​ការ​កត់​សម្គាល់ ការ​សន្យា​របស់​លោក​នា​ពេល​កន្លង​មក​មិន​មាន​ប្រសិទ្ធភាព​ទេ។

ត្រង់​ចំណុច​នេះ ស្ត្រី​ឈ្មោះ ហុង សុខា ជា​ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​ឃុំ​ទំនប់រលក បាន​រិះគន់​ថា កង្វល់​ពី​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល នា​ពេល​កន្លង​មក និង​រហូត​មក​ទល់​ពេល​នេះ សង្កេត​ឃើញ​ថា មន្ត្រី​ចាប់​ពី​អភិបាល​ស្រុក​ស្ទឹងហាវ ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មិន​រវល់​អើពើ​ទៅ​លើ​ក្តី​បារម្ភ​នៃ​ការ​បាត់បង់​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ពួក​គេ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ បាន​ងាក​ទៅ​គាំទ្រ​សកម្មភាព​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល យ៉ាង​ពេញ​ទំហឹង និង​ចាត់​ទុក​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ថា​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​ខ្នង ឲ្យ​មាន​ការ​តវ៉ា ឬ​រុញ​ច្រាន​ប្រជាពលរដ្ឋ​ថា​ជា​ក្រុម​ប្រឆាំង​ទៅ​វិញ៖ «ពួក​ខ្ញុំ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ព្រែក​៣ នេះ នៅ​ពេល​មាន​សកម្មភាព​សាឡង់​បូម​ខ្សាច់​ទៅ បាន​ពុល​ត្រី​ចិញ្ចឹម​របស់​ពួក​ខ្ញុំ​នៅ​ក្នុង​ព្រែក​នេះ។ ការ​ចិញ្ចឹម​ត្រី​របស់​ពួក​ខ្ញុំ​ពី​មុន​មក គឺ​មិន​មាន​ជួប​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​ដល់​ពេល​មាន​សាឡង់​មក​បូម​ខ្សាច់​នៅ​តំបន់​នេះ​រួច​មក គឺ​បាន​ពុល​ត្រី​ពួក​ខ្ញុំ​ងាប់​ជា​បន្តបន្ទាប់។ សូម​សម្ដេច​តេជោ ហ៊ុន សែន សុំ​ជួយ​ដល់​កូន​ចៅ​ផង កូន​ចៅ​ក្រីក្រ​ណាស់ រក​ស៊ី​ចិញ្ចឹម​ត្រី​សមុទ្រ​រាល់​ថ្ងៃ​នេះ គឺ​ដើម្បី​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​សមុទ្រ​ចំនួន ៣២​គ្រួសារ រស់នៅ​ក្នុង​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​លើក​គ្នា​តវ៉ា​ដល់​ទីតាំង​មាន​សកម្មភាព​សាឡង់​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ម្តង​រួច​មក​ហើយ ហើយ​ពួក​គេ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ចំពោះ​វត្តមាន​សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ជា​បន្ត​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មីនា។

ប្រជាពលរដ្ឋ​អះអាង​ថា នឹង​ត្រៀម​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​តវ៉ា​ស្នើសុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​សាឡង់​បូម​ខ្សាច់​នេះ ដាក់​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បន្ត​ពាំនាំ​យក​កង្វល់​ពលរដ្ឋ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ​ជា​បន្ត​ទៀត​នៅ​ពេល​ដ៏​ឆាប់​ថ្ងៃ​ខាង​មុខ។

អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​ពង្រីក​កំពង់ផែ​ថ្មី​នៅ​ជាប់​ទីតាំង​ចាស់​បន្ថែម​នេះ គឺ​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ១៦​ហិកតារ នឹង​ចាប់​ផ្ដើម​ស្ថាបនា​នៅ​ចុង​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​រួច​រាល់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០២២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣​ចាប់​ពី​ថ្ងៃ​ទី​២៤-២៦​មីនា

$
0
0

គិត​ត្រឹម​ថ្ងៃ​ទី​២០ មីនា នៅ​សល់ ៤​ថ្ងៃ​ទៀត​ដែល​គណៈកម្មការ​អន្តរ​ក្រសួង​សហការ​ជាមួយ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង នឹង​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣។ ក្នុង​នោះ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង កំពុង​ប្រឹងប្រែង​រៀបចំ​សណ្ដាប់ធ្នាប់ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សម្អាត​អនាម័យ និង​ភ្ជាប់​ភ្លើង​បំភ្លឺ​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង ខណៈ​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​គំនរ​សំរាម​បន្សល់​ទុក​ដោយ​អាជីវករ​ផ្សារ​ស្ទឹងត្រែង ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​លក់​ថ្មី។

មន្ត្រី​នៃ​សាលា​ខែត្រ​ស្ទឹងត្រែង អះអាង​ថា គណៈកម្មការ​អន្តរ​ក្រសួង រួម​ទាំង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធានា​ថា​នឹង​រៀបចំ​ពិធី​បុណ្យ​នេះ​ឲ្យ​ទាន់​ពេល ដែល​តាម​គម្រោង​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ មីនា។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មីនា ថា អាជ្ញាធរ​ចាប់​ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង ព្រម​ទាំង​រៀបចំ​អាជីវករ​ដែល​លក់​លើ​សួនច្បារ ឲ្យ​ចូល​លក់​ដូរ​ក្នុង​ផ្សារ​ស្ទឹងត្រែង វិញ។ លើស​ពី​នេះ អាជ្ញាធរ​ក៏​កំពុង​រៀបចំ​ទីកន្លែង​ប្រារព្ធ​ពិធី​ប្រគំ​តន្ត្រី និង​លម្អ​តាម​ស្ពាន បង្គោល​ភ្លើង​កាត់​ទទឹង​ថ្នល់ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​រៀបចំ​ទីតាំង​ស្តង់​សម្រាប់​លក់​ផលិតផល។ ចំណែក​សន្តិសុខ​សណ្ដាប់ធ្នាប់ គណៈកម្មការ​អន្តរ​ក្រសួង​មាន​ផែនការ​ច្បាស់លាស់ ដែល​មាន​ការ​ចូលរួម​ពី​អគ្គស្នងការ​នគរបាល​ជាតិ អគ្គបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​កម្លាំង​សមត្ថកិច្ច​បី​ប្រភេទ ថ្នាក់​ខែត្រ​រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់៖ «នេះ​ជា​ការ​រំពឹង​ទុក​របស់​គណៈកម្មការ​អន្តរ​ក្រសួង ដែល​លោក​បាន​ផ្សព្វផ្សាយ​ប្រមាណ​ជាង ៥​ម៉ឺន​នាក់​ជាង ដែល​ចូលរួម​ពិធី​បុណ្យ​នេះ ក្នុង​នោះ​ប៉ាន់​ប្រមាណ​ថា មាន​ភ្ញៀវ​ក្នុង​ខែត្រ​មាន​ពី ៣​ម៉ឺន​ទៅ ៤​ម៉ឺន​នាក់​ជាង ដែល​គាត់​មក​ទស្សនា ហើយ​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ»

គណៈកម្មការ​អន្តរ​ក្រសួង និង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​បើក​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន និង​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន ស្ដីពី​ការ​ដឹកនាំ​យន្តការ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពិធី​បុណ្យ​នេះ​ជា​ការ​រំឭក​គុណ​ព្រះ​គង្គា ដែល​ផ្តល់​សក្ដានុពល​ធម្មជាតិ​សម្បូរ​បែប​ស្រោចស្រព​ដំណាំ​កសិកម្ម ជា​ប្រភព​ប្រាក់​ចំណូល​ពលរដ្ឋ និង​ប្រព័ន្ធ​ជីវចម្រុះ​សម្បូរ​បែប​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​មិន​ចេះ​រីង​ស្ងួត។

អ៊ន់ ប៉ោសឿន ២០១៧ ១៤៤០
ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា មន្ទីរ​ជំនាញ​បាន​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​សេវាកម្ម​ស្នាក់នៅ​ទាំងអស់ ឲ្យ​ត្រៀម​លក្ខណៈ​សម្បត្តិ​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ត្រឹមត្រូវ។ មន្ទីរ​ទេសចរណ៍​ជំរុញ​ឲ្យ​ម្ចាស់​សេវាកម្ម​ស្នាក់នៅ ត្រូវ​រៀបចំ​លំអ​នៅ​ទីតាំង​របស់​ខ្លួន និង​រៀបចំ​តារាង​តម្លៃ​ឲ្យ​ច្បាស់លាស់។ លើស​ពី​នេះ មន្ទីរ​ទេសចរណ៍​បាន​ត្រៀម​បន្ទប់​ស្នាក់នៅ​ជូន​ភ្ញៀវ គឺ​រៀបចំ​ផ្ទះ​ស្នាក់​ទីក្រុង​មាន​បន្ទប់ ២០០​បន្ទប់​បន្ថែម​ទៀត ខណៈ​ការ​ផ្តល់​សេវា​ស្នាក់នៅ​របស់​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ក្នុង​ខែត្រ​នេះ​មាន​ត្រឹម​ចំនួន ៨៦០​បន្ទប់។

កាល​ពី​ថ្ងៃ​ទី​១៣ មីនា អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​ជូន​ដំណឹង​ដល់​ម្ចាស់​ផ្ទះ​សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន​ទាំងអស់ ត្រូវ​រៀបចំ​តុបតែង​ភ្លើង​លំអ​ទៅ​តាម​ទីតាំង​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​សោភ័ណភាព​ក្រុង បំណង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​សម្រាក​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ទន្លេ និង​ពិធី​ចូល​ឆ្នាំ​ខ្មែរ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន លើក​ឡើង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​មាន​អត្ថប្រយោជន៍​ដូចជា ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ជ្រាប​ពី​សក្ដានុពល​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ខែត្រ​ស្ទឹងត្រែង បំណង​បង្កើន​ប្រាក់​ចំណូល​ដល់​សហគមន៍ និង​ដើម្បី​រំឭក​គុណ​ព្រះ​គង្គា ដែល​ផ្តល់​ប្រភព​ធនធាន​មិន​ចេះ​រីង​ស្ងួត។ លោក​ថា មន្ត្រី​ទេសចរ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទាំងអស់ មិន​ឲ្យ​ឡើង​ថ្លៃ និង​ជំរុញ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​នានា​ត្រូវ​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ៖ «យើង​ត្រៀម​ស្តង់​សម្រាប់​ពិព័រណ៍​នៅ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង យើង​នេះ នឹង​រៀបចំ​ដាក់​ព័ត៌មាន​បន្ថែម​ទៀត ក្រៅ​ពី​យើង​មាន​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ទេសចរណ៍​មួយ​នៅ​គល់​ស្ពាន​សេកុង​ហើយ និង​ត្រៀម​ទទួល​ផ្តល់​ព័ត៌មាន​គ្រប់​ភ្ញៀវ​ទេសចរ​មក​ទាំងអស់»

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​យុវជន ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ចោល​សំរាម​របស់​ពលរដ្ឋ និង​អាជីវករ​នៅ​ខែត្រ​ស្ទឹងត្រែង បើ​ទោះ​បី​ជា​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​បង្កើត​យុទ្ធនាការ​ដើរ​រើស​សំរាម​បង្កើត​ធុង​សំរាម​ច្រើន​ទីតាំង និង​បង្កើត​ក្រុម​ការងារ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​លំនៅឋាន​ផ្ទាល់​ក្តី។ ការ​ព្រួយ​បារម្ភ​នេះ ក្រោយ​ពី​អាជីវករ​ផ្សារ​ស្ទឹងត្រែង រាប់​ពាន់​នាក់​បាន​ផ្លាស់ប្ដូរ​កន្លែង​លក់​ដូរ​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​រុះរើ​តូប​លក់​ដូរ​របស់​ខ្លួន​លើ​សួនច្បារ និង​ផ្លូវ​សាធារណៈ​បន្សល់​គំនរ​សំរាម​ច្រើន​ស្អេកស្កះ។

រៀបចំ​បុណ្យ​ទន្លេ ស្ទឹងត្រែង ២០១៧ ១៤៤០
គំនរ​សំរាម​ដែល​អាជីវករ​រុះរើ​តូប​ចេញ​ពី​សួនច្បារ និង​លើ​ផ្លូវ​សាធារណៈ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr

យុវ​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច កញ្ញា សឿន ធីតា មើល​ឃើញ​ថា ទម្លាប់​បោះ​ចោល​សំរាម​ពាសវាលពាសកាល​របស់​ពលរដ្ឋ និង​អាជីវករ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​ក្លាយ​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង​ប៉ះពាល់​សុខភាព​សាធារណៈ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន។ កញ្ញា​សង្កេត​ឃើញ​ថា នៅ​គ្រា​បុណ្យ​ទន្លេ​ជិត​មក​ដល់ ក្រុម​អាជីវករ​បាន​ទៅ​លក់​នៅ​កន្លែង​ថ្មី បន្សល់​កាក​សំណល់​សំរាម​ស្អុយ​រលួយ​ពាស​ពេញ​ក្រុង គឺ​ជា​សញ្ញា​បង្ហាញ​ពី​ឥរិយាបថ​មិន​ល្អ​របស់​អាជីវករ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក​វិធានការ​ដោះស្រាយ និង​លុប​បំបាត់។ លើស​ពី​នេះ ការ​រៀបចំ​សណ្ដាប់ធ្នាប់ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ក៏​កំពុង​មាន​ភាព​យ៉ាប់យ៉ឺន​ដែរ ដោយសារ​ពេលវេលា​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​កាន់​តែ​កៀក ហើយ​ទំហំ​នៃ​ការ​អភិវឌ្ឍ​ធំធេង ដែល​អាច​កសាង​មិន​បាន​ទាន់​ពេល៖ «បើ​តាម​នាង​ខ្ញុំ​សង្កេត​ឃើញ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង យើង​ហាក់​បី​ដូចជា​មិន​ទាន់​មាន​ការ​រៀបចំ​បាន​ល្អ​ត្រឹមត្រូវ​ប៉ុន្មាន​ទេ ព្រោះ​អី​នៅ​ខាង​មុខ​នេះ​មាន​រៀបចំ​ពិធី​បុណ្យ​ទន្លេ​ហើយ»

អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី ទទួល​ស្គាល់​ថា ក្រុម​អាជីវករ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នៅ​គ្រា​ដែល​រុះរើ​តូប​បន្សល់​គំនរ​សំរាម​ច្រើន​ពេញ​ផ្លូវ និង​លើ​សួនច្បារ។ បញ្ហា​នេះ អាជ្ញាធរ​ក្រុង​នឹង​ស្នើសុំ​សហការ​ទៅ​កម្លាំង​ប្រដាប់​អាវុធ មន្ទីរ​សាធារណការ ក្រុម​យុវជន និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ប្រារព្ធ​យុទ្ធនាការ​សម្អាត​ជា​ថ្មី​ទៀត។ លោក​សង្កត់​ធ្ងន់​ថា បញ្ហា​សំរាម អាជ្ញាធរ​ក្រុង​នឹង​អនុវត្ត​វិធានការ​ផាក​ពិន័យ​បែប​អន្តរកាល​ផ្អែក​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល នៅ​ពេល​បុណ្យ​ទន្លេ​រួច៖ «ហើយ​ដល់​ពេល​គាត់​រើ​តូប​ចេញ បាន​ដឹង​ថា​សំរាម​បាន​អស្ចារ្យ​ប៉ុណ្ណា ហើយ​ស្អែក​ហ្នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ទៀត សុំ​កម្លាំង​ខែត្រ​ជួយ ទាំង​ប៉ូលិស ទាហាន​ប៉េអិម ហើយ​ជួយ​គឺ​ទាល់​តែ​ហើយ»

ខែត្រ​ស្ទឹងត្រែង ធ្វើ​ជា​ម្ចាស់​ផ្ទះ​បុណ្យ​ទន្លេ​លើក​ទី​៣ ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ មីនា នេះ បន្ទាប់​ពី​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១៥ ធ្វើ​នៅ​ខែត្រ​ក្រចេះ មាន​មនុស្ស​ចូលរួម​ជាង ១០​ម៉ឺន​នាក់ និង​លើក​ទី​២ នៅ​ខែត្រ​កំពង់ចាម កាល​ពី​ឆ្នាំ​២០១៦ មាន​មនុស្ស​ចូលរួម​ជាង ៥០​ម៉ឺន​នាក់។

រាជ​រដ្ឋាភិបាល​សម្រេច​បង្កើត​ពិធី​បុណ្យ​ទន្លេ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​នៅ​ជាប់​ដង​ទន្លេ ក្នុង​ទិសដៅ​ជំរុញ​ឲ្យ​មាន​ការ​តភ្ជាប់​មហា​អនុ​តំបន់​តាម​ដង​ទន្លេ​មេគង្គ និង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ​លើ​ឆាក​អន្តរជាតិ។ បន្ថែម​ពី​នេះ គឺ​ផ្ដោត​លើ​ការ​បង្កើត​ផលិតផល​ថ្មី​ឲ្យ​បាន​ច្រើន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត និង​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ឲ្យ​មនុស្ស​ជាតិ​ស្គាល់​ពី​តម្លៃ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

រៀបចំ​បុណ្យ​ទន្លេ ស្ទឹងត្រែង ២០១៧ ១៤៤០
អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង សង់​តូប​ត្រៀម​សម្រាប់​ពិធី​បុណ្យ​ទន្លេ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បុរស​អាមេរិកាំង​ម្នាក់​កែច្នៃ​សំរាម​ដប​ប្លាស្ទិក​ឲ្យ​ក្លាយ​ទៅ​ជា​គ្រឿង​តាំង​លំអ​នៅ​សៀមរាប

$
0
0

បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ចំណាយ​ពេលវេលា​របស់​គាត់​ជាច្រើន​ថ្ងៃ ដើម្បី​ដើរ​ប្រមូល និង​រើស​យក​សម្បក​ដប​ទឹក​សុទ្ធ​ដែល​ធ្វើ​ពី​ប្លាស្ទិក​ពី​កន្លែង​ដែល​គេ​បោះ​ចោល​នានា មក​កែច្នៃ​ធ្វើ​ជា​គ្រឿង​តុបតែង​លំអ ក្នុង​បំណង​បំផុស​ឲ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប កុំ​បោះ​ចោល​សំណល់​ប្លាស្ទិក​ដែល​ប្រើប្រាស់​រួច ខ្ជះខ្ជាយ។

មន្ត្រី​មន្ទីរ​បរិស្ថាន ធ្លាប់​បង្ហាញ​ថា នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់ គឺ​គ្រាន់​តែ​ក្រុង​សៀមរាប មួយ សំរាម​បាន​កើន​ឡើង​ប្រហែល ៣៥០​តោន​ក្នុង​មួយ​ថ្ងៃៗ។ ក្នុង​ចំណោម​សំរាម​ទាំងនោះ គឺ​មាន​ប្រភេទ​ប្លាស្ទិក​ប្រមាណ​ជាង ២០%

បុរស​ជនជាតិ​អាមេរិកាំង​ដែល​កំពុង​ចំណាយ​ពេល​របស់​គាត់​នៅ​កន្លែង​សិល្បៈ​មួយ​ឈ្មោះ ១៩៦១ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប គឺ​លោក ចន ខេម៉េលវីន (John K Melvin)។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មីនា ថា លោក​បាន​មក​ខេត្ត​សៀមរាប តាម​រយៈ​គម្រោង​របស់​អង្គការ​វើល ម៉ូញូមិន ហ្វាន់ (World Monument Fund) ដើម្បី​អប់រំ​ដល់​កម្មករ​ខ្មែរ​ជាច្រើន​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រាសាទ​ភ្នំបាខែង ឲ្យ​យល់​ដឹង​អំពី​វិធី​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ចោល​ការ​ប្រើប្រាស់​ជាតិ​ប្លាស្ទិក​នៅ​ក្នុង​ជីវិត។

លោក ចន ខេម៉េលវីន (John K Melvin) ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន លោក​បាន​ដើរ​មើល​នៅ​តាម​កន្លែង​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប ដូចជា​នៅ​តាម​ដង​ស្ទឹង ផ្សារ​រាត្រី និង​កន្លែង​ផលិត​សម្បក​ដប​ធ្វើ​ពី​ប្លាស្ទិក​ជាដើម គឺ​មាន​ការ​បោះ​ចោល​សំណល់​ប្លាស្ទិក​ទាំងនោះ​ជាច្រើន។ រូប​លោក​មាន​កង្វល់​យ៉ាង​ខ្លាំង​ទៅ​លើ​សំណល់​ប្លាស្ទិក​ទាំងនោះ ថា​វា​អាច​គំរាម​កំហែង​ដល់​បរិស្ថាន និង​ភាព​ស្អាត​របស់​ទីក្រុង​យ៉ាង​ខ្លាំង ហើយ​គិត​ថា​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ពញ្ញាក់​អារម្មណ៍​សាធារណជន​ឲ្យ​គិត​ឡើង​វិញ​អំពី​ការ​បោះ​ចោល​សំណល់​ប្លាស្ទិក​ទាំងនោះ។ ទីបំផុត រូប​លោក​ក៏​បាន​រក​ឃើញ​វិធី​កែច្នៃ​សម្បក​ដប​ទឹក​សុទ្ធ​ប្លាស្ទិក ឲ្យ​ទៅ​ជា​គ្រឿង​លំអ​ភ្លើង​អគ្គិសនី​នៅ​ពេល​យប់៖ «បច្ចុប្បន្ន​នៅ​សៀមរាប នេះ គឺ​កន្លែង​សិប្បកម្ម​ខ្លះ​បាន​ផលិត​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្លាស្ទិក​ប្រហែល ១២០​គីឡូក្រាម ទៅ ១៨០​គីឡូក្រាម ដែល​ខូចខាត​ដោយ​បញ្ហា​ខុស​បច្ចេកទេស ហើយ​បោះ​ចោល​កាក​សំណល់​ប្លាស្ទិក​ទាំងនោះ។ បញ្ហា​នេះ​រួមផ្សំ​នឹង​ការ​បោះ​ចោល​ដប​ទឹក​ប្លាស្ទិក​នៅ​តាម​កន្លែង​ជាច្រើន​ទៀត បាន​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ​ដល់​ការ​គំរាម​កំហែង​បរិស្ថាន​យ៉ាង​ខ្លាំង។ ដូច្នេះ គំនិត​ដែល​ខ្ញុំ​យក​ដប​ទឹក​ប្លាស្ទិក​មក​កែច្នៃ​នៅ​ពេល​នេះ គ្រាន់​តែ​ជា​ការ​បង្ហាញ​ខ្លះៗ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ដឹង​ថា សំណល់​ដែល​ប្រើ​រួច​ហើយ​ខ្លះ មិន​គួរ​បោះ​ចោល​ទេ គួរ​តែ​កែច្នៃ​វា​ប្រើប្រាស់​ឡើង​វិញ»

លោក ចន ខេម៉េលវីន (John K Melvin) ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ លោក​មាន​គម្រោង​នឹង​យក​របស់​ដែល​លោក​កែច្នៃ​ពី​សម្បក​ដប​ទឹក​សុទ្ធ​នេះ ទៅ​ផ្សព្វផ្សាយ ព្រម​ទាំង​ធ្វើ​សិក្ខាសាលា​ដល់​ហាង​ធ្វើ​គំនូរ​ទាំងឡាយ ព្រម​ទាំង​អ្នក​ទេសចរ និង​សាធារណជន ឲ្យ​យល់​ដឹង​ពី​របៀប​កែច្នៃ​សំរាម ដើម្បី​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​គិត​ទៅ​ដល់​បរិស្ថាន​ស្អាត​សម្រាប់​ពិភពលោក​ទាំងមូល។

ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ឃើញ​ការ​ច្នៃ​ប្រឌិត​សម្បក​ដប​ទឹក​សុទ្ធ ឲ្យ​ក្លាយ​ជា​គ្រឿង​លំអ​ភ្លើង​អគ្គិសនី​បែប​នេះ គឺ​ពួក​គេ​ទទួល​ស្គាល់​ទេពកោសល្យ​នៃ​សិល្បៈ​មួយ​បែប។

យុវជន​ម្នាក់​ធ្វើ​ការ​នៅ​កន្លែង​សិល្បៈ ១៩៦១ ហើយ​តែង​ជួយ​បុរស​ជនជាតិ​អាមេរិកាំង​ក្នុង​ការ​កែច្នៃ​សម្បក​ដប​ទឹក​សុទ្ធ​នោះ លោក ខា ឃីន ទទួល​ស្គាល់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ គាត់​ធ្លាប់​តែ​ធ្វើ​រូប​សិល្បៈ​អំពី​ដែកគោល ប៉ុន្តែ​ពេល​នេះ លោក​ទើប​តែ​បាន​ជួប​សិល្បៈ​មួយ​ទៀត ដោយ​យក​សម្បក​ដប​ទឹក​សុទ្ធ​គេ​បោះ​ចោល មក​កែច្នៃ​ធ្វើ​ជា​វត្ថុ​ប្រើប្រាស់​បាន៖ «ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ទី​១ គឺ​វា​ប្លែក ពីព្រោះ​អត់​ដែល​មាន​អ្នក​ណា​ធ្លាប់​ធ្វើ​ដូច្នេះ​ទេ។ កាល​ពី​ដំបូង ខ្ញុំ​ឃើញ​ជនជាតិ​អាមេរិកាំង​នោះ​ដើរ​រើស​សំរាម រើស​សម្បក​ដប តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ឡើយ»

ចន ខេម៉េលវីន កែច្នៃ​ដប​ទឹក​សុទ្ធ សៀមរាប ២០១៧ ១៤៤០
ដប​ទឹក​សុទ្ធ​ដែល​លោក ចន ខេម៉េលវីន (John K Melvin) តម្រៀប​ធ្វើ​គ្រឿង​លំអ​ភ្លើង​អគ្គិសនី នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក នួន មុន្នី ក៏​ទទួល​ស្គាល់​គំនិត​ច្នៃ​ប្រឌិត​សំណល់​ប្លាស្ទិក​នោះ​ថា គឺ​ការ​ចូលរួម​ដោះស្រាយ​កង្វល់​ជុំវិញ​កាក​សំណល់​ប្លាស្ទិក ដែល​កំពុង​តែ​គំរាម​កំហែង​ដល់​ធម្មជាតិ និង​បរិស្ថាន៖ «ការពិត គំនិត​ហ្នឹង​ល្អ ពីព្រោះ​ពួក​យើង​ខ្ញុំ​ក៏​កំពុង​គិត​រឿង​ហ្នឹង​ដែរ។ គំនិត​បរទេស​ដែល​គាត់​ធ្វើ​អ៊ីចឹង គឺ​ជា​រឿង​ត្រឹមត្រូវ​ខ្លាំង​ណាស់»

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ដដែល​បញ្ជាក់​ថា ក្រុម​ជំនាញ​របស់​លោក ជាមួយ​នឹង​អង្គការ​ជា​ដៃគូ ក៏​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បោះ​ចោល​សំណល់​ប្លាស្ទិក​នេះ​ដែរ ព្រម​ទាំង​មាន​គម្រោង​មួយ​ត្រៀម​នឹង​ទៅ​បើក​ការ​បណ្ដុះបណ្ដាល​សិស្ស​នៅ​លើ​ខ្នង​ភ្នំ​គូលែន ឲ្យ​ចេះ​កែច្នៃ​សំណល់​ដប​ធ្វើ​ពី​ប្លាស្ទិក និង​កែវ​ជាដើម ទៅ​ជា​វត្ថុ​ប្រើប្រាស់​ឡើង​វិញ កុំ​ឲ្យ​បោះ​ចោល​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ អាក្រា (ACRA) ធ្លាប់​បង្ហាញ​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចំនួន​អ្នក​ប្រើប្រាស់​ថង់​ប្លាស្ទិក​ដើម្បី​វេច​ខ្ចប់​អាហារ​ច្រើន​លើសលប់ បើ​តាម​ការ​ប៉ាន់​ប្រមាណ គឺ​មនុស្ស​ពេញ​វ័យ​ម្នាក់ អាច​ប្រើប្រាស់​ថង់​ប្លាស្ទិក​ចំនួន ៦​ថង់​ក្នុង​មួយ​ថ្ងៃៗ។

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា សំណល់​ប្លាស្ទិក​មាន​ថង់ និង​ដប​ទឹក​សុទ្ធ​ជាដើម កាលណា​បោះ​ចោល​នៅ​តាម​ទី​វាល គឺ​វា​នឹង​ក្លាយ​ទៅ​ជា​សំណល់​រឹង​មិន​ងាយ​រលាយ និង​ពុក​ផុយ​ទេ។ បន្ថែម​លើ​នេះ ក្រៅ​តែ​ពី​មាន​សារជាតិ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស វា​ក៏​ជា​វត្ថុ​ដែល​ធ្វើ​ឲ្យ​រុក្ខជាតិ​មិន​ដុះ​លូតលាស់​បាន​ដែរ ប្រសិន​បើ​វា​កប់​នៅ​ក្រោម​ដី។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ​ថា រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ះពាល់​ជាច្រើន ដែល​បណ្ដាល​មក​ពី​សំណល់​ប្លាស្ទិក​នេះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​មូលនិធិ​ចំនួន ១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ការងារ​លើ​ការ​ប៉ះពាល់​ដោយសារ​កាក​សំណល់​ប្លាស្ទិក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ប្រកប​របរ​ដុត​ក្រឡាន​លក់​នៅ​ខេត្ត​បាត់ដំបង

$
0
0

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ប្រកប​របរ​ដុត​ក្រឡាន​លក់​រក​ប្រាក់​ចំណូល​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ។ អភិបាល​ស្រុក​ឯកភ្នំ បញ្ជាក់​ថា ពលរដ្ឋ​អាច​រក​ប្រាក់​ចំណូល​ពី​របរ​នេះ​បាន​យ៉ាង​ហោច​ណាស់​ពី ៤​ម៉ឺន​ទៅ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​រៀង​រាល់​ថ្ងៃ​ដែរ។

អ្នក​ស្រុក​ដែល​ប្រកប​របរ​ដុត​ក្រឡាន​នៅ​ខេត្ត​បាត់ដំបង ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ ដាក់​លក់​នៅ​តាម​ចិញ្ចើម​ថ្នល់ ដែល​ភាគច្រើន​ផលិត​អស់​អង្ករ​ចន្លោះ​ពី ៣​គីឡូក្រាម​ទៅ ១៥​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។

អ្នក​ផលិត​ក្រឡាន​ម្នាក់​រស់នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ លោកស្រី វរ ចាន់ថា ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​អង្គុយ​សក​សម្បក​ក្រឡាន​នៅ​ក្រោម​រោង​ចិញ្ចើម​ផ្លូវ​មាត់​អូរ ខាង​មុខ​ផ្ទះ​ថា លោកស្រី​ប្រកប​របរ​នេះ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រមាណ ២០​ឆ្នាំ​ហើយ។ ស្ត្រី​សម្បុរ​ស​វ័យ ៤៧​ឆ្នាំ​រូប​នេះ​បន្ត​ដោយ​សម្ដី​មួយៗ​ថា ថ្វីត្បិតតែ​របរ​មួយ​នេះ​មិន​អាច​រក​ប្រាក់​ចំណូល​ធ្វើ​ជា​អ្នក​មាន​ក៏ដោយ ក៏ប៉ុន្តែ​អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោកស្រី​រស់នៅ​ជួបជុំ​គ្នា ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ឡើយ។

លោកស្រី​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ លោកស្រី​ផលិត​ក្រឡាន​អស់​អង្ករ​ចំនួន ១០​គីឡូក្រាម ហើយ​លក់​បាន​ប្រាក់​ចំណេញ​បន្ទាប់​ពី​ផាត់​ថ្លៃ​ដើម​ទុន ដូចជា​ថ្លៃ​អង្ករ​ដំណើប សណ្ដែក​ខ្មៅ ផ្លែ​ដូង និង​ដើម​ឫស្សី​ហើយ បាន​ប្រាក់​ចន្លោះ​ពី ៥​ម៉ឺន​ទៅ ៧​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ៖ «ខ្ញុំ​លក់​នៅ​មួយ​កន្លែង មិន​បាន​បោះ​ម៉ូយ​ឲ្យ​ទៅ​លក់​បន្ត​នៅ​កន្លែង​ផ្សេង​នោះ​ទេ។ ចំណែក​អ្នក​ដែល​មក​ទិញ​ច្រើនៗ​មក​ពី​ឆ្ងាយ​ដូចជា​មក​ពី​ភ្នំពេញ និង​ពី​ខេត្ត​សៀមរាប ជាដើម ចំណែក​ភ្ញៀវ​បរទេស​គេ​គ្រាន់​តែ​មក​មើល ហើយ​ភ្លក់​រសជាតិ​ក្រឡាន​មួយ ឬ​ពីរ​ប៉ុណ្ណោះ»

លោកស្រី​បន្ត​ថា ប្រកប​របរ​មួយ​នេះ លោកស្រី​ត្រូវ​ចំណាយ​ពេល​ផលិត ដោយ​ក្រោក​តាំង​តែ​ពី​ម៉ោង ៣​ទៀប​ភ្លឺ ហើយ​ទម្រាំ​តែ​លក់​ក្រឡាន​អស់​នៅ​ម៉ោង​ប្រមាណ​ពី ១០​ព្រឹក​ទៅ​ម៉ោង ២​រសៀល។

របរ​មួយ​នេះ​ពុំ​មែន​មាន​តែ​អ្នក​ផលិត​ក្រឡាន​ប៉ុណ្ណោះ​ទេ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ មាន​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​ចំនួន​ទៀត ក៏​មាន​ឱកាស​ទាញ​យក​ប្រយោជន៍​ពី​របរ​នេះ ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ដូច​គ្នា។

អ្នក​ទិញ​ក្រឡាន​ទៅ​លក់​បន្ត​ម្នាក់​រស់នៅ​ភូមិ​សំរោងអូរទ្រា ឃុំ​សំរោងក្នុង លោកស្រី ឈឿន ឆេត ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​មក​យក​ក្រឡាន​ពី​អ្នក​ផលិត​នៅ​ភូមិ​សំរោងក្នុង ថា លោកស្រី​ប្រកប​របរ​នេះ​ដឹក​ដោយ​កង់​យក​ទៅ​លក់​នៅ​តាម​ចំណត​ឡាន និង​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​បាត់ដំបង ប្រមាណ ៥​ឆ្នាំ​ហើយ គឺ​ក្នុង​មួយ​ថ្ងៃ​ចំណាយ​អស់​ដើម​ទុន​ប្រមាណ ១០​ម៉ឺន​រៀល ហើយ​នៅ​ពេល​លក់​ក្រឡាន​អស់​ចំណេញ​បាន​ប្រាក់​ប្រមាណ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ លោកស្រី​បន្ថែម​ថា របរ​នេះ​គឺ​ជា​របរ​បន្ថែម​ក្រោយ​ពេល​ទំនេរ​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ ហើយ​ក៏​ជា​របរ​ដែល​ចំណាយ​អស់​ដើម​ទុន​តិច ដែល​សម​ល្មម​នឹង​សមត្ថភាព​របស់​លោកស្រី៖ «ព្រោះ​អី​បើ​សិន​ជា​យើង​ទៅ​ធ្វើ​កម្មករ​សំណង់ និង​ទៅ​ធ្វើ​ការ​តាម​ហាង​គេ ទាល់​តែ​ដល់​ខែ​បាន​បើក​លុយ​ម្ដង តែ​យើង​លក់​ក្រឡាន​បាន​លុយ​រាល់​ថ្ងៃ គ្រាន់​បាន​ប្រើប្រាស់​ក្នុង​គ្រួសារ​បាន​ទាន់​ពេល»

ដុត​ក្រឡាន​លក់ បាត់ដំបង ២០១៧ ១៤៤០
កន្លែង​ដុត និង​លក់​ក្រឡាន​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោងក្នុង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun

អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដុត​ក្រឡាន​នៅ​ស្រុក​មួយ​នេះ សរុប​ប្រមាណ​ជាង ១០០​គ្រួសារ ភាគច្រើន​នៅ​ភូមិ​សំរោងតាកុក និង​ភូមិ​សំរោងក្នុង។ លោក​អះអាង​ថា ក្នុង​នោះ​អ្នក​ភូមិ​ខ្លះ​ធ្វើ​លក់​នៅ​មុខ​ផ្ទះ​ដោយ​ខ្លួន​ឯង និង​មួយ​ចំនួន​ទៀត​មាន​ឈ្មួញ​ទិញ​មក​យក​ទៅ​លក់​បន្ត​នៅ​តាម​ចំណត​ឡាន​ក្នុង​ក្រុង​បាត់ដំបង។ លោក​បន្ថែម​ថា សព្វថ្ងៃ​ការ​ផលិត​ក្រឡាន​នៅ​ឃុំ​សំរោងក្នុង ក្លាយ​ទៅ​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​ជា​រៀង​រាល់​ថ្ងៃ។ លោក​សង្កត់​ធ្ងន់​ថា ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ស្រុក​ត្រៀម​ដាក់​បញ្ចូល​ផលិតផល​ក្រឡាន​ទៅ​ជា​ទំនិញ​សំខាន់​របស់​ស្រុក គឺ​ឃុំ​មួយ​ផលិតផល​មួយ​ប្រចាំ​ខេត្ត​បាត់ដំបង៖ «នេះ​គ្រាន់​តែ​ជា​របៀប​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន គាត់​នាំ​គ្នា​ដុត​ទៅ ហើយ​គ្រួសារ​មួយៗ​គាត់​ឃើញ គាត់​ចេះ​តែ​ដុត​តាម​គ្នា។ ដោយសារ​តែ​ក្រឡាន​របស់​ពួក​គាត់​មាន​រសជាតិ​ឆ្ងាញ់​ជាង​គេ ហើយ​មាន​ឈ្មោះ​ល្បី​តៗ​គ្នា​ទៅ គេ​ក៏​នាំ​គ្នា​មក​ទិញ។ ចំណែក​ពួក​គាត់​រៀន​រូបមន្ត​ពី​គ្នា​ទៅ​វិញ​ទៅ​មក»

ប្រធាន​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​បាត់ដំបង លោក ប៉ុក សុជាតិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើត​តំបន់​នោះ​ធ្វើ​ជា​សហគមន៍​ផលិត​ក្រឡាន ហើយ​ប្រមូល​ពលរដ្ឋ​អ្នក​ប្រកប​របរ​នេះ​ទាំងអស់​ចូល​ទៅ​ក្នុង​សហគមន៍ ដើម្បី​ងាយ​ស្រួល​ផលិត​ក្រឡាន​ឲ្យ​បាន​ទាន់​តម្រូវការ និង​ឲ្យ​មាន​គុណភាព​ប្រសើរ​ជាង​មុន។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​តំបន់​នោះ​កាន់​តែ​ច្រើន៖ «បើ​យើង​ចងក្រង​ជា​ក្រុម វា​អាច​ធ្វើ​ជា​ទីផ្សារ ដូច​ថា​ធ្វើ​ជា​សហគមន៍​ក្រឡាន ហើយ​មាន​តំណាង​ម្នាក់​ចុះ​ផ្សព្វផ្សាយ ឬ​ទាក់ទង​សុំ​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ទេសចរណ៍ ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ដឹង​ផលិតផល​របស់​ពួក​គាត់»

អាជ្ញាធរ​ស្រុក​អះអាង​ថា អាជ្ញាធរ​កំពុង​រក​ទីតាំង​ដើម្បី​បង្កើត​តំបន់​នោះ​ធ្វើ​ជា​សហគមន៍​ផលិត​ក្រឡាន ដើម្បី​ជួយ​ពង្រឹង​ការ​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ។

ទោះ​ជា​យ៉ាង​ណា បញ្ហា​ទីផ្សារ គឺ​ជា​កត្តា​សំខាន់​របស់​ពួក​គាត់ ដើម្បី​លក់​ក្រឡាន​ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​ពួក​គាត់​បាន​ប្រាក់​ចំណូល​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត។ ម្យ៉ាង​ទៀត ពលរដ្ឋ​ភាគច្រើន​ផលិត​ក្រឡាន​ជា​លក្ខណៈ​គ្រួសារ និង​មាន​កម្រិត​តិចតួច ហើយ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​តាម​ធម្មជាតិ គឺ​លក់​នៅ​តាម​មុខ​ផ្ទះ​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​មហាផ្ទៃ​ថា​គ្មាន​ការ​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក គឹម សុខ ក្នុង​ពន្ធនាគារ

$
0
0

អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ថាការ​លើក​ឡើង​របស់​អ្នក​ឃ្លាំ​មើល​នយោបាយ លោក គឹម សុខ ដែល​ចោទ​ថា ប្រមុខ​រដ្ឋាភិបាល​បញ្ជូន​មនុស្ស​ទៅ​បញ្ចុះបញ្ចូល​លោក ដល់​ពន្ធនាគារ និង​គំរាម​ដាក់គុក​ងងឹត ជា​ការ​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន។

លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ មីនា បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក គឹម សុខ គឺ​ខុស​​ពី​ការ​ពិត បើ​ប្រៀបធៀប​នឹង​កំណត់ហេតុ​បំភ្លឺ​របស់​លោក គឹម សុខ ជាមួយ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ កាល​ពី​ថ្ងៃ​ទី​១៣ មីនា។

កាល​ពី​ថ្ងៃ​ទី​៦ មីនា លោក គឹម សុខ អះអាង​ប្រាប់អ្នកសារព័ត៌មានពេលលោកត្រូវបានគេបញ្ជូនមកសាលាឧទ្ធរណ៍ថា មាន​គេ​ឲ្យ​លោក​សរសេរ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ រួម​នឹង​គំរាម​លោក​ដាក់​គុក​ងងឹត​ជាដើម។

លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ បន្ត​ថា ក្នុង​ពន្ធនាគារ​ព្រៃស ឬ​ហៅ​ថា មណ្ឌល​កែប្រែ​ទី១ ពុំ​មាន​គុក​ងងឹត​ទេ ព្រោះ​ការ​ប្រើ​គុក​ងងឹត​ដើម្បី​ដាក់ទណ្ឌកម្ម ជា​ទង្វើ​បំពាន​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល កំពុង​សហការ និង​ឆ្លើយ​តប​ជា​វិជ្ជមាន ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​មាន​អនុគណៈកម្មការ​ចុះ​ពិនិត្យ​ដល់​កន្លែង។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បញ្ជាក់​ថា តាំង​ពី​លោក គឹម សុខ ត្រូវ​បាន​ឃុំ​ខ្លួន ខាង​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​មេធាវីជួប​ចំនួន​៣​លើក និង​សួរសុខ​ទុក្ខ​ពី​ក្រុម​គ្រួសារ​​ចំនួន​១​លើក ហើយ​ក្នុង​ករណី​ដែល​មាន​ការ​គំរាម​ណាមួយ​ពី​អ្នក​ជាប់ឃុំ​ដូចគ្នា ឬ​ជនណា​ម្នាក់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពន្ធនាគារ​មែន លោក គឹម សុខ គួរ​រាយការណ៍​ដើម្បី​ដោះស្រាយ។

លោក គឹម សុខ ត្រូវ​​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក និង​ទារ​សំណង​ជំងឺ​ចិត្ត​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក។ ការ​ឃុំ​ខ្លួន​នេះ ក្រោម​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម បន្ទាប់​ពី​លោក គឹម សុខ និយាយ​ជា​ប្រយោល​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី។ កាល​ពី​ថ្ងៃ​ទី​៦ មីនា លោក​ត្រូវ​បាន​សាលាឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​​ចាញ់​សម្លុត​គណបក្ស​នយោបាយ​រឿង​បោះឆ្នោត​ឃុំសង្កាត់

$
0
0

ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយណាមួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​​ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​​គណបក្ស​​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី​ដឹង​ថា ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ចេញ​កាល​​ថ្ងៃ​ទី​២០ កុម្ភៈ ហើយ​នៅ​ថ្ងៃ​ទី​២០ មីនា គ..ប យក​ផ្សព្វផ្សាយ​ម្ដង​ទៀត ដើម្បី​រំលឹក​ដល់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ព្រះរាជសារ​នេះ គ..ប ធ្លាប់​ផ្សព្វផ្សាយ​ម្ដង​រួច​ហើយ ពេល​ទទួល​បាន​ពី​ព្រះមហាក្សត្រ​ភ្លាម។

ក្នុង​ព្រះរាជសារ​នោះ ព្រះមហាក្សត្រ​បាន​​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​សិទ្ធិបោះឆ្នោត​ទាំងអស់ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ។ ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧​នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ​សុំ​កុំឲ្យ​មាន​ការ​ព្រួយ​បារម្ភ ពីការ​គៀបសង្កត់ គំរាម​កំហែង ឬ​សម្លុត​​ពី​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦​យ៉ាង​ស្ងប់ស្ងាត់

$
0
0

សហគមន៍​បុរីកីឡា​មិន​បាន​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​ដូច​សព្វដង​នោះ​ទេ​នៅ​ថ្ងៃ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) សប្ដាហ៍​ទី​៤៦។ អ្នក​បុរីកីឡា​អះអាង​ថា ការ​មិន​ធ្វើ​កម្មវិធី​ធំ​ដុំ​ឲ្យ​អធិកអធម​នោះ ដោយសារ​រដ្ឋាភិបាល​កំពុង​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​លោក សុខ អាន អតីត​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

បើ​ទោះ​ជា​មិន​បាន​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​នាក់​រៀបចំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ ក្ដី ក៏​ក្រុម​សហគមន៍​បុរីកីឡា​នៅ​តែ​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល ឲ្យ​ស្វែងរក​យុត្តិធម៌​សម្រាប់​មន្ត្រី​សិទ្ធិ​មនុស្ស និង​ដោះស្រាយ​បញ្ហា​ដីធ្លី​សេសសល់​ជូន​ពួក​គាត់។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ថ្លែង​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ថា ក្នុង​ឱកាស​ដែល​ខាង​សហគមន៍​របស់​លោកស្រី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​សហគមន៍​លោកស្រី​គ្រាន់​តែ​ជួបជុំ​គ្នា​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​អាច​ផ្លាស់ប្ដូរ​ចិត្ត រួច​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់៖ «លោក សុខ អាន គាត់​ទើប​ស្លាប់​ថ្មីៗ​អ៊ីចឹង មីង​គ្រាន់​តែ​ថា​ជួបជុំ​សហគមន៍​បុរីកីឡា ថត​ជា​សារ​បង្ហោះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ..ប ហើយ​ទម្លាក់​បទ​ចោទ​ប្រកាន់​លោក គឹម សុខ និង​តុលាការ​ត្រូវ​ហ៊ាន​បង្ហាញ​កាមេរ៉ា​ពិត​ដែល​សម្លាប់​លោក​បណ្ឌិត កែម ឡី»

ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ អ្នក​បឹងកក់ និង​បុរីកីឡា តែង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដោយ​ស្លៀក​ពាក់​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ៦​រូប គឺ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី អគ្គលេខាធិការ​រង គ..ប ១​រូប គឺ​លោក នី ចរិយា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ១១​ខែ​ហើយ​ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ ចំណែក​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៧​ខែ​ហើយ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ហើយ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សើរើ​ឡើង​វិញ។

ដោយឡែក​សម្រាប់​សហគមន៍​បឹងកក់​វិញ បាន​ផ្អាក​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ ជា​ថ្មី ដោយសារ​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេង​មួយ​រយៈពេល។

លោកស្រី សរ ស៊ន តំណាង​សហគមន៍​បុរីកីឡា​បញ្ជាក់​ថា ក្នុង​ចំណោម​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​សល់​ចំនួន ១៤​គ្រួសារ ប្រសិន​បើ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (Phan Imex) មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ជូន​ពួក​គាត់​ទេ ដូច្នោះ​គួរ​សង់​អគារ​ឲ្យ​ពួក​គាត់​ឲ្យ​បាន​គ្រប់​ចំនួន ១០​អគារ​តាម​ការ​សន្យា ថា​នឹង​ធ្វើ​ការ​អភិវឌ្ឍ​នៅ​កន្លែង​បុរីកីឡា​ដោយ​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​ដី​ស្រក់​ទឹក​ភ្នែក។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​របស់​សហគមន៍​បុរីកីឡា​នេះ កាល​ពី​ថ្ងៃ​ទី​៧ មីនា មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ដាក់​ឱសានវាទ​ឲ្យ​សហគមន៍​បុរីកីឡា​មក​ទទួល​យក​គោលការណ៍​ដោះស្រាយ​របស់​គណៈកម្មការ​ចម្រុះ​អំឡុង​រយៈពេល​មួយ​ខែ ហើយ​បើ​អំឡុង​ពេល​មួយ​ខែ​មិន​ព្រម​មក​ទទួល​យក​គោលការណ៍​នោះ គឺ​សាលា​ក្រុង​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

ទោះ​ជា​យ៉ាង​ណា លោកស្រី សរ ស៊ន ថ្លែង​ថា សហគមន៍​លោកស្រី​មិន​អាច​ទទួល​គោលការណ៍​ដោះស្រាយ​របស់​សាលា​ក្រុង​ដែល​ផ្ដល់​លុយ​ចំនួន ៣​ពាន់​ទៅ ៥​ពាន់​ដុល្លារ រួច​ហើយ​បង្ខំ​ឲ្យ​ពួក​គាត់​ដើរ​ចេញ​ពី​បុរីកីឡា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​ប្រឹងប្រែង​ជំរុញ​កិច្ច​ចរចា​ជួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចូល WTO

$
0
0

ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នៅ​ឯ​ខេត្ត​សៀមរាប រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា។ កិច្ច​ប្រជុំ​ក្រោម​ប្រធានបទ​ស្ដីពី ការ​អនុវត្ត​ល្អ​បំផុត​នេះ គឺ​ជា​ការ​ចែក​រំលែក​បទពិសោធន៍​សម្រាប់​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច យក​ទៅ​រៀបចំ​ខ្លួន​ឲ្យ​ប្រសើរ សម្រាប់​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​នៅ​ពេល​អនាគត។

ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ថា កម្ពុជា ស្ម័គ្រ​ចិត្ត​ទទួល​យក​តួនាទី​ជា​ប្រធាន​សម្របសម្រួល​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច ហើយ​ប្រឹងប្រែង​ជំរុញ​កិច្ច​ចរចា​នានា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ពេល​អនាគត។

នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មីនា ថា ការ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​នឹង​ធ្វើ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មាន​ឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ខ្ពស់ តាម​រយៈ​ការ​នាំ​ផលិតផល​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយ​មាន​ការ​អនុគ្រោះ​ពន្ធ​គយ និង​មិន​ជាប់​កូតា ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៀត​ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន កម្ពុជា កំពុង​មមាញឹក​លើ​ការ​អនុវត្ត​កម្មវិធី និង​ការ​កែ​ទម្រង់​អភិវឌ្ឍ​ជាតិ ព្រម​ទាំង​ការ​ចរចា​ថ្នាក់​តំបន់​ជាច្រើន​ក៏ដោយ ក៏​កម្ពុជា ស្ម័គ្រ​ចិត្ត​ទទួល​យក​តួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច។ ក្នុង​ឋានៈ​នេះ កម្ពុជា នឹង​ប្រឹងប្រែង​សម្រួល​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ក្រីក្រ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​នេះ​រួច​ហើយ គប្បី​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​កំពុង​សុំ​ចូល​ជា​សមាជិក​ដែរ​នោះ៖ «ទាំងអស់​គ្នា ពិភពលោក​ត្រូវ​តែ​ដើរ​ទៅ​ជាមួយ​គ្នា មិន​អាច​មាន​ពិភពលោក​បែងចែក​ដោយ​ទុក​ឲ្យ​អ្នក​ក្រ​នៅ​តែ​ក្រ ហើយ​ទទួល​ផល​វិបាក​នោះ​ទេ»

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បញ្ជាក់​ថា ការ​ជ្រើសរើស​ប្រទេស​ណា​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​ត្រូវ​បញ្ជាក់ និង​មាន​ការ​ឆ្លើយតប​ជាក់លាក់​លើ​ចំណុច​ជាច្រើន ដែល​ប្រទេស​នោះ​ត្រូវ​បំពេញ។

អគ្គនាយក​រង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោក ដាវីឌ សាកគ៍ (David Shark) ថ្លែង​ថា តាម​រយៈ​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នេះ លោក​រំពឹង​ថា គឺ​ជា​ការ​ចែក​រំលែក​បទពិសោធន៍ ព្រម​ទាំង​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន អាច​រៀបចំ​ខ្លួន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន៖ «ខ្ញុំ​ចង់​ឃើញ​ការ​ជួប​សន្ទនា​គ្នា​រវាង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន​មក​ពី​តំបន់​ផ្សេងៗ​ពេល​នេះ បាន​ក្លាយ​ទៅ​ជា​វិថី​សម្រាប់​ឲ្យ​អ្នក​ទាំងនោះ​អាច​ដើរ​ទៅ​រក​ភាព​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​នៅ​ពេល​ខាង​មុខ»

អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង ស៊ូវិន (Wang Shouwen) ដែល​កំពុង​សកម្ម​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នោះ ថ្លែង​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ជំរុញ​កំណើន​ពាណិជ្ជកម្ម ព្រម​ទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន។

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ថ្លែង​បើក​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ មក តំណាង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​សម្រាប់​គាំទ្រ​របស់​ចិន ចំពោះ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​សុំ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​អូស​រទេះ​ចោទ​ប៉ូលិស​អន្តោប្រវេសន៍​ប៉ោយប៉ែត​ថា​មិន​ធ្វើ​កាត​ចេញ​ចូល​ផ្សារ​ថៃ​ឲ្យ​ពួក​គាត់

$
0
0

ក្រុម​កម្មករ​អូស​រទេះ និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ជួប​ការ​លំបាក​ដោយសារ​មិន​អាច​ចេញ​ចូល​ទៅ​ផ្សារ​រ៉ុងក្លឿ​របស់​ថៃ បាន​ដូច​ពេល​មុនៗ។ ពួក​គាត់​អះអាង​ថា មូលហេតុ​ដែល​ចូល​ទៅ​ផ្សារ​ថៃ មិន​បាន ដោយសារ​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន​នេះ មិន​ព្រម​ធ្វើ​កាត​ឲ្យ​ពួក​គាត់ ក្រោម​ហេតុផល​ថា​ពួក​គាត់​រស់នៅ​ខុស​តំបន់។

ក្រុម​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ប្រតិកម្ម​ទៅ​នឹង​សមត្ថកិច្ច​ព្រំដែន​មួយ​នេះ ថា​មិន​ព្រម​ធ្វើ​កាត​ឆ្លង​ដែន​ជូន​ពួក​គាត់ ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ។

ក្រុម​កម្មករ​អូស​រទេះ និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មីនា ថា ចាប់​តាំង​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឈប់​លក់​សំបុត្រ​ចូល​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ មក គឺ​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចេញ​ចូល​ទៅ​ដឹក​អីវ៉ាន់​ក្នុង​ទឹកដី​ថៃ។ ពួក​គាត់​អះអាង​ថា បញ្ហា​ទាំងអស់​នេះ ដោយសារ​ប៉ូលិស​អន្តោប្រវេសន៍​មិន​ព្រម​ធ្វើ​កាត​ឆ្លង​ដែន​ឲ្យ​ពួក​គាត់​ដូច​ពេល​មុនៗ ដែល​ពួក​គាត់​មាន​កាត ហើយ​ទិញ​សំបុត្រ​តម្លៃ ១​ពាន់​រៀល​អាច​ចូល​ផ្សារ​ថៃ បាន​ដោយ​សេរី៖ «បាទ! បើ​យើង​បាន​ទៅ​ធ្វើ​ការ​នៅ​ផ្សារ​ទៅ​គ្រាន់​បាន​ប្រាក់​ខ្លះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ដល់​ពេល​អត់​បាន​ចូល​ទៅ វា​អត់​មាន​ប្រាក់​ចំណូល​សោះ​តែ​ម្ដង។ កាល​ពី​មុន អ្នក​នៅ​ខេត្ត​ផ្សេង​ក៏​អាច​ធ្វើ​កាត​បាន។ ដល់​ឥឡូវ​ធ្វើ​អត់​បាន។ ខ្ញុំ​សំណូមពរ​ឲ្យ​ធ្វើ​បាន​ដូច​ពេល​មុន​វិញ។ ខាង​ថៃ គេ​មិន​និយាយ​ទេ តែ​ខាង​សមត្ថកិច្ច​ខ្មែរ​គេ​ទៅ​ប្រាប់​ខាង​ថៃ។ កាល​នៅ​លក់​សំបុត្រ ១០​បាត ឬ ១​ពាន់​រៀល យើង​អាច​ចេញ​ចូល​បាន​ស្រួល​ជាង។ ដល់​ពេល​ឈប់​លក់​សំបុត្រ​អ៊ីចឹង​ទៅ វា​លំបាក​ជាង​មុន​ទៅ​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ មីនា ដោយ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ជាច្រើន​លើក តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ប៉ូលិស​មិន​ធ្វើ​កាត​ឆ្លង​ដែន​ឲ្យ​ពួក​គាត់ ក្រោម​ហេតុផល​ថា ពួក​គាត់​ពុំ​មែន​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មិន​ធ្វើ​កាត​ឆ្លង​ដែន​ជូន​ពលរដ្ឋ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ក្រីក្រ ដែល​ពឹង​ផ្អែក​ទៅ​លើ​របរ​ដឹក​ទំនិញ​ចេញ​ចូល​ពី​ទឹកដី​ថៃ មក​កម្ពុជា។ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា បញ្ហា​នេះ​កើត​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ព្រំដែន​ឈប់​លក់​សំបុត្រ​ចូល​ផ្សារ​រ៉ុងក្លឿ ដែល​មួយ​លើក​តម្លៃ ១​ពាន់​រៀល​ទៅ​ឲ្យ​ពលរដ្ឋ៖ «ហើយ​បើ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន ឬ​លិខិត​ឆ្លង​ដែន គឺ​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន និង​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ទិញ​ក្រដាស​ផ្សេងៗ វា​ថ្លៃ​ជាង​សំបុត្រ ១០​បាត​ទៅ​ទៀត។ អ៊ីចឹង​ខ្ញុំ​គិត​ថា​គួរ​តែ​បញ្ឈប់ ហើយ​ចាប់​ផ្ដើម​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ មិន​មែន​ត្រឹម​តែ​អត់​យក​ថ្លៃ​សំបុត្រ ១០​បាត បែរ​ទៅ​ជា​មិន​ធ្វើ​កាត​ឆ្លង​ដែន​ឲ្យ​ពួក​គាត់ គឺ​មិន​មែន​ការ​ល្អ​ឡើយ»

កាល​ពី​ខែ​មករា កន្លង​ទៅ សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​ប៉ោយប៉ែត បាន​ចែក​សំបុត្រ​ចូល​ផ្សារ​ថៃ ដោយ​មិន​យក​លុយ​ពី​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា ការ​ចែក​សំបុត្រ​មិន​យក​លុយ​នេះ ល្គឹកណា​អ្នក​ធ្វើ​ដំណើរ​មាន​កាត​ឆ្លង​ដែន​ដែល​ចេញ​ដោយ​ប៉ូលិស​អន្តោប្រវេសន៍ ទើប​អាច​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​សង្ស័យ​ថា​ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩​នៅ​ជិត​ក្រុង​បាវិត​ចូល​ដី​ខ្មែរ

$
0
0

ប្រជាពលរដ្ឋ​ខ្មែរ​សង្ស័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩ ដែល​នៅ​ជិត​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អាច​ចូល​ទឹក​ដី​ខ្មែរ​មួយ​ចំនួន។ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​គណៈកម្មការ​ព្រំដែន ឆ្លើយ​បដិសេធ​ដោយ​ចាត់​ទុក​ថា ការ​បោះ​បង្គោល​នោះ​ត្រឹមត្រូវ​ដោយ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។

បើ​ទោះ​បី​ជា​បញ្ហា​ព្រំដែន​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ណា​ក្តី ក៏​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នៅ​តែ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ដែរ។

បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត នោះ ក៏​បាន​ក្លាយ​ជា​បញ្ហា​ចោទ​មួយ ដែល​ពលរដ្ឋ​សង្ស័យ​ថា បង្គោល​នោះ​អាច​រំកិល​ចូល​ទឹក​ដី​ខ្មែរ ព្រោះ​ពួក​គាត់​ធ្លាប់​ដឹង​ថា បង្គោល​ចាស់​នៅ​ឆ្ងាយ​ជាង​បច្ចុប្បន្ន។

បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា ហាក់​ដូចជា​ចាញ់​ប្រៀប​វៀតណាម រហូត៖ «ចូល​តាម​កន្លែង​ជិត​កន្លែង​ឆ្ងាយ កន្លែង​ខ្លះ ៤ ទៅ ៥០០​ម៉ែត្រ​ក៏​មាន កន្លែង​ខ្លះ ១​គីឡូ​ដី​ក៏​មាន កន្លែង​ខ្លះ ២ ទៅ ៣០០​ម៉ែត្រ​ក៏​មាន នៅ​ក្នុង​ទឹក​ដី​កម្ពុជា យើង​ទាំងអស់»

អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា បង្គោល​ថ្មី​នេះ​ហាក់​ដូចជា​បោះ​លយ​ចូល​ទឹក​ដី​ខ្មែរ ខណៈ​ដី​តំបន់​ស​ភាគច្រើន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​បាន​ជនជាតិ​វៀតណាម កាន់​កាប់​ធ្វើ​ស្រែ​ចម្ការ​ធម្មតា។ នៅ​ចំណុច​ខ្លះ ជនជាតិ​វៀតណាម ធ្វើ​ដំណាំ​កសិកម្ម​ចូល​ហួស​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​ទៀត​ផង ដោយ​បច្ចុប្បន្ន​កំពុង​ដាំ​ម្ទេស និង​ឪឡឹក ខណៈ​ដី​នៅ​ខាង​ខ្មែរ​ទុក​ដី​ទំនេរ​ចោល ហើយ​កំពុង​ក្រៀម​បែក​ប្រះ​ក្រហែង។

ទាក់ទិន​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ អះអាង​ថា ការ​ចោទ​ប្រកាន់​នោះ គឺ​មិន​ពិត​ប្រាកដ​ឡើយ។ លោក​ពន្យល់​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​នេះ គឺ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ៖ «បង្គោល​នេះ វា​ជា​ផ្លូវ​ការ​ហើយ ចង់​ច្បាស់លាស់ លោក​សួរ​ទៅ​គណៈកម្មការ​វាស់វែង​ព្រំដែន ខាង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅ គាត់​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត»

លោក​បន្ត​ពន្យល់​ថា ដី​ដែល​ពលរដ្ឋ​វៀតណាម កំពុង​អាស្រ័យ​ផល​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ គឺ​ដោយសារ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បែងចែក​គ្នា​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​ដី​ដែល​នៅ​ទំនេរ​ចោល​នោះ គឺ​ភាគច្រើន​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​មិន​ទាន់​ធ្វើ​ការ​អភិវឌ្ឍ។

រីឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩ នោះ គឺ​មិន​មាន​កំហុស​ឆ្គង​នោះ​ទេ ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​រួច​រាល់​ហើយ​ដែរ ទម្រាំ​ឯកភាព​គ្នា​ឲ្យ​បោះ​បង្គោល​ចេញ​ជា​រូបរាង៖ «អត់​មាន​អី​ខុស​ឆ្គង​ទេ គេ​បោះ​ត្រឹមត្រូវ​បំផុត។ វា​គ្រាន់​តែ​ប្រជាពលរដ្ឋ​យើង​ភ្ញាក់​ផ្អើល​ខុស​រឿង។ ការ​បោះ​បង្គោល គឺ​ខាង​វៀតណាម ក៏​មិន​ចូល ខាង​យើង​ក៏​មិន​ចូល ហើយ​កន្លែង​ទីតាំង​ដែល​ត្រឹមត្រូវ​លើ​ខ្សែ​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា។ យើង​ផ្អាក​ទុក​យូរ​ហើយ មិន​នឹង​បោះ​បង្គោល​នេះ ប៉ុន្តែ​ឥឡូវ​យើង​បាន​ឯកភាព​គ្នា​ហើយ បាន​យើង​បើក​ជំហរ​ឲ្យ​បោះ។ ដូច្នេះ​វា​អត់​មាន​អី​ត្រូវ​ភ័យ​ព្រួយ​បារម្ភ​ទេ»

បើ​ទោះ​ជា​បង្គោល​ព្រំដែន​លេខ​១៦៩ មាន​សរសេរ​ឆ្នាំ​២០០៨ ពី​លើ​ក្តី ពលរដ្ឋ​អះអាង​ថា បង្គោល​នេះ​បាន​ចាប់​ផ្ដើម​បោះ​កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៧។

កិច្ច​ប្រជុំ​លើក​ទី​៩ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​វាយ​តម្លៃ​ថា ការ​កំណត់​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សម្រេច​បាន​ប្រមាណ ៨៤%។ ភាគី​ទាំង​ពីរ​ក៏​ប្រកាស​ថា នឹង​ត្រូវ​ខិតខំ​បន្ត​រក្សា​ការ​គ្រប់គ្រង​ព្រំដែន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា និង​ការ​ព្រមព្រៀង​ស្ដីពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា។ ក្នុង​ករណី​មាន​ហេតុការណ៍ និង​បាតុភាព​អ្វី​មួយ​កើត​ឡើង​នៅ​តំបន់​ព្រំដែន បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា​គ្នា និង​សហការ​គ្នា​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុក​ឲ្យ​បញ្ហា​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ការ​រាំង​ស្ទះ​ដល់​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ឡើយ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិវិធី។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​វិភាគ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជា​មុន​សិន មុន​នឹង​បន្ត​បោះ​បង្គោល និង​បោះ​តម្រុយ​បង្គោល​ព្រំដែន។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា កំពុង​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃ​ក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួល​រង​នូវ​ការ​រិះគន់ និង​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​ការ​បាត់បង់​ដី បង្គោល​ខិត​ចូល ជាដើម ប៉ុន្តែ​មិន​ដែល​ឃើញ​ពលរដ្ឋ​វៀតណាម តវ៉ា​នោះ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​មាន​អ្វី​ចំណេញ អ្វី​ខាត ដែល​ជំរុញ​ឲ្យ​មាន​ការ​បោះ​បង្គោល​ឲ្យ​ឆាប់​ចប់​នេះ? បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ និង​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមាជិក​សភា​អាស៊ាន​ព្រមាន​ថា​ប្រព័ន្ធ​នយោបាយ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ

$
0
0

សមាជិក​សភា​អាស៊ាន​មួយ​ក្រុម​ដែល​ធ្វើ​ការ​ដើម្បី​សិទ្ធិ​មនុស្ស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ដោយ​ព្រមាន​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ។ មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ដែល​ចេញ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២០ មីនា ដោយ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​សមាជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»

របាយការណ៍​នេះ​ចេញ​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មួយ​ក្រុម​ដែល​រួម​មាន​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន ផង បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយ​ប្រហារ​សមាជិក​សភា​កាល​ពី​ពេល​ថ្មីៗ រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​នេះ ថ្លែង​ថា នេះ​ជា​សំឡេង​របស់​អាស៊ាន​អំពី​ភាព​គ្រោះថ្នាក់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «វា​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​មាន​សំឡេង​អាស៊ាន​ក្នុង​ការ​ជជែក​អំពី​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​មាន​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀត​សំដៅ​ទៅ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ អ្នក​ការពារ​សិទ្ធិ​មនុស្ស ព្រម​ទាំង​បណ្ដា​ក្រុម និង​អង្គការ​ដែល​ព្យាយាម​ការពារ​សិទ្ធិ​របស់​ពួក​គេ ដូចជា​សិទ្ធិ​ដីធ្លី​ជាដើម។ ខ្ញុំ​បាន​និយាយ​ថា ក្នុង​កម្រិត​នេះ កម្ពុជា កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​របៀប​ដឹកនាំ​របស់​លោក ស៊ូ ហាតូ នៃ​ប្រទេស​ឥណ្ឌូណេស៊ី ឬ​ក៏​ស្រដៀង​នឹង​របៀប​ដឹកនាំ​ដែល​មាន​គណបក្ស​តែ​មួយ ដូច​យើង​ឃើញ​មាន​នៅ​ប្រទេស​វៀតណាម និង​ឡាវ អ៊ីចឹង។ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ពោល​គឺ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ ប្រសិន​បើ​មេ​ដឹកនាំ​នៃ​គណបក្ស​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស។ វា​ជា​រឿង​អាក្រក់​ណាស់​ដែល​កម្ពុជា មក​ចម្លង​យក​របៀប​ដឹកនាំ​បែប​យោធា​កាល​ពី​មុន​ពី​ទីនេះ​ទៅ​ប្រើ​នៅ​ប្រទេស​របស់​ខ្លួន»

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ដែល​មាន​លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជា​ប្រធាន មាន​អតីត​ព្រឹទ្ធសភា​ថៃ លោក ក្រៃសាក់ ឈុនហាវ៉ាន់ (Kraisak Choonhavan) ជា​សមាជិក​ក្រុមប្រឹក្សា និង​មាន​តំណាងរាស្ត្រ​ហ្វីលីពីន លោក តូម៉ាស៊ីតូ វីឡរីន (Tomasito Villarin) ជា​សមាជិក បាន​ចាត់​ទុក​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ ដែល​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ​ស្រាប់។

របាយការណ៍​នេះ​ក៏​ផ្ដោត​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ជា​ការ​ផ្ដល់​អំណាច​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ និង​តុលាការ ឲ្យ​អាច​ព្យួរ ឬ​រំលាយ​គណបក្ស​ណា​មួយ​បាន។ ការ​វាយ​ប្រហារ​បែប​នេះ គឺ​ជា​បរិបទ​បង្ក្រាប​ថ្មី និង​រីក​ធំ​លើ​អ្នក​ប្រឆាំង ហើយ​មាន​គោលដៅ​ស្ទើរ​គ្រប់​ផ្នែក​នៃ​ជីវិត​ពលរដ្ឋ​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ការ​កើន​ឡើង​ការ​គំរាម​កំហែង​សមាជិក​សភា​ផ្សេង​ទៀត​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ដែរ។ របាយការណ៍​បន្ត​ថា វាយ​ដំ​សមាជិក​សភា សង្គម​ស៊ីវិល និង​រិះគន់​រដ្ឋាភិបាល គឺ​ជា​កិច្ច​ខិតខំ​ទប់ស្កាត់​មិន​មាន​អ្នក​និយាយ​ប្រឆាំង​រដ្ឋាភិបាល។ សកម្មភាព​នេះ នាំ​អន្តរាយ​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ ហើយ​ក៏​អាច​នាំ​កម្ពុជា ទៅ​រក​ប្រទេស​ឯក​បក្ស។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ជា​ការ​វាយ​ប្រហារ​នយោបាយ និង​ប្រជាធិបតេយ្យ​កម្ពុជា ហើយ​ប្រមាថ​ឧត្ដម​គតិ​របស់​សមាជិក​ប្រទេស​អាស៊ាន ដែល​ឈរ​លើ​ការ​មិន​ជ្រៀតជ្រែក​គ្នា៖ «គឺ​គាត់​គ្រាន់​តែ​ជា​អាយ៉ង​របស់​ក្រុម​នយោបាយ​មួយ​ក្រុម ដែល​កំពុង​តែ​យក​ពាក្យ​ដែល​មិន​មាន​ន័យ​នៅ​ក្នុង​ច្បាប់​កម្ពុជា គឺ​យុត្តិធម៌ ហើយ​និង​សេរី មក​ប្រើប្រាស់​គ្រាន់​តែ​ជា​ប្រព័ន្ធ​នៃ​យុទ្ធនាការ​ឃោសនា​ទេ។ កម្ពុជា គឺ​យើង​ធ្វើ​ទៅ​តាម​ច្បាប់​បោះឆ្នោត ដែល​កម្ពុជា មាន ហើយ​ការ​បោះឆ្នោត​កម្ពុជា តែងតែ​ធ្វើ​ឡើង​ទៀងទាត់ ហើយ​ទៅ​តាម​អ្វី​ដែល​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​គ្មាន​អ្វី​មក​លូកលាន់​នៅ​ក្នុង​ដែន​អធិបតី ហើយ​និង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា នោះ​ទេ ហើយ​យើង​ឃើញ​ពហុ​បក្ស​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា កម្ពុជា ហ្នឹង​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​ជាពិសេស ក្រុម​ដែល​កំពុង​តែ​លើក​ឡើង​ហ្នឹង​ឯង»

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) គឺ​ជា​កម្លាំង​អន្តរាគមន៍​សិទ្ធិ​មនុស្ស​មួយ​នៃ​សមាជិក និង​អតីត​សមាជិក​សភា ដែល​ប្រើប្រាស់​តួនាទី​របស់​ខ្លួន និង​តាម​មធ្យោបាយ​កែលំអ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​រើសអើង ដើម្បី​លើក​កម្ពស់​សេរីភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ទូទាំង​តំបន់។ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស គាំទ្រ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ដំណោះស្រាយ​និរន្តរភាព ដែល​បង្កើន​សម្ពាធ​រដ្ឋាភិបាល និង​ស្ថាប័ន​នានា ដើម្បី​ឲ្យ​ធានា​ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លើក​ស្ទួយ និង​អនុវត្ត​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live